ជួបជាមួយសិស្សដែលបាននិទ្ទេស A ជាប្រចាំឆ្នាំ
មុនឡើងមកដល់នេះ ខ្ញុំក៏បានចូលជួបមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ នៅឯផ្នែកខាងក្រោម។ ដោយសារយើងមិនមានទីកន្លែងគ្រប់គា្រន់ យើងត្រូវរៀបចំនៅខាងលើនេះ គឺមានសិស្សជាប់និទ្ទេស A និងនាយកសាលា និងអភិបាលរងខេត្តម្នាក់។ ការរៀបចំដំណើរលើកនេះ ត្រូវរៀបចំច្បាស់លាស់ មានការទទួលខុសត្រូវ ពេញលេញពីដើមដល់ចប់ ដែលក្នុងនោះ តម្រូវអោយអភិបាលរងខេត្តម្នាក់ និងប្រធានមន្ទីរអប់រំខេត្ត បូកនឹងនាយកសាលាដែលមានសិស្សនិទ្ទេស A (ចូលរួមដែរ)។
ខ្ញុំគិតថា ជាដំណើរការដ៏រីករាយមួយដែលយើងបានជួបជុំគ្នានៅទីនេះប្រចាំឆ្នាំ។ ខ្ញុំគិតថា ធ្វើ(ការជួបជាមួយសិស្សបាននិទ្ទេសA) ជាប្រចាំឆ្នាំ។ ពិតហើយ ឆ្នាំទីមួយ គឺយើងមាន(សិស្សបាននិទ្ទេស A)តែ ១១ នាក់ទេ ហើយឆ្នាំទីពីរ គឺមាន ១០៨ នាក់។ ឯឆ្នាំទីបី គឺមាន ៤០៥ នាក់ ប៉ុន្តែទោះបីជាឡើង ១ ០០០ នាក់ ក៏ខ្ញុំត្រូវតែរកវិធីដើម្បីជួបអោយបាន ដោយសារ(វាជា)កំណែទម្រង់ដែលហុចផ្លែផ្កា។ យើងបានទទួលផលហើយ ហើយក៏ទទួលស្វាគមន៍ពីសំណាក់មាតាបិតា អាណាព្យាបាល ក៏ដូចជាសង្គមទាំងមូលទទួលបានទៅលើបញ្ហាកំណែទម្រង់ក្នុងវិស័យអប់រំនេះ ពិសេសទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ខ្ញុំសូមមកឱកាសនេះ សំដែងនូវការអបអរសាទរ ជាមួយនឹងសិស្សជ័យលាភីនិទ្ទេស A ដែលបានជួបជុំគ្នានៅថ្ងៃនេះ ហើយក៏អបអរសាទរជាមួយនឹងសិស្សប្រឡងជាប់គ្រប់និទ្ទេសទាំងអស់។ សូមអភ័យទោសផងដែរ ដែលមិនអាចជួបគ្នាបានរហូតទៅដល់ជាង ៥០ ០០០ នាក់ឯណោះ។ ខ្ញុំក៏សូមសំដែងនូវការសោកសា្ដយជាមួយនឹងសិស្សដែលមិនបានប្រឡងជាប់ ប៉ុន្តែសង្ឃឹមថា ក្មួយៗជាសិស្សានុសិស្សទាំងនោះ នឹងបន្តការខិតខំ ដើម្បីប្រឡងនៅឆ្នាំក្រោយ។ មិនទាន់ហួសពេលទេ ខ្លះទើបនឹងអាយុ ១៨-១៩ ឆ្នាំ ឬ ២០ ឆ្នាំ មិនទាន់ជាហួសពេលទេ។ សង្ឃឹមថា ប្រឹងរៀន ដើម្បីឆ្នាំក្រោយ គឺយើងជាប់។
ដូចដែលឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកថា «ចេះបានជាប់»។ នេះគឺជារឿងមួយដែលយើងត្រូវធើ្វ។ តាំងពីចាប់ផ្ដើមពីឆ្នាំ ២០១៤ មកដល់ពេលនេះ ខ្លួនខ្ញុំផ្ទាល់ដែលធ្លាប់រងនូវការប៉ះទង្គិច ទាក់ទិនជាមួយនឹងបញ្ហាភាពមិនប្រក្រតីខ្លះ នៅក្នុងការប្រឡងឆ្នាំមុនៗនោះ ក៏ត្រូវរសាត់បាត់ទៅដែរ តាមរយៈការធ្វើ(អោយមាន)ភាពប្រក្រតី ធ្វើ(អោយមាន)តម្លាភាពនៅក្នុងការប្រឡងរបស់យើង។ ខ្ញុំពិតជាមានមោទនភាពជាមួយការខិតខំទាំងអស់ ដែលលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋជាអាណាព្យាបាល មាតាបិតា បានខិតខំធ្វើឡើងនេះ។
ជាការគួរកត់សំគាល់មុន ខ្ញុំគិតថា មានបញ្ហាខ្លះហើយ ដោយសារតែជាអ្នករពឹសដៃ។ គ្រាន់តែបញ្ជាក់បន្ដិចថា នេះជាវិមានសន្ដិភាព ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាច្រើនធ្លាប់បានមកអង្គុយនៅកន្លែងនេះ ដើម្បីធ្វើការ។ ឯកន្លែងឪពុកម្ដាយរបស់ក្មួយៗ អង្គុយនៅក្រោមនោះ ជាកន្លែងថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជប់លៀង ឬក៏ធ្វើការប្រជុំថ្នាក់តំបន់ ក៏មានការទទួលទានអាហារនៅកន្លែងនោះ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៦ អត្រាសិស្សស្រីជាប់ច្រើនជាងបុរស
ល្ងាចមិញនេះ បន្ទាប់ពីការទទួលភ្ញៀវហើយ ខ្ញុំក៏នៅបន្តការងាររហូតទៅដល់ម៉ោង ៧ ប៉ុន្តែទៅដល់ផ្ទះនោះ តម្រូវអោយពិនិត្យឯកសារនេះបន្តិចថែមទៀត។ ដល់ពិនិត្យទៅ គឺអាចរកឃើញអញ្ចេះ។ ឥឡូវយើងល្មមដល់ពេលនឹងចាត់តាំងគណៈកម្មការការពារសិទ្ធិបុរសម្ដងហើយ ហើយក៏បង្កើតក្រុមប្រឹក្សាលើកកម្ពស់សមត្ថភាពរបស់បុរស។ តើមូលហេតុអ្វីទៅ? ដោយសារជាអ្នករពឹសដៃ ហើយចូលចិត្តគិតអំពីផ្នែកមួយពាក់ព័ន្ធនឹងផ្នែកមួយទៀត បានរកឃើញនៅក្នុងអត្រានេះ គេបញ្ជូនអោយខ្ញុំនូវចំនួន គ្រាន់តែដាក់ថា សិស្សនិទ្ទេសជាប់រួមចំនួន ៥៥ ៧៥៣ នាក់ ក្នុងនោះ នារីមាន ២៨ ៨០៧ នាក់ ប៉ុន្តែនៅក្នុងតួលេខនេះ គេមិនបានបញ្ជាក់(ថាមានបុរសប៉ុន្មានទេ) ទាល់តែយើងបូកលេខខ្លួនឯង។ ទូរស័ព្ទរបស់យើងមានប្រដាប់បូកលេខហើយស្រេច គិតនៅក្នុងនេះ អត្រាគឺគ្រោះថ្នាក់ហើយសម្រាប់យុវវ័យជាបុរស។
ខ្ញុំសូមលើកយកបញ្ហានេះបន្តិច ហើយយប់មិញនេះ ក៏ហៅក្មេងៗ នៅផ្ទះខ្ញុំធ្វើការជាមួយខ្ញុំហ្នឹង អោយគេជួយគិតជាភាគរយវិញ។ ឥឡូវយើងឃើញជាភាគរយអញ្ចេះ។ សម្រាប់សិស្សរួមដែលប្រឡងជាប់មាន ៥៥ ៧៥៣ នាក់ ក្នុងនោះ នារីមាន ២៨ ៨០៧ នាក់ ស្មើនឹង ៥១,៦% ឯបុរសរបស់យើងជាប់បានតែ ២៦ ៩៤៦ នាក់ ទេ អញ្ចឹងស្មើនឹង ៤៨,៤% នេះអត្រាទូទៅ។ ដល់អត្រាតាមផ្នែក និទ្ទេស A គឺជាប់ ៤០៥ នាក់ ក្នុងហ្នឹងសិស្សជានារីយកអស់ ២០៤ នាក់ហើយ អញ្ចឹងបុរសនៅតែ ២០១ នាក់។ គិតជាភាគរយ នារីបានដល់ ៥០,៣៧%។ ដល់ទៅនិទ្ទេស B ជាប់ចំនួន ២ ៨០១ នាក់ នារីមាន ១ ៤៦៦ នាក់ បានសេចក្ដីថា បុរសយើងជាប់បាន ១ ៣៣៥ នាក់ទេ ហើយនារីទទួលបានទៅដល់ ៥២,៣៣% បុរសយើងបានតែ ៤៧,៦៧%។ និទ្ទេស C ជាប់បាន ៥ ៥៩៥ នាក់ នារីមាន ២ ៩៦៧ នាក់ អញ្ចឹងបើគិតបូកសងគ្នាទៅ នារីក្នុងពេលដែលនារីជាប់ ២ ៩៦៧ នាក់ បុរសជាប់បានតែ ២ ៦២៨ គឺបានសេចក្ដីថា នារីគ្របយកអស់ ៥៣,០២% បាត់ហើយ។ ដល់ទៅនិទ្ទេស D គឺជាប់ចំនួន ៨ ៨៣៥ នាក់ ក្នុងនោះនារីមាន ៤ ៦៦៤ នាក់ ឯបុរសរបស់យើងបានតែ ៤ ១៧១ នាក់ មានន័យថា នារីយកអស់ ៥២%។ ដល់ទៅគ្រាន់បើបន្ដិច មកគ្រាន់បើនិទ្ទេស E ប៉ុន្តែនៅតែចាញ់ដែរ ចាំស្ដាប់តួលេខនៅទីនេះ ជាប់ចំនួន ៣៨ ១១៧ នាក់ ក្នុងនោះនារីជាប់ ១៩ ៥០៦ នាក់ ក្នុងនោះបុរសជាប់តែ ១៨ ៦១១។
អញ្ចឹងបង្ហាញអោយឃើញថា គ្រប់និទ្ទេសទាំងអស់ គឺបុរសចាញ់ដាច់ហើយឆ្នាំនេះ។ បូកសរុបជាទិន្ន័យរួម គឺនារីគ្របយកហើយ។ អញ្ចឹងសូមអបអរសាទរចំពោះ Gender មួយចុះ។ នេះក៏បានដាស់តឿនអោយយើងឃើញថា នារី និងបុរស គឺនៅពេលដែលយើងបានដាក់ចេញគោលនយោបាយទាក់ទងជាមួយនឹងបញ្ហា Gender រឿងនេះបាននិងកំពុងទទួលផលទៅជាមួយនឹងបញ្ហាកំណែទម្រង់ក្នុងវិស័យអប់រំនេះហើយ។
ឯមួយទៀត ខ្ញុំចង់បង្ហាញបន្ដិចដែរ អំពីបញ្ហាទាក់ទងជាមួយខេត្ត(ដែលមានសិស្សជាប់និទ្ទេស A)។ ឥឡូវមានខេត្តមួយចំនួន គឺបុរសឈ្នះ, ខេត្តខ្លះស្មើគ្នា និងខេត្តខ្លះនារីស៊ីដាច់តែម្ដង។ ឥឡូវ ខ្ញុំសូមអាន គិតតាមខេត្ត។ និទ្ទេស A ដែលមកទីនេះ មានខេត្តបន្ទាយមានជ័យ ១៦ នាក់ ក្នុងហ្នឹងមាននារីបាន(និទ្ទេស A) ៧ នាក់ អញ្ចឹងបានសេចក្ដីថា ចាញ់បុរស (បុរសបាន)៩ នាក់ ប៉ុន្តែមកធ្ងន់នៅបាត់ដំបង។ បាត់ដំបងជាប់ ៣៤ នាក់ ក្នុងហ្នឹងមាននារី ២៤ នាក់ បានសេចក្ដីថា ស៊ីដាច់ពាក់កណ្ដាលតែម្ដង។ បាត់ដំបង និងបន្ទាយមានជ័យ អត់ឆ្ងាយពីគ្នាសោះ ម៉េចអត្រានៃការប្រឡងនេះវាទៅជាយ៉ាងដូច្នេះទៅវិញ។ … កំពតមាន ១១ នាក់ មាននារី ៨ នាក់ នារីស៊ីដាច់ទៀតហើយ។ កណ្ដាលមាន ២៩ នាក់ មាននារី ១២ នាក់ បានសេចក្ដីថា បុរសមានច្រើនជាង។ ក្រចេះមាន ៩ នាក់ មាននារី ៣ នាក់ បុរសឈ្នះ។ មណ្ឌលគិរីមានម្នាក់ ជានារី បានសេចក្ដីថា ស៊ីដាច់ ១០០% តែម្ដង។
ការអប់រំនៅខេត្តឆ្ងាយ និងទីក្រុង មានកម្រិតប្រហាក់ប្រហែលគ្នា
… នៅមណ្ឌលគិរី គឺជាប់ពីរឆ្នាំជាប់គ្នាហើយ ដែលមានចំនួនសិស្សជាប់ទៅដល់ ៨០,៨០% ច្រើនបំផុតនៅទូទាំងប្រទេស។ អញ្ចឹងមិនប្រាកដទីក្រុងភ្នំពេញ ឬក៏ខេត្តនៅខាងក្រោមនេះ ជាប់ច្រើនទេណា ហើយមានវិទ្យាល័យមួយនៅស្រុកកូនមុំ របស់រតនគិរី (ដែល)វិទ្យាល័យនោះ ជាប់ ១០០% មកប្រឡង ២២ នាក់ ជាប់ទាំង ២២ នាក់។ ពេលដែលខ្ញុំមកតាមស្រុករវៀង ចូលវិទ្យាល័យរវៀង របស់ខេត្តព្រះវិហារ ជាប់ ៧៨%។ ក្នុងពេលដែលខ្ញុំមកចូលវិទ្យាល័យតាំងគោក ជាប់ដូចជាបាន ៦២%។ ឯណានាយកវិទ្យាល័យតាំងគោក? បាន ៦៤% តិចជាង(វិទ្យាល័យ)រវៀង។ អញ្ចឹងមិនប្រាកដថាយើងអ្នកនៅតាមផ្លូវជាតិជាប់ច្រើនជាងនោះទេ។ ឥឡូវហ្នឹងមានកម្រិតប្រហាក់ប្រហែលគ្នាហើយ ដែលបន្តិចទៀត ខ្ញុំនឹងនិយាយដល់បញ្ហា តើត្រូវចូលធ្វើជាគ្រូដោយស្វ័យប្រវត្តិ ឬយ៉ាងណា? អាហ្នឹងខ្ញុំនឹងនិយាយដល់បញ្ហាហ្នឹងមួយទៀត។ ឯណា អ៊ីវ ស្រីលីន? អម្បាញ់មិញហ្នឹង ជួបម្ដាយឪពុកក្មួយឯងនៅខាងក្រោមឯណោះ។
ការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់វិស័យអប់រំ
ខ្ញុំនិយាយដើមពីឪពុកម្ដាយក្មួយស្រី អ៊ីវ ស្រីលីន (ដែល)អម្បាញ់មិញ បានជួបគាត់។ ឪពុកជាអតីតទាហាន ហើយទើបតែនឹងចាកចេញពីទាហានកាលពីឆ្នាំទៅនេះ ប៉ុន្តែកាលដែលគេនៅកម្លោះនោះ គេទៅពីខេត្តកំពង់ចាម ទៅធ្វើទាហាននៅខេត្តមណ្ឌលគិរី (បាន)ទៅជួបក្រមុំម្នាក់ ដែលម្ដាយក្មួយស្រីនេះដែលទៅពីខេត្តកំពត ហើយលក់នំបញ្ចុក។ អញ្ចឹងទាហានកម្លោះជួបជាមួយនឹងអ្នកលក់នំបញ្ចុកក្រមុំ។ ថ្ងៃហ្នឹង(នៅមណ្ឌលគិរី) បានហៅមកទទួលទានបាយជាមួយទាំងក្មួយស្រីហ្នឹង ហើយនិងឪពុកម្ដាយ ប៉ុន្តែថ្ងៃហ្នឹងភ្លេចដែរ ដោយសារតែក្នុងគ្រួសារជាប់បាក់ឌុបទាំងពីរនាក់ បងជាប់និទ្ទេសផ្សេង ប្អូនជាប់និទ្ទេស A។ គ្រាន់តែពីរនាក់ក្នុងគ្រួសារ, ឃើញហើយ កូនស្រីពូកែជាងកូនប្រុស។ និយាយអញ្ចឹង ថាយើងបង្អាប់គ្នាឯង មិនមែនទេ។ (ខ្ញុំ)សួរថា យើងស៊ីនំបញ្ចុកគេរាល់ថ្ងៃ? គាត់ថា អត់ទេ មិនមែនឃ្លាននំបញ្ចុកទេ ព្រោះតែស្រឡាញ់គេបានទិញនំបញ្ចុក ទិញអស់ៗ តែម្ដង។ ជំនាន់នោះ អត់មាន SMS គ្មានទូរស័ព្ទសួរគ្នាដូចឥឡូវទេ ទៅយកក្រដាសដាក់ពីក្រោមស្លឹកចេក(ទ្រាប់)នំបញ្ចុក។ រួចហៅឪពុកម្ដាយពីស្រុកស្រីសន្ធរ ឡើងទៅដណ្ដឹងគេ បីខែបានឡើងទៅដល់។
ដែលខ្ញុំនិយាយពីចំណុចនេះ(បីខែបានដល់) ចង់អោយឃើញថា មណ្ឌលគិរីសម័យដើម ត្រូវធ្វើដំណើររយៈពេលប៉ុន្មាន? ក្នុងពេលហ្នឹង មានពេលខ្លះយើងចុះមកតាមខាងក្រោម ពេលខ្លះយើងឆ្លងកាត់ទឹកដីវៀតណាមឯណោះ។ អញ្ចឹងឪពុកម្ដាយទំរាំបានជួបគ្នានេះ ត្រូវឆ្លងកាត់ការលំបាក។ ហើយម្យ៉ាង ចង់អោយឃើញថា សំណុំបញ្ហាមិនមែនដាច់ដោយឡែកតែវិស័យអប់រំទេ ដើម្បីគាំទ្រដល់វិស័យអប់រំនេះ វាត្រូវមានតភ្ជាប់ គេត្រូវមានវាត្រូវមានហេដ្ឋារចនាសម្ព័ន្ធដទែទៀត បើសិនគ្មានផ្លូវតភ្ជាប់បានងាយស្រួលទេ មណ្ឌលគិរីនៅតែមណ្ឌលគិរីអញ្ចឹង។ ចំណេះវិជ្ជាក៏វាមិនលំហូរទៅ គ្រូក៏មិនចង់ទៅ ស្អីក៏មិនចង់ទៅ ប៉ុន្តែឥឡូវ មណ្ឌលគិរី របស់យើង ខ្ញុំធ្វើដំណើរពីភ្នំពេញទៅស៊ីបាយនៅមណ្ឌលគិរីថ្ងៃត្រង់។
ការកើនឡើងអត្រាសិក្សានៃសិស្សស្រី/បង្កៀកអនុវិទ្យាល័យ ទៅជិតបឋម និងវិទ្យាល័យមកជិតអនុវិទ្យាល័យ
ឥឡូវ និយាយពីរឿងរាជធានីភ្នំពេញ។ រាជធានីភ្នំពេញយើង បុរសចាញ់ស្រ្តីទៀត។ យើងពិនិត្យមើល រាជធានី ភ្នំពេញជាប់ ១៨៣ នាក់ ក្នុងហ្នឹង នារី ៩៤ នាក់ បាត់ទៅហើយ បុរសបានតែ ៨៩ នាក់ទេ។ ដល់ទៅខេត្តព្រៃវែង ១៤ នាក់ នារីបាន ៦ នាក់។ ខេត្តពោធិ៍សាត់ ជាប់ ២ នាក់ នារីយកទាំងអស់ទៀត។ នេះបង្ហាញឲ្យឃើញអំពីការកើនឡើងអត្រាសិក្សារបស់សិស្សស្រី នៅពេលយើងបញ្ចុះសាលាឲ្យទៅកៀកជិតខាងគាត់ ដែលខុសកាលពីពេលមុន យើងមានវិទ្យាល័យ ជួនកាលមួយខេត្តមានមួយមានពីរ ប៉ុន្តែឥឡូវ យើងមានវិទ្យាល័យដល់ស្រុក ហើយអាចមានលើសពីមួយទៅទៀត។ នៅពេលដែលខ្ញុំដើរមួយជុំនេះ ដើរបីបួនដងនេះ ក្នុងចម្ងាយផ្លូវប្រមាណជាចូលទៅដល់ជាង ៣ ពាន់គីឡូម៉ែត្រ … ខ្ញុំបានចូលរួមរៀបចំនូវភូមិសាស្រ្តសិក្សាឡើងវិញ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តរតនគិរី មណ្ឌលគិរី ព្រោះពិនិត្យមើលឃើញពីបឋមសិក្សាទៅអនុវិទ្យាល័យ ឆ្ងាយពេក។ អញ្ចឹងត្រូវបង្កើនអគារឲ្យគាត់នៅនេះ ដើម្បីឲ្យគាត់ទៅជាអនុវិទ្យាល័យ រួចហើយឃើញថាចម្ងាយផ្លូវពីអនុវិទ្យាល័យទៅវិទ្យាល័យឆ្ងាយពេក យើងក៏ដាក់អគារ ដើម្បីឆ្នាំក្រោយមានសិស្សមួយចំនួន មិនលំបាកធ្វើដំណើរទៅឆ្ងាយពីទីកន្លែងខ្លួនទេ ហើយក៏មានសិស្ស ដែលកំពុងទៅរៀននៅវិទ្យាល័យឆ្ងាយ វិលត្រឡប់មកកាន់វិទ្យាល័យដែលនៅជិតខាងខ្លួនវិញ។
ខេត្តសៀមរាប ៣៦ នាក់ ក្នុងនោះ នារី ១៦ នាក់ អញ្ចឹង បុរសនៅឈ្នះ។ ខេត្តព្រះសីហនុ ៧ នាក់ មាននារី ៣ នាក់។ ខេត្តតាកែវ ១១ នាក់ នារី ៤ នាក់។ ប៉ៃលិន ១ នាក់ ជាបុរស។ ឧត្តរមានជ័យ ១ នាក់ ជាបុរស។ ត្បូងឃ្មុំ ១១ នាក់ នារីយក ៧ នាក់ ហើយ។ អញ្ចឹងឥឡូវ បញ្ហាវានៅត្រង់នេះ កាលពីដើមខ្ញុំ និងប្រពន្ធខ្ញុំនៅក្នុងខេត្តកំពង់ចាមជាមួយគ្នា បើស្មើវាអត់អីទេ ប៉ុន្តែ ទៅផ្ទះវិញប្រពន្ធខ្ញុំមុខតែថា ឃើញទេ! ឥឡូវ គាត់ជាអ្នកនៅ(ខេត្ត)ត្បូងឃ្មុំហើយ ស្រុកក្រូចឆ្មារមិនខាងត្បូងឃ្មុំ។ ឥឡូវ (ខេត្ត)ត្បូងឃ្មុំ ស្រីឈ្នះហើយ ប៉ុន្តែ ការឈ្នះការចាញ់នេះ គ្រាន់តែជាការលើកឡើងឲ្យឃើញអំពីតួលេខពាក់ព័ន្ធនឹងបញ្ហាការលើកកម្ពស់សមត្ថភាពរបស់ស្រ្តី ដែលចាប់ផ្តើមកំពុងមានចលនាហើយ។ អ្វីដែលយើងបានខិតខំជាមួយគ្នា គឺកំពុងតែទទួលផល។
តម្លៃនៃសន្តិភាព
ថ្ងៃនេះ យើងមានលទ្ធភាព ដើម្បីនាំសិស្សមកកាន់ទីក្រុងភ្នំពេញដោយគ្មានការភ័យខ្លាច។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូនទៅកាន់អ្នកដែលចូលរួមកសាងសន្តិភាពទាំងអស់នៅទូទាំងប្រទេស យើងបានដឹងហើយ ផ្តាំផ្ញើចំពោះក្មួយៗ ទាំងឡាយ (ថាកាលជំនាន់) ឪពុកម្តាយរបស់ក្មួយ ជីដូនជីតារបស់ក្មួយៗ វេទនាណាស់។ នៅក្នុងដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ គ្មានការរៀនសូត្រណាមួយបានស្រួលទេ … ទទួលរងនូវផលប៉ះពាល់ ដូចបច្ចុប្បន្ននេះនៅប្រទេសស៊ីរី, ប្រទេសលីប៊ី, អ៊ីរ៉ាក់, យេម៉ែន និងប្រទេសមួយចំនួនទៀតដែលកំពុងមានសង្គ្រាម។ … រាជរដ្ឋាភិបាលក៏ខ្វាយខ្វល់ពីកងទ័ពយើង ដែលកំពុងឈរជើងនៅតំបន់ដែលកំពុងមានជម្លោះ ដូចជា ប្រទេសម៉ាលី, អាហ្វ្រិកកណ្តាល, ស៊ូដង់ ហើយគួរសមបន្តិច គឺនៅលីបង់ ក៏ប៉ុន្តែ មិនប្រាកដថាគ្មានការវ៉ៃប្រហារណាមួយកើតឡើង ចំពោះកម្លាំងរក្សាសន្តិភាពនៃប្រទេសនានានោះទេ។ កាលពីសម័យដើម យើងជួបការលំបាកណាស់ ម្ខាងសង្គ្រាម ម្ខាងគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេ អញ្ចឹង ដំបូងឡើយមុននិយាយអីទាំងអស់ គឺត្រូវនិយាយពីសន្តិភាព។ អរគុណ ចំពោះប្រជាពលរដ្ឋ។ អរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលយកនូវនយោបាយឈ្នះឈ្នះ ដើម្បីបង្កើតឡើងនូវសន្តិភាពដ៏ពេញលេញ។
នយោបាយឈ្នះឈ្នះប្រែអតីតសមរភូមិ ជាតំបន់អភិវឌ្ឍ/វិស័យអប់រំទទួលផលធំពីសន្តិភាព
ចម្ងាយផ្លូវ នៃការធ្វើដំណើររបស់ខ្ញុំទៅកាន់បណ្តាខេត្ត តាមរថយន្ត ប្រមាណជា ២/៣ ឬអាចថា ដល់ទៅ ៤/៥ ឯណោះ ខ្ញុំធ្វើដំណើរលើទីកន្លែងដែលជាអតីតសមរភូមិ។ ប៉ុន្តែ តំបន់ទាំងអស់នោះ ពេលនេះបាននិងកំពុងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍហើយ។ វាផ្តល់ឱកាសឲ្យយើងគ្រប់ៗគ្នា មិនថាវិស័យអីៗ វិស័យអីទេ ក្នុងហ្នឹងវិស័យអប់រំទទួលបាននូវផលដ៏ធំពីសន្តិភាពនេះ។ រាជរដ្ឋាភិបាលថ្លែងអំណរគុណ ហើយជាពិសេសខ្លួនខ្ញុំផ្ទាល់តែម្តង ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ និងចំពោះតួអង្គពាក់ព័ន្ធទាំងអស់ ដែលទទួលយកនូវនយោបាយឈ្នះឈ្នះ។ សូម្បីតែ(ខេត្ត)ប៉ៃលិន ដែលជាតំបន់អតីតសមរភូមិ ឥឡូវនេះ ក៏មានសិស្សនិទ្ទេស A មកដែរ។ (ខេត្ត)ប៉ៃលិនជាតំបន់រងគ្រោះ ហើយខ្ញុំក៏ឆ្លងកាត់អន្លង់វែង ហើយក៏រៀបចំភូមិសាស្ត្រសិក្សានៅតំបន់អន្លង់វែង ត្រពាំងប្រាសាទ។ ឥឡូវ (ខេត្ត)ឧត្តរមានជ័យក៏មានមក ១ នាក់ដែរ។ អញ្ចឹងទេ បើសិនជាមិនមានសន្តិភាព សួរថា កន្លែងហ្នឹងធ្វើសាលាកើតទេ? ពេលមានសង្គ្រាមធ្វើសាលា ដុតសាលា។
ខ្ញុំនៅចាំបានដំណាក់កាលដែលគ្រូបង្រៀនរបស់យើងជីកលេណដ្ឋាន ដើម្បីការពារកូនសិស្ស នៅពេលដែលយន្តហោះមកទម្លាក់គ្រាប់បែករបស់អាមេរិក និង លន់ នល់ នៅក្នុងចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ក្រោយមកទៀត ថារបប ប៉ុល ពត វាអស់ទៅហើយ គ្មានសាលា គ្មានស្អីទេ តែក្រោយរបប ប៉ុល ពត គឺយើងនៅសេសសល់តំបន់មួយចំនួន ដែលមានការប្រយុទ្ធ។ លោកគ្រូ អ្នកគ្រូ របស់យើងនេះ បានប្រឹងប្រែងជីកលេណដ្ឋាន ដើម្បីការពារសិស្ស។ បើស្ថិតនៅក្នុងស្ថានភាពបែបនេះ សូម្បីតែគ្រូក៏ភ័យដែរ (ព្រោះ)គ្រាប់កាំភ្លើងវាអត់ស្គាល់គ្រូឯណា! អត់ស្គាល់គ្រូទេ។ យើងធ្វើ សាលា ដុតសាលា។ ធ្វើស្ពាន ដុតស្ពាន។
នយោបាយឈ្នះឈ្នះប្រែពីប្រទេសមួយតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយតំបន់ត្រួតត្រាតែមួយ
នយោបាយឈ្នះឈ្នះ បង្កើតឱកាសឲ្យយើងទាំងអស់គ្នា ដែលខ្ញុំសុំអរគុណណាស់ ជាមួយនឹងសហការី ទាំងអស់ ជាមួយនឹងប្រជាជនកម្ពុជា ដែលទទួលយកនូវនយោបាយនេះ ហើយដោយសារនយោបាយនេះ ហើយ ដែលធ្វើឲ្យខ្មែរពីប្រទេសមួយតំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ការបែកបាក់ជាតិ ដែលពីមុនធ្លាប់កើតប្រទេសមួយតំបន់ត្រួតត្រាច្រើន ក្លាយទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយ។ អញ្ចឹង បើយើងឃើញសារសំខាន់នៃសន្តិភាពហើយ យើងក៏ត្រូវតែការពារសន្តិភាព ដែលយើងរកមកដោយលំបាក កុំមើលស្រាលបញ្ហានេះ បើគ្មានសន្តិភាព មិនដឹងថាធ្វើស្អីកើតទេ?
មិនទុកឲ្យកុមារកម្ពុជាអភ័ព្វដូចសម្តេចកាលពីតូចទេ
… សូមសម្តែងនូវការអរគុណ ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកសាងសាលារៀន ការវិនិយោគទៅលើសាលារៀននេះ ក៏បានផ្តល់នូវភាពងាយស្រួល សម្រាប់សិស្សានុសិស្សរបស់យើង ដើម្បីបានរៀន ដូចដែលខ្ញុំធ្លាប់និយាយហើយ ខ្ញុំមិនទុកឲ្យកុមារកម្ពុជាអភ័ព្វដូចខ្ញុំកាលពីតូចទេ។ នៅក្នុងវ័យ ១៣ ឆ្នាំ ត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយ ដើម្បីមកសិក្សានៅទីក្រុងភ្នំពេញនេះ ប៉ុន្តែ ពេលនេះ កុមាររាប់លាននាក់បានទទួលផ្លែផ្កា ម្ខាងសន្តិភាពបានបង្កើតឱកាស ហើយតាមរយៈនោះ ការកសាងសាលារៀន ដោយទុនរបស់រដ្ឋដោយដៃគូអភិវឌ្ឍន៍ផ្តល់ជាជំនួយ និងជាពិសេស ដោយសិល្បៈនៃការចែករំលែកនៅ ក្នុងចំណោមប្រជាជនរបស់យើង ដែលបានកសាងសាលារៀនយ៉ាងច្រើន បានធ្វើឲ្យកុមារមានឱកាស និង យុវជនមានឱកាសច្រើនជាងមុនឆ្ងាយណាស់។
ក្មួយៗត្រូវចងចាំ ឪពុកម្តាយរបស់ក្មួយៗ ជីដូនជីតារបស់ក្មួយៗ មិនងាយស្រួលទេ ណាសង្គ្រាម ណាអត់សាលា។ ដូច្នេះ ហើយបានជាកុំមើលងាយគាត់ នៅពេលឃើញគាត់មិនចេះអក្សរ នៅពេលឃើញគាត់រៀនទាបជាងយើង កុំមើលងាយគាត់ឲ្យសោះ រាប់ទាំងគ្រូបង្រៀនរបស់យើង។ ឥឡូវ ក្មួយៗជាប់បាក់ឌុប ក្នុងពេលដែលអតីតគ្រូបង្រៀនរបស់ក្មួយនោះគ្រាន់តែជាប់ឌីផ្លូម រួចហើយរៀនគរុកោសល្យចូលទៅបង្រៀនក្មួយៗ។ តិចទៅដល់យើងចូលមហាវិទ្យាល័យ មិនដឹងស្អីទេ គ្រូឯង ខ្ញុំឡើងដល់មហាវិទ្យាល័យ ខ្ញុំជាប់ដល់មហាវិទ្យាល័យ ឬក៏ខ្ញុំជាប់បាក់ឌុបហើយ ក៏ប៉ុន្តែ គ្រូឯងនៅតែគ្រូបឋមដដែល។ នេះមិនមែនល្អទេ។ គ្រូបឋមហ្នឹងហើយ ដែលបង្កើតឲ្យក្មួយឈានមកដល់ដំណាក់កាលនេះ។
ការសាងសង់សាលារៀនជាតួអង្គមួយដ៏សំខាន់
យើងពិតជាមានការអរគុណជាមួយគ្រប់តួអង្គទាំងអស់ ដែលបានចូលរួមកសាងសាលារៀន ព្រោះបើគ្មានសាលារៀន ទៅជ្រកនៅកន្លែងណា។ សិល្បៈនៃការចែករំលែកនេះ ក៏បានផ្តល់ឱកាសឲ្យមានសាលារៀនកាន់តែច្រើនទៅៗ។ បើយើងពឹងពាក់ទៅលើសាលារដ្ឋ សូម្បីតែសហគមន៍ និងព្រះសង្ឃ ជាពិសេសព្រះសង្ឃនៅទីអារាមខ្លះ យកចិត្តទុកដាក់ខ្លាំងណាស់។ ខ្ញុំធ្វើដំណើរទៅក្រចេះ វត្តថ្មគ្រែ ចែកម្ខាងម្នាក់ ពីដើមជាដីវត្ត ប៉ុន្តែ ឥឡូវក្លាយជាបឋមនៅហ្នឹង អនុវិទ្យាល័យនៅហ្នឹង ធ្វើវិទ្យាល័យនៅហ្នឹង។ វត្តមួយដែលទើបនឹងបង្កើត ដែលខ្ញុំថាដាច់ចិត្តធ្វើ ក្នុងចន្លោះពីមណ្ឌលគិរី ដល់រតនគិរី ហើយនៅក្នុងស្រុកកោះញែក។ កន្លែងនេះ ជាតំបន់ទីតាំងថ្មី ដែលទាមទារនូវការដាក់សាលារៀន។ អញ្ចឹងបានជានៅពេលដែលខ្ញុំចុះចែកកម្មសិទ្ធិដីធ្លី ខ្ញុំបានមើលឃើញបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ តំបន់ដែលប្រជាជនទៅកសាងទីលំនៅថ្មីនេះ ដើម្បីឲ្យគាត់នៅទីនោះបាន ត្រូវដោះស្រាយបញ្ហាសាលារៀន ដោះស្រាយបញ្ហាមន្ទីរពេទ្យ ត្រូវដោះស្រាយបញ្ហាទឹក និងបញ្ហាគមនាគមន៍ គឺ ៤ យ៉ាងនេះ ជាមួយនឹងពួកគាត់។ អញ្ចឹងសាលាមានគ្រប់ទិសទីហើយ វានៅសល់តែការខិតខំប្រឹងប្រែង។
មុនបង្អស់ កុំបន្ទោសរាជរដ្ឋាភិបាល អាជ្ញាធរ (នៅពេល)កូនៗ មិនព្រមទៅរៀន។ យើងម្នាក់ឯង មានត្រឹមតែកូន ៤-៥ នាក់ ឬ ២-៣ នាក់ ប្រដៅកូនមិនបានផង មកជេររាជរដ្ឋាភិបាលដែលមានប្រជាជនទៅដល់ ១៥ លាននាក់។ គ្រាន់តែសិស្ស ៣ លានកន្លះនាក់។ អញ្ចឹងទេ ការកសាងសាលារៀន គ្មានទេដែលថាថ្ងៃថយ ព្រោះទី ១ គឺចំនួនសិស្សមានកំណើន ទាំងនៅបឋម ទាំងនូវមធ្យម ទាំង ២ កម្រិត។ ឯមួយទៀតសាលារបស់យើងខ្លះចាស់ៗ ទ្រុឌទ្រោម ដែលទាមទារនូវកន្លែងខ្លះត្រូវវ៉ៃចោលជាបន្ទាន់តែម្តង។ មានសាលាមួយចំនួន ខ្ញុំទៅឃើញ ខ្ញុំព្រឺខ្លួនតែម្តង។ ខ្ញុំថាឥឡូវ វ៉ៃចោលបន្ទាន់ភ្លាម ខ្ញុំសុខចិត្តធ្វើជូន។ សាលានៅក្រចេះមួយ តាំងពីជំនាន់ណា ទ្រុឌទ្រោម ហើយនៅមានសិស្សចូលរៀន។
… នៅកំពង់ចាម លោកគ្រូចាងហ្វាងគាត់ចូលមក Comment ថាសម្តេចអញ្ជើញមកមើលសាលានៅបឹងកុក ដល់ភ្លាមខ្ញុំមើល ឃើញក្នុងហ្នឹង ខ្ញុំក៏កាត់គម្រោងថាខ្ញុំទៅផ្សារ។ អញ្ចឹងខ្ញុំទៅមើលសាលា ដល់ទៅមើលសាលា អ្នកនាំផ្លូវហ្នឹងស្តាប់វាមិនបាន ទៅចូលសាលាពុទ្ធិកៈនោះ តែពុទ្ធិកៈមានទៅខ្វះអី? ហើយបានមកវិញចូលសាលានៅបឹងកុក។ អញ្ចឹង ខ្ញុំឲ្យវ៉ៃអាចាស់ ដាក់អាថ្មីចូល។ អញ្ចឹង ឥឡូវនេះ ដំណើរការកសាងសាលារៀនរបស់យើងនៅបន្ត។ សូម្បីតែមកដំណាក់កាលចុងក្រោយនេះ លោកគ្រូ តាំងគោក អគារហ្នឹង បើទុកបន្តិចទៀត គឺអន្តរាយ។ ផុយហើយត្រូវគ្រាប់បែកទៀត។ អញ្ចឹង យើងមានតែវ៉ៃចោលអាចាស់។ តាំងគោក ចុងក្រោយនេះ បានអគារ ៣ ជាន់ ៣០ បន្ទប់ បូកនឹងម្ខាងណេះ វ៉ៃចោល ហើយដាក់ ២ ជាន់ ១២ បន្ទប់ទៀត។ ដូច្នេះ អាហ្នឹងយើងបានដូចជា ៤២ បន្ទប់ បូកនឹងទីចាត់ការ ៣ បន្ទប់ និងបូកនឹងជួសជុលអគាររបស់ខ្ញុំ ៣ អញ្ចឹង បើយើងទៅមូលដ្ឋានយើងឃើញនូវតម្រូវការនៅមានច្រើននៅឡើយ ដែលយើងត្រូវបន្តដោះស្រាយ។
ការតភ្ជាប់បង្កការងាយស្រួលដល់សិស្សានុសិស្ស
យ៉ាងណាក៏ដោយ ខ្ញុំសុំអរគុណណាស់ជាមួយនឹងសប្បុរសជនទាំងឡាយ ជាមួយនឹងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកសាងសាលារៀន។ … និយាយពីរឿងការតភ្ជាប់នេះ ខ្ញុំលើកឧទាហរណ៍ មណ្ឌលគិរីអម្បាញ់មិញនេះ បើគ្មានការតភ្ជាប់ទេ មិនអាចហៅ ស្រីលីន ឪពុកម្តាយ និងអភិបាលរងខេត្ត មកទាន់ពេលទេ។ ខ្ញុំបានប្រាប់ហើយ ខ្ញុំបានវ៉ៃទៅចូលតាមគ្រប់បណ្តាញ ដំបូងខ្ញុំបានបញ្ជូនតាមហ្វេសប៊ុក បញ្ជូនតាម Group Whatsapp ទៅឲ្យខេត្ត ហើយនិងក្រសួងអប់រំ ប៉ុន្តែ ស្រាប់តែនាយកសាលាគាត់ចូលមក Comment ថាវាជាការល្អណាស់ បើសិនជានាយកសាលា អាចទៅជាមួយនឹងកូនសិស្ស។ អញ្ចឹង ខ្ញុំក៏ទូរស័ព្ទភ្លាមមកឯកឧត្តម ហង់ ជួនណារុន ថាបានតើ។
អញ្ចឹងឆ្នាំក្រោយ មុខតែមានសាលាច្រើនទៀត ប៉ុន្តែ ប៉ុន្មានក៏ដោយ យើងជួបគ្នាម្តងក្រោយប្រឡងបាក់ឌុប ព្រោះឥឡូវអញ្ចេះ ជាប់បាក់ឌុប បច្ចុប្បន្ន ឪពុកម្តាយសប្បាយ ជាងកូនជាប់មហាវិទ្យាល័យ។ មូលហេតុអ្វីទៅ។ អានេះជាបារ៉ាសមួយធំ។ រហូតខ្ញុំមើលឃើញ គេបញ្ជូនឲ្យខ្ញុំ ឃើញគេបោះជាធៀប សូមអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រីចូលរួមពិធីជប់លៀងអបអរសាទរកូនស្រីខ្ញុំប្រឡងជាប់។ អញ្ចឹងបានថា ឥឡូវនេះ ជាប់បាក់ឌុបខ្លាំង តែមហាវិទ្យាល័យហើយអាហ្នឹងគេរៀនយក Credit ជួនកាល គេសុំឈប់មួយរយៈ ហើយបានគេចូលមករៀនបន្តទៅទៀត ប៉ុន្តែ បាក់ឌុបគឺពិបាកប្រឡង។ ប៉ុន្តែ ទាល់តែយើងធ្វើអញ្ចឹងដែរ។ ការតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ បង្កើតនូវការងាយមិនស្រួល មិនមែនគ្រាន់តែការធ្វើដំណើរ ពីបណ្តាខេត្តមកកាន់ភ្នំពេញទេ ក៏ប៉ុន្តែ ពីផ្លូវ ពីផ្ទះ មកកាន់សាលារៀន មិនថាផ្លូវចាក់កៅស៊ូ ផ្លូវបេតុង ឬផ្លូវលំទេ បង្កើតនូវការងាយស្រួលសម្រាប់សិស្សានុសិស្សរបស់យើង។
កោតសរសើរដល់ក្រសួងអប់រំ លើកំណែទម្រង់ស៊ីជម្រៅ
ខ្ញុំសុំកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា ជាពិសេសឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន ដែលបានដឹកនាំកំណែទម្រង់ដ៏ស៊ីជម្រៅនៅក្នុងវិស័យអប់រំ ដែលកំពុងផ្តល់ផ្លែផ្កាសម្រាប់ជាតិយើងទាំងមូល។ ទោះអ្នកណាគេថាម៉េចថាចុះ គេថាសញ្ញាបត្រក្នុងប្រទេសគ្មានតម្លៃអ្វីក៏ដោយ ក៏ប៉ុន្តែ សិស្សភាគច្រើនណាស់ ដែលរៀននៅក្នុងប្រទេស។ ខ្ញុំបានប្រាប់សហការីរបស់ខ្ញុំថា សង្ឃឹមថា ២០ ឆ្នាំ ទៀតធនធានមនុស្សរបស់កម្ពុជាយើងខ្លាំងសម្បើម។ ខ្ញុំពិតជានៅចងចាំថា ឆ្នាំ ១៩៧៩ យើងនៅសល់តិចណាស់ ហើយចំនួនតិចនេះ ក្រសួងការបរទេសដែលខ្ញុំកាន់ផ្ទាល់នេះ បានស្រូបយកនូវធនធានបញ្ញាវ័ន្ត ដែលក្រសួងនានាមិនត្រូវការ យកទៅក្រសួងការបរទេស។ ពេលនោះ គ្រាន់តែវិស្វករ ៥ នាក់ ទៅនៅក្រសួងការបរទេស ឧស្សាហកម្មគេមិនយក រាប់ទាំង ឡុង វិសាឡូ ជំនាញពិតប្រាកដរបស់គាត់ គឺត្រូវនៅក្រសួងកសិកម្មទេ។ បង កង កេង ជំនាញពិតប្រាកដរបស់គាត់ខាងកសិកម្ម និងខាងក្សេត្រសាស្រ្ត។ ទៅរៀននៅអាមេរិក។ ប៉ុន្តែ ដល់ក្រសួងនានាអត់យក ខ្ញុំយក។ ក្រោយមកបានចែករំលែក អ្នកសេដ្ឋកិច្ចក៏នៅក្រសួងការបរទេស សាស្រ្តាចារ្យមួយចំនួនទៅក្រសួងការបរទេស។
ការចូលរួមយ៉ាងសកម្ម នៅវគ្គបំប៉នសម្រាប់ថ្នាក់ទី ១២ និងថ្នាក់ទី ១១ ត្រៀមប្រឡង
ប៉ុន្តែ នៅពេលដែលខ្ញុំចេញដំណើរទៅបរទេសម្តងៗ អ្វីៗដែលជាសំណូមពរធំជាងគេរបស់ខ្ញុំ គឺសុំអាហារូបករណ៍។ ដូច្នេះ ហើយបានជានិស្សិតរបស់យើងរាប់ពាន់ម៉ឺននាក់ ដែលបានទៅរៀននៅក្រៅប្រទេស ក្នុងដំណាក់កាលនោះ។ យើងមិនអាចពឹងពាក់តែនៅក្រៅប្រទេសទេ។ ការបណ្តុះបណ្តាលក្នុងប្រទេស ក៏ត្រូវបានយកចិត្តទុក ដាក់ដូចគ្នា។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងបើកឱកាសកាន់តែច្រើន មិនត្រឹមតែផ្នែករដ្ឋទេ វិស័យឯកជនបានចូលរួម។ កំណែទម្រង់ដែលក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំធ្វើក្នុងអាណត្តិថ្មី ក្នុងរយៈពេលចុងក្រោយនេះ បានបង្កើតនូវសកម្មភាពបំប៉នសិស្សមុនប្រឡងបាក់ឌុប។ ថ្ងៃដែលខ្ញុំទៅកំពង់ឆ្នាំង និងពោធិ៍សាត់ ពេលហ្នឹងគេកំពុងប្រឡងឌីផ្លូម ខ្ញុំក៏ចូលតាមសាលា។ នៅក្នុងសាលា មួយផ្នែកប្រឡងឌីផ្លូម ប៉ុន្តែកន្លែងខ្លះគឺបំប៉ន។ អរគុណអ្នកដែលបានចូលរួមបំប៉នសិស្ស ប៉ុន្តែការបំប៉ននេះបានបង្កើតឱកាសសម្រាប់សិស្ស មិនមែនគ្រាន់តែសិស្សថ្នាក់ទី ១២ ទេ សិស្សថ្នាក់ទី ១១ ត្រូវទទួលបានការបំប៉នដែរ។
… បានសេចក្តីថា មានអន្តរសកម្មធំណាស់ គ្រាន់តែរឿងយើងកែទម្រង់ក្នុងវិស័យការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ។ សិស្សថ្នាក់ទី ១២ ក៏ទទួលការបំប៉ន សិស្សថ្នាក់ទី ១១ ក៏ទៅទទួលការបំប៉ន ហើយអរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ក្រុមការងាររបស់គណបក្សប្រជាជនគ្រប់ទីកន្លែង ដែលបានចំណាយប្រាក់កាស ដើម្បីជួយដល់គ្រូ ក្នុងការបំប៉ន។ ក្នុងហ្នឹងមានក្រុមការងាររបស់គណបក្សប្រជាជន គណបក្សតាមខេត្ត អាជ្ញាធរខេត្ត សហភាពសហព័ន្ធយុវជន និងផ្នែកដទៃទៀត។ ខ្ញុំជឿថា បក្សនយោបាយផ្សេងៗក៏ធ្វើដែរ ខ្ញុំក៏អរគុណដែរ។ បក្សនយោបាយខ្លះក៏មានរួមចំណែក តិចច្រើនក៏មានរួមចំណែក ខ្ញុំក៏អរគុណ ព្រោះបញ្ហានៅទីនេះ យើងអត់និយាយពីបក្ស មិនបក្សទេ និយាយពីរឿងការអប់រំសម្រាប់ទាំងអស់គ្នា។ ក្នុងករណីថាមិនបានជួយ ខ្ញុំក៏មិនថា ក្នុងករណីដែលបានជួយ ខ្ញុំក៏សូមអរគុណ អរគុណដូចៗគ្នាទាំងអស់។
ជាពិសេសអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយកម្លាំងសម្រាប់បំប៉នសិស្សមុនពេលដែលសិស្សចូលប្រឡង។ តំបន់ខ្លះមានប្រាក់ច្រើន តំបន់ខ្លះប្រាក់តិច កន្លែងខ្លះបង្រៀនដោយមិនចាំបាច់មានកម្រៃទេ ដើម្បីជួយសិស្សឲ្យជាប់។ គ្រប់ខេត្តក្រុង ខេត្ត រាជធា នី សុទ្ធតែមានការបំប៉នសិស្ស ហើយបំប៉នតាំងពីថ្នាក់ទី ១១ ហើយជាពិសេសក្មួយៗ ផ្ទាល់តែម្តង បើក្មួយៗ មិនចូលរួមក្នុងការបំប៉នទេ ក៏គ្មានសិស្សឯណាសម្រាប់បំប៉នដែរ។ និយាយពីចលនាអ្វីក៏ដោយ ក៏ត្រូវមានការចូលរួម ហើយការចូលរួមបំប៉នក្នុងឆ្នាំនេះ ពូបានទៅជួបផ្ទាល់ហើយ មិនមែនគ្រាន់តែសិស្សថ្នាក់ទី ១២ ទទួលការបំប៉នទេ ក្មួយថ្នាក់ទី ១១ ក៏មកចូលរួមដែរ ហើយគ្រូក៏បើកឱកាសឲ្យសិស្សនោះដែរ។
អរគុណមាតាបិតា អាណាព្យាបាល អាជ្ញាធរ ផ្តល់ឱកាស និងលើកទឹកចិត្តដល់សិស្ស
ខ្ញុំពិតជាមានការអរគុណ និងមោទនភាពខ្លាំងណាស់ ហើយជាពិសេសអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន។ នេះជាផលប្រយោជន៍មួយធំ ដែលយើងមិនត្រូវភ្លេចជាមួយនឹងអ្នកមានគុណរបស់យើងទេ។ ថ្ងៃនេះខ្ញុំពិតជាមានមោទនភាព ហើយ ខ្ញុំពិតជាសប្បាយចិត្តចំពោះមាតាបិតា នៅពេលដែលក្មួយៗ មិនថានិទ្ទេស A នៅទីនេះទេ គ្រប់និទ្ទេសទាំងអស់ ដែលប្រឡងជាប់ គឺ ៥ ម៉ឺន ៥ ពាន់នាក់ ក្នុងអត្រាស្មើនឹង ៦២,១៨% ហើយក៏សូមចូលរួមសំដែងការសោកស្តាយ ជាមួយនឹងមាតាបិតា អាណាព្យាបាលដទៃទៀត ដែលកូនមិនទាន់ជាប់ សង្ឃឹមថានឹងចលនាកូនឲ្យបន្តការខិតខំ ដើម្បីប្រឡងនៅឆ្នាំក្រោយ។
ខ្ញុំអរគុណជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់។ មុនក្មួយៗ មកដល់នេះ ខេត្តខ្លះមានផ្តល់ការឧបត្ថម្ភ សម្រាប់ក្មួយៗច្រើនហើយ។ ពូសូមអភ័យទោសចំពោះក្មួយៗ បើមក ៥ ម៉ឺននាក់ កន្លែងយើងដាក់បានតែប៉ុន្មានរយនាក់ទេ នៅកន្លែងនេះ ហើយមកជួបយ៉ាងម៉េច មានតែមកធ្វើមេទ្ទិញមួយ។ បណ្តាខេត្តនោះបានជួយឧបត្ថម្ភ ខេត្តខ្លះមានដល់ម៉ូតូ ឯកឧត្តម ស សុខា តំណាងរាស្ត្ររបស់ព្រៃវែង ថាចេញនៅព្រៃវែង ៥ គ្រឿង បន្ទាយមានជ័យ ៥ គ្រឿង។ ជាប់ ១៤ នាក់នៅព្រៃវែង បានទទួលម៉ូតូ … ប៉ុន្តែក្មួយៗខាងកោះធំ ខេត្តកណ្តាល ឮថាបានទទួលម៉ូតូពី ឯកឧត្តម ស៊ុន ចាន់ថុល ផង ចាំថ្ងៃ ២៤។ មានអីជូនហ្នឹងទៅ ជាសមានចិត្ត ហើយបើថាមានការចែករំលែកកាន់តែច្រើនកាន់តែល្អ។ ប៉ុន្តែយ៉ាងណាក៏ដោយ ឃើញថា អាជ្ញាធរ ទោះបីជាខេត្តគ្មាននិទ្ទេស A ក៏សុទ្ធតែមានការជាប់។ ឆ្នាំទៅ ខេត្តមណ្ឌលគីរីក៏មានអត្រាជាប់ ៨០% ប្លាយដែរ ក៏ប៉ុន្តែអត់មាននិទ្ទេស A ទេ។
គ្រប់និទ្ទេសទាំងអស់ បើសិនជាចង់ធ្វើគ្រូ ត្រូវតែប្រឡង
… មានរឿងមួយ។ ពូចង់ថា យើងតាំងចិត្តឲ្យក្លាហាននៅត្រង់អញ្ចេះ ជាគោលនយោបាយ ខាងក្រសួងអប់រំចង់បានសិស្សដែលពូកែចូលធ្វើគ្រូ។ អញ្ចឹងបានឆ្នាំទៅនេះ និទ្ទេស A, B, C នេះ បើចង់ធ្វើគ្រូ ចូលដោយស្វ័យប្រវត្តិ។ ប៉ុន្តែឥឡូវជួយគិតគ្នាមើល … ឆ្នាំទៅមានករណីសម្រេចពិសេសមួយ ដោយឲ្យ A, B, C ជាប់ជាស្វ័យប្រវត្តិចូលធ្វើគ្រូ ១២០០ នាក់។ ប៉ុន្តែឥឡូវបើសិនជាបើកករណីដូចគ្នា គ្រោះថ្នាក់ហើយ។ ឆ្នាំទៅចំនួនវាតិច។ ឥឡូវ បើយើងគិត គ្រូមួយឆ្នាំឲ្យក្របខណ្ឌតែ ៣ ពាន់នាក់ទេ ប៉ុន្តែសិស្សយើងដែលបានជាប់ គ្រាន់តែនិទ្ទេស B មាន ២៨០០ នាក់ទៅហើយ C មានទៅដល់ ៥៥៩៥ នាក់។ អញ្ចឹងបញ្ហានៅទីនេះ តាំងខ្លួនជាអ្នកខ្លាំងហើយ មិន ខ្លាចប្រឡងទេ ទើបវាយុត្តិធម៌។ … ដើម្បីភាពយុត្តិធម៌ ការប្រឡងគ្រូ ត្រូវតែប្រឡង ទោះបីជាប់និទ្ទេសណាក៏ដោយ អាហ្នឹងទើបផ្តល់យុត្តិធម៌ឲ្យគ្រប់ៗគ្នា។
… ថ្ងៃមុន ស្រីលីនចង់រៀនខាងឱសថសាស្រ្ត ប៉ុន្តែនៅក្នុងចំណាត់ថ្នាក់ទី ២៧ មណ្ឌលគីរី។ អញ្ចឹងទេ ខ្ញុំក៏សូមទូរស័ព្ទសួរឯកឧត្តម ម៉ម ប៊ុនហេង ថានីតិវិធីយ៉ាងម៉េច? ថាបើទោះបីរៀនបង់ថ្លៃ ក៏ត្រូវតែប្រឡងដែរ។ អញ្ចឹង សួរទៅក្មួយនោះថា បើក្មួយឯងពូកែប៉ុណ្ណឹងដែរ ខ្លាចអីនឹងប្រឡង? អញ្ចឹង សូមអំពាវនាវចំពោះសិស្សានុសិស្សជាប់ទាំងនិទ្ទេសទាំង A, B និង C មិនទទួលយកដោយស្វ័យប្រវត្តិទេ។ ដើម្បីធានាថា អ្នកពូកែទើបជាប់ធ្វើគ្រូ ប្រឡងទៀត គេហៅថាពូកែលើពូកែ។ ឥឡូវក្មួយៗ និទ្ទេស A សុំសួរយោបល់បន្តិចថា គួរប្រឡង ឬមិនប្រឡង? យើងខ្លាំងប៉ុណ្ណឹងដែរ ហើយថាមិនចាំបាច់ប្រឡងដូចយ៉ាប់ពេក។ ក្មួយៗខ្លះមិនមែនធ្វើគ្រូទេ ប៉ុន្តែឥឡូវ បើសិនជាឲ្យប្រឡង តើក្មួយចង់ប្រឡងដែរឬទេ?
… មួយគ្រាន់តែប្រឡងឲ្យជាប់បាក់ឌុប ដើម្បីមានសញ្ញាបត្រសម្រាប់ចូលទៅប្រឡងយករៀនតាមផ្នែកដទៃ ប៉ុន្តែក្មួយៗចាប់យកអាជីពជាគ្រូបង្រៀន ក្មួយត្រូវទៅរៀនឥឡូវ ១២+២ ហើយថ្ងៃក្រោយដូចជាមានគោលការណ៍ថ្មី ១២+៤ បានសេចក្តីថា គ្រូរបស់យើងទៅតាមស្តង់ដារមួយ។ ឯគ្រូសាស្រ្តាចារ្យនៅមធ្យមសិក្សាទុតិយភូមិ បរិញ្ញា+១ គ្រូនៅតាំងគោក ក្មួយស្រីម្នាក់ដែលមកអង្គុយ ហើយខ្ញុំសុំមើលកាបូប ហើយរាំញីកែងជើង បានសេចក្តីថា ក្មួយស្រីហ្នឹងទទួលសញ្ញាបត្រពីខ្ញុំ ២ ដង ទទួលលើកទី ១ គឺបរិញ្ញានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកទី ២ នៅវិទ្យាស្ថានជាតិអប់រំ។ បានទៅបង្រៀននៅឯណោះ ទៅដល់មានប្តីនៅហ្នុង។ ប៉ុន្តែ ប្តីហ្នឹងមានកម្រិតមូលដ្ឋាន អញ្ចឹងប្តីត្រូវឡើងមករៀននៅភ្នំពេញដើម្បីបំពេញថែម។ អញ្ចឹងបានសេចក្តីថា ក្មួយស្រីជាគ្រូបង្រៀនហ្នឹងមានសញ្ញាបត្រខ្ពស់ជាងប្តី។ អញ្ចឹង យើងត្រូវមានស្តង់ដារមួយ ដើម្បីធានាថាគ្រូរបស់យើងពូកែ យើងត្រូវប្រឡងគ្រប់និទ្ទេសទាំងអស់ ចូលប្រឡងជាមួយគ្នា កៅអីថាមានទាំងអស់ ៣ ០០០ ឥឡូវមនុស្សថា ២០ ០០០ ចង់ធ្វើគ្រូ ត្រូវដាក់ប្រឡង។ អាហ្នឹងទើបយុត្តិធម៌ ឯឆ្នាំទៅចំនួនវាមិនច្រើន តែឆ្នាំនេះវាចំនួនច្រើន តែចំនួនច្រើន ឬតិច បង្កើតឲ្យមានរបៀបរបបមួយជាស្តង់ដារ គឺត្រូវប្រឡង។
ត្រូវយកស្តង់ដារប្រឡង ធ្វើជាមូលដ្ឋាន ទាំងគ្រូ ទាំងពេទ្យ
… មានម្នាក់គាត់មើលអក្សរខុសមិនដឹង គាត់ចូលមកcomment គាត់ថា សម្តេច! ចំណាររបស់សម្តេចឲ្យសាលាពេទ្យយកនិស្សិតទាំងអស់ដោយមិនចាំបាច់ប្រឡង ដោយគ្មានលក្ខខណ្ឌ វាអត់មាន។ អញ្ចឹង បានវាយឆ្លើយទៅគាត់វិញ ហើយបង្ហោះទាំងលិខិតសាលាហ្នឹងទៅទៀត។ ប៉ុន្តែ ធម្មតាទេ យើងត្រូវឆ្លើយតប វាជាការសមរម្យ ដោយសារតែគាត់មិនច្បាស់ហ្នឹងហើយ បានជាគាត់សួរយើង ហើយបើយើងមិនស្គាល់ទៀត ធ្វើម៉េចដែលហៅថាទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងនាយករដ្ឋមន្រ្តីទៅបាន? ឥឡូវនេះកំពុងផ្សាយបន្តផ្ទាល់ប៉ុន្មាន line ឯណោះ ហ្វេសប៊ុកក៏ផ្សាយផ្ទាល់ Fresh News ក៏កំពុងតែបន្តផ្ទាល់ ហើយនិងដើមអំពិល។ អ្វីក៏ត្រូវតែរៀបចំឲ្យមានការប្រឡង ខ្ញុំស្នើឲ្យមានទម្រង់នេះមួយឲ្យច្បាស់។ កាលជំនាន់អតីតរដ្ឋកម្ពុជា គេហៅថាប្រឡងផ្គុំ ជាប់ឌីប្លូមផង ប្រឡងយកកៅអីផង។ ឥឡូវ យើងក៏ដូចគ្នាដែរ ប្រឡង(បាក់ឌុប)ហើយ បើចង់ធ្វើគ្រូត្រូវប្រឡង ដើម្បីបានក្របខណ្ឌគ្រូ។ … ឥឡូវយកស្តង់ដាប្រឡង ធ្វើជាមូលដ្ឋានតែម្តង ទើបដោះស្រាយបានបញ្ហា។ អាហារូបករណ៍ក៏ដូចគ្នា សូម្បីតែខ្ញុំ ដូចជាសាលាឯកជននានាផ្តល់អាហារូបករណ៍ឲ្យខ្ញុំ ក៏ខ្ញុំត្រូវឲ្យមានគណកម្មការមួយធ្វើតេស្ត ដើម្បីទទួលយកនូវនិស្សិតដែលទទួលយកអាហារូបករណ៍នោះ។
… សង្ឃឹមថា ការលើកឡើងរបស់ខ្ញុំនេះ នឹងទទួលបានគ្រប់ៗគ្នា ហើយវាសមធម៌។ បើមិនដូច្នោះ យើងធ្វើការ គេហៅថា របៀបមិនច្បាស់ ក្នុងស្ថានភាពមួយដែលបង្កើតឲ្យមានការសង្ស័យទៅវិញ អំពីសមត្ថភាព និងលទ្ធភាពរបស់គ្រូបង្រៀន។ … ខ្ញុំបានឆ្លើយជាមួយនឹងលិខិតរបស់គាត់ ដែលគាត់បានវាយចូលមក អញ្ចេះវិញ … ខ្ញុំថា ក្រសួងសុខាភិបាលស្នើសុំឲ្យបានចូលរៀននូវនិទ្ទេស A ចំនួន ១០ នាក់ គឺយកប្រុស ៥ នាក់ ចាប់ពីលេខ ១ ដល់លេខ ៥ បានសេចក្តីថា Top Five ស្រីយក ៥ នាក់ យកពីលេខ ១ ដល់លេខ ៥។ ហ្នឹងគេផ្តល់អាហារូបករណ៍ បានសេចក្តីថា Top Five ទាំង ២ ភេទ ពូកែគ្រប់មុខវិជ្ជារបស់គេនោះ គេមានលក្ខខណ្ឌរបស់គេនោះ …។ យើងបញ្ជាក់ត្រង់វិស័យអប់រំតទៅទៀត សូមអំពាវនាវឲ្យក្មួយៗ ប្រឡង ហើយសង្ឃឹមថា ក្មួយៗទាំងអស់នឹងបន្តជ្រើសរើសយកមុខវិជ្ជាណា ដែលមានតម្រូវការទីផ្សារការងារ។ ក្មួយៗនិទ្ទេស A ទាំងឡាយដែលថ្ងៃនេះ មកទាំងខ្លួន មកទាំងក្រុមគ្រួសារ សង្ឃឹមថា ប៉ុន្មានឆ្នាំក្រោយទៀត ពូបានលឺថាក្មួយជាប់បរិញ្ញា ឬបានលឺថាក្មួយបានជាប់ជាគ្រូបង្រៀន …។
រង្វាន់ផ្តល់ឲ្យជ័យលាភី
… សូមអរគុណចំពោះ លោកឧកញ៉ា លាង ឃុន ដែលថ្ងៃនេះបានចូលរួមវិភាគទានជាមួយនឹងខ្ញុំក្នុងការផ្តល់ Tablet Samsung ចំនួន ៤០៥ គ្រឿង។ ហើយក៏មាន Sim card មួយ ដែលមាន Internet ប្រើ ៣ ខែ។ ថ្ងៃនេះ ក្នុងការមកជួបជុំគ្នានេះ សម្រាប់ក្មួយៗ និទ្ទេស A ទាំងអស់ ទទួលបាន Tablet Samsung មួយគ្រឿង Memory Card មួយ និង sim card និងប្រាក់ស្លឹងមួយ។ ប្រាក់ស្លឹងនេះ វាមានប្រវត្តិរបស់វា ដែលខ្មែរយើងមានប្រាក់ស្លឹង ធ្វើពីប្រាក់ យើងយកពីប្រទេសហូឡង់មកវិញទេ។ ប្រាក់នេះ បានបោះផ្សាយតាំងពីឆ្នាំ ១៥១៤ ជំនាន់ហ្លូងព្រះស្តេចកន។ អញ្ចឹង ធនាគារជាតិបានយកវាទៅបោះពុម្ពឡើងវិញ ហើយក្មួយៗនឹងមានប្រាក់កាក់នេះ ទុកជាអនុស្សាវរីយ៍គេហៅថា សិស្សនិទ្ទេស A ឆ្នាំទៅ ក៏បានដូចគ្នាអញ្ចឹងដែរ។ អញ្ចឹងអ្នកនិទ្ទេស A គឺមានអាហ្នឹងមួយដែលជាប្រាក់ប្រវត្តិសាស្រ្ត ក្រៅពីនោះ ថវិកាសូមជូនក្មួយៗម្នាក់ ២ លានរៀល ហើយ ២ លាននេះ គឺអត់យកទៅចេញថ្លៃបាយ សណ្ឋាគារអីទេណា ខេត្តជាអ្នកប៉ាវទាំងអស់។ … ចំពោះនាយកសាលា ដែលបានអញ្ជើញមក មានប្រាក់ស្លឹងមួយដែរសម្រាប់នាយក និងនាយិកា … សម្រាប់នាយកសាលាទាំងអស់ដែលមានសិស្សជាប់និទ្ទេស A នឹងទទួលបានថវិកា ១ លានរៀល និងសម្រាប់វិទ្យាល័យនីមួយៗ ថវិកា ៣ លានរៀល។
ស្តាយដែរ តែយើងរៀបចំមិនទាន់ ហើយអាទិត្យនេះ គឺជាអាទិត្យដែលស្លាប់រស់តែម្តង គ្មានពេលសម្រាកអីសូម្បីបន្តិច កុំអីយើងរៀបចំបាយមួយពេលក៏ល្អ។ ចុងបញ្ចប់ ខ្ញុំសូមយកឱកាសនេះម្តងទៀត ថ្លែងនូវការកោតសរសើរ និងអបអរសាទរអស់ពីចិត្តពីថ្លើម ជាមួយនឹងសមិទ្ធផលទាំងឡាយ ដែលក្រសួងអប់រំ យុវជន និងកីឡា, មន្ទីរអប់រំ គ្រប់ថ្នាក់, អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិទាំងអស់ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សផ្ទាល់ខ្លួន ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមានវឌ្ឍនភាពនេះឡើង។ អ្វីៗ ទាំងអស់សុទ្ធតែសម្រាប់កម្ពុជា អ្វីៗទាំងអស់សម្រាប់ក្មួយៗ ទាំងអស់ ដែលជាអនាគតទំពាំងស្នងឫស្សី។ សង្ឃឹមថា ថ្ងៃក្រោយក្មួយៗ ដែលឡើងមកទីនេះ នឹងមានមនុស្សមួយចំនួននឹងមកធ្វើការនៅវិមានសន្តិភាពនេះ។ វិមានសន្តិភាពនេះ ធ្វើដោយទឹកដៃរបស់ជនជាតិខ្មែរទាំងអស់ និងដោយថវិការបស់ខ្មែរទាំងអស់ បរទេសគ្មានជាប់ពាក់ព័ន្ធមួយកាក់មួយសេនណា ឬគំនូរប្លង់ណាមួយទេ។ មនុស្សជាច្រើន ប្រមុខរដ្ឋាភិបាលមួយចំនួន បានមកឃើញ សួរថា ប្រទេសណាអ្នកគូរប្លង់? ខ្ញុំថា អត់ទេ ដូនតាយើងខ្ញុំធ្វើអង្គរវត្តបាន រឿងអីធ្វើប៉ុណ្ណឹងមិនបាន?
… ក្មួយៗ អាចដើរថត ដើរមើល កន្លែងប្រជុំអាស៊ាន គេប្រជុំនៅឯណា ក្នុងបន្ទប់នេះ គ្រាន់តែបើកអាស៊ានទេ កន្លែងប្រជុំដូរពីកន្លែងមួយទៅកន្លែងមួយ។ កន្លែងទទួលភ្ញៀវ បើក្មួយចង់មើលកន្លែងធ្វើការនាយករដ្ឋមន្រ្តី យើងបើកឲ្យចូលទៅចុះ។ មើលបន្ទប់ប្រជុំគណរដ្ឋមន្រ្តី បើក video conference ជាប់ជាមួយនឹងបណ្តាខេត្ត គឺក្មួយៗ អាចដើរមើល នាំឪពុកម្តាយថតរូបក្នុងហ្នឹងតែម្តង។ នេះជាតំណាងនៃអំណាចរបស់ជាតិ។ មុននេះ មានការគិតថា ចង់នាំក្មួយៗ ទៅកំពង់សោម ទៅជួបគ្នានៅទីនោះ ចង់នាំក្មួយៗទៅសៀមរាប ក៏ប៉ុន្តែ បើសិនជាទៅទីនោះ ក្មួយៗ មិនអាចមកកាន់វិមានសន្តិភាពនេះទេ តំណាងឲ្យជាតិ គឺនៅទីនេះ …៕