សេចក្តីដកស្រង់សង្កថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ

រួមគ្នាកសាងធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមប្រគល់សញ្ញាបត្រ សម្រាប់និស្សិត (ចំនួន) ១.៣៦២ នាក់ សម្រាប់សាកលវិទ្យាល័យ បញ្ញាជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ គ្រប់គ្រង។ ដូចដែល លោកបណ្ឌិត រ៉ុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បញ្ញា ជាតិ បានរាយការណ៍អម្បាញ់មិញ យើងពិតជាបានប្រឹងប្រែងរួមគ្នាលើដំណើរផ្លូវដ៏វែងឆ្ងាយមួយ ទើបមាន​ថ្ងៃនេះ ហើយនេះ គឺជាការខិតខំរួម ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលរួមគ្នាកសាងឡើង​នូវធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជានៅពេលនេះផង ហើយនឹងសម្រាប់ពេលវែងទៅខាងមុខផង។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាន បញ្ជាក់កាលពីមុនហើយថា ប្រសិនបើយើងមិនមានគោលនយោបាយត្រឹមត្រូវទេ មិនផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមនោះទេ យើងពិតជាគ្មានលទ្ធភាពស្រូបអស់យកសិស្សដែល​ប្រ​ឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ ដែលពួកគេមួយឆ្នាំៗ រាប់ម៉ឺននាក់ រុញចូលមកក្នុងកម្រិតឧត្តមសិក្សា។ ឆ្លងកាត់ នៃការធ្វើកិច្ចការងារទាំងអស់នេះ ប្រជាពលរដ្ឋបានចូលរួមគាំទ្រ ដែលក្នុងនោះ និស្សិតខ្លួនឯងក៏​បានចូលរួមគាំទ្រដំណើរការនៃការចុះឈ្មោះ និងបង់ថ្លៃចូលរៀន។ មួយផ្នែកក៏ត្រូវបានទទួលអាហារូប​ករណ៍ ការឧបត្ថម្ភពីផ្នែកនេះ ផ្នែកនោះ…