សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធរោងចក្រភេសជ្ជៈ កូកាកូឡា នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា

ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ​ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ រីករាយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុម​ហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹង​មក​​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។ នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លាន​ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​រោង​ចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាច​ឲ្យ​ឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ…