ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ
ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី បងប្អូនជនពិការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់ឤន !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងឱកាសប្រារព្ធ ទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ ២០១៦ ក្រោមប្រធានបទ « ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។ ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្រប់ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន សហគ្រាស សហគមន៍ និងក្រុមគ្រួសារលើការលើកកម្ពស់សិទ្ធិ សមត្ថ ភាព ជំនាញវិជ្ជាជីវៈ ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ ។ ជា ការពិត ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើងដើម្បី រំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ ជនពិការ ប្រមាណជាង ៥ លាននាក់ ក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា កាយវិញ្ញាណ និង សតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ នៅសហរដ្ឋ ឤមេរិក និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីបញ្ហា ពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការ និងការធ្វើសមាហរណកម្ម។
ជនពិការទៅលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកឡើងវិញអំពីមហាវិនាសកម្មកើតឡើងពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបន្សល់ទុកនូវ ផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្ត្រីមេម៉ាយ កុមារកំញ្រ និងជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះរាប់ពាន់តោនសល់ពីសង្គ្រាម។ ក្រៅពីនោះ ពិធីនេះក៏បានរំឭកប្រជាជនកម្ពុជាឱ្យចាប់ឤរម្មណ៍ និងយល់ដឹងអំពីការប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត។ ជាក់ស្តែងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្នុងដំណើរការស្តារប្រទេសជាតិឡើងវិញពីគំនរផេះផង់ដោយបាតដៃទទេ ទោះជាប្រឈមមុខចំពោះការលំបាកជាច្រើនយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខុមាលភាពប្រជាជន ជាពិសេសជនពិការដែលជាជនងាយរងគ្រោះក្នុងសង្គម។ ចាប់តាំងពីឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យសង្គ្រាមស៊ីវិល កើតមានរាប់ទសវត្សរ៍នៅកម្ពុជាត្រូវបានបញ្ចប់។ ប្រទេសជាតិមានសន្តិភាពទាំងស្រុងនៅទូទាំងប្រទេស ដែលជាមូលដ្ឋានសំខាន់ ក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
ក្នុងស្មារតីនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបាននាពេលកន្លងមក ក្នុងវិស័យ ពិការភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានបង្ហាញអំពីគោលជំហររបស់រាជរដ្ឋាភិបាល ចំពោះជនពិការ ជាក់ស្តែងដូចជាការជំរុញនូវការអនុវត្តជ្រើសរើសជនពិការឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន ការអនុវត្តរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ការអនុវត្តកម្មវិធីបង្ការពិការភាពដល់ប្រជាជនគ្រប់រូប និងការផ្តល់ថ្នាំការពារជំងឺំដែលនាំឱ្យមានពិការភាព ការព្យាបាលតាមវិធីវេជ្ជសាស្ត្រ ការព្យាបាលដោយចលនា ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ដែលធ្វើឱ្យអត្រាពិការពីកំណើតត្រូវបានកាត់បន្ថយ។
រាជរដ្ឋាភិបាលបានផ្តល់ផ្ទះសម្បែង សម្លៀកបំពាក់សមរម្យ ជួយកែលម្អនូវជីវភាពរស់នៅប្រចាំថៃ្ង ដោយគ្មាន ការរើសអើង និងឈរលើមូលដ្ឋានពិការភាព។ ជាក់ស្តែងរាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិដីធ្លីជូនយោធិន ពិការនៅតំបន់អភិវឌ្ឍជនពិការ ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើឤជីវកម្ម កសិកម្មលក្ខណៈគ្រួសារ ព្រមទាំង បានផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ផងដែរ។ ក្នុងនោះដែរ សិស្សពិការគ្រប់ប្រភេទសរុបចំនួន ២២.១៣៣ នាក់ បាននិងកំពុងរៀននៅគ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង។ ក្រៅពីនេះ សិស្សពិការ ភ្នែក និងគថ្លង់ចំនួន ១.៤៣៣ នាក់ បាននិងកំពុងសិក្សានៅថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍមនុស្សគថ្លង់អង្គការគ្រួសារថ្មី។ អក្សរស្ទាប និងភាសាសញ្ញាក៏ត្រូវបានធ្វើការអភិវឌ្ឍដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។ អគារសិក្សាចំនួន ៨.២០០ បានរៀបចំឱ្យមានជំរាលសម្រាប់សិស្សពិការ ដែលបង្កលក្ខណៈងាយស្រួលដល់សិស្សពិការ ទទួលបានការសិក្សាអប់រំ រហូតដល់កម្រិតឧត្តមសិក្សា។ យុវជនពិការក៏ត្រូវបានលើកទឹកចិត្តឱ្យទៅប្រកួតប្រជែងជាសកលជាមួយយុវ ជនពិការក្នុងតំបន់ និងក្នុងពិភពលោកដោយបាននាំមកនូវមេដាយដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និង សង្គមទាំងមូលទៀតផង។
សមិទ្ធផលទាំងនេះ ជាសក្ខីភាពបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការពិការភាព ការគាំទ្រ និងលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ជំរុញឲ្យមានការដាក់បញ្ចូលបងប្អូនជនពិការទៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅជួយដល់ជនពិការ និងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរគ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើគ្នា ការចូលរួមគ្រប់សកម្មភាព ក្នុងសង្គមទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតជាដើម។ ពិតណាស់ថា ថ្វីត្បិតតែយើងសម្រេចបានគួរជាទីមោទនភាព លើវិស័យសុខុមាលភាពជនពិការក៏ដោយ ក៏បងប្អូនជនពិការនៅមានឧបសគ្គជាច្រើនទៀត ដែលយើងត្រូវតែយកចិត្តទុក ដាក់ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន ៖
១) ឧបសគ្គផ្នែកបរិស្ថានរូបវ័ន្ត៖ មិនទាន់មានការរៀបចំ បង្កលក្ខណៈងាយស្រួលសមស្របសម្រាប់ជនពិការ ចេញចូល តាមទីកន្លែងសាធារណៈរបស់រដ្ឋ និងឯកជននៅឡើយដូចជា មធ្យោបាយដឹកជញ្ជូន កន្លែងធ្វើការ ផ្លូវថ្នល់ កន្លែងលំហែកាយ គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ ។ល។ ដោយមិនទាន់មានជម្រាល ឧបករណ៍ភ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញា គំនូសសញ្ញា សម្លេងសញ្ញា ។ល។
២) ឧបសគ្គក្នុងការទំនាក់ទំនង៖ មិនទាន់បានអនុវត្តឱ្យបានខ្លាំងក្លា អំពីលទ្ធភាពដើម្បីឱ្យជនពិការភ្នែក និងជនពិការគថ្លង់ ឤចធ្វើការទំនាក់ទំនង និងទទួលបានព័ត៌មាននានាក្នុងសង្គម ព្រមទាំងទទួលបានការអប់រំ និងបណ្តុះបណ្តាលមុខជំនាញ ដោយមិនទាន់កសាងបាននូវបរិយាកាសមួយ ដែលធ្វើឱ្យបងប្អូនជនពិការ ឤចចូលរួមបានយ៉ាងពេញលេញ និងជាក់ស្តែងក្នុងដំណើរការកិច្ចការសាធារណៈដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានសិទ្ធិស្មើភាពជាមួយអ្នកដទៃ។
ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យពិការភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ខ្ញុំសូមស្នើដូចខាងក្រោម៖
ទី១) គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងឤជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយ ស្រួលចេញចូល នៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទ ដូចជាការរៀបចំចំណតយានយន្ត ពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញា នានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែង កម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។
(ចាប់ផ្តើមអត្ថាធិប្បាយ)
ស្ថាប័នរដ្ឋត្រូវធ្វើនាំមុខ បានឯកជនគេធ្វើតាមក្រោយ
ខ្ញុំសូមរំលឹកចំណុចនេះបន្តិច ដើម្បីឲ្យដំណើរការព្រមៗគ្នា។ បញ្ហាចំបង គ្រឹះស្ថានសាធារណៈរបស់រដ្ឋ ស្ថាប័ន របស់រដ្ឋ ត្រូវធ្វើកិច្ចការងារនេះមុនគេ ដើម្បីជម្រុញឲ្យវិស័យឯកជនអាចធ្វើបាន។ ប្រសិនបើស្ថាប័នរបស់រដ្ឋ មិន បានទាំងយកចិត្តទុកដាក់ផងនោះ តើយើងទៅជម្រុញវិស័យឯកជនបែបណា? ខ្ញុំលើកឧទាហរណ៍ កាលពី ចាប់ផ្តើមកសាងអគាររដ្ឋសភាថ្មី គ្រាន់តែកន្លែងយកជនពិការឡើងក៏មិនព្រមធ្វើផង។ យើងជាអ្នកធ្វើច្បាប់ តើយើងជាតួអង្គនីតិបញ្ញត្តិទៅណែនាំអ្នកណាទៀត បើសូម្បីតែទីតាំងរដ្ឋសភាមិនព្រមធ្វើផង។ ក្រោយមកបានចាប់ផ្តើមតម្លើង ទៅជាមានជណ្តើរយន្តមួយ ហើយអត់មានកន្លែងជម្រាលអីទេ។ អញ្ចឹងទេ ខ្ញុំអំពាវនាវឲ្យស្ថាប័ន គ្រឹះស្ថានសាធារណៈដែលគ្រប់គ្រងដោយរដ្ឋត្រូវធ្វើមុនគេ រៀបចំដំណើរការមុនគេ ដើម្បីទាក់ទាញវិស័យឯកជនគេអាចធ្វើ ដូចជាបញ្ហាសណ្ឋាគារ កន្លែងធ្វើការនានាផងដែរ។
(ចប់ការអត្ថាធិប្បាយ)
ទី២) ត្រូវបន្តជំរុញ និងយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់បង ប្អូនជនពិការឱ្យបានសមរម្យស្របតាមដំណើរវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់នានា ដើម្បី បំផុសលើកទឹកចិត្តប្រជាជន សប្បុរសជន វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ឱ្យចូលរួមឧបត្ថម្ភជន ពិការ ព្រមទាំងត្រូវលើកទឹកចិត្តដល់ជនពិការ ដែលប្រកបមុខរបរ ឤជីវកម្ម សិប្បកម្មជាលក្ខណៈឯកត្តជន ឬ គ្រួសារ ឬសមូហភាពតាមរយៈ ការផ្តល់ឤទិភាពផ្សេងៗស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ។
ទី៣) គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនត្រូវលើកទឹកចិត្តជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំ ពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៤) ត្រូវបន្តលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុងការជ្រើសរើសជនពិការ ដោយការភ្ញាក់រលឹកអនុវត្តកាតព្វកិច្ច ដូចមានចែងក្នុង ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
(ចាប់ផ្តើមអត្ថាធិប្បាយ)
ពិនិត្យជាទៀងទាត់អំពីអត្រា ២% បម្រើការងារក្នុងស្ថាប័នរដ្ឋ, យើងជាជនពិការត្រូវពង្រឹងសមត្ថភាពខ្លួនផង
ចំណុចនេះ ខ្ញុំក៏សូមចង់និយាយអំពីបញ្ហាខ្លះ ដែលអំពាវនាវដល់វិស័យរដ្ឋ និងឯកជន។ ពិនិត្យមើលស្ថាប័នរដ្ឋ ជារៀងរាល់ឆ្នាំ។ យើងតែងពិនិត្យលើបញ្ហានេះ ប៉ុន្តែឥឡូវតើស្ថាប័នរដ្ឋបានអនុវត្តអត្រា ២% រួចហើយឬនៅ? មានស្ថាប័នខ្លះដែលបានធ្វើ ហើយស្ថាប័នណាខ្លះដែលមិនទាន់បានធ្វើ។ ត្រូវពិនិត្យជាប្រចាំអំពីបញ្ហានេះ។ ជាមួយគ្នានោះដែរ ក៏ត្រូវលើកទឹកចិត្ត ដើម្បីឲ្យវិស័យឯកជនជ្រើសរើសក្នុងសមាមាត្រតាមច្បាប់ ប៉ុន្តែបញ្ហានេះ ក៏សូមរំលឹកដល់បងប្អូនជនពិការទាំងឡាយឲ្យបានជ្រាបថា វិស័យឯកជនសេដ្ឋកិច្ចទីផ្សារគឺគ្មានមេត្តាធម៌ទេ សេដ្ឋកិច្ចទីផ្សារគឺត្រូវការនូវផលចំណេញ។ ដូច្នេះ បើសិនជាគិតទៅតាមរបៀបក្រុមហ៊ុនមួយជាអង្គការមនុស្ស ធម៌មួយគឺមិនបានទេ។ ទាមទារឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ដែរ ទាមទារឲ្យមានអត្តចរិកល្អផងដែរ ទើបគេអាចជ្រើសរើសធ្វើការងារបាន។ ដូច្នេះ ត្រូវមានការបំពេញឲ្យគ្នាទៅវិញទៅមក។ ផ្នែកជនពិការក៏ត្រូវលើកកម្ពស់សមត្ថភាព និងគុណធម៌របស់ខ្លួន ដើម្បីឲ្យសមស្របទៅជាបុគ្គលិករបស់ក្រុមហ៊ុន ឯក្រុមហ៊ុនមើលឃើញនូវស្ថានភាពនោះ គេក៏អាចយកចូលនៅក្នុងការធ្វើការផងដែរ។
សូមសមាជិកសិល្បៈក្រុមពិការសាមគ្គីគ្នា
ឥឡូវខ្ញុំនិយាយអំពីទីកន្លែងនៃការសំដែងសិល្បៈរបស់ជនពិការ រឿងនេះមានការលើកឡើង ហើយខ្ញុំមានការ ភ្ញាក់ផ្អើលណាស់អម្បាញ់មិញ។ ឥឡូវនេះ សិល្បៈយើងចាប់ផ្តើមពីមួយក្រុម ពីរក្រុម ឥឡូវជិត ២០ ក្រុម អញ្ចឹងដោះស្រាយរបៀបម៉េច។ ខ្ញុំអម្បាញ់មិញគិតថាចង់ឧបត្ថម្ភ ព្រោះម្សិលមិញ មានការចូលរួមវិភាគទានពីសំណាក់សប្បុរសជន។ ខ្ញុំបានឲ្យឯកឧត្តម គន់ គីម ដើម្បីទៅកសាងផ្ទះសម្រាប់ជនពិការបន្តទៀត។ ជនពិការមានដី យើងមានលុយកសាងផ្ទះឲ្យគាត់។ អាហ្នឹងក្រៅពីមណ្ឌល។ ប៉ុន្តែខ្ញុំចង់យកផ្នែកមួយតូច ខ្ញុំបាន ២០ ម៉ឺនពីម្សិលមិញ បន្ថែមឧបករណ៍ភ្លេងឲ្យជនពិការ។ ប៉ុន្តែមិននឹកស្មានថា ឥឡូវ ជនពិការក្លាយទៅជាជិត ២០ ក្រុម។ មិនដឹងថាឲ្យអ្នកណាទេ បើជួនកាល ពីរនាក់ប្តីប្រពន្ធមួយក្រុម បីនាក់ទៅបង្កើតមួយក្រុម ប្រាំនាក់ទៅបង្កើតមួយក្រុម។ ឥឡូវបើចង់ឲ្យរាជរដ្ឋាភិបាលដោះស្រាយ ចង់ឲ្យអាជ្ញាធរដោះស្រាយ គឺខ្លួនឯងក៏ត្រូវចេះ សាមគ្គីគ្នាដែរ។ បើយើងមិនទាំងចេះសាមគ្គីគ្នាផង ឲ្យអ្នកណាទៅសាមគ្គីជាមួយយើង។ នេះជាបញ្ហាដែលអស់លោក ក្មួយៗ ប្អូន ចៅៗទៅគិតអំពីបញ្ហានេះ។
ចាត់ចែងទីតាំងវត្តភ្នំ ជាកន្លែងសំដែងតន្រ្តីជនពិការ, ប្តូរទីលានប្រជាធិបតេយ្យ កែប្រែឲ្យទៅជាសួនច្បារ
ឥឡូវខ្ញុំសូមផ្តល់ទីកន្លែងមួយ សម្រាប់ឲ្យមានការសំដែង ហើយចាត់ចែងរៀបចំទៅ គឺទីតាំងវត្តភ្នំ។ កន្លែងហ្នឹងគឺជាតំបន់ដែលមានការរៀបរយ។ យកកន្លែងហ្នឹងជាកន្លែងសំដែងនៃក្រុមធំ ដែលមានឧបករណ៍គ្រប់គ្រាន់។ ប៉ុន្តែ ឥឡូវលឺថា មានប៉ុន្មានក្រុមនោះ ហើយចុះទៅត្រង់ណាទៀត? ខ្ញុំអំពាវនាវមើលក្រុមណាដែលអាចចូល ជាមួយគ្នាបាន យើងនឹងគិតគូរបន្តអំពីបញ្ហានេះ។ ឥឡូវថ្ងៃនេះ បើសិនជាខ្ញុំហ៊ានផ្តល់ថវិកាឲ្យក្រុមណាមួយ ច្បាស់ជាបង្កើតក្រុមដើម្បីទារលុយពីលោក ហ៊ុន សែន ហើយ។ ថ្ងៃមុន ខ្ញុំឲ្យ ៥ ម៉ឺនដុល្លារទៅក្រុមលោក ចា តូ ឥឡូវ ចា តូ ឯងទៅសំដែងនៅវត្តភ្នំទៅ ក្រុមធំជាងគេ ឯក្រុមដទៃទៀតនឹងពិនិត្យមើល ប៉ុន្តែបើសិនជានាំគ្នាបំបែកអញ្ចឹង តើឲ្យរាជរដ្ឋាភិបាលទៅរកកន្លែងណា? ហើយអ្នកសំដែងនឹងទៀត ចូលចិត្តទៅតាមផ្សារ ដែលជាកន្លែងរញ៉េរញ៉ៃលំបាក។
ត្រូវគិតគូរថ្លឹងថ្លែងទាំងអស់គ្នា។ អ្នកខ្លះចែកផលប្រយោជន៍គ្នាមិនស្មើ ទៅបែកគ្នាជាក្រុម។ អញ្ចឹងទេ បើជនពិការខ្លួនឯងអត់សាមគ្គីគ្នាផង តើឲ្យអ្នកណាទៅជួយយើង។ ជួយមួយអត់មួយវាមិនកើត។ អញ្ចឹងខ្ញុំសូមអំពាវនាវឲ្យមានការគិតគូរឡើងវិញ អំពីបញ្ហានេះមិនមែនតម្រូវការគ្រាន់តែការដោះស្រាយពីសំណាក់រាជរដ្ឋាភិបាល ពីអាជ្ញាធរតែមួយមុខទេ វាតម្រូវការពីខាងយើងផងដែរ ថាចេះរួបរួមគ្នាឬអត់? ដើម្បីឲ្យក្រុមយើងខ្លាំងមួយ ត្រូវមានក្រុមជំនាញឲ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ គឺយើងនឹងស្ថិតនៅក្នុងស្ថានភាពមួយរញ៉េរញ៉ៃ។ ហើយរឿងសំដែងនៅតាមភ្លើងស្តុបអីងាប់ហើយ រវល់តែមើលអាហ្នឹង គ្រោះថ្នាក់បុកគ្នាពេញទឹកពេញដី។ អញ្ចឹងសូមមេត្តាយោគយល់គ្នា។ នេះជាប្រទេសមួយមិនត្រូវមើលដើមឈើមួយដើមៗ ដោយភ្លេចគិតអំពីព្រៃទាំងមូលទេក្មួយ។ យោគយល់ការលំបាករបស់អាជ្ញាធររបស់សង្គមជាតិទាំងមូលផង។ អញ្ចឹងឧទាហរណ៍ សំដែងនៅតាមចិញ្ចើមផ្លូវ អ្នកមកឈប់ឡាន ដើម្បីចូលវិភាគទាន ស្ទះចរាចរណ៍ ឬរវល់តែមើលគេសំដែង បុកគ្នាប្រាវ។
ត្រូវរកទីតាំង ប៉ុន្តែទីតាំងច្រើនពេក ខ្ញុំឲ្យទាំងយោបល់អញ្ចេះ ថ្ងៃមុនខ្ញុំហៅទូរស័ព្ទទៅ ប៉ា សុជាតិវង្ស ដោយសារឥឡូវយើងមិនទុកទីលានប្រជាធិបតេយ្យកណ្តាលក្រុង បង្កើតភាពរញ៉េរញ៉ៃនៅក្នុងហ្នឹងបានទៀតទេ សម្តេចក្រឡាហោម កំពុងឲ្យឯកឧត្តម ប៉ា សុជាតិវង្ស រកទីលានប្រជាធិបតេយ្យថ្មី ដែលមានលទ្ធភាពទៅធ្វើតាមផ្លូវជាតិលេខ ៥ នោះ ហើយយើងយកកន្លែងនេះធ្វើសួនច្បារ ហើយអាចយកផ្នែកមួយឲ្យយុទ្ធជនពិការរបស់យើងសំដែងសិល្បៈនៅកន្លែងនេះ។ ប៉ុន្តែ វង្ស ក៏បានប្រាប់មកថា អាហ្នឹងនៅក្បែរវត្តភ្នំតើ ចឹងយកវត្តភ្នំបណ្តោយទៅ។ តំបន់នេះ យើងធ្វើខុសហើយ។ តំបន់នេះទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រ វត្តភ្នំ។ អញ្ចឹងត្រូវមានស្អីនៅកន្លែងហ្នឹង អ្នកណាមកទេសចរណ៍វត្តភ្នំ អញ្ចឹងលើកទៅក្រៅទៅ បើមិនពេញចិត្តទេ លើកទៅដាក់ស្ថានទូតអាមេរិក អាហ្នឹងសិទ្ធិរបស់យើងអាជ្ញាធរតើ។
ការប្រមូលផ្តុំ វាអត់មានអីខុសគ្នាទេ។ សម័យឥឡូវប្រមូលផ្តុំនៅកន្លែងណាក៏បានដែរ ព្រោះគេមិនមែនមកមើលហ្នឹងណា គេមើលតាមហ្វេសប៊ុកតើ គេមើលតាមការផ្សាយតើ។ អញ្ចឹងទេ មើលវិធីហ្នឹងទៅ ហើយទុកកន្លែងហ្នឹងជាតំបន់ពាណិជ្ជកម្ម ជាតំបន់អ្នកការទូត ជាតំបន់ទេសចរណ៍ ហើយយើងធ្វើតំបន់រញ៉េរញ៉ៃ … បើថាដូរទៅកន្លែងផ្សេង យកកន្លែងហ្នឹងធ្វើសួនច្បារ ប៉ុន្តែយកផ្នែកមួយនៅកន្លែងហ្នឹង ធ្វើជាកន្លែងសំដែងសិល្បៈរបស់ជនពិការ។ រៀបចំឲ្យមានសណ្តាប់ធ្នាប់ ដើម្បីឲ្យបងប្អូនជនពិការអាចបញ្ចេញសមត្ថភាពលើវិស័យសិល្បៈ។ សូមបញ្ជាក់ជូន កុំឲ្យសិល្បៈរបស់យើងក្លាយទៅជាមុខរបរ នៃពួកអ្នកនៅពីក្រោយខ្នងឲ្យសោះ។ សូមក្មួយៗ អ្នកចម្រៀង អ្នកភ្លេងនៃជនពិការ កុំក្លាយជាឧបករណ៍អ្នកនៅពីក្រោយខ្នង។ ត្រូវម្ចាស់ការ។ ពូនឹងតាមពិនិត្យមើលទៅលើការរៀបចំបញ្ហានេះជាមួយអភិបាលក្រុង ជាមួយនឹងក្រសួងសង្គមកិច្ច បើមានតម្រូវការចូលគ្នា ឧបមាថា ឥឡូវ ២០ ក្រុម បង្រួញវាឲ្យមកនៅ ៥ ក្រុម ពូសន្យាទិញភ្លេងឲ្យតែម្តង ដើម្បីឲ្យវាស្អាតមាំ រហូតទៅដល់មានតម្រូវការគេជួលវង់យើងទៅសំដែងទៀតផង។
… មានពាក្យចចាមអារាមថា ហាក់ដូចជាមានសញ្ញាអ្នកនៅពីក្រោយខ្នង ហើយប្រើប្រាស់ បងប្អូនជនពិការធ្វើអាជីវកម្ម។ មិនអាចទេ។ អញ្ចឹងបញ្ហានេះ ត្រូវបានដោះស្រាយ។ បងប្អូនជនពិការរបស់យើងកុំមានជំងឺតួឯក អញច្រៀងពិរោះប៉ុណ្ណឹងដែរ ចែកលុយអញមិនស្មើ អញបង្កើតក្រុមថ្មី។ អាហ្នឹងជាជំងឺតួឯកហើយក្មួយ។ ឥឡូវខ្ញុំអំពាវនាវក្មួយៗ សហការរៀបចំបង្រួញវាឲ្យមកនៅ ៥ ក្រុម ហើយខ្ញុំទទួលខុសត្រូវដោះស្រាយក្រុមភ្លេង ហើយនឹងពិនិត្យអំពីទីតាំង ដែលនឹងត្រូវផ្តល់ឲ្យជនពិការ ដើម្បីសំដែង ដូចជា វត្តភ្នំបានមួយកន្លែងហើយ ទីលានប្រជាធិបតេយ្យបើសិនជាក្រោយនេះ ត្រូវធ្វើជាសួនច្បារ ហើយយើងរៀបចំបានមួយកន្លែងទៀត សូម្បីតែចំណុចអតីតកាលនៅមុខវត្តបុទុមនេះ ជួនកាលឲ្យគ្នាមកលេងនៅហ្នឹងទៅ វាអត់អីទេ។ អាហ្នឹងកន្លែងកំសាន្តតើ ប៉ុន្តែកុំលេងកែងផ្លូវ គ្រោះថ្នាក់ចរាចរណ៍ យើងជ្រើសរើសកន្លែងផ្សេងទៀត។ គ្នាមានជំនាញហើយ ជំរុញជំនាញហ្នឹង ហើយអំពាវនាវតាមស្ថានីយ៍ទូរទស្សន៍ និងភោជនីយដ្ឋាន សូមមេត្តាអញ្ជើញនូវជនពិការ ដើម្បីចូលរួមសំដែង។ មុននេះ ទូរទស្សន៍ CTN និងបាយ័ន និងទូរទស្សន៍មួយចំនួនឧស្សាហ៍អញ្ជើញ ឥឡូវដូចជាស្ងាត់ជ្រាប ប៉ុន្តែអ្វីដែលគួរត្រូវបានធ្វើ ភោជនីយដ្ឋានរបស់យើងមានច្រើនណាស់ គួរអញ្ជើញជនពិការ បើមិនអញ្ជើញទាំងក្រុមទាំងមូលទេ ក៏អញ្ជើញអ្នកចម្រៀង ដែលជាជនពិការ ដើម្បីទៅចូលរួមច្រៀងមួយបទ ពីរបទ នៅក្នុងភោជនីយដ្ឋានទៅ នេះក៏ជាការជួយសម្រាល នូវការលំបាកមួយផងដែរ។
(ចប់អត្ថាធិប្បាយ)
ទី៥) ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបន្តដឹកនាំចាត់ចែង អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងជំរុញការ អនុវត្តលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធពិការភាពជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិលឱ្យដំណើរ ការទៅបានដោយប្រសិទ្ធភាព។
ទី៦) គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារសារព័ត៌មាន សូមបន្តជួយផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់ និងការលើកស្ទួយសុខុមាលភាពជនពិការនៅកម្ពុជា ពិសេសត្រូវមានការបកប្រែជាភាសាសញ្ញា និងអក្សររត់នៅតាមបណ្តាស្ថានីយទូរទស្សន៍ ដើម្បីសម្រួលដល់ ជនពិការឱ្យទទួលបានព័ត៌មានផ្សេងៗ។
(ចាប់ផ្តើមអត្ថាធិប្បាយ)
បន្តការយកចិត្តទុកដាក់អំពីភាសាសញ្ញា
ចំណុចនេះ ឃើញទូរទស្សន៍មួយចំនួនក៏បានធ្វើ ទូរទស្សន៍មួយចំនួនក៏មិនបានធ្វើ ឯទូរទស្សន៍ខ្លះដែលធ្លាប់ធ្វើ ក៏បាត់។ អញ្ចឹងសូមរំលឹកឡើងវិញ អក្សរសញ្ញា ហើយក៏អាចបងប្អូនអក្សរសញ្ញានេះ សម្រាប់មនុស្សថ្លង់ តែភ្នែកមើលបាន។ អញ្ចឹងគេអាចប្រើជាអក្សរសញ្ញា ដែលមានមនុស្សទៅបកប្រែ ឬក៏អាចចាក់ផ្សាយជាមាតិកា ព័ត៌មាន ដោយមិនចាំបាច់ត្រូវចាក់ទាំងស្រុងទេ ឧទាហរណ៍ ទូរទស្សន៍ជាច្រើនឡើងអក្សរដែលផ្តល់ឱកាសឲ្យ ជនពិការរបស់យើងមើលឃើញនូវអ្វីដែលរឿងរ៉ាវកើតឡើងទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការបក ប្រែជាសញ្ញាសម្រាប់មនុស្សគថ្លង់ និងតាមរយៈការផ្តល់ជាអក្សរ ដើម្បីឲ្យដឹងព័ត៌មានក្នុងប្រទេស និងក្រៅ ប្រទេស រាប់ទាំងអត្រាថ្លៃលើទីផ្សារគេមានផ្សាយតាមទូរទស្សន៍។ ឯសម្រាប់បងប្អូនពិការភ្នែកក៏មានវិទ្យុដើម្បី ទទួលព័ត៌មាន ហើយមានមួយចំនួនចេះលេងទាំងហ្វេសប៊ុក វ៉ៃចូលហ្វេសប៊ុករបស់ខ្ញុំទៀត បងប្អូនមួយចំនួន ចេះកុំព្យូទ័រខ្លាំងជាងអ្នកដែលមិនពិការភ្នែកទៀត។ អញ្ចឹងទេ សូមបន្តការយកចិត្តទុកដាក់បន្តទៅទៀត។
(ចប់អត្ថាធិប្បាយ)
មុននឹងបញ្ចប់ ខ្ញុំសូមសំដែងការកោតសរសើរចំពោះក្រុមប្រឹក្សា សកម្មភាពជនពិការ ក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ពន្ធ័ មូលនិធិជនពិការ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិដៃគូអភវិឌ្ឍ និងវិស័យឯកជន ជាពិសេស បងប្អូនជនពិការដែលបានរួមចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនពិការក្នុងកម្មវិធីអភិវឌ្ឍនានាដោយខិតខំធ្វើឱ្យមាន ការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់ជនពិការហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
(ចាប់ផ្តើមអត្ថាធិប្បាយ)
ខ្ញុំក៏សូមថ្លែងនូវការអរគុណចំពោះសប្បុរសជនទាំងឡាយ ដែលតែងបានចូលរួមវិភាគទាននូវការចូលរួម ជួយជនពិការនៅកន្លែងនេះ នៅកន្លែងនោះ ក្នុងនោះមានការផ្តល់តាមរយៈខ្ញុំ ដើម្បីកសាងផ្ទះនៅតាមតំបន់ប្រមូលផ្តុំ និងផ្តល់ទីកន្លែងជនពិការដែលមានដី ប៉ុន្តែខ្វះជម្រកនៅ ដែលពីម្សិលមិញនេះ មាន ២០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដែលបានផ្ទះមួយប្រហែល ៤ ពាន់ដុល្លារ គឺយើងបាន ៥០ ផ្ទះដែរ។ ហើយសង្ឃឹមថា នឹងទទួលបាននូវការឧបត្ថម្ភបែបនេះទៀត ដើម្បីសម្រាលនូវការលំបាករបស់បងប្អូនជនពិការរបស់យើង។
(ចប់អត្ថាធិប្បាយ)
ជាទីបញ្ចប់ ជាមួយនឹងសេចក្តីរីករាយអបអរសាទរនៃពិធីដ៏មានសារៈសំខាន់នេះ ខ្ញុំ និងភរិយាសូមឧទ្ទិស ទិវាជនពិការកម្ពុជា លើកទី ១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ក្រោមប្រធានបទ «ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ក្លាយជាការពិត និងសូមជូនពរ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនជនពិការទាំងអស់ និងក្មួយៗ សិស្សានុសិស្ស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វុណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។
សូមអរគុណ!