សារបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៦-២០១៧

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហា! សម្រាប់ ទិវាទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដ៏មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តី​រីក​រាយចូលរួម អបអរសាទរជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយៗ​សិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់​ ដែលបាន និងកំពុងរៀបចំ​ខ្លួន​សំដែងការអបអរសាទរ​  និងទិវាបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ នៅទូទាំងព្រះរាជា​ណា​ចក្រ​កម្ពុជាយើង។ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ គឺជាការបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្ស និស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បានបន្តការសិក្សាទៅថ្នាក់ខ្ពស់​ជា​បន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។ ក្នុងទិវា​ដ៏​ឱឡារិកនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិត​ជូនជនរួមជាតិ​ជាទី​ស្នេហា នូវឆន្ទៈ និងបុព្វហេតុយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំ…