រួមគ្នាកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមប្រគល់សញ្ញាបត្រ សម្រាប់និស្សិត (ចំនួន) ១.៣៦២ នាក់ សម្រាប់សាកលវិទ្យាល័យ បញ្ញាជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ គ្រប់គ្រង។ ដូចដែល លោកបណ្ឌិត រ៉ុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បញ្ញា ជាតិ បានរាយការណ៍អម្បាញ់មិញ យើងពិតជាបានប្រឹងប្រែងរួមគ្នាលើដំណើរផ្លូវដ៏វែងឆ្ងាយមួយ ទើបមានថ្ងៃនេះ ហើយនេះ គឺជាការខិតខំរួម ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលរួមគ្នាកសាងឡើងនូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជានៅពេលនេះផង ហើយនឹងសម្រាប់ពេលវែងទៅខាងមុខផង។
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាន បញ្ជាក់កាលពីមុនហើយថា ប្រសិនបើយើងមិនមានគោលនយោបាយត្រឹមត្រូវទេ មិនផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមនោះទេ យើងពិតជាគ្មានលទ្ធភាពស្រូបអស់យកសិស្សដែលប្រឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ ដែលពួកគេមួយឆ្នាំៗ រាប់ម៉ឺននាក់ រុញចូលមកក្នុងកម្រិតឧត្តមសិក្សា។ ឆ្លងកាត់ នៃការធ្វើកិច្ចការងារទាំងអស់នេះ ប្រជាពលរដ្ឋបានចូលរួមគាំទ្រ ដែលក្នុងនោះ និស្សិតខ្លួនឯងក៏បានចូលរួមគាំទ្រដំណើរការនៃការចុះឈ្មោះ និងបង់ថ្លៃចូលរៀន។ មួយផ្នែកក៏ត្រូវបានទទួលអាហារូបករណ៍ ការឧបត្ថម្ភពីផ្នែកនេះ ផ្នែកនោះ រាប់ទាំងការឧបត្ថម្ភរបស់សាកលវិទ្យាល័យ បញ្ញាជាតិ មកចំពោះខ្ញុំ ហើយខ្ញុំបានជូនចំពោះនិស្សិតដែលមានជួបការលំបាក។
ការរៀនសូត្រគ្មានទីបញ្ចប់
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរជាមួយជ័យលាភីទាំងអស់ ដែល ទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលមានទាំងបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលទាំង អស់នេះនឹងក្លាយទៅជាធនធានមនុស្ស សម្រាប់ការអភិវឌ្ឍពេលបច្ចុប្បន្នផង ហើយសង្ឃឹមថា ក្មួយៗ ក៏ដូចជា ប្អូនៗនិស្សិតទាំងឡាយ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះនឹងបន្តការខិតខំ ដើម្បីនឹងបង្កើននូវ សមត្ថភាពរបស់យើងបន្តទៀត។ ការៀនសូត្ររបស់យើងគ្មានទីបញ្ចប់ទេ។ អ្វីៗ ដំណើរការទៅមុខ ហើយសភាពការណ៍វិវដ្តប្រែប្រួលមិនឈប់ឈរ ដែលទាមទារឲ្យមានការតាមដានឲ្យជាប់ជាមួយនឹងសភាពការណ៍ទាំងអស់នោះ។ យើងបានប្រឹងប្រែងយ៉ាងច្រើនជាមួយនឹងការងារនេះ ប៉ុន្តែ ប្រសិនបើមានការធ្វេសប្រហែសណាមួយ ជាមួយនឹងការយកចិត្តទុកដាក់បន្តការរៀនសូត្រ ក្នុងការស្រាវជ្រាវ ប្រហែលជាយើងក្លាយទៅជាមនុស្សអភិរក្សនិយម ហើយឃ្លាតឆ្ងាយពីសភាពការណ៍។
ខ្ញុំក៏ធ្លាប់ជួបប្រទះនូវមន្ត្រី ដែលបានដើរនៅឆ្ងាយពេកពីកន្លែងដែលយើងកំពុងឈរ មិនមែនឆ្ងាយទៅមុខទេ ឆ្ងាយទៅក្រោយតែម្តង។ ឧទាហរណ៍៖ មានតួនាទីជាអ្នកប្រឹក្សាយោបល់ ឬមានតួនាទីជាអ្នកផ្តល់យោ បល់ ក្នុងក្របខណ្ឌឋានៈ/តួនាទីជាទីប្រឹក្សា ឬជាជំនួយការ ក៏ប៉ុន្តែ បែរជាមិនដឹងថា តើខ្លួនដើរមកដល់ណា ហើយនោះ? ស្រាប់តែជូនយោបល់ខ្លះ យោបល់ហ្នឹងនៅក្នុងទសវត្សរ៍ ៨០ ដូចជា យោបល់ស្តីអំពីបញ្ហា ទាក់ទងនឹងការអភិវឌ្ឍបណ្តាញផ្លូវ ឬក៏ការតភ្ជាប់ជាមួយនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅក្នុង តំបន់មួយចំនួន។ អញ្ចឹង វាគួរតែនៅក្នុងទសវត្សរ៍ ៨០ ទេ យោបល់នោះ ឬថាទសវត្សរ៍ ៩០ វាមិនមែនត្រូវ ផ្តល់យោបល់មកដល់សតវត្សរ៍ទី ២១ ហើយចូលទៅដល់មួយទសវត្សរ៍កន្លះជាងទៅទៀត នៅក្នុងសតវត្សរ៍ ទី ២១។
… នៅពេលដែលមានការផ្តល់មតិ គួរតែផ្តល់ មតិទៅលើចំណុចដែលស្របជាមួយនឹងសភាពការណ៍។ ប៉ុន្តែក៏មានអ្នកខ្លះទៀតផ្តល់មតិថា ឲ្យយើងធ្វើតាមអាមេរិក ឬឲ្យយើងធ្វើតាមជប៉ុន ឬឲ្យយើងធ្វើតាមបារាំង … នោះវាទៅជ្រុលមួយទៅទៀតទៅ។ មិនខុសពីគ្រូពេទ្យទេ។ គ្រូពេទ្យគេត្រូវការពិនិត្យជំងឺ វាវិវដ្តដល់ណាហើយ ធ្លាប់ប្រើថ្នាំអីខ្លះហើយ? គួរប្រើថ្នាំអីបន្តនៅក្នុងស្ថានភាពជំងឺបែបនេះ។ អាហ្នឹងទើបជាអ្នកសិក្សា ហើយដោះស្រាយចំគន្លឹះ ចំបញ្ហាតែម្តង… ដូច្នេះ បានជា ខ្ញុំព្រះករុណាខ្ញុំ ទទូចស្នើសុំ មិនមែនគ្រាន់តែនិស្សិត/សិស្សប៉ុណ្ណោះទេ ប៉ុន្តែ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើការងាររាល់ថ្ងៃ បើខ្លួនមិនតាមដានសភាពការណ៍វិវដ្ត នៃសភាពការណ៍ទេ ខ្លួនមិនអាចដោះស្រាយបានត្រឹមត្រូវ និងទាន់ពេលនូវហេតុការណ៍ដែលវាបានកើតនោះទេ។
អភិរក្សនិយម គឺជាគ្រោះថ្នាក់
ទន្ទឹមនឹងការអបអរសាទរជាមួយជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឲ្យ និស្សិតគ្រប់កម្រិតទាំងអស់បន្តការខិតខំបង្កើនសមត្ថភាព ហើយការបង្កើនសមត្ថភាពមិនចាំបាច់តែចូល សាលាទេ។ ការស្រាវជ្រាវតាមរយៈសៀវភៅ ឥឡូវនេះ វាកាន់តែងាយស្រួលហើយ តាមរយៈអាំងទែរណែត តាមរយៈការទាញយកនូវព័ត៌មានផ្សេងៗ ចង់ដឹងអំពីបញ្ហាស្អី គឺវាមានអាផ្នែកហ្នឹងឲ្យយើង។ ហើយនៅ តាមបណ្ណាល័យមួយៗ បណ្ណាល័យខ្លះក៏មានសៀនភៅអាន ប៉ុន្តែ បណ្ណាល័យខ្លះក៏អាចមានទៅដល់កុំព្យូ ទ័រ ដែលអាចទាញយកនូវអ្វីដែលយើងចង់បានពីខាងក្រៅ យកមកសិក្សាថែមទៀតផង។
ការធ្វេសប្រហែសជាមួយនឹងការខិតខំបង្កើនសមត្ថភាព វានឹងធ្វើឲ្យយើងក្លាយទៅជាមនុស្សអភិរក្សនិយម ហើយប្រសិនបើជាមេដឹកនាំទៅវិញ អភិរក្សនិយម គឺជាគ្រោះថ្នាក់ ព្រោះថា វាហាក់ដូចជាដុំថ្មមួយដែលសង្កត់នៅពីលើដើមឈើក្មេងខ្ចី ដើមឈើតូចមួយ ដែលកំពុងតែរីកលូតលាស់ ព្រោះយើងនៅស្ទាក់ផ្លូវគេតែ ម្តង។ ដូច្នេះ ទាមទារឲ្យមិនត្រឹមតែយុវជនទេ យុវចាស់ហ្នឹង គឺកាន់តែប្រឹង។ អញ្ចឹងបានជា ខ្ញុំព្រះករុណាខ្ញុំ តែងតែអំពាវនាវ មុននោះឲ្យធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែ ក្រោយមកឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យាទៅវិញ។
សារព័ត៌មានថ្មីថ្មី ផ្សាយព័ត៌មានមិនត្រឹមត្រូវ
… ឲ្យតែឃើញឯងកាន់ទូរស័ព្ទ វាថាឯងលេងហ្វេសប៊ុក? បញ្ហារបស់ខ្ញុំមិនមែនស្ថិតនៅត្រង់បញ្ហាហ្វេសប៊ុកទេ? កិច្ចការរបស់ខ្ញុំស្តុកនៅក្នុងនេះច្រើនណាស់។ នៅពេលនេះ ហេតុអីបានយកវាមកដាក់នៅទីនេះ? តើព័ត៌មានប៉ុន្មានទៅ? ជួនកាលលេចមកភ្លាមៗ ដែលវាលោតមកលើកញ្ចក់របស់យើងនេះ ដែលយើងអាចសង្កេតឃើញ។ ដែលវាលេចឡើងនៅក្នុងនេះ គឺមាន Fresh News, មានដើមអម្ពិល, មាន CNC, មានថ្មីថ្មី។ ប៉ុន្តែ ខ្ញុំគួរតែនិយាយបន្តិចថា(អំពី)ថ្មីថ្មីៗ ប្រហែលមានថ្មីៗមកទីនេះ។ ថ្មីៗ ផ្សាយមិនដែលចេះត្រូវ ថ្ងៃមុនខ្ញុំទើបនឹងសម្រេចភ្លាមកាត់យកភូមិ ៥ នៅ ក្នុងចម្ការកៅស៊ូ ខេត្តរតនគិរី ដែលនោះមិនមែនជាភូមិកម្មករពិតប្រាកដទេ វាមានទាំងកម្មករ វាមានតាំងពីស្អីៗ នៅកន្លែងហ្នឹង … មិនមែនជាដីចម្ការកៅស៊ូទេ ជាភូមិរបស់ប្រជាពលរដ្ឋ តែមុននេះជាភូមិរបស់កម្មករ ហើយមានប្រជាជនរស់នៅជាមួយ។
នៅពេលប្រកាសកាត់អាហ្នឹង រួចហើយឲ្យខេត្តបើកតំបន់វិនិច្ឆ័យ ហើយធ្វើកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ថ្មីថ្មី ផ្សាយលឿនមុនគេថា សម្តេចតេជោ កាត់ចម្ការកៅស៊ូប៉ុន្មានអញ្ចឹងទៅ។ កាត់យកភូមិ និងកាត់ចំការកៅស៊ូវាខុសគ្នា? បើលំបាកពេក អស់លោកកុំយកព័ត៌មានពីខ្ញុំយកទៅសរសេរ។ ព័ត៌មានផ្សាយខុសខ្លះ គឺងាប់គេងាប់ឯង។ … នាយករដ្ឋមន្ត្រីមិនបានឲ្យពួកសារព័ត៌មាននៅ(ស្តាប់)ក្នុងហ្នឹងទេ ប៉ុន្តែទៅលួចព័ត៌មានពីត្រង់ណាយកមកផ្សាយ។ ខ្ញុំថាឲ្យទាក់ទងភ្លាមៗ ហើយឲ្យកែតម្រូវភ្លាម។ បើមានថ្មីថ្មីនៅហ្នឹង សុំឲ្យមើលគេមើលឯងផងទៅមើល? … កាលដែលយុវជនទៅវាស់ហ្នឹង វាស់តែចម្ការកៅស៊ូទេ ឯដីភូមិហ្នឹងគេមិនបានវាស់ទេ។ ពិភាក្សាជាមួយនឹងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថាយើងគួរដោះស្រាយយ៉ាងម៉េច? បានខ្ញុំសម្រេចចុងក្រោយថា បើវាអត់ពាក់ព័ន្ធជាមួយនឹងចម្ការកៅស៊ូដែលយើងបានអវិនិយោគទៅហើយនោះ គឺយើងកាត់យកភូមិហ្នឹងប្រគល់ឲ្យប្រជាពលរដ្ឋទៅ បើមិនអញ្ចឹង ភាពមិនច្បាស់លាស់នៅតែកើតឡើងអញ្ចឹង …។
មិនកាន់ទូរស័ព្ទ ទើបជាការចម្លែក
សូមជម្រាបជួនមនុស្សមួយចំនួន ដែលបានភ័ន្តច្រឡំថា ពេលដែលខ្ញុំកាន់ទូរស័ព្ទ គឺខ្ញុំលេងហ្វេសប៊ុក។ ត្រូវចាំ បើ ហ៊ុន សែន មិនកាន់ទូរស័ព្ទនេះទើបវាចម្លែក។ ខ្លះគេថា នៅក្នុងអង្គការសហប្រជាជាតិ ឬប្រជុំអាស៊ាន ខ្ញុំលេងហ្វេសប៊ុក? សម្រាប់ខ្ញុំនេះ ក្រៅពីព័ត៌មាននោះ មាន(កិច្ចការដែលបញ្ចូនមកអោយ)ចូលប៉ុន្មានទៅ? ទាំងផ្នែកចារកម្ម ទាំងផ្នែកក្រសួងនានា ទាំងផ្នែកបណ្តាខេត្ត …។ មួយទៀតគឺការស្តុក គឺវាស្តុកក្នុងខួរក្បាលខ្ញុំហើយ ប៉ុន្តែស្តុកនៃឯកសារដែលខ្ញុំត្រូវបញ្ចេញ ខ្ញុំត្រូវវ៉ៃជាប់។ សូម្បីយប់មិញនេះ ខ្ញុំវ៉ៃ ដល់ម៉ោង ១២ (យប់)ជាង … ជាឯកសារដែលមាននៅក្នុងហ្នឹង រាប់ទាំងតម្លៃស្រូវ ផែនការស្រូវស្អីអង្ករនេះ? … បើមិនកាន់អាហ្នឹងទើបវាចម្លែក។ បើថាកាន់ហ្នឹង គឺសំខាន់សម្រាប់ប្រជាជន។ សម័យនេះហើយមិនមែនសម័យអង្គុយសរសេរទេ សម័យអង្គុយវ៉ៃ រួចហើយបញ្ជូនទៅឲ្យអ្នកវ៉ៃកុំព្យូទ័រ ដើម្បីគេសម្អាតឲ្យចេញជាក្រដាស …។
សូមក្រសួងអប់រំ ពិចារណាការប្រឡងជ្រើសរើសគ្រូបឋម
សាជាថ្មីម្ដងទៀត ថ្លែងនូវការកោតសរសើរជាមួយការខិតខំរបស់សាកលវិទ្យាល័យ ហើយអរគុណចំពោះសាកលវិទ្យាល័យ ដែលបានផ្ដល់អាហារូបករណ៍ សម្រាប់ខ្ញុំជារៀងរាល់រហូតមក ដើម្បីផ្ដល់សម្រាប់ការសិក្សារបស់និស្សិត។ ដែលតាំងពីឆ្នាំ ២០១០ រហូតមក មាន ៣៤៦ កន្លែង ដែលបានផ្ដល់ឲ្យខ្ញុំ សម្រាប់ ការសិក្សានៅទីនេះ។ សូមអបអរសាទរជាថ្មីម្ដងទៀត ជាមួយនឹងជ័យលាភីទាំងអស់ ព្រមជាមួយគ្នានោះដែរ ក៏អបអរសាទរជាមួយក្រុមគ្រួសាររបស់ជ័យលាភី ដែលមានប្ដី មានប្រពន្ធ មានឪពុក មានម្ដាយ មានកូន មានចៅ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ខ្ញុំយកឱកាសនេះ បញ្ជាក់លើចំណុច ២ ឬ ៣។ ទី ១. ក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់ពីការប្រឡងនៅមធ្យមសិក្សាទុតិយភូមិរួចហើយ ខ្ញុំព្រះករុណាខ្ញុំ កំពុងតែត្រៀមទទួលនូវសិស្សនិទ្ទេស A ដែលកាលពីឆ្នាំទី ១ នៃការកែទម្រង់លើកដំបូង សម្រេចបានតែ ១១ នាក់ទេ។ ដល់ឆ្នាំទៅ បានជាង ១០០ នាក់និងឆ្នាំនេះ បានដល់ ៤០៥ នាក់។ សម្រាប់ឆ្នាំសិក្សាឆ្នាំទៅ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសិស្សនិទ្ទេស A B និង C ចូលធ្វើជាគ្រូជាស្វ័យប្រវត្តិ។ ប៉ុន្តែឥឡូវនេះ មានការតវ៉ាពីសិស្សនិទ្ទេស D និង E ថា “សម្ដេច! អយុត្តិធម៌ណាស់ សម្រាប់អ្នកដែលមាននិទ្ទេស D និង E”។ អញ្ចឹង គ្នាអត់មានឱកាសប្រឡងចូលគ្រូ។ ឥឡូវមនុស្សចង់ធ្វើគ្រូ។
ដំណើរ ១.២៥២ គីឡូម៉ែត្រ មើលការអភិវឌ្ឍ
កន្លងទៅ ចុងក្រោយនេះ ខ្ញុំជិះឡាន ១.២៥០ គីឡូម៉ែត្រជាង ធ្វើដំណើរចេញពីភ្នំពេញ កាត់ខេត្តកណ្ដាល ហើយទៅកាត់ខេត្តព្រៃវែង តាមផ្លូវជាតិលេខ ៨ ឡើងផ្លូវជាតិលេខ ៧ ទៅស្នួល ខេត្តក្រចេះ ឡើងទៅដល់ខេត្តមណ្ឌលគិរី ដេកនៅមណ្ឌលគិរីមួយយប់។ ធ្វើការនៅមណ្ឌលគិរីហើយ មានការតភ្ជាប់តាមផ្លូវជាតិលេខ ៧៦ ដដែល រវាងខេត្តមណ្ឌលគិរី ទៅខេត្តរតនគិរី។ ទៅធ្វើការនៅហ្នឹង។ ដេកនៅហ្នឹងមួយយប់ ធ្វើការមួយព្រឹកឡើងទៀត រួចបាយថ្ងៃត្រង់ហើយបានចេញមកស្ទឹងត្រែង។ គ្មានអ្នកណាដឹងថា តើខ្ញុំមកតាមផ្លូវណាទេ ភាគច្រើនសង្ឃឹមថា ខ្ញុំមកតាមខេត្តក្រចេះ។ កុំភ្លេចថាកម្ពុជាបានមានផ្លូវតភ្ជាប់មួយដ៏សំខាន់ គឺការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយរៀបចំផ្លូវជាតិលេខ ៩ មួយជាផ្លូវថ្មីកាត់ទៅព្រះវិហារវិញ។
ខ្ញុំលេងតាមប្រឡោះនេះ បកមកព្រះវិហារ។ មកដល់ព្រះវិហារ ចេញពីផ្លូវលេខ ៩ អត់ភ្ជាប់តាមផ្លូវលេខ ៦២ ទេ ចាក់តាមស្រុករវៀង ដើម្បីមើលតំបន់មួយចំនួន ក្នុងហ្នឹងមានតំបន់ការពារ មានតំបន់ការពារបឹងប៉េងផងដែរ មកទទួលទាននំបញ្ចុក។ មិនមែន(ចង់មក)ទេ តែជាការចៃដន្យ។ ក្រឡេកមើលទៅ មានការជុំគ្នា កំពុងតែបង្រៀនអំពីបញ្ហាអាហារូបត្ថម្ភ។ ក្រសួងកិច្ចការនារី បញ្ជូនគ្រូចុះបង្រៀនពីអាហារូបត្ថម្ភ ក៏ចូលទៅហ្នឹង ឃើញកន្លែងនំបញ្ចុក សាកនំបញ្ចុកត្រង់ហ្នឹងមើល។
យើងបានឃើញទិដ្ឋភាពទាំងឡាយ ហើយយើងក៏បានរៀបចំការដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលបញ្ហាខ្លះវារ៉ាំរ៉ៃយូរហើយ ដោះស្រាយវាមិនចេញ។ យើងចូលរួមដើម្បីសិក្សាជាក់ស្ដែងនៅហ្នឹងកន្លែង ដើម្បីដោះស្រាយ ហើយក៏ដោះស្រាយបានច្រើនដែរ …។ អញ្ចឹងមួយជុំ ប្រវែង ១.២៥២ គីឡូម៉ែត្រ។ ឥឡូវនេះ កំពុងរលាកបំពង់កទេ ព្រោះត្រូវទឹកភ្លៀង … ប៉ុន្តែ មុននឹងទៅដល់ហ្នឹង នៅតាមផ្លូវនៃការធ្វើដំណើរ រវាងទីរួមខេត្តរតនគិរី ឆ្ពោះទៅកាន់ស្ទឹងត្រែង ហើយនៅត្រង់ម្ដុំជិតដល់វិទ្យាល័យ កូនមុំ ដែលមានសិស្សប្រឡងជាប់ ១០០%។ បានសេចក្ដីថា ២២ នាក់ ទៅប្រឡងជាប់ទាំង ២២ នាក់។ ខ្លាំងណាស់។ ខេត្តមណ្ឌលគិរី សិស្សជាប់ ៨០,៨០% បូកបានសិស្សនិទ្ទេស A ម្នាក់។ អញ្ចឹង បានសេចក្ដីថា ឥឡូវ បញ្ហាជនបទ និងទីក្រុង អត់មានការខុសគ្នា … ស្ដង់ដាររៀនសូត្រ ទៅតែមួយហើយ។
ស្រាយបញ្ហាស្រូវតាមទូរស័ព្ទលើរថយន្ត
ប៉ុន្តែ នៅក្នុងចន្លោះហ្នឹង កំពុងតែមានបញ្ហាថ្លៃស្រូវ ហើយត្រូវដោះស្រាយលើឡានហ្នឹងតែម្ដង។ ថ្លៃស្រូវហ្នឹង (ខ្ញុំ)ដោះស្រាយពីនោះមកទេ … អ្នកដែលនិយាយថា ខ្ញុំកាន់ទូរស័ព្ទលេងហ្នឹង (តាមពិត)ខ្ញុំដោះស្រាយកិច្ចការ(តាមរយៈទូរស័ព្ទ)។ … ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំប្រជុំរកដំណោះស្រាយបន្ទាន់ ចំពោះមុខ និងរយៈពេលវែង ជាពិសេស យើងដោះស្រាយការងារបន្ទាន់។ ត្រូវយកឯកសារមកពិនិត្យ ហើយចារនៅក្នុងហ្នឹង … ចុះហត្ថលេខា រួចហើយថតបញ្ជូនភ្លាមចូលមកដល់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (និង)ឆ្លើយថា ទទួលបាន និងគោរពអនុវត្ត បានចេញសេចក្ដីថ្លែងការភា្លមៗ … សម័យនេះ គេហៅថា E-Government (មានន័យថា) រដ្ឋាភិបាលអេឡិចត្រូនិក …។
ពិចារណាជ័យលាភីនិទ្ទេសអាទិភាព ឬនិទ្ទេសទាំងអស់ ត្រូវចូលប្រឡងជ្រើសរើសគ្រូបឋម
ខ្ញុំនិយាយវិលមកកន្លែងនេះវិញ។ ដោយទទួលការគិតគូរ អំពីសំណូមពររបស់សិស្សទាំងឡាយ ដែលបានចូលមកធ្វើការស្នើសុំ ខ្ញុំបានពិភាក្សាជាមួយហ្នឹងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន … មានការទាមទារខ្លះថា “សម្ដេច! បើយកនិទ្ទេស A, B, C ចូលធ្វើជាគ្រូដោយស្វ័យប្រវត្តិ ជាការអយុត្តិធម៌សម្រាប់និទ្ទេស D និង E”។ មានអ្នកខ្លះទៀតថា ត្រូវយកត្រឹមតែនិទ្ទេស A និង B បានហើយ ដើម្បីទុកអោយនិទ្ទេស C, D និង E ប្រឡង។ យើងបានទទួលនូវការផ្ដល់មតិពីសំណាក់សិស្សដែលប្រឡងជាប់កន្លងទៅ មកធ្វើការគិតគូរ។ … សូមឯកឧត្តម ហង់ ជួនណារ៉ុន ធ្វើការពិនិត្យឡើងវិញជាមួយនឹងគណៈដឹកនាំក្រសួងទៅ។ និទ្ទេស A ប្រហែលជាមានអ្នកដែលគេអោយអាហារូបករណ៍ ឬក៏គេសុខចិត្តបង់ថ្លៃអីយ៉ាងណានោះ ប៉ុន្តែនិទ្ទេស A មានតែ ៤០៥ នាក់ទេ ឯក្រៅពីនោះមានជាង ៥០.០០០ នាក់ ហើយយើងត្រូវការរើសគ្រូក្នុងមួយឆ្នាំ ៣.០០០ នាក់។ ក្នុងមួយឆ្នាំនៅតែទទួលអាទិភាព ៣.០០០ នាក់ សម្រាប់គ្រូបង្រៀន។ មុននេះ ប្រហែលជា ៦-៧ ឆ្នាំជាប់គ្នា យើងរើស ៥.០០០ នាក់ក្នុងមួយឆ្នាំ ឥឡូវនេះ នៅសល់ ៣.០០០ នាក់ ក្នុងមួយឆ្នាំ។ អញ្ចឹង សូមឯកឧត្តមពិនិត្យ ពិចារណាលើកបញ្ហានេះ ដើម្បីឆ្លើយតបជាមួយការទាមទារ។
និយាយទុកឲ្យហើយ ប្រសិនបើតម្រូវឲ្យមានការប្រឡងគ្រូ ក្មួយៗ ដែលធ្លាប់បានចូលជាស្វ័យប្រវត្តិកាលពីឆ្នាំទៅនោះ ក៏កុំខ្លាចក្នុងឋានៈជាជើងខ្លាំងនៃការប្រឡង ដែលយើងជាប់បានដល់និទ្ទេស A, B, C ក៏កុំខ្លាចចូលប្រឡងឲ្យវាស្មើភាពគ្នា។ យើងគួរគិតដែរ ក្មេងខ្លះរៀនពូកែ តែថ្ងៃហ្នឹងវាស៊យ។ នេះជាការស្ដាប់សំណូមពររបស់យុវជន ដែលចង់បាននូវការប្រឡងប្រជែង។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ខ្ញុំព្រះករុណាខ្ញុំ និយាយទុកឲ្យហើយ ក្នុងករណីមិនបានទទួលគោលការណ៍អនុញ្ញាតឲ្យចូលគ្រូជាស្វ័យប្រវត្តិនូវនិទ្ទេស A, B, C តទៅទៀត ក្មួយៗ និទ្ទេស A, B និង C កុំខ្លាចប្រឡង។ ប៉ុន្តែ និទ្ទេស A គួរតែត្រូវបានអនុគ្រោះ ហើយសិស្សដទៃទៀតក៏ប្រហែលជា(យល់ព្រម)។ បើតាមខ្ញុំ ចង់អោយនិទ្ទេស A ក៏ប្រឡងដែរ ព្រោះយើងបាននិទ្ទេស A ហើយទៅខ្លាចទៅទៀត …។
ឆ្នាំនេះ អុំទូក
ឆ្នាំនេះអុំទូកហើយ ទោះបីយ៉ាងម៉េចក៏ដោយ ទឹកសល់តែ ២ ម៉ែត្រក៏អុំដែរ។ ប៉ុន្តែ តាមការព្យាករណ៍ទឹកថ្ងៃ មុន ខ្ញុំសង្ឃឹមថា ពេលដែលខ្ញុំទៅដល់ស្ទឹងត្រែង មុខជាឡើងដល់ ១០ ម៉ែត្រហើយ ព្រោះនៅពេលដែលខ្ញុំ នៅខេត្តមណ្ឌលគិរី ទឹកវាឡើងដល់ទៅ ៩,៥៦ ម៉ែត្រ ទៅហើយ។ អញ្ចឹង ទូរស័ព្ទសួរទៅខេត្ត ថាទឹកនៅ លើច្រើនទេ? ថាច្រើន ប៉ុន្តែ ស្រាប់តែមកដល់ខេត្តរតនគិរីដេកមួយយប់ ស្ទឹងត្រែងស្រកហើយ ស្រកនៅ សល់ ៨ ម៉ែត្រ។ អាហ្នឹងបានថា អស់លោកឲ្យចាំ កុំថាខ្ញុំកាន់អាហ្នឹង(ទូរស័ព្ទ) ដើម្បីលេងហ្វេសប៊ុក អស់ លោកមើលឲ្យច្បាស់ អានេះមកទាំងអាផែនទី មកទាំងអាខ្យល់គួច នៃផ្នែកធនធានទឹក។ ទឹកនៅស្ទឹងត្រែងម្សិលមិញស្រកខ្លាំង ប៉ុន្តែ ថ្ងៃនេះនៅសល់ ៨,៦១ ម៉ែត្រ។ កើនឡើង ០.០២ វិញ។ បានសេចក្ដីថា កើនឡើងក្នុងយប់មិញនេះ …។ … និយាយរួម ឆ្នាំនេះទឹកល្អ ជាងឆ្នាំទៅ។
… ខ្ញុំចុះនៅព្រែកក្តាមបន្តិច ឃើញទឹកកំពុងតែហូរចូល ហើយឃើញតំបន់មួយ ចំនួនទឹកហូរចូលព្រែកអីក៏ទឹកហូរចូលបានច្រើន។ ឥឡូវនេះ ព្យុះទី ១៦ កំពុងធ្វើដំណើរតម្រង់ទៅប្រទេសជប៉ុន ដែលធ្វើឲ្យកម្លាំងអូសទាញថយចុះ ធ្វើឲ្យមានការប្រែប្រួលដល់ប្រព័ន្ធអាកាសធាតុ សម្រាប់តំបន់ប្រព័ន្ធសម្ពាធទាប ITCZ បន្តកើតមាននៅភាគខាងលើកម្ពុជាបង្កឲ្យមានភ្លៀងច្រើនរហូតដល់ចុងខែ កញ្ញា។ ចំពោះក្នុងអាងមេគង្គ ភ្លៀងនឹងបន្តធ្លាក់ច្រើន ចាប់ពីថ្ងៃ ២១ ដល់ ២៥ កញ្ញា តែចាប់ពី ប៉ាកសេ ចុះមកក្រោម … បានសេចក្តីថា ប្រហែលជាទឹកហ្នឹងពិបាកឡើង។ នេះជាការទស្សន៍ទាយពេលនេះ …។
មិនឲ្យអ្នកណាបំផ្លាញសន្តិភាព និងសណ្តាប់ធ្នាប់សង្គមឡើយ
… រឿងនយោបាយខ្ញុំអត់និយាយអីច្រើនទេ ខ្ញុំគ្រាន់តែបញ្ជាក់ថា ស្រុកខ្មែរអត់មានវិបត្តិនយោបាយទេ ជាក់ស្តែងនេះ និស្សិតទាំងឡាយមកចូលរួមទទួលសញ្ញាបត្រ សិស្សប្រឡងបាក់ឌុប និងកំពុងត្រៀមចូលរៀនបន្ត ប្រជាជនកំពុងចុះឈ្មោះបោះឆ្នោត ដែលតាមការឲ្យដឹងពី គជប មានប្រមាណជាជាង ២ លាននាក់ រួចស្រេចទៅហើយ។ បើប្រទេសមានវិបត្តិ តើអាចទៅធ្វើអញ្ចឹងបានទេ? សុំកុំយកករណីបុគ្គលធ្វើជាករណីនយោបាយ ហើយកុំចាត់ទុកថា ជាសកម្មភាពស្របច្បាប់នៃការបញ្ចេញមតិ។ ខ្ញុំសូមទូន្មានសារជាថ្មី កំហុសបុគ្គល មិនអាចយកអង្គការចាត់នយោបាយមួយយកមកទប់ស្កាត់ទេ។ វប្បធម៌សន្ទនាធ្វើចំពោះតែរឿងណា ដែលវាស្ថិតក្នុងសមត្ថកិច្ចនៃបក្សនយោបាយ ឬរដ្ឋាភិបាល ឬស្អីដែលត្រូវនិយាយគ្នា។ ក៏ប៉ុន្តែ រឿងរ៉ាវរបស់អង្គណា អង្គនោះត្រូវធ្វើ។ ដូចជា អង្គតុលាការត្រូវកាត់ទោសអ្នកដែលធ្វើខុសមួយប្រទេស គេកាត់ទោសមនុស្សប៉ុន្មាននាក់ហើយ? អ្នកឯងត្រូវដឹងថា អ្នកឯងទទួលការកាត់ទោសហ្នឹង មកពីអ្នកឯងធ្វើអី? មិនមែនគេចាប់យកមនុស្សទាំងអស់មកកាត់ទោសទាំងអស់ឯណា?
… ខ្ញុំមិននិយាយច្រើនទេ តែខ្ញុំបញ្ជាក់ថា នៅកម្ពុជាគ្មានវិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុង។ សម្រាប់រឿងផ្ទាល់ខ្លួនរបស់អ្នកឯង និងក្រុមរបស់អ្នកឯង គឺជារឿងរបស់អ្នកឯងដោះស្រាយជាមួយនឹងតុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្សនយោបាយ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទេ។ រឿងណាដែលទៅដល់តុលាការហើយ គឺរឿងរបស់តុលាការ ខ្ញុំអត់ជ្រៀតជ្រែកបានទេ ផុតពីតុលាការ សាលក្រមចូលស្ថាពរ ទើបអាចវិលមករកនាយករដ្ឋមន្រ្តីវិញ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីក៏ត្រូវមើល ច្បាប់ពន្ធនាគារអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី(ធ្វើការលើកលែងទោស) ប៉ុន្តែនាយករដ្ឋមន្ត្រីក៏មើលដែរ មិនមែនចេះតែធ្វើទេ។ សូមបញ្ជាក់ឲ្យហើយ មិនអាចឲ្យអ្នកណាមួយបំផ្លាញនូវស្ថេរភាពនយោបាយ សន្តិភាព និងសណ្តាប់ធ្នាប់សង្គមបានទេ។ សេចក្តីត្រូវការរបស់ប្រជាជន នៅពេលនេះ គឺសន្តិភាព សេចក្តីត្រូវការរបស់ប្រជាជននៅពេលនេះ គឺស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីការអភិវឌ្ឍ។
អ្នកលក់ដូរត្រូវការធ្វើការលក់ដូរ នៅពេលដែលក្បួនបាតុកម្មណាមួយហែរកាត់មុខផ្ទះ មុខតែរើឥវ៉ាន់ចូលផ្ទះ។ ប្រជាពលរដ្ឋត្រូវធ្វើស្រែចម្ការ។ សូមកុំនឹកថាមានតែខ្លួន មានប្រជាជនដូចមនុស្សម្នាក់ Comment មកពីកម្ពុជាក្រោម ថាម្ខាងមានប្រដាប់អាវុធ(ទ័ព) ម្ខាងមានប្រជាជន។ ខ្ញុំនិយាយថាអ្នកឯងនិយាយខុសហើយ ធម្មតាបក្សកាន់អំណាចគេមានប្រជាជនគាំទ្រច្រើនជាង ទើបគេឈ្នះ។ អញ្ចឹង គេមានទាំងគូហ្នឹង គេមានទាំងប្រជាជន មានទាំងប្រដាប់អាវុធទ្រទ្រង់ផង រដ្ឋបាលទ្រទ្រង់ផង។
កុំស្អីឡើងគម្រាមធ្វើបាតុកម្ម។ គម្រាមគេធ្វើបាតុកម្ម ដើម្បីចរចា អត់ផ្លូវទេ …។ កន្លែងតែមួយគត់ដើម្បីនិយាយគ្នា គឺសភា។ នៅសភា អ្នកឯងដើរចោលសភា ហើយមានកន្លែងណាទៅជួបគ្នា? កន្លែងមានមិនទៅធ្វើទេ ដើរចោល។ ជួនកាលអាចថា កន្លែងសភាហ្នឹងវាមានប្រយោជន៍របស់វាដែរ។ គេមិនណាត់ជួបគ្នាមុនទេ តែដល់ពេលចូលទៅសភា ចាប់ដៃ ហើយនិយាយពីរបីម៉ាត់ រឿងនេះ រឿងនោះទៅ វារាលដាលដល់រឿង អាចបង្កើតការយោគយល់គ្នាខ្លះ …។
មិនចូលចិត្តបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ខ្ញុំប្រាប់ឲ្យច្បាស់ៗ ហើយបរទេសកុំលូកលាន់។ ខ្ញុំមិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ្វីលីពីននោះទេ។ ប៉ុន្តែ ខ្ញុំជាមួយនឹងប្រធានាធិបតីហ្វីលីពីនត្រូវគ្នាណាស់។ ខ្ញុំថា យើងចរិតដូចគ្នា។ ប៉ុន្តែ ខ្ញុំនិយាយអញ្ចេះទៅវិញ បើប្រៀបធៀប ឯកឧត្តមអាយុច្រើនជាងខ្ញុំ អញ្ចឹង ខ្ញុំដូចឯកឧត្តម មិនមែនឯកឧត្តមដូចខ្ញុំទេ។ គាត់ធុញទ្រាន់នឹងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់គាត់។ … គាត់ថា អ្នកឯងចង់និយាយពីប្រជាធិបតេយ្យ ចង់និយាយពីសិទ្ធិមនុស្ស នេះគឺសិទ្ធិមនុស្ស សិទ្ធិអាមេរិកាំងសម្លាប់ប្រជាជនហ្វីលីពីន។ ហើយឥឡូវក្រដាសរបស់គាត់ហ្នឹង គាត់ឲ្យមកខ្ញុំ។ ក្រដាសដែលគាត់និយាយហ្នឹង គាត់ខឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រោះគាត់កំពុងបង្រ្កាបក្រុមគ្រឿងញៀន។ អញ្ចឹង គាត់ដាក់តែម្តង ព្រោះគាត់មានសិទ្ធិនិយាយមុនគេ ដោយសារតែហ្វីលីពីន ត្រូវទទួលញញួរធ្វើប្រធានអាស៊ានឆ្នាំក្រោយ។ អញ្ចឹងមួយព្រឹកហ្នឹង និយាយពីរឿងសិទ្ធិមនុស្សតែម្តង។ គាត់លាក្រដាសរបស់គាត់។ គាត់ថា អ្នកឯង(និយាយពី)សិទ្ធិមនុស្សឬ? កងទ័ពអ្នកឯងសម្លាប់ប្រជាជនហ្វីលីពីន ហើយ អូបាម៉ា នៅអង្គុយហ្នឹង។ ដល់ទៅពេលចេញមកក្រៅ គាត់យកអាហ្នឹងមកឲ្យខ្ញុំមើលទៀត បានគាត់ថា ថ្ងៃក្រោយយើងទៅចូលរួមសន្និសីទអន្តរជាតិនៅឯណា យើងទៅជាមួយគ្នា។ ខ្ញុំថា កាលពីដើមមានតែខ្ញុំទេ ខ្ញុំនិយាយជាមួយនឹងពួកមនុស្សមួយចំនួន ដែលវាចូលចិត្តលូកលាន់ជាមួយកិច្ចការខ្មែរនោះ តែឥឡូវបានឯកឧត្តមមួយទៀត …។
មិនមែនការគំរាមទេ គឺជាបទបញ្ជា
ខ្ញុំសូមបញ្ជាក់ នៅកម្ពុជាអត់(មានវិបត្តិផ្ទៃក្នុង)ទេ ហើយកុំគម្រាម។ ពីរថ្ងៃជាប់គ្នានៅស្រុកចិន ឯងមកដល់ស្រុកខ្មែរ គម្រាមធ្វើបាតុកម្ម។ ដាក់វិញភឹង តាម Fresh News ហើយបានមកសរសេរបង្ហោះតាមហ្វេសប៊ុកមួយទៀត។ ដាក់ជាបទបញ្ជាតែម្តង ហើយខ្ញុំប៉ាន់ស្មាន មុខ(តែ)អ្នកវិភាគខ្លះចេញមកថា លោក ហ៊ុន សែន គម្រាម។ នេះមិនមែនជាការគម្រាមទេ តែវាខ្លាំងជាងការគម្រាមទៅទៀត ព្រោះវាជាប្រភេទនៃបទបញ្ជា ដើម្បីកម្ចាត់ចោលនរណាក៏ដោយ ដែលបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ … ឯងធ្វើខុសច្បាប់ ទៅជាប់គុកខ្លួនឯងទៅ រួចបាត់ហើយ។ អ្នកណាមានទោស ជាប់អ្នកហ្នឹងទៅ ចប់រឿងហើយ។ អត់ចាំបាច់នាំគេទៅជាប់ជាមួយទេ។ ថ្ងៃហ្នឹងនិយាយគ្នាឲ្យច្បាស់ៗ តែម្តង ចំថ្ងៃ Black Monday ទៀត។ ម្នាក់នៅស្រុកបារាំង ស្អីឡើងបាតុកម្មឲ្យគ្រប់កន្លែង។ ឥឡូវ អំពាវនាវឲ្យចេញមក។ ខ្ញុំបញ្ជានៅកន្លែងណា ធ្វើកន្លែងហ្នឹង។ អ្នកឯងមានសិទ្ធិធ្វើបាតុកម្ម រឿងអីយើងគ្មានសិទ្ធិឆ្លើយតប។ អ្នកឯងមានសិទ្ធិគាំទ្របក្ស ប្រឆាំង ខ្ញុំមានសិទ្ធិគាំទ្ររដ្ឋាភិបាល។
… អ្នកឯងគំរាមគេមុន(ថា) បើមិនចរចា ធ្វើបាតុកម្ម … រាជរដ្ឋាភិបាលនៅក្នុងតំណែងមានសិទ្ធិនឹងបញ្ជា ធ្វើសមយុទ្ធគ្រប់ពេលទាំងអស់ មិនថាពេលណាទេ។ ថ្ងៃមួយខ្ញុំចង់ដឹងប្រតិកម្មកម្លាំង ខ្ញុំបញ្ជា ៣៦ នាទី ពីសាំងហ្គាពួរ ខ្ញុំចង់ដឹងប្រព័ន្ធបញ្ជាកម្លាំងទាំងទឹក ទាំងគោក ទាំងអាកាស … ចេញដំណើរបាន។ វាទាស់ បើកមកកាន់ស្នាក់ការរបស់គេខ្លះនោះ គេថាដីគេ។ អាហ្នឹងដីខ្មែរ ត្រង់ណាក៏គេធ្វើបានដែរ កុំឲ្យតែគេចូលស្នាក់ការ។ វាទៅជាគេគំរាម ហើយចុះបើមានភេរវកម្មកើតឡើង បើកម្លាំងមួយទៅលិចមួយទៅកើត ម៉េចកើត? កុំភ្លេចភេរវកម្មវាវៃអត់រើសមុខទេ។ នាយករដ្ឋមន្ត្រីមានសិទ្ធិធ្វើ អគ្គបញ្ជាការទ័ពទទួលបទបញ្ជា ដើម្បីនឹងធ្វើ …។
តម្លៃកៅស៊ូ និងកង្វល់បដិវត្តន៍ឧស្សាហកម្មទីបួន
… ខ្ញុំសូមប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះសភាពការណ៍រួមរបស់ប្រទេស ក៏ដូចជាសភាពការណ៍រួមរបស់ពិភពលោកបច្ចុប្បន្ននេះ។ វិបត្តិសេដ្ឋកិច្ចសាកលមិនទាន់បានឆ្លងផុតនៅឡើយទេ តម្លៃស្រូវ តម្លៃស្បៀង រាប់ទាំងតម្លៃប្រេង តម្លៃ កៅស៊ូ និងតម្លៃកសិផលទាំងអស់ធ្លាក់ទាំងអស់។ មួយសាកលលោក។ អ្នកដែលខាតធំជាងគេ គឺប្រទេសដែលផលិតប្រេង ដែលធ្លាក់ពី ១០០ ដុល្លារ ក្នុងមួយប៉ារែល មកនៅត្រឹម ៥០ ប្លាយ។ បាត់ចំណូលសម្បើមណាស់។ ខ្ញុំមានកង្វល់រឿងកៅស៊ូហ្នឹងខ្លាំងណាស់។ កៅស៊ូ នៅប្រទេសថៃមួយចំនួនលែងចាក់ជ័រហើយ មូលហេតុមិនអាចរួចថ្លៃកម្មករ។ អញ្ចឹង ត្រូវផ្អាកការចៀរជ័រ។ នៅស្រុកយើងនៅចៀរជ័រនៅឡើយ ក្នុងស្ថានភាពដែលរដ្ឋត្រូវគាំទ្រការនាំចេញ។ … ទៅពីរខេត្តពិនិត្យមើល កៅស៊ូនៅមណ្ឌលគីរី ជាង ៥ ម៉ឺនហិកតា រតនគីរីជាង ៧ ម៉ឺនហិកតា … តែពីរខេត្តនេះក្នុងមួយឆ្នាំអាចជាង ១០ ម៉ឺនតោន ដល់ពេលវាចាក់ជ័រ។ ប្រទេសយើងនឹងមានកៅស៊ូច្រើន ហើយវានឹងក្លាយទៅជាគម្របព្រៃឈើថ្មី ដោយការលូតលាស់របស់កៅស៊ូ។ ប៉ុន្តែ អ្វីដែលជាកង្វល់ថែមទៀតនោះ បដិវត្តន៍ឧស្សាហកម្មទីបួនវានឹងមកដល់ (តាមរយៈការពិភាក្សានៃ)វេទិកាសេដ្ឋកិច្ចពិភពលោកនៅកូឡាឡាំពួរ កាលពីឆ្នាំ (និងគ្រោងមក)ធ្វើនៅស្រុកខ្មែរនៅឆ្នាំក្រោយ។
ខ្ញុំក៏បានបង្ហាញពីកង្វល់ នៃបដិវត្តន៍ឧស្សាហកម្មទីបួននេះ បើត្រឹមតែគេបង្កើតមនុស្សយន្តកាន់តែច្រើន ការងារច្រំដែលៗ គេប្រើមនុស្សយន្ត។ វាកាត់បន្ថយការងាររបស់មនុស្ស។ ដូចជាខ្ញុំទៅកាន់ប្រទេសជប៉ុន គេផលិតកូនឡានតូចៗ ផលិតមួយភ្លែត ផលិតឲ្យខ្ញុំ ២០ ខ្ញុំយកមកចែកចាយឲ្យចៅ។ គ្រឿងយន្តទាំងអស់ដាក់មកបើករ៉ុយមានភ្លើងដូចឡានធម្មតា។ នៅពេលដែលបង្កើតមនុស្សយន្តកាន់តែច្រើន មនុស្សដែលធ្លាប់ធ្វើការក៏ត្រូវបាត់បង់ការងារដែរ។ រឿងហ្នឹង ខ្ញុំមិនសូវកង្វល់ពេកទេ។ ដែលកង្វល់ធំគឺក្រែងលោគេស្រាវជ្រាវរកឃើញធ្វើកង់ឡាន កង់ម៉ូតូ ធ្វើស្អីៗ ពីធ្លាប់ប្រើកៅស៊ូធម្មជាតិ ទៅជាប្រើគីមីនោះ ធ្វើឲ្យកៅស៊ូស្រុកខ្មែរ ដែលនឹងឈានដល់កន្លះលានហិកតានៅពេលខាងមុខនឹងត្រូវបាត់បង់ទីផ្សារ។ នៅពេលដែលបដិវត្តន៍ឧស្សាហកម្មបានកើត មិនមែនបានសេចក្តីថា វាផ្តល់ផលប្រយោជន៍គ្រប់យ៉ាងឲ្យមនុស្សទេ វាក៏អាចបង្កើតនូវហានិភ័យសម្រាប់មនុស្សដែរ។ ករណីស្បៀងមិនអាចអ្នកណាបង្កើតប្រដាប់គីមីស៊ីជំនួសទេ។
ការធ្លាក់តម្លៃស្រូវ
បញ្ហាតម្លៃស្រូវធ្លាក់ចុះ តម្លៃស្បៀងធ្លាក់ចុះ មិនមែនមានតែនៅក្នុងកម្ពុជាទេ ហើយយើងត្រូវឃើញប្រទេស កំពុងអភិវឌ្ឍន៍ជាទូទៅកំពុងប្រណាំងប្រជែងគ្នាមុខទំនិញដូចគ្នា ប្រជែងគ្នាឯងក្នុងពេលដែលប្រទេសលូតលាស់អភិវឌ្ឍន៍អត់មានអ្នកណាប្រជែងជាមួយទេ ប្រជែងដែរ ប៉ុន្តែ ប្រជែងភាគតិច។ ឧទាហរណ៍អញ្ចេះ ឥឡូវខ្ញុំដើរទៅត្រង់ណាខ្ញុំឆែកមើលហើយ នៅប្រទេសហ្នឹងគេប្រើទូរទស្សន៍ម៉ាកអី ឥឡូវនិយាយពីផ្នែកទូរទស្សន៍វិញ កូរ៉េខាងត្បូងវ៉ាទាំងអស់ ទៅត្រង់ណា សណ្ឋាគារផ្កាយបួន ផ្កាយប្រាំ ផ្កាយពីរ ផ្កាយបី ទៅដាក់ត្រង់ណាសុទ្ធតែកូរ៉េទាំងអស់។ អញ្ចឹង ជប៉ុន អាមេរិក ឬអាឡឺម៉ង់ ឬចិន ត្រូវតាម។ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប្រណាំងប្រជែងទំនិញដូចៗគ្នា។ និយាយក្នុងក្របខណ្ឌប្រទេសមេគង្គ ឬថា ACMEC សុទ្ធតែប្រទេសស្រូវទាំងអស់ ថៃសល់ ១០ លានតោន ដែលគាត់ចាំបាច់ត្រូវតែបញ្ចេញ ហោចណាស់ក្នុងមួយឆ្នាំ ២ លានតោនដែរ។ វៀតណាមនាំចេញរាប់លានតោន។ មីយ៉ាន់ម៉ាក៏ប្រទេសនាំចេញ។ ឡាវផ្គត់ផ្គង់ខ្លួនឯងបាន។ អញ្ចឹង មានឃើញព័ត៌មានមួយទេ ហ្វីលីពីននឹងទិញអង្ករមួយលានតោន។ មូលហេតុអី? មូលហេតុមកពីអង្ករកំពុងចុះថ្លៃ។ អញ្ចឹង ហ្វីលីពីន គឺជាប្រទេសដែលខ្វះអង្ករ ហ្វីលីពីនត្រូវនាំចូលពីវៀតណាម នាំចូលពីថៃ នាំចូលពីកម្ពុជា ក៏ប៉ុន្តែ ត្រូវដាក់ចូលដេញថ្លៃ។
កន្លងទៅនេះ ខ្ញុំបានប្រឹងស្នើចិនឲ្យពង្រីកនូវទីផ្សារសម្រាប់កសិផលកម្ពុជា … ពីដំបូងចិនអត់មានទិញពីកម្ពុជាទេ តែក្រោយមកចិនឲ្យ ១០ ម៉ឺនតោន។ លើកក្រោយនេះ នាយករដ្ឋមន្ត្រី លី កឺឈាំង របស់ចិនប្រកាសឲ្យ ១០ ម៉ឺនតោន ទៀត សរុបបាន ២០ ម៉ឺនតោន។ មិនមែនបានសេចក្តីថា ចិនខ្វះអង្ករទេ ចិនសល់ស្រូវស្តុកច្រើនណាស់។ ប៉ុន្តែ ដោយសារទំនាក់ទំនងល្អ និងចង់ជួយដល់មិត្តភក្តិ ចិនក៏បានបង្កើនការនាំចូលពីកម្ពុជាដោយ បង្កើនពី ១០ ម៉ឺនតោន ទៅកាន់ ២០ ម៉ឺនតោន …។ ផ្នែកចត្តាឡីស័ក កំពុងធ្វើកិច្ចការ នេះជាមួយនឹងភាគីចិន។ ពេលដែលស្រូវចាប់ផ្តើមច្រូត សង្កេតមើលថាខែនេះជាខែច្រូតឬអត់? វាមិនមែនខែច្រូតទេ ប៉ុន្តែ ដោយសារការខិតខំរបស់កសិករយើង ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល លើការវិនិយោគផ្នែកទឹក ប្រព័ន្ធស្រោចស្រព និងដោយសារបច្ចេកវិទ្យាជឿនលឿន ប្រជាកសិករធ្វើការច្រូតស្រូវនៅក្នុងរដូវភ្លៀងនេះ។
យប់មិញ ឯកឧត្តម កែ គឹមយ៉ាន ចុះទៅដល់កន្លែង ដើម្បីពិនិត្យមើលអំពីអន្តរាគមន៍របស់រដ្ឋ។ ឥឡូវនេះ យើងទើបនឹងមានប្រាក់បញ្ចេញទៅបន្ទាន់ ចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក បូកនឹង ៧ លានដុល្លារ នៃធនាគារអភិវឌ្ឍន៍ជនបទ ដែលអាចទិញស្រូវបានប្រហែលជា ១០ ម៉ឺនតោន តែប៉ុណ្ណោះ ចាប់ផ្តើមពីកល់តម្លៃស្រូវសែនក្រអូបឲ្យនៅទ្រឹង មិនទាបជាង ១ តោន ៨៤ ម៉ឺន ស្មើនឹងមួយគីឡូ ៨៤០ រៀល។ យើងដោះស្រាយប៉ុណ្ណឹងសិន … មិនអាចឲ្យឈ្មួញកណ្តាល ឆ្លៀតឱកាសបង្អាប់ថ្លៃស្រូវរបស់កសិករទេ។ យើងបានប្រឹងប្រែង។ ឯព័ត៌មានទៅមិនដល់ប្រជាពលរដ្ឋ។ ម្សិលមិញគាត់ដឹកស្រូវដឹកអង្ករមកតវ៉ា។ ប្រហែលជាល្បឿននៃការពន្យល់របស់យើងទៅដល់ពួកគាត់យឺត។ មានការស្ថានភាពកកស្ទះមួយចំនួន។ ស្រូវមានរាប់ម៉ឺនតោនក្នុងពេលច្រូតហ្នឹង បើនិយាយពីរបាយការណ៍ ឯកឧត្តម កែ គឹមយ៉ាន នៅបន្ទាយមានជ័យនោះ ចំនួនស្រូវដែលបានធ្វើច្រើនគួរសម …។
អំពាវនាវខាងធនាគារ ដែលរដ្ឋបានទទួលហានិភ័យ ៥០ ភាគរយ សុំជួយផ្តល់ឲ្យក្រុមហ៊ុនទិញស្រូវ ទទួលបានប្រាក់កម្ចី/អំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ មេត្តាយោគយល់ដល់ប្រជាកសិករដែលជួបការលំបាក
… បងប្អូនមួយចំនួនផ្តល់យោបល់ថា បើសិនជាមានការចងក្រងជាក្រុម គេហៅថាក្រុមផលិត យើងមិនហៅថា សហករណ៍ទេ វានឹងអាចមានកម្លាំងតថ្លៃ ដើម្បីរក្សាទុក។ ប៉ុន្តែ គាត់លក់ទាំងស្រូវទទឹក។ អារឿងនេះលក់ស្រូវទទឹកនេះជាបញ្ហា។ ដោយសារអី? ឥឡូវនេះ គឺថា ស្រូវមានដល់រាប់ពាន់រាប់ម៉ឺនតោន ត្រូវលក់រាប់ពាន់តោនក្នុងមួយថ្ងៃ ប៉ុន្តែ ឡសម្ងួតរបស់យើងមានសមត្ថភាពបានត្រឹមតែ ៥០០ តោន។ អញ្ចឹងទេ បានជាអំពាវនាវឲ្យមានការចូលរួមពីគ្រប់ផ្នែក ក្រៅពីលោក ភូ ពុយ ទៅខាងកាណាឌីយ៉ា និងអ្នកដែលមានឡសម្ងួតទាំងឡាយជួយ ហើយយើងនឹងបោះទុនឲ្យចំគោលដៅ ដើម្បីទិញយកស្រូវហ្នឹងមកសម្ងួត។ ពីប្រទេសមួយដែលអត់មានអង្ករ ពីប្រទេសមួយដែលនាំចូលអង្ករមកផ្គត់ផ្គង់ សុំអង្ករ គេមកស៊ី ទៅជាប្រទេសមួយដែលសល់ស្រូវរកផ្សារលក់មិនបាន។ អំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងហ្នឹងពាណិជ្ជករ ធ្វើអាជីវកម្មស្រូវអង្ករ ត្រូវបញ្ចេញទុន ដើម្បីនឹងជួយទិញស្រូវក្រអូបក្នុងតម្លៃមិនទាបជាង ៨៤០ រៀល ប៉ុន្តែ បើគេហ៊ានទិញ ១.០០០ ទៅ ២.០០០ គឺកាន់ តែល្អហើយ។
នៅក្នុងក្របខណ្ឌនេះ ខ្ញុំក៏អំពាវនាវអោយធនាគារដែលរដ្ឋបានទទួលហានិភ័យដូចជា ៥០ ភាគរយ ខាងផ្នែកធនាគារពាណិជ្ជទាំងឡាយ សុំជួយផ្តល់ឲ្យក្រុមហ៊ុនទិញស្រូវ ផលិតស្រូវអង្ករ កែឆ្នៃស្រូវអង្ករ បានទទួលនូវប្រាក់កម្ចី ដែលក្នុងហ្នឹងរដ្ឋក៏បានធានានូវហានិភ័យពាក់កណ្តាល ឬ ៥០ ភាគរយ។ អំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុទាំងឡាយ សុំមេត្តាយោគយល់ ចំពោះប្រជាពលរដ្ឋដែលស្ថិត នៅក្នុងស្ថានភាពនៃការលំបាកនេះ ដល់ដំណាក់កាលដែលត្រូវសង គាត់លក់ស្រូវមិនដាច់ ឬលក់ស្រូវ បានថោកពេក គាត់មិនអាចសងបាន សុំកុំប្តឹងតុលាការទៅរឹបអូសផ្ទះគាត់ ដីធ្លីគាត់។ បន្ថែមលើនោះ ស្នើឲ្យមានការយោគយល់ពន្យាពេលសង ហើយបើអាចធ្វើទៅរួចមិនយកការប្រាក់ ឬបន្ថយការប្រាក់ចំពោះកសិករ ដែលបានខ្ចីទុន។ ប៉ុន្តែ សម្រាប់តែអ្នកខ្ចីយកទៅធ្វើពិតប្រាកដលើរឿងនេះ កុំរាលដាល ទៅដល់កន្លែងផ្សេង … មិនអាចយកមកច្រឡូកច្រឡំគ្នាទេ។ ខ្លះខ្ចីដើមទុនពីមីក្រូហិរញ្ញវត្ថុ ដើម្បីទៅទិញប្រេងបូមទឹក ប្រេងសម្រាប់ភ្ជួររាស់ ទិញជីពិតប្រាកដ ប៉ុន្តែពេលប្រមូលផលមកវិញវាមិនរួចថ្លៃដើម ឬបានត្រឹមមួយរួចខ្លួន គ្មានប្រាក់សងទាន់ពេល សូមមីក្រូហិរញ្ញវត្ថុមេត្តាយោគយល់ដល់គ្រួសារកសិករទាំងនេះ …។
វិធានការណ៍រយៈមធ្យម គឺបន្តការពង្រីកទីផ្សារអង្ករ
ឯរយៈពេលមធ្យម ខ្ញុំបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំចិន និងមន្ត្រីឯកទេសរបស់យើងកំពុងធ្វើការជាមួយ នឹងមន្រ្តីរបស់ចិន ដោយយើងត្រូវការពីមិត្តចិន ៣០០ លានដុល្លារ ដើម្បីយកមកកសាងទីតាំងមួយចំនួន សម្រាប់ជារោងម៉ាស៊ីនកិនស្រូវ ជាឡសម្ងួត ជាឃ្លាំងស្តុក និងជាទុនសម្រាប់បង្វិលទិញស្រូវ។ ទុនរបស់ យើងមិនគ្រប់គ្រាន់ទេ។ រដ្ឋបញ្ចេញ ២០ លានដុល្លារ ភ្លាមៗនេះ គឺជាអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយ នូវផលប៉ះពាល់ដែលកើតមាន និងកាត់ស្មៅក្រោមជើង ចំពោះឈ្មួញដែលទម្លាក់ថ្លៃ។ សង្ឃឹមថា កសិកររបស់យើងនឹងយោគយល់ ហើយរាជរដ្ឋាភិបាលកំពុងបន្តដើរពង្រីកទីផ្សារ តែក៏ត្រូវយល់ថា យើងត្រូវប្រកួតប្រជែងជាមួយនឹងថៃ ជាមួយនឹងវៀតណាម ជាមួយមីយ៉ាន់ម៉ា ជាមួយនឹងឥណ្ឌា ដែលគាត់មានស្តុកពី ៣០ ទៅ ៤០ លានតោន ព្រោះប្រទេសធំ។ ក្នុងមួយឆ្នាំគាត់បញ្ចេញអាចាស់ គាត់ទិញអាថ្មីចូល។
… ប្រទេសខ្លះ សុំឲ្យយើងមានតម្លៃមិត្តភាពដែលទាបជាងទីផ្សារ ១០០ ដុល្លារ ក្នុងមួយតោន។ ទី ២ សុំទូរទាត់ជាដំណាក់ៗ ក្នុងពេលដែលយើងកំពុងតែអត់ទុនដែរ។ ឥឡូវ បើបញ្ចេញ ថា ១០០ លានដុល្លារ យកទៅ រួចនាំចេញទៅឲ្យគាត់អស់ ២០ លាន ហើយ ២០ លាន គាត់ជំពាក់បានលុយឯណា មកទិញស្រូវទៀត។ ទៅវាមិនរួច។ អញ្ចឹង បានអ្នកខ្លះសួរថា ម៉េចក៏មិននាំទៅអាហ្រ្វិច។ ថាខ្ញុំធ្វើការអស់ហើយ ប៉ុន្តែប្រទេសទាំងនោះគាត់លំបាក … សុំយើងឲ្យតម្លៃមិត្តភាព ហើយអាតម្លៃមិត្តភាពទាបជាងទីផ្សារ ១០០ តែយើងទៅវាមិនរួច ប៉ុន្តែ រឿងមួយទៀត យើងអត់មានទុនទិញ គាត់ស្នើសុំបណ្តាក់ …។ បងប្អូនមួយចំនួនថា ពីដើមអង្ករខ្មែរទៅអាហ្រ្វិច ឥឡូវអង្ករខ្មែរក៏អាចទៅអាហ្វ្រិកបានដែរ ប៉ុន្តែ នៅត្រង់ប្រទេសខ្លះអត់មានលទ្ធភាពទូទាត់សងយើងភ្លាមៗ ប្រទេសខ្លះសុំទិញដោយតម្លៃទីផ្សារ មិនមែនតម្លៃមិត្តភាពទេ ប៉ុន្តែ សូម បណ្តាក់រយៈពេល ៦ ខែ ឬមួយឆ្នាំ។ ហ្នឹងហើយដែលយើងពិបាក បើយើងមានលុយវាមានស្អី …។
សង្ឃឹមកសិករខ្លះអាចស្តុកស្រូវទុកលក់ពេលឡើងថ្លៃ
… ខ្ញុំយល់ហើយ កសិករបានលើកថា ដោយសារតែខ្ញុំចាំបាច់ បានខ្ញុំលក់ ព្រោះខ្ញុំជំពាក់លុយគេ ខ្ញុំត្រូវការលុយឲ្យកូនរៀន ខ្ញុំត្រូវការនេះ ត្រូវការនោះ បានខ្ញុំបង្ខំលក់។ ប៉ុន្តែ ខ្ញុំក៏សង្ឃឹមថា ក្នុងចំណោម ១០ គ្រួសារ ដែលមានស្រូវ ក៏អាចមានគ្រួសារខ្លះរក្សាទុកវាសិន ចាំដល់ទីផ្សារឡើងថ្លៃ ចាំលក់។ … កសិករយើងមួយចំនួនប្រឈមនឹងបញ្ហា មួយផ្នែកត្រូវការទឹកភ្លៀង ដើម្បីនឹងគាត់ធ្វើស្រូវបន្ត អារដូវកាលទី ២ តែមួយផ្នែកទៀតក៏គាត់ត្រូវការហាលស្រូវ អត់មានថ្ងៃហាលព្រោះភ្លៀង។ រវាងអ្នកដែលបានច្រូតស្រូវ ត្រូវការហាលស្រូវ ត្រូវការថ្ងៃក្តៅ និងអ្នកត្រូវការទឹក ត្រូវការភ្លៀង មានទំនាស់គ្នាទៅហើយ។ សូម្បីតែក្នុងប្រទេសយើងតូចមួយ តំបន់ខ្លះខុសគ្នាត្រឹមតែ ៣០០ ម៉ែត្រ ឯណេះភ្លៀង ឯណោះអត់។ … រឿងអង្ករ រឿងកសិផល ខ្ញុំលូកដៃភ្លាម។ អ្នកខ្លះគេឃើញថា នាយករដ្ឋមន្រ្តីទៅហ្នឹងសើចសប្បាយ យី! បើមិនអោយសើចទៅជួបប្រជាជន ធ្វើមុខយ៉ាងម៉េចទៅ? …
អំពាវនាវរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវពីកសិករ
… ខ្ញុំក៏សុំអំពាវនាវដែរ អ្វីដែលបានដាក់ចេញរួចហើយ។ ទឹកប្រាក់ ២០ លានដុល្លារ ចុះឲ្យវាលឿន រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមធ្វើសកម្មភាពទិញពីកសិករតាមដែលអាចធ្វើទៅបាន ហើយសុំឲ្យតម្លៃឲ្យបានត្រឹមត្រូវ សម្រាប់ក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីរបស់អាស៊ាន។ ទីផ្សាររបស់យើងក៏មានការនាំចូលអង្ករ ប៉ុន្តែ ចាំបាច់ពន្ធនាំចូល ៧ ភាគរយ និងពន្ធលើតម្លៃបន្ថែម ចំនួន ១០ ភាគរយ។ សង្ឃឹមថា កសិករខ្មែររបស់យើង និងពាណិជ្ជករខ្មែររបស់យើងប្រើប្រាស់អង្ករក្នុងស្រុកជាជាងអង្ករមកពីក្រៅស្រុក។ ខ្ញុំនិយាយនេះ មិនប៉ះនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក និងគោលការណ៍នៃពាណិជ្ជកម្ម សេរីរបស់អាស៊ាននោះទេ ក៏ប៉ុន្តែ មានទៅមានមក លំហូរពីយើងទៅក្រៅ ពីក្រៅមកក្នុង …។
កាលពីឆ្នាំណានោះ ពិសេសឆ្នាំ ២០០៨ ខ្ញុំនៅចាំបាន ពេលនោះឆ្នាំ ២០០៨ មានចលាចលពីដើមឆ្នាំមួយដែលអង្ករឡើងថ្លៃ។ ពេលហ្នឹងនៅចាំទេ សូម្បីតែអាជ្ញាធរក្រុងត្រូវដឹកអង្ករយកទៅដាក់។ ដល់ដាក់ទៅអត់មានអ្នកណាទិញអង្ករ។ សង្រ្គាមចិត្តសាស្រ្ត។ … ដល់ខ្ញុំទៅប៉ៃលិន ខ្ញុំថាផ្អាកការនាំចេញអង្ករទៅក្រៅប្រទេស។ ដល់ពេលថាផ្អាកនាំចេញអង្ករទៅក្រៅប្រទេស កសិករយើង នៅតាកែវ នៅកណ្តាល នៅព្រៃវែងស្រែកយ៉ៃ ថាស្រូវខ្ញុំចុះកុងត្រារួចហើយ លក់ទៅឲ្យវៀតណាម ឥឡូវ បើមិនឲ្យនាំចេញធ្វើម៉េចទៅរួច? … នាយករដ្ឋមន្រ្តីវៀតណាម មានពេលមួយបាននិយាយលេងជាមួយខ្ញុំថា អរគុណកម្ពុជា ដែលបានលក់ស្រូវឲ្យវៀតណាម ១ លានតោន។ ខ្ញុំក៏និយាយលេងទៅគាត់វិញដែរ ថាខ្ញុំក៏ អរគុណឯកឧត្តមដែលបានជួយទិញស្រូវខ្ញុំមួយលានតោន ដោយមិនចាំបាច់បង់ពន្ធ …
យើងបាននាំមុខទំនិញមួយចំនួន ទៅកាន់វៀតណាម និងប្រទេសមួយចំនួនដោយមិនជាប់ពន្ធ … ប៉ុន្តែ ករណីទៅប្រទេសថៃ មានមួយចំនួនជាប់ពន្ធ និងមានមិនជាប់ពន្ធ។ ចំណុចនេះហើយដែល យើងត្រូវខិតខំវិនិយោគនៅក្នុងនេះទៅលើការកែឆ្នៃ ព្រោះការលក់ចេញនូវស្រូវ គឺធ្វើឲ្យយើងខាតបង់ទៅវិញ បាត់បង់ការងារធ្វើ តម្លៃដែលបានមកពីចុងអង្ករ កន្ទក់ និងអង្កាម ត្រូវបាត់បង់។ អញ្ចឹង អំពាវនាវ ឲ្យមានការវិនិយោគបន្ថែមលើការកែឆ្នៃអង្ករនៅក្នុងស្រុកខ្មែរ និងកសិផលដទៃទៀត។ យើងបានប្រឹងប្រែង ធ្វើណាស់ ហើយខ្ញុំទៅប្រទេសចិន ក្រុមហ៊ុនរបស់ខេត្តខ្វាន់ស៊ីគេមកផលិតនៅស្រុកយើង … ឥឡូវហ្នឹងអ្នកខ្វាន់ស៊ីប្រទេសចិនស៊ីអង្ករខ្មែរក្នុងមួយឆ្នាំប្រមាណជិត ២ ម៉ឺនតោន។ រាប់ទាំងលេខាបក្សខេត្ត និងប្រធានខេត្ត ទទួលទានអង្ករដែលនាំចេញពីកម្ពុជាទៅ … ហើយអំពាវនាវចំពោះកសិករ បន្តការផលិតតទៅទៀត ហើយសុំឲ្យអជ្ញាធរធ្វើការទប់ស្កាត់សកម្មភាពរបស់ឈ្មួញខិលខូចមួយចំនួន …
ខ្ញុំនិយាយប៉ុណ្ណឹងទៅចុះ ហើយសង្ឃឹមថា អ្នកនយោបាយទាំងឡាយគួរតែស្តាប់គ្នាបាន កុំមកបង្ខំគេ … ក្បួន (ឆ្នាំ)២០០៣ ល្មមបញ្ចប់ហើយ។ មិនបាច់ធ្វើតេស្តអីទេ ហើយអ្នកដទៃកុំលូកដៃ ទុកឲ្យខ្មែរគេដោះស្រាយរឿងរបស់គេ។ ឥឡូវ បើអ្នកឯងលើកប្រធានបទហ្នឹង ចង់បានច្បាប់ស្អី ដាក់មក ជជែកគ្នានៅក្នុងសភាទៅ … ប៉ុន្តែ រឿងតុលាការជជែកអត់កើត។ រឿងហ្នឹងមានតែរកមេធាវីឲ្យពូកែទៅការពារក្តីនៅចំពោះមុខតុលាការទៅ … តថ្លៃ ទៅតជាមួយតុលាការហ្នឹងទៅ ហើយតុលាការគេកាត់ហើយ ប្តឹងឧទ្ធរណ៍ទៅ ឧទ្ធរណ៍គេកាត់ហើយ ប្តឹងទៅកំពូលទៀតទៅ …៕