ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណទាំងពីរខណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។
ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា ញាតិញោម បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។
សម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តបាត់ដំបង ក៏ដូចជាការសម្ពោធផងដែរ ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម …។ នេះជាការចំណេញពេល ដោយសារតែយើងមិនធ្វើនៅពីរកន្លែង ធ្វើ(នៅកន្លែង)តែមួយ ធ្វើនៅបាត់ដំបងនេះ ប៉ុន្តែប្រកាសសម្ពោធដាក់អោយប្រើប្រាស់ទៅដល់ខេត្តកំពង់ចាមឯណោះ ប៉ុន្តែ រវាងខេត្តកំពង់ចាម និងខេត្តបាត់ដំបង មួយនៅទិសខាងលិច មួយនៅទិសខាងកើត។ អញ្ចឹងទេ គឺថា យើងអាចនិយាយអញ្ចេះ អភិវឌ្ឍខាងលិច មិនភ្លេចខាងកើត បាត់ដំបងល្អឆើត អើតមើលកំពង់ចាម។
អំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជំនួយបង្កើតរោងចក្រផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
នេះក៏ជាផ្នែកដ៏សំខាន់មួយ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដែលសមិទ្ធផលថ្មីមួយនេះ ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានដាក់អោយប្រើប្រាស់(នូវប្រព័ន្ធផ្គត់ផ្គត់ទឹកស្អាត) ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូនតាមរយៈ ឯកឧត្តមអគ្គរដ្ឋទូតរបស់ជប៉ុន ក៏ដូចជាអង្គការ JICA។ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដ៏សប្បុរស សម្រាប់ទឹកស្អាតនៅក្នុងទីរួមខេត្តបាត់ដំបងរបស់យើង ក៏ដូចជាទីរួមខេត្តកំពង់ចាម បន្ទាប់ពីការប្រើប្រាស់ជំនួយបែបនេះនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងតំបន់ខ្លះមួយចំនួនផ្សេងទៀត ដែលជប៉ុនបានធ្វើក្នុងរយៈពេលកន្លងទៅ។
អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានស្ដាប់ដោយយកចិត្តទុកដាក់ទៅលើរបាយការណ៍របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ ដែលបានលើកឡើងអំពីវឌ្ឍនភាពទាំងឡាយ ហើយក៏បានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងការលើកឡើងរបស់ឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដែលបានលើកឡើងអំពីចំណុចទាក់ទងជាមួយនឹងបញ្ហាទាំងឡាយពីវឌ្ឍនភាពនៅទីនេះ។ ក្នុងនោះ ក៏ជាប់ពាក់ព័ន្ធជាមួយនឹងផែនការផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលរយៈពេលមធ្យម ឆ្នាំ ២០២៥ គឺជាឆ្នាំគោលដៅ … ប៉ុន្តែយើងបានខិតខំសម្រេចយ៉ាងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលមុន។
ដោយឡែក សម្រាប់ទីកន្លែងនេះ គឺដូចឯកឧត្តម ចម ប្រសិទ្ធ ក៏ដូចជាឯកឧត្តម គូម៉ាម៉ារុ បានលើកឡើងរួចមកហើយ គម្រោងសម្រាប់ខេត្តបាត់ដំបងគឺមានសមត្ថភាពផលិតទឹកស្អាតទៅដល់ ២២.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយមានប្រព័ន្ធចែកចាយទឹកចំនួនជាង ៦៤ គីឡូម៉ែត្រ។ ឯខេត្តកំពង់ចាមវិញ មានសមត្ថភាពផលិតទឹកស្អាតចំនួន ១១.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងមានប្រព័ន្ធចែកចាយទឹកចំនួន ៥៧ គីឡូម៉ែត្រ។ ដូច្នេះ បើនិយាយ(រួម)ពីសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាត ហើយនិងប្រព័ន្ធចែកចាយទឹកជាង ១២០ គីឡូម៉ែត្រ ដែលនេះ គឺជាផ្នែកដ៏សំខាន់មួយនៃការផ្ដល់ឱកាសអោយប្រជាពលរដ្ឋរបស់យើងបានទទួលទឹកស្អាត។ ទឹកនៅទីនេះ គឺវាខុសប្លែកគ្នាពីទឹកកាលពីពេលមុន គឺយើងមានលទ្ធភាពនឹងបើកវាទទួលទានតែម្ដង … ប៉ុន្តែបើយកល្អ បើទោះបីថាបើកមកទទួលទានបានហើយក៏ដោយ ក៏គួរតែដាំអោយវាឆ្អិនសិនដែរ …។
សម្រាប់ប្រទេសរបស់យើងនេះ កាលពីពេលមុន និងពេលឥឡូវនេះ តម្រូវការរបស់យើងកាន់តែធំ កាន់តែខ្ពស់ ហើយក្នុងនោះ ខ្ញុំព្រះករុណាខ្ញុំ សូមតាមរយៈនេះ សូមថ្លែងអំណរអរគុណជាមួយនឹងការជួយទាំងឡាយ។ ដែលក្នុងនោះ មានបណ្ដាក្រុមហ៊ុនសិក្សា ក៏ដូចជាក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ ដែលដំណើរការនូវកិច្ចការងារមួយនេះ ចាប់ពីឆ្នាំ ២០០៤ (ដែល)មានរូបភាពនៅក្នុងនេះ មានការបញ្ចុះបឋមសីលា តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជាមួយឯកឧត្តមអគ្គរដ្ឋទូត គូម៉ាម៉ារុ ធ្វើនៅបាត់ដំបង កន្លែងហ្នឹងតែម្ដង។ សមិទ្ធផលថ្មីលើទឹកដីចាស់របស់យើង គឺបានបង្កើតស្ថានភាពមួយល្អប្រសើរសម្រាប់យើង ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង មិនគ្រាន់តែនៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាមទេ យើងនឹងបន្តនូវដំណើរការបែបនេះតទៅទៀត តាមរយៈនូវការទាក់ទាញជំនួយឥតសំណង ទាក់ទាញនូវការវិនិយោគនានា ដើម្បីផ្ដល់ទឹកស្អាតអោយប្រជាពលរដ្ឋរបស់យើង។
យុទ្ធនាការ ៦០ ថ្ងៃ ក្នុងការផ្គត់ផ្គង់ទឹក/គ្រោះរាំងស្ងួតឆ្នាំ ២០១៦ ជាបទពិសោធន៍
វាជាភ័ព្វសំណាងមួយសម្រាប់យើង ដែលក្នុងរយៈកាលប៉ុន្មានខែមុននេះ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជារបស់យើងហើយ ដែលយើងខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង។ ការរាំងស្ងួតរបស់យើងនោះ អូសបន្លាយពី ៥ ទៅ ៦ ខែ … អណ្ដូង ស្រះ របស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានរីងស្ងួត។ តាមរយៈនោះ យើងបើកយុទ្ធនាការ ៦០ ថ្ងៃ ក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ហើយរដ្ឋាករទឹកនៅគ្រប់ទីកន្លែងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ដឹកទៅចែកចាយជូនប្រជាពលរដ្ឋ។ សង្ឃឹមថា តាមរយៈបទពិសោធន៍មួយនេះ យើងនឹងមិនមានការកើតឡើងនូវស្ថានភាពបែបនេះជាបន្តទៀត ទោះបីថា មានការប្រែប្រួលអាកាសធាតុដែលធ្វើអោយជួបការលំបាក(ក៏ដោយ)។
ឆ្នាំនេះ រាប់ពាន់ រាប់ម៉ឺនអណ្ដូងទឹកបានរីងស្ងួត ព្រោះថា ជម្រៅដង្ហើមទឹកកាលពីពេលមុន គឺមានត្រឹមតែ ៨ ទៅ ៩ ម៉ែត្រ។ ដូច្នេះ យើងជីកអណ្ដូងត្រឹមតែ ១០ ម៉ែត្រ ឬ ១១ ម៉ែត្រ គឺវាគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែឆ្នាំនេះ គឺដង្ហើមទឹករបស់យើងវាធ្លាក់ជ្រៅ (ធ្វើអោយ)អណ្ដូងដែលយើងធ្លាប់តែចេញ(ទឹក)នោះ គឺវាលែងចេញ(ទឹក)តែម្ដង។ អញ្ចឹងទេ តាមរយៈនោះ សកម្មភាពស្ដារអណ្ដូង ស្ដារស្រះទឹក ជីកស្រះថ្មី និងជីកអណ្ដូងថ្មី ក៏បានកើតឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ យើងកំពុងបន្ដដំណើរការបែបនេះតទៅទៀត មិនមានការដកថយទេ។ ទន្ទឹមនឹងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីក្រុង ទីប្រជុំជន យើងក៏មានតម្រូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋរបស់យើងនៅឯមូលដ្ឋាន តាមរយៈនៃការធ្វើអណ្ដូងស្នប់ ធ្វើអណ្ដូងតៅ គេហៅថា អណ្ដូងលូ និងការដោះស្រាយបញ្ហាដូចជាស្រះ ធ្វើម៉េចជាការផ្គត់ផ្គង់សម្រាប់បម្រើអោយសេចក្ដីត្រូវការរបស់ប្រជាជនរបស់យើង។
វឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ជាមួយនឹងវឌ្ឍនភាពដែលបានកើតឡើងក្នុងរយៈកាលកន្លងទៅនេះ ហើយក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ បន្ថែមទៅដោយមានក្រុមហ៊ុនផលិតទឹកស្អាតយ៉ាងច្រើន។ ឥឡូវហ្នឹង ប្រជាពលរដ្ឋរបស់យើង គឺគាត់ទទួលទាន(ទឹករបស់) ក្រុមហ៊ុនទឹកស្អាតមិនដឹងប៉ុន្មានក្រុមហ៊ុនទេ។ មានដបទឹកខុសប្លែកពីមុន។ ពីមុន យើងដាក់ប៊ីដុងទឹកស្ពាយតាម ព្រោះកាលជំនាន់សម័យមុន គឺមានតែប៉ុណ្ណឹង។ ប៉ុន្តែឥឡូវប្រជាពលរដ្ឋរបស់យើងមានទឹកស្អាត ប៉ុន្តែក៏ត្រូវបង់ថ្លៃដើម្បីទិញទឹកនោះផងដែរ។ សម្រាប់ប្រជាពលរដ្ឋនៅតាមទីក្រុង ទីប្រជុំជនមួយចំនួនបានទទួលនូវការវិនិយោគពីសំណាក់រាជរដ្ឋាភិបាល តាមរយៈជំនួយឥតសំណង និងហិរញ្ញប្បទានពីប្រទេសមួយចំនួន និងអង្គការហិរញ្ញវត្ថុមួយចំនួន ដើម្បីផ្គត់ផ្គង់ទឹកស្អាត។
ដំឡើងពីនាយកដ្ឋាន ទៅជាអគ្គនាយកដ្ឋានទឹកស្អាត ជំរុញល្បឿននៃការដោះស្រាយទឹកស្អាត
សូមបញ្ជាក់ដែលថា ក្នុងប៉ុន្មានថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានចុះហត្ថលេខាដំឡើងនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពីថ្នាក់នាយកដ្ឋានអោយទៅជាអគ្គនាយកដ្ឋាន ដើម្បីទទួលខុសត្រូវទៅលើបញ្ហានេះ ហើយនេះជាដំណើរកំណែទម្រង់មួយ ដើម្បីជំរុញល្បឿននៃការដោះស្រាយទឹកស្អាតនេះបន្ថែមទៀត ព្រោះវាទាមទារនូវលក្ខណៈបច្ចេកទេសរបស់វា និងធនធានមនុស្ស ដើម្បីបម្រើអោយសេចក្ដីត្រូវការទាំងឡាយនៃការអភិវឌ្ឍរបស់ប្រទេសរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្ដងទៀត តាមរយៈឯកឧត្តម គូម៉ាម៉ារុ សូមផ្ញើជូនចំពោះការអរគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការផ្ដល់ជំនួយបែបនេះដល់កម្ពុជា។
ជំនួបលើវាលស្មៅជាមួយនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅម៉ុងហ្គោលី
កាលពីថ្ងៃសៅរ៍កន្លងផុតទៅនេះ បើគិតពីថ្ងៃសៅរ៍រហូតមកដល់ពេលនេះ គឺមានរយ
ៈពេល ៦ ថ្ងៃ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាដ៏ល្អជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ដែលហៅថា ជំនួបលើវាលស្មៅ។ កាលពីអាទិត្យមុននេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេញទៅកាន់ប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមប្រជុំអាស៊ី-អឺរ៉ុប ដែលមានប្រទេស ៥១ និងអង្គការ ២, អង្គការមួយ គឺលេខាធិការដ្ឋានអាស៊ាន និងអង្គការមួយទៀត គឺសហភាពអឺរ៉ុប។ ប្រទេស ៥១ នោះ ក៏មានបណ្ដាប្រទេសអាស៊ានទាំង ១០ មានទាំងកម្ពុជាផងដែរ ប៉ុន្តែក៏មានប្រទេសដទៃទៀតនៅក្នុងនោះ ក៏មានប្រទេសជប៉ុនផងដែរ។ យើងក៏បានណាត់តាំងពីទីក្រុងភ្នំពេញនេះ ថានឹងមានជំនួបមួយ(ជាមួយនាយករដ្ឋមន្រ្តីជប៉ុន) នៅឯទីក្រុងអូឡង់បាទ័រ របស់ប្រទេសម៉ុងហ្គោលី។ ក្នុងនោះ គឺគេរៀបចំតង់មួយសម្រាប់មួយប្រទេស។
ក្នុងពេលប្រជុំ ដែលមិនទាន់ចប់ ពេលដែលឯកឧត្តម ស៊ីន ហ្សូអាបេ បានថ្លែងសុន្ទរកថារួចហើយ ក៏ធ្វើដៃស៊ីញូគ្នា ដើម្បីទៅជួបសន្ទនាជាមួយគ្នា។ អញ្ចឹងយើងទៅជួបក្នុងតង់ ឃើញរូបភាពនោះ គឺថា ជំនួបលើវាលស្មៅក្នុងតង់ ក៏ប៉ុន្តែក្នុងតង់នោះគេរៀបចំស្អាត។ ជំនួបនេះ គឺជាជំនួបដ៏ល្អណាស់ ដែលនាយករដ្ឋមន្រ្តីជប៉ុន ស៊ីន ហ្សូអាបេ គឺជានាយករដ្ឋមន្រ្តីមួយដែលខ្ញុំព្រះករុណាខ្ញុំ បានជួបច្រើនជាងគេ ហើយក៏ធ្វើការជាមួយគ្នាបានរយៈពេលយូរផងដែរ។ មានជំនួបដ៏ច្រើន ក្នុងពេលដែលនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ មកទស្សនកិច្ចនៅកម្ពុជា ហើយខ្ញុំព្រះករុណាខ្ញុំ ក៏ទៅទស្សនកិច្ចនៅឯប្រទេសជប៉ុន ក្នុងពេលដែលនាយករដ្ឋមន្រី្តជប៉ុន ស៊ីនហ្សូ អាបេ ធ្វើនាយករដ្ឋមន្រ្តីពីរដង។ លើកទីមួយ ក៏មានទស្សនកិច្ច ហើយលើកទីពីរក៏មានទស្សនកិច្ចរបស់ខ្ញុំព្រះករុណាខ្ញុំ។ យើងពិភាក្សាទៅលើបញ្ហាពាក់ព័ន្ធទាំងឡាយ ជាពិសេសកិច្ចសហប្រតិបត្តិការ។
ខែ កញ្ញា ខាងមុខនេះ នឹងមានការហោះហើរត្រង់ពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជា
ខែ កញ្ញា ខាងមុខនេះ នឹងមានការហោះហើរត្រង់ពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ជនជាតិជប៉ុន ទាំងអ្នកទេសចរ ទាំងវិនិយោគ អ្នកការទូត គឺដោយមិនបានធ្វើដំណើរត្រង់ទេ គឺត្រូវធ្វើដំណើរឆ្លងកាត់តាមទីក្រុងបាងកក ឬតាមសាំងហ្គាពួរ ឬតាមប្រទេសដទៃទៀត។ រហូតទៅតាមរយៈ(នេះ) បើខ្មែរយើងទៅជប៉ុន ឥឡូវទៅតាមរយៈពីភ្នំពេញ ទៅសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយពីសេអ៊ូល កាត់ទៅតូក្យូ។ អ្នកខ្លះទៅតាមបាងកក អ្នកខ្លះទៅតាមសាំងហ្គាពួរ អ្នកខ្លះទៅតាមហុងកុង ទៅតាមដោយឡែកៗពីគ្នា។ ប៉ុន្តែតាមរយៈនៃការព្រមព្រៀងដែលខ្ញុំព្រះករុណាខ្ញុំ បានធ្វើជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ តាំងពីពេលមុន នៅ ខែ កញ្ញា ខាងមុខនេះ នឹងមានការហោះហើរត្រង់ពីជប៉ុន មកកាន់កម្ពុជា, ពីកម្ពុជា ទៅកាន់ជប៉ុន សម្រាប់សម្រួលទៅដល់បញ្ហាទាំងឡាយទៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។
ជំរុញ ទាក់ទាញការវិនិយោគរបស់ជប៉ុន និងពង្រីកទំហំពាណិជ្ជកម្មអោយកាន់តែធំ
ជាមួយគ្នានេះ យើងក៏ខិតខំជំរុញនូវការវិនិយោគ ទាក់ទាញនូវការវិនិយោគរបស់ជប៉ុន និងទាក់ទាញធ្វើយ៉ាងណាអោយជប៉ុន ពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំ ព្រោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានឡើងទៅដល់ជាង ១.០០០ លានដុល្លារ រួចទៅហើយ ប៉ុន្តែវាមិនទាន់សក្តិសមនឹងសក្តានុពលដែលភាគីទាំងពីរមាននោះទេ។ យើងខិតខំបើកទីផ្សារបន្ថែមទៀត ជាមួយនឹងផលិតផលរបស់កម្ពុជាតាមរយៈនៃអ្នកវិនិយោគរបស់ជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ស្នើអោយជប៉ុនជួយយកចិត្តទុកដាក់ដល់កងកម្លាំងរបស់កម្ពុជានៅស៊ូដង់ខាងត្បូង
យើងបានពិភាក្សាគ្នាល្អណាស់ នូវកិច្ចការទាំងឡាយ រាប់ទាំងកិច្ចការដែលយើងអាចយល់គោលជំហរគ្នាទៅវិញទៅមករួចស្រេចទៅហើយ។ កម្ពុជាបានស្នើជប៉ុន ជួយទៅដល់ការពង្រឹងសមត្ថភាពស្ដីអំពីបញ្ហាកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ដោយសារតែនៅស៊ូដង់ខាងត្បូងមានកងទ័ពរបស់កម្ពុជា និងពេទ្យរបស់កម្ពុជានៅទីនោះ ហើយជប៉ុនក៏មានកម្លាំងប្រតិបត្តិការនៅស៊ូដង់ខាងត្បូងដែរ (យើង)ស្នើសុំអោយជប៉ុនជួយយកចិត្តទុកដាក់ទៅលើបញ្ហា(កងទ័ពកម្ពុជា) ព្រោះជប៉ុនមានកម្លាំង មានសមត្ថភាពនៅទីនោះ ប៉ុន្តែគឺក្រោមក្របខណ្ឌអង្គការសហប្រជាជាតិដូចគ្នា។
ទុកអោយមន្រ្តីជប៉ុនឆ្លើយនឹងកាសែត Cambodia Daily ដែលថា “នាយករដ្ឋមន្រ្តីជប៉ុនស្ដីបន្ទោស …”
ជាការគួរអោយសោកស្ដាយត្រង់ថា ជំនួបរវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ីន ហ្សូ អាបេ ហើយក្នុងឋានៈមិត្តភក្ដិដែលធ្វើការជាមួយគ្នា វាបែរជាមានសារព័ត៌មានមួយនៅភ្នំពេញ ប្រហែលជាឯកឧត្តម គូម៉ាម៉ារុ បានមើលហើយ ជាភាសា(អង់គ្លេស) ព្រោះឯកឧត្តមមិនចេះខ្មែរទេ ប៉ុន្តែសារព័ត៌មានហ្នឹងចេញជា(ភាសា)ខ្មែរផង និងចេញជា(ភាសា)អង់គ្លេសផង ថា អាបេ (នាយករដ្ឋមន្រ្តីជប៉ុន) ស្ដីបន្ទោសអោយ ហ៊ុន សែន …។ នៅលើលោកនេះ អត់មានអ្នកណាហ៊ានស្ដីបន្ទោសអោយ ហ៊ុន សែន ទេ។ សូម្បីតែប្រធានាធិបតីអាមេរិក អូបាម៉ា មកស្រុកខ្មែរ ក៏មិនមែនមកស្ដីអោយនាយករដ្ឋមន្រ្តីខ្មែរទេ។ ខ្ញុំមិនមាត់មិនកអីទេ សូមទុកអោយជប៉ុនឆ្លើយតបចុះ។ ម្ដងនេះ ខ្ញុំអត់ឆ្លើយតបទេ។
ពិតមែនហើយ ដូចជាមាន ផៃ ស៊ីផាន ឆ្លើយតប។ ប៉ុន្តែខ្ញុំអត់ឆ្លើយតបទេ។ ខ្ញុំទុកអោយ អាបេ ឆ្លើយតប។ ខ្ញុំទុកអោយមន្រ្តីជប៉ុនទាំងឡាយឆ្លើយតបថា អត្ថបទហ្នឹងត្រឹមត្រូវ ឬមិនត្រឹមត្រូវ? ខ្ញុំចង់មើលដែរ ព្រោះសិទ្ធិបញ្ចេញមតិខ្ញុំត្រូវបានគោរព ក៏ប៉ុន្តែនិយាយខុស គួរត្រូវបានកែតម្រូវ។ អញ្ចឹងសូមអោយភាគីជប៉ុនកែតម្រូវចុះ។ ខ្ញុំធុញទ្រាន់ណាស់ជាមួយនឹងការដែលគេមួលបង្កាច់នេះ។ អញ្ចឹងប្រគល់ភារកិច្ចអោយឯកឧត្តម អគ្គរដ្ឋទូតជប៉ុន ធ្វើការកែតម្រូវទៅ។ ឯកឧត្តមអាចសួរទៅ អាបេ (នាយករដ្ឋមន្រ្តីជប៉ុន) ថានិយាយអញ្ចឹងមែន ឬអត់? បើមិនបានសួរទៅ អាបេ (នាយករដ្ឋមន្រ្តីជប៉ុន) សួរអ្នកកត់ត្រារបស់ជប៉ុនទាំងឡាយ តើ អាបេ (នាយករដ្ឋមន្រ្តីជប៉ុន) និយាយខ្ញុំអញ្ចឹង?
អាបេ (នាយករដ្ឋមន្រ្តីជប៉ុន) និងខ្ញុំ ជាមនុស្សដែលស្និទស្នាលជាមួយគ្នាខ្លាំងណាស់។ គាត់ជាប្រធានសមាគមកសាងសាលារៀនផង (កាល)ពេលដែលគាត់ឈប់ធ្វើនាយករដ្ឋមន្រ្តី គាត់ដឹកនាំប្រតិភូមួយមកធ្វើសាលារៀននៅស្រុកខ្មែរនេះ។ ពេលដែលជួបគ្នាភ្លាម គាត់បានសូមអញ្ជើញលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំព្រះករុណាខ្ញុំ។ គាត់ប្រើពាក្យអញ្ចេះ គាត់ប្រើពាក្យថា សូមអញ្ជើញលោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំបន្តវេនវ័យក្មេង ទស្សនកិច្ចនៅជប៉ុន។ អញ្ចឹងទេ នេះបង្ហាញពីទំនាក់ទំនង មិនគ្រាន់តែរវាងរដ្ឋ និងរដ្ឋទេ ក៏ប៉ុន្តែ វាក៏បានបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន អាបេ ផងដែរ។ មិនគួរថាមានសារព័ត៌មានចុះផ្សាយ ធ្វើឲ្យប៉ះពាល់ទៅដល់នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពេលដែលជប៉ុនបាននិយាយដ៏ល្អ ហើយធ្វើកិច្ចការដ៏ល្អ ហើយតែ ៦ ថ្ងៃក្រោយ មកសម្ពោធជាមួយគ្នានៅនេះ ហើយរឿងអីបានជាជប៉ុនត្រូវនិយាយអញ្ចឹង។ ប្រគល់ភារកិច្ចជូនឯកឧត្តម គូម៉ាម៉ារុ សូមកែតម្រូវយ៉ាងម៉េច (ក៏) តាមឯកឧត្តមទៅចុះ ខ្ញុំធុញទ្រាន់នឹងការមួលបង្កាច់ម្តងហើយម្តងទៀតរបស់មនុស្សមួយចំនួន។
កំពង់ចាម ក៏ទទួលបានប្រព័ន្ធទឹកស្អាតនេះ ដូចបាត់ដំបងដែរ
ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះទៅកាន់ខេត្តកំពង់ចាមដែរ ព្រោះប្រហែលជាឯកឧត្តមអភិបាលខេត្តកំពង់ចាម ដែលមកទទួលសមិទ្ធផលថ្ងៃនេះ គ្មានលទ្ធភាពទៅនិយាយសម្រាប់ប្រជាជនជាង ១ លាននាក់នោះទេ។ អញ្ចឹងមានតែថ្លែងតាមទូរទស្សន៍។ ទន្ទឹមអ្នកទីរួមខេត្តបាត់ដំបងទទួលបានសមិទ្ធផលនេះ អ្នកឯទីរួមខេត្តកំពង់ចាម ក៏បានទទួលសមិទ្ធផលដូចគ្នានេះដែរ ប៉ុន្តែ គ្រាន់តែប្រភពទឹកវាខុសគ្នា។ ខុសយ៉ាងម៉េច? នៅទីនេះ យកទឹកពីដងស្ទឹងសង្កែ ឯនៅកំពង់ចាមយកទឹកពីទន្លេមេគង្គ។ រឿងខុសគ្នាតែប៉ុណ្ណឹងទេ។ ប៉ុន្តែ សរុបមក ទឹកដូចគ្នា គ្រាន់តែមួយទឹកទន្លេមេគង្គ មួយទឹកស្ទឹងសង្កែតែប៉ុណ្ណឹង។ ដងស្ទឹងសង្កែនេះ គឺជាបទចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ដែលគាត់ទើបនឹងទទួលមរណភាព … «អនុស្សាវរីយ៍ដងស្ទឹងសង្កែ»។
ដើរតាមខេត្ត ត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាត្រូវដោះស្រាយ
ខ្ញុំព្រះករុណាខ្ញុំ គួរតែយកឱកាសនេះ ដើម្បីរំលឹកបន្តិច។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តបាត់ដំបងរបស់យើងនេះ។ ចប់ពីខេត្តបាត់ដំបងនេះទៅ ខ្ញុំព្រះករុណាខ្ញុំនឹងដើរទៅកន្លែងផ្សេងៗទៀត ក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពទាំងឡាយ ដែលបានអនុវត្ត និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ តែក្នុងដំណាក់កាលដំបូងនេះ ចាប់ផ្តើមពីខេត្តបាត់ដំបង បន្តទៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងកំពង់ធំ មួយឈុត។ រួចហើយបានបន្តទៀត។ យើងមានកិច្ចការងារច្រើន។ ពេលដែលខ្ញុំព្រះករុណាខ្ញុំមកអញ្ចឹង គឺបានទទួលត្រឹមរបាយការណ៍តែប៉ុណ្ណឹងទេ ប៉ុន្តែ ឯកសារចុះហត្ថលេខា ទាល់តែទៅវិញទើបចុះហត្ថលេខាបាន។
ពិតមែនហើយ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ ចុះហត្ថលេខានៅទីនេះ ប៉ុន្តែ ត្រូវទៅយក ស.ជ.ណ នៅឯទីក្រុងភ្នំពេញ អំពីការកាត់ដីមួយចំនួនពីបញ្ជីសារពើភណ្ឌរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនេះនៅរោងចក្រក្រចៅដូនទាវ នៅកន្លែងរដ្ឋាករទឹក ដើម្បីឲ្យប្រជាពលរដ្ឋ កម្មករ អតីតកម្មករស្អីៗ ដែលរស់នៅហ្នឹងយូរហើយ។ កាត់ជូនប្រជាជនបណ្តោយទៅ។ យកគាត់ទៅណាទៀត បើគាត់នៅតាំងពី ១៩៧៩-១៩៨០ មកឯណោះ។ នៅទីនេះ វាស្រួលទេ។ សំណាងហើយ អ្នកបាត់ដំបងបានទទួលអភិបាលខេត្តដ៏ល្អមួយ (គឺឯកឧត្តម) ចាន់ សុផល។ សូមអបអរសាទរ។ និយាយដោយត្រង់ ខ្ញុំព្រះករុណាខ្ញុំនិយាយរាល់ដងថា បើសិនមានអភិបាលខេត្ត មានអភិបាលស្រុក អភិបាលខណ្ឌល្អៗ វាជួយច្រើនណាស់ ហើយមិនចាំបាច់ឈឺក្បាលដល់នាយករដ្ឋមន្រ្តីទេ។ សង្ឃឹមថានៅទូទាំងប្រទេស យើងនឹងមានមន្រ្តីល្អៗ ដើម្បីនឹងបម្រើរាស្រ្តពិតប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវដើរ ដើម្បីពិនិត្យនូវបញ្ហាទាំងឡាយ ទាំងបញ្ហាជឿនលឿន និងបញ្ហាសេសសល់ បន្តដោះស្រាយ ព្រោះវាជាងពាក់កណ្តាលអាណត្តិហើយ។ ត្រូវដើរពិនិត្យ ចាប់ផ្តើមពីខេត្តបាត់ដំបង ទៅបន្ទាយមានជ័យ ទៅសៀមរាប។ល។ បន្ទាប់ទៅ ទៅខេត្តនានាជាបន្តទៀត។
អនុស្សាវរីយ៍ខេត្តបាត់ដំបង កាលសម័យសង្គ្រាម/នយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ
ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីអនុស្សាវរីយ៍នៅនឹងខេត្តបាត់ដំបងនេះ។ បើគិតមកដល់ពេលនេះ គឺ ៣០ ឆ្នាំគត់ ដែលខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងភរិយា និងកូនស្រីមួយ មកដេក ហើយវាខកយន្តហោះ ឡើងមិនរួចទៀត។ កាលនោះ អត់ប្រើឧត្ថម្ភាគចក្រទេ។ ប្រើ AN24 មកចុះនៅព្រលានយន្តហោះយើងនេះ។ ហើយព្រលានយន្តហោះនេះ គោរត់កាត់ ក៏ចេះតែចុះដែរ។ កាលនោះ ឯកឧត្តម កែ គឹមយ៉ាន ធ្វើ(ដែលកាលនោះគេហៅថា)ប្រធានខេត្ត និងប្រធានបក្សផង ហើយនាំទៅដេកនៅមន្ទីរបក្សនោះ ស្តាប់ទីទុយយំ។ មិនមែនស្តាប់តែទីទុយយំទេណា ស្តាប់ស្នូរកាំភ្លើង។ ហើយថ្ងៃឡើងប្រជុំ កូនស្រីច្បងវាឡើងដើមចំប៉ី។ (ស្រីណា)ឥឡូវ គេមានកូនគេធំៗ។ កាលនោះកូន(ណា)អាយុត្រឹមតែ ៥ ឆ្នាំ ដែលនាំមកហ្នឹងជាមួយប្រពន្ធខ្ញុំព្រះករុណាខ្ញុំ ៣០ ឆ្នាំមុន។ ដេកមិនមែនស្តាប់តែទីទុយទេ អាទីទុយវានៅក្បែរហ្នឹងហើយ តែស្តាប់ស្នូរកាំភ្លើងក្តូងៗ លឺសូរមកដល់។
ក្រោយមកជាបន្តបន្ទាប់ ខ្ញុំព្រះករុណាខ្ញុំ មករហូតដល់ឆ្នាំ ១៩៩៥ មកដេកនៅហ្នឹងទៀត។ កាលនោះ ផ្ទុះគ្រាប់បែកប៉ុន្មានគ្រាប់នៅទីក្រុងភ្នំពេញ។ ខ្ញុំព្រះករុណាខ្ញុំ មករៀបចំមុន ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ ព្រះអង្គយាងមកតាមក្រោយ។ តែខ្ញុំមកមុន។ ពួក អៀង ផាន ហ្នឹងជំនាញខាងវាយគ្រាប់បែកតែម្តង។ វាយកណ្តាលក្រុង។ ប៉ុន្តែ យើងមិនអាចនឹងទូលទៅព្រះករុណាថា កុំយាងមកនោះទេ។ ពេលដែលព្រះករុណាព្រះអង្គ ទ្រង់កំពុងតែជួបប្រជាពលរដ្ឋសំណេះសំណាលនៅផ្ទះលោកម្ចាស់នោះ ក្បែរដំណាក់ ខ្ញុំព្រះករុណាខ្ញុំ ក៏ចេញទៅស្វាយដូនកែវ ដល់ត្រឡប់មកវិញ អត់ជិះឡានទេ មកតាមឧត្ថម្ភាគចក្រ មកតាមខាងលើ។ ដល់ទៅពួកមកតាមខាងក្រោម ក្បែរអនុវិទ្យាល័យមោងឫស្សី ដែលចុះពីម្សិលហ្នឹង បាញ់ឯងនៅត្រង់ហ្នឹង។ ធ្លាយកង់ឡានអាស្គត់ទៀត។ នោះហើយសង្គ្រាម។ វាអញ្ចឹង។
ខ្ញុំព្រះករុណាខ្ញុំ មានរឿងមួយដែលរំលឹក ជារឿងអនុស្សាវរីយ៍សម្រាប់អ្នកបាត់ដំបង។ ឆ្នាំ ១៩៨៩ ខ្ញុំព្រះករុណាខ្ញុំ មក ១៩៩០ មក ខែមករា ពេលហ្នឹងធ្លាក់ខ្យល់ពីជើង ហើយពេលនោះ យើងបាត់បង់ប៉ៃលិន ក្រុម អ៊ី ឈាន យកប៉ៃលិនបាត់ហើយ។ ឥឡូវអត់មានខ្មែរច្រើនក្រុមទេ។ នយោបាយឈ្នះ-ឈ្នះ មកនៅជាមួយគ្នាទាំងអស់។ ពេលនោះបាត់ប៉ៃលិនហើយ។ ត្រូវខិតខំរក្សាធ្វើម៉េចកុំឲ្យគេវ៉ៃចូលក្នុងបាត់ដំបងថែមទៀត។ ដកកងពលលេខ ៤ ពីតាសាញ សំឡូត យកមកទប់នៅត្រែង។ ដកកងពលលេខ ៦ ពីមេឡៃ មកទប់ត្រឹមបវេល។ ខ្ញុំទៅដល់ត្រែង ដល់បវេល។ ប៉ុន្តែដេកនៅទីនេះ ដល់ព្រលឹមឡើងដើរត្រួតពិនិត្យ។ ខ្ញុំកាលហ្នឹងទើបតែអាយុ ៣៧-៣៨ មិនទាន់ដល់ ៤០ ឆ្នាំទេ។ ដើរត្រួតពិនិត្យ កាលហ្នឹងមួយជុំវិញក្រុងបាត់ដំបង ធ្វើលេណដ្ឋានការពារ ប្រហែលជាឥឡូវលេណដ្ឋានទាំងអស់នោះវាទៅជាវីឡា វាទៅជាតំបន់ ជួនកាលជាអូតែល។
ឯនៅសៀមរាប តិចទៅឃើញថា អាផ្លូវវាងក្រុង ជាផ្លូវដែលត្រៀមបម្រុងពីមុន មិនមែនទេ អាហ្នឹងជារបាំងការពារក្រុងកុំអោយខ្មែរក្រហមចូលវ៉ៃសៀមរាបទេតើ។ រឿងរបស់យើងវាអញ្ចឹង។ ពេលដែលខ្ញុំព្រះករុណាខ្ញុំ ទៅពិនិត្យ ដើរតាមលេណដ្ឋានហ្នឹង បងប្អូនយើង ស្រាប់តែទៅដល់មួយក្រុមគេនៅជាមួយគ្នា កំពុងតែអាំងភ្លើង។ ខ្ញុំនិយាយថា ឥឡូវបងៗទាំងអស់គ្នា យើងប្រឹងប្រែងការពារ ក្រុងបាត់ដំបង ហើយការពារអង្គរ ស្រាប់តែបងម្នាក់គាត់ថា ត្រូវហើយលោកប្រធាន ការពារអង្គរទាំងអស់គ្នា, ដឹងម៉េចទេ? ត្រុកៗគាត់ទៅ គុម្ពោតមួយទាញដបស្រាមួយដប (គឺ)ស្រាអង្គរ ការពារអង្គរ។ ស្រាប់គាត់ត្រុកៗ បបួលយើងផឹកកាត់ព្រលឹម។ កាលជំនាន់ហ្នឹង ស្រាអង្គរហ្នឹង គឺជាស្រាដែលល្អជាងគេហើយ … ខ្ញុំអត់ចេះផឹកទេណា ប្រាប់ឲ្យហើយ គ្រាន់តែស្គាល់ស្រាតែប៉ុណ្ណឹងទេ។ អញ្ចឹងទេ វាលំបាកណាស់ទម្រាំនឹងរកសន្តិភាពបាន។
គុយទាវផ្សារក្រគរ/ជួបសិស្សានុសិស្សអនុវិទ្យាល័យមោងឫស្សី និងផ្ដល់សាលាមួយខ្នង តារាងបាល់មួយ
ខ្ញុំព្រះករុណាខ្ញុំ ចេញទៅដល់មោងឫស្សីម្សិលមិញ ដោយសារតែរាងទន់ខ្លួនបន្តិចដែរ (ព្រោះ)ក្រោកតាំងពីមុនម៉ោង ៥ ហើយធ្វើដំណើរចេញពីផ្ទះមុនម៉ោង ៦ ព្រឹក ហើយមកចូលផ្សារក្រគរ។ ចូលផ្សារក្រគរ លេងគុយទាវផ្សារក្រគរមួយចាន។ ឆ្ងាញ់អស់ទាស់។ សុំចំណាំកន្លែង។ និយាយពីទឹកស៊ុបឆ្ងាញ់។ ញ៉ាំមិនមែនសិប្បនិមិត្តទេ ញ៉ាំមែនទែន។ ១ ចានពីម្សិល ញ៉ាំទាល់តែអស់ កុំតែខ្មាសគេទេ កុំអីលើកហុតទៀត ព្រោះស្លាបព្រាស្ទើរបន្តិច។ ម្សិលមិញទិញនំក្រូច ភ្លេចយកនំក្រូច (យក)បានតែមួយ។ ដាក់នំក្រូចមួយទៀត។ ប៉ុន្តែដល់ពេលដល់មកតាមផ្លូវនេះ អនុវិទ្យាល័យមោងឫស្សី ចុះទៅលាក់ការសម្ងាត់យ៉ាងម៉េច។ បើយើងចេញមកបង្ហោះ Facebook មួយថា ខ្ញុំកំពុងធ្វើដំណើរទៅបាត់ដំបង មួយទៀតចូលនៅផ្សាក្រគរ អញ្ចឹងទេអ្នកណាក៏ដឹងថាខ្ញុំមកបាត់ដំបងដែរ។
កូនសិស្សនៅអនុវិទ្យាល័យមោងឫស្សី មកឈរពេញកណ្តាលផ្លូវហ្នឹង គឺថាឈប់(ឈរ)ជាមួយក្មេងៗ ដើរអត់រួចទេ។ អញ្ចឹងទេ មានតែបបួលក្មេងៗចូលទៅក្នុងសាលា។ ទៅដល់សួរថា ចៅៗចង់បានអី? ចង់បានសាលា។ ចង់បានអាធុនណា? ចង់បានអា ២ ជាន់។ ល្អអស់ទាស់ មានតែធ្វើជូនគាត់ ហើយមានសុំថែមតារាងបាល់ទាត់។ ត្រូវហើយ។ យើងកំពុងតែត្រូវ(កីឡាករបាល់ទាត់អាយុ)ក្រោម ១៦ ឆ្នាំ … ល្ងាចហ្នឹងទាល់តែយើងប្រឹងស្រូតចេញពីបន្ទាយមានជ័យ ប្រហែលជាអត់បានមើលទេ។ ប៉ុន្តែ យើងអាចមើលតាម ឥឡូវកំពុងផ្សាយបន្តផ្ទាល់នេះ ផ្សាយតាម page Facebook របស់ខ្ញុំផង និងផ្សាយតាម Fresh News ផង កំពុងផ្សាយផ្ទាល់។ ទូរទស្សន៍នានាសឹងបាត់អាជីពហើយឥឡូវ ព្រោះអី? ព្រោះយកទៅចាក់ក្រោយ page Facebook របស់នាយករដ្ឋមន្រ្តី និងចាក់ក្រោយរបស់ Fresh News។ Page របស់នាយករដ្ឋមន្រ្តី ទៅឆ្ងាយណាស់ អ្នកនៅអាមេរិក អ្នកនៅឯណាអីដែលមើលទូរទស្សន៍មិនបាន (មើលបាន)ទៅដល់ទាំងអស់។
បន្ទាប់ពីផ្តល់កម្មសិទ្ធិដីធ្លីឆ្នាំ ១៩៨៨-១៩៨៩ ទីក្រុងបាត់ដំបងបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
កាលពីមុន ដែលខ្ញុំព្រះករុណាខ្ញុំ បានដេកនៅកន្លែងមន្ទីរបក្ស ដេកនៅផ្ទះលោកម្ចាស់នោះ … ក្រោយៗមកទៀត ខ្ញុំព្រះករុណាខ្ញុំ មកបាត់ដំបង គ្រាន់តែមិនដែលបានមកដេក។ យប់មិញ(គេង)លក់ប្រហែលជាម៉ោង ជាង ១០ បន្តិច ទល់ទៅម៉ោង ៦ ភ្លឺ (គេង)លក់នោះមហាលក់ ចុះបើវាយ៉ាប់ពីថ្ងៃហើយ មិនលក់អាម៉េច។ រីកចម្រើនហ្នឹងវាច្រើនពេក ហើយខ្ញុំព្រះករុណាខ្ញុំ នៅចាំត្រង់អនុស្សាវរីយ៍អ្នកខេត្តបាត់ដំបងរបស់យើងនេះ។ ពីដើមមិនឆ្នាំ ១៩៨៩ អត់ទាន់ហ៊ានធ្វើផ្ទះទេ មិនត្រឹមតែមិនហ៊ានធ្វើផ្ទះថ្មី អាផ្ទះចាស់ហ្នឹងអត់ហ៊ានធ្វើទេ ព្រោះមិនប្រាកដថាជាផ្ទះរបស់ខ្លួន គឺយកកន្ទេលធ្វើជញ្ជាំង។ ខ្ញុំព្រះករុណាខ្ញុំ មក(បាត់ដំបង)ប៉ុន្មានដងនៅឆ្នាំ ១៩៨៨-៨៩។ ខ្ញុំព្រះករុណាខ្ញុំ ឡើងឧទ្ទេសនាម នៅក្នុងសភាអំពីបញ្ហាត្រូវប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋទាំងដីធ្លី ទាំងផ្ទះសំបែង។
ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ និយាយថា បើមិនប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋច្បាស់លាស់ទេ ផ្ទះនៅក្នុងទីក្រុងនឹងត្រូវបាក់បែកជាបន្ត ព្រោះគ្មានអ្នកណាមានសិទ្ធិ(ជួសជុលឬធ្វើ) ព្រោះអត់ដឹងថាអាហ្នឹងជាផ្ទះរបស់ខ្លួនផង។ អ្នកណាទៅធ្វើជញ្ចាំងផ្ទះ អ្នកណាទៅជួសជុលផ្ទះហ្នឹង? ជាកុសលល្អដែរ សម្តេច ជា ស៊ីម ក្នុងឋានៈជាប្រធានរដ្ឋសភាពេលនោះ, រួមជាមួយ សម្តេច ហេង សំរិន ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ខ្ញុំព្រះករុណាខ្ញុំ ជានាយករដ្ឋមន្រ្តីពេលនោះ, ក្នុងនាមជាប្រធានអង្គប្រជុំសភា សម្រេចភ្លាមៗតែម្តង បង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលមានគ្នា ៤ ឬ ៥ នាក់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកឱកាសផ្តល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ តាំងពីពេលនោះ ទីក្រុងបាត់ដំបងរបស់យើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
វិវត្តពីស្ពានបាឡេ មកស្ពានបេតុង និងជួយសម្រួលដល់ការធ្វើដំណើរ
កាលពីពេលមុន ស្ពានតាមដង ស្ទឹងសង្កែនេះ យើងធ្វើស្ពានបាឡេ ៧ ម៉ែត្រ ២ តឹក។ ប៉ុន្តែសម័យឥឡូវនេះ ស្ពានបាឡេ វាលែងសមស្របហើយ។ វាទៅជាស្ពានបេតុង ដែលត្រូវធ្វើជាបន្តទៀតតាមដងស្ទឹងសង្កែ តាមដងស្ទឹងមង្គលបុរី តាមស្ទឹងព្រែកត្នោត។ ប្រទេសយើងមានជ្រោះជ្រលងដងអូរច្រើន ធ្វើឲ្យយើងងាយក្នុងការប្រើប្រាស់ទឹក ប៉ុន្តែវាក៏លំបាកឲ្យយើងដែរ(ខាងគមនាគមន៍)។ យើងត្រូវតែរកវិធីសាស្ត្រ ដើម្បីធ្វើស្ពានឲ្យបានច្រើន ដើម្បីជួយប្រជាពលរដ្ឋរបស់យើងកុំឲ្យឆ្លងទូកដ ដែលនាំទៅដល់គ្រោះថ្នាក់ និងលំបាកក្នុងការធ្វើដំណើរ។
ត្រូវការពារសន្តិភាពដែលរកបានដោយលំបាក, ខ្មែរលាបពណ៌ខ្មែរ គឺធ្វើអោយខ្មែរងាប់
ខ្ញុំព្រះករុណាខ្ញុំ រំលឹកថា បញ្ហាសន្តិភាពដែលយើងរកបានដោយលំបាក ត្រូវខំការពារ។ ពីដើមបាត់ដំបងនេះ ចែកគ្នាព្រំប្រទល់ត្រឹមត្រែង។ ពិតមែនថាខ្សែត្រៀមនៅលើត្រែងបន្តិច ក៏ប៉ុន្តែជួនកាលឯណោះ កម្លាំងទ័ពព្រៃដែលនៅសេសសល់ចូលមករហូតដល់ស្តៅ ហើយយើងទៅពីហ្នឹងទៅ លូនចូល ទៅដល់ប៉ាងរលឹម ចំការកាហ្វេ។ ឯទៅពីខាងបវេល ឡើងទៅស្រែអន្ទាក់ ប្រទាញប្រទង់គ្នាត្រង់ហ្នឹង។ ហ្នឹងហើយសង្គ្រាម។ ប៉ុន្តែសង្គ្រាមនេះ មិនមែនខ្ញុំព្រះករុណាខ្ញុំ អ្នកបង្កើតទេ។ ពេលសង្គ្រាមផ្ទុះ ខ្ញុំព្រះករុណាខ្ញុំ ទើបមានអាយុ ១៨ ឆ្នាំ មិនទាន់គ្រប់ផង។ ខ្ញុំព្រះករុណាខ្ញុំ កើតថ្ងៃ ០៥ ខែសីហា ឆ្នាំ ១៩៥២ ត្រូវនឹងថ្ងៃ ១៥ កើត ខែស្រាពណ៌ ថ្ងៃអង្គារ ឆ្នាំរោង រឹងហើយកុំសូវពេក កើតថ្ងៃអង្គារ គេថារឹង ប៉ុន្តែ រឹងតែជាមួយអ្នកខូចទេ អ្នកមិនខូចគឺទន់ជាងអីទៀត។
រដ្ឋប្រហារកើតនៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ អត់ទាន់ដល់អាយុបោះឆ្នោតផងនឹង ប៉ុន្តែបែរជារឿងទាំងឡាយធ្លាក់មកលើខ្ញុំព្រះករុណាខ្ញុំ ដើរដោះ ដើរទៅចរចា រឿងផ្តួល ប៉ុល ពត រឿងមួយហើយ។ បើកុំផ្តួល ប៉ុល ពត ក៏គ្មានចរចាកើតឡើងដែរ សូមបញ្ជាក់ជូន។ ព្រោះបើ ប៉ុល ពត នៅ ស្មានតែ ប៉ុល ពត ចរចាជាមួយអី? អញ្ចឹងបានជាសមិទ្ធផលដែលយើងធ្វើបាននេះ ផ្តួលរំលំ ប៉ុល ពត ហើយ សង្គ្រាមនៅបន្ត បើសង្គ្រាមនៅបន្តចឹងត្រូវធ្វើអី? មិនអាចវៃគ្នាបន្ត ធ្វើឲ្យខ្មែរងាប់អញ្ចឹងតទៅទៀតទេ ត្រូវខិតខំស្វែងរកនូវដំណោះស្រាយ ការស្រុះស្រួលដើម្បីសន្តិភាព ដែលមានកិច្ចព្រមព្រៀងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ នេះ។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ត្រឡប់ចេញទៅវិញ ទុកឲ្យប្រទេសកម្ពុជាមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ។ រដ្ឋាភិបាលមួយគឺទីតាំងនៅអន្លង់វែង ប៉ុន្តែមានតំបន់ត្រួតត្រា តាំងពីសំឡូត តាំងពីប៉ៃលិន តាំងពីកំរៀងភ្នំព្រឹក្ស រហូតដល់ម៉ាឡៃ ខ្មែរក្រហមទាំងអស់ … ឥឡូវលែងក្រហមលែងអី។ ក្រហមហ្នឹងដាក់ឈ្មោះឲ្យគ្នាទេ។ អារឿងក្រហម រឿងខៀវ រឿងស រឿងខ្មៅ គឺប្រសិទ្ធិនាមឲ្យគ្នាទេ។ បើខ្ញុំព្រះករុណាខ្ញុំនេះឈ្មោះច្រើនណាស់។ គេហៅសព្វគ្រប់ទាំងអស់។
គ្រោះថ្នាក់បំផុត ខ្មែរលាបពណ៌ខ្មែរនេះឯង វាទៅជាអានេះក្រហម វាទៅជាអានេះខៀវ វាទៅជាអានោះស វាទៅជាអានេះអាយ៉ងឲ្យអ្នកនោះ អានោះអាយ៉ងឲ្យអានោះ អាហ្នឹងហើយឲ្យខ្មែរងាប់នោះ។ អ៊ុន តាក់ ចាយលុយជាង ២ ពាន់លានដុល្លារ អ៊ុនតាក់ អត់ចូលប៉ៃលិនបានទេ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានទាំង អា កាស៊ី ដែលជាជនជាតិជប៉ុន ប្រធានអ៊ុនតាក់ សេឌ្រី ជនជាតិអ៊ីរ៉ង់ អនុប្រធានអ៊ុនតាក់ សាន់ដឺសិន ជនជាតិអូស្ត្រាលី បីនាក់ប្រធានអ៊ុនតាក់ អនុប្រធានអ៊ុនតាក់ និងមេបញ្ជាការ យោធាអ៊ុនតាក់ចូលប៉ៃលិនអត់បាន ដោយសារតែឫស្សីមួយដើម កូនទាហានខ្មែរក្រហមពីរបីនាក់អត់ឲ្យទៅ ចូលអត់ចុះ។ ប៉ុន្តែហ៊ុន សែន ដើរចូល។ ម្តាយរបស់ខ្ញុំ និងម្តាយធំថា ហ្អែងទៅតំបន់គេ មិនខ្លាចគេបាញ់ងាប់ទេ? ខ្ញុំប្រាប់ថា ម៉ែ អ៊ំ បើសិនជាស្លាប់ ស្លាប់តែខ្ញុំ និងអ្នកដែលទៅតាមខ្ញុំ ប៉ុន្មានអ្នកតែប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញ បានផែនដីទាំងមូលតែម្តង។
ដូចថា តាំងពីពេលហ្នឹង ១៩៩៦ ផ្តាច់ខ្លួនអស់។ សមាហរណកម្ម គឺខាងនេះដោះស្រាយបាន ១៩៩៧ ១៩៩៨ ចេះតែផ្តាច់ៗ រហូតទៅដល់អន្លង់វែងផ្តាច់នៅក្នុងខែ ៣ ហើយខែ ៤ ធ្វើសមាហរណកម្ម និងចូលរួមបោះឆ្នោត ខែ ៧ ឆ្នាំ ១៩៩៨។ ដូច្នេះ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងប្រដាប់អាវុធតែមួយ ជំនួសឲ្យកាលពីពេលមុន មានតំបន់ត្រួតត្រា ៤ និងកងកម្លាំងប្រដាប់អាវុធ ៤។
សន្ដិភាព បានអោយកម្ពុជាមានលទ្ធភាពអភិវឌ្ឍរៀងមក
(ដោយហេតុនេះ) បានជាយើងមានលទ្ធភាពអភិវឌ្ឍរហូតមកដល់ពេលនេះ ដែលក្នុងហ្នឹងថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងបាត់ដំបង ក៏មានលទ្ធភាពដើម្បីនឹងទទួលបានសមិទ្ធផលទឹកស្អាត។ ពិតមែនហើយ ត្រូវតែបង់ថ្លៃ បើកុំឲ្យបង់ច្រើន ត្រូវយើងប្រើសន្សំ។ បើបើកក្បាលរ៉ូប៊ីនេចោល ត្រូវតែបង់ច្រើនហើយ។ នៅស្រុកណាក៏គេយកថ្លៃដែរទឹកនោះ។ ទឹកស្រុកខ្មែរគឺមិនថ្លៃទេ បើប្រៀបធៀបនឹងគេដទៃនោះ។ មិនជាថ្លៃទេ។ ប៉ុន្តែសួរថា បើសិនអត់មានសន្តិភាព សួរថា ជប៉ុនមកជួយទេ? អត់ទេ។ ជប៉ុនកាលពេលហ្នឹង កាលមុនឆ្នាំ ២០០០ រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យជប៉ុនមកត្រឹមតែភ្នំពេញ និងសៀមរាបតែប៉ុណ្ណោះ មិនឲ្យទៅតំបន់ផ្សេងទេ ប៉ុន្តែឥឡូវទេសចរណ៍នៅក្នុងប្រទេសរបស់យើង មានទៅដល់ ៤៧០០០០០ នាក់ កាលពីឆ្នាំទៅ។ ឥឡូវទៅមករវាងភ្នំពេញ បាត់ដំបង, បាត់ដំបង ភ្នំពេញ ធ្វើដំណើរទាំងយប់។ មានទាស់ខុសអី។ កុំឲ្យតែគ្រោះថ្នាក់ចរាចរណ៍។ កាលពីមុន បើផ្លូវរទេះភ្លើងម្តុំមោងឫស្សីនេះគឺថាអស់ទាស់ហើយ។ ក្រុមបង អៀង ផាន ចេញវៃរហូត។
សង្គ្រាមវាអញ្ចឹង។ ឥឡូវសន្តិភាពបានកើតមានហើយ។ យើងត្រូវប្រឹងរួមគ្នាបន្តទៀត ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។ អត់ទាន់គ្រប់ទេ រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ត្រូវបន្ត សូម្បីតែការផ្គត់ផ្គង់ទឹកនេះ។ ថ្ងៃនេះប្រជាពលរដ្ឋរបស់យើងដែលនឹងទទួលបានបន្ថែមនូវទឹកស្អាតចំនួន ២២,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងចម្ងាយទុយោទឹក ៦៤ គីឡូម៉ែត្រ។ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងមិននៅត្រឹមប៉ុណ្ណឹងទេ។ ឥឡូវចូលវស្សាពីម្សិល។ គេហាមការពេលចូលវស្សា។ ដល់ពេលចេញវស្សានិយាយពីដណ្តើមគ្នាតែម្តង។ អាចារ្យការគឺថាអស់ទាស់ហើយ។ វិបត្តិអាចារ្យ អាចារ្យខ្មោចក៏ធ្វើ អាចារ្យការក៏ធ្វើ អាចារ្យបច្ច័យបួនក៏ធ្វើ អាចារ្យស្អីក៏ធ្វើ មិនអញ្ចឹង? គេហាម អាចារ្យខ្មោចគេមិនឲ្យកាន់ពន្លាការទេ ប៉ុន្តែដោយយើងមានវិបត្តិអាចារ្យហើយ ធ្វើគ្រប់។
អរគុណចំពោះការខិតខំរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់
ខ្ញុំព្រះករុណាខ្ញុំប៉ប៉ាច់ប៉ប៉ោចប៉ុណ្ណឹងបានហើយ។ អនុស្សាវរីយ៍មានច្រើននូវក្នុងការដែលយើងប្រឹងរួមគ្នា។អរគុណចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអាជ្ញាធរខេត្តបាត់ដំបង ដែលបានជួយខិតខំនៅក្នុងការសម្រួលអោយមានការកសាង សម្រេចបាននូវលទ្ធផលបែបនេះ។ បើគ្មានការខិតខំរបស់ស្ថាប័ន ទាំងនៅថ្នាក់ជាតិគឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់ខណ្ឌ ទាំងថ្នាក់សង្កាត់ វាមិនអាចសម្រេចនូវលទ្ធផលទាំងនេះបានទេ បន្តិចប៉ះត្រង់នេះ បន្តិចប៉ះត្រង់នោះ រហូតដល់មានបញ្ហាមីន ស្អីៗជាដើម។ ប៉ុន្តែ យើងបានប្រឹងប្រែងធ្វើការងារនេះ។ អរគុណចំពោះក្រុមហ៊ុនសាងសង់ ក៏ដូចក្រុមហ៊ុនត្រួតពិនិត្យ ដែលបានធ្វើកិច្ចការងារដ៏ល្អ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។
ពាំនាំអំណោយ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំមកជូនលោកយាយ លោកតាចំនួន ២០០ នាក់ ម្នាក់ៗ ក្រណាត់សមួយដុំ និងថវិកា ១ ម៉ឺន។ ជូនក្រុមកាយរិទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ម្នាក់ៗថវិកា ១ ម៉ឺនរៀល។ ជូននិស្សិត និងគរុសិស្សចំនួន ៨៤៧ នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ នៅទីនេះមានគរុសិស្សភូមិភាគផង គរុសិស្សខេត្តផង មានដល់ទៅពីរ។ គ្រូកំពុងត្រូវប៉ាន់ឥឡូវហ្នឹង ពីដើមគេហៅមន្ត្រីដីស ប៉ុន្តែប្រាក់ខែ(ឥឡូវ)កាន់តែឡើងហើយ ហើយទទួលបានការយកចិត្តទុកដាក់ជាមួយក្រុមគ្រូពេទ្យ អញ្ចឹងប្រាក់ខែឡើងលឿន។ ជូនសាស្រា្តចារ្យ និងលោកគ្រូ អ្នកគ្រូ ចំនួន ១៨៩ នាក់ ម្នាក់ៗថវិកា ៤ ម៉ឺនរៀល។ ជូនមន្ត្រី កម្មករ(របស់) រោងចក្រផលិតទឹកស្អាតចំនួន ៧១ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តបាត់ដំបង ២ លានរៀល។ ជូនមជ្ឈមណ្ឌលគរុភូមិភាគខេត្តបាត់ដំបង ថវិកា ៣ លានរៀល។ ជូនសាកលវិទ្យាល័យបាត់ដំបង ៣ លានរៀល។ ជូនមណ្ឌលសុខភាពចំការសំរោង ១ លានរៀល។ ជូនសាលាក្រុងបាត់ដំបងថវិកា ១ លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា ១ លានរៀល។
កំណើនសាកលវិទ្យាល័យ/សាលារៀន, មានសន្តិភាព ទើបមានការអភិវឌ្ឍ
ខេត្តបាត់ដំបងនេះ (ពីមុនមក)និយាយរួមមួយស្រុកៗ ឬមួយខេត្តៗ វិទ្យាល័យរបស់យើងមានតិចណាស់ ប៉ុន្តែពេលនេះមួយស្រុកៗវិទ្យាល័យរបស់យើងមានចំនួនច្រើន។ កាលពីអតីតកាល យើងក៏មានសាកលវិទ្យាល័យនៅបាត់ដំបងនេះដែរ ឥឡូវនេះ សាកលវិទ្យាល័យនេះក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង បានពង្រីកទ្រង់ទ្រាយរបស់វា។ បន្ថែមលើនោះ នៅបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានខិតខំកសាងឡើងនូវសាកលវិទ្យាល័យមានជ័យ ហើយបន្តមកទៀតយើងមានសាកលវិទ្យាល័យនៅសៀមរាប។ ដូច្នោះវាកាត់បន្ថយច្រើនណាស់នូវការលំបាករបស់យុវជន និងកុមាររបស់យើង ទៅលើបញ្ហាការស្វះស្វែងរកសាលារៀន សាកលវិទ្យាល័យ បន្ថែមលើនោះក៏មានសាកលវិទ្យាល័យផ្នែកឯកជនផងដែរ។ ដូច្នោះនេះហើយជាសមិទ្ធផលដែលកើតចេញសន្តិភាព បើគ្មានសន្តិភាពទេកុំនិយាយដល់រឿងហ្នឹង។
ផ្លូវអាស៊ាន/ជំនួយជប៉ុន
សូមនិយាយបន្ថែមបន្តិចដែរ(ពី)ផ្លូវជាតិលេខ ៥ ប៊ិះភ្លេចនិយាយពីកន្លែងហ្នឹង។ ផ្លូវជាតិ ៥ ថ្វីត្បិតតែបានកែលំអរ ក៏ប៉ុន្តែប៉ុណ្ណឹងវាអត់ទាន់គ្រប់ទេ។ ផ្លូវជាតិលេខ ៥ ពីត្រឹមព្រែកក្តាម ទៅទល់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជប៉ុនទទួលរ៉ាប់រង។ ក៏ប៉ុន្តែជំហានទី ១ ពីបាត់ដំបង ទៅស៊ីសុផុន(បន្ទាយមានជ័យ) ហ្នឹងបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣ ឬ ២០១៤ ជាធរមាន។ ឯកិច្ចព្រមព្រៀងមួយទៀត បានចុះហត្ថលេខារួចហើយ គឺធ្វើពីត្រឹមព្រែកក្តាម មកធ្លាម្អម មកដល់ពោធិ៍សាត់ ក៏ដោយថវិការបស់ជប៉ុន ឯដំណាក់កាលចុងក្រោយពីពោធិ៍សាត់ មកទល់នឹងបាត់ដំបង អញ្ចឹង ៣ ដំណាក់កាល ជប៉ុនជាអ្នកទទួលបន្ទុក។ ព្រោះនេះគេហៅថាផ្លូវអាស៊ាន ដែលតភ្ជាប់ថៃជាមួយកម្ពុជា និងជាមួយវៀតណាម ហើយជប៉ុនក៏បានធ្វើរួចមកហើយនូវស្ពានអ្នកលឿង ហៅថាស្ពានត្សឹបាសា។ អញ្ចឹងទេ សូមបញ្ជាក់ថាផ្លូវដែលយើងកំពុងប្រើសព្វថ្ងៃមិនមែនត្រឹមតែប៉ុណ្ណឹងទេ យើងនឹងត្រូវពង្រីកផ្លូវហ្នឹងតាមរយៈឥណទាន ហិរញ្ញប្បទានដោយជប៉ុន ហើយដំណាក់ដំបូងចាប់ផ្តើមពីបាត់ដំបង ទៅស៊ីសុផុន បន្ទាប់ទៅដំណាក់កាលទីពីរពីព្រែកក្តាម ទៅពោធិ៍សាត់ ហើយដំណាក់កាលចុងក្រោយពីពោធិ៍សាត់មកបាត់ដំបងវិញ។ (នេះ)ជាការរីកចំរើនមួយដែលយើងបានខិតខំប្រឹងប្រែង និងជាកិច្ចសហប្រត្តិការរវាងយើង និងជប៉ុន ក្នុងការផ្តល់ជំនួយឧបត្ថម្ភសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់នូវប្រព័ន្ធផ្គត់ផ្គងទឹកស្អាតនៅទីរួមខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដែលផ្តល់ជំនួយឥតសំណងរបស់ជប៉ុនតាមរយៈ JICA ចំនួន ៣៣៥៥ លានយ៉េន ប្រហាក់ប្រហែលជាង ៣៣ លានដុល្លារអាមេរិក ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ ជូនពរបងប្អូនជនរួមជាតិ អស់សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕