- ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលបានអញ្ជើញចូលក្នុងពិធីនេះជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីដែលបានរៀបចំរួមគ្នាដោយប្រទេសយើងទាំងពីរ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង ឱកាសដ៏មហោឡារិកអធិកអធមនេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះសូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមនាយករដ្ឋមន្រ្តី
ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវ ជាទីមេត្រី!
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្តពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរ នូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយ មានប្រពៃណីសហការ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។
កិច្ចសហការរៀបចំរួមគ្នានូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ នៃប្រទេសទំាងពីរនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ឡាវ។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល របស់កម្ពុជា និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន របស់ឡាវ បានតភ្ជាប់ទៅវិញទៅមករវាងផ្លូវជាតិលេខ ៧ របស់កម្ពុជា ជាមួយផ្លូវជាតិលេខ ១៣ របស់ឡាវ ដែលជា ច្រករបៀងដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលក្នុងការតភ្ជាប់ប្រទេសយើងទំាងពីរ និងជាបណ្តាញគមនាគមន៍តភ្ជាប់រវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) ព្រមទំាំងបណ្តាប្រទេស នៅក្នុងតំបន់មេគង្គផងដែរ។ ការអភិវឌ្ឍបណ្តាញគមនាគមន៍តភ្ជាប់រវាងប្រទេសយើងទំាងពីរ ព្រមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ប្រកបដោយភាពងាយស្រួល គឺពិតជាបានចូលរួមបង្កើនទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី ៣ ឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញកសិផល ការបង្កើនទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋ តាមតំបន់ព្រំដែន នៃប្រទេសទំាងពីរស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទំាងពីរកម្ពុជា-ឡាវ។
ផ្តើមចេញពីសារៈសំខាន់ខាងលើនេះ ក្នុងជំនួបទ្វេភាគី រវាងរូបខ្ញុំ និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នៅសៀមរាប ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី ៩ កម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណភាគី យើងទាំងពីរបានឯកភាពគ្នាឱ្យក្រុមការងារចម្រុះ នៃប្រទេសទំាងពីរបន្តសហការគ្នាចុះត្រួតពិនិត្យមើលឡើងវិញ នូវទីតាំងជាក់ស្តែងសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងប្រទេសទំាងពីរសំដៅបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
ទន្ទឹមនេះចាប់ពីខែ មករា ឆ្នាំ ២០១៧ នេះតទៅ រដ្ឋាភិបាល នៃប្រទេសយើងទំាងពីរក៏បានឯកភាពគ្នាអនុញ្ញាតឱ្យ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនប្រើប្រាស់ប័ណ្ណព្រំដែន សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែនជាផ្លូវការទៅក្នុងតំបន់ព្រំដែន ដែលបានកំណត់ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងប្រជាជន និងប្រជាជនតាមតំបន់ព្រំដែននៃប្រទេសទំាំងពីរ ដែលមានប្រពៃណីទៅមករកគ្នាជាយូរលង់មកហើយ។ អាស្រ័យហេតុនេះ សូមអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទំាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅតាមមូលដ្ឋានរៀងៗខ្លួន អំពីការប្រើប្រាស់ប័ណ្ណព្រំដែននេះ។
ឯកឧត្តមនាយករដ្ឋមន្រ្តី
ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈ ប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវជាទីមេត្រី !
ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយប្រទេសទំាងពីរបានចុះកិច្ចព្រមព្រៀងអនុស្សារណៈ និងកំណត់ហេតុ នៃកិច្ចប្រជុំនានាជាច្រើន និងលើ គ្រប់វិស័យ ព្រមជាមួយការសហការគ្នារៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតំាងពីថ្នាក់ជាតិ រហូតដល់ ថ្នាក់មូលដ្ឋាន។ អាស្រ័យហេតុនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នក៏ដូចយន្តការ សហ ប្រតិបត្តិការនានា ដែលបានបង្កើតឡើង ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថ កិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទំាងពីរ បន្តសហការគ្នាអនុវត្តឱ្យសម្រេចបាន នូវលទ្ធផលស្រប តាម ការព្រមព្រៀងគ្នា។ ក្នុងនោះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាននៅតាមបណ្តោយ ព្រំដែនប្រទេសទំាងពីរបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ព្រមទាំងខិតខំសម្របសម្រួលរួមគ្នាដោះស្រាយបញ្ហានានា ដែលកើតឡើងតាមព្រំដែនឱ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាបងប្អូន ជាអ្នកភូមិផងរបងតែមួយដ៏ល្អសំដៅរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរឱ្យបានស្ថិតស្ថេររឹងមាំ និងមានការរីកចម្រើនឥតឈប់ឈរ ជានិច្ចនិរន្តតទៅទៀត។
ឆ្លៀតយកក្នុងឱកាសនេះ ខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើបា្រស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ជូនឯកឧត្តមនាយករដ្ឋមន្រ្តីម្តងទៀតថា កម្ពុជានឹងផ្តល់ជូនមិត្តឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ និងកំពង់ផែសមុទ្រកម្ពុជា ដើម្បីសំរួលដល់ការដឹកជញ្ជូនរបស់មិត្តឡាវ ដែលជាប្រទេសពុំមានសមុទ្រ។
ចុងបញ្ចប់នេះ ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ និងផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ឈរលើស្មារតីនៃចំណងសាមគ្គីភាព មិត្តភាពដ៏ស្មោះស្ម័គ្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជន នៃប្រទេសយើងទាំងពីរកម្ពុជា-ឡាវ។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលជាមួយគ្នា នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀននាពេលនេះ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ព្រមទាំងបងប្អូនប្រជាពលរដ្ឋកម្ពុជា-ឡាវទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌ សម្រេច បានជោគជ័យក្នុងគ្រប់ការងារ មានសេរីសួស្តី និងសុខសុភមង្គល គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕