ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណុអឺឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuna) អគ្គនាយកក្រុមហ៊ុន មីនេបៀ និងភរិយា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ជាពិសេសគឺបងប្អូនដែលជាមាតាបិតារបស់កម្មករ កម្មការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី នូវការចូលរួម រំលឹកខួបអនុស្សាវរីយ៍លើកទី ៥ នៃប្រតិបត្តិការនៃក្រុមហ៊ុន មីនេបៀ ក៏ដូចជាថ្ងៃនេះសម្ពោធដាក់អោយ ប្រើ ប្រាស់ផងដែរ ជាមួយនឹងសមិទ្ធផលថ្មី និងមានកិច្ចការងារមួយចំនួនទៀតទាក់ទងនឹងដំណើរការរបស់ក្រុម ហ៊ុននេះ។
ខ្ញុំពិតជាមានមោទនភាព និងរីករាយជាមួយសុន្ទរកថាដែលថ្លែងដោយលោក កៃនុម៉ា អគ្គនាយកក្រុមហ៊ុនអម្បាញ់មិញនេះ ដែលផ្ដោតអំពីដំណើរការឈានឡើងពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ។ ហើយខ្ញុំក៏សុំរីករាយ និងអរគុណផងដែរ ចំពោះឯកឧត្តម ហូរីណុអឺឈី ដែលបាននិយាយជាភាសាខ្មែ។ អរ គុណណាស់ ដែលឯកឧត្តមបាននិយាយជាភាសាខ្មែរ ហើយមិនចាំបាច់ឆ្លងកាត់អ្នកបកប្រែទេ គឺអាចអង់ គ្លេសមួយតង់ទៅ និយាយខ្មែរមួយតង់ទៅ ខ្ញុំសុំចាញ់ឯកឧត្តមហើយ។
រោងចក្រ មីនេបៀ ប្រៀបដូចជាកូនដែលសម្តេចបានបង្កើត
ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយពីដំណើរឈានឡើងនៃក្រុមហ៊ុនមួយនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ រំលឹក បន្ដិច។ អម្បាញ់មិញ លោក កៃនុម៉ា បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងដំណើរឆ្លងកាត់ ហើយក្នុងនោះ ក៏បានរំលឹកនូវសំដីរបស់ខ្ញុំព្រះករុណាខ្ញុំ លើបញ្ហាដែលថា រោងចក្រនេះប្រៀបដូចកូនដែលខ្ញុំព្រះករុណាខ្ញុំ បង្កើត។ ដូច្នេះ ត្រូវតែថែទាំវាអោយបានល្អ។ ឥឡូវនេះ កូននេះ បានចាប់ផ្ដើមពី ២៣ លានដុល្លារសហរដ្ឋអាមេរិក ឡើងជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក គឺជាដំណើររីកចម្រើនមួយ។
ក៏ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំ គួរតែរំលឹក គួរតែនិយាយ ដើម្បីអោយឃើញអំពីភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា នោះនៅត្រង់ថាកូនមួយនេះ ត្រឹមតែមិនទាន់បង្កើតទេគ្រាន់តែចាប់ផ្ដើមមានផ្ទៃពោះ វាក៏ចង់រលូតទៅវិញទៅហើយ។ តើនៅចាំបានទេ លោក កៃនុម៉ា និងឯកឧត្តម សុខ ចិន្ដា និងអតីតអគ្គរដ្ឋទូត គូរុគី កាលពីដំណាក់កាលនោះ ពិតជាមានកង្វល់ធំណាស់ នៅត្រង់ថា នៅពេលដែលយើងបានសម្រេចចិត្តអោយក្រុមហ៊ុនមីនេបៀ ធ្វើការវិនិយោគ បើជាមានការប្រកួតប្រជែងមួយប្រាប់ថា ក្រុមហ៊ុននេះតូច អញ្ចឹងត្រូវសុំជំនួសដោយក្រុមហ៊ុនធំជាង។ ពេលនោះ ច្បាស់ជាលោក កៃនុម៉ា នៅចាំពេលដែលលោកទៅផ្ទះរបស់ខ្ញុំ ដើម្បីសុំការគាំទ្រ និងបញ្ជាក់ ហើយក្រោយមកខ្ញុំក៏ត្រូវជួបជាមួយនឹងក្រុមហ៊ុនមួយទៀត ក៏និយាយភាសាដូចគ្នា។ តើខ្ញុំ(បាន)និយាយអ្វីទៅ? ដែលខ្ញុំចង់និយាយ ហើយរឿងនេះ វាទាក់ទងជាមួយនឹងជីវិតរបស់កម្មករ ដែលមានការងារធ្វើ និងទាក់ទងជាមួយនឹងមាតាបិតាដែលទទួលបាននូវប្រាក់បញ្ញើមិនតិចជាង ១០០ ដុល្លារសហរដ្ឋអាមេរិក(ក្នុងមួយខែ) បើតាមខ្ញុំដើរមកអម្បាញ់មិញសួរ លើកលែងតែក្មួយស្រីម្នាក់ផ្ញើបានត្រឹមតែ ៥០ ដុល្លារទេ ដោយសារខ្លួនត្រូវជាប់បង់ថ្លៃរៀននៅភ្នំពេញ ឆ្នាំទី ៥ នៅសាលាបច្ចេកវិទ្យា។ អញ្ចឹងចេញមកធ្វើវិស្វករបណ្ដោយ។
សម្រាប់កម្ពុជា «ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់»
ចំណុចនេះ ត្រង់ថា នៅពេលដែលលោក កៃនុម៉ា និងក្រុមហ៊ុន និងសហការីរបស់គាត់ទៅជួបជាមួយនឹងខ្ញុំ ខ្ញុំបានប្រាប់ថា សម្រាប់កម្ពុជា «ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់» ព្រោះឆ្នាំងខ្ញុំវាទទេ។ បើអញ្ចឹងមិនចាំបាច់ថា អានេះធំ ឬអានោះតូចទេ អ្នកណាមានឆន្ទៈ អ្នកនោះមកដល់មុន គឺខ្ញុំប្រគល់អោយគេធ្វើមុនហើយ។ ប្រៀបដូចជាឆ្នាំងខ្ញុំ អញ្ចឹងខ្ញុំរង់ចាំត្រីធំ វាអត់មក រួចអញ្ចឹងត្រីតូចទៅអស់បាត់ទៅ។ ធ្វើម៉េចទៅ? អញ្ចឹងនេះជាវិធីសាស្រ្តរបស់ ហ៊ុន សែន តាំងពីដើមរហូតមក ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់វាស៊ីមុនទៅ កុំចាំអាត្រីធំ ចុះបើអាត្រីធំវាអត់មក ឆ្នាំងយើងវាមិនអត់ អាហ្នឹងចំណុចទីមួយ ដែលខ្ញុំបានបញ្ជាក់។
ផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ “ទទួលបានការវិនិយោគហើយ គ្មានការដណ្តើមសិទ្ធិពីក្រុមហ៊ុនផ្សេងទេ”
ចំណុចទី ២ ខ្ញុំបញ្ជាក់ថា បើពេលនេះ រាជរដ្ឋាភិបាលមិនអនុវត្តតាមការសន្យាចំពោះក្រុមហ៊ុន មីនេបៀ ក្រុមហ៊ុនដទៃទៀតក៏ទទួលនូវភ័ព្វសំណាងដូចគ្នា។ ក្រុមហ៊ុនដែលមកក្រោយនោះ ដែលខ្ញុំ(បាន)ពន្យល់ គាត់ក៏គោរពនូវការនិយាយរបស់ខ្ញុំ។ ខ្ញុំថា ឯកឧត្តម លោកប្រធាន បើសិនជាខ្ញុំបំពានការសម្រេចដែលផ្ដល់អោយក្រុមហ៊ុន មីនេបៀ នូវការផ្ដាច់មុខ ៥ ឆ្នាំ ហើយបែរជាដកសិទ្ធិគេវិញ សំណាងរបស់លោកក៏ដូចក្រុមហ៊ុន មីនេបៀ ដែរ។ រឿងនេះ មិនមែនទើបនឹងកើតរឿងថ្មីទេ។ រឿងនេះ កើតតាំងពីឆ្នាំ ១៩៩៥ ឯណោះ។ ដោយសារតែពេលនោះ មានអ្នកអោយវិនិយោគហើយ បែរជាហៅអោយអ្នកដទៃអោយមកវិនិយោគកន្លែងដដែល។ ប៉ុន្តែ ហ៊ុន សែន ធ្វើនយោបាយប្រាកដនិយម មិនមែនគ្រាន់តែជាបញ្ហានយោបាយទេ បញ្ហាស្អីក៏ដោយត្រូវមានជំនឿទុកចិត្តមួយអោយច្បាស់។ ដូចជាក្រុមហ៊ុន មីនេបៀ ហ៊ានបោះទុន។
ពេលនោះ ខ្ញុំចង់និយាយថា ស្ទើរតែរលូតទៅហើយកូនមួយនេះ។ គ្រាន់តែចាប់ផ្ដើម ឯកឧត្តម គាត ឈន់ ប្រជុំសម្រេចអីហើយ មកបញ្ជូនដល់ខ្ញុំ សម្រេចចុងក្រោយ។ ដល់សម្រេចចុងក្រោយហើយ ស្រាប់តែមានសំណើមួយសុំស្ទាក់ក្រុមហ៊ុន មីនេបៀ សិន ដើម្បីរង់ចាំអាធំ។ ប៉ុន្តែ មិនមែនសំណើរបស់យើងទេ គឺសំណើពីភាគីបរទេសនោះទៅវិញ ដែលខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះ។ អញ្ចឹងលោក កៃនុម៉ា នៅចាំដែលទៅជួបខ្ញុំនៅផ្ទះវិមានឯករាជ្យ។ គោលការណ៍របស់ខ្ញុំមានតែពីរហ្នឹងទេ និយាយពន្យល់អ្នកវិនិយោគ៖ ទីមួយ អ្នកណាមកមុន ត្រូវផ្ដល់អោយគេមុន កុំរង់ចាំអាធំ អាតូចស្អី។ ឯទីពីរ យើងត្រូវអោយគេមានជំនឿទុកចិត្ត បើគេវិនិយោគហើយ ត្រូវទទួលបានការវិនិយោគ។ ខ្ញុំគ្រាន់តែដាស់តឿនទេ បើគេបំពានលើក្រុមហ៊ុន មីនេបៀ បាន គេក៏អាចបំពានលើក្រុមហ៊ុនដែលដណ្ដើមសិទ្ធិពីក្រុមហ៊ុន មីនេបៀ ដែរ ត្រូវយល់អោយច្បាស់ត្រង់កន្លែងហ្នឹង។
អញ្ចឹង ចំណុចនេះ អាចបញ្ជាក់ប្រាប់ក្មួយៗថា រឿងការងារក្មួយៗនេះ វាចាប់ផ្ដើមរអាក់រអួលតាំងពីដំបូង ប៉ុន្តែដោយសារមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ម្ខាងផ្នែករាជរដ្ឋាភិបាល និងម្ខាងទៀតក្រុមហ៊ុន បានចាប់ដៃគ្នាបង្កើតស្ថានភាពមួយ ៥ ឆ្នាំមុន ដូចជាទារក ដែលខ្ញុំធ្វើឆ្មបបង្កើតវា។ ប៉ុន្តែ ឥឡូវ ទារកនេះ វាមានសុខភាពល្អណាស់ កើនតាំងពី ២៣ លានដុល្លារសហរដ្ឋអាមេរិក ឡើងជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក ទៅហើយ នេះដោយសារអ្វី? ដោយសារការជឿជាក់លើស្ថេរភាពលើនយោបាយ និងការអភិវឌ្ឍប្រទេស ឯម្ខាងទៀតទៅលើការសម្រេចចិត្តនានា ដែលរាជរដ្ឋាភិបាលបានធ្វើ សម្រាប់ការទ្រទ្រង់ឲ្យក្រុមហ៊ុនមួយនេះអភិវឌ្ឍ។ ដូចជាអម្បាញ់មិញ លោក កៃនុម៉ា បានលើកឡើងហើយ។
កម្ពុជាគ្មានការរើសអើង ចំពោះក្រុមហ៊ុនវិនិយោគពីបរទេស
ថ្ងៃនេះ អាទិត្យនេះ ខ្ញុំបានមកកន្លែងនេះ ២ ដង កាលពីថ្ងៃទី ៦ កន្លងទៅ ខ្ញុំបានមកក្រុមហ៊ុន កូកា កូឡា របស់អាមេរិកថ្ងៃនេះមកក្រុមហ៊ុន មីនេបៀរ គឺក្រុមហ៊ុនរបស់ជប៉ុន។ កាន់តែបញ្ជាក់ជូនសារច្បាស់លាស់ថាកម្ពុជាគ្មានការរើសអៀងណាមួយចំពោះក្រុមហ៊ុន ឬការវិនិយោគមកពីបរទេសទេ។ ប្រព្រឹត្តកម្មស្មើគ្នា ហើយអ្វីដែលជាចំនុចល្អមួយទៀត ក្រុមហ៊ុននេះមិនតម្រូវអោយមានភាគហ៊ុនណាមួយរបស់ម្ចាស់ស្រុកទេ គឺអ្នកវិនិយោគ ១០០ ភាគរយមក មិនចាំបាច់ថាត្រូវមានវិនិយោគ ៥ ភាគរយ ឬ ១០ ភាគរយ នៃម្ចាស់ហ៊ុនក្នុងស្រុកទេ។ ខ្ញុំទៅទីក្រុងតូក្យូ ខ្ញុំអរគុណលោក កៃនុម៉ា និងលោកស្រី ដែលបានអញ្ជើញប្រតិភូយើងខ្ញុំទៅទទួលទានអាហារ ការទទួលទានអាហារនោះមិនមែនជាការសូកប៉ាន់នោះទេ ក៏ប៉ុន្តែយើងបានទទួលអាហារនៅទីក្រុងតូក្យូជាមួយគ្នា ដើម្បីពិគ្រោះពិភាក្សាទាក់ទិនកិច្ចការទាំងឡាយ។ ខ្ញុំចង់ដឹងថា អស់លោកមានការលំបាកអីស្រួលអី ហើយតាមរយៈនោះ កិច្ចសម្រួលពាណិជ្ជកម្មមួយចំនួន រាប់ទាំងបញ្ហាអគ្គិសនីដែលត្រូវបានផ្តល់អោយរោងចក្រនេះ។
ដូច្នោះ ទាំងនេះជាចំណុចដែលតភ្ជាប់។ ខ្ញុំសប្បាយណាស់ ដែលលោក កៃនុម៉ា បានលើកនៅក្នុងឃ្លាមួយ ហើយរឿងវាទៅអញ្ចឹងមែន «ផលិតផលដែលអ្នកទាំងអស់គ្នាផលិត នឹងត្រូវបាននាំចេញពីកម្ពុជា ហើយ អ្នក ទាំងអស់គ្នានឹងចូលរួមក្នុងការអភិវឌ្ឍប្រទេសរបស់អ្នកបានផងដែរ។ ខ្ញុំគិតថា ស្ថានភាពការងាររបស់អ្នកមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកទាំងអស់គ្នាអាចផ្ញើលុយទៅឪពុកម្តាយរបស់អ្នក ជួយឧបត្ថម្ភគ្រួសាររបស់អ្នក ជួសជុលផ្ទះរបស់អ្នក ព្រមទាំងអាចធ្វើអ្វីផ្សេងៗទៀតបានបានជាច្រើន»។ ចំណុចនេះ មិនមែនត្រឹមតែជួសជុលផ្ទះទេ បើមួយខែមួយរយដុល្លារយ៉ាងតិច គាត់អាចកសាងផ្ទះថ្មីនៅឯជនបទ។ អរគុណណាស់ដែលក្រុមហ៊ុន មីនេបៀ បានអញ្ជើញក្រុមគ្រួសារអោយមកឃើញកូនចៅរបស់ខ្លួនធ្វើការនៅទីនេះ។
សងបំណុលចាស់ ទើបជប៉ុនអោយខ្ចីថ្មីទៀត
មានអ្នកខ្លះគេថា ទាល់តែពួកគេកាន់អំណាចទើបមានក្រុមហ៊ុនជប៉ុនមកវិនិយោគ ទាល់តែគេកាន់អំណាច ទើបមានក្រុមហ៊ុនអាមេរិកមកវិនិយោគ ទាល់តែគេកាន់អំណាចទើបមានក្រុមហ៊ុនបារាំងមកវិនិយោគ។ ហើយមានអ្នកខ្លះបោកខ្ញុំដល់ទៅប៉ុណ្ណេះទៀត ថាទាល់តែគេធ្វើប្រធានធនាគារជាតិ ទើបជប៉ុនអោយខ្ចីលុយ។ បានខ្ញុំថាទេ ខ្ញុំក៏ជាអ្នកស្គាល់ជប៉ុនច្បាស់ដែរ ដូចជាមិនចាំបាច់អ្នកឯងធ្វើប្រធានធនាគារបានជប៉ុនអោយខ្ចីលុយទេ។ រឿងដែលជប៉ុនមិនទាន់អោយខ្ចីលុយដោយសារអី? កាលពីមុន ពេលដែលជប៉ុនឲ្យខ្ចីលុយ … មូលហេតុអ្វីទៅ? ដោយបំណុលចាស់មិនទាន់បានដោះស្រាយ។ ព្រោះជាគោលការណ៍របស់ជប៉ុន បើកាលណាបំណុលចាស់មិនទាន់ដោះស្រាយទេ បំណុលថ្មីមិនត្រូវបានអោយខ្ចីទេ។ បំណុលចាស់មានតាំងពីទសវត្សរ៍ ៦០, តាំងពីទសវត្សរ៍ ៧០ អញ្ចឹងទេ វាគរទុកអោយរាជរដ្ឋាភិបាលថ្មីដោះស្រាយ។
ប៉ុន្តែជប៉ុនមានវិធីដោះស្រាយមួយដ៏ល្អ។ ដើម្បីសងបំណុលជប៉ុនបាន ជប៉ុនអោយទំនិញមកកម្ពុជាយកមកលក់ ដល់លក់បានហើយ គឺយកអាហ្នឹងទៅសងជប៉ុន ដល់តែសងជប៉ុន ជប៉ុនអត់យកអាហ្នឹងទៅស្រុក យកអាហ្នឹងមកជួយខ្មែរទៀត។ ដល់សងលុយជប៉ុនរួចហើយ ជប៉ុនអោយខ្ចីលុយ(ទៀត)។ មានអី? ប៉ុន្តែ មានអ្នកបោកខ្ញុំគឺថា គាត់ធ្វើប្រធានធនាគារទើបជប៉ុនអោយខ្ចីលុយ។ ហ៊ុន សែន មិនចេះបោកគេទេ ក៏ប៉ុន្តែ មិនតម្រូវអោយគេបោក ហ៊ុន សែន បានដែរ។ ហើយខ្ញុំក៏មិនទៅបោកអ្នកណាទេ ហើយសុំសួរទៅ ឥឡូវ ក្រុមហ៊ុនបារាំងវិនិយោគនៅព្រលានយន្តហោះពោធិ៍ចិនតុងក្បែរនេះ ជប៉ុនវិនិយោគនៅក្បែរនេះ អាមេរិកវិនិយោគនៅត្រង់នេះ ហើយនៅមានក្រុមហ៊ុនដទៃទៀតយ៉ាងច្រើន អញ្ចឹងវាអត់មានការចាំបាច់ថាទាល់តែអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាចបានគេមកទេ សំខាន់បំផុតសភាពការណ៍ប្រទេសរបស់យើង តើផ្តល់លទ្ធភាពអោយគេវិនិយោគឬអត់។
ក្រុមហ៊ុន មីនេបៀ ជាក្រុមហ៊ុនផលិតម៉ូទ័រ មិនមែនផលិតស្រាបៀរទេ
ខ្ញុំពិតជាមានការសប្បាយរីករាយដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុន មីនេបៀ ហើយក៏សូម បញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើងឲ្យបានច្បាស់ដែរ កុំថាឃើញបៀៗ ស្រាប់តែថាអាហ្នឹងក្រុមហ៊ុនផលិតប៊ីយ៉ែរ ព្រោះអញ្ចេះ នៅស្រុកយើងគេហៅ បៀរហ្នឹងៗ ប៊ីយ៉ែ ដល់ឮសូរ មីនេបៀ ថាអានេះក្រុមហ៊ុនលក់ប៊ីយ៉ែរ មិនមែនទេ។ ជាក្រុមហ៊ុនផលិតម៉ូទ័រ និងផលិតប្រដាប់ប្រដាផ្សេងទៀតទាក់ទងនឹងបច្ចេកវិទ្យាជាន់ខ្ពស់។ ហើយមួយទៀត កុំថា ម៉ូទ័រហ្នឹងគ្រាន់តែជាម៉ូទ័របូមទឹក … ដំបូងខ្ញុំច្រឡំដែរ ខ្ញុំស្មានតែអាហ្នឹងម៉ូទ័របូមទឹកខ្នាតតូចអាចបូមដាក់ស្រែ ដល់ម៉ូទ័រនៅទីនេះ នៅក្នុងនាឡិកាដៃក៏មានម៉ូទ័រ នៅក្នុងទូរស័ព្ទក៏មានម៉ូទ័រ នៅក្នុងស្អីក៏មានម៉ូទ័រដែរ ម៉ូទ័រច្រើនណាស់ មានអាធំ មានអាតូច រហូតដល់ម៉ូទ័រយន្តហោះ ម៉ូទ័រស្អីៗនោះច្រើន។
ធ្វើការឲ្យបានល្អ ក្រុមហ៊ុនចំណេញ ឡើងប្រាក់ខែ
នេះហើយជានយោបាយថ្មី លើវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលកម្ពុជាត្រូវការជំរុញការអភិវឌ្ឍថែមទៀត ហើយសង្ឃឹមថា ក្មួយៗធ្វើការឲ្យបានល្អ តែកាលណាធ្វើការបានល្អ ក្រុមហ៊ុនចំណេញ ក្រុមហ៊ុននឹងតម្លើងប្រាក់ខែឲ្យ។ ក្មួយៗកុំភ្លេចផ្ញើទៅឲ្យ ឪពុកម្តាយផង។ ថ្ងៃនេះបានជួបក្រុមគ្រួសារ បានសួរកម្មករផងថាបានផ្ញើទៅទេ? បានផ្ញើ។ ងាកទៅខាងឪពុក ម្តាយថា បាន ១០០ ដុល្លារ ខ្លះបាន ១៥០ ដុល្លារ ខ្លះបាន ២០០ ដុល្លារឯណោះ។ អញ្ចឹងទេ វាមិនមែនគ្រាន់តែកម្មករប៉ុន្មានពាន់នាក់នៅទីនេះទេ ក៏ប៉ុន្តែវាមានទាក់ទងជាមួយឪពុកម្តាយ ក្រុមគ្រួសារ នៅជនបទ។ យើងគឺជាគ្រួសារ កូននៅក្នុងគ្រួសារមានឪពុកម្តាយ មានចំណែកជួយពួកគាត់។ ឯក្រុមគ្រួសារជាឪពុកម្តាយ ក៏មានចំណែកដើម្បីអប់រំកូនចៅនៅឯទីក្រុងភ្នំពេញឲ្យធ្វើការបានល្អដែរ ដើម្បីជៀសវាងការប្រព្រឹត្តណាមួយ ដែលមិនត្រឹមត្រូវ ជាពិសេស ទាក់ទងនឹងភាពទំនើង ឬក៏ទាក់ទងជាមួយនឹងបញ្ហាគ្រឿងញៀនជាដើម។
គ្មាននរណាមកសូក ហ៊ុន សែន ដើម្បីបានវិនិយោគនោះទេ
ខ្ញុំព្រះករុណាខ្ញុំ សប្បាយណាស់ ហើយអរគុណការរាប់អាននានាដែលលោក កៃនុម៉ា បានធ្វើឲ្យ។ ថ្ងៃនេះ មិនដឹងថាកូនស្រីខ្ញុំមកឬអត់? ល្ងាចបានមក។ លោក កៃនុម៉ា និងភរិយា និងកូនស្រីរបស់ខ្ញុំទាំងពីរគេរាប់អានគ្នា ប៉ុន្តែចាំសួរបារាំង សួរអាមេរិក សួរជប៉ុននៅនេះស្រាប់ហើយ គេថា ពុករលួយៗហ្នឹង លោក កៃនុម៉ា បានសូកខ្ញុំប៉ុន្មាន ដើម្បីនឹងធ្វើរោងចក្រហ្នឹង? ព្រោះគេនិយាយស្អីឡើង ពុករលួយៗ ឥឡូវជាក់ស្តែងមកសួរ ថ្ងៃមុនទៅសួរក្រុមហ៊ុន កូកា កូឡា បង់ឲ្យខ្ញុំប៉ុន្មាន ទើបបានពង្រីករោងចក្រអាធំនេះ។ ហើយលោក កៃនុម៉ា បានបង់ឲ្យខ្ញុំប៉ុន្មានដើម្បីបានជារោងចក្រ? ហើយក្រុមហ៊ុនបារាំងបានបង់ឲ្យខ្ញុំប៉ុន្មាន ដើម្បីវិនិយោគ? ដើម្បីពត៌មានខ្លះគឺជាពត៌មានមិនពិត ពត៌មានបង្កើតរឿង ប៉ុន្តែនៅកម្ពុជាឆ្កែចេះតែព្រុស មនុស្សចេះតែដើរ និយាយឲ្យវាពិតអញ្ចេះចុះ លើការជាក់ស្តែងអ្នកឯងថាទៅៗ ប៉ុន្តែក្រុមហ៊ុនជប៉ុននៅតែវិនិយោគ។ គេថា ស្រុកខ្មែរអាក្រក់ណាស់ ប៉ុន្តែលោក កៃនុម៉ា នៅតែវិនិយោគ។
នេះគ្រាន់តែជាដំណាក់កាលមួយរំលឹកខួប ៥ ឆ្នាំទេ លោកត្រូវឈានទៅដល់រំលឹកខួប ១០០ ឆ្នាំនោះ។ ពេលហ្នឹងខ្ញុំស្លាប់ទៅ ហើយខ្ញុំកើតមកវិញ ខ្ញុំនឹងមកចូលរួម តែពេលហ្នឹងប្រហែលជាជាតិក្រោយមិនមែននាយករដ្ឋមន្ត្រីទេ ជួនកាល អាចក្លាយទៅជាកម្មករនៅរោងចក្រ មីនេបៀ ព្រោះអាហ្នឹងវាអញ្ចឹង បើសិនជាមានជំនឿលើការចាប់ជាតិ …។ ថ្ងៃនេះ ជួបជុំគ្នា ក្មួយៗធ្វើការឲ្យល្អ ជាមួយនឹងការយកចិត្តទុកដាក់របស់រោងចក្រ ហើយសង្ឃឹមថា ស្ថាប័ននានា ហើយជាពិសេសឯកឧត្តម សុខ ចិន្តា តាមមើលតំបន់សេដ្ឋកិច្ចពិសេស ហើយក្រុមហ៊ុនមួយនេះ ខ្ញុំបន្ទុកបណ្តាក់យ៉ាងច្រើនជាមួយឯកឧត្តម សុខ ចិន្តា នឹងដំណើរការឲ្យបានល្អ ព្រោះខ្ញុំមិនចង់អ្នកណាមួយមកដល់ស្រុកខ្មែរហើយ ដករោងចក្រទៅវិញ ដោយនិយាយថាកម្ពុជាអាក្រក់ទេ។ ខ្ញុំចង់ឲ្យគេមកហើយ គឺគេបន្ថែមទុននៅហ្នឹង។ គេមានប្រាក់ចំណេញហើយ គេពង្រីករោងចក្ររបស់គេនៅហ្នឹង ដើម្បីបង្កើតការងារធ្វើ និងមានផលិតផលរបស់យើងនាំចេញទៅបរទេស ហើយផលិតផលដែលយើងនាំចេញ គឺសមត្ថភាពនៃរោងចក្រពិភពលោក។
ជើងហោះហើរត្រង់របស់ជប៉ុន/សម្រួលទិដ្ឋាការសម្រាប់វិនិយោគិន បោះត្រាម្តងប្រើបានដល់ ៣ ឆ្នាំ
យន្តហោះចុះមួយទៀតហើយ … កាលពីសម័យមុន មួយអាទិត្យចុះម្តង តែឥឡូវប៉ុន្មាននាទីចុះមួយហើយ។ សៀមរាបចុះច្រើនជាងហ្នឹងទៀត។ អោយវាទៅសិនទៅ ព្រោះយើងនៅចំផ្លូវហោះរបស់វា។ គ្រាន់តែថាកាលពីសម័យមុនហ្នឹង មួយអាទិត្យទើបចុះម្តង អាហ្នឹង Aeroflot ពី Moscow មួយអាទិត្យចុះម្តង ឥឡូវប៉ុន្មាននាទីចុះមួយ ហើយសៀមរាបចុះច្រើនជាងគេ។ ប៉ុន្តែ ឥឡូវកាន់តែងាយស្រួល សម្រាប់ការធ្វើដំណើរទៅជប៉ុន ជាមួយនឹង ជើងហោះហើររវាងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ជាមួយ ណារីតា តូក្យូ ផ្តល់ឱកាសសម្រួលឲ្យអ្នកវិនិយោគរបស់ជប៉ុន និងទេសចរជប៉ុន បូកជាមួយទិដ្ឋាការរយៈពេលវែង និងចេញចូលបានពេលវែង និតិពោធិ៍ចិនតុង ជាមួយ ច្រើនដង គឺស្រួលសម្រាប់អ្នកវិនិយោគជប៉ុន និងទេសចរជប៉ុន។ ប៉ុន្តែ ថ្ងៃមុន យើងបានសម្រេចឲ្យកូរ៉េ និងចិន ៣ ឆ្នាំ។ ឥឡូវអ្នកវិនិយោគជប៉ុន ដែលកាន់លិខិតឆ្លងដែនធម្មតា ក៏ត្រូវទទួលពិពិធកម្មដូចគ្នា ប៉ុន្តែ ជប៉ុន បានធ្វើតាំងពី ២០១៣។ ធ្វើមុនគេ។ ប្រសិនបើធ្វើបានទើបតែមួយឆ្នាំ ឬ ២ ឆ្នាំ ឥឡូវបន្ថែមឲ្យ ៣ ឆ្នាំ ដូចគ្នា។ អញ្ចឹងទេ អ្នកវិនិយោគជប៉ុនគាត់ប្រើវីសា បោះត្រាតែម្តងគាត់ប្រើ ៣ ឆ្នាំ។ អញ្ចឹងវាកាន់តែស្រួល ហើយថែមទាំងមានជើងហោះហើរ ណារីតា … ខ្ញុំក៏ត្រៀមទៅជប៉ុនដែរ។ ទៅធ្វើអី? ទៅធ្វើគ្រាប់ភ្នែកហ្នឹង។ ក្មួយៗ អើយ ភ្នែករបស់ពូម្ខាងនេះភ្នែកជប៉ុនទេ សិប្បនិមិត្តទេ ដោយសារសង្រ្គាម ប៉ុន្តែ គេមើលមិនដឹងទេ។
កុំមើលងាយជនពិការ
ជប៉ុនគាត់ពូកែធ្វើភ្នែកណាស់ ប៉ុន្តែ មានអ្នកខ្លះគេថាលោក ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយ ដោយសារតែពាក់កែវភ្នែកជប៉ុន។ ថាអីថាទៅ ប៉ុន្តែមានអ្នកខ្លះជេរខ្ញុំ អាខ្វាក់។ នែ! អារឿងហ្នឹង ទើបនឹងតែថ្ងៃមុន ខ្ញុំអត់បាននិយាយកន្លែងជនពិការ ក៏ប៉ុន្តែនេះជាអំពើអគុណធម៌ សូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះអង្គក៏មានពិការព្រះនេត្រម្ខាងដែរ។ ដូច្នេះ ហ៊ុន សែន ពិការភ្នែកម្ខាងដោយសារបុព្វហេតុជាតិ និងប្រជាជន គឺគ្មានអីចម្លែកទេ ហើយមិនមានជាលក្ខខណ្ឌដែលមិនអាចធ្វើនាយករដ្ឋមន្រ្តីបានទេ។ អតីតប្រធានាធិបតីឥណ្ឌូនេស៊ី វ៉ាហ៊ីឌ គាត់ពិការភ្នែកទាំងពីរ គាត់អាចជាប់ជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេ នៅក្នុងតំបន់អាស៊ានផង។ អញ្ចឹង សូមកុំមើលស្រាលជនពិការ។ អរគុណណាស់លោកប្រធានក្រុមហ៊ុន អម្បាញ់មិញជួបដល់ ៧ នាក់ ឯណោះ សុទ្ធតែមានផ្ទៃពោះ។ ទេ! ត្រូវហើយ អាហ្នឹងជីវិតវាអញ្ចឹង ជួប ៧ នាក់ ខ្លះត្រូវឆ្លងទន្លេខែ ១២ នេះ ខំថ្ងៃហ្នឹងមកស្វាគមន៍ដែរ ខ្លះខែ ១ ខ្លះខែ ២ សុទ្ធតែដឹងហើយ។ ខ្លះមានកូនប្រុស ខ្លះមានកូនស្រី។ ខ្ញុំជួប ៧ នាក់អម្បាញ់មិញហ្នឹង បានមកស្វាគមន៍ដែរ។ អាហ្នឹងតែដល់គូ វាត្រូវតែអញ្ចឹងហើយក្មួយធ្វើម៉េច។ ឥឡូវធ្លាក់ខ្យល់ពីជើងទៀត មិនមែនត្រឹមតែបាសកទេណា ព្រះសង្ឃក៏សឹកយកប្រពន្ធដែរ និយាយឲ្យត្រង់ៗ ជាមួយគ្នាទៅ។
ភាពផ្សារភ្ជាប់គ្នារវាងឧស្សាហកម្ម និងកសិកម្ម
ថ្ងៃនេះ ក៏មានក្រុមគ្រួសាររបស់កម្មករ កម្មការិនី សុំផ្តាំសួរសុខទុក្ខពីចម្ងាយ តាមរយៈក្រុមគ្រួសារទាំងនោះ ទៅដល់បងប្អូននៅតាមភូមិឃុំនានា ដែលមិនបានមកដល់ទីនេះ ផ្តាំសួរសុខទុកផង។ ឥឡូវក៏ចំរដូវប្រមូលផលស្រូវផងដែរ។ តំបន់ដែលត្រូវបង្កបង្កើនផលតាមមាត់ទន្លេ ក៏ត្រូវកំពុងបង្កបង្កើនផល។ យើងធ្វើទាំងកសិកម្ម ក្មួយៗ (បំរើការក្នុងវិស័យឧស្សាហកម្ម) នៅទីនេះ កំពុងតែផ្សារភ្ជាប់គ្នាខ្លាំងណាស់។ ចេញពីកសិករ មកធ្វើជាកម្មករ។ គ្រួសាររបស់យើង បច្ចុប្បន្នក្នុងឋានៈជាប្រទេសដែលកំពុងរីកលូតលាស់ កំពុងតែផ្សារភ្ជាប់ ជើងម្ខាងនៅខាងឧស្សាហកម្ម ជើងម្ខាងនៅខាងកសិកម្ម តាមរយៈនៃការដែលក្រុមគ្រួសារនៅបន្តការងារស្រែចម្ការជាកសិករ ហើយចែករំលែកកូនរបស់ខ្លួនមកធ្វើជាកម្មករ ដែលទទួលបានបៀវត្សរ៍ ហើយផ្ញើជូនទៅ ហើយគ្រួសារដែលធ្វើស្រែចម្ការ។ ឆ្នាំនេះ អត្រានៃការភ្ជួររាស់ដោយគោក្របី មានត្រឹមតែជាង ៨ ភាគរយ ក្រៅពីនោះភ្ជួររាស់ដោយគ្រឿងយន្តទាំងអស់។ ក្នុងចំណោមហ្នឹងពិតជាមានក្រុមគ្រួសាររបស់កម្មករ កម្មការិនីយើងហើយ ដែលផ្ញើលុយទៅឲ្យឪពុកម្តាយ ឪពុកម្តាយបានប្រើប្រាស់លុយនោះទៅជួលគ្រឿងយន្តកសិកម្ម ដើម្បីភ្ជួររាស់ផងដែរ។ អញ្ចឹងទំនាក់ទំនងនេះ វាស្អិតរមួតខ្លាំងណាស់។
ខ្ញុំព្រះករុណាខ្ញុំនៅចាំបានថា ឆ្នាំ ២០០៨ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលបានមកដល់ ពេលនោះ រោងចក្រមួយចំនួនបិទទ្វារ ឯកឧត្តម គាត ឈន់ បានប្រឹងប្រែងក្នុងពេលនោះ ស្រវាស្រទេញដើម្បីបង្កើតមូលនិធិពិសេសមួយ សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប៉ុន្តែ ដោយសារតែយើងមិនទាន់ដូចប្រទេសឧស្សាហកម្ម ដែលមួយគ្រួសារសុទ្ធតែជាកម្មករ យើងបានដោះស្រាយបញ្ហាមួយចំនួន នៅពេលដែលកម្មករអត់មានការងារធ្វើ នៅពេលដែលរោងចក្រត្រូវបិទ។ កម្មករទាំងនោះបានវិលត្រឡប់ទៅធ្វើស្រែចំការជាមួយឪពុកម្តាយវិញ ក៏បានទទួលដោះស្រាយបញ្ហាមួយផ្នែក អំពីការបាត់បង់អាជីពរបស់កម្មករ ដោយកម្លាំងពលកម្មដែលធ្លាប់ធ្វើការតាមរោងចក្រ ដែលត្រូវបានបិទនេះ ក៏ទៅជួយពលកម្មទៅលើវិស័យកសិកម្មវិញ។ អម្បាញ់មិញ ខ្ញុំបាននិយាយថា សូមឲ្យយកចិត្តទុកដាក់ថែទាំទៅលើរោងចក្រសហគ្រាស មិនមែនគ្រាន់តែកន្លែងនេះទេ កន្លែងដទៃក៏ដូចគ្នាដែរ កាលណារោងចក្រត្រូវបិទ កម្មករគឺជាជនរងគ្រោះមុនគេ។
ដូច្នេះ កុំលង់ទៅដោយការញុះញង់របស់ក្រុមនេះ ក្រុមនោះ អ្នកនេះ ឬអ្នកនោះ បង្កឲ្យមានបញ្ហា រហូតទៅដល់គេដករោងចក្រចេញពីស្រុកខ្មែរ ហើយទីចុងបំផុត យើងធ្លាប់ទទួលបានប្រាក់ខែ ១៥០ (ដុល្លារ) ២០០ (ដុល្លារ) ឬ ៣០០ (ដុល្លារ) បែរទៅជាទទេ ហើយត្រូវវិលត្រឡប់ទៅជួយធ្វើស្រែចំការវិញ។ អញ្ចឹង ត្រូវខិតខំចៀសវាងនូវអំពើណាមួយដែលវានាំទៅដល់ការខាតបង់ទាំងអស់គ្នា។ រវាងរោងចក្រ និងកម្មករ ត្រូវមានទំនាក់ទំនងគ្នាបេះមិនដាច់ ដូចជាគ្រួសារតែមួយអញ្ចឹង។ បំពេញឲ្យគ្នា។ មានតែរោងចក្រ អត់កម្មករ ក៏គ្មានន័យអីដែរ មានកម្មករ មានកម្លាំងពលកម្ម តែអត់រោងចក្រ ក៏អត់មានន័យអីដែរ។ ដូច្នេះ ទំនាក់ទំនងនេះសំខាន់ណាស់ ហើយរាជរដ្ឋាភិបាល ដឹកនាំដោយពូ បន្តការខិតខំទាញមកនូវវិនិយោគិនថ្មីៗ ឯអ្នកវិនិយោគចាស់ដែលមាន ខិតខំការសម្រួលនានា ដើម្បីការផលិតកាន់តែមានផលចំណេញ ហើយផលចំណេញនេះគឺធ្លាក់បានកម្រៃដល់កម្មករ ដូចជា ការចុះបន្ថែមទៅលើតម្លៃអគ្គិសនី សម្រាប់ការផលិតនោះហើយ ដែលវាជាផ្នែកនៃប្រាក់ចំណេញរបស់រោងចក្រសហគ្រាស ហើយដែលនឹងនាំទៅដល់ការបង្កើនបៀវត្សរ៍។ នេះជាការខិតខំរបស់រាជរដ្ឋាភិបាល។
ចរិត ហ៊ុន សែន៖ បើមានគំនាប គឹមិនធ្វើទៅវិញទេ
ថ្ងៃនេះ ខ្ញុំមិនបន្តទេ ដោយសារថ្ងៃមុន មកទីនេះ និយាយក៏ច្រើនហើយ។ បន្ទាប់មួយថ្ងៃទៅ និយាយក៏ច្រើន ម្សិលមិញ អត់បាននិយាយទេ ទៅអង្គុយ។ ប៉ុន្តែ ក៏បានការងារច្រើនដែរ ព្រោះអាចជាសារនយោបាយមួយប្រាប់ថា កម្ពុជាចេះដោះស្រាយបញ្ហារបស់គេ ហើយកុំនិយាយជាមួយឲ្យសោះ អាគាបសង្កត់ ឬមិនគាបសង្កត់អី។ កុំនិយាយ។ ដូចដែលខ្ញុំបានប្រាប់ ឯកឧត្តម អគ្គរដ្ឋទូត ថា ប៉ុន្មានម៉ោងទៀត នឹងមានរឿងកើតឡើងល្អៗ តែឯកឧត្តមកុំអាលនិយាយ។ ម្សិលមិញ ឯកឧត្តមកំពុងតែជួបដៃគូ ដែលខ្ញុំផ្ញើ Whatsapp ទៅ គាត់អត់បើកមើល។ ទូរស័ព្ទខ្ញុំជួបមិនបាន។ អញ្ចឹងគាត់ហៅមកថា កំពុងនៅជាមួយឯកឧត្តម។ អញ្ចឹងទេ នេះជាសារមួយប្រាប់ថា កម្ពុជាចេះដោះស្រាយបញ្ហារបស់គេ ហើយកុំមកគាបសង្កត់ ព្រោះគាបសង្កត់ហ្នឹងអត់បានការទេ។ ហ៊ុន សែន មានចរិតខុសគេ បើអ្នកឯងគាប ខ្ញុំដេកធ្វើមិនដឹង។ មនុស្សម្នាក់នេះកុំគាបឲ្យសោះ តែគាបគឺអត់បាន។ ប៉ុន្តែ ស្រាប់ទៅដល់សភាពការណ៍ស្ងាត់ៗ សកម្មភាពតែប៉ុន្មានម៉ោងចប់សេចក្តី។
ម្សិលមិញ គេនិយាយគ្នាមួយស្រួលទៅទៀត ប៉ុន្តែ កុំប្រើពាក្យ International Pressure។ បើប្រើ ដេកទៀត។ បើថានិយាយស្រួល (ខ្ញុំ)ស្ងាត់ស្ងៀម នឹងធ្វើ។ ចំណុចខ្ញុំវាខុសគេកន្លែងហ្នឹង ចាំចរិតខ្ញុំឲ្យច្បាស់។ បើនិយាយថា ធ្វើហ្នឹង ដោយសារមានការគាបអញ្ចេះ គាបអញ្ចុះ អាហ្នឹងអត់ផ្លូវទេ។ ហើយកុំនិយាយអីទៀត និយាយតែពីរឿងទាក់ទិននឹងបញ្ហាខិតខំរួមគ្នា ដើម្បីកសាងទឹកដីកម្សត់របស់យើង ឲ្យទៅជាទឹកដីដែលមានការអភិវឌ្ឍ។ យើងរងគ្រោះច្រើនណាស់ហើយ សោកនាដកម្មច្រើនណាស់ហើយ វាលើសពីការគ្រប់គ្រាន់របស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាព (ព្រោះ)គ្មានសន្តិភាពមិនអាចអភិវឌ្ឍបានទេ។ កុំបង្កជម្លោះ កុំបង្កើតបញ្ហា ហើយខិតខំទាក់ទាញវិនិយោគទុន តាមរយៈនូវការសម្រួលទាំងឡាយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង ទាំងទន់។ អារឹង គឺទាក់ទិននឹងបញ្ហាប្រព័ន្ធផ្លូវថ្នល់ ព្រលានយន្តហោះ កំពង់ផែ ឬក៏អគ្គិសនី ការផ្គត់ផ្គង់ស្អីៗនេះ។ ប៉ុន្តែ អាទន់ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ប្រព័ន្ធច្បាប់ ការសម្រួលផ្សេងៗ ដើម្បីឲ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា។
ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ បុគ្គលិក បើទោះបីថា ប្រាក់ខែច្រើនក៏ដោយ ក៏ប៉ុន្តែ ជាចំណងដៃសម្រាប់ជិតដាច់ឆ្នាំផង ៤.៦០៨ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ហើយក្មួយៗ ២ ម៉ឺនហ្នឹង បើម្តាយមក ឲ្យម្តាយតែម្តងទៅ។ សិទ្ធិរបស់យើងទេ ខ្ញុំគ្រាន់តែជួយឧបត្ថម្ភទេ។ ក្រុមតន្ត្រីសម័យថវិកា ១ លានរៀល ហើយជាមួយនឹងការអបអរសាទរនូវវឌ្ឍនភាព និងការរីកចម្រើននានា ក្នុងខួបលើកទី ៥ នៃក្រុមហ៊ុន មីនេបៀ ខ្ញុំសូមប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី កម្មករ/ការិនី និងបងប្អូនជាមាតាបិតារបស់កម្មករ/ការិនី សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ៕