សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ថ្លែងបើកការប្រកួតកីឡាជាតិលើកទី ១

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការកែទម្រង់វិស័យកីឡារបស់យើង។ នេះជាការ​ចាប់​ផ្ដើម​មួយក្នុងទំព័រប្រវត្តិសាស្រ្តរបស់យើង ដែលយើងបានបង្កើតឡើងរួមគ្នាដើម្បីលើកកម្ពស់វិស័យ​កីឡា។ ថ្ងៃបើកការប្រកួតកីឡាជាតិ ត្រូវនឹងខួបនៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រ មុនចូលដល់វិស័យកីឡា អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់បន្ដិចថា ហេតុអ្វីបានជាខ្ញុំសម្រេច​ជ្រើសរើសយកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦ នេះ ជាថ្ងៃចាប់ផ្ដើមដំបូងនៃការប្រកួតកីឡាជាតិលើកទី​ ១? អត្ថន័យបង្កប់នៅទីនេះ នៅត្រង់ថា ថ្ងៃទី ២៨ តុលា គឺជាថ្ងៃខួបលើកទី ១២ ​នៃថ្ងៃគ្រងរាជ្យ​សម្បតិ្ត​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈរបស់​យើង។ ពីលើវេ​ទិ​កា​នេះ ទូលព្រះបង្គំខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សូម​ថ្វាយ​ព្រះពរចំពោះព្រះអង្គ សូម​មានព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏​ត្រជាក់ដល់​ប្រជារាស្រ្ត​ទូទៅ​នៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំការប្រកួតកីឡាជាតិនេះ សបញ្ជាក់ពីសន្តិភាព​ និងស្ថេរភាពរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាស​នេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងអប់រំ…