-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប
-ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» អមជាមួយពិធីប្រកាស ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១ ដែលត្រូវបានរៀបចំឡើងនាពេលនេះ។
ជាបឋម ខ្ញុំសូមស្វាគមន៍ចំពោះប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ នាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឤនតុន កាហ្គា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប និងសហការី ដែលបានរៀបចំឡើងនូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅដល់វិស័យទេសចរណ៍កម្ពុជា ដែលតាមរយៈនេះ នឹងចូលរួមជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឱ្យកាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានបោះឆ្នោតជ្រើសតាំងខ្ញុំជាសមាជិក កិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនាពេលនេះផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងត្រូវបានប្រកាសដាក់ «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» នេះ។ លទ្ធផលនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីសភាពការណ៍ពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអច្ឆរិយភាព នៃកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» ហើយបានកំពុងក្លាយជាបេះដូង និងជាគោលដៅទេសចរណ៍ថ្មីមួយនៃ តំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍ ដែលជាតំបន់កំពុងមាននិន្នាការរីកលូតលាស់ខ្លាំងខាងផ្នែកទេសចរណ៍ ដោយផ្អែកលើសក្តានុពលវប្បធម៌ ប្រវត្តិសាស្ត្រធម្មជាតិ ហើយកម្ពុជាបាន និងកំពុងដើរតួនាទីជាគន្លឹះក្នុងការតភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តំបន់ ប្រកបដោយភាពទាក់ទាញខ្ពស់មួយ។
ជារួម ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និងជាអច្ឆរិយពិភពលោក ប្រាសាទព្រះវិហារ ដែលមានតម្លៃវប្បធម៌ជាសកល និងពុំឤចកាត់ថ្លៃបានរបស់មនុស្សជាតិ ប្រាសាទសំបូរព្រៃគុក និងប្រាង្គប្រាសាទបុរាណរាប់ពាន់នៅទូទាំងប្រទេស និងធនធានធម្មជាតិដ៏សំបូរបែប និងប្លែកៗនៅតាម តំបន់ឆ្នេរសមុទ្រ ដែលត្រូវបានពិភពលោកទទួលស្គាល់ជាឆ្នេរសមុទ្រដែលស្អាត ជាងគេបំផុតលើសកលលោក សត្វផ្សោតទន្លេមេគង្គ តំបន់អេកូទេសចរណ៍ ទាំងខាងភូមិភាគឦសាន្ត និងនិរតី បឹងទន្លេសាបទំនៀមទម្លាប់ប្រពៃណី និងភាពរួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា គួបផ្សំជាមួយនឹងកត្តាសន្តិសុខ សុវត្ថិភាព នៅទូទាំងប្រទេស គឺជាកម្លាំងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងឱ្យមកទស្សនាកម្ពុជា ដែលកត្តាទាំងអស់នេះ គឺស័ក្តិសមនឹងការប្រសិទ្ធនាមកម្ពុជា ជាលក្ខណៈអន្តរជាតិថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។
ដូចក្នុងសុន្ទរកថារបស់ឯកឧត្តម ឤនតុន ការ៉ាហ្គា បានបញ្ជាក់ហើយថា កម្ពុជាពិតជាស័ក្តិសមនឹងកិត្តិនាម «ព្រះរាជាណាចក្រអច្ឆរិយៈ» ហើយតាមរយៈកិត្តិនាមនេះបានចូលរួមធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមានភាពរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ជាការពិត ចំណូលបានមកពីវិស័យទេសចរណ៍ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យកម្ពុជាសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងបានជួយគាំទ្រដល់កិច្ចអភិវឌ្ឍ វិស័យគាំពារនានាដូចជាកសិកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមានការរីកលូតលាស់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លើសពីនេះ តាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏បានបង្កើតនូវចំណូល ដែលឤចជាប្រភពធនធានចូលរួមជួយដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវ។ តាមរយៈនេះ ខ្ញុំក៏សូមអរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានចាត់ទុក «កម្ពុជា៖ ជាគំរូសម្រាប់ពិភពលោកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍មួយ ដែលមានការបែងចែកចំណូលប្រកបដោយសមធម៌»។
ក្នុងស្មារតីនេះ ខ្ញុំសូមបញ្ជាក់ថា កម្ពុជានឹងបន្តប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាការអភិវឌ្ឍប្រកបដោយចីរភាព មានការទទួលខុសត្រូវ និងប្រកបដោយសមធម៌ ព្រមទាំងចូលរួមដល់កំណើនសេដ្ឋកិច្ចដល់ការកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលឤកាសធាតុ និងចាត់ទុកវិស័យនេះ គឺជា «មាសបៃតង» ដែលនឹងចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងនោះ កម្ពុជានឹងបន្តកិច្ចខិតខំប្រកបដោយភាពសកម្ម និងបុរេសកម្ម ក្នុងការចាប់យកនូវកាលានុវត្តភាពពីអច្ឆរិយភាពរបស់ខ្លួន ដែលជាគោលដៅទេសចរណ៍ពិភពលោក ដែលមិនត្រឹមតែបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច បែងចែកផលចំណូលដល់ប្រជាជនឱ្យបានជាអតិបរមា និងធ្វើឱ្យដំណើរការអភិវឌ្ឍន៍ប្រព្រឹត្តទៅប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការពារថែរក្សាធនធានវប្បធម៌ និងធនធានធម្មជាតិរបស់យើង ដោយប្រកាន់ភ្ជាប់នូវទស្សនៈ «អច្ឆរិយភាពកម្ពុជាបម្រើឱ្យវិស័យទេសចរណ៍វិស័យទេសចរណ៍ បម្រើឱ្យអច្ឆរិយភាពកម្ពុជា»។
–ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល
ពិតជាមិនឤចប្រកែកបានទេថា ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដូចបានគូសបញ្ជាក់ខាងលើយ៉ាងណាក៏ដោយ ក៏ជោគជ័យនៃវិស័យទេសចរណ៍នឹងមិនឤចលេចជារូបរាង និងទទួលលទ្ធផលល្អត្រចះត្រចង់រហូតដល់ទទួលបានជ័យលាភីដូចថ្ងៃនេះទេ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និង ប្រជាជនកម្ពុជា។ ក្នុងន័យនេះយើងឤចនិយាយបានថា លទ្ធផលជាវិជ្ជមាននេះ ពិតជាបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា និងមានស្មារតីរួមគ្នាប្រកបដោយភាពម្ចាស់ការ។ តាមរយៈនេះ ក្នុងការបន្តជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជា «គោលដៅទេសចរណ៍ពិភពលោក» និង «គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ» ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់ចេញនូវអនុសាសន៍គន្លឹះដូចខាងក្រោម៖
ទី១ ខ្ញុំគិតថា ការរីកចម្រើននៃវិស័យទេសចរណ៍ ដែលយើងទទួលបាននៅថ្ងៃនេះ ពិសេសភាពទាក់ទាញនៃកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកនេះ មិនឤចកាត់ផ្តាច់ពីការចូលរួមរបស់ អ្នកនៅជួរមុខ ដែលប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់រាប់តាំងពីសេវាលើយន្តហោះ ច្រកទ្វារអន្តរជាតិការស្នាក់នៅ ការហូបចុក ការកម្សាន្តជាដើមដូច្នេះចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ជារបៀបវារៈថ្មីមួយរបស់ជាតិ ដោយយើងត្រូវយល់ថា «បដិសណ្ឋារកិច្ច គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា» ហើយការផ្តល់បដិ សណ្ឋារកិច្ចមិនទាមទារនូវមធ្យោបាយច្រើននោះទេ យើងទាំងអស់គ្នាឤចធ្វើបានភ្លាមៗ។ ម៉្យាងទៀត ដើម្បីកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកត្រៀមទទួលទេសចរអន្តរជាតិ ប្រមាណ ៧ លាននាក់ នៅឆ្នាំ ២០២០ និងជាម្ចាស់ផ្ទះប្រកួត កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ ២០២៣ ខ្ញុំសូមឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមឱ្យសកម្មក្នុងការប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ដែលក្នុងនោះ រួមមាន៖ ទី១) បដិសណ្ឋារកិច្ចល្អក្នុងសេវាទេសចរណ៍ ទី២) បដិសណ្ឋារកិច្ចល្អលើសេវាសាធារណៈក្នុងទីក្រុងស្អាត និង ទី៣) បដិសណ្ឋារកិច្ចល្អរបស់មន្ត្រីច្រកទ្វារអន្តរជាតិ។
ទី២ ស្របពេលនេះ ខ្ញុំសូមប្រកាសនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ» អមជាមួយនូវពាក្យ «ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ» ឱ្យក្លាយជាការផ្សព្វផ្សាយប្រកបដោយសក្តានុពល ទាក់ទាញខ្ពស់របស់កម្ពុជាទៅកាន់ពិភពលោក និងជាសារដ៏មានសារៈសំខាន់មួយ ក្នុងការចាប់យកនូវភាពទាក់ទាញភ្ញៀវឱ្យមកទស្សនាច្រើនដងលើទឹកដីកម្ពុជា។
ទី៣ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តខិតខំថែរក្សាអភិរក្សធនធានធម្មជាតិ ធនធានវប្បធម៌ លើកកម្ពស់ និងអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ក្នុងបរិការណ៍នៃសមា ហរណកម្មតំបន់ និងពិភពលោក។ ក្នុងស្មារតីនេះ ខ្ញុំស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា អភិរក្សនូវធនធានដ៏មានតម្លៃ នៃវប្បធម៌ធម្មជាតិ ដ៏ល្អរបស់យើងឱ្យបានគង់វង្ស ហើយត្រូវធានាឱ្យបានថា រាល់ការអភិវឌ្ឍ ការសាងសង់នូវសម្បទាទេសចរណ៍នៅក្នុងតំបន់អភិរក្ស តំបន់បេតិកភណ្ឌ តំបន់ការពារ ក៏ដូចជាតំបន់ឆ្នេរសមុទ្រត្រូវតែគោរពតាមគោលការណ៍ចីរភាព វប្បធម៌ប្រពៃណី និងបទដ្ឋានគតិយុត្តកំណត់ជាក់លាក់ ព្រមទាំងឆ្លើយតបនឹងការគិតគូរពីបរិស្ថាន និងបម្រែបម្រួលឤកាសធាតុ។
ទី៤ ទន្ទឹមនឹងការថែរក្សាបាននូវធនធានធម្មជាតិ វប្បធម៌ ភាពរួសរាយរាក់ទាក់នោះ ខ្ញុំក៏ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទាំងអស់គ្នា ដើម្បីយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» តាមរយៈការគាំទ្រឱ្យកាន់តែសកម្មក្នុងយុទ្ធនាការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ទី៥ ដើម្បីចូលរួមដល់ការបង្កើននូវឧត្តមភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ត្រូវបន្តខិតខំសហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តឱ្យកាន់តែខ្ពស់ថែមទៀត និងខិតខំចងក្រងនូវកញ្ចប់ខ្សែទស្សនកិច្ចតំបន់ ឱ្យកាន់តែច្រើនថែមទៀត ដោយធ្វើឱ្យកម្ពុជាក្លាយជាចំណុច «ស្នូលនៃទេសចរណ៍ក្នុងតំបន់»។ ក្នុងន័យនេះ ខ្ញុំសូមស្នើក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងដៃគូឯកជនបន្តជួយកម្ពុជាក្នុងការផ្សព្វផ្សាយការអភិវឌ្ឍន៍ទេសចរណ៍ ឱ្យកាន់តែខ្លាំងថែមទៀត និងជួយទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអឺរ៉ុប និងពិភពលោកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង។
ទី៦ ដើម្បីឱ្យកម្ពុជាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ទាមទារឱ្យមានការគិតគូរពីគុណភាព នៃសេវាកម្មទេសចរណ៍ ដែលតម្រូវឱ្យមានការគិតគូរពីស្តង់ដារបៃតងនៃសេវាកម្មនីមួយៗ និងធនធានមនុស្ស គ្រប់ គ្រាន់ និងប្រកបដោយសមត្ថភាពវិជ្ជាជីវៈ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា និងឯកឧត្តម មីរស៊ី កុងស៊ានទីនីស្កូ ប្រធានសភាទេសចរណ៍អឺរ៉ុបផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំសិក្សា និងបង្កើតស្តង់ដារសេវាទេសចរណ៍ថែមទៀតព្រមទាំងជួយ ពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាការសិក្សា និងស្រាវជ្រាវទេសចរណ៍ឱ្យទូលំទូលាយថែមទៀត ខណៈដែលវិស័យនេះកំពុងវិវត្តយ៉ាងលឿនក្នុងបរិការណ៍នៃសកលភារូបនីយកម្ម។
ជាថ្មីម្តងទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថាតាមរយៈជ័យលាភីដ៏មានតម្លៃនេះ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងផ្តល់សុខុមាលភាពល្អដល់ភ្ញៀវទេសចរ និងប្រជាជន និងជាគោលដៅទេសចរណ៍បៃតង ដ៏ទាក់ទាញជាមួយនឹងស្នាមញញឹមដ៏រួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជន ដែលយើងឤចនិយាយបានថា «កម្ពុជា៖ ជាព្រះរាជាណាចក្រប្រកបដោយស្នាមញញឹម» ចូលរួមកសាងកេរ្តិ៍ឈ្មោះ និងកិត្តិស័ព្ទ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ» លើឆាកអន្តរជាតិ។
ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរជ័យលាភី «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងការប្រកាស «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» ព្រមជាមួយពិធីប្រកាសចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ លើកទី ១» ខ្ញុំសូមជូនពរឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ នៃក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប សូមទទួលបានសិរីសួស្តី វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា និងអង្គពិធីទាំងមូលសូមប្រកប ដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕