- ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- លោក តុង វិនពាវប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ី អឹម អាយ ជី (CMIG)
- អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា
- ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!
ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយជាអនេកដោយមានកិត្តិយស បានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាពិសេសធុរជនកម្ពុជា និងចិនទាំងអស់ក្នុងពិធីលៀងសាយ- ភោជន៍នារាត្រីនេះ។
ឆ្លៀតឱកាសនេះខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី សហការ និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានញុំាងឱ្យវេទិកា ថ្ងៃនេះទទួលបានផ្លែផ្កា និងសម្រេចជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងក្រុមហ៊ុន ស៊ី អឹម អាយ ជី (CMIG) ដែលបានចាប់ដៃគូគ្នាក្នុងការផ្ដួចផ្ដើមគំនិតរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ។ ទន្ទឹមគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណ និងសូមកោតសរសើរ ចំពោះវាគ្មិនទាំងអស់ដែលបានធ្វើបទបង្ហាញ និងធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យ ពាក់ព័ន្ធនឹងការវិនិយោគ ការអភិវឌ្ឍ ក្នុងវិស័យអចលនទ្រព្យ វិស័យហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀតនៅកម្ពុជា និងការគិតគូររួមគ្នាក្នុងការទាញផលឱ្យបានជាអតិប្បរមា ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ”។
ឆ្លងតាមការធ្វើបទបង្ហាញ និងការពិភាក្សាយ៉ាងផុលផុសពីសំណាក់វាគ្មិនសំខាន់ៗ ដែលអញ្ជើញមកពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែង អង្គវេទិកាពិតជាបានទទួលនូវព័ត៌មានថ្មីៗបំផុត អំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈមនឹងដំណោះស្រាយ និងទស្សនវិស័យនាពេលអនាគត នៃការអភិវឌ្ឍវិស័យទាំងអស់នេះ។ ជាការពិតណាស់ ជាមួយនឹងការអញ្ជើញមកធ្វើទស្សនកិច្ចជាក់ស្តែង និងការទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ខ្ញុំមានជំនឿយ៉ាងមុតមាំថា ធុរជនទាំងអស់នឹងមានមូលដ្ឋានក្នុងការវាយតម្លៃ និងពិចារណាក្នុងការសម្រេចចិត្តធ្វើធុរកិច្ច និងវិនិយោគ។ ជាលទ្ធផល នៅមុននេះបន្តិច យើងបានឃើញមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍទីក្រុងមិត្តភាពកម្ពុជា-ចិន រវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងក្រុមហ៊ុន អេស អា អ៊ី គ្រុប (SRE Group) ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូធុរកិច្ច និងវិនិយោគនៅកម្ពុជាដែលខ្ញុំបានធ្វើជាអធិបតី។ ខ្ញុំពិតជាមានសេចក្តីពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលបានកើតចេញពីវេទិកានាថ្ងៃនេះ។
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី !
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ជាឱឡារិកថា រាជរដ្ឋាភិបាលនៅតែមានជំហរបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះរាល់គម្រោងវិនិយោគមកកម្ពុជា ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ការបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងតម្លៃទាប ការបណ្តុះបណ្តាលជំនាញសម្រាប់កម្មករ និយោជិត និងការបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ទន្ទឹមគ្នានេះ ខ្ញុំសូមស្នើឱ្យគ្រប់ភាគីទាំងអស់ បន្តធ្វើការឱ្យកាន់តែសកម្មថែមទៀត និងធ្វើការចែករំលែកព័ត៌មានពាណិជ្ជកម្ម និងវិនិយោគគ្រប់ជ្រុងជ្រោយ ជូនអ្នកវិនិយោគ ហើយត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ និងដោះស្រាយបញ្ហានានា ក្នុងគោលដៅឱ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជា។
ខ្ញុំមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ការជួបជុំនាថ្ងៃនេះមិនមែនជាការជួបជុំលើកចុងក្រោយទេ។ ខ្ញុំសូមគាំទ្រចំពោះការរៀបចំវេទិកាបែបនេះ ជាបន្តបន្ទាប់ទៀតនាថ្ងៃខាងមុខ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូម អញ្ជើញធុរជនចិនទាំងអស់ ដែលមានវត្តមាននាថ្ងៃនេះ និងអ្នកវិនិយោគចិនដែលមិនធ្លាប់មកទស្សនាកម្ពុជា មកធ្វើទស្សនកិច្ចសិក្សាស៊ីជម្រៅ ពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ និងឈានទៅដល់ការធ្វើសេចក្តីសម្រេចចិត្តវិនិយោគនៅកម្ពុជា។
មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គវេទិកាទាំងមូល ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងបានផ្ដល់នូវវិភាគទានជាបញ្ញាញាណ មតិយោបល់ និងអនុសាសន៍នានានៅថ្ងៃនេះ។ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលភាព និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ជាទីបញ្ចប់ ខ្ញុំសូមអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ អញ្ជើញលើកកែវឡើង ដើម្បីជាសក្ខីភាពនៃការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕
សូមអរគុណ !