ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។
រីករាយ
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុមហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹងមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។
នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ
ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាចឲ្យឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ រាប់ទាំងសហរដ្ឋអាមេរិក និងជប៉ុន ក៏បានរកស៊ីជាមួយនឹងកម្ពុជា។
លទ្ធផលបីយ៉ាងគួរឲ្យមោទនភាព
មុននឹងខ្ញុំនិយាយដល់បញ្ហាផ្សេង អនុញ្ញាតឲ្យខ្ញុំបាននិយាយបន្ដិចថា នៅក្នុងរង្វង់ ១២ ម៉ោងនេះ ខ្ញុំខ្លួនឯងផ្ទាល់ ឬអាចថាជាតិយើងផង ទទួលបាននូវលទ្ធផលបីយ៉ាង៖ លទ្ធផលទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រ កូកាកូឡា ថ្មីរបស់យើងនៅទីនេះ។ ឯលទ្ធផលទី ២ កម្ពុជាយើងមានកិត្តិយស ដោយកីឡាករ សុខ ចាន់មាន កីឡាប៊ូល(ប៉េតង់) បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតថ្នាក់ពិភពលោក នៅប្រទេសម៉ាដាកាស្ការ សូមអបអរសាទរ។ ឯលទ្ធផលទី ៣ នោះគឺទាក់ទងខ្លួនខ្ញុំផ្ទាល់ ចៅស្រីទី ១៨ បានចាប់កំណើតជិត ១២ ម៉ោងហើយ ឥឡូវ ហ្នឹងកំពុងទៅសួរថា ចៅស្រីហ្នឹង ឮថា (ថ្ពាល់)ខួចទាំងសងខាងទៀត។ បើបានចៅស្រីថ្ពាល់ខួចរឹតតែល្អតែម្ដង។ ជាការគាប់ជួនមួយ។ ឯកឧត្តម William A. Heidt បាននិយាយជាភាសាខ្មែរ … កូនរបស់គាត់នឹងក្លាយទៅជាកូនកាត់អាមេរិកាំងពាក់កណ្ដាល ខ្មែរពាក់កណ្ដាល ព្រោះគាត់មានប្រពន្ធខ្មែរ។ អញ្ចឹង បានសេចក្ដីថា ម្ខាងអាមេរិកាំង ម្ខាងជាកូនប្រសារខ្មែរ។
៤ ចំណុច ដែលគួរត្រូវបានលើកទឹកចិត្ត និងកោតសរសើរដល់ក្រុមហ៊ុន កូកាកូឡា
អ្វីដែលខ្ញុំមានការលើកទឹកចិត្ត តាមរយៈនៃសកម្មភាព នៃក្រុមហ៊ុន កូកាកូឡា ដែលលោក Irial Finan បានលើកឡើងពាក់ព័ន្ធជាមួយនឹងសកម្មភាពនេះ ខ្ញុំគួរតែនិយាយទៅដល់ចំណុច ៤ យ៉ាង ដែលគួរត្រូវបានលើកទឹកចិត្ត និងសរសើរទៅដល់ក្រុមហ៊ុន កូកាកូឡា ដែលចាប់ផ្ដើមវិនិយោគពីតូចទៅធំ។ កាលពីសម័យដើម យើងមានក្រុមហ៊ុន 7up មួយ ប៉ុន្តែ ទីតាំង 7up នោះ ក្លាយទៅជាទីតាំង កូកាកូឡា នៅឯឫស្សីកែវឯណោះ។ អ្វីដែលជាការគួរឲ្យកត់សម្គាល់នៅត្រង់ថា តាមរបាយការណ៍ស្ថិតិនេះ គឺក្រុមហ៊ុននេះ បានប្រើជនជាតិកម្ពុជាយើង ចំនួន ៩៩,៧%។ ដូច្នេះ វាជាការលើកទឹកចិត្តធំណាស់ សម្រាប់ការប្រើប្រាស់ និងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងស្រុក។ ខ្ញុំសូមស្នើឲ្យបន្ដនូវកិច្ចការងារនេះតទៅទៀត ប៉ុន្តែ អស់លោកបានធ្វើកិច្ចការងារនេះរួចទៅហើយ។ ខ្ញុំពិតជាមានការពេញចិត្ត ហើយមោទនភាពចំពោះជន ជាតិកម្ពុជារបស់យើងខ្ញុំ ដែលអាច និងមានឱកាសធ្វើការងារ បំពេញទៅលើតម្រូវការទាក់ទងទៅនឹងបច្ចេកទេសរបស់អស់លោក។
ទី ២. ការចូលរួមក្នុងកិច្ចការសង្គម ដែលអស់លោកបានធ្វើទាក់ទងទៅនឹងសុវត្ថិភាពចរាចរណ៍ ទាក់ទងជាមួយនឹងបញ្ហាដទៃទៀត រាប់ទាំងទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍។ ឯចំណុចទី ៣. អស់លោកបានធ្វើអោយកម្ពុជាមានមោទនភាព តាមរយៈដាក់អក្សរខ្មែរ លើកំប៉ុង នៃកូកាកូឡា។ នេះខ្ញុំសូមនិយាយរឿងនេះបន្ដិច ពេលដែល ឯកឧត្តម ចន ឃែរី រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ខ្ញុំបានបង្ហាញឲ្យគាត់ឃើញ អំពីអក្សរខ្មែរលើកំប៉ុង កូកា កូឡានេះ។ ជាធម្មតានៅលើតុទទួលភ្ញៀវរបស់ខ្ញុំ ខ្ញុំអត់ដាក់ស្អីផ្សេងក្រៅពីទឹកសុទ្ធ និងកូកាកូឡាទេ។ ខ្ញុំប្រាប់ ចន ឃែរី ថា នេះ(កំប៉ុង កូកាកូឡា មានអក្សរខ្មែរ) ហើយ ចន ឃែរី គាត់ដឹងថា ខ្ញុំចូលចិត្តលេងហ្វេសប៊ុក គាត់ថា សូមកុំភ្លេចបង្ហោះហ្វេសប៊ុកផង។ នេះគឺជាការលើកមុខលើកមាត់របស់កម្ពុជា ហើយប្រសិនបើប្រទេសជិតខាងយើងខ្វះនូវផលិតផល កូកាកូឡា គេក៏អាចនាំចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសទាំងនោះដែរ។
កុំភ្លេចថា រោងចក្ររបស់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមែនទាន់គ្រាន់តែតម្រូវការសម្រាប់ប្រជាជនកម្ពុជាតែ ១៥ លាននាក់ទេ ប៉ុន្តែ សម្រាប់ប្រជាជនក្នុងអាស៊ាន ៦០០ លាននាក់។ ជួនកាលប្រទេសខ្លះមានជួបប្រទះបញ្ហានេះ បញ្ហានោះ ប្រទេសក្នុងក្របខណ្ឌអាស៊ាន គេក៏អាចតម្រូវការបញ្ជាទិញពីកម្ពុជាទៅកាន់ទីផ្សារទាំងនោះដែរ។ ដូច្នេះ គេមិនត្រូវគិតតែម្ខាងថា នៅពេលដែលមានការផលិតនៅកម្ពុជា គ្រាន់តែតម្រូវការទីផ្សារ ១៥ លាននាក់។ ឥឡូវនេះ បន្ទាប់ពីអាស៊ានក្លាយទៅជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ទីផ្សាររបស់យើង គឺរីកនៅក្នុងក្របខណ្ឌអាស៊ាននេះឯង។ មិនត្រូវភ្លេចថា ប្រទេសដទៃសុទ្ធតែមាន កូកាកូឡា រួចទៅហើយ ប៉ុន្តែ នេះគ្រាន់តែជាលទ្ធភាពមួយ ក្នុងចំណោមលទ្ធភាពដែលថា កន្លែងដទៃអាចនឹងមានខ្វះការផ្គត់ផ្គង់ កូកាកូឡា, កូកាកូឡា ដែលផលិតនៅកម្ពុជា ក៏អាច(នាំ)ទៅទីផ្សារប្រទេសក្នុងក្របខណ្ឌអាស៊ានបានដែរ។ ឯចំណុចទី ៤ នៅត្រង់ថា ក្រុមហ៊ុនបានបង្កលក្ខណៈបង្កើតជាលំនៅដ្ឋាន សម្រាប់ការស្នាក់នៅរបស់កម្មករ កម្មការិនី ដោយមានតម្លៃសមរម្យ។ នេះជាចំណុចមួយល្អ ក្នុងចំណោមចំណុចដែលយើងត្រូវដោះស្រាយបញ្ហាដ៏លំបាក ដែលទាក់ទងជាមួយនឹងកម្មករ កម្មការិនីមកស្នាក់នៅធ្វើការនៅទីក្រុងភ្នំពេញនេះ។
អំពាវនាវទៅកាន់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ
តែខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះកម្មករ សម្រាប់កម្មករនៅទីនេះក្ដី ក៏ដូចជា សម្រាប់កម្មករនៅទូទាំងប្រទេស ជាពិសេស នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ អំពាវនាវទៅកាន់ម្ចាស់ផ្ទះសំណាក់នានា អំពីការដំឡើងថ្លៃផ្ទះស្នាក់នៅ។ ពិតហើយនៅទីនេះ រោងចក្រ កូកាកូឡានេះ ជាប្រភេទ នៃឧស្សាហកម្មស្បៀង អាហ្នឹងនិយាយមួយបែប ជាឧស្សាហកម្មស្បៀង ប៉ុន្តែ សម្រាប់ការចរចាអំពីប្រាក់ខែអប្បបរមា នៃរោងចក្រកាត់ដេរខោអាវ សំលៀកបំពាក់ និងស្បែកជើង ប្រាក់ខែអប្បបរមានឹងឡើងដល់ ១៥៣ ដុល្លារ សហរដ្ឋអាមេរិក ចាប់ពីខែមករាទៅ។ ប៉ុន្តែ រៀងរាល់ពេល នៃការដំឡើងបៀវត្សរ៍ឲ្យកម្មករ អ្នកផ្ទះ ជួលទំាងប៉ុន្មាន ក៏បានឡើងថ្លៃទៅតាមនោះ មិនទាន់ទំាងបានឡើងប្រាក់ខែផង ម្ចាស់នោះ(ផ្ទះជួល)បាន ចាប់ផ្តើមដំឡើងទៅហើយ។ អញ្ចឹងទេ ខ្ញុំសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើការជាមួយម្ចាស់ផ្ទះសំណាក់នានា ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពួកគេដំឡើងថ្លៃ បើដំឡើងក៏ដំឡើងរំកិលបន្តិចបានហើយ កុំដំឡើងជ្រុលពេក។ រាជរដ្ឋាភិបាលបានប្រឹងណាស់ ជាមួយនឹងខាងផ្នែកអគ្គិសនី និងផ្នែកទឹក។ តភ្លើង និងតទឹក ទៅកាន់ផ្ទះកម្មករស្នាក់នៅ ដើម្បីឲ្យកម្មករបានទទួលការប្រើប្រាស់អគ្គិសនីចំនួនដែលប្រើក្រោម ៥០ គីឡូវ៉ាត់ ម៉ោង ត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ ដែលមុននោះគេបង់ដល់ជាង ១.០០០ រៀល។ ឯទឹកគេយក ២.០០០ ទៅ ៣.០០០ រៀល ឥឡូវនៅតែ ១.២០០ ប្លាយប៉ុណ្ណឹងទេ។
ខ្ញុំសុំឲ្យ ឯកឧត្តម ចម ប្រសិទ្ធ ក្នុងនាមទទួលខុសត្រូវខាងផ្នែកឧស្សាហកម្ម គិតគូរមើលជាទូទៅផង និងម្យ៉ាង គឺជាក្រសួងដែលគ្រប់គ្រងទៅលើផ្នែកទឹកផង ហើយឯកឧត្តម ស៊ុយ សែម ក៏ដូចជា អាជ្ញាធរអគ្គិសនី។ ខាងក្រុមហ៊ុនអគ្គិសនីបន្តខិតខំបន្តទៅទៀត ទៅលើផ្ទះសំណាក់ថ្មីៗ ដែលមិនទាន់តទឹក តភ្លើងទៅដល់ដើម្បីរុញទឹក រុញភ្លើងឲ្យទៅដល់ផ្ទះកម្មករទំាងនោះ ដើម្បីឲ្យកម្មករទទួលបានផលប្រយោជន៍ពីតម្លៃទឹក និងតម្លៃភ្លើង។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ គ្រប់ទីកន្លែង ដែលមានផ្ទះសំណាក់កម្មករ ត្រូវធ្វើការជាមួយនឹងម្ចាស់ផ្ទះ ហើយក្រសួងឧស្សាហកម្មខ្លួនឯង ក៏ត្រូវចូលរួមកិច្ចការងារនេះ ជាមួយនឹងម្ចាស់ផ្ទះសំណាក់ផងដែរ។ សហការគ្នាបង្កើតជាក្រុមការងារ ហើយហៅម្ចាស់ផ្ទះសំណាក់ទំាងអស់ បើកការប្រជុំនិយាយគ្នាឲ្យច្បាស់ ដើម្បីឲ្យកម្មករទទួលផលប្រយោជន៍ពិតប្រាកដ ពីការដំឡើងបៀវត្សរ៍ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើជាមួយនឹងយន្តការត្រីភាគី រាជរដ្ឋាភិបាល នយោជក និងសហជីព ព្រោះរឿងធំជាងគេ គឺរឿងម្ចាស់ផ្ទះ ដំឡើងថ្លៃនេះឯង។
នៅតែប៉ុន្មានថ្ងៃទៀត ខែ មករា នឹងមកដល់ហើយ។ (សូម)អំពាវនាវ ក្នុងនាមរាជរដ្ឋាភិបាល ទៅចំពោះផ្ទះ សំណាក់ទំាងអស់ សូមមេត្តាយោគយល់ និងសូមកុំមើលឃើញថា ការដំឡើងប្រាក់បៀវត្សរ៍អប្បបរមាជូន កម្មករ គឺជាសាច់ជ្រូកបីជាន់សម្រាប់អស់លោកអ្នក ដែលជាម្ចាស់ផ្ទះសំណាក់នោះ។ គម្រូមួយនៃក្រុម ហ៊ុន កូកាកូឡា ដែលកសាងលំនៅដ្ឋាន ហើយជួលដល់ដំឡើងថោក សម្រាប់ឲ្យកម្មករ ក៏ជាឧទាហរណ៍ មួយក្នុងចំណោមឧទាហរណ៍ដែលគេអាចធ្វើទៅបាន។ សង្ឃឹមថា ក្មួយៗ ជាកម្មករ កម្មការិនីនៅទីនេះ នឹងទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ព្រោះអាមេរិកចាប់ទុកថា ខ្លួនឯងជាបិតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្សស្រាប់ទៅហើយ បើរោងចក្រនេះគាបសង្កត់កម្មករទៀត វាចប់ហើយ។ មិនអញ្ចឹង? … ខ្ញុំមិនមែនដាក់ផ្លែដាក់ផ្កាអីឲ្យទេ គ្រាន់តែរំលឹក ប៉ុន្តែកន្លែងនេះ មិនទាន់ឃើញបញ្ហាអីទេ ដូចជាប្រាក់ខែគោល ប្រាក់ខែអប្បបរមា ដូចជា ១៧៥ (ដុល្លារ)…។
គោលនយោបាយឧស្សាហកម្ម
ខ្ញុំចង់និយាយពីគោលនយោបាយឧស្សាហកម្មបន្តិច។ នយោបាយឧស្សាហកម្មរបស់យើង គឺកាលពីពេល មុនយើងប្រឹងខ្លំាងណាស់ ដើម្បីឲ្យមានឧស្សាហកម្ម ហើយចាប់ផ្តើមពីឧស្សាហកម្មអតិពលកម្ម ដែលប្រើ ប្រាស់កម្លំាងពលកម្មច្រើន ដើម្បីដោះស្រាយការងារឲ្យកម្មករ កម្មការិនី ជាពិសេស ក្នុងចំណោមយុវជន របស់យើង។ ដូច្នេះ រោងចក្រកាត់ដេរទំាងឡាយបានប្រមូលផ្តុំនៅលើទឹកដីកម្ពុជា តំាងពីចំនួនទំហំ នៃការនំាចេញរបស់យើងត្រឹមតែប៉ុន្មានលានដុល្លារ ថារាប់សិបលានដុល្លារ ឡើងទៅដល់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ឥឡូវឡើងដល់ប៉ុន្មានពាន់លានដុល្លារហើយ? ៥ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ យើងមិនអាចអភិវឌ្ឍប្រទេសមួយ ដោយពឹងផ្អែកទៅលើកសិកម្មតែមួយមុខទេ ដូចជា ប៉ុល ពត ប្រើពាក្យថា មានស្រូវមានអ្វីៗទំាងអស់ លុបចោលខ្ទេចរោងចក្រ សហគ្រាស ឧស្សាហកម្មនេះ ឧស្សាហកម្មនោះ សិប្បកម្ម រាប់ទំាងផ្សារលក់ដូរ ហើយប្រើពាក្យថា មានស្រូវមានអ្វីៗទំាងអស់។ យើងត្រូវធ្វើទំាងអស់ ទំាងកសិកម្ម ទំាងឧស្សាហកម្ម ហើយឧស្សាហកម្មក៏មានជម្រើសនៃគោលនយោបាយឧស្សាហកម្មទៀត។ ដំណាក់កាលចាប់ផ្តើមរបស់យើង គឺដំណាក់កាលឧស្សាហកម្មអតិពលកម្ម ដែលស្រូបយកកម្មករ ប្រមាណជា ៦០ ម៉ឺននាក់ រាប់ទំាងសេវាផង។ កម្មកររបស់យើងដែលធ្វើការនៅគ្រប់ទីកន្លែងទំាងអស់ គឺសឹងតែដល់លាននាក់ទៅហើយ។
បើនិយាយពីការតភ្ជាប់តទៅទៀត តំបន់ឧស្សាហកម្មមួយនេះ បានផ្តល់សេវានៅជុំវិញយ៉ាងច្រើន ទំាងផ្ទះសំណាក់ ដែលខ្ញុំអំពាវនាវអម្បាញ់មិញ និងទំាងការផ្គត់ផ្គង់ផ្សេងៗ ម្ហូបអាហារ ចំណីនានានៅតាមតំបន់រោងចក្រ តំាងទីកន្លែង(ស្នាក់)នៅ។ ប៉ុន្តែ យើងចំាបាច់ត្រូវមានគោលនយោបាយឧស្សាហកម្មមួយផ្សេងទៀត ដើម្បីជម្រុញឧស្សាហកម្មដែលមានបច្ចេកវិទ្យាកាន់តែខ្ពស់ ដែលជាប្រភេទឧស្សាហកម្ម ដូចជាឧស្សាហកម្មប្រភេទនេះ ក៏ជាប្រភេទមួយកម្រិតខ្នាតធំជាងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ដែលហៅថា ឧស្សាហកម្មខ្នាតពិភពលោក ដូចជាមីនីបៀរបស់ជប៉ុន ដែលខ្ញុំមកខានស្អែកនេះ ថ្ងៃ ៨ នេះ ផលិតនៅកម្ពុជា ក៏ប៉ុន្តែ ចែកចាយទូទំាងពិភពលោក។ ម៉ូទ័រនេះ ប្រើគ្រប់ទំាងអស់ ទូរស័ព្ទក៏ប្រើម៉ូទ័រ វិទ្យុក៏ប្រើម៉ូទ័រ ម៉ាស៊ីនថតក៏ប្រើម៉ូទ័រ … រហូតមានម៉ូទ័រដែលអាចលេបហើយ ដើម្បីជំនួសឲ្យការបញ្ចុះ ព្រោះធម្មតាគេថតក្រពះ ថតអីនេះ។
នៅតំបន់ឧស្សាហកម្មកោះកុង មានរោងចក្រផលិតរថយន្ត ឬខួរក្បាលរថយន្ត ដែលផលិតនៅកោះកុង ក៏ប៉ុន្តែ គេយកទៅចែកចាយឲ្យរថយន្ត រាប់ទាំងរថយន្តដែលផលិតនៅអាមេរិក គេយកខួរក្បាលរបស់វា ដែលផលិតនៅខេត្តកោះកុង យកទៅបំពាក់ឡាននៅអាមេរិកនោះ។ យើងត្រូវមានការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ដែលកាន់តែខ្ពស់ទៅៗ សម្រាប់ការចូលមកវិនិយោគ នៃក្រុមហ៊ុនដែលត្រូវការវិនិយោគ។ យើងក៏ត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ ការដឹកជញ្ជូន កំពង់ផែ ព្រលានយន្តហោះ និងបញ្ហាអគ្គិសនី។ ឥឡូវ គប្បីធ្វើការរិះរកមធ្យោបាយប្រើប្រាស់ អគ្គិសនីនៅនេះឲ្យអស់។ អរគុណណាស់ ដែលបានប្រើប្រាស់នូវអគ្គិសនីខ្លួនឯង តាមរយៈកញ្ចក់ព្រះអាទិត្យរហូតទៅដល់ ២ មេកន្លះ។ ឥឡូវ សល់អគ្គិសនីយកទៅប្រើនៅឯណា? អញ្ចឹងទេ បើសិនជាអាចលក់ ឥឡូវ ខាងអាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនី តើគួរទិញភ្លើងពីនេះទេ? ឬរោងចក្រនានាតើគួរទិញភ្លើងពីនេះទេ?
ខ្ញុំសូមរំលឹកមួយ លោកជំទាវ លឹម ឈៀវហួរ ខ្ញុំមើលឃើញផ្លូវអម្បាញ់មិញ ប្រៀបធៀបនឹងខ្ញុំមកមុន ផ្លូវវាចាប់ផ្តើមខូចហើយ តើបន្ទុកបញ្ហាហ្នឹង ឯកឧត្តម សុខ ចិន្តា ត្រូវមើល ក្នុងឋានៈជាអគ្គលេខាធិការ នៃតំបន់សេដ្ឋកិច្ចពិសេស។ បើផ្លូវខូចអញ្ចឹងតើអ្នកណាអ្នកទទួលខុសត្រូវ? តើម្ចាស់តំបន់សេដ្ឋកិច្ចពិសេសនៅបន្តទទួលខុសត្រូវឬម៉េច? បើនៅទទួលខុសត្រូវជួសជុល បើរដាក់រដុបអញ្ចឹងក្នុងតំបន់សេដ្ឋកិច្ចពិសេស។ អាហ្នឹងខ្ញុំគ្រាន់តែរំលឹកទេ ដើម្បីទាក់ទាញឲ្យគេចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ទាល់តែធ្វើល្អ បើមិនល្អ អ្នកណាចូលដណ្តឹង? អាហ្នឹងនិយាយឲ្យពិត។ ភ្លេងការចាប់ផ្តើមប្រគុំ ហើយ ប៉ុន្តែ ដល់មកអត់មានរងំ មានទឹកភ្លៀងយប់មិញ អាហ្នឹង គឺបញ្ហាការប្រែប្រួលអាកាសធាតុ ឆ្នាំនេះរដូវភ្លៀងចប់ហើយ ប៉ុន្តែវានៅភ្លៀងតទៅទៀត …។
កម្មកររោងចក្រ និងថៅកែ គឺបំពេញឲ្យគ្នា
សង្ឃឹមថាក្មួយៗ ជាកម្មករ កម្មការិនី និងអ្នកគ្រប់គ្រងរោងចក្រ អ្នកគ្រប់គ្រងរោងចក្រជាជនជាតិអាមេរិក ឬជនជាតិបរទេស ឬអ្នកដែលទទួលខុសត្រូវជាបន្តបន្ទាប់ តាមផ្នែកមួយៗ ក៏ត្រូវយកចិត្តទុកដាក់បំពេញឲ្យគ្នា រវាងថៅកែ និងកម្មករ។ ជារឿងចាំបាច់ខ្លាំងណាស់។ បើសិនជាថៅកែរោងចក្រ យកចិត្តទុកដាក់ជាមួយកម្មករ កម្មករមានសុខភាពល្អ មានជីវភាពល្អ គេធ្វើការកាន់តែប្រសើរ ដើម្បីឲ្យផលិតផលរោងចក្រកាន់តែមានប្រសិទ្ធភាព កាន់តែមានទិន្នផលខ្ពស់។ វាមានការបំពេញឲ្យគ្នាយ៉ាងដូច្នេះ។ បើកម្មករប្រឹងធ្វើការ រោងចក្រមានផលចំណេញច្រើន គេក៏នឹងដំឡើងប្រាក់ខែឲ្យកម្មករដែរ ដូច្នេះ វាបំពេញឲ្យគ្នា មិនអាចយកបញ្ហាដោះស្រាយណាមួយតាមរបៀបផ្លូវបាតុកម្ម រហូតទៅដល់ឆេះ(រោងចក្រ) ដល់ឆេះទៅអ្នកណាជាអ្នកអត់ការងារធ្វើ? ឆ្នាំងបាយកម្មករនឹងត្រូវបែកមុនគេ។ លោកអនុប្រធានរោងចក្រ កូកាកូឡា មិនស្លាប់ទេ គាត់ទៅប្រទេសគាត់វិញក៏មិនអីដែរ តែអ្នកដែលស្លាប់ គឺកម្មកររោងចក្រប៉ុន្មានរយនាក់នេះ។ ត្រូវអត់មានការងារធ្វើ ត្រូវទៅចុះឈ្មោះនៅនេះ ត្រូវទីចុះឈ្មោះនៅនោះ។ បើគេស្គាល់ថា មេបាតុកម្មទៀត អ្នកចូលរួមបាតុកម្មទៀត អាហ្នឹងចប់ហើយ។ នៅស្រុកខ្មែរគ្រាន់បន្តិច បើនៅស្រុកអាមេរិក បើគេដេញចោល ទៅសុំរោងចក្រដទៃពិបាកហើយ … និយាយយ៉ាងដូច្នោះ មិនមែនខ្ញុំបិទមាត់កម្មករ មិនឲ្យធ្វើការតវ៉ាណាមួយដោយអហិង្សា ដោយមានមូលហេតុសមស្របនោះទេ។ ខ្ញុំគាំទ្រសិទ្ធិរបស់កម្មករក្នុងការទាមទារអ្វីដែលសមហេតុសមផល ហើយនឹងមិនប្រើហិង្សា។
កុំរអើលនឹងគោលនយោបាយគាំពារនិយម របស់ លោក ដូណាល់ ត្រាំម៍
ម៉្យាងទៀត ខ្ញុំសូមអំពាវនាវ ក្មួយៗនៅរោងចក្រអាមេរិក មិនថា(តែ)រោងចក្រ កូកាកូឡាទេ រោងចក្ររបស់ អាមេរិកនៅកន្លែងណាក៏ដោយ សូមកុំរអើលខ្លួនទៅនឹងការបំផុសរបស់មនុស្សខ្លះ ថាអនាគតប្រធានាធិប តី លោក ដូណាល់ ត្រាំម៍ នឹងអនុវត្តគោលនយោបាយគាំពារនិយម ហើយអាចកាត់បន្ថយការវិនិយោគចេញក្រៅប្រទេស កុំរអើលខ្លួន។ ហើយខ្ញុំគួរតែនិយាយរឿងនេះបន្តិច ឯកឧត្តម វីលៀម ហេដ (William A. Heidt) ខ្ញុំគួរតែស្នើសុំអ្វីម៉្យាង បើឯកឧត្តមមិនយល់ទាស់ ព្រោះអ្វីដែលបានកើតឡើងនៅកម្ពុជា បានកើតឡើងនៅអាមេរិកហើយ បានសេចក្តីថា នៅកម្ពុជាឲ្យតែក្រោយបោះឆ្នោត ដឹងតែមានបាតុកម្មហើយ លើកនេះបោះឆ្នោតហើយបាតុកម្មនៅអាមេរិកបានផ្ទុះឡើងច្រើនរដ្ឋ មិនមែនតូចទេ។ … ថ្ងៃមុន ភ្នំពេញប៉ុស្តិ៍ គេប្រៀបធៀបថានេះ ជារូបភាពបាតុកម្មនៅភ្នំពេញ ហើយនេះជារូបភាពបាតុកម្មនៅអាមេរិក។ រូបភាពបាតុកម្មនៅអាមេរិកគេ ដាក់រូបស្រ្តីម្នាក់ពាក់វែនតាខ្មៅដើរយ៉ាងសង្ហារ នៅពេលដែលព័ត៌មានផ្សាយយ៉ាងចំហរអំពីការបង្ក្រាបយ៉ាងឃោរឃៅ នៃប៉ូលីសរបស់អាមេរិកទៅលើបាតុករ ចាប់រាប់ពាន់អ្នក។ ឯកឧត្តមជួយផ្តល់ឯកសារបានទេ? ខ្ញុំមានហើយ តែខ្ញុំចង់ដឹងថាតើទូតអាមេរិក ដែលតាំងខ្លួនជា បិតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្ស ហ៊ានបញ្ចេញការពិតឬក៏អត់? លោក ដូណាល់ ត្រាំម៍ ដែលពេលនោះជាបេក្ខជនប្រធានាធិបតីមិនទាន់ជាប់ឆ្នោត ហ៊ាននិយាយឲ្យក្បាលម៉ាស៊ីនឃោសនាមួយចំនួនថា លម្អៀង។ បើប្រព័ន្ធឃោសនានៅអាមេរិកមួយចំនួនលម្អៀង ហើយទម្រាំប្រព័ន្ធឃោសនាអាមេរិកនៅកម្ពុជា វាលម្អៀងដល់ណាទៀត?
ឯកឧត្តមត្រូវមើលប្រទេសឯកឧត្តមផង ឯកឧត្តមកុំនិយាយតែពីគេ ថ្ងៃមុនខ្ញុំនិយាយនៅសៀមរាប សង្ឃឹមថាឯកឧត្តមស្តាប់បានហើយ ព្រោះឯកឧត្តមក៏ចេះខ្មែរច្បាស់ដែរ បើមិនចេះខ្មែរក៏ស្ថានទូតនានាគេ បកប្រែហើយ។ ខ្ញុំនិយាយរឿងបដិវត្តន៍ពណ៌អ្នកណាធ្វើ? ឥឡូវ ឯកឧត្តមសរសើរបដិវត្តន៍ពណ៌ទៀតអត់? ហើយអ្នកដែលគាំទ្របដិវដ្តពណ៌ ចេញមកសរសើរបដិវត្តន៍ពណ៌នៅបជ្ឈឹមបូព៌ា បើមួយថ្ងៃស្លាប់រាប់រយរាប់ពាន់យ៉ាងនេះ។ ឥឡូវ អ្នកបដិវត្តន៍ពណ៌សម្ងំឲ្យឈឹង។ … តើវាយុត្តិធម៌ទេសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា? ម្ខាងមិនបានចុះរូបភាព អំពីការបង្រ្កាបដ៏ឃោរឃៅនៃប៉ូលីសអាមេរិក ចំពោះកម្មករ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតទេ តែបែរជាយកស្រ្តីម្នាក់ដើររបៀបទេសចរណ៍នៅមាត់សមុទ្រទៅវិញ ហើយដាក់រូបភាពការរារាំងបាតុកម្មនៅភ្នំពេញ។ ខ្ញុំស្នើឯកឧត្តមអគ្គរដ្ឋទូតអាមេរិកកត់ត្រាឱ្យច្បាស់ នូវសម្តីអ្នកវិភាគនឹងតំណាងសិទ្ធិមនុស្សមួយចំនួន ដែលបាននិយាយជាមួយសារព័ត៌មាន ឲ្យច្បាស់ថាការបង្រ្កាបនៅអាមេរិក គឺត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។ បានកុំមានស្តង់ដា ២។ ខ្ញុំសង្ឃឹមថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើកន្លងទៅអត់ខុសទេ ដើម្បីការពារសណ្តាប់ធ្នាប់សម្រាប់ប្រទេសមួយ។ រាជរដ្ឋាភិបាលត្រូវតែធ្វើដូចគ្នា។
អ្វីដែលបានកើតឡើងនៅអាមេរិកកាលពីខែមុន អង្កាល់ពីប៉ុន្មានអាទិត្យមុន និងអ្វីដែលបានកើតនៅកម្ពុជាវាក៏អត់ខុសដូចគ្នាដែរ ព្រោះគេយល់ហេតុផលថា អាហ្នឹងឲ្យតែធ្វើបាតុកម្មខុសច្បាប់ ដឹងតែគេបង្រ្កាបហើយ អត់ទាក់ទងនឹងរំលោភសិទ្ធិមនុស្ស។ អាហ្នឹងត្រឹមត្រូវណាស់។ អញ្ចឹង បាតុកម្មម៉ោង ២ យប់ ហើយទៅដុតផ្ទះគេនេះ ស្អីដែរអាហ្នឹង? សុំឯកឧត្តមជួយកត់ត្រាផង … ខ្ញុំមិនចូលចិត្តនិយាយដើមគេពីចម្ងាយ ឥឡូវបានជួបមុខទូតអាមេរិកហើយ និយាយមុខទូតអាមេរិកតែម្តង។ ប៉ូលីសអាមេរិកបង្រ្កាប គេថាអាហ្នឹងបង្រ្កាបត្រឹមត្រូវ អត់រំលោភសិទ្ធិមនុស្សទេ ព្រោះដើម្បីការពារសណ្តាប់ធ្នាប់ប្រទេសអាមេរិក ដល់ទៅកម្ពុជារារាំង ដើម្បីរក្សាសណ្តាប់ធ្នាប់កម្ពុជា វាទៅជារំលោភសិទ្ធិមនុស្ស។ អញ្ចឹង អាមេរិកដើរសម្លាប់អ្នកណាក៏អត់ខុសដែរ រាប់ទាំងសម្លាប់ប្រជាជនខ្មែរ ប្រើប្រាស់គ្រាប់បែក ២ លាន ៧ សែនតោន ក៏នៅតែអត់ខុសអាមេរិកដែរ …។
ដូណាល់ ត្រាំម៍ ឈ្នះការបោះឆ្នោត ពិភពលោកនឹងមានសភាពធូរស្រាលឡើងវិញ
… ទីចុងបំផុត ខ្ញុំថា (លោក) ដូណាល់ ត្រាំម៍ ឈ្នះ គឺឈ្នះមែនហើយ។ បើឯកឧត្តមចង់រៀនអំពីគន្លឹះដែលខ្ញុំវាយតម្លៃ ខ្ញុំនឹងប្រាប់ឯកឧត្តមដោយឡែក។ ហេតុផលអីទៅបានខ្ញុំហ៊ាន និយាយថា ដូណាល់ ត្រាំម៍ ឈ្នះ ៩៩ ភាគរយ? ហើយនៅភ្នំពេញ ចាក់មួយស៊ី ១០ គេថា ហ៊ីឡារី គ្លីនតុន ឈ្នះ, ដូណាល់ ត្រាំម៍ចាញ់។ នៅតាមតំបន់ជាច្រើន គឺចាញ់ផ្កាប់មុខ។ ហ៊ុន សែន អត់ភ្នាល់ជាមួយអ្នកណាទេ ខ្ញុំអត់លូកដៃនោះទេ។ ខ្ញុំសុំរំលឹក។ មនុស្ស ២ នាក់ ដោយហេតុតែចង់វាយក្បាលខ្ញុំ បាននិយាយជាមួយ Cambodia Daily ហើយ Cambodia Daily យកមកផ្សាយឡើងវិញ ផ្សាយគ្រប់ទំព័រសារពត៌មានដែលនិយាយភាសាខ្មែរ។ ពេលហ្នឹងខ្ញុំទៅធ្វើបឋកថា សម្រាប់ថ្នាក់អនុសេនីយ៍ វីរៈសេនីយ៍ និងឧត្តមសេនីយ៍ ហើយនគរបាលជាតិជាង ២.០០០ នាក់ Fresh News ដែលនៅក្បែរហ្នឹង គាត់ចាប់ផ្តើមផ្សាយចេញថា លោក ហ៊ុន សែន ចង់ឲ្យ ដូណាល់ ត្រាំម៍ ឈ្នះ។
ពេលហ្នឹងខ្ញុំវិភាគអំពីនយោបាយ គេហៅថា ពិភពលោកក្នុងស្ថានភាពពហុប៉ូល។ ក្នុងហ្នឹង ខ្ញុំលើកយកប៉ូលមួយចំនួនមកធ្វើការវិនិច្ឆ័យ។ ខ្ញុំបានប្រើពាក្យថា ចង់ឲ្យ ដូណាល់ ត្រាំម៍ ឈ្នះ មូលហេតុសភាពការណ៍បច្ចុប្បន្នវាតានតឹងខ្លាំងណាស់ ក្នុងទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ី ជាពិសេស បញ្ហាខែលកាំជ្រួចនៅក្បែរព្រំដែនរុស្ស៊ី និងប្រទេសដែលនៅព្រំដែនរុស្ស៊ី និងរុស្ស៊ីគម្រាមដាក់តប។ វាធ្ងន់ធ្ងរសម្រាប់ពិភពលោក និងសម្រាប់អឺរ៉ុបខ្លួនឯងតែម្តង ព្រោះពិភពលោកចំណុះឲ្យគ្នាទៅវិញទៅមក។ ដល់ចេញអាហ្នឹងហើយ ខ្ញុំបានជាជ្រុលនិយាយហើយ និយាយម្តងទៀតទៅ។ ដល់ថ្ងៃចុងក្រោយ ថ្ងៃ ៨ ពីព្រឹក ខ្ញុំជួបទូតអាល្លឺម៉ង់ ល្ងាចខ្ញុំជួបទីប្រឹក្សាអង់គ្លេស អ្នកទាំងពីនៅតែប្រកែកជាមួយខ្ញុំ ហើយថា ដូណាល់ ត្រាំម៍ គ្នានលទ្ធភាពឈ្នះ ហើយបើឈ្នះ គឺវេទនា។ រហូតដល់អ្នកខ្លះប្រើពាក្យថា អាចនឹងចុចគន្លឹះនុយក្លេអ៊ែរទៀតផង។
ប៉ុន្តែ មួយថ្ងៃក្រោយរាប់សន្លឹកឆ្នោតទៅ ដូណាល់ ត្រាំម៍ នាំមុខ។ អ្វីដែលគួរតែកត់សម្គាល់នៅត្រង់ ពេលដែលខ្ញុំថា ដូណាល់ ត្រាំម៍ នឹងឈ្នះ គេប្រមាថ ដូណាល់ ត្រាំម៍ ប្រើពាក្យថា សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន គឺជាមនុស្សផ្តាច់ការ ដោយសារមានលុយ, ឯ ហ៊ុន សែន ជាមនុស្សផ្តាច់ការ ដោយសារអាវុធផង និងដោយលុយផង គួរឲ្យខ្មាស់អៀនណាស់។ មួយទៀត លោក អៀ សុផល កំពុងនៅអាមេរិក ជាសាស្រ្តាចារ្យផ្នែកការទូតផង បាននិយាយថា ប្រសិនបើ ដូណាល់ ត្រាំម៍ ឈ្នះឆ្នោត គឺវាជាយុគសម័យនៃការរះឡើងនៃពួកអវិជ្ជា។ គាត់និយាយថា គឺចរិកដូចគ្នាណាស់ រវាង ហ៊ុន សែន និង (លោក) ដូណាល់ ត្រាំម៍, (គេរាប់)មាន ដូណាល់ ត្រាំម៍, មាន Putin, មាន Mugabe គាំទ្រ ឥឡូវ (លោក) ដូណាល់ ត្រាំម៍ ឈ្នះពិតប្រាកដ។ បើពួកអវិជ្ជាមួយទៅកាន់ធ្វើប្រធានាធិបតីអាមេរិក សូម្បីតែលោក Heidt ក៏គួរតែលាលែងដែរ អាហ្នឹងខ្ញុំឲ្យយោបល់។
ហួសហេតុពេកហើយ ចង់វាយក្បាល ហ៊ុន សែន តែមិនត្រូវក្បាល ហ៊ុន សែន ទៅត្រូវក្បាល ដូណាល់ ត្រាំម៍ វិញ។ ខ្ញុំសុំរំលឹក ខ្ញុំអត់បាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងរិះគន់ លោកជំទាវ ហ៊ីឡារី គ្លីនតុន ទេ ហើយក៏អត់បាននិយាយអំពីនយោបាយគាំទ្រអ្នកណាអីអ្នកណាដែរ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែយកការវិភាគមួយថា វានឹងមានការធូរស្រាលនៅក្នុងពិភពលោកមួយ ដែលកំពុងតានតឹង រវាងមហាអំណាចនុយក្លេអ៊ែរ រវាងបញ្ហាកូរ៉េខាងជើងវាជារឿងមួយស្មុគស្មាញទៅហើយ បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់វាជាបញ្ហាស្មុគស្មាញទៅហើយ។ ខ្ញុំមិនមែនសាស្រ្តាចារ្យការទូត ដូច លោក អៀ សុផល ទេ ក៏ប៉ុន្តែ ខ្ញុំធ្វើការទូតជិត ៣៨ ឆ្នាំហើយ បើចាប់ផ្តើមចាប់ពីថ្ងៃ ២ ធ្នូ។ ពេលបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ខ្ញុំជាប្រធានយុវជនកម្ពុជា ទទួលបន្ទុកកិច្ចការមហាជនទាំងអស់ និងកិច្ចការបរទេសរបស់រណសិរ្សសង្រ្គោះជាតិកម្ពុជា តាំងពីខ្ញុំអាយុ ២៦ ឆ្នាំ។ ដូច្នេះ ខ្ញុំមានហេតុផលគ្រប់គ្រាន់ ដើម្បីនឹងអះអាងថា ដូណាល់ ត្រាំម៍ ឈ្នះទី ១។ ទី ២ ដូណាល់ ត្រាំម៍ ឈ្នះ សភាពការណ៍វានឹងធូរស្រាល។
នេះជាសិទ្ធិនិយាយរបស់ខ្ញុំ ប៉ុន្តែ ហេតុអីបានគេគិតស្មានថា ១០០% ដូណាល់ ត្រាំម៍ ចាញ់ហើយ គេហ៊ានវាយប្រហារ ដូណាល់ ត្រាំម៍ ថា ពួកអវិជ្ជា។ បើខ្ញុំជា អៀ សុផល ខ្ញុំចាកចេញពីប្រទេសអាមេរិកភ្លាម។ ម្នាក់ទៀតធ្វើឯងបង្ហោះតាមហ្វេសប៊ុក ធ្វើអបអរសាទរ។ ខ្ញុំគ្រាន់តែរំលឹកទេ។ មនុស្សយើងកុំឲ្យជ្រុលនិយម ហើយកុំមើលតែសម្បកក្រៅ សូម្បីតែ ប៊្រេត តូនី ពិតមែនតែគាត់ជាទីប្រឹក្សារាជរដ្ឋាភិបាល ក៏ប៉ុន្តែ គាត់មានជំហរខុសខ្ញុំ។ គាត់ពីដើមជាមេធាវីនៅសេតវិមាន ជំនាន់ រ៉ូណាល់ រីហ្គេន ឯណោះ ក្រោយមក ធ្វើមេធាវីឲ្យគណបក្សប្រជាជន។
កុំអាមេរិកជាងអាមេរិក
ខ្ញុំនិយាយរឿងចៅរបស់ខ្ញុំវិញ។ សាលា ISPP នេះ ក៏លម្អៀងដែរ ចៅរបស់ខ្ញុំទាំងអស់ត្រូវគេអប់រំឲ្យស្អប់ ដូណាល់ ត្រាំម៍ ទាំងអស់ …។ អញ្ចឹង បានសេចក្តីថា សាស្ត្រាចារ្យក្នុងសាលាហ្នឹងទាំងអស់ ពេលហ្នឹងក៏នៅស្រុកខ្មែររហូតទៅ។ ប្រទេសមហាអំណាចមួយ ឥឡូវ ពួកផ្តាច់ និងឆោតល្ងង់ គេហៅថាពួកអវិជ្ជាអត់ចេះដឹង ដឹកនាំហើយ។ ខ្ញុំសុំជម្រាប ដូណាល់ ត្រាំម៍ ជាសេដ្ឋីប្រាក់ពាន់លាន(ដុល្លារ) បើគេចេះរកស៊ីរហូតដល់ប្រាក់រាប់ពាន់លានហើយ គេឆ្លាត ត្រូវយល់អញ្ចេះ បានសេចក្តីថា គេឆ្លាត បានគេរកស៊ីមាន មើលតែប៉ុណ្ណឹងក៏អាចយល់បានដែរ…។
ឥឡូវ ខ្ញុំគ្រប់កាសែតខ្មែរទាំងអស់ បកប្រែពី Cambodia Daily ឬ Cambodia Daily បកប្រែរួចហើយ យកមកចុះផ្សាយឡើងវិញ ឲ្យឃើញសំដីមនុស្សពីរនាក់។ មូលហេតុដែលស្អប់ ហ៊ុន សែន គឺទៅជេរដល់ ដូណាល់ ត្រាំម៍ ហើយបញ្ជូនឲ្យដល់ ដូណាល់ ត្រាំម៍។ កោតតែធ្វើទៅរួច។ ចុងក្រោយមក មិនអស់ចិត្តទេ នៅមកពន្យុះថា ដូណាល់ ត្រាំម៍ អនុវត្តគោលនយោបាយគាំពារនិយម។ ខ្ញុំសុំបញ្ជាក់ប្រាប់ក្មួយៗ កុំផ្អើលថា កូកាកូឡា នឹងដក … កុំអាមេរិកជាងអាមេរិក កុំ ដូណាល់ ត្រាំម៍ ជាង ដូណាល់ ត្រាំម៍ កុំ ហ៊ីឡារី គ្លីនតុន ជាង ហ៊ីឡារី គ្លីនតុន។ ខ្ញុំមិនជឿថា នយោបាយគាំពារនិយម នាំមកនូវផលប្រយោជន៍ដល់អាមេរិកទេ។ ខ្ញុំលើកឧទាហរណ៍ អាមេរិកកាត់បន្ថយការវិនិយោគចេញក្រៅ អញ្ចឹង នេះជាការខាតបង់របស់អាមេរិក។
មនុស្សមួយចំនួនមកនិយាយជាមួយ ហ៊ុន សែន និយាយមួយចំណុច ខ្ញុំឆ្លើយមួយចំណុច។ គេថា អាមេរិកកាត់បន្ថយការវិនិយោគចេញក្រៅ ដោយបង្វិលទុនវិនិយោគចូលក្នុងស្រុកវិញ។ ខ្ញុំបានប្រាប់ថា អាមេរិកខាតបង់ធ្ងន់។ ទី ១. ផ្សារខាងក្រៅ គឺកំពុងតែទាក់ទាញវិនិយោគ មកពីខាងណាក៏គេទទួលដែរ បើអត់អាមេរិក មានអ្នកដទៃមកវិនិយោគអាកន្លែងហ្នឹង។ ឧទាហរណ៍ អាមេរិកទៅផលិតរថយន្ត ប៉ុន្តែ បើប្រជាជនអាមេរិកមិនព្រមជិះរថយន្តអាមេរិកផលិត តើអ្នកវិនិយោគអាមេរិកផលិតរថយន្តបានអីទៀត? អញ្ចឹង វាត្រូវផ្តល់ឱកាសឲ្យនាំចូលរថយន្តជប៉ុន ឲ្យនាំចូលរថយន្តរបស់អាល្លឺម៉ង់ ហើយក៏អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនអាល្លឺម៉ង់ផលិតរថយន្តនៅក្នុងប្រទេសអាមេរិក មិនអញ្ចឹង? ចុះបើប្រជាជនអាមេរិកខ្លួនឯងមិនទាំងជិះឡានអាមេរិកផង។
យ៉ាងច្រើនអាមេរិកអាចដំឡើងពន្ធដារពីប្រទេសដែលធ្លាប់តែផ្តល់ភាពអនុគ្រោះ ប៉ុន្តែ ការដំឡើងពន្ធដារ មិនមែនផលចំណេញបានទៅប្រជាជនអាមេរិកទេ ព្រោះតែដំឡើងពន្ធដារគ្រឹប អាតម្លៃទំនិញយកទៅលក់ ឧទាហរណ៍ថា នាំចូលពីស្រុកខ្មែរទៅនូវស្បែកជើង ១ គូ លក់តែ ១០០ ដុល្លារទេ ដល់វ៉ៃពន្ធឡើង អ្នកយកពីស្រុកខ្មែរទៅ ត្រូវលក់ ១២០ ដុល្លារ។ អញ្ចឹង អ្នកដែលងាប់ គឺប្រជាជនអាមេរិក។
ការងារនៅក្រៅប្រទេសជាចំណែកមួយ នៃទីផ្សារការងារដែលប្រទេសនានាស្វែងរក
ខ្ញុំបកស្រាយតាមការចេះដឹងខាងសេដ្ឋកិច្ចរបស់ខ្ញុំដែរ។ បើទោះបីថា ខ្ញុំមិនមែនរៀនខាងសាលាសេដ្ឋកិច្ច ក៏ប៉ុន្តែ ក៏បានដឹកនាំសេដ្ឋកិច្ចកម្ពុជាតាំងពីបាតដៃទទេ តាំងពីក្មួយៗអត់ទាន់កើតឯណោះ។ តាំងពីបាតដៃទទេ ក្មួយៗ ភ្នំពេញពូចូលមកមានមនុស្សតែ ៧០ នាក់ទេ ថ្ងៃនេះ ក្មួយៗមានការងារធ្វើ មានប្រាក់ មានមុខរបរ។ ពិតហើយវាមិនទាន់គ្រប់គ្រាន់ ប៉ុន្តែ កុំភ្លេចថា ការងារនៅក្រៅប្រទេសក៏ជាចំណែកមួយ នៃទីផ្សារការងារ ដែលប្រទេសនានាស្វែងរកដែរ រាប់ទាំងថៃ រាប់ទាំងហ្វីលីពីន។ មានប្រទេសខ្វះពលកម្ម ដែលមិនបញ្ចេញពលកម្មទៅខាងក្រៅ មានតែសាំងហ្គាពួរ និងម៉ាឡេស៊ីទេ។ ឯថៃខ្លួនឯងនាំពលករទៅកូរ៉េ នាំពលករទៅមជ្ឈឹមបូព៌ា ប៉ុន្តែជំនួសវិញដោយកម្មករខ្មែរ កម្មករមីយ៉ាន់ម៉ា និងកម្មករឡាវ។ លោកជំទាវ អោង សានស៊ូគ្យី (ប្រាប់ពលរដ្ឋគាត់) ថា ទៅ! យើងទៅផ្ទះ។ បក្សប្រឆាំងនៅកម្ពុជាប្រើពាក្យមួយថា ទៅ! យើងទៅស្រុកថៃរកការងារធ្វើ។ ឥឡូវខ្ញុំចោទជាសំណួរមួយ។ យើងថា កម្មករមីយ៉ាន់ម៉ា ២ លាននាក់ កំពុងនៅក្នុងប្រទេសថៃ (នឹងវិល) ទៅស៊ីអាប្រាក់ខែ ៦៧ ដុល្លារ ហ្នឹងទេ? ឬខ្ញុំថាឲ្យ ១០០ (ដុល្លារ)ចុះ ក្នុងពេលដែលប្រទេសថៃរកបាន ២០០-៣០០ (ដុល្លារ)។ មិនមែនរឿងលេងសើចទេ។
អ្នកដែលនៅស្រុកខ្មែរកុំដាក់ផ្លែដាក់ផ្កាឲ្យខ្ញុំ។ ចាំមើលទៅ។ តើប៉ុន្មានឆ្នាំទើបកម្មករមីយ៉ាន់ម៉ាអាចត្រឡប់ទៅស្រុកកំណើតវិញបាន? … ធ្វើបក្សប្រឆាំងផ្សេង តែធ្វើរដ្ឋាភិបាលផ្សឹង។ អត់និយាយលេងសើចបានទេ។ ឥឡូវសួរថា (មីយ៉ាន់ម៉ា)បង្កើតការងារបានប៉ុន្មាន? បង្កើតបានតិចតួចហ្នឹង គ្រាន់តែមនុស្សដល់អាយុ ធ្វើការមិនគ្រប់ផង។ រឿងធំជាងគេ តើអ្នក ២ លាននាក់ នេះ សុខចិត្តទៅស៊ីប្រាក់ខែ ៨០ (ដុល្លារ)ទេ? ស៊ុន ចាន់ថុល បើកឲ្យខ្ញុំមើល ថ្ងៃមុនតែ ៦៧ (ដុល្លារ)ទេ ប៉ុនខ្ញុំថាឲ្យ ៨០ (ដុល្លារ) ឬ ១០០ (ដុល្លារ) ទៅចុះ យើងនៅឯណេះ (កម្ពុជា) ១៥៣ (ដុល្លារ) គាត់មិនព្រមមកវិញផង។ កន្លែងខ្លះខ្វះពលកម្ម។
ភាពខុសគ្នាអំពីការបង្ក្រាបបាតុកម្មនៅអាមេរិក និងនៅកម្ពុជា
… សង្ឃឹមថា ឯកឧត្តមអគ្គរដ្ឋទូតនឹងមិនចិត្តអាក្រក់ ក្នុងការផ្តល់នូវឯកសារ អំពីការបង្ក្រាបរបស់ប៉ូលីសអាមេរិកទៅលើបាតុកម្មនៅអាមេរិកទេ ព្រោះមានទូរទស្សន៍ច្រើនណាស់រាប់ទាំង CNN ផ្សាយដែរ ហើយចាប់(បាតុករ)រាប់រយរាប់ពាន់(នាក់)។ រួចនៅទីនេះគេថា វិធានការណ៍របស់រដ្ឋាភិបាលអាមេរិកអត់មានអីខុស ដើម្បីការពារសណ្តាប់ធ្នាប់ ហើយក៏អត់រំលោភសិទ្ធិមនុស្សដែរ។ អញ្ចឹង កត់ត្រាឲ្យច្បាស់អាកន្លែងហ្នឹង។ កុំមានស្តង់ដារពីរ។ សុំតែពិភពលោកមួយស្តង់ដារមួយ។ កុំដើរប្រដៅគេ ខ្លួនឯងធ្វើបាន ដល់គេធ្វើមិនបាន។ រោងចក្រនេះក៏អាចឆេះបានដែរ បើសិនជា(រាជ)រដ្ឋាភិបាលមិនរារាំង។ តំបន់ឧស្សាហកម្មនេះត្រូវបានគេមកបំផ្លាញ នៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ រហូតដល់ទូតជប៉ុនហៅមេបាតុកម្មទៅព្រមាន។ តើឲ្យ(រាជ)រដ្ឋាភិបាលធ្វើយ៉ាងម៉េច? សង្ឃឹមថា ទូតអាមេរិកមិនខឹងខ្ញុំទេ ព្រោះទូតអាមេរិកក៏ចូលចិត្តថាឲ្យបញ្ចេញមតិ។ ឥឡូវខ្ញុំបញ្ចេញមតិហើយ។
ដូណាល់ ត្រាំម៍ មិនសម្លាប់សេដ្ឋកិច្ចអាមេរិក តាមរយៈនយោបាយគាំពារនិយមទេ
សុំកុំភ្ញាក់ផ្អើល លោក ដូណាល់ ត្រាំម៍ ជាអ្នកធុរជន គាត់ចេះចំណេះខាងសេដ្ឋកិច្ចយ៉ាងច្បាស់ គាត់មិនសម្លាប់សេដ្ឋកិច្ចគាត់ តាមរយៈនយោបាយគាំពារនិយមទេ។ បើគាត់ហ៊ានបិទទ្វារខ្ទប់ទុនមិនឲ្យចេញក្រៅ គឺគាត់នឹងសម្លាប់ខ្លួនឯង។ ប្រទេសដទៃ ដែលមានសក្តានុពលខាងសេដ្ឋកិច្ចដណ្តើមយកទីផ្សារអស់ ហើយទំនិញប្រើប្រាស់ក្នុងស្រុក ប្រជាជនគាត់មិនអាចប្រើប្រាស់ទំនិញអាមេរិកអស់ទេ។ បើសិនជារឿងគាត់ដំឡើងពន្ធពីប្រទេសនានា អ្នកដែលទទួលផលចំណេញ រដ្ឋាភិបាលអាមេរិកបានប្រាក់ពន្ធកើន ប៉ុន្តែ អ្នកដែលត្រូវបង់ថ្លៃ គឺប្រជាជនអាមេរិក។ បកត្រឡប់មកវិញ ទំនិញអាមេរិកនាំចូលទីផ្សារ(ប្រទេស)ដទៃ ក៏គេត្រូវវ៉ៃពន្ធដូចគ្នា។ តម្លើងពន្ធដូចគ្នា។
រាជរដ្ឋាភិបាលអត់ដំឡើងពន្ធទេ តែត្រូវប្រមូលពន្ធឲ្យអស់
កម្ពុជាមិនយកវិធានការណ៍ឆោតល្ងង់ទេ ព្រោះដើម្បីតម្រូវការប្រជាជនខ្លួន កម្ពុជាមិនតម្រូវការដំឡើងពន្ធ លើមុខទំនិញនានាទេ។ ខ្ញុំមិនមែនអ្នកសេដ្ឋកិច្ចទេ ក៏ប៉ុន្តែ កាលណាតម្លើងពន្ធគ្រឹប គឺអាតម្លៃហ្នឹងក៏វា ឡើងដែរ។ ពេលនេះ រាជរដ្ឋាភិបាល ហ៊ុន សែន អត់តម្លើងពន្ធទេ តែត្រូវយកពន្ធឲ្យអស់តែប៉ុណ្ណឹងទេ។ ពន្ធដែលមិនទាន់បានយក ត្រូវយកឲ្យអស់។ តាមរយៈពន្ធដារនោះហើយ ដែលយើងមានទុនធ្វើវិនិយោគ ដែលយើងមានទុនដំឡើងប្រាក់ខែ។ ឥឡូវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា កម្មករ កម្មការិនីទាំងអស់កំពុងរង់ចាំដាច់ឆ្នាំ ម្យ៉ាងបានចូលឆ្នាំសកលផង ម្យ៉ាងបានទទួលការឡើងបៀវត្សរ៍ផង។ បើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន់ឲ្យចូលដល់ឆ្នាំខ្មែរថែមទៀត ព្រោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឡើងប្រាក់ខែពីរដង មួយតង់ឡើងដាច់ឆ្នាំនេះ ឡើងកំដរដៃទេអាហ្នឹងនោះ ប៉ុនដល់ឡើងខ្ពស់នោះ ត្រូវដល់ថ្ងៃទី ០១ ខែ មេសា ឆ្នាំក្រោយ។ ចូលឆ្នាំផង ឡើងប្រាក់ខែផង ហើយបើកប្រាក់ខែមុនដាច់ខែ គឺបានសេចក្តីថា មុនចូលឆ្នាំ។
គួរតែស្វាគមន៍ ដូណាល់ ត្រាំម៍ ដែលថា ប្រទេសណាយកកងទ័ពអាមេរិកការពារត្រូវបង់ថ្លៃ
… ត្រង់អាមេរិកដើរទៅផ្លូវណាអីផ្លូវណា ហ្នឹងជាសិទ្ធិរបស់អាមេរិកទេ ប៉ុន្តែ យោងទៅលើការវិភាគរបស់ខ្ញុំ មិនគួរនឹងខ្លាច ដូណាល់ ត្រាំម៍ ទេ គួរតែត្រូវបានស្វាគមន៍ត្រឡប់ទៅវិញថា ប្រទេសណាដែលយកកងទ័ពអាមេរិកការពារត្រូវបង់ថ្លៃ។ មានន័យថា អ្នកអត់មានលុយបង់ថ្លៃ អត់កងទ័ពអាមេរិកនៅទៀតទេ។ អញ្ចឹង ប្រជាជនអាមេរិកខ្លួនឯងជាអ្នកទទួលផលនោះ ទី ១. ខ្លួនមិនត្រូវបានបង់ពន្ធ ហើយយកទៅចំណាយការពារប្រទេសផ្សេង និង ទី ២. មិនចាំបាច់បញ្ជូនកូនបញ្ជូនចៅទៅប្រទេសក្រៅទៀតទេ។ នេះជាផ្នែកមួយ នៃចំណុចឈ្នះរបស់ ដូណាល់ ត្រាំម៍។ នៅសល់ចំណុចមួយចំនួនទៀត។ មានចំណុចមួយខ្លាំងជាងគេ ចាំខ្ញុំលួចប្រាប់ក្រោយ។ ខ្ញុំមិនមែនអ្នកវិទ្យាសាស្ត្រនយោបាយ, វិទ្យាសាស្ត្រសង្គម ឬសាស្ត្រាចារ្យការទូតបែបអ្នកដែលចោទ ដូណាល់ ត្រាំម៍ ថាអវិជ្ជា ហើយកំពុងនៅស្រុកអាមេរិកនោះទេ។ ឥឡូវ សុំអំពាវនាវអ្នកទាំងនោះ ចាកចេញពីអាមេរិកមក ខ្ញុំសុំនិយាយដោយត្រង់ វាគួរឲ្យខ្មាសអៀនណាស់ រហូតទៅដល់ចោទបេក្ខជនប្រធានាធិបតី នៃប្រទេសមហាអំណាចមួយជាជនផ្តាច់ការ ហើយជាជនអវិជ្ជា។ មួយហៅថា ខ្វះការអប់រំ និងផ្តាច់ការ ហើយមួយទៀត គឺផ្តាច់ការផង អវិជ្ជាផង …។
សុំអប់រំយុវជនឲ្យក្លាយទៅជាពលរដ្ឋល្អ
សុំបង្រៀនយុវជនឲ្យរៀនសូត្រ សុំបង្រៀនយុវជនឲ្យលេងកីឡា សុំបង្រៀនយុវជនឲ្យមានសុជីវធម៌ ឲ្យចេះ គោរពចាស់ទុំ ឲ្យមានគុណធម៌ កុំបង្រៀនយុវជនឲ្យចេះជេរ កុំបង្រៀនយុវជនឲ្យចេះប្រមាថ កុំបង្រៀនយុវ ជនឲ្យចេះប្រើអំពើហិង្សា កុំបង្រៀនយុវជនឲ្យចេះប្រើគ្រឿងញៀន ឬក៏ផឹកស៊ីតាមរបៀបពាលាអាវ៉ាសែ នេះ គឺជាអ្វីដែលខ្ញុំចង់បាន។ គេអត់ទៅរើសមនុស្សផ្តេសផ្តាសយកមកធ្វើការក្នុងរោងចក្រគេទេ។ ខូចរោងចក្រគេ។ បើកាលណាក្មួយៗ ធ្វើការល្អ គេចំណេញ យ៉ាងហោចណាស់គេជួយសម្រួល ដូចជា រោងចក្រនេះ គេជួយសម្រួលអាហារមួយពេលដោយមិនគិតថ្លៃ។ ស្រាប់ដល់ពេលថ្ងៃណាមួយ វាចុងឆ្នាំទៅឃើញថា គេចំណេញច្រើន គេបើប្រាក់ខែដល់ ១៣ ខែ ឯណោះ/មួយឆ្នាំ ជាឧទាហរណ៍។ អញ្ចឹង ទាំងក្រសួងការងារ ទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាំគ្នាធ្វើការទាំងអស់ ដើម្បីបង្កលក្ខណៈ ធ្វើម៉េចឲ្យប្រទេសរបស់យើងរីកលូតលាស់ខាងវិស័យឧស្សាហកម្ម។
សម្តែងមរណទុក្ខចំពោះក្រុមកីឡាបាល់ទាត់ដ៏ឆ្នើមប្រេស៊ីល ដែលបានធ្លាក់យន្តហោះ
… សុំយកឱកាសនេះ ពីទីនេះ សម្តែងនូវមរណទុក្ខ ចំពោះក្រុមកីឡាបាល់ទាត់របស់ប្រេស៊ីល ដែលបានធ្លាក់យន្តហោះកំពុងធ្វើដំណើរមកប្រកួតនៅកូឡុំប៊ី ដែលជាសោកនាដកម្មមួយ ក្នុងចំណោមសោកនាដកម្មសម្រាប់ក្រុមកីឡាបាល់ទាត់ដ៏ឆ្នើមរបស់ប្រទេសប្រេស៊ីល។ សង្ឃឹមថា អ្នកដែលចូលចិត្តទៅលើវិស័យកីឡា មិនភ្លេច និងសម្តែងនូវការសោកស្តាយ ចំពោះភាពអនោចអធម ដែលក្រុមកីឡាបាល់ទាត់របស់ប្រេស៊ីលបានជួបប្រទះនេះទេ។ ហើយក៏សុំជូនពរអ្នកត្រូវរបួស ដែលកំពុងព្យាបាលសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ឆាប់បានជាសះស្បើយ។ ហើយផ្ញើជូនចំពោះគ្រួសារនៃសព ដែល(សមាជិកគ្រួសារ)ទទួល នូវការធ្លាក់យន្តហោះនេះ ចែករំលែកនូវមរណទុក្ខទាំងនេះ ពីគ្រួសារទាំងអស់នោះ។ នេះជារឿងមួយ ដែលសហព័ន្ធកីឡាបាល់ទាត់របស់កម្ពុជាក៏ត្រូវចងចាំ។ ខ្ញុំឃើញថា ម្សិលមិញមានការប្រកួត រវាងមីយ៉ាន់ម៉ា ជាមួយនឹងថៃ មុនការប្រកួតពួកគេបានធ្វើការគោរពវិញ្ញាណក្ខន្ធ ចំពោះអ្នកដែលបានស្លាប់។ នេះគឺជាការគួរឲ្យសោកស្តាយ សម្រាប់យើងជាអ្នកដែលធ្លាប់ស្គាល់ពួកក្រុមកីឡាទាំងឡាយ៕