ដំណើរឆ្ពោះទៅខេត្តក្រចេះ និងឈប់ចូលថ្វាយបង្គំព្រះសង្ឃ និងព្រះគ្រូរបស់សម្តេច នៅវត្តបុស្សមាលី ហៅវត្តបុសលាវ, វត្តបញ្ចសិលាថ្មគ្រែ, ថ្ងៃទី ២៧ កក្កដា ២០១៦
រសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ ក្រោយពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តី្តរាជការ បន្តពិនិត្យសមិទ្ធផលនានា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានឈប់នៅទីអារាមបុស្សមាលី ហៅវត្តបុសលាវ ស្ថិតនៅក្នុងភូមិ បុសលាវ ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ និងបានប្រារព្ធពិធីបុណ្យបង្សុកូលប្រគេនជូនព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូបីបាច់ថែរក្សាសម្តេចតេជោផ្ទាល់ កាលពីសម្តេចនៅវ័យកុមារសិក្សារៀនសូត្រនៅវត្ត។ ព្រះគ្រូ គឹម ច្រែង បានទទួលអនិច្ចធម្ម នៅថ្ងៃច័ន្ទ ៩ កើត ខែ អស្សុជ ឆ្នាំម្សាញ់ ឯកស័ក ព.ស ២៥៣៣ ត្រូវនឹងថ្ងៃទី ៩ តុលា ឆ្នាំ ១៩៨៩ ដែលគិតមកដល់ពេលនេះមានរយៈពេល ២៧ ឆ្នាំហើយ៕
… ពេលចេញដំណើរតាមផ្លូវពីភ្នំពេញមកខេត្តស្ទឹងត្រែង ព្រះតេជព្រះគុណ ព្រះនាម Bhante Piseth គង់នៅវត្តបញ្ចសិលាថ្មគ្រែ ក្នុងខេត្តក្រចេះ បានសរសេ Message មកកាន់ Facebook ខ្ញុំ ដែលមានបំណងចង់ជួបខ្ញុំ និងចង់អោយខ្ញុំបានចូលមើលសមិទ្ធផលសាលារៀនមួយខ្នង ដែលកំពុងសាងសង់នៅទីនោះ។ ក្រោយពីបានទូរស័ព្វសួរសុខទុក្ខព្រះតេជព្រះគុណ ពិសិដ្ឋ ហើយ ខ្ញុំក៏សម្រេចឈៀងចូលថ្វាយបង្គំព្រះសង្ឃ ស្ថិតនៅក្នុង ភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ព្រមទាំងបានចូលជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សនៃវិទ្យាល័យថ្មគ្រែ ដែលមានកូនសិស្សជាង ១៥០០ នាក់ និងបានសម្រេចសាងសង់សាលារៀន ១ ខ្នងបន្ថែមទៀតមាន ២ ជាន់ ១២ បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យថ្មគ្រែ។ សូមកូនក្មួយៗទាំងអស់ខិតខំសិក្សារៀនសូត្រ ហើយចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីអនាគតល្អ៕
ជួបអាជីវករផ្សារសាមគ្គី, ខេត្តក្រចេះ, ថ្ងៃទី ២៨ កក្កដា ២០១៦
ថ្ងៃទី ២៨ កក្កដា … ខ្ញុំរីករាយណាស់ដែលបានចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារសាមគ្គីក្រុងក្រចេះ ក្នុងខេត្តក្រចេះ។ ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនមានមុខរបរលក់ដូរប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា។ នេះហើយជាបំណងប្រាថ្នារបស់ខ្ញុំ។ ផ្សារសាមគ្គីក្រុងក្រចេះនេះ គឺពីមុនត្រូវបានបំផ្លាញដោយអគ្គិភ័យ។ ខ្ញុំ និងសប្បុរសជនមួយចំនួនបានរួមវិភាគទានសាងសង់ផ្សារនេះឡើងវិញ ដើម្បីអោយបងប្អូនបានបន្តការលក់ដូរចិញ្ចឹមគ្រួសារ។ ខ្ញុំសូមបញ្ជាក់ច្បាស់សាជាថ្មីជូនបងប្អូនអាជីវករនៃផ្សារសាមគ្គីក្រុងក្រចេះទាំងអស់ជ្រាបថា ផ្សារនេះ គឺបងប្អូនអាចលក់ដូររហូតមួយជីវិត តកូន តចៅ។ អាជ្ញាធរខេត្តនឹងចេញលិខិតបញ្ជាក់ជូនបងប្អូនទាំងអស់អោយបានកក់ក្តៅក្នុងចិត្ត។ មុនចេញទៅផ្សារមួយទៀត ខ្ញុំបានថត Selfie ជាមួយបងប្អូនអាជីវករយ៉ាងសប្បាយរីករាយ។ សូមអរគុណបងប្អូនទាំងអស់ដែលតែងតែគាំទ្រ និងគោរពស្រឡាញ់រូបខ្ញុំ។ សូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់ៗគ្នា៕
ជួបអាជីវករផ្សារអូរឫស្សីក្រចេះ, ខេត្តក្រចេះ, ថ្ងៃទី ២៨ កក្កដា ២០១៦
… បន្ទាប់ពីបានចុះសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារសាមគ្គីក្រុងក្រចេះរួចហើយ ខ្ញុំបានបន្តដំណើរទៅដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករនៃផ្សារអូរប្ញស្សីក្រចេះចំនួន ១៧ គ្រួសារ ដែលនៅមិនទាន់យល់ស្របលើគម្រោងកសាងផ្សារថ្មីនេះឡើងវិញ។ ខ្ញុំបានហៅក្រុមគ្រួសារទាំង ១៧ និងតំណាងវិនិយោគផ្សារមកដោះស្រាយជុំគ្នា។ ជាលទ្ធផល គឺបងប្អូនអាជីវករទាំង ១៧ គ្រួសារ ព្រមទទួលយកកន្លែងលក់ដូរថ្មីដែលមានទំហំប្រហាក់ប្រហែលទំហំដីតូបដែលពួកគាត់មានពីមុន។ ចំពោះការសាងសង់ផ្សារអូរឬស្សីថ្មីនេះ ខ្ញុំ និងសប្បុរសជនមួយចំនួន នឹងជួយចេញថ្លៃសាងសង់ផ្នែកខាងក្រោមជូនដល់បងប្អូន ដែលបានយល់ព្រមអោយសង់ផ្សារថ្មី រួមទាំងបងប្អូនទាំង ១៧ គ្រួសារ ដែលទើបយល់ព្រមផងដែរ។ រីឯផ្នែកខាងលើ និងដំបូល គឺម្ចាស់វិនិយោគជាអ្នកធ្វើ។ បើតាមធម្មតា គឺអាជីវករទាំងអស់ត្រូវចេញលុយកសាងផ្សារនេះទាំងអស់គ្នា។ តែដោយសារបងប្អូនយើងកំពុងជួបការលំបាក ទើបខ្ញុំ និងសប្បុរសជនមួយចំនួន បានសម្រេចជួយដល់បងប្អូន។ ខ្ញុំសប្បាយចិត្តដែលបងប្អូនអាជីវករទាំងអស់យោគយល់ និងយល់ព្រមលើដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាផ្សារអូរឫស្សីថ្មីនេះ នឹងផ្តល់នូវមុខរបរលក់ដូរ ដែលនឹងជួយផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនអោយកាន់តែប្រសើរឡើងនៅពេលខាងមុខនេះមិនខាន៕
សំណេះសំណាលសិស្សានុសិស្ស សាលាបឋម និងអនុវិទ្យាល័យក្រចេះក្រុង, ខេត្តក្រចេះ, ថ្ងៃទី ២៨ កក្កដា ២០១៦
បន្ទាប់ពីជួបសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារសាមគ្គីក្រុងក្រចេះ និងដោះស្រាយបញ្ហាតូបផ្សារជូនដល់បងប្អូនអ្នកលក់ដូរនៅផ្សាអូរឫស្សីក្រចេះបានចប់សព្វគ្រប់ហើយ ខ្ញុំបានបន្តដំណើរតាមផ្លូវ និងបានចុះជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រចេះក្រុង ក្នុងខេត្តក្រចេះ។ ទោះបីហត់នឿយប៉ុណ្ណា ពេលបានជួបមុខកូនក្មួយ គឺពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានពិនិត្យសមិទ្ធផលសាលារៀន និងបានស្តាប់របាយការណ៍ដោយផ្ទាល់ពីក្មួយៗ និងលោកគ្រូអ្នកគ្រូនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការរីកចម្រើនវិស័យអប់រំរបស់យើង តាំងពីទីក្រុងដល់តាមបណ្តាខេត្ត។ ដោយសារកំណើនសិស្ស និងសេចក្តីត្រូវការចាំបាច់នូវអាគារសិក្សាបន្ថែម ខ្ញុំ និងសប្បុរសជនមួយចំនួន បានសម្រេចចិត្តធ្វើអំណោយសាលារៀនថ្មីមួយខ្នងមាន ៣ ជាន់ ស្មើនឹង ៤៨ បន្ទប់ ជូនដល់កូនក្មួយសិស្សានុសិស្សនៅទីនេះ។
ខ្ញុំធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាង កាលនៅវ័យកុមារ ក្នុងពេលដែលស្រុកយើងមានសង្រ្គាម។ ពេលនោះ ឱកាសនៃការសិក្សា គឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។ នៅពេលដែលខ្ញុំមានឱកាស ខ្ញុំមិនអោយកូនខ្មែរអត់សាលារៀនឡើយ។ សូមក្មួយៗបន្តខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាកូនល្អ និងធនធានល្អរបស់ប្រទេសជាតិ និងដើម្បីអនាគតល្អរបស់ក្មួយៗផ្ទាល់៕
ជួបអាជីវករផ្សារស្ទឹងត្រែង, ខេត្តស្ទឹងត្រែង, ថ្ងៃទី ២៧ កក្កដា ២០១៦
ព្រឹកថ្ងៃទី ២៧ កក្កដា ខ្ញុំបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែង និងបានពិនិត្យមើលសកម្មភាពលក់ដូររបស់បងប្អូន និងពិនិត្យមើលដំណើរការសាងសង់ផ្សារនេះឡើងវិញ បន្ទាប់ពីបានរងការខូតខាតដោយអគ្គិភ័យកាលពីខែមេសាកន្លងទៅនេះ។ ខ្ញុំសប្បាយរីករាយណាស់ ដែលបានជួបប្រាស្រ័យដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ធ្វើអោយខ្ញុំបានដឹងអំពីសុខទុក្ខ និងកង្វល់មួយចំនួនរបស់បងប្អូនអាជីវករនៅក្នុងផ្សារនេះតែម្តង។ ក្រោយពីសាងសង់រួចហើយ ផ្សារនេះនឹងមានឈ្មោះថា “ផ្សារសាមគ្គីស្ទឹងត្រែង” សម្រាប់បងប្អូនលក់ដូរមួយជីវិតតែម្តង។ សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ទទួលបាននូវសេចក្តីសុខ និងសូមអោយដំណើរការអាជីវកម្មនៅក្នុងផ្សារនេះទទួលបានជោគជ័យទាំងអស់គ្នា។ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់៕
ចុះសួរសុខទុក្ខ និងពិនិត្យមើលជីវភាពប្រជាពលរដ្ឋ, ពិនិត្យមើលការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ , ខេត្តស្ទឹងត្រែង, ថ្ងៃទី ២៧ កក្កដា ២០១៦
… បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែងរួចមក ខ្ញុំបានចុះមកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីពួកគាត់ត្រូវបានផ្លាស់ប្តូរទីលំនៅ ពីតំបន់ដែលត្រូវសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែងនេះ។ ថ្វីត្បិតទីតាំងភូមិថ្មីទើបតែបង្កើតឡើងក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ដែលជាតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋរស់នៅទីនេះ គឺទទួលបានផ្ទះឈើ ឬ ផ្ទះថ្មទៅតាមការជ្រើសរើសរបស់ពួកគាត់ផ្ទាល់។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតាមដាន យកចិត្តទុកដាក់ជួយសម្របសម្រួលដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់បងប្អូនក្នុងរយៈពេល ៥ ឆ្នាំតទៅមុខទៀត ទម្រាំទីនេះក្លាយទៅជាតំបន់អភិវឌ្ឍន៍គម្រូថ្មីមួយ ដែលផ្តល់នូវអនាគតល្អដល់ក្រុមគ្រួសារបងប្អូនទាំងអស់ដែលបានមករស់នៅទីនេះ។
នៅវេលារសៀល បន្ទាប់ពីបានជួបសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរពិនិត្យមើលការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលកំពុងសាងសង់យ៉ាងមមាញឹក។ ការសាងសង់ដំណាក់កាលទី ១ អាចនឹងបញ្ចប់នៅ ខែ តុលា ២០១៧ ខាងមុខ ដែលអាចដាក់អោយដំណើរការបានប្រមាណ 50MW(មេហ្គាវ៉ាត់) ហើយដំណាក់កាលទី២ អាចនឹងបញ្ចប់នៅឆ្នាំ ២០១៨ ដែលមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបាន 400MW។ វារីអគ្គិសនីនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ HYDRO POWER LOWER SESAN 2 CO. Ltd (ដែលមានក្រុមហ៊ុន Royal Group និង ក្រុមហ៊ុនចិន Hydrolancang)។
គម្រោងអភិវឌ្ឍន៍ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ជាប្រភេទគម្រោងសាងសង់អាជីវកម្ម និងផ្ទេរ (BOT) មានរយៈពេល ៤០ ឆ្នាំ គិតចាប់ផ្តើមតាំងពីដំណើរការធ្វើអាជីវកម្ម និងត្រូវបញ្ជូនអគ្គិសនីពីអនុស្ថានីយ៍សេសានតង់ស្យុង ២៣០ គីឡូវ៉ុលទៅស្ថានីយ៍ស្ទឹងត្រែងចម្ងាយ ៣៦ គីឡូម៉ែត្រ ហើយបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ តាមរយៈបណ្តាញជាតិបញ្ជូនអគ្គិសនីស្ទឹងត្រែង-ក្រចេះ-កំពង់ចាម-ភ្នំពេញ។ នេះជាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលនឹងជួយបន្ថែមវិសាលភាពដល់បណ្តាញជាតិ ជាមូលដ្ឋានដ៏ចំបងក្នុងការបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។ នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងសម្បូរភ្លើងប្រើប្រាស់ហើយ …៕
ជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ខេត្តកំពង់ធំ, ថ្ងៃទី ២៣ កក្កដា ២០១៦
បន្ទាប់ពីបានចុះសួរសុខទុក្ខជាមួយបងប្អូនអាជីវករផ្សារស្ទឹងសែន(ហៅផ្សារចាស់) នៅទីរួមខេត្តកំពង់ធំរួចមក ខ្ញុំបានមកជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ធំជាបន្តទៀត មុនវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញ។ កំពង់ធំក៏ជាអតីតសមរភូមិក្តៅកាលពីជំនាន់សង្គ្រាមស៊ីវិល ដែលផ្លូវថ្នល់ និងស្ពានមួយភាគធំត្រូវបានបំផ្លាញដោយគ្រាប់មីន តែពេលនេះ ខេត្តកំពង់ធំកំពុងរីកលូតលាស់ជាបន្តបន្ទាប់។ ផ្លូវថ្នល់ និង ស្ពានតូចធំត្រូវបានជួសជុល និងកសាងថ្មីឡើងវិញ ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាណិជ្ជករ និងទេសចរណ៍ជាតិ និងអន្តរជាតិ។ សព្វថ្ងៃនេះយើងសង្កេតឃើញមានរថយន្តដឹកទំនិញ តូចធំ គ្រប់ប្រភេទ និងរថយន្តក្រុងដឹកភ្ញៀវទេសចរជាច្រើនខ្សែធ្វើដំណើរកាត់តាមខេត្តកំពង់ធំ។
ទន្ទឹមនឹងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធជាតិ សូមបងប្អូនមន្ត្រីរាជការប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ដែលមានសេវាសំណូមពរ និងសេវាតម្រូវការចាំបាច់នានា ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៌ពិពាហ៌ និងសំបុត្រកំណើតជាដើម…។ល។ ត្រូវតាំងចិត្តខិតខំកែលម្អភាពអសកម្មនានា និងចូលរួមកសាងអំពើល្អអោយបានច្រើននៅក្នុងសង្គម ដោយចាប់ផ្តើមពីខ្លួនយើងមុនគេ និងជាមួយប្រជាពលរដ្ឋ ព្រមទាំងបុគ្គលិកនៅជុំវិញខ្លួនយើង រហូតដល់ស្រុក ឃុំ និងភូមិជាដើម។
ខ្ញុំបានឆ្លើយបំភ្លឺបញ្ជាក់ជូនអាជីវករលក់ដូរ អំពីអាណត្តិផ្សារស្ទឹងសែន(អតីតផ្សារចាស់នៃទីរួមខេត្តកំពង់ធំ) ដោយយោងទៅលើប្រការថាបងប្អូនមួយចំនួនទទួលព័ត៌មានមិនច្បាស់។ ចាប់ពីពេលនេះ បងប្អូនអាជីវករនឹងលក់ដូរនៅទីនេះអស់មួយជីវិត។ រីឯការផ្តល់ដីនៅតំបន់ទន្លេសាបដល់ក្រុមហ៊ុនផ្សេងៗ ដើម្បីវិនិយោគ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឈប់ផ្តល់អោយចាប់ពីពេលនេះតទៅ ហើយត្រូវទុកដីធ្លីទាំងនោះអោយប្រជាពលរដ្ឋយើងធ្វើស្រែវិញ។ … ខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៅទូទាំងខេត្តកំពង់ធំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងបានរួមគ្នាកសាងអភិវឌ្ឍខេត្តកំពង់ធំនេះអោយកាន់តែរីកចម្រើនទៅមុខ។ ខ្ញុំសូមជូនពរបងប្អូនមន្ត្រីរាជការជួបប្រទះតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕
ជួបជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ខេត្តសៀមរាប, ថ្ងៃទី ២២ កក្កដា ២០១៦
រសៀលថ្ងៃទី ២២ កក្កដា នេះ ខ្ញុំរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តសៀមរាបមុននឹងបន្តដំណើរទៅខេត្តកំពង់ធំនៅព្រឹកថ្ងៃស្អែក។ ច្បាស់ណាស់ ប្រទេសជាតិដែលរីកចម្រើនទៅបាន គឺជាប្រទេសដែលគ្មានសង្រ្គាម និងគ្មានការលាបពណ៌គ្នា។ បើយើងក្រឡេកមើលពីអតីតកាលបន្តិច ខេត្តសៀមរាបក៏ជា សមរភូមិសង្រ្គាមស៊ីវិល គ្មានភ្ញៀវទេសចរបរទេសណាមកលេង ឬអ្នកវិនិយោគិនណាហ៊ានមក ជាពិសេសក្រុមហ៊ុនសណ្ឋាគារ និងអាកាសចរណ៍ណាមកបណ្តាក់ទុននៅទីនេះទេ។ តែពេលនេះ សៀមរាបកំពុងរីកចម្រើន។ យើងឃើញមានសណ្ឋាគារ និងផ្ទះសំណាក់រាប់រយ និងជើងហោះហើរជាច្រើនដឹកជញ្ជូនភ្ញៀវទេសចរចុះឡើងជារៀងរាល់ថ្ងៃ។ ពេលនេះ ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេស មានការកក់ក្តៅ និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រការនេះបានធ្វើអោយមានការវិនិយោគនៅក្នុងប្រទេសដែលទាក់ទាញទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងការរីកចម្រើន ខ្ញុំសូមរំលឹកមន្រ្តីរាជការទូទាំងខេត្ត ត្រូវតែខិតខំលុបបំបាត់ភាពអសកម្ម ការថ្នាំងថ្នាក់ផ្សេងៗ ជាមួយប្រជាពលរដ្ឋ ហើយត្រូវជំរុញសេវាកម្មសាធារណៈ និងសេវាតម្រូវការចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។ ខេត្តសៀមរាបមានបេតិកភ័ណ្ឌវប្បធម៌ជាតិច្រើនណាស់ ដូច្នេះយើងត្រូវចូលរួមការថែរក្សាការពារអោយបានល្អគង់វង្ស។ ខ្ញុំនឹងបន្តចុះពិនិត្យសមិទ្ធផលជាតិ និងស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋយើងនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ទន្ទឹមនិងនេះ ខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការយើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសូមជូនពរបងប្អូនមន្រ្តីរាជការជួបប្រទះតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕
ជួបជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ខេត្តបន្ទាយមានជ័យ, ថ្ងៃទី ២១ កក្កដា ២០១៦
រសៀលថ្ងៃទី ២១ កក្កដា ខ្ញុំរីករាយណាស់ដែលបានមកសំណេះសំណាលសួរសុខទុក្ខបងប្អូនមន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តបន្ទាយមានជ័យ ដែលជាខេត្តទី ២ បន្ទាប់ពីខេត្តបាត់ដំបង។ សូមអរគុណជនរួមជាតិ និងក្មួយៗសិស្សានុសិស្សដែលបានឈរទទួលស្វាគមន៍ខ្ញុំតាមដងផ្លូវ ពេលដែលខ្ញុំកំពុង ធ្វើដំណើរតាមរថយន្តឆ្ពោះមកខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ ខ្ញុំក៏បានដោះស្រាយបញ្ហារ៉ាំរ៉ៃមួយ គឺរក្សាចំណតរថយន្តក្រុងសិរីសោភ័ណ ដោយមិនត្រូវផ្លាស់ប្តូរទៅទីតាំងថ្មីណាទេ ដើម្បីបងប្អូនអ្នករត់ឡាន និងបងប្អូនលក់ដូរមួយចំនួនបានប្រកបការងារជាធម្មតានៅទីនោះ។
កន្លងមក នៅខេត្តបន្ទាយមានជ័យ យើងបានបើកយុទ្ធសាស្រ្តចែកចាយទឹក រួមទាំងការជីក និងស្តារប្រឡាយ ស្រះ និងអណ្តូង ដើម្បីធានាកុំអោយមានការខ្វះខាតទឹកប្រើប្រាស់ដល់បងប្អូនប្រជាពលរដ្ឋ។ ពេលនេះ ជារដូវវស្សាផង សូមមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រៀមការពារទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ សូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការយើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសូមជូនពរបងប្អូនមន្រ្តីរាជការជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
ជួបអាជីវករផ្សារក្រគរ ខេត្តពោធិសាត់ និងជួបសិស្សានុសិស្សអនុវិទ្យាល័យមោងឫស្សី, ខេត្តបាត់ដំបង, ថ្ងៃទី ២០ កក្កដា ២០១៦
ខ្ញុំព្រះករុណាខ្ញុំ ចេញទៅដល់មោងឫស្សីម្សិលមិញ ដោយសារតែរាងទន់ខ្លួនបន្តិចដែរ (ព្រោះ)ក្រោកតាំងពីមុនម៉ោង ៥ ហើយធ្វើដំណើរចេញពីផ្ទះមុនម៉ោង ៦ ព្រឹក ហើយមកចូលផ្សារក្រគរ។ ចូលផ្សារក្រគរ លេងគុយទាវផ្សារក្រគរមួយចាន។ ឆ្ងាញ់អស់ទាស់។ សុំចំណាំកន្លែង។ និយាយពីទឹកស៊ុបឆ្ងាញ់។ ញ៉ាំមិនមែនសិប្បនិមិ្មតទេ ញ៉ាំមែនទែន។ ១ ចានពីម្សិល ញ៉ាំទាល់តែអស់ កុំតែខ្មាសគេទេ កុំអីលើកហុតទៀត ព្រោះស្លាបព្រាស្ទើរបន្តិច។ ម្សិលមិញទិញនំក្រូច ភ្លេចយកនំក្រូច (យក)បានតែមួយ។ ដាក់នំក្រូចមួយទៀត។ ប៉ុន្តែដល់ពេលដល់មកតាមផ្លូវនេះ អនុវិទ្យាល័យមោងឫស្សី ចុះទៅលាក់ការសម្ងាត់យ៉ាងម៉េច។ បើយើងចេញមកបង្ហោះ Facebook មួយថា ខ្ញុំកំពុងធ្វើដំណើរទៅបាត់ដំបង មួយទៀតចូលនៅផ្សាក្រគរ អញ្ចឹងទេអ្នកណាក៏ដឹងថាខ្ញុំមកបាត់ដំបងដែរ។
កូនសិស្សនៅអនុវិទ្យាល័យមោងឫស្សី មកឈរពេញកណ្តាលផ្លូវហ្នឹង គឺថាឈប់(ឈរ)ជាមួយក្មេងៗ ដើរអត់រួចទេ។ អញ្ចឹងទេ មានតែបបួលក្មេងៗចូលទៅក្នុងសាលា។ ទៅដល់សួរថា ចៅៗចង់បានអី? ចង់បានសាលា។ ចង់បានអាធុនណា? ចង់បានអា ២ ជាន់។ ល្អអស់ទាស់ មានតែធ្វើជូនគាត់ ហើយមានសុំថែមតារាងបាល់ទាត់។ ត្រូវហើយ។ យើងកំពុងតែត្រូវ(កីឡាករបាល់ទាត់អាយុ)ក្រោម ១៦ ឆ្នាំ … ល្ងាចហ្នឹងទាល់តែយើងប្រឹងស្រូតចេញពីបន្ទាយមានជ័យ ប្រហែលជាអត់បានមើលទេ។ ប៉ុន្តែ យើងអាចមើលតាម ឥឡូវកំពុងផ្សាយបន្តផ្ទាល់នេះ ផ្សាយតាម page Facebook របស់ខ្ញុំផង និងផ្សាយតាម Fresh News ផង កំពុងផ្សាយផ្ទាល់។ ទូរទស្សន៍នានាសឹងបាត់អាជីពហើយឥឡូវ ព្រោះអី? ព្រោះយកទៅចាក់ក្រោយ page Facebook របស់នាយករដ្ឋមន្រ្តី និងចាក់ក្រោយរបស់ Fresh News។ Page របស់នាយករដ្ឋមន្រ្តី ទៅឆ្ងាយណាស់ អ្នកនៅអាមេរិក អ្នកនៅឯណាអីដែលមើលទូរទស្សន៍មិនបាន (មើលបាន)ទៅដល់ទាំងអស់៕