សុន្ទរកថា ក្នុងពិធីសម្ពោធជាផ្លូវការច្រកទ្វារអន្តរជាតិ និងអគារទីស្នាក់ការត្រួតពិនិត្យ ត្រពាំងក្រៀល (កម្ពុជា) និងអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន (ឡាវ)

ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំង​បង​ប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលបានអញ្ជើញចូលក្នុងពិធីនេះជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីដែលបានរៀបចំរួមគ្នា​ដោយប្រទេសយើងទាំងពីរ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រក​ទ្វារអន្តរជាតិ ណងណុកខៀន ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង ឱកាសដ៏មហោឡារិកអធិកអធមនេះ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ​ជូន​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ព្រមទាំងបងប្អូន​ប្រជា​ពលរដ្ឋនៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះសូមមានសុខភាពល្អ និងសម្រេចបាន​ជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូនប្រជា​ពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវ ជាទីមេត្រី! រាជរដ្ឋាភិបាល…