ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការកែទម្រង់វិស័យកីឡារបស់យើង។ នេះជាការចាប់ផ្ដើមមួយក្នុងទំព័រប្រវត្តិសាស្រ្តរបស់យើង ដែលយើងបានបង្កើតឡើងរួមគ្នាដើម្បីលើកកម្ពស់វិស័យកីឡា។
ថ្ងៃបើកការប្រកួតកីឡាជាតិ ត្រូវនឹងខួបនៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រ
មុនចូលដល់វិស័យកីឡា អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់បន្ដិចថា ហេតុអ្វីបានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦ នេះ ជាថ្ងៃចាប់ផ្ដើមដំបូងនៃការប្រកួតកីឡាជាតិលើកទី ១? អត្ថន័យបង្កប់នៅទីនេះ នៅត្រង់ថា ថ្ងៃទី ២៨ តុលា គឺជាថ្ងៃខួបលើកទី ១២ នៃថ្ងៃគ្រងរាជ្យសម្បតិ្តសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈរបស់យើង។ ពីលើវេទិកានេះ ទូលព្រះបង្គំខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សូមថ្វាយព្រះពរចំពោះព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តទូទៅនៃព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំការប្រកួតកីឡាជាតិនេះ សបញ្ជាក់ពីសន្តិភាព និងស្ថេរភាពរបស់កម្ពុជា
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការអូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំនូវពិធីដ៏ធំនេះឡើង។ នេះក៏ជាសារនយោបាយមួយ បញ្ជាក់ និងបង្ហាញអំពីសន្ដិភាព និងស្ថេរភាពរបស់ជាតិយើង ដែល គ្មានបុគ្គលណាម្នាក់ ឬក្រុមណាមួយអាចចាប់កម្ពុជាធ្វើជាចំណាប់ខ្មាំងបាននោះទេ។ ព្រឹត្តិការណ៍កីឡានេះ បានបញ្ជាក់អោយឃើញអំពីដំណើរឈានទៅមុខ ដើម្បីអោយកម្ពុជាកាន់តែឈានឡើងបន្ដិចម្ដងៗ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ហើយដំណាក់កាលកែទម្រង់ពីការប្រកួតតាមភូមិភាគ តាមខេត្ត មកប្រកួតថ្នាក់ជាតិ គឺជាកំណែទម្រង់មួយ ដើម្បីដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម (SEA Games) លើកទី ៣២ នៅឆ្នាំ ២០២៣។
កែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សសម្រាប់ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម
នៅក្នុងកាលៈទេសៈនេះ អនុញ្ញាតអោយខ្ញុំបានសុំអភ័យទោសពីសំណាក់កីឡាករ កីឡាការិនី ពីសំណាក់ប្រជាជនកម្ពុជាទាំងមូលអំពី ហេតុអ្វីទៅបានជាស៊ីហ្គេមនៅកម្ពុជា ត្រូវធ្វើដល់ឆ្នាំ ២០២៣? នៅក្នុងប្រទេសអាស៊ានទាំង ១០ គឺមានតែប្រទេសកម្ពុជាទេ ដែលមិនទាន់បានធ្វើស៊ីហ្គេមនៅឡើយ។ ប្រទេស ៩ ផ្សេងទៀត បានធ្វើ(ស៊ីហ្គេម)ច្រើនដង ឬហោចណាស់មួយដងរួចទៅហើយ ដូចជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ជាដើម។ ខ្ញុំសូមគូសបញ្ជាក់ថា ដោយធនធានរបស់យើងមានកម្រិត ខ្ញុំបានសុំទៅប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អោយមានការយោគយល់ចំពោះកម្ពុជា ក្នុងពេលដែលកម្ពុជាមានធនធានតិចតួចដែលត្រូវចែករំលែកទៅកាន់(ការ)កសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវថ្នល់ ជាស្ពាន ជាប្រឡាយទឹក ជាសាលារៀន និងតម្រូវការផ្សេងទៀត។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន សុទ្ធតែមានការយោគយល់ចំពោះកម្ពុជា ហើយក្នុងន័យនេះ ដែលកម្ពុជាសម្រេចចិត្តនឹងធ្វើជាម្ចាស់ផ្ទះ(សម្រាប់ស៊ីហ្គេម)នៅឆ្នាំ ២០២៣ ដែលនៅសល់ពេលជាង ៦ ឆ្នាំទៀត។
ការកែទម្រង់របស់យើងសំដៅឆ្ពោះទៅរកស៊ីហ្គេមឆ្នាំ ២០២៣ វាជារយៈពេលដែលយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធផង និងជារយៈពេលនៃការកសាងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រកួតកម្រិតតំបន់ ដែលយើងត្រូវចំណាយយ៉ាងខ្ពស់ មិនតិចជាងធ្វើស្ពាន ២ ឆ្លងកាត់ទន្លេមេគង្គនោះទេ។ ក្នុងន័យនេះហើយ ដែលខ្ញុំសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ព្រោះថា ធនធានមានកម្រិតយើងត្រូវបែងចែកសម្រាប់វិស័យអាទិភាពមុន សម្រាប់ដោះស្រាយនូវតម្រូវការនៃជីវភាពរបស់ប្រជាជនកម្ពុជា។
អរគុណការចូលរួមដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅបាន និងការគាំទ្រដល់ចលនាកីឡារបស់ប្រទេសយើង
ថ្ងៃនេះ ខ្ញុំមានឱកាសដើម្បីនឹងថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះការចូលរួមទាំងអស់នៃគ្រប់ប្រភេទកីឡា មកពីបណ្ដាខេត្ត និងបណ្ដាស្ថាប័ននៅរាជធានីភ្នំពេញ ក៏ដូចជាការចូលរួមនានារបស់កងយុទ្ធពលខេមរភូមិន្ទ ទាំងកងទ័ពអាកាសនៃកងពល ៩១១ និងនាយទាហានសកម្ម ក៏ដូចជាសិស្សានុសិស្ស និស្សិត ដែលបានចូលរួមនៅក្នុងវេទិកានេះ ព្រមទាំងថ្លែងនូវការកោតសរសើរចំពោះសិល្បករ សិល្បការិនី ទាំងបុរាណ ទាំងសម័យ ដែលបានចូលរួមសំដែងធ្វើអោយពិធីនេះ កាន់តែអធិកអធម និងសប្បាយរីករាយ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រដល់ចលនាកីឡារបស់កម្ពុជា ដែលការប្រកួតនៅគ្រប់ទីកន្លែង និងជាពិសេស គ្រប់ផ្នែកកីឡាទាំងអស់ សុទ្ធតែត្រូវបានយកចិត្តទុកដាក់ ដែលខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានយកចិត្តទុកដាក់ពង្រឹងកីឡានៅក្នុងសហព័ន្ធរបស់ខ្លួន។
យុទ្ធនាការ ពលរដ្ឋម្នាក់ ហាត់កីឡាមួយ
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋ ធ្វើយុទ្ធនាការពលរដ្ឋម្នាក់ហាត់កីឡាមួយប្រភេទយ៉ាងតិច។ ប្រសិនបើចេះកីឡាច្រើន ក៏កាន់តែល្អ។ នេះមិនសំដៅថា (ហាត់)កីឡាដើម្បីការប្រកួតនោះទេ តែខ្ញុំចង់និយាយសំដៅទៅដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋរបស់យើង ដើម្បីសុខភាព ហើយជាពិសេស សំដៅទៅដល់យុវជន កុមាររបស់យើង ដើម្បីហ្វឹកហាត់នូវកីឡាជំនួសអោយការប្រព្រឹត្តនូវអំពើពាលា គ្រឿងញៀន និងអំពើមិនគប្បីដទៃទៀត។
សូមក្រុមហ៊ុន និងស្ថាប័ននានា ជួយទ្រទ្រង់ដល់កីឡាតាមលទ្ធភាព
ខ្ញុំក៏សូមអំពាវនាវចំពោះក្រុមហ៊ុននានា ក៏ដូចជាស្ថាប័ន ចង់សម្ព័ន្ធភាពជាមួយនឹងកីឡាណាមួយ ឬច្រើនតាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកទឹកចិត្ត ជួយឧបត្ថម្ភទៅដល់កីឡាជាតិរបស់យើង។ សង្ឃឹមថា បណ្ដាក្រុមហ៊ុននានានឹងជ្រើសរើសវិស័យកីឡាណាមួយ ហើយស្ថាប័នរដ្ឋក៏នឹងជ្រើសរើសវិស័យកីឡាណាមួយ ដើម្បីចងសម្ព័ន្ធភាពជួយទ្រទ្រង់ដល់វិស័យកីឡារបស់យើង ដើម្បីលើកទឹកចិត្ត និងជំរុញអោយកីឡារបស់យើងឈានទៅមុខ។
ខ្ញុំដឹងថា អ្នកចូលរួមទាំងអស់ ទាំងនៅទីនេះ ក៏ដូចជាការមើលការផ្សាយបន្ដផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋកំពុងរង់ចាំនូវការបន្ដទៅមុខទៀត។ ជាទីបញ្ចប់នេះ ជាមួយនឹងការអបអរសាទរក្នុងការបើកការប្រកួតកីឡាជាតិលើកទី ១ នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជោគជ័យនឹងបានទៅលើអ្នកឈ្នះ ប៉ុន្តែអ្វីដែលសំខាន់នេះ ទៀត គឺជាតិយើងជាអ្នកឈ្នះ។ ហើយសូមប្រកាសបើកការប្រកួតកីឡាជាតិលើកទី ១ ចាប់ពីពេលនេះតទៅ។ សូមអរគុណ៕