សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហា!
សម្រាប់ ទិវាទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដ៏មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយចូលរួម អបអរសាទរជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់ ដែលបាន និងកំពុងរៀបចំខ្លួនសំដែងការអបអរសាទរ និងទិវាបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង។ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ គឺជាការបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្ស និស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បានបន្តការសិក្សាទៅថ្នាក់ខ្ពស់ជាបន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។ ក្នុងទិវាដ៏ឱឡារិកនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា នូវឆន្ទៈ និងបុព្វហេតុយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំ ជាពិសេសការជំរុញការកសាងធនធានមនុស្ស ប្រកប ដោយគុណភាព និងប្រសិទ្ធិភាព។
យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវឱ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្ស ប្រកបដោយគុណភាព និងមានសក្តានុពលសម្រាប់សង្គមជាតិឱ្យមានការរីកចម្រើន ភាពសុខដុម និង ចីរភាពទៀតផង។ ទន្ទឹមនេះ ការអប់រំត្រូវឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅ នឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ស្របជាមួយនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាព័ត៌ មានបាន និងកំពុងទទួលបាននូវឧត្តមភាពយ៉ាងខ្លាំង ប៉ុន្តែ ទោះបីជាបច្ចេកវិទ្យាព័ត៌មានមានការអភិវឌ្ឍ យ៉ាងខ្លាំងក៏ដោយ ក៏មិនអាចទៅជំនួសឱ្យធនធានមនុស្សបានឡើយ។
ក្នុងន័យនេះ ពិតណាស់ថា សង្គមជាតិមួយអាចរីកចម្រើនបាន មិនប្រាកដថាសង្គមជាតិនោះត្រូវសម្បូរទៅ ដោយធនធានធម្មជាតិនោះទេ តែផ្ទុយមកវិញ សង្គមជាតិដែលសម្បូរដោយធនធានមនុស្សប្រកបដោយ សក្តានុពល អាចប្រែក្លាយសង្គមជាតិរបស់ខ្លួនឱ្យមានការអភិវឌ្ឍជឿនលឿនយ៉ាងរឹងមាំ។ ក្នុងស្មារតីនេះ ខ្ញុំនៅតែយល់ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាននេះ ឧត្តមភាពប្រកួតប្រជែងរបស់ប្រទេស ជាតិមួយ នៅតែអាស្រ័យជាសំខាន់លើកត្តាធនធានមនុស្សដែលមានចំណេះដឹង និងចំណេះធ្វើទូលំទូលាយ និងមានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់។ ប្រការនេះ តម្រូវឱ្យរាជរដ្ឋាភិបាលបន្តផ្តោតការយក ចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាមុតស្រួច ក្នុងការជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ជាពិសេស ក្នុងពេលដែល កម្ពុជាមានចក្ខុវិស័យចង់ក្លាយទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះ លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ បុគ្កលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរ ដែនដី និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែងដល់គ្រប់សកម្មភាព ដើម្បីបុព្វហេតុកសាង និងអភិវឌ្ឍវិស័យអប់រំនៅ កម្ពុជា ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។ ក្នុងនោះ លោកគ្រូ អ្នកគ្រូ បានខិតខំអស់លទ្ធភាព ឈរលើមនសិការវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ មានគំនិតច្នៃប្រឌិត គោរព វិន័យ ស្របតាមក្របសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកប ដោយប្រសិទ្ធិភាព ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍវិស័យអប់រំនៅគ្រប់ភូមិសិក្សា ឱ្យដំណើរការប្រកបដោយ ជោគជ័យ។
ជាមួយនេះ ក្រសួងអប់រំយុវជន និងកីឡា បាន និងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅគ្រប់ការងារអប់រំ ជា- អាទិ៍៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិថ្មីៗនេះ ដែលសិស្សទទួលបាននិទ្ទេស(អេ) រហូតទៅ ដល់ ៤០៥ នាក់ គឺជាសារឆ្លើយតប និងបង្ហាញនូវការចូលរួមជួយជ្រោមជ្រែងជម្រុញឱ្យគុណភាពអប់រំ មានភាពល្អប្រសើរនាពេលកន្លងមក និងពេលអនាគត។
ក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការអបអរសាទរ និងលើកទឹកចិត្តខ្ពស់ចំពោះក្មួយៗសិស្សានុ សិស្សទាំងអស់ទើបនឹងចូលរៀនថ្មី ទាំងសិស្សចាស់ នៅគ្រប់ភូមិសិក្សា ហើយ ខ្ញុំព្រះករុណាខ្ញុំ សូមគាំទ្រ ជាឱឡារិកចំពោះថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ ដែលប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ស្របនឹងពេលដែលប្រទេសជាតិ ស្ថិតក្នងសុខសន្តិភាព វឌ្ឍនភាព និងភាពសុខដុម។
ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
បងប្អូនជនរួមជាតិ ជាទីស្នេហា!
ក្នុងពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ ក្រសួងអប់រំយុវជន និងកីឡា ដើរតួយ៉ាងសំខាន់ និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់វិស័យអប់រំ ការកសាងជំនឿទុកចិត្តចំពោះការងារអប់រំ ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ យើងបានប្តេជ្ញាហើយថា មិនទុកឱ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬមិនបានទទួលសេវាអប់រំនោះឡើយ។ ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវឱ្យជនរួមជាតិ យើងទាំងអស់ ចូរនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឱ្យបាន គ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ត្រូវជួយសម្របសម្រួល និងផ្តល់លទ្ធភាពជូនដល់ពួកគេឱ្យបានចូលរៀន និងរៀនបានចប់តាមកម្រិត ថ្នាក់ និងចប់ភូមិសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ឱ្យសមនឹងពាក្យថា ចំណេះវិជ្ជា ជាទ្រព្យ គាប់ប្រសើរ។
ក្នុងស្មារតីនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យអប់រំរបស់យើងឱ្យកាន់តែរីកលូតលាស់ បន្ថែមទៀត។ ជាក់ស្តែង រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ និងបន្តខិតខំពុះពារដោះស្រាយរាល់ចំណុច សេសសល់ និងសំណូមពរនានា ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ ទាំងអ្នកសិក្សា និងគ្រូបង្រៀន ឱ្យ ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំ ទាំងក្នុងតំបន់ និង ពិភពលោក។ ជាការពិត ដើម្បីអនុវត្តបាននូវស្មារតីនេះ ទាមទារឱ្យយើងប្រមែប្រមូលកម្លាំង និងធនធាន សរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រលើកកម្ពស់វិស័យអប់រំជាតិ ដោយមិនមាននរណាម្នាក់ នៅក្រៅសេវាអប់រំ និងត្រូវការបណ្តុះបណ្តាលឱ្យកូនចៅ ពិសេសយុវជនយើងជំនាន់ក្រោយ ឱ្យក្លាយជាមូល ធនមនុស្ស ដែលមានសមត្ថភាព និងជំនាញខ្ពស់គ្រប់ៗគ្នា ប្រកបដោយសក្តានុពលសម្រាប់ពេលអនាគត ក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្តាំទៅក្មួយៗសិស្សានុសិស្ស និងយុវជន យុវនារី ទាំងអស់ថា បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឱ្យឆ្ងាយពីគ្រឿង ញៀន និងត្រូវចេះណែនាំចំពោះមិត្តភក្តិអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ ទន្ទឹមនេះ ចូរក្មួយៗ ប្រណិប័តន៍ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានា បាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូល ផងដែរ។
ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំ សុំឱ្យមាតា បិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ និងអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឱ្យបានខ្លាំងក្លា ដើម្បីធានា និងរក្សាឱ្យបាននូវការអនុវត្តគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ហើយចូលរួមយ៉ាងសកម្មក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីលើកកម្ពស់កិត្តិយសសង្គមជាតិ ឱ្យស័ក្តិសមជាប្រជាជនដែលមានឈាមជ័រតភ្ជាប់គ្នា ពីសម័យអង្គរដ៏រុងរឿងនៃយើង។ ដោយឡែក ដោយរដូវកាលនេះ ជារដូវកាលទឹកឡើង ដូច្នេះ សូមបងប្អូន ប្រជាជន ត្រូវមានការប្រុងប្រយ័ត្នមើលថែទាំកូនចៅឱ្យបានដិតដល់ ដើម្បីចៀសវាងការលង់ទឹក ឆ្លងជំងឺ ដង្កាត់ផ្សេងៗ។ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវផងដែរ ដល់ជនរួមជាតិទាំងអស់ សូមចូលរួមចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ សូម អរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សាស្ត្រាចារ្យទាំងអស់ នៅទូទាំងប្រទេស ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកស្តារ កសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរ ជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការ ដ៏ល្អតទៅ មុខទៀត ដើម្បីបុព្វហេតុនៃការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព និងភាព ស័ក្តិសិទ្ធ។
នៅទីបញ្ចប់ នៅក្នុងឱកាសបើកបវេសកាលឆ្នាំសិក្សា ២០១៦-២០១៧ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សាស្ត្រា ចារ្យ ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់នៅទូទាំងប្រទេស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕