ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើមកំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យលាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សាបាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។
ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព
ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធានមនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើងឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។ យើងកាន់តែធ្វើ យើងកាន់តែដឹង យើងកាន់តែយល់អំពីភាពចាំបាច់ នៃធនធានមនុស្ស។ ខ្លួនខ្ញុំព្រះករុណាខ្ញុំបានចូលរួមប្រឡូកនៅក្នុងកិច្ចការជាច្រើន ហើយពេលខ្លះគឺបានសង្កេតឃើញថា សម្រាប់មនុស្ស ២ នាក់ អាចធ្វើបានស្មើនឹងមនុស្ស ១០ ឬ ២០ នាក់ ក៏មាន។ បញ្ហាគឺចាប់ផ្តើមពីអ្វី? យើងចំណុចកន្លងទៅនេះ មានចំណុចលើស និងខ្វះ។ អ្វីទៅដែលហៅថាលើស? យើងមានក្របខណ្ឌច្រើន ប៉ុន្តែ យើងខ្វះអ្នកដែលមានសមត្ថភាពពិតប្រាកដ ដូច្នោះ ហើយបានជាយើងប្រឹងប្រែងមិនចេះនឿយហត់នៅក្នុងវិស័យអប់រំ និងការវិនិយោគនៅក្នុងវិស័យអប់រំ តាំងពីក្រោយការរំដោះពីរបប ប៉ុល ពត តាមទ្រឹស្តីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ រហូតមកដល់ពេលនេះ យើងបានកសាងនូវក្របខណ្ឌ នៃធនធានមនុស្សរបស់យើង ក្នុងនោះ វិស័យអប់រំដែលកាលពីសម័យដើម យើងបានជ្រើសរើសអ្នកមានចេះអក្សរសាស្រ្តមួយចំនួន យកទៅបណ្តុះបណ្តាលបង្រៀន មានពេលខ្លះ គ្រូ(រៀន)លើសសិស្សតែមួយថ្នាក់តែប៉ុណ្ណោះ។ ឧទាហរណ៍ សិស្សគ្រូរៀនថ្នាកទី ៦ យកទៅបណ្តុះបណ្តាលគ្រូ (សំរាប់)ទៅបង្រៀនថ្នាក់ទី ៥ ប៉ុន្តែ។ ឥឡូវនេះ យើងទៅជាស្តង់ដារមួយទៅហើយ […]
គ្រូបង្រៀនបើកប្រាក់បៀវត្សរ៍បានគ្រប់គ្រាន់ និងទាន់ពេលវេលា
… ដោយសារគ្រូដែលយើងបានរៀបចំកាលពីឆ្នាំ ១៩៧៩, ១៩៨០ បានចូលនិវត្តន៍ គ្រូថ្មីៗបានទៅដល់ ដូច្នេះ គ្រូថ្មីៗនោះហើយ ដែលគេបានបំពេញកន្លែងគ្រូចាស់ៗ ដែលកាលមុននេះ គឺក្នុងកម្រិតមួយទាប តែឥឡូវ យើងមានកម្រិតមួយកាន់តែខ្ពស់។ ហើយ(ការ)ចុះទៅតាមខេត្តនេះ មានកន្លែងមួយចំនួន ខ្ញុំព្រះករុណាខ្ញុំក៏ឆ្លៀតដោះស្រាយអន្តេវាសិកសម្រាប់គ្រូបង្រៀន និងសម្រាប់សិស្ស ដោយឃើញការលំបាកពិតប្រាកដមែន។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា នូវការរៀបចំបើកបៀវត្សរ៍ទាន់ចិត្ត សម្រាប់គ្រូបង្រៀន។ មិនថាទីកន្លែងនេះទេ ខ្ញុំសួរអាហ្នឹងមុនគេ។ ខ្ញុំសុំមើលទាំងប័ណ្ណធនាគាររបស់គាត់ រហូតទៅដល់ការរៀបចំ គេហៅថាថ្នាក់ផ្គួបមួយ។ ខ្ញុំទើបនឹងយល់ម៉េចទៅដែលហៅថ្នាក់ផ្គួប។ ថ្នាក់ផ្គួបគឺ (មានគ្រូម្នាក់នៅភូមិក្បាលរមាស) គ្រូតែម្នាក់ទេ សិស្សនៅម្ខាងថ្នាក់ទី ៥ សិស្សម្ខាងទៀតថ្នាក់ទី ៦ ព្រោះដោយសារតែកូនសិស្សវាតិច អញ្ចឹងគ្រូបង្រៀនផ្គួប … សូម្បីតែថ្នាក់ផ្គួបនេះ ក៏ទទួលបានប្រាក់គ្រប់គ្រាន់ និងទាន់ពេលវេលា។ នេះជាកំណែទម្រង់ទាក់ទងនឹងការកែទម្រង់មុខងារសាធារណៈ និងក្នុងវិស័យអប់រំ ការកែទម្រង់ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលយើងបើកផ្តល់ឲ្យទាន់ពេល។ ឥឡូវនេះ ១០០% នៃមន្រ្តីរាជការស៊ីវិលរបស់យើង បើកប្រាក់តាមរយៈប្រព័ន្ធធនាគារអស់ហើយ ក្នុងហ្នឹងមានគ្រូបង្រៀនប្រមាណជិត ១២ ម៉ឺននាក់ ហើយនៅជនបទ មានតំបន់ដែលមានថ្លៃ(ជួល)ផ្ទះ ៨ ម៉ឺន, ១០ ម៉ឺន និង ១២ ម៉ឺន។ គេបើកបានរបស់គេ […]
សេដ្ឋកិច្ចពឹងលើចំណេះដឹង
ខ្ញុំនិយាយទាក់ទងជាមួយនឹងវិស័យអប់រំរបស់យើងនេះ ហើយយើងនឹងត្រូវបន្តការខិតខំ ដើម្បីធ្វើឲ្យប្រទេសរបស់យើង ក្លាយទៅជាប្រទេសមួយ ដែលសម្បូរដោយធនធានមនុស្ស ហើយដែលសេដ្ឋកិច្ចរបស់យើងពឹងផ្អែកទៅលើចំណេះដឹង មិនមែនជាសេដ្ឋកិច្ចពឹងផ្អែកលើបែបប្រពៃណីតទៅទៀតទេ។ នៅក្នុងពេលដែលពិភាក្សាស្តីអំពីបញ្ហាវិស័យស្បៀង នៅក្នុងក្របខណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក គេនិយាយទៅដល់បញ្ហា ឌីជីថលកសិកម្ម … គេពន្យល់ ឌីជីថលកសិកម្មហ្នឹង … រឿងហ្នឹងមិនមែនរឿងថ្មីរបស់យើងទេ … ឯកឧត្តម ច័ន្ទ សារុន នៅចាំទេ យើងឲ្យសិក្សាពីដី ឲ្យនិស្សិតរបស់យើងទៅធ្វើសារណាទាក់ទិននឹងដីនេះដាំអីបាន ដីនោះដាំអីបាន ប្រើជីយ៉ាងម៉េច ប្រើពូជយ៉ាងម៉េច បែងចែកតំបន់ដាំដុះ … ថាទេ! ឥឡូវរកទីផ្សារលក់កសិផលឲ្យតែដាច់សិនទៅ តាំងទៅឌីជីថលឯណាទៀតហើយ … ខ្ញុំបានជួបជាមួយនឹងប្រធានធនាគាររបស់ចិន-អាមេរិក គាត់និយាយពីឌីជីថលកសិកម្មហ្នឹង ខ្ញុំក៏សួរគាត់ៗ លើកអំពីបញ្ហាហ្នឹង។ ត្រូវគ្នា។ អញ្ចឹងដែរ(ប្រាប់គាត់អោយ)ចាត់តាំងក្រុមមួយមក ដើម្បីជួយខ្ញុំ។ អ្នកឯងមានបច្ចេកទេសដើម្បីវិភាគដីធ្លី … ប៉ុន្តែ កត្តាទីផ្សារក៏ដើរតួធំដែរ។
ការវិនិយោគក្នុងវិស័យអប់រំ និងការរៀនបង់ថ្លៃ ជួយទ្រទ្រង់ដល់វិស័យអប់រំ
ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានលោកបណ្ឌិតសាកលវិទ្យាធិការ និងលោកបណ្ឌិតសាកលវិទ្យាធិការរង ក៏ដូចជាគណៈគ្រប់គ្រង និងសាស្រ្តាចារ្យទាំងអស់ ដែលបានប្រឹងប្រែងហើយរក្សាបាននូវកិត្តិយសកិត្តិនាមនៃសាកលវិទ្យាល័យមួយនេះ ដែលយើងចាប់ផ្តើមពីផ្នែកមួយ ពេលនោះ វិទ្យាស្ថានជាតិគ្រប់គ្រងជាផ្នែកមួយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប៉ុន្តែ ក្រោយមកយើងពង្រីកឲ្យទៅជាសាកលវិទ្យាល័យមួយដាច់ដោយឡែក គឺសាកលវិទ្យាជាតិគ្រប់គ្រងបច្ចុប្បន្ននេះ ដែលរហូតមកដល់ពេលនេះតាំងពីឆ្នាំ ១៩៨៩ រហូតមកដល់ពេលនេះ យើងបានបណ្តុះបណ្តាលនៅទីនេះចំនួន ៤៤.៤៥០ នាក់ ហើយនិស្សិតដែលកំពុងនៅសិក្សាចំនួនជាង ១ ម៉ឺននាក់ទៀតផង។ ក្នុងនោះ ការរៀនបង់ថ្លៃច្រើនជាងការរៀនដោយអាហារូបករណ៍របស់រដ្ឋ ដូច្នេះមានន័យថា ប្រជាពលរដ្ឋរបស់យើងបានចូលរួមនៅក្នុងដំណើរការ នៃការវិនិយោគក្នុងវិស័យអប់រំ ក្នុងវិស័យនៃការលើកកម្ពស់សមត្ថភាពនេះឯង។ បើគ្មានការចូលរួមទេ គ្មាននិស្សិតសម្រាប់ការចែកសញ្ញាបត្រនោះទេ ព្រោះនៅក្នុងចំណោមនិស្សិតដែលរៀនអាហារូបករណ៍នេះ ថ្នាក់បរិញ្ញាបត្រមានត្រឹមតែ ៣៩១ នាក់ តែប៉ុណ្ណោះ ឯរៀនបង់ថ្លៃមានទៅដល់ ៤.៦១៩ នាក់ ក្នុងចំណោមអ្នកជាប់បរិញ្ញាបត្រ ៥.០១០ នាក់។ ឯបរិញ្ញាបត្រជាន់ខ្ពស់គឺអាហារូបករណ៍តែ ១៤ នាក់ទេ ឯរៀនបង់ថ្លៃដល់ទៅ ៤៨៦ នាក់។ អញ្ចឹងទេ មានន័យថា ក្រៅពីប្រជាពលរដ្ឋចូលរួមនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន បណ្ណាល័យ ជាដើម និស្សិតខ្លួនឯងក៏បានចូលរួមនៅក្នុងការវិនិយោគ សម្រាប់វិស័យអប់រំ នោះគឺការបណ្តុះបណ្តាលខ្លួនឯងតែម្តង គឺបង់ថ្លៃរៀនខ្លួនឯង។
ចំនួនសិស្សស្រីច្រើនជាងសិស្សប្រុសក្នុងសាកលវិទ្យាល័យនេះ
ចំណុចដែលត្រូវមើលឃើញនៅទីនេះ ខ្ញុំចេះតែរពិសភ្នែក ថ្នាក់បរិញ្ញាចំនួន ៥.០១០ នាក់ ក្នុងនោះមានស្រ្តី ២.៦៧៣ នាក់ បានសេចក្តីថា ស្រ្តីលើសចំនួនបុរស ច្បាស់ណាស់។ (ក្នុងប្រព័ន្ធរបស់)យើង ១៨ ឆ្នាំ ចាប់ផ្តើមជាប់បាក់ឌុប ចូលមហាវិទ្យាល័យ ១៩ ឆ្នាំ ដល់ ២៣ ឬ ២៤ ឆ្នាំ ចប់ ថាអញ្ចឹងទៅចុះ។ ឥឡូវ បកមកនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ៥០០ នាក់ នារីមានតែ ១៥៦ នាក់ទេ។ អញ្ចឹង អាហ្នឹងបានជាខ្ញុំនិយាយបញ្ហាទាក់ទងនឹងពីរ៉ាមីត គឺកាន់តែស្រួចទៅៗ នៅសល់តែបុរស ហើយនិស្សិតដែលទាក់ទិនជាមួយរៀនយកថ្នាក់បណ្ឌិតនៅតែប៉ុន្មាននាក់ហ្នឹង គឺនៅតែប្រុសទៀត។ សុំទោស អាហ្នឹងវាដល់ពេលវេលា ខ្មែរយើងថាដល់ពេលវេលាយកប្តី ដល់យកប្តី ប្តីម៉េចនឹងឲ្យទៅរៀនទៀត ហើយមានកូនមានចៅទៀត រឿងវាអញ្ចេះ។ អរគុណណាស់ ឯកឧត្តមសាកលវិទ្យាធិការ ដែលបានខិតខំទៅលើការការពារនូវសេចក្តីថ្លៃថ្នូរ កិត្តិយស និងគុណភាព នៃការបណ្តុះបណ្តាល នៅក្នុងសាកលវិទ្យាល័យមួយនេះ ដែលខ្ញុំមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងគោលនយោបាយស្តីពីការអនុញ្ញាតឲ្យសាកលវិទ្យាល័យរបស់រដ្ឋ មានផ្នែកមួយសម្រាប់រៀនបង់ថ្លៃ។
ផ្តើមចេញពីគោលនយោបាយបែបនេះហើយ បានជាយើងមានសាកលវិទ្យាល័យឯកជនមួយរយភាគរយ និង សាកលវិទ្យាល័យរបស់រដ្ឋ ដែលរៀនបង់ថ្លៃខ្លះ និងរៀនអាហារូបករណ៍ខ្លះ នេះហើយជាបញ្ហាដែលយើងខិតខំ ដោះស្រាយ បើមិនដូច្នោះទេ សួរថាសិស្សទៅណា? កើតនោះកើតពេកហើយ តែខ្ញុំអត់ហ៊ានបន្ទោសអ្នកណាទាំងអស់រឿងកូន និងចៅនេះ មិនហ៊ានបន្ទោសអ្នកណាទាំងអស់ … មួយផ្នែកទៀត ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងអបអរសាទរជាមួយជ័យលាភីទាំងអស់គ្រប់កម្រិត ដែលទទួលនូវសញ្ញាបត្រនៅថ្ងៃនេះ។ នេះមិនមែនជារឿងធម្មតាពេកទេ បើទោះបីជារៀនដោយអាហារូបករណ៍ ឬរៀនបង់ថ្លៃ វាសុទ្ធតែយើងចំណាយពេលវេលា ចំណាយធនធាន និងចំណាយកម្លាំងទើបអាចទៅរួច ដែលខ្ញុំសូមយកឱកាសនេះអបអរសាទរជាមួយនឹងធនធានមនុស្ស ដែលយើងទទួលបាននៅក្នុងពេលនេះ។ ឆ្នាំថ្មីជាមួយនឹងជោគជ័យថ្មី ពិតមែនហើយអស់លោក លោកស្រីមួយចំនួន ក្មួយៗមួយចំនួន ក៏បានចេញធ្វើការហើយដែរ តាមការសិក្សា គឺមានបរិញ្ញាបត្រចំនួន ៨៥,៨១ ភាគរយ ដែលបានចូលធ្វើការ និងបរិញ្ញាបត្រជាន់ខ្ពស់ ៩៨,៤០ ភាគរយ ដែលមានការងារធ្វើ យើងត្រូវបន្តការខិតខំដើម្បីឲ្យមានការវិនិយោគកាន់តែច្រើនទៀត ដើម្បីបង្កើតការងារ។
ចិន និងហ្វីលីពីន និយាយគ្នា ធ្វើអោយការសម្រេចនៃតុលាការ ស្មើនឹងក្រដាសសមួយសន្លឹក
… ទោះ ដូណាល់ ត្រាំម៍ គាត់ថាម៉េចថាទៅចុះ តែខ្ញុំមិនជឿថាគាត់យកអារោងចក្រកូកាកូឡាទៅវិញទេ។ សូមបើកវង់ក្រចកបន្តិច នៅ World Economic Forum ខ្ញុំ(បាន)ប្រដៅសាកលវិទ្យាល័យដល់ទៅ ២ … គាត់ ហ្នឹងគឺ សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យមួយនៅឯអង់គ្លេស អត់ទាំងដឹងពីសមុទ្រចិនខាងត្បូង បែរមុខទៅណាផង ហើយនិយាយកើតថា បណ្តឹងទៅតុលាការមជ្ឈកម្មជាការចង់បានរបស់សមាជិកអាស៊ាន។ បានខ្ញុំថាទេអត់ទេ។ ខ្ញុំថាចិន និងហ្វីលីពីន គេនិយាយគ្នា (ការសំរេចរបស់តុលាការ)វាស្មើក្រដាសមួយសន្លឹកអត់បានការទៅហើយ។ និយាយអំពីសាកលវិទ្យាធិការម្នាក់នៅក្នុងអាស៊ានយើង ពេលហូបបាយជុំគ្នាច្រើនណាស់។ នាយករដ្ឋមន្រ្តីវៀតណាមគាត់អ្នកបើក ឯខ្ញុំអ្នកបិទកន្ទុយ។ ប៉ុន្តែនៅក្នុងចន្លោះហ្នឹងគឺពិភាក្សាដេញដោល និងពិភាក្សាតាមតុ បន្ទាប់ទៅបានអ្នកពិភាក្សាតាមតុហ្នឹងគេរាយការណ៍ជូនអ្នកសម្រុះសម្រួល។ ឯខ្ញុំបិទកន្ទុយ។ ខ្ញុំអត់វាមិនបានត្រង់សាកលវិទ្យាធិការប៉ុណ្ណាប៉ុណ្ណី ទៅថាអាមេរិក និងចិនច្បាស់ជាប្រយុទ្ធគ្នាហើយ។ អញ្ចឹងដាក់អាស៊ានទៅជាតំបន់គ្រោះថ្នាក់ អញ្ចឹងបន្តទៅទៀតមានអ្នកបន្ទរថា ដំរីជល់គ្នា ងាប់សង្អារ ស្រមោច … ឥឡូវនិយាយឲ្យត្រង់តែម្តងទៅ សាកលវិទ្យាធិការ (នៃសាលា)លីក្វាន់យូ ទៅទៀត ដែលគេហៅថា សាលាល្បី […]។
បើលោក ដូណាល់ ត្រាំម៍ ចង់(វ៉ៃ) ក៏ចិនមិនចង់ជាមួយដែរ
… លោកនិយាយអំពីចិន និងអាមេរិកវ៉ៃគ្នា វាងាប់អីអាស៊ាន បើសិនជា ដូណាល់ ត្រាំម៍ ដែលប៉ុន្មានម៉ោងខាងមុខនេះនឹងចូលកាន់អំណាច គាត់ចង់(វ៉ៃ) ក៏ចិនមិនចង់ជាមួយដែរ។ អញ្ចឹងអាស៊ានជាដៃគូពាណិជ្ជកម្ម ជាមួយចិន ហើយប្រសិនបើ ដូណាល់ ត្រាំម៍ គាត់ចង់ ក៏វិស័យឯកជនរបស់អាមេរិកមិនព្រមដែរ ព្រោះគេវិនិ យោគច្រើនណាស់។ ម្យ៉ាងទៀត ចិនជាប្រភពលុយដែលអោយអាមេរិកខ្ចីច្រើនជាងគេ ព្រោះនៅលើពិភព លោកអាមេរិកជំពាក់បំណុលច្រើនជាងគេបង្អស់។ ពិភពលោកនេះ មិនមែនខ្មែរជំពាក់បំណុលគេច្រើនទេ អា មេរិកជំពាក់ច្រើន បើកមើលក្នុងវ៉េបសាយត៍លមើល … ម្នាក់ជំពាក់ ៦ ម៉ឺន … ខ្មែរទើបតែនឹងជំពាក់ប៉ុន្មានរយទេក្នុងម្នាក់។ ម៉េចមិនទៅថាអាមេរិកផង។ បំណុលដែលអាមេរិកជំពាក់គេច្រើនបំផុត គឺជំពាក់ចិន។ ដូច្នេះ គេត្រូវរកវិធានការណ៍ដើម្បីសម្របសម្រួលទំនាក់ទំនងរវាងចិន ជាមួយអាមេរិកហើយ។
បើមិនធ្វើមិត្តនឹងចិន អាស៊ាន មានតែមិត្តនឹង គីម ជុងអ៊ុន
ម៉្យាងទៀតអាស៊ានក៏រកស៊ីជាមួយអាមេរិកដែរ។ ប៉ុន្តែបើសិន ដូណាល់ ត្រាំម៍ គាត់នៅតែបង្ខំ គាត់ត្រូវតែធ្វើមិត្ត គីម ជុងអ៊ុន នៅកូរ៉េខាងជើង។ ឧទាហរណ៍ ផលិតឡាន គាត់ថា ប្រជាជនអាមេរិកត្រូវតែជិះឡានអាមេរិក ហាមចូលឡានពីអង់គ្លេស ពីអាឡឺម៉ង់ ពីស៊ុយអែត ពីជប៉ុន … អញ្ចឹងវាមានតែទៅធ្វើមិត្ត គីម ជុងអ៊ុន។ អាហ្នឹងខ្ញុំនិយាយអញ្ចឹង។ ប៉ុន្តែមួយទៀត អាស៊ានរបស់យើង និងសមាជិកមួយៗរបស់អាស៊ានមិនគួរត្រូវក្លាយជាស្មៅសម្រាប់ដំរីជាន់ទេ។ ក្រោយមកមកចាប់ដៃជាមួយខ្ញុំសុំទទួលស្គាល់ការវិភាគ ហើយនិយាយសរសើរអាស៊ានថា អ្វីដែលខុសគេ គឺអាស៊ានមានសាមគ្គី។ រឿងអីអាស៊ានបណ្តោយខ្លួនឲ្យអាមេរិក និងចិនវ៉ៃគ្នាហើយ ទៅជានៅក្រោមជើងចិន នៅក្រោមជើងអាមេរិក។ ម្យ៉ាងទៀត បើអាមេរិកចង់វ៉ៃចិន ក៏ចិនមិនវ៉ៃជាមួយដែរ។ ឯចិនក៏មិនចាត់ទុកអាស៊ានគឺជាកន្លែងដែលខ្លួនត្រូវជាន់ហ្នឹង គឺជាដៃគូពាណិជ្ជកម្ម។
TPP មានចរិតបំបែកបំបាក់
ខ្ញុំនិយាយ ៣ ម៉ោងមុនពេលដែល ដូណាល់ ត្រាំម៍ ចូលកាន់អំណាច។ ខ្ញុំថាខ្ញុំចង់ឲ្យថា TPP នោះវាងាប់ ព្រោះមានចរិកបំបែកបំបាក់។ រឿងអី អាស៊ាន ១០ ប្រទេស យកតែ ៤? គេសួរអំពីអនាគត TPP ក្នុងដំណាក់កាល ដូណាល់ ត្រាំម៍។ បានខ្ញុំចង្អុលទៅខាងវៀតណាមថា ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ទោះបីឯកឧត្តមជាសមាជិក TPP ក៏ដោយ ប៉ុន្តែ TPP វាមានទាន់កើតឯណា? ឯកឧត្តមមានទាន់ងាប់ឯណា អញ្ចឹងបើវាងាប់ទៅវិញ អោយវាងាប់ទៅ។ ចរិកបំបែកបំបាក់របស់ TPP មិនគួរឲ្យវារស់ទេ។ ប៉ុន្តែឥឡូវ ដូណាល់ ត្រាំម៍ (បានចុះហត្ថលេខាលើ)ក្រិតទីមួយលុបចោល Obamacare សេចក្តីសម្រេចទី ២ ដកខ្លួនចេញពី TPP ឥឡូវគេហៅ(បញ្ច្រាស)ទៅជា PTT វិញ ឬ POLITICAL TRADE TRUMP … ឥឡូវកំពុងវ៉ល់ … បាតុកម្មមិនព្រមឈប់ […]
ពិភពលោក កំពុងតែសាមគ្គីគ្នា
… អាស៊ានមិនគួរបណ្តោយខ្លួនធ្វើឲ្យគេជាន់ទេ។ ម៉្យាងទៀត អាស៊ានមានយន្តការរបស់ខ្លួនសម្របសម្រួលជាមួយនឹងបណ្តាប្រទេស ជាក់ស្តែងដៃគូនៅប្រទេសក្រៅមកប្រជុំលើទឹកដីអាស៊ាន ដូចជាអាស៊ានបូកអាមេរិក អាស៊ានបូកឥណ្ឌា អាស៊ានបូកអូស្រ្តាលី អាស៊ានបូកញូវហ្សឺលេន អាហ្នឹងមិនមែនប្រចាំឆ្នាំទេ អាហ្នឹងយូរៗម្តង។ ឥឡូវ អូស្រ្តាលីត្រូវខួបឆ្នាំនេះ អាស៊ាន-ចិន អាស៊ាន-ជប៉ុន និង អាស៊ាន-កូរ៉េខាងត្បូង ជាយន្តការដែលល្អបំផុត។ តែនិយាយខុស កុំថាខ្មែរ បរទេសក៏ថាឲ្យដែរ។ ដល់ថ្ងៃមួយទៀត គេថា អាស៊ាននៅលើកំណាត់ផ្លូវនៃពិភពលោកបែកបាក់។ ខ្ញុំថា គួរតែកែតម្រូវប្រធានបទហ្នឹងទៅ។ ពិភពលោកសព្វថ្ងៃនេះ មានសាមគ្គីភាពគ្នាទៅវិញទេ។ សាមគ្គីលើអី លើការប្រយុទ្ធជាមួយនឹងភេរវកម្ម លើការប្រយុទ្ធទៅលើការប្រែប្រួលអាកាសធាតុ លើការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន លើការប្រយុទ្ធនឹងជំងឺឆ្លងជាដើម។ អាហ្នឹងសុទ្ធតែសាមគ្គីគ្នាហើយ។ ឯរឿងដូណាល់ ត្រាំម៍ គាត់និយាយ និងអង់គ្លេសចេញពីអឺរ៉ុប វាជារឿងអន្តរកាលខ្លីៗទេ។
អាស៊ានគ្មានបងធំទេ ប៉ុនគ្នាទាំងអស់
មានសំណួរថាតើអាស៊ាន មានអ្នកណាចង់ដកខ្លួនចេញទេ? ខ្ញុំលើកដៃ អត់ឲ្យនាយករដ្ឋមន្រ្តីវៀតណាមឆ្លើយទេ។ ខ្ញុំឆ្លើយ។ ខ្ញុំថា លោកគួរតែដាក់សំណួរថា នៅអឺរ៉ុប អ្នកណានឹងដកខ្លួនបន្ទាប់ពីអង់គ្លេស។ កុំដាក់សំណួរ ថាអ្នកណាដកខ្លួនចេញពីអាស៊ាន ព្រោះអាស៊ានគ្មានបងធំទេ បានខ្ញុំប្រាប់ពីមូលហេតុដែលកម្ពុជាចូល អាស៊ាន។ អញ្ចឹងសូម្បីតែមកវេទិកាចំហរ ក៏ខ្ញុំនិយាយដែរ … ព្រោះវាមាន។ បន្តិចទៀត បើថាកូន ឡឺប៉ែន (LE PEN) ជាប់ឈ្មោះជាប្រធានាធិបតីនៅបារាំង (នឹងមានការ)ដកខ្លួនចេញទៀតជាកម្មវិធីនយោបាយ។ សម្រាប់ ការបោះឆ្នោតរបស់បារាំងរបស់បក្ស LE PEN វាមានអ្នកខ្លះចង់ចេញទាំងអស់ អ្នកខ្លះគ្រាន់តែចង់ចេញពីតំបន់ចាយប្រាក់អឺរូ។ ស្មុគ្រស្មាញ ដូចក្តាមដាក់ចង្អេរ មកពីមានបងធំ។ តែអាស៊ានអត់មានបងធំ(ទេ) ប៉ុនគ្នាទាំងអស់ […]
លើកលែងអាយុ សម្រាប់វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ប្រឡងចូលក្របខណ្ឌ
… អំពាវនាវឲ្យមានការបន្តការរៀនសូត្រ ហើយក្រៅពីនេះ សុំអភ័យទោសឯកឧត្តម សាកលវិទ្យាធិការក៏ដូចជា ឯកឧត្តមរដ្ឋមន្រ្តីអប់រំ ក៏ដូចជាព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ សុំយកពេលបន្តិចដើម្បីនឹងនិយាយបញ្ហាមួយចំនួន ទី ១ ទាក់ទងជាមួយនឹងកំណែទម្រង់រដ្ឋបាល ដែលខ្ញុំព្រះករុណាខ្ញុំ បានធ្វើការរឿងនេះជាមួយនឹងឯកឧត្តម ពេជ្រ ប៊ុនធិន ថ្ងៃ ២៤ ខែ មករា ២០១៧ កន្លងទៅ បានចុះហត្ថលេខាលើអនុក្រឹត្យមួយទាក់ទងជាមួយនឹងបញ្ហាស្តីពីការលើកលែងលក្ខខណ្ឌអាយុ និងការកំណត់អាយុ បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសចូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល […]
កន្លងទៅ លំបាកណាស់ មានមនុស្ស តែយើងអត់ប្រើ ដោយសារតែអារឿងអាយុហ្នឹងឯង។ មានមួយនោះដែលគាត់សរសេរមកមិនដឹងប៉ុន្មានដងទេ ប៉ុន្តែ ខ្ញុំមិនឆ្លើយ តែថ្ងៃមួយត្រូវតែឆ្លើយហើយព្រោះរៀបចុះហត្ថលេខា … គាត់ថា សម្តេចកាលពី ២៦ កញ្ញា ឆ្នាំ ២០១៦ ខ្ញុំបានសុំក្របខណ្ឌពិសេសសម្តេចមួយ ប៉ុន្តែសម្តេចមិនឃើញឆ្លើយ … ខំទៅវៃកូនគោល … មកតាមឡានវៃអាហ្នឹងឆ្លើយតែម្តង ប្រាប់ថាប្រហែលជាចម្លើយរបស់ពូធ្វើឲ្យក្មួយខកចិត្ត បើពូផ្តល់ជូនក្មួយ ពូក៏ត្រូវផ្តល់ចំពោះអ្នកដទៃទៀត ដែលមានសំណើអញ្ចឹងមក។ សូមក្មួយ ដាក់ពាក្យប្រឡងទៅ។ ដល់ទៅមាន reply ចេញទៅ មានអ្នកចូលទៅ comment ត ថាគាំទ្រៗ ប៉ុន្តែសម្រាប់ខ្លួនគាត់ៗ ថាខ្ញុំលើសអាយុ ២ ឆ្នាំ។ ផ្តាំតាមកញ្ចក់ទូរទស្សន៍តែម្តងទៅ មិនបាច់តាមហ្វេសប៊ុកទេ ឥឡូវបើនិយាយពីក្របខណ្ឌពេទ្យ គឺលើកលែងអាយុទាំងអស់តែម្តង។ ក្របខណ្ឌពេទ្យ ៣០ មុខតំណែងវិជ្ជាជីវៈ។
ដូច្នេះ វាគ្របដណ្តប់ស្ទើរតែអស់ហើយ។ អ្នកបច្ចេកទេសសុខាភិបាល គិលានុបដ្ឋាកបឋម ឆ្មបបឋមស្អីៗទាំង អស់ មិនមែនឲ្យជាស្វ័យប្រវត្តិទេ។ ឲ្យចូលប្រឡង។ បងប្អូនខ្លះចូលមក comment ថា សម្តេចឲ្យទាំងអស់តែ ម្តងទៅ។ បើអញ្ចឹងរដ្ឋបាលយើងវាទៅជាស្អី។ ប្រទេសកម្ពុជាទាំងមូលសុទ្ធតែមន្ត្រីរាជការទាំងអស់ អត់មានកសិករ កម្មករ ឬពាណិជ្ជករទេ។ សូមមេត្តាអភ័យទោស សូមប្រឡង ប៉ុន្តែបើចំហរធំជាង។ កាលពីមុន យើងកំណត់ត្រឹមតែ ៣០ ឆ្នាំទេ ក្រោយមកយើងឲ្យវេជ្ជបណ្ឌិតឯកទេសឡើងទៅ ៣៥ ឆ្នាំ ប៉ុន្តែដល់យើងឲ្យវេជ្ជបណ្ឌិតឯកទេស ៣៥ ឆ្នាំ វេជ្ជបណ្ឌិតគាត់ទារដែរ គាត់រៀន ៨ ឆ្នាំដែរ បានវេជ្ជបណ្ឌិត … ទូរស័ព្ទ ទៅបង ម៉ម ប៊ុនហេង ហើយទូរស័ព្ទទៅបង ពេជ្រ ប៊ុនធិនៗ ថាលើកលែងអាយុតែម្តងទៅ។ អាហ្នឹងកាន់តែស្រួលហើយ ប៉ុន្តែមានអ្នកចូលមក comment ថាចុះគិតអាយុចូលនិវត្តយ៉ាងម៉េច? គិតដំណាក់កាលចូលនិវត្តទៅតាមហ្នឹងទៅ។ ធ្វើបានតិចស៊ីប្រាក់ខែតិចទៅតាមហ្នឹងទៅ។ ធ្វើម៉េចបើវាអញ្ចឹង […]
មិនកំណត់អាយុ ចំពោះមន្ត្រីរាជការដែលចង់ប្រឡងប្តូរក្របខណ្ឌ
ការលើកលែងទី ២ លើកលែងអាយុអត់កំណត់ គឺមន្ត្រីរាជការដែលប្រឡងដូរក្របខណ្ឌ ពីដើមគិតអាយុ ឥឡូវអត់គិតអាយុទៀត។ មាត្រាទី ៥ បេក្ខជនជាមន្ត្រីរាជការដែលចូលរួមប្រឡងប្រជែងជ្រើសរើសបម្រើការងារក្នុងប្រភេទក្របខណ្ឌផ្សេង ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ ឧទាហរណ៍ កំពុងនៅក្នុងខាងវិស័យអប់រំ ប៉ុន្តែចង់ទៅធ្វើអ្នកសេដ្ឋកិច្ចម្តង ចង់ទៅប្រឡងធ្វើគយ ត្រូវបានលើកលែង(មិនកំណត់អាយុ) … អញ្ចឹងមានអ្នកខ្លះ សួរថា … ដូចអត់មានត្រកូលហ៊ុននៅក្រសួងសេដ្ឋកិច្ច។ ខ្ញុំថា ជៀសអាហ្នឹង អត់ឲ្យត្រកូលហ៊ុនណាមួយទៅនៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គយ ពន្ធដារ អត់មានទេ។ គេជេរងាប់។ ម្យ៉ាងកូនរបស់ខ្ញុំអត់មានជំនាញខាងហ្នឹង។ មាន ម៉ាណែត មួយដែរ គេធ្លាប់ទៅធ្វើការនៅធនាគារពិភពលោក មិនមែនបានសេចក្តីថា ពួកនេះគេមិនចេះសេដ្ឋកិច្ចទេ។ ក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យទៅពាក់ព័ន្ធ។ ប៉ុណ្ណឹងហើយ គង់តែជេរទៀត។
… ឯសម្រាប់ថ្នាក់បណ្ឌិតដែលប្រឡងចូលក្របខណ្ឌផ្សេងក្រៅពីក្របខណ្ឌពេទ្យ ថ្នាក់បណ្ឌិតក៏ត្រូវបានលើកលែងអាយុដែរ។ ធម្មតា តែរៀនបានបណ្ឌិត គឺអាយុតែងតែច្រើនហើយ ព្រោះខ្លះចេញមកធ្វើការសិន បានទៅយកបណ្ឌិតក្រោយ។ ប៉ុន្តែត្រូវមាននិក្ខេបទមកជាមួយ។ កុំកាន់តែសញ្ញាបត្រមកជាមួយ។ អត់(ប្រហែស)បានទេ។ ខ្លះឮតែបណ្ឌិតៗ អត់និក្ខេបទ។ កុំលេងឲ្យសោះ។ អត់ត្រូវបានលើកលែងទេ។ មើលឲ្យស្រួលកន្លែងហ្នឹង ប្រយ័ត្នបណ្ឌិតអត់និក្ខេបទ។ បេក្ខជនដែលបរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ ឆ្នាំ។ ក្នុងចំណោមហ្នឹង មានអ្នកដែលមានអាយុលើស ៣០ ឆ្នាំ ដែលមុននេះហាមឃាត់មិនឲ្យប្រឡង ឥឡូវបានប្រឡង។ ឯអ្នកដែលមានបរិញ្ញាបត្រ ឬសមមូល មានអាយុច្រើនបំផុត ៣៥ ឆ្នាំ។ អញ្ចឹងយើងកំណត់បែបនេះ ដើម្បីយើង កៀរគរធនធានមនុស្សយកមកសម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នេះជាសារជម្រាបជូន ហើយសូមអភ័យទោសពីក្មួយៗទាំងឡាយដែលស្នើសុំក្របខណ្ឌជាស្វ័យប្រវត្តិ។ បើយើង(បាន)ក្របខណ្ឌជាស្វ័យប្រវត្តិ ហើយបើពូឲ្យមួយ ក្មួយអើយមកទាំងអស់ហើយ។ អញ្ចឹងសូមមេត្តាយោគយល់ដល់ការលំបាករបស់ពូផង ហើយសង្ឃឹមថា ក្មួយៗដាក់ពាក្យប្រឡង។ ធម្មតាប្រឡងមានជាប់មានធ្លាក់ នេះជាបញ្ហាទី ១ ដែលខ្ញុំចង់និយាយ។
បុគ្គលិក Global Witness ម្នាក់ បង្កបញ្ហា ដោយសារតែរឿងផ្ទាល់ខ្លួន
រឿង Global Witness ខ្ញុំប្រកាសពីដាវ៉ូសមក។ ចាប់ផ្តើមខ្ញុំនិយាយជាសាធារណៈ រឿង Global Witness ដែលយើងបណ្តេញចេញគឺចាប់ផ្តើមពីស្រីជាបុគ្គលិកម្នាក់កូនកាត់ខ្មែរបារាំងទៅយកប្តីគេ ដល់គេតាមដល់ផ្ទះ ទៅចោទថា ពួកកាប់ឈើរករឿង។ អតីតអគ្គរដ្ឋទូតអង់គ្លេសដឹងរឿងហ្នឹងច្បាស់។ ខ្ញុំមិនបញ្ចេញឈ្មោះអគ្គរដ្ឋទូតមួយណាទេ។ រឿងចេះតែកើត។ យើងឈប់ឲ្យធ្វើការទៅ។ ហើយមកតាមរករឿងខ្ញុំឯណា សុទ្ធតែបណ្តាញលក់ជាតិ បានមួយនោះចុះមកថា “នោះអាបីនាក់ អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ”។ រួចអញ្ចឹងៗ ពេលដែលយើងវ៉ៃបកត្រឡប់ទៅវិញ ថាយើងអគុណធម៌ ហើយអ្នកវិភាគមួយចំនួនអត់យល់ថា(ការនិយាយបែប)ហ្នឹងអគុណធម៌ទេ។ ចំណាស់បង ជា ស៊ីម ចំណាស់បង ហេង សំរិន បង្កើតក្បាលវាបាន វាហៅអាបីនាក់ អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ គឺខ្ញុំ។ រួចចុះមិនថាភាសាហ្នឹងអសុរសផង?
សូមកុំបង្កើតរដ្ឋលើរដ្ឋ, កុំបង្កើតសភាពីរ
… សូមផ្តាំទៅលោក សុន ឆ័យ។ លោកមិនព្រមចូលសភាទេ។ លោកទៅប្រជុំកាសែត។ ហើយលោកប្រកាសថា លោកអត់ទទួលស្គាល់សេចក្តីសម្រេចការធ្វើវិសោធនកម្មរបស់រដ្ឋសភាទេ។ បើលោកចិត្តសឿង លោកត្រូវអនុវត្ត។ កុំទទួលស្គាល់ បន្ទាប់ពីបទបញ្ជាផ្ទៃក្នុងចូលជាធរមាន ហើយប្រធានសភាប្រកាសឲ្យប្រើ រួចហើយប្រធានសភាត្រូវលុបចោលសេចក្តីសម្រេចតែងតាំងទាំងប្រធានក្រុមតំណាងរាស្ត្រទាំងប៉ុន្មាន ទាំងសម្តេចក្រឡាហោម ទាំង កឹម សុខា ស្អីៗ … លោកដើរប្រកាសខ្លួនឯងថា ជាប្រធានសម្លេងភាគតិចទៀតមើល លោកចង់សាកមើល។ លោកថា លោកអត់ទទួលស្គាល់។ ប្រជាធិបតេយ្យគេភាគច្រើនតើ។ តែភាគច្រើនគេសម្រេចហើយ អាហ្នឹងបានហើយ។
ដូច ដូណាល់ ត្រាំម៍ (បានធ្វើ) អ្នកណាធ្វើអីធ្វើទៅ ស្រេចតែ ដូណាល់ ត្រាំម៍ ស៊ីញ៉េលុបគ្រវាត់ចោល។ ហ្នឹងជាឧទាហរណ៍មួយ។ សមិទ្ធផលរបស់អូបាម៉ា រហូតទៅដល់មាន government shutdown អត់លុយចាយតែម្តង ដោយសារតែ Obamacare ត្រូវមួយប៉ប្រិចភ្នែក ដូណាល់ ត្រាំម៍ លុបចោល ប្រជាជនអាមេរិកដែលបោះឆ្នោតឲ្យ ដូណាល់ ត្រាំម៍ ក៏បាត់បង់នូវផលប្រយោជន៍ពី Obamacare ដែរ។ ជាឧទាហរណ៍នៃការផ្លាស់ប្តូរ។ អ្នកឯងមើលទៅ។ សូមផ្តាំទៅ ទី ១ គឺលោក សុន ឆ័យ លោកចង់សាក លោកធ្វើមើល។ រដ្ឋនេះគឺរដ្ឋ។ លោកកុំបង្កើតរដ្ឋលើរដ្ឋ។ កុំបង្កើតសភាពីរ។ សភាមួយនៅចាក់អង្រែ … បើលោកចិត្តជាកូនប្រុស ក្រោយពេលដែលសម្តេចប្រធានសភាប្រកាសលុបចោលការតែងតាំងទាំងឡាយហើយ លោកដើរប្រកាសខ្លួនឯងទៅ។ ធ្វើម៉េចក៏ដោយ កុំឲ្យចូលក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ អាហ្នឹងគេចាប់អត់មានពេលថយក្រោយទេ។ មិនមែនជាការគំរាមទេ […]
លក្ខខណ្ឌ ២ មុននឹងអនុញ្ញាតឲ្យរដ្ឋមន្ត្រីទៅឆ្លើយ
មួយទៀត លោកស្រែកម្តងហើយម្តងទៀត អំពីការអញ្ជើញសមាជិករាជរដ្ឋាភិបាល ៣ នាក់ រួមមានរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការងារ និងរដ្ឋមន្ត្រីកសិកម្មឲ្យទៅឆ្លើយ។ ខ្ញុំបានប្រតិកម្មពីម្សិលថា ឲ្យអ្នកឯងទៅគោរពច្បាប់សិនទៅ។ ចូលសភាសិន … បណ្ឌិតមែនទែន ឬបណ្ឌិតលេងៗ ឈ្មោះ មាស នី? គាត់និយាយថា មាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញចែងថា គណៈកម្មាការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យដែលទទួលខុសត្រូវ … ខ្ញុំដឹងតើ។ សភាហៅខ្ញុំទៅ ក៏ប៉ុន្តែបក្សប្រឆាំងហៅ ខ្ញុំមិនទៅ ហើយ អេង ឆៃអ៊ាង ថាអត់ទាន់ផ្លូវការទេ ចុះបើមិនទាន់ផ្លូវការ លោកឯងនិយាយធ្វើអី? និយាយនាំមានរឿង […] មានលក្ខខណ្ឌ ២ យ៉ាង មុននឹងឲ្យរដ្ឋមន្ត្រីទៅឆ្លើយ។ លក្ខខណ្ឌទី ១ បក្សប្រឆាំងត្រូវចូលធ្វើការពេញលេញក្នុងសភាសិន។ បើអ្នកឯងមិនចូលទេ មិនបាច់ទេ។ ប៉ុន្តែ ប្រសិនប្រធានខាងគណៈកម្មការខាងគណបក្សប្រជាជនដែលគេធ្វើការពេញលេញហៅទៅ អាហ្នឹងទៅ។ នៅក្នុងនេះ ខ្ញុំមាននិយាយអំពីរឿងសភាមិនសភាឯណា ខ្ញុំនិយាយពីបក្សប្រឆាំង។ អ្នកឯងត្រូវគោរពច្បាប់ […] គេថា “ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិចូលប្រជុំសភា លុះណាតែមានផលប្រយោជន៍ដល់សាធារណៈ មិនចូលប្រជុំដើម្បីធ្វើឱ្យសភាចុះខ្សោយទេ”។ ឥឡូវលោកឯងបកស្រាយមក ថាមួយណាប្រយោជន៍ មួយណាមិនប្រយោជន៍? លោកឯងចូលទៅអង្គុយទៅ លោកឯងកុំតែលើកដៃទៅវាចប់ហើយ ចាំបាច់លោកឯងនៅក្រៅសភា ហើយប្រជុំកាសែត។ បើលោកឯងធ្វើរបៀបហ្នឹង លោកឯងមិនបាច់និយាយទេ […]
លក្ខខណ្ឌទី ២ ឆ្លើយងាប់ទាំងខ្លួនទៀតក៏មិនត្រូវចិត្តគេដែរ។ បើសិនជាបន្តទុកឱ្យសួររួចហើយ រួចហើយបូកសរុបនៅហ្នឹងថា ឆ្លើយល្អណាស់ ដល់ចេញមកខាងក្រៅថាចម្លើយនេះគ្មានបានការ។ ហ្នឹងគឺអត់ឱ្យទៅឆ្លើយទេ ព្រោះវាបាត់បង់តម្លៃរដ្ឋមន្ត្រីជាសមាជិករបស់រាជរដ្ឋាភិបាល និងបាត់បង់តម្លៃសភា។ ឯភាពបានការរបស់គេ គឺជាសំដីរបស់អ្នកនិយាយជាមួយកាសែតឯណេះទៅវិញ។ អញ្ចឹងខ្ញុំមិនឱ្យសមាជិករាជរដ្ឋាភិបាលទៅឆ្លើយទេ […] បើចាំបាច់ត្រូវធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង និយាយពីកន្លែងហ្នឹងតទៅទៀត ក៏ត្រូវតែធ្វើដែរ។ ហៅទៅសួរ។ គ្នាប្រឹងណាស់ … ប៉ុន្តែពេលដែលគ្នាឆ្លើយរួច ពេលប្រជុំខាងក្នុងស្រួលទេ ដល់ចេញមកវិញ គេប្រើវេទិកាសារព័ត៌មានវាយប្រហារ។ អញ្ចឹងប្រជុំហ្នឹងបានការអី? ឥឡូវបើថាមានការអីខ្ទប់ទ្វារវ៉ៃគ្នានៅក្នុងហ្នឹងតែម្តងទៅ ប៉ុន្តែមិនមែនវ៉ៃដៃទេ វ៉ៃពាក្យសំដីឆ្លងឆ្លើយគ្នាឱ្យជាប់ ហើយថតខ្សែអាត់ទាំងអស់។ កុំឱ្យខូចពេក។
ខ្ញុំនៅតែគោរពវិធានស្តីពីការឆ្លើយនៅសភា តែសមាជិកសភាណាដែលធ្វើការពេញលេញកោះហៅ ដោយមានការយល់ព្រមពីប្រធានសភា អាហ្នឹងខ្ញុំឱ្យទៅ។ ប៉ុន្តែ ខ្ញុំត្រូវមើល តើពួកហ្នឹងចូលធ្វើការឫអត់ បើមិនចូលទេយើងមិនបាច់ទៅឆ្លើយទេ។ ទៅឆ្លើយជាមួយតែអ្នកណាធ្វើការបានហើយ។ ឆ្លើយជាមួយសមាជិកសភា ដែលគេធ្វើការជាមួយសភា មិនមែនធ្វើការនៅស្នាក់ការបក្សនោះទេ… ខ្ញុំអត់យល់ តើគេចង់និយាយថាម៉េច មាន ផលប្រយោជន៍ និងអត់ផលប្រយោជន៍។ អញ្ចឹង អ្នកឯងអត់ចូលប្រជុំរហូត។ ខ្ញុំស្នើសុំថា ត្រូវយកវិធានការចាំបាច់។ ខ្ញុំមិនមែនបំពានសភាទេ។ ខ្ញុំក៏ជាសមាជិកសភាដែរ ហើយជាមេនៃបក្សកាន់អំណាចត្រួតត្រាលើសមាជិកសភានៃបក្សកាន់អំណាច […]
វិសោធនកម្មច្បាប់ស្តីពីការបង្កើតបក្សនយោបាយ
ល្ងាចនេះប្រជុំហើយ .. ឥឡូវធ្វើម៉េចវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយឱ្យបាន។ ខ្ញុំបានទាក់ទងទៅបង ឯក សំអុល និង កើត រិទ្ធ។ ច្បាប់យើងនៅធូររលុងណាស់។ ច្បាប់នេះបង្កើតតាំងពីឆ្នាំ ១៩៩៨ ដើម្បីបង្កើតបក្សនយោបាយស្អីៗហ្នឹង ហើយមកដល់ឥឡូវគឺវាហួសសម័យហើយ។ ជិត ២០ ឆ្នាំហើយ។ មានប្អូនប្រុសម្នាក់គាត់ផ្តល់យោបល់ ហើយខ្ញុំជូនយោបល់នេះទៅឱ្យឯកឧត្តម ប៊ិន ឈិន គាត់និយាយត្រូវ។ បក្សនយោបាយខ្លះបង្កើតឡើងគ្រាន់តែបង្កើត គ្រាន់តែសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃដើម្បីបង្កើត តែរកតែមេដៃ ៤ ពាន់នាក់ដាក់ឱ្យក្រសួងមហាផ្ទៃ រកអត់បាន។ អញ្ចឹងទេត្រូវដាក់កំណត់ថា ប៉ុន្មាន ៦ ខែ ឬ ៧ ខែ បើរកស្នាម មេដៃដាក់មិនបានទេ បានសេចក្តីថា សេចក្តីសម្រេចនោះត្រូវនិរាករណ៍ចោល […] ហ្នឹងត្រូវកែដែរ។ នៅក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃសុទ្ធតែបក្សនយោបាយ បក្សខ្លះសុំបង្កើតតាំងពីឆ្នាំ ២០១៤ ឥឡូវអត់មានស្នាមមេដៃដាក់។ បក្សខ្លះមានតែឈ្មោះប្រធានបក្សនេះ ប្រធានបក្សនោះ ក៏ប៉ុន្តែអត់គ្រប់ទឹក។ អញ្ចឹងត្រូវតែកំណត់ក្នុងការធ្វើវិសោធនកម្ម (ដោយ)ដាក់ថា គណបក្សនយោបាយដែលទទួលបានសេចក្តីសម្រេចពីក្រសួងមហាផ្ទៃឱ្យបង្កើតបក្សនយោបាយ ក្នុងរយៈពេលប៉ុន្មានអញ្ចឹងទៅ បើមិនមានលទ្ធភាពរកស្នាមមេដៃ ៤ ពាន់នាក់ ដើម្បីគាំទ្រជូនក្រសួងមហាផ្ទៃទេ គឺសេចក្តីសម្រេចនោះត្រូវបាត់សុពលភាពតែម្តង … អ្នកឱ្យយោបល់ហ្នឹងសមហេតុសមផល […]
ឯមាត្រាមួយទៀតត្រង់ទោសទណ្ឌហ្នឹងក៏វាស្រាលដែរ។ ខ្ញុំថាយកតាមថៃតែម្តង។ អ្នកណាធ្វើខុសធ្ងន់រំលាយបក្សចោលតែម្តង។ នៅថៃ គ្រាន់តែប៉ុន្មានឆ្នាំ រំលាយអស់បក្សប៉ុន្មានឯណោះ។ គ្រាន់តែបក្សរបស់ ថាក់ស៊ីន ពី ថៃរ៉ាក់ថៃ ត្រូវរំលាយ ហើយបានបង្កើតបក្ស កម្លាំងប្រជាជន ត្រូវរំលាយទៀត។ គ្រាន់តែ សាមាក់ ស៊ុនថារវ៉េត ទៅធ្វើមេចុងភៅតាមទូរទស្សន៍ ដកតំណែងពីនាយករដ្ឋមន្ត្រី ហើយគេរំលាយបក្សទៀត បានបង្កើតទៅជាបក្ស ភឿថៃ ហើយក្នុងគណៈកម្មការនាយកទាំងប៉ុន្មាន ត្រូវបាត់សិទ្ធិទាំងអស់។ ហាមឃាត់ ៥ ឆ្នាំ អត់ឱ្យធ្វើបក្សនយោបាយ។ យើងលេងធុនហ្នឹងដែរមើល។ នេះមិនមែនតែគណបក្សប្រជាជនឯណា សម្រាប់បក្សទាំងអស់ រាប់ទាំងបក្សប្រជាជនធ្វើខុស រំលាយចោលបក្សហើយ ហាមឃាត់ធ្វើនយោបាយរបស់មេដឹកនាំទៀត។ កុំហាមពីរបីនាក់ ហាមមួយគណៈនាយកតែម្តង ដើម្បីឱ្យរាងចាល។ មានកន្លែងខ្លះវាខុសរឿង … ដាក់ទោសទណ្ឌត្រឹមតែផាកពិន័យប៉ុន្មានលានរៀល។ ចុះបើអានេះទទួល ៣ លានដុល្លារ រឿងអីខ្លាចឱ្យផាកត្រឹមអា ៣ លានរៀល។ អញ្ចឹងដាក់បញ្ឈប់សកម្មភាពបក្ស ឬរំលាយបក្សចោលតែម្តង ព្រោះអាជ្រៀតជ្រែកបែបនេះមិនតិចទេនៅស្រុកយើងនេះ។
… រឿងដែលគួរឲ្យចង់សើចនៅត្រង់ថា នៅអាមេរិកគេថារុស្ស៊ីលូកដៃកែលទ្ធផលបោះឆ្នោត។ អញ្ចឹងនៅលើលោកនេះមិនមែនអាមេរិកជាអ្នកពូកែទេ។ រុស្ស៊ីពូកែជាងគេទាំងអស់ ព្រោះ Hack ចូលដូរលទ្ធផលបោះឆ្នោតឲ្យ ត្រាំម៍ ឈ្នះបាន។ រឿងខ្លះដូចជាគួរឲ្យចង់សើចវិលទៅវិញទាំងអស់។ បោះឆ្នោតរួចហើយបាតុកម្មក៏វិលពីកម្ពុជាទៅវិញ។ គេមកបង្រៀនកម្ពុជា ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ ក៏វិលទៅវិញ ថាគេបន្លំសន្លឹកឆ្នោតក៏វិលទៅវិញ។ ត្រាំម៍ ឡើងកាន់អំណាចហើយ ក៏គេនៅបាតុកម្ម ក៏វិលត្រឡប់ទៅវិញ។ អាហ្នឹងកម្មពៀរ។ ខ្ញុំជួបនាយករដ្ឋមន្ត្រីស៊ុយអែត ខ្ញុំសួរត្រង់ៗ តែម្តងថា ម៉េចហើយអនាគតជនភៀសខ្លួននៅអឺរ៉ុប? លឺថាប្រទេសឯកឧត្តមក៏រងគ្រោះខ្លាំងណាស់ដែរ។ (គាត់)គ្រវីក្បាល។
… មិនដែលអ្នកណាឲ្យអ្នកទោសធ្វើប្រធានគណបក្សម៉េចទេ ហើយមិនមែននិយាយលេងទេ ធ្វើ(មែន)ណា។ ម្សិលមិញចុះហត្ថលេខាបង្កើតអាដហុកសម្រាប់គណបក្សប្រជាជនមួយ ខ្ញុំស្នើសុំប្រជុំតែមួយល្ងាចនេះ កុំប្រជុំយូរពេក។ ល្ងាចនេះប្រជុំមើលអោយហើយទៅដល់សម្រេចទៅ រួចហើយធ្វើញ្ញតិចុះហត្ថលេខាស្នើទៅរដ្ឋសភាទៅ […] លោកបណ្ឌិត ត្រូវមើលអោយច្បាស់ បើលោកមិនច្បាស់ទេ លោកត្រូវចាំអោយច្បាស់សិន ចាំលោកបញ្ចេញមតិ។ គេនិយាយថា … ខ្ញុំមិនអនុញ្ញាតអោយទៅបំភ្លឺនៅសភាទេ។ អ្នកឯងត្រូវចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងម៉េច។ (មិន)មានថា មិនទៅឯណា តែគេឲ្យលក្ខខណ្ឌទុកជាមុនឲ្យអ្នកឯងទៅ បើមិនចូលសភាផង។ ចាំដល់ម៉ោងហៅគេទៅសួរ (តែ)ដល់ពេលប្រជុំ អត់ទៅ […]
ផែនការការពារជាតិទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត មានអីខុស
… មួយនោះដាក់មកអំពី «ក ៥» … ផ្តាំទៅវិញ ដោយសារពួកលោកឯងហ្នឹងហើយបានវាមាន «ក ៥» ( ដែល) ជាផែនការការពារជាតិ តាមរយៈការរារាំងការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត … សម(តែ)លោកឯងទទួលខុសត្រូវលើសោកនាដកម្មរបស់ប្រជាជនកម្ពជា។ រឿងអីទៅធ្វើសម្ព័ន្ធភាពជាមួយខ្មែរក្រហម មកវ៉ៃបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា? ឥឡូវ អ្នកឯងចោទសួរមើល កាត់ទោសខ្មែរក្រហមដើម្បីអី? ដោយសារតែខ្មែរក្រហមវាអាក្រក់។ អញ្ចឹង ខ្ញុំការពារការវិលត្រឡប់នៃរបប ប៉ុល ពត អត់មានអីខុសទេ។ ថ្ងៃនេះមានសន្តិភាពដោយសារយើង(ផ្តួល)រំលំ ប៉ុល ពត ហើយទប់ ប៉ុល ពត មិនឲ្យមកវិញបាន។ ហ្នឹង វានៅក្នុងកញ្ចប់នៃបញ្ហា។ ប្រទេសខ្លះគេផលិតដល់ទៅអាវុធគីមី អាមេរិកបង្ខំចិត្តវ៉ៃជប៉ុន ដោយគ្រាប់ប៉ារ៉ាមាណូ ម៉េចក៏ធ្វើបាន? ឥឡូវ អាមេរិកវ៉ៃពេញទឹកដីអ៊ីរ៉ាក់ លីប៊ី និងស៊ីរី ថាទប់ ISIS ឯយើងធ្វើវិធានការការពារជាតិក៏ដើម្បីទប់ខ្មែរក្រហមដែរ។ វាដូចតែគ្នា […] អ្នកឯងជេរ ៧ មករា ស្មើនឹងមើលងាយវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ រាប់ទាំងគ្រួសារអ្នកឯងផង។ បើកុំតែមាន ៧ មករា អ្នកទាំងឡាយនៅក្នុងនេះប្រហែលមិនទាន់កើតបាន ព្រោះឪពុកម្តាយស្លាប់អស់បានអីកើត …៕