សំណួរ៖ ចាប់តាំងពីឆ្នាំ ១៩៩១ សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង។ តើសម្តេចយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិន ក្នុងរយៈពេល២៥ ឆ្នាំចុង ក្រោយនេះ? តើសម្តេចមានទស្សនៈយ៉ាងដូចម្តេចដែរ ចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសយើងទាំងពីរ?
ចម្លើយ៖ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។
កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានបន្តពង្រីកតាមរយៈយន្តការ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ហើយត្រូវ បានរៀបចំប្រជុំជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ កម្ពុជា និងចិន បានរៀបចំប្រជុំចំនួន ៣ ដងរួចមកហើយ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ កិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤ កុម្ភៈ ២០១៦ នៅទីក្រុងប៉េកាំង ។ ប្រទេសទាំងពីរកំពុងត្រៀមរៀបចំ «កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល»នៅកម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ ២០១៧ ខាងមុខនេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរបានជួបប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ និងផ្លាស់ប្តូរ ទស្សនកិច្ចគ្នាទៅវិញទៅមក ដែលបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ នេះ មានការផ្លាស់ប្តូរទស្សនកិច្ច ជាន់ខ្ពស់ទៅវិញទៅមក ក្នុងនោះថ្នាក់ដឹកនាំកម្ពុជាទៅចិន រួមមាន៖
- ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ពីថ្ងៃទី ២ ដល់ ៤ មិថុនា ២០១៦។
- ខ្ញុំបានចូលរួម «កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១» នៅទីក្រុង សានយ៉ា និង «វេទិកាបូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ ២០១៦» នៅទីក្រុងបូអាវ ខេត្តហៃណាន (២២-២៤ មីនា ២០១៦) ព្រមទាំងបានជួបឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ចំនួន ៣ ដងក្នុងឆ្នាំនេះ។
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ច ពីថ្ងៃទី ២៥ ដល់ ២៩កក្កដា ២០១៦។
- សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចពីថ្ងៃទី ៤ ដល់ ៧ កក្កដា ២០១៦។
- សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមប្រជុំនៅចិន ពីថ្ងៃទី ៦ ដល់ ៨មេសា ២០១៦។
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបំពេញទស្សនកិច្ច ពីថ្ងៃទី ១១ ដល់ ១៥ មិថុនា ២០១៦។
ហើយមានថ្នាក់ដឹកនាំចិនមកកម្ពុជា រួមមាន៖
- ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ២ លើក (ថ្ងៃទី ២១-២២ មេសា ២០១៦ និង ៨ កក្កដា ២០១៦)។
- ឯកឧត្តម គឹង ហួយឆាង រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន (ថ្ងៃទី ១២ កក្កដា ២០១៦)។
- ឯកឧត្តម កៅ ហ៊ូឈឹង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន (ថ្ងៃទី ១-៣ សីហា ២០១៦)។
- ឯកឧត្តម ហូ ហួវ៉ា អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន (២៩-៣១ ឧសភា ២០១៦)។
- ក្នុងពេលឆាប់ៗនេះ ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី ១៣ ដល់ ១៤ តុលា ២០១៦។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន ក៏បាននឹងកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងលើឆាកអន្តរជាតិផងដែរ រួមមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ីបូព៌ា អាស៊ាន-ចិន មេគង្គ-ឡានឆាង កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងយន្តការតំបន់ផ្សេងទៀត។
ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រពៃណីប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឱ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការជាមិត្តភាពកម្ពុជា-ចិន គឺឈរលើមូលដ្ឋានឈ្នះ-ឈ្នះ និងសន្តិសហវិជ្ជមាន ដែលមិនអាចបំបែក និងកាត់ផ្តាច់បាន។
សំណួរ៖ កម្ពុជានិងចិន បាននិងកំពុងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសន្ទនា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ តើសម្តេចយល់ថា មូលហេតុអ្វីខ្លះដែលនាំឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង ចិន ត្រូវបានបន្តពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត?
ចម្លើយ៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាព ជាប្រពៃណីដែលត្រូវបានបង្កើតរួមគ្នា និងថែរក្សាដោយប្រុងប្រយ័ត្នដោយព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន រួមមានលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត។ ដូចនេះ ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ យើងត្រូវតែបន្តថែរក្សាទំនាក់ទំនងនេះ ព្រមទាំងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ម្យ៉ាងវិញទៀត ដោយសារតែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ហុចផលប្រយោជន៍ឱ្យគ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក និងឈរលើមូលដ្ឋានឈ្នះ-ឈ្នះ និងសន្តិសហវិជ្ជមាន ដែលមិនអាច បំបែក និងកាត់ផ្តាច់បាន ជាហេតុធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ត្រូវបានដំឡើងរហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ថែមពីលើនេះ ស្របពេលដែលក្នុងតំបន់ និងសកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើន រួមមានបញ្ហាសេដ្ឋកិច្ច សន្តិសុខ ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងបញ្ហាមួយចំនួនទៀត កម្ពុជា និងចិនត្រូវពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោះស្រាយបញ្ហាដែលជាកង្វល់រួម ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដើម្បីរួមចំណែកដល់ការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សំណួរ៖ ប្រទេសចិន បានស្នើឡើងនូវយុទ្ធសាស្ត្រស្វែងរកសន្តិភាពជាច្រើន រួមមានគោលការណ៍ណែនាំសម្រាប់កិច្ចការទូតជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍មិត្តភាព ស្មោះស្ម័គ្រ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការរួមគ្នា។ តាមយោបល់របស់សម្តេច តើសំណើរបស់ចិននឹងចូលរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៃតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ីទាំងមូល ឬទេ?
តើសម្តេចយល់យ៉ាងណាដែរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ក្នុងការលើកកម្ពស់សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងការបង្កើតឱ្យមានបរិយាកាស ដែលមានថាមពល និងរឹងមាំ?
ឆ្នាំនេះជាខួប៣ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលស្នើឡើងដោយ ប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្នុងនាមជាប្រទេសសំខាន់មួយ ក្នុងចំណោមប្រទេសនៅតាមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ តើសម្តេច យល់ថា គំនិតផ្តួចផ្តើមនេះអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឬទេ? តើប្រទេសយើងទាំងពីរអាចទទួលបានផលប្រយោជន៍ រួមពីគំនិតផ្តួចផ្តើមនេះឬទេ?
ចម្លើយ៖ កម្ពុជាបានប្រកាសជាច្រើនលើក អំពីការគាំទ្រយ៉ាងពេញទំហឹង គំនិតផ្តួចផ្តើមខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវ សូត្រ និងផ្លូវសូត្រសតវត្សរ៍ទី ២១ (ខ្សែក្រវាត់មួយ និងផ្លូវមួយ) ស្នើឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលមានគោលដៅជំរុញការតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ក៏ដូចជាជាមួយប្រទេសដទៃទៀតនៅក្នុង ពិភពលោក និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការតភ្ជាប់ប្រជាជន និងប្រជាជន និងការតភ្ជាប់វប្បធម៌ សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងជំរុញការអភិវឌ្ឍរួម ដើម្បីមិត្តភាព សន្តិភាព។ ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ប្រទេសចិនបានបង្កើតមូលនិធិផ្លូវសូត្រមានទឹកប្រាក់ ៤០ ពាន់លានដុល្លារ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីមានទឹកប្រាក់ ១០០ ពាន់លានដុល្លារ។ តាមរយៈមូលនិធិ ផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ កម្ពុជាជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចរបស់ ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា នាពេលខាងមុខ កម្ពុជា និងចិននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគម្រោង នៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវសូត្រ និងផ្លូវសូត្រសតវត្សរ៍ទី ២១ ដែលមានគោលបំណងពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌ និងហិរញ្ញវត្ថុ។ ខ្ញុំសង្ឃឹមថា អនុស្សរណៈនេះនឹងជាយន្តការថ្មីបន្ថែមលើយន្តការដែលមានស្រាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍បន្ថែមដល់ប្រទេសទាំងពីរ។
សំណួរ៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ឆាប់ៗនេះ។ ចំពោះទស្សនៈផ្ទាល់ និងបទពិសោធន៍កន្លងមករបស់សម្តេច តើប្រធានាធិបតី ស៊ី ជីនពីង ជាបុគ្គលដែលមានលក្ខណសម្បត្តិ ដូចម្តេច? តើសម្តេចមានការរំពឹងទុកយ៉ាងដូចម្តេច ពីទស្សនកិច្ចរបស់គាត់? តើទស្សនកិច្ចនេះនឹងជំរុញមិត្តភាព ជាប្រពៃណីរវាងប្រទេសយើងទាំងពីរយ៉ាងណាដែរ?
ចម្លើយ៖ ឯកឧត្តម ស៊ីជីនពីង ក៏ដូចជាថ្នាក់ដឹកនាំចិនមុនៗដែរ គឺមានគោលដៅដឹកនាំប្រទេស និងប្រជាជនចិន ឆ្ពោះទៅរកការរីកចម្រើនរុងរឿង វិបុលភាព និងសុខុដុមរមនាហើយក៏មានគោលដៅ ចែករំលែកការអភិវឌ្ឍដល់បណ្តាប្រទេសក្នុងតំបន់ និងសកលលោក ព្រមទាំងចូលរួមចំណែកដល់ការថែរក្សាសន្តិសុខ ស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីនៅខែ មីនា ឆ្នាំ ២០១៣ ឯកឧត្តម ស៊ី ជីនពីង បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ ក្នុងការដឹកនាំប្រទេសចិន ហើយតាមរយៈកំណែទម្រង់នេះ នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ ប្រទេសចិនបានដាក់ចេញនូវទិសដៅផែនការ ៥ ឆ្នាំ លើកទី ១៣ (២០១៦-២០២០) ដែលកំណត់ពីក្របខ័ណ្ឌគោលនយោបាយ អាទិភាព និងគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះរួមមានការរក្សាកំណើនសេដ្ឋកិច្ចចន្លោះពី ៦,៥ ភាគរយ ទៅ ៧ ភាគរយ និងការបង្កើតការងារ ឱ្យបានយ៉ាងតិច ១០ លាននាក់។ ចំណែកក្នុងក្របខ័ណ្ឌតំបន់វិញ ឯកឧត្តម ស៊ី ជីនពីង បានដាក់ចេញនូវ គំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ និងផ្លូវមួយ បង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ព្រម ទាំងចាប់ផ្តើមដំណើរការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ក្នុងពេលដែលឯកឧត្តម ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗនេះ ខ្ញុំនឹងឯកឧត្តម ស៊ីជីនពីង នឹងពិភាក្សាគ្នា ព្រមទាំងផ្លាស់ប្តូរទស្សនៈយ៉ាងលម្អិតលើការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២ និងលើបញ្ហាដែលជាកង្វល់ និងផលប្រយោជន៍រួមក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមដល់ការលើកកម្ពុស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក។ ក្នុងឱកាស ទស្សនកិច្ចនេះ កម្ពុជា និងចិនក៏គ្រោងចុះហត្ថលេខាលើឯកសារជាច្រើន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ កសិកម្ម សុខាភិបាល ព័ត៌មាន ថាមពល សន្តិសុខសមុទ្រ និងខ្សែក្រវាត់មួយ និងផ្លូវមួយ។
ទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះនឹងធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ព្រមទាំងនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយនៃប្រទេសទាំង ២ ទៅកម្រិតខ្ពស់ថ្មីមួយទៀត។ ក្នុងឱកាសទស្សនកិច្ចនេះ ប្រទេសយើងទាំង ២ នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
- ការឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខ។
- ការពង្រឹងផែនការទាំងមូល សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីជំរុញការ អភិវឌ្ឍប្រកបដោយចីរភាព និងពេញលេញ។
- ការឯកភាពគ្នាពង្រីកបន្ថែមទៀត នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សមុទ្រ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា អប់រំ វប្បធម៌ សុខាភិបាល និងទេសចរណ៍។
- ការបង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជន ដើម្បីរៀបចំអ្នកបន្តវេនសម្រាប់មិត្តភាពកម្ពុជា-ចិន ព្រមទាំងពង្រឹងមូលដ្ឋានគាំទ្រជាសាធារណៈ ចំពោះទំនាក់ទំនងមិត្តភាពទ្វេភាគី ដើម្បីឱ្យប្រទេសទាំងពីរក្លាយជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អជារៀងរហូត។ ភាគីចិននឹងលើកទឹកចិត្តប្រជាជនចិនឱ្យមកទេសចរណ៍នៅកម្ពុជាឱ្យកាន់តែច្រើន។
- ភាគីចិននឹងលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព និងល្បីល្បាញ ឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គមនាគមន៍ ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងបន្តអនុវត្តន៍តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀត។
- ភាគីចិនបានបញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ឯករាជភាព និងរក្សាស្ថិរភាពនយោបាយរបស់កម្ពុជា។ ភាគីកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ប្រឆាំងការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ទោះក្នុងទម្រង់ណាក៏ដោយ ព្រមទាំងការបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងបុព្វហេតុដ៏ធំធេងក្នុងការបង្រួបបង្រួមប្រទេសចិនដោយសន្តិវិធី៕