ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រ ចំពោះនិស្សិត ថាសិស្សអញ្ចឹងទៅចុះ ដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មី សម្រាប់សាលាភូមិន្ទរដ្ឋបាលរបស់យើង។ ពិតជាមានការរីករាយណាស់ ដោយសារយើងបានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងជាមួយមន្ត្រីតែម្តង។
អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើចំពោះវឌ្ឍនភាពនៃសាលានេះ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំពេញអោយតម្រូវការនៃមន្ត្រីគ្រប់ទីកន្លែង ហើយជាពិសេសការធ្វើកម្មសិក្សាទំាងឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ចុះផ្សាយរឿងសមុទ្រចិនខាងត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះវាអត់មានពេលអង្គុយសរសេរ អញ្ចឹងវាមានតែដេកវ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់ថ្លែងសារច្រើននៅក្នុងក្របខណ្ឌជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថាមួយគឺប្រហែលជាមានតម្លៃ ដែលជាសាស្ត្រាចារ្យចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏ចែករំលែកទៅដល់អាស៊ាន និងបណ្តាប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ខ្ញុំព្រះករុណាខ្ញុំ មិនអាចនឹងមិនថ្លែងនៅក្នុងថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត ខេមបូឌាដេលី បានលើកឡើងថា «កម្ពុជាធ្វើអោយខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង» ដូច្នេះ បាឋកថាថ្ងៃនេះ គឺជាគោលជំហររបស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នកសរសេរទំាងឡាយ ទៅប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ទៅចិន និងទៅដៃគូដទៃទៀត។ ថ្ងៃនេះ ជាការល្អដែរ ដែលអគ្គរដ្ឋទូតជប៉ុនមកអង្គុយនៅទីនេះ។ ខ្ញុំត្រូវនិយាយអោយអស់ថ្ងៃនេះ។ បើមិនដូច្នេះ កម្ពុជាត្រូវគេបំពានម្តងហើយម្តងទៀត … យ៉ាងណាក៏ដោយ ដំបូងថ្លែងនូវការកោតសរសើដល់សាលា ហើយក៏ថ្លែងនូវការអបអរសាទរចំពោះជ័យលាភី ដែលបានទទួលនូវការបណ្តុះបណ្តាលគ្រប់កម្រិតទំាងអស់ និងមកពីគ្រប់ផ្នែក និងក៏សុំប្រកាសបើកនូវវគ្គសិក្សាថ្មី សម្រាប់កម្មសិក្សាថ្មី និងសិស្សថ្មីរបស់យើងផងដែរ។
សម្តេចសុំអភ័យទោសចំពោះការជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព
ខ្ញុំមិនភ្លេចធ្វើការសុំអភ័យទោសចំពោះប្រជាជននៅទូទំាងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអ្នកនៅក្រៅប្រទេស ដែលបានធ្វើការទិតៀនចំពោះខ្ញុំ ចំពោះការដែលខ្ញុំជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព។ ខ្ញុំទទួលយកកំហុសដោយការស្ម័គ្រចិត្តទំាងស្រុង។ ពិតមែនហើយ ការលើកឡើងនោះ បើទោះបីថា ខ្ញុំជិះតិច ជិះជិត ក៏ប៉ុន្តែខ្ញុំពិតជាមានការធ្វេសប្រហែស។ ខ្ញុំមិនបានគ្រោងជិះទេ។ តាមពិតចុះពីឡានភ្លាម ដើរតម្រង់ទៅរកម៉ូតូ ព្រោះមានមនុស្សប៉ុន្មាននាក់នៅគល់ស្ពាន … បើយើងគិតចំងាយជិះគឺត្រឹមប្រហែល ២៥០ ម៉ែត្រ តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសជាសាធារណៈ អំពីការខុសឆ្គងដែលខ្ញុំធ្វើការធ្វេសប្រហែសមិនបានពាក់មួកសុវត្ថិភាព មិនថាផ្លូវឆ្ងាយ ឬផ្លូវជិតទេ។ យើងជាអ្នកដឹកនំាប្រទេស យើងតែងតែណែនំាប្រជាពលរដ្ឋអោយពាក់មួកសុវត្ថិភាព ប៉ុន្តែបែរជាខ្លួនយើងមិនពាក់មួកសុវត្ថិភាព។ សូមកុំយកគំរូអាក្រក់នេះតាមខ្ញុំ «ពុតគ្រូកុំត្រាប់ ច្បាប់គ្រូអោយយក»។ អញ្ចឹងទេ អ្វីដែលខ្ញុំណែនំាអំពាវនាវអោយពាក់មួកសុវត្ថិភាព សុំពាក់ទំាងអស់គ្នា មិនថាជិះជិត ឬជិះឆ្ងាយ។ សូមអំពាវនាវប្រជាពលរដ្ឋទំាងអស់ ធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព។ ពិតមែនហើយ ខ្ញុំបានឆ្លើយតប (ចំពោះការ)ធ្វើ Comment ប៉ុន្តែខ្ញុំមិនបានថ្លែងជាសាធារណៈដូច្នេះទេ។ យើងត្រូវតែមានការទទួលខុសត្រូវ ហើយបើសិនជាប៉ូលីសមើលឃើញថា ហេ! ជិះម៉ូតូអត់ពាក់(មួកសុវត្ថិភាព) (ហើយធ្វើការ)ផាក(ពិន័យ) ក៏ខ្ញុំសុំស្ម័គ្រចិត្តបង់។ ឥឡូវ ខាងប៉ូលីស អោយខ្ញុំទៅបង់ទៅឯណា? … ផុសរូបជិះម៉ូតូស្អីៗ ហ្នឹង បាន ១៤ ម៉ឺន Likes, ៣៥០០ Comments ដល់អាជិះម៉ូតូតែម្តងបាន ១១៨០០០ Likes ហើយនិងមាន ១០២០០ Comments។ គេទិតៀនច្រើន ដោយសាររូបពីរហ្នឹង ផុស្ត Like បានជាង ២០ ម៉ឺន ធ្វើអោយ Total Page Like កាលពីម្សិលមួយថ្ងៃឡើងបាន ១ ម៉ឺនជាង … គេមិនដែលឃើញលោក ហ៊ុន សែន ជិះម៉ូតូ។ ពីដើមជិះរហូតហ្នឹង …។
ខួបលើកទី ២០ នៃការងើបបះបោរ
ឥឡូវជាមួយនឹងការសុំទោស ខ្ញុំក៏សុំនិយាយ ថ្ងៃនេះគឺ ជាខួបលើកទី ២០(ឆ្នំា) នៃការចាប់ផ្តើមផ្លាស់ប្តូររបស់ខ្ញុំ. ថ្ងៃនេះហើយ ដែលខ្ញុំងើបបះបោរប្រឆំាង ប៉ុល ពត កាលពី ៣៩ ឆ្នំាមុន។ ពេលវេលានេះ គឺជាពេលវេលាគ្រោះថ្នាក់ខ្លំាងណាស់។ ការធ្វើសេចក្តីសម្រេចខុសតែបន្តិច គឺនឹងនំាទៅដល់ការបាត់បង់ជីវិតខ្ញុំភ្លាមៗ អាចបាត់បង់ជីវិតទាហានរបស់ខ្ញុំ. បើពេលនោះខ្ញុំបញ្ជាកម្លំាង ដើម្បីវ៉ៃកាន់កាប់ស្រុកមេមត់ ស្រុកស្នួល … យើងអាចកាន់កាប់បានក្នុងក្របខណ្ឌមួយអាទិត្យ ប៉ុន្តែបន្ទាប់ពីនោះប្រហែលជាមិនមានមុខ ហ៊ុន សែន ទេ។ អញ្ចឹងយើងផ្លាស់ប្តូរវិធីតាមរយៈការដកកម្លំាងដោយស្ងាត់ស្ងៀមទៅវិញ។ ក្នុងវ័យ ២៥ ឆ្នំា ខ្ញុំមានការឈឺចាប់ (នឹង)ទុក្ខសោករបស់ប្រជាពលរដ្ឋ ដែល ប៉ុល ពត បានកាប់សំលាប់។ យើងមិនអាចអោបដៃឈរមើលបានទេ។ យើងក៏មិនអាចទ្រំាទ្រនូវការតស៊ូតាមរបៀបសំងាត់ ដែលខ្ញុំបានធ្វើតំាងពីឆ្នំា ១៩៧៥ តទៅទៀតបានដែរ។ អញ្ចឹងត្រូវតែមានការតស៊ូប្រដាប់អាវុធមួយ។ ជាភ័ព្វសំណាងមួយដែលយើងបានជួបជុំជាមួយកម្លំាងដទៃទៀត ដូចជាកម្លំាងនៅឦសាន កម្លំាងនៅកោះកុង កម្លំាងបូព៌ាទិសបះបោរឡើង យើងបង្កើតបានរណសិរ្សរំដោះប្រជាជន។ នៅពេលដែលខ្ញុំសរសេលិខិតទៅភរិយារបស់ខ្ញុំ ហើយផ្ញើតាមនីរសា ទឹកភ្នែកមិនដឹងស្រក់ពីណាមកទេ។ ថ្ងៃនេះ គឺជាថ្ងៃទឹកភ្នែក ប៉ុន្តែក៏ជាថ្ងៃដែល ហ៊ុន សែន មានវត្តមានជាមួយប្រជាពលរដ្ឋរហូតមកដល់ពេលនេះដែរ …។
បង្កើតអាហាររូបករណ៍សម្រាប់និស្សិតឯកទេសថ្នាក់វេជ្ជបណ្ឌិត
ថ្ងៃនេះ ខ្ញុំក៏សូមជំរាបថា ខ្ញុំសម្រេចបង្កើតនូវអាហារូបករណ៍សម្រាប់និស្សិតឯកទេសថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលប្រឡងជាប់លេខ ១ នៅសាលាវិទ្យាសាស្ត្រសុខាភិបាល។ ស្អែកនេះខ្ញុំជួបនិស្សិត ៤០ នាក់ ហើយចាប់អនុវត្តពីឆ្នំា ២០១៥ អ្នកដែលប្រឡង(ឆ្នំា) ២០១៤ ចូលរៀន(ឆ្នំា) ២០១៥ ដល់(ឆ្នំា) ២០១៨។ រៀនឯកទេសមានរយៈពេល ៤ ឆ្នំា។ ឆ្នំាទៅ ចូលរៀន ២០ នាក់ ឆ្នំានេះចូលរៀន ២០ នាក់អ្នកទៀត មិនមែន ១៥ នាក់ទេ។ ខ្ញុំនឹងជួបនិស្សិត ៤០ នាក់ (ដែល)ក្នុង ៤០ នាក់នេះ យើងត្រូវការលុយ ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយពួកគេ។ តម្លៃនៃការបង់ថ្លៃ សម្រាប់និស្សិតម្នាក់ ២២៥០ ដុល្លារ ប៉ុន្តែខ្ញុំនឹងផ្តល់អោយគេ ២៥០០(ដុល្លារ) ក្នុងមួយឆ្នំា។ ដោយសារតែខ្ញុំជួបផ្ទាល់ ខ្ញុំនឹងផ្តល់ ៥០០ (ដុល្លារ)ផ្សេងទៀត … នេះជាអាហារូបករណ៍ក្រុមគ្រួសាររបស់ខ្ញុំ។ យកឱកាសខួបលើកទី ៣០ នៃការប្តូរធាតុក្លាយខ្លួននៃមេដឹកនំាចលនាតស៊ូ ដើម្បីរំដោះប្រទេសជាតិ ដើម្បីបង្កើតនូវអាហារូបករណ៍នេះឡើង។ ហើយចាប់ផ្តើមអនុវត្តពីអ្នកដែលបានចូលរៀនឆ្នំា ២០១៥, ២០១៦ អញ្ចឹងមួយឆ្នំា ២០(នាក់)ៗ ព្រោះឯកទេស ២០(នាក់) មួយឯកទេស។ យកតែអ្នកដែលលេខ ១ ទេ ហើយបើអ្នកលេខ ១ មិនបានចូលរៀន អ្នកលេខ ២ អត់មានសិទ្ធិឡើងមកយកទេ។ … ប្រគល់អោយកូនប្រសាមួយកាន់កាប់ ព្រោះគេធ្លាប់រៀននៅហ្នឹងដែរ មុនពេលទៅរៀនបណ្ឌិតសុខភាពសាធារណៈ …។ ត្រូវពិភាក្សាជាមួយនិស្សិតត្រូវដាក់ឈ្មោះស្អី។ ដាក់ “អាហារូបករណ៍សម្តេចតេជោ សម្រាប់និស្សិតលេខ ១ ឯកទេសថ្នាក់វេជ្ជបណ្ឌិត”។ អត់យកថ្នាក់មធ្យម ថ្នាក់បឋមឯកទេសទេ។ … គោលដៅរបស់ខ្ញុំចង់ពង្រឹងអ្នកឯកទេស ក្នុងវិស័យសុខាភិបាល ដើម្បីអនាគតនៃប្រទេសរបស់យើង។ អាហ្នឹងបញ្ហាទី ២ ដែលសុំយកនិយាយមុន។
ប៉ុន្តែក៏មិនភ្លេចដែរយប់មិញ The Voice ជាប់ហើយ ថែល ថៃ។ គេធ្វើត្រឹមត្រូវរបស់គេ។ Page របស់ខ្ញុំ Live ផ្ទាល់។ អ្នកដែលនៅក្រៅស្រុក នៅឆ្ងាយរហូតដល់នៅតូក្យូក៏មើលតាម។ ប៉ុន្តែអ្នកខ្លះថា កុំផ្សាយពាណិជ្ជកម្មយូរពេក។ ចុះបើអានេះយើងផ្សាយតពីគេ បើមិនអោយផ្សាយពាណិជ្ជកម្មម៉េចកើត។ ហង្សមាសគេអោយសិទ្ធិ។ ហ្វេសប៊ុករបស់ខ្ញុំ វានឹងទៅជាហ្វេសប៊ុកផង វានឹងទៅជា Online ផង។ បន្តិចទៀតនឹងត្រូវហៅពួក The Voice សុំខ្ចីទំាងពួកពិធីករ ពិធីការនី ទំាងអ្នកជាប់ទំាងឡាយ ទៅសម្ភាសន៍ចេញពីស្ទូឌីយោហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។ ឥឡូវចាក់ចម្រៀងទៀត។ ខ្ញុំអត់មានជេរគ្នាតាមហ្វេសប៊ុកទេ។ ហ្វេសប៊ុករបស់ខ្ញុំជាហ្វេសប៊ុកសន្តិភាព អភិវឌ្ឍន៍ សប្បាយរីករាយ អត់មែនហ្វេសប៊ុកជេរទេ …។
មេធាវីលោក កឹម សុខា ចេះស្ទើរ
ហើយក៏ផ្តំាផ្ញើ មិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណាទេ។ ធ្វើកុំអោយតែខុសច្បាប់ទៅវាមិនដែលចូលគុកទេ។ ដល់ធ្វើខុសច្បាប់ ទោះបីទៅព្រះអង្គដងកើ ព្រះអង្គចេកព្រះអង្គចម ទៅប្រាសាទព្រះវិហារ ប្រាសាទអង្គវត្ត ទៅប្រាសាទឯណា ទៅដល់ព្រះឥន្ទ្រ ព្រះព្រហ្ម ក៏នូវតែជាប់គុកដែរ។ បើអត់ធ្វើអីខុស មិនចាំបាច់ទៅស្រោចទឹក ពាក់កថា កន្សែងយ័ន្តអីទេ។ ប៉ុន្តែ អាគមផ្សំអាយូសដែរ។ បើថាមុនមកប្រឡងអីអញ្ចឹងទៅ ទៅស្រោចទឹកអីបន្តិចទៅ ក៏បានដែរ។ ប៉ុន្តែ កុំតែទៅធ្វើខុសច្បាប់ គឺអត់មានទោសអីទេ។ វាមិនដែលអាណាគេចេះតែដើរចាប់មនុស្សអត់ទោសអត់ពៃរិ៍នោះទេ។ មុននឹងគេធ្វើអី គេមានមាត្រាក្នុងច្បាប់ណា … ហើយគេហាមទៀត ដូចថា អ្នកដែលជាប់ពន្ធនាគារ ទោសនេះត្រូវជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ បើពី ១ ខែទៅ ៦ ខែ ទោសនេះមិនបានឃុំឃាំងទេ។ អ្នកខ្លះយល់មិនបានអាហ្នឹង បានបង្កើតរឿង។ ទៅអោយគេសួរបន្តិចទៅ រួចហើយគេអោយមកវិញហើយ មានអាណាគេចាប់។ ដល់ទៅបង្កើតរឿងតូច ទៅជារឿងធំ។ មកពីស្អី? មកពីមេធាវីវាស្ទើរៗ។ មើលអាមាត្រា ៥៣៨ មើលវាមិនឃើញ។ កុំតែធ្វើខុសច្បាប់។ រួចហើយស្អីមកទារគណបក្សប្រជាជនចរចា។ គណបក្សប្រជាជនទៅចរចាជំនួសអោយតុលាការ? និយាយប្រាប់ទូតជប៉ុនថ្ងៃហ្នឹងទៅចុះ ខ្ញុំអត់មានការចរចាជាមួយអ្នកណាបានទេ។ សមត្ថកិច្ចអ្នកណា អ្នកនឹងធ្វើ។
សូមអោយមន្ត្រីធ្វើការទៅតាមច្បាប់ និងត្រូវមានការទទួលខុសត្រូវ
ឥឡូវខ្ញុំវិលមកមន្ត្រី។ ធ្វើមន្ត្រីគឺ ជាអ្នកបំរើរាស្ត្រមិនមែនចៅហ្វាយរាស្ត្រទេ។ ខ្ញុំអត់សុំអីច្រើនទេ ខ្ញុំសុំអោយមន្ត្រីទំាងអស់ ធ្វើការទៅតាមច្បាប់បានហើយ។ អស់លោករដ្ឋមន្ត្រីនានាក៏ធ្វើទៅតាមច្បាប់ … ច្បាប់ស្តីពីការបង្កើតស្ថាប័ន … រចនាសម្ព័ន្ធភារកិច្ចតួនាទី ត្រូវចែងក្នុងអនុក្រឹត្យ។ អញ្ចឹងមុខងារអស់លោករដ្ឋមន្ត្រី សុទ្ធតែមានចែងក្នុងអនុក្រឹត្យ។ បែងចែកភារកិច្ចអស់ហើយ។ ខ្ញុំបានសង្កេតមួយរយៈ មានរដ្ឋមន្ត្រីខ្លះ មានគំនិតផ្ដួចផ្ដើម ប៉ុន្តែយកមកអោយ ហ៊ុន សែន ប្រថាប់ត្រាចុងក្រោយដដែល។ អត់យកការទទួលខុសត្រូវ។ បន្តិតទៀត អស់លោកចាំមើលទៅ ខ្ញុំនឹងចារទម្លាក់ទៅវិញថា នេះជាសមត្ថកិច្ចរបស់ឯកឧត្តម …។
ប្រជាពលរដ្ឋស្រែករក ហ៊ុន សែន។ រូបថតខ្ញុំ និងប្រពន្ធខ្ញុំ លក់ដាច់ណាស់។ អ្នកណាក៏ត្រូវការ។ បក្សប្រឆាំងក៏ត្រូវការ។ រូបថតខ្លះ ខ្ញុំមិនដែលនឹងឃើញខ្លួនឯងផង ស្រាប់តែចេញមកពីអ្នកកាន់(ធ្វើ)បាតុកម្មវិញ។ អញ្ចឹងបើអស់លោកមេឃុំ អស់លោកចៅហ្វាយស្រុក អស់លោកចៅហ្វាយខេត្ត គ្រប់ទីកន្លែងធ្វើអោយត្រូវ បម្រើប្រជាពលរដ្ឋអោយបានល្អ អាហ្នឹងគឺវាអត់មានរឿងអីកើតឡើងទេ។ សុំយកការទទួលខុសត្រូវ ពាក្យខ្មែរមានន័យភ្ជាប់គ្នា «ទទួលខុស និងត្រូវ»។ សូមប្រយ័ត្នចំពោះមន្រ្តីដែលទទួលយកតែអាត្រូវ ខុសទម្លាក់អោយគេ។ មន្រ្តីបែបនេះ មិនចាំបាច់យកមកជិតខ្លួនទេ។ ដាក់អោយឆ្ងាយពីខ្លួនបន្ដិច។ យកទៅហ្វឹកហ្វឺនឡើងវិញ។ ចៀងវាងអោយបាននូវមន្រ្តីណាដែលមានបញ្ហាអ្វីកើតឡើង ទីមួយ បន្ទោសថ្នាក់ក្រោម និង ទីពីរ រាយការណ៍អោយថ្នាក់លើ។ មន្រ្តីបែបនេះមិនចាំបាច់ប្រើទេ។
ឆ្នាំ ១៩៨៣ បង្រៀនវិធីសាស្រ្តដឹកនាំ និងធ្វើការងារ – ផែនការ ចាត់តាំងអនុវត្ត និងកត្តាចៃដន្យ
កាលពីមុន ខ្ញុំជាសាស្រ្តាចារ្យសរសេរឯកសារ ហើយក៏ទៅបង្រៀនមន្រ្តីជាន់ខ្ពស់ អំពីវិធីសាស្រ្តដឹកនាំ និង ធ្វើការងារ (ដែលមាន)បីដំណាក់កាល។ ដំណាក់កាលទីមួយ៖ ដើម្បីធ្វើការងារបាននៅអង្គការ នៅស្ថាប័នមួយ ឬអង្គការចាត់តាំងមួយ ជាសង្គមស៊ីវិលក្ដី ជាបក្សនយោបាយក្ដី ឬស្អីក៏ដោយ ត្រូវតែមានផែនការច្បាស់លាស់។ តើផែនទីចង្អុលផ្លូវដែលយើងត្រូវទៅមុខនោះ ត្រូវធ្វើយ៉ាងម៉េច។ ត្រូវធ្វើផែនការអោយបាន បើគ្មានផែនការទេ មិនដឹងអ្នកណាត្រូវទៅខាងណា។ ធ្វើផែនការបាន ហើយផែនការនេះ ត្រូវគិតទៅដល់បរិយាកាសគ្រប់ទិដ្ឋភាព។ ដើម្បីរៀបចំផែនការល្អ។ កុំយកគំរូរបស់ប្រទេសដទៃ បែបគម្ពីរនិយម មកដាក់នៅក្នុងប្រទេសរបស់ខ្លួន ដែលមានសភាពការណ៍ខុសគ្នា វប្បធម៌ខុសគ្នា។ អ្នកខ្លះលើកឡើងថា របៀបអាមេរិកអញ្ចេះ របៀបបារាំងអញ្ចុះ។ តែខ្មែរវាផ្សេង។ យើងរៀនសូត្រដកពិសោធន៍ពីគេ។ ដូចជាយើងទៅជប៉ុន ក៏មានការរៀនសូត្រស្ដីអំពីបញ្ហាភូមិមួយផលិតផលមួយ។ យើងទៅកូរ៉េ ក៏យើងនិយាយអំពីបញ្ហាចលនាភូមិថ្មី ក៏ប៉ុន្តែចលនាភូមិថ្មីនៅកូរ៉េ និងចលនាភូមិមួយផលិតផលមួយនៅជប៉ុន វាខុសពីសភាពការណ៍នៅស្រុកខ្មែរ។ អញ្ចឹងយើងច្នៃយ៉ាងម៉េចដើម្បីធ្វើអោយត្រូវនឹងសភាពការណ៍នៅស្រុកខ្មែរ។ ការរៀបចំបានផែនការ ទើបនឹងសម្រេចបាន ៣០% នៃអ្វីដែលយើងត្រូវធ្វើ ប៉ុន្តែវាសំខាន់ណាស់ ព្រោះវាជាផែនទីចង្អុលផ្លូវសម្រាប់យើងទៅមុខ។ បក្សនយោបាយមួយ ឬក៏អង្គការចាត់តាំងមួយ ឬក៏ស្ថាប័នមួយ ដើម្បីជោគជ័យទៅបាន វាចំណុះទៅលើការរៀបចំផែនការ។ រាជរដ្ឋាភិបាលមួយដែលអាចជោគជ័យទៅបាន វាក៏ចំណុះទៅការរៀបចំក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្ត រៀបចំផែនការក្នុងការអនុវត្តនោះទេ។ ជាប្រចាំឆ្នាំ យើងតែងបានលើកឡើងនៅក្នុងក្របខណ្ឌនៃថវិកា ដើម្បីអនុវត្ត ហើយយើងមានផែនការ ៥ ឆ្នាំរំកិលទៀត ដើម្បីយើងពិនិត្យប្រចាំឆ្នាំ។
… ៣០% ជាជំហានបន្ត ត្រូវចាត់តាំងអនុវត្ត។ បើមានតែផែនការយកទៅដាក់ក្នុងថតតុ អត់ចាត់តាំងអនុវត្ត វាអត់មានន័យអីទាំងអស់។ អង្គុយធ្វើផែនការ ចង់ធ្វើ ៥ ឆ្នាំ រួចហើយក៏ធ្វើអីចេញទេ។ អញ្ចឹងត្រូវចាត់តាំងអនុវត្ត។ ផែនការដែលយើងបានដាក់ចេញនេះ អ្នកណាធ្វើអី ត្រូវការធនធានមនុស្សប៉ុន្មាន? ត្រូវការថវិកាប៉ុន្មាន? ត្រូវការស្អីប៉ុន្មាន? ត្រូវចាត់តាំងអនុវត្ត បើមិនចាត់តាំងអនុវត្តទេ ផែនការវានៅតែផែនការ វានៅតែលើក្រដាសហ្នឹង … ការចាត់តាំងអនុវត្ត ត្រូវហ្មត់ចត់។ ទ័ពចេញវ៉ៃក៏អញ្ចឹងដែរ ទ័ពចេញប្រតិបត្តិការ មេទ័ពណាទៅមុខព្រួញណា មេទ័ពណាទៅមុខព្រួញណា ហើយត្រៀមលក្ខណៈយ៉ាងម៉េច។ ធ្វើការងារក៏ដូចគ្នាដែរ។ ធ្វើស្ពានមួយ អ្នកណាត្រូវបុកគ្រឹះ អ្នកណារាវមីន អ្នកណាត្រូវធ្វើស្អី។ មានផែនការហើយបាន ៣០% ចាត់តាំងអនុវត្តក៏ទើបនឹងបាន ៣០% ទៀត អញ្ចឹងមានតែ ៦០% ទេ ដែលទើបនឹងសម្រេច។
… ៤០% ទៀត ស្អី? កត្តាចៃដន្យវានឹងលេចឡើងក្នុងពេលអនុវត្ត។ នេះហើយជាចំណុចសំខាន់នៃមន្រ្តី។ គ្មានផែនការណាមួយសុក្រឹត ១០០% ក្នុងពេលអនុវត្តទេ។ ខ្ញុំព្រះករុណខ្ញុំ មានពិសោធន៍ក្នុងជីវិតនេះជាងពាក់កណ្ដាលជីវិតទៅហើយ។ ។ ពេលទៅចរចា ក៏ដូចគ្នា។ គ្រោងច្រើនសេណារីយោ។ អត់មានគ្រោងមួយសេណារីយោទេ។ ប៉ាន់ស្មានទុកថា ដៃគូយើងលើកពីអី? កាលពីសម័យចរចា ដៃគូសម្ដេចព្រះ នរោត្តម សីហនុ លើកពីនេះ។ ដៃគូរបស់លោកតា សឺន សាន លើកពីនេះ។ ដៃគូខ្មែរក្រហម លើកពីនេះ។ សរុបមក លើកពីអញ្ចេះ បើគេលើកអានេះ យើងមានអានេះ។ សមរភូមិវាមានពីរ គឺ សមរភូមិការទូតនយោបាយ មេទៅមុខ កូននៅក្រោយ។ សមរភូមិយោធា កូនទាហានទៅមុខ មេនៅក្រោយ។ ខុសគ្នាកន្លែងហ្នឹង។ លើការជាក់ស្ដែង ប្រទេសទើបនឹងឆ្លងផុតគ្រោះរាំងស្ងួតអួសបន្លាយរយៈពេលស្ទើរតែកន្លះឆ្នាំ រហូតដល់ប្រជាជនខ្វះទឹកផឹក។ នោះហើយជាកត្តាចៃដន្យ ដែលយើងមិនបានត្រៀមទុក។ តើត្រូវដោះស្រាយរបៀបម៉េចដើម្បីសង្គ្រោះប្រជាជនកុំអោយខ្វះទឹក ស្លាប់ដោយសារអត់ទឹកផឹក? មិនថាប្រទេសទាំងមូលទេ អង្គភាពតូចមួយ ក៏សុទ្ធតែមានកត្តាចៃដន្យនឹងអាចកើត។ ខ្លួនយើងម្នាក់ៗ គ្រួសារនីមួយៗ សុទ្ធតែមានកត្តាចៃដន្យដែលនឹងលេចឡើង។ យើងមានបានត្រៀមទុកទេ ថាតើប៉ុន្មានថ្ងៃខាងមុខនេះ កូនយើងឈឺ ប្រពន្ធយើងឈឺ ឬក៏ក្រុមគ្រួសារណាមួយមានគ្រោះថ្នាក់។ នោះហើយជាកត្តាចៃដន្យដែលវានឹងកើតឡើង ជាបន្ទុកដល់ក្រុមគ្រួសារនីមួយៗ ដោះស្រាយ។
ចំណុចនេះហើយ វានឹងលេចឡើងនូវសមត្ថភាពរបស់មន្រ្តី។ មន្រ្តីដែលមិនគួរប្រើ គឺកត្តាចៃដន្យកើតឡើងភា្លម ទីមួយ បន្ទោសថ្នាក់ក្រោម, ទីពីរ រាយការណ៍អោយថ្នាក់លើ។ ពូកែខាងរាយការណ៍។ ត្រូវយកការទទួលខុសត្រូវដោះស្រាយនៅហ្នឹងកន្លែង។ ពិតមែនហើយ រាយការណ៍អោយខាងលើវាជាការចាំបាច់ ប៉ុន្តែមិនតម្រូវអោយខាងលើទៅធ្វើជំនួសទេ។ បើគង់តែអញ្ចឹងដដែល ចាត់តាំងអ្នកផ្សេងទៅ។ មេរៀនហ្នឹង ខ្ញុំសរសេរនៅឆ្នាំ ១៩៨៣ ហើយខ្ញុំក៏ជាសាស្រ្តាចារ្យ សម្រាប់វិធីសាស្រ្តដឹកនាំ និងធ្វើការងារអប់រំមន្រ្តីជាន់ខ្ពស់នៅពេលនោះ។ ខ្ញុំក៏បានរំលឹកស្ទើរតែរាល់ពេលបិទវគ្គថា រៀបចំផែនការ(ជា)ដំណាក់កាលទីមួយ, ដំណាក់កាលទីពីរ ចាត់តាំងអនុវត្ត បន្ទាប់ពីហ្នឹងទៅ (មានវិធីដោះស្រាយចំពោះ) កត្តាចៃដន្យ …។
មន្រ្តីជើង ១០, មន្រ្តីគ្រាប់ល្ពៅ
សុំធ្វើមន្រ្តីជើងពីរ កុំធ្វើមន្រ្តីជើង ១០។ ស្អីទៅមន្រ្តីជើង ១០? ជើងតុនោះ វាមាន ៤, ជើងកៅអី ៤ ហើយជើងយើង ២ ទៀត វាគ្រប់ ១០។ ត្រូវធ្វើមន្រ្តីជើងពីរ តែមន្រ្តីជើងពីរនេះ ខ្ញុំសង្កេតឃើញថា អ្នកខ្លះក៏ពូកែដើរដែរ។ ប៉ុន្តែដើរទៅណាមានកូននៅហ្នឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ រពឹសដៃទៅរកដីទៀត។ បង្កើតរឿង។ ជើងពីរនេះ ជើងទៅដោះស្រាយបញ្ហាអោយប្រជាជន មិនមែនទៅបង្កើតបញ្ហាទេ …។
សូមកុំធ្វើមន្រ្តីគ្រាប់ល្ពៅ។ ស្អីទៅមន្រ្តីគ្រាប់ល្ពៅ? ខ្ញុំធ្លាប់បាននិទានហើយរឿងហ្នឹង។ មន្រ្តីគ្រាប់ល្ពៅនេះ វាមានរឿងរបស់វា។ ព្រះរាជាចង់ដឹងមន្រ្តីរបស់ព្រះអង្គស្មោះត្រង់ ឬអត់? ព្រះអង្គស្ងោរគ្រាប់ល្ពៅ រួចហើយហៅមន្រ្តីនានាចូលអង្គប្រជុំ។ ប្រាប់មន្រ្តីនានាថា អស់លោកប្រជុំរួចហើយ ខ្ញុំមានគ្រាប់ល្ពៅ ដើម្បីអោយអស់លោកមហាមន្រ្តីយកទៅដាំ។ អ្នកខ្លះខំវេច ដើម្បីយកគ្រាប់ល្ពៅទៅដាំ។ ដឹងថា ចាប់ពីពេលដែលយកគ្រាប់ទៅ និងដល់ពេលនេះ ច្បាស់ជាល្ពៅហ្នឹងវាមានផ្លែផ្កាហើយ (ព្រះរាជា)ហៅត្រឡប់មកប្រជុំ។ (ព្រះរាជា)ក៏សួរ ម៉េចហើយអស់លោកមន្រ្តីនានា គ្រាប់ល្ពៅដែលយកទៅដាំហ្នឹង? មន្រ្តីប្រភេទទីមួយ គាត់ឆ្លើយ ផ្លែច្រើនណាស់។ ទូលបង្គំដឹកមក ប៉ុន្តែពួកការពារវាំង មិនអោយនាំចូល។ អញ្ចឹងព្រះរាជាព្រះតម្រិះថា អានេះមិនត្រឹមតែភូតអញទេ អានេះចង់សម្លាប់អ្នកការពារវាំងទៀត។ អាហ្នឹងហើយ គេហៅថា មន្រ្តីគ្រាប់ល្ពៅ ប្រភេទទីមួយ។ អាហ្នឹងត្រូវយកទៅបំបែកសាកសពដោយសេះ ៥ ឬយកអោយដំរីជាន់ បោះអោយក្រពើស៊ី (ដែល)សម័យនោះ មានគិតពីសិទ្ធិមនុស្សឯណា។ ហើយមន្រ្តីបែបហ្នឹង ជាមន្រ្តីដែលនាំគ្រោះថ្នាក់សម្បើមណាស់។ កាច់កុងគេ មួលបង្កាច់គេ។
មន្រ្តី(គ្រាប់ល្ពៅ) ប្រភេទទីពីរ៖ ខ្លះឆ្លើយថា ទូលបង្គំយកទៅហ្នឹង ក្មេងវាយកទៅបាត់។ ខ្លះថា ទូលបង្គំដាក់ទៅ កណ្ដុរវាពាំយកទៅបាត់ហើយ អត់បានដាំទេ។ យើងអត់ដឹងច្បាស់ថា គាត់ប្រហែលជាដឹងថា គ្រាប់ល្ពៅហ្នឹងសោ្ងរ ប៉ុន្តែគាត់មិនហ៊ាននិយាយត្រង់។ អញ្ចឹងមន្រ្តីប្រភេទទីពីរ នៅអាចកែបាន។ ដល់ប្រភេទទីបី នៅអង្គុយកៀនខាងនោះ (ឆ្លើយថា) ព្រះអើយ! ដាំម៉េចដុះ បើគ្រាប់ល្ពៅស្ងោររួចហើយ។ និយាយត្រង់ប្រាប់ស្ដេចតែម្ដង។ សរុបចុងក្រោយ ព្រះរាជាថា ឯងល្អ ឯងត្រង់ ហើយឯអ្នក(ថា)ដឹកល្ពៅមកនេះ យកទៅអោយដំរីជាន់ ឯចំពោះអស់លោកមន្រ្តីដែលថា យកទៅមិនបានដាំ កណ្ដុរពាំស្អីៗនេះ ត្រូវខិតខំកែខ្លួន។
មន្រ្តីទាំងអស់ត្រូវធ្វើការងារជាក្រុម ត្រូវសាមគ្គីភាព រួមសុខរួមទុក្ខ, ស្រឡាញ់គ្នា ស្រឡាញ់មួយជីវិត
ការធ្វើសកម្មភាពណាមួយរបស់មន្រ្តី (គប្បី)ធ្វើជាក្រុម។ យើងធ្វើដោយមានសាមគ្គីភាព យើងធ្វើដោយមានសមធម៌ យើងធ្វើដោយមានការសណ្ដោសប្រណីគ្នា។ មិនមែនប្រជាធិបតេយ្យអាស្រ័យបណ្ដាញ ឬប្រជាធិបតេយ្យអាស្រ័យមិត្តភក្ដិទេ។ ប៉ុន្តែ ធ្វើការងារត្រូវធ្វើជាក្រុម ត្រូវធ្វើដោយមានការទទួលខុសត្រូវរួមគ្នា។ ពាក្យថា «រួមសុខរួមទុក្ខ» គណបក្សប្រជាជនមានបទពិសោធន៍នៅជាមួយគ្នា ៣៧ ឆ្នាំជាង។ ម្សិលមិញ ខ្ញុំសុខចិត្ត។ ការលាគ្នាចុងក្រោយ។ បើទោះបីជាធ្វើនៅកោះកុង ហើយធ្វើនៅក្នុងដីថៃទៀតតាមសំណូមពររបស់ក្រុមគ្រួសារ ក៏ខ្ញុំនៅតែព្យាយាមដើម្បីជូនដំណើរចុងក្រោយចំពោះអ្នក ដែលយើងបានស្រឡាញ់រាប់អានគ្នា។ មិនមែនបានសេចក្ដីថា គាត់ឈប់ធ្វើការហើយ គាត់អស់មុខនាទីហើយ បែរជាគ្រាន់ជូនដំណើរចុងក្រោយ យើងធ្វេសប្រហែសមិនបានទេ។ ស្រឡាញ់គ្នា ស្រឡាញ់មួយជីវិត។
កុំប៉ែងជើងគ្នាអោយសោះ កុំក្ដិចត្រួយ។ អ្នកណាវិវត្តឈានឡើង រុញអោយឡើង។ យើងធ្វើការអោយហ្មត់ចត់។ យើងធ្វើកំណែទម្រង់មុខងារសាធារណៈ រដ្ឋបាលសាធារណៈបានល្អ នៅពេលដែលយើងបង្កើតនូវក្រសួងមុខងារសាធារណៈមួយឡើង។ ប៉ុន្តែក៏មានបញ្ហាដែលខ្ញុំបាននិយាយនៅក្នុងអង្គប្រជុំកាលពីបូកសរុបនោះ ហើយដែលឯកឧត្តម ពេជ្រ ប៊ុនធិន ស្នើឲ្យរដ្ឋមន្រ្តីនានាលើកសំណើឡើង។ យើងបានកែទម្រង់កាំ(ប្រាក់)។ ពីដើម ក្របខណ្ឌ គ មាន ៣០ កាំ ក្របខណ្ឌ ខ មាន ៣០ កាំ និង ក មាន ៣០ កាំ។ ២ ឆ្នាំ ឡើង ១ កាំ អញ្ចឹង ៣០ កាំ ត្រូវធ្វើការ ៦០ ឆ្នាំ ទើបឡើង ៣០ កាំរួច។ នរណាធ្វើមុខងារសាធារណៈរបៀបហ្នឹង។ អញ្ចឹង បានការគាំទ្រពីរដ្ឋមន្រ្តីទទួលបន្ទុកការងារនោះ ខ្ញុំដឹកនាំការកាត់បន្ថយ។ ក្របខណ្ឌ ឃ លុបចោលអស់ហើយ។ គ នៅសល់ ១០ កាំ, ខ នៅសល់ ១៤ កាំ, ក សល់ ១៤។ អញ្ចឹងឲ្យវាសមល្មម ២ ឆ្នាំ ត្រូវឡើងមួយថ្នាក់។ រដ្ឋមន្រ្តីនានាត្រូវប្រយ័ត្នប្រយែង។ មើលអាហ្នឹង ទោះបីសន្ទស្សន៍ប្រាក់វាតិចតួចក៏ដោយ ក៏ប៉ុន្តែ ការឡើងមួយកាំៗ អ្នកខាងក្រោមត្រូវការអាហ្នឹង។ ដល់ម៉ោងឡើងថ្នាក់ ត្រូវឡើងថ្នាក់ឲ្យគេណា កុំបានធ្វើរដ្ឋមន្រ្តីហើយ បែរជាភ្លេចគេនោះ។
២ សំណួរ ឲ្យប្រជាពលរដ្ឋពិចារណា
ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយរឿង ២។ សូមកុំជឿខ្ញុំព្រះករុណាខ្ញុំ សូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេស យកទៅពិចារណាចុះ តើសម្តី ហ៊ុន សែន វាយ៉ាងម៉េច? សូមអំពាវនាវចំពោះគណបក្សនយោបាយដទៃកុំយកដាក់ខ្លួន។ រឿងទី ១ គណបក្សនយោបាយខ្លះ ថា កំណត់អាណត្តិនាយករដ្ឋមន្រ្តីទៅ ដើម្បីយុវជនបានធ្វើនាយករដ្ឋមន្រ្តីបានច្រើន។ ឲ្យអ្នកក្រីក្របានធ្វើសមាជិកសភា។ ឥឡូវ តើអាចជឿបានឬទេ? ទៅឃោសនាទាក់ទាញយុវជនថា ធ្វើម៉េចឲ្យយុវជនក្រីក្របានធ្វើការធំដុំ ឬឈរជាតំណាងរាស្រ្ត រហូតដល់ធ្វើរដ្ឋមន្ត្រី។ ប៉ុន្តែ ដល់ពេលបោះឆ្នោត តម្រូវឲ្យបង់ប្រាក់ដើម្បីឈរឈ្មោះ។ អ្នកឈរលេខ ១ បង់ច្រើន អ្នកឈរលេខ ២ បង់ហូរហែចឹងទៅ។ សួរថា កូនអ្នកក្រមានលុយបង់ឬអត់? យើងសួរអញ្ចេះទៅវិញ។ បក្សនយោបាយនានា បក្សណាខ្តត បក្សហ្នឹងមានបញ្ហា។ បើសូវនៅឲ្យស្ងៀម។ ខ្ញុំគ្រាន់តែស្នើប្រជាជនពិចារណា តើវាអាចទៅជាការពិតបានទេ? កៅអីសភាកម្ពុជាមានតែ ១២៣ បម្រុង ១២៣ ទៀត តើយុវជនរាប់លាននាក់ហ្នឹង អាចធ្វើតំណាងរាស្រ្តបានដែរឬអត់? អាហ្នឹងទី ១។
ទី ២ តម្រូវឲ្យបង់ប្រាក់។ អ្នកឈរខ្ពស់ ដែលមានលទ្ធភាពជាប់ បង់លុយច្រើន។ អ្នកឈរទាប គឺបង់តាមទាប។ តើក្រមានលុយដើម្បីទៅធ្វើទេ? សូមឆ្លើយរកការពិតមួយ ស្វែងរកការពិតមួយ។ តថ្លៃគ្នាទាំងតឹក ទាំងផឹង លេខ ១ ជាប់ប៉ុន្មាន លេខ ២ ប៉ុន្មាន ហើយទាស់គ្នារឿងលំដាប់ហ្នឹង ពេលរៀបបេក្ខភាពម្តងៗ។ អញ្ចឹងតើកូនអ្នកក្រអាចមានលទ្ធភាពធ្វើតំណាងរាស្រ្តទេ? មានតែអ្នកមានលុយតែប៉ុណ្ណោះ ដែលអាចមានលទ្ធភាពឈរឈ្មោះ។ អ្នកដែលអត់លុយហើយ គឺលែងបានឈរហើយ។ មានអ្នកថ្មីចេញមុខ បានជាមានជម្លោះ។ កុំអាលជឿខ្ញុំ សូមប្រជាជនយកទៅពិចារណា យុវជនទូទាំងប្រទេសយកទៅពិចារណា តើពិតប្រាកដទេ ដែលគេមកសន្យាថា ក្មួយឯងប្រឹងធ្វើសកម្មភាពទៅនឹងបានធ្វើតំណាងរាស្រ្ត។ កុំភ្លេចថា អ្នកដែលបាននិយាយនោះ សូម្បីតែខ្លួនឯងហ្នឹង ក៏គ្មានលុយបង់ដែរ។ បោកតគ្នារហូត។ រហូតដល់ពេលកំណត់ពាក់កណ្តាលអាណត្តិ .. អ្នកនេះធ្វើ ២ ឆ្នាំកន្លះ អ្នកនោះធ្វើ ២ ឆ្នាំកន្លះ(ទៀត) (តែ)ដល់ទៅពេលវេលាដូរ អញមិនខ្ចីដូរ។ មិនខ្ចីលាលែង ទាស់គ្នាទៀត។ កុំអាលជឿខ្ញុំ សូមពិចារណា។ … ៣០០ កៅអី ទាំងបម្រុង ទាំងពេញសិទ្ធិ តើវាអាចស្រូបអស់មនុស្សរាប់លានទេ? ហ្នឹងទី ១។ ទី ២ តម្រូវឲ្យបង់លុយ តើកូនអ្នកក្រមានលុយបង់ទេ? សូម្បីតែលុយសម្រាប់រៀនគ្មានផង។ រាប់ម៉ឺនដុល្លារ។ (ជួនកាល) ៥ ម៉ឺន ឬ ៣ ម៉ឺន ឬ ២ ម៉ឺន។ គេចាប់ផ្តើមប្រកាសរកលុយតាំងពីឥឡូវហើយ …។
អ្នកណាស្រែកអ្នកនោះហើយ។ ប្រជាភិថុតនេះ ការបោកប្រាស់នេះ មិនគួរបក្សនយោបាយណាមកធ្វើនៅស្រុកខ្មែរទេ។ ល្មមចប់ហើយ។ ហ៊្វុនស៊ិនប៉ិច ងាប់ដោយសារស្អី? ដោយសារសន្យាហ្នឹងហើយ។ ចៅហ្វាយស្រុកហ្វ៊ុនស៊ិនប៉ិចក្នុងមួយស្រុក ១០ នាក់ ដល់តែមិនបានធ្វើចៅហ្វាយស្រុក ក៏មានការខឹងសម្បារ។ គណបក្សប្រជាជនមិនដែលសន្យាទេ។ មានលទ្ធភាព ដាក់ចូលធ្វើ។ ចំណុចទី ២ គេប្រកាសថា បើគេឈ្នះ គេទុកមន្រ្តីទាំងអស់ អត់មានការដោះដូរ ថែមទាំងតម្លើងប្រាក់ខែឲ្យខ្ពស់។ ជឿបានឬទេ? អញ្ចឹងអ្នកដែលខំជួយឃោសនានេះ ខ្លះទិញតំណែងទុកឲ្យហើយនៅក្រៅប្រទេស បញ្ជូនលុយមកក្នុង ដើម្បីពេលឈ្នះ អាចទៅធ្វើចៅហ្វាយខេត្តកំពង់ចាម ធ្វើរដ្ឋមន្រ្តីនេះ រដ្ឋលេខាធិការនោះ។ អ្នកនៅក្នុងប្រទេស បែងចែកខ្លះធ្វើអធិការស្រុក ខ្លះធ្វើស្នងការខេត្ត។ ចុះបើទុកមន្រ្តីសព្វថ្ងៃ ដែលគេកំពុងចោទថាពុករលួយ រំលោភសិទ្ធិមនុស្សឲ្យនៅ អញ្ចឹងវាមិននៅដដែល។ ទីមួយ មន្រ្តីដែលធ្លាប់រំលោភសិទ្ធិមនុស្ស ជាកងទ័ព ជានគរបាលដែលគេកំពុងជេររាល់ថ្ងៃថា រំលោភសិទ្ធិមនុស្ស ប៉ុន្តែ ទីពីរ អ្នកដែលប្រឹងប្រែងត្រៀមខ្លួនឡើងធ្វើចៅហ្វាយស្រុក ធ្វើមេទ័ព ធ្វើមេប៉ូលីស។ បានកន្លែងឯណា? ពិចារណាទៅ។ ឥឡូវគេប្រកាសថា ទុកមន្រ្តីទាំងអស់។ វានឹងកើតឡើងនូវចំណុច ២ ភ្លាម ទីមួយ អ្នកឯងកំពុងចោទថាមន្រ្តីទាំងនេះ ជាមន្រ្តីដែលធ្លាប់រំលោភសិទ្ធិមនុស្ស ហើយអ្នកឯងនៅរក្សាទុក ហើយតម្លើងប្រាក់ខែទៀត។ អ្នកដែលប្រឹងប្រែងចិញ្ចឹមអ្នកឯង កំពុងតែចលនា បញ្ជូនមនុស្សមកយាមកាមនៅភ្នំពេញ ដើរផ្តិតមេដៃអីហ្នឹង(យ៉ាងម៉េច?)។ រឿងផ្តិតមេដៃហ្នឹងមិនទាន់រួចខ្លួនទេ។ ម្នាក់ផ្តិត ៨២ មេដៃ។ ជាការប្រមាថព្រះមហាក្សត្រធ្ងន់ណាស់។ បោករាស្រ្តធំណាស់។ ចាំស្តាប់អ្នកឯកទេសសិន។ ខ្ញុំត្រូវបំពេញកាតព្វកិច្ចធ្វើម៉េចក្នុងឋានៈជានាយករដ្ឋមន្រ្តី មិនត្រូវបោកស្តេចតាមគេទេ។ ត្រូវធ្វើការស្រាវជ្រាវ។ ខ្ញុំធ្វើតាមច្បាប់។ សូមអ្នកការទូតនានា កុំថា ហ៊ុន សែន ប្រើប្រព័ន្ធតុលាការដើម្បីដោះស្រាយ។ បើមិនប្រើច្បាប់ តើប្រើអី? មានតែប្រើកាំភ្លើង? បើប្រើកាំភ្លើង រញ៉ីរញ៉ៃហើយ។
សូមកុំអាលជឿខ្ញុំ។ ពិចារណាសិន។ បងប្អូនអ្នកគាំទ្របក្សនយោបាយនានា។ … វាឡងត្រឡប់ទៅវិញ។ នៅបញ្ហាជាច្រើន។ មន្រ្តីក្នុងបក្សគេ ដែលខំចេញលុយ ចេញកម្លាំងមកធ្វើបាតុកម្ម ធ្វើនេះធ្វើនោះ ដើរឃោសនា ត្រៀមថាអញធ្វើចៅហ្វាយស្រុក អធិការប៉ូលីស អាហ្នឹងវាទៅណា? អ្វីដែលខ្ញុំចង់បាន ខ្ញុំមិនចង់ឲ្យជនជាតិកម្ពុជាត្រូវគេបោកប្រាស់ ហើយក៏មិនចង់ឲ្យអ្នកនយោបាយខ្មែរបន្តបោកប្រាស់គេនោះទេ។ ខ្ញុំធ្លាប់និយាយហើយ បើគេបោកបានម្តង គឺអ្នកបោកជាអ្នកខុស បើគេបោកបាន ២ ដង គឺអ្នកបោកនៅតែជាអ្នកខុស តែបើគេបោកលើកទី ៣ បាន អាហ្នឹងយើងជាអ្នកល្ងង់តែម្តង។ កុំបន្ទោសអ្នកបោក អ្នកបោកគឺជាបណ្ឌិត ដែលគួរតែឲ្យសញ្ញាបត្រជាន់ខ្ពស់ ព្រោះវាពូកែបោកមនុស្សបានដល់ទៅ ៣ ដង។
ព្រះតេជព្រះគុណ ខ្ញុំព្រះករុណាខ្ញុំ ក៏ស្តាប់ធម៌ទេសនាដែរ បើមិនសៅរ៍ ក៏អាទិត្យ ខ្ញុំព្រះករុណាខ្ញុំទៅវាយកូនគោល។ អញ្ចឹងត្រូវភ្ញាក់ពីម៉ោង ៥។ នៅនឹងតុបាយហ្នឹង ត្រូវមើលទូរទស្សន៍ ជួនកាល CTN ទៅ ជួនកាលហង្សមាសទៅ។ ខ្ញុំគ្រាន់តែលើកសំណួរ ២ ឲ្យប្រជាពលរដ្ឋពិចារណាពីឥឡូវ។ ទី ១ តើកូនអ្នកក្រមានលទ្ធភាពឈរជាតំណាងរាស្រ្តទេ បើបក្សនយោបាយខ្លះតម្រូវឲ្យបង់ប្រាក់ដើម្បីឈរឈ្មោះ តើគេអាចក្លាយទៅជាអ្នកតំណាងរាស្រ្តទេ? ហើយមានកន្លែងសម្រាប់មនុស្សដល់រាប់លាននាក់ ដើម្បីទៅអង្គុយនៅតំណាងរាស្រ្ត ឬកន្លែងរដ្ឋមន្រ្តីទាំងអស់គ្នាទេ? បើខេត្តមានតែ ២៥ ខេត្ត/រាជធានី ក្រសួងថាមាន ៣០ ក្រសួងទៅចុះ ឯកន្លែងនាយករដ្ឋមន្រ្តីមានតែមួយគត់ រួចថា កំណត់អាណត្តិទៅ ២ អាណត្តិ ដើម្បីឲ្យមនុស្សបានធ្វើច្រើនគ្រប់ៗគ្នា។ កំណត់ហ្នឹង គឺថាដើម្បីដេញខ្ញុំព្រះករុណាខ្ញុំ តែប៉ុណ្ណឹងទេ។ លើពិភពលោក អត់ទាន់មានប្រទេសណាមួយកំណត់អាណត្តិនាយករដ្ឋមន្រ្តីទេ។ ប្រធានាធិបតីគឺមាន។ ប៉ុន្តែ នាយករដ្ឋមន្ត្រី គឺអត់ទេ។ មូលហេតុអី? គឺចង់ដេញខ្ញុំព្រះករុណាខ្ញុំចេញ ហើយខ្ញុំព្រះករុណាខ្ញុំនេះ មនុស្សរឹងក្បាលណាស់ បើគេមិនដេញច ង់ទៅ បើគេដេញ អញនៅ។ ឈរ(ជាបេក្ខជន)ទៀត។
ប្រជាជនស្គាល់ ហ៊ុន សែន ជាងស្គាល់គណបក្សប្រជាជនកម្ពុជាផង
ប្រជាជនចង់ស្គាល់ឈ្មោះ ហ៊ុន សែន ជាងស្គាល់ឈ្មោះគណបក្សប្រជាជនផង។ ហៅឈ្មោះគណបក្សប្រជាជនមិនត្រូវផង ប៉ុន្តែ បើ ហ៊ុន សែន គឺច្បាស់ណាស់។ ម្សិលមិញ បងស្រីម្នាក់នៅកោះកុង កោកៗ គាត់អ្នកអូរឬស្សី គាត់ថា ត្រីឡើងថ្លៃ ក៏មាន ហ៊ុន សែន មក អង្ករឡើងថ្លៃ ក៏មាន ហ៊ុន សែន មក ហៅ ហ៊ុន សែន អញ្ចឹងតែម្តង។ ខ្ញុំមានទៅប្រកាន់អី។ គាត់លក់នៅផ្សារអូរឬស្សី។ ឥឡូវគាត់ទៅលក់នៅកោះកុង។ កាលហ្នឹង គាត់លក់ផ្ទះគាត់បានតែ ៥ តម្លឹង។ សម័យនោះ នរណាហ៊ានទិញផ្ទះ តែបើទុកដល់ឥឡូវនេះ ត្រូវប៉ាន់តែម្តង។ ប៉ុន្តែ បើទុកដល់ឥឡូវ គាត់អត់មានដើមទុនទៅរកស៊ីដែរ។ អញ្ចឹងបានខ្ញុំនិយាយថា រឿងចូលផ្សារនេះ រឿងជិះម៉ូតូនេះ រឿងច្រូតស្រូវ រឿងស្ទូងនេះ រឿងជីកប្រឡាយទឹកនេះ មិនមែនជារឿងថ្មីរបស់ ហ៊ុន សែន ឯណា គ្រាន់តែជំនាន់នោះ មិនទាន់មានហ្វេសប៊ុកបង្ហោះ។ ប៉ុន្តែ ឥឡូវពេលគេចាក់ចម្រៀង គេយករូបខ្ញុំចុះស្ទូងស្អីហ្នឹង ទៅចាក់ មើលតាម Page របស់ខ្ញុំហ្នឹង ជួនកាលគេដាក់ ១៥ បទ ហើយគេដាក់សកម្មភាពខ្ញុំជិះម៉ូតូ។ ពីដើម ជិះតែម៉ូតូហ្នឹង។
កម្ពុជា ប្រកាសជំហរពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង
ឥឡូវ ខ្ញុំចាប់ផ្តើមនិយាយពីនយោបាយក្រៅប្រទេស។ ថ្ងៃនេះ Cambodia Daily ផ្សាយថា មានការលើកឡើងថា កម្ពុជាធ្វើឲ្យខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង។ “… យោងតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា ប្រទេសកម្ពុជាបានជួយរួមចំណែកធ្វើឲ្យខូចសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ដោយខ្លួនធ្លាប់ទទួលបានជោគជ័យក្នុងការធ្វើឲ្យសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយបរាជ័យ នៅពេលដែលខ្លួនធ្វើជាប្រធានអាស៊ាន កាលពី ៤ ឆ្នាំមុន …”។ នេះជាការអានទាំងស្រុងនូវអត្ថបទរបស់ Cambodia daily ដែលចុះផ្សាយពីថ្ងៃមុន។
ឥឡូវខ្ញុំសុំនិយាយទៅកាន់ប្រជាជាតិទូទាំងប្រទេស ហើយក៏និយាយទៅកាន់មិត្តភក្តិជាដៃគូ នៅក្នុងក្របខណ្ឌអាស៊ាន។ ជំហររបស់កម្ពុជាតាំងពីដើមទី គឺប្រើប្រាស់យន្តការអាស៊ាន-ចិន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវនូវ DOC គឺសេចក្តីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូង ទី ១។ ទី ២ ខិតខំរវាង អាស៊ាន និងចិន ដើម្បីធ្វើឲ្យចេញនូវក្រមប្រតិបត្តិដែលអាចហៅថា COC។ ទី ៣ ប្រទេសដែលមានភាពទាក់ទងជាមួយគ្នាត្រូវដោះស្រាយជាមួយគ្នា។ អាស៊ានមិនអាចទៅវាស់ដីឲ្យបានទេ។ វាអយុត្តិធម៌ពេកហើយ សម្រាប់កម្ពុជា។ កម្ពុជា មិនមែនជាផ្នែកមួយនៃការបំផ្លា្ញញអាស៊ានទេ។ ដំបូង ខ្ញុំសុំនិយាយអំពីសារៈសំខាន់ នៃទំនាក់ទំនងរវាងចិន និងអាស៊ាន។
ទំនាក់ទំនងរវាងចិន និងអាស៊ាន មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូងទេ មានរាប់រយជំពូកដែលត្រូវ ពាក់ព័ន្ធជាមួយគ្នា។ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន ធំណាស់ ផ្តល់ផលប្រយោជន៍ឲ្យប្រទេសអាស៊ាន ច្រើនណាស់ ចិនជាទីផ្សារដ៏ធំរបស់អាស៊ាន។ ជម្លោះដែនដីរវាងប្រទេសពាក់ព័ន្ធ មិនមែនអាស៊ានចិនទេ។ ឆ្នាំ ២០១០ នៅពេលប្រជុំអាស៊ាន នៅទីក្រុងហាណូយ ហៅថាបាយការងារ ខ្ញុំបាននិយាយទៅកាន់ប្រមុខរដ្ឋាភិបាលអាស៊ានថា យើងអង្គុយតុជាមួយគ្នា ប៉ុន្តែយើងមិនបានទទួលទានម្ហូបដូចគ្នាទេ។ ខ្ញុំក៏បានបញ្ជាក់បន្ថែមថា មានប្រទេសដែលពាក់ព័ន្ធ និងមានប្រទេសដែលមិនពាក់ព័ន្ធ។ នេះវាជារឿងពិត។ សូម្បីពេលអគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម មកទស្សកិច្ចនៅកម្ពុជា … ខ្ញុំកំណត់យកគោលជំហរថាឬមួយដកចេញបញ្ហាសមុទ្រចិនខាងត្បូងចេញ ឬមួយអត់ចេញសេចក្តីថ្លែងការណ៍តែម្តង។ វៀតណាមខ្លួនឯង ក្នុងសេចក្តីថ្លែងការណ៍រួម ពេលអគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាមទៅទស្សនកិច្ចនៅប្រទេសចិន បាននិយាយថា តំបន់ណាដែលវាពាក់ព័ន្ធ និងទ្វេភាគី ដោះស្រាយដោយទ្វេភាគី តំបន់ណាដែលមានការពាក់ព័ន្ធពហុភាគី ត្រូវដោះស្រាយដោយពហុភាគី។ វៀតណាម និងចិន និយាយគ្នា(អីចឹង)។ … ខ្ញុំមិនអាចចេះតែគាំទ្រ ដោយមិនគិតពីយុត្តិធម៌ និងមិនគិតពីប្រទេសជាតិរបស់ខ្លួនទេ។ ប្រជុំនៅទីក្រុងភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ មិនរួចមិនមែនមកពីកម្ពុជាទេ មកពីគេធ្វើបាបកម្ពុជា។
ប្រទេសមួយឲ្យយើង ក្នុងឋានៈជាប្រធានអាស៊ាន ទទួលស្គាល់កោះមួយថា ជាកោះរបស់ប្រទេសខ្លួន ប្រទេសមួយទៀតមកស្នើឲ្យប្រធានអាស៊ានទទួលស្គាល់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ កម្ពុជាមិនមែនជាចៅក្រមកាត់សេចក្តីទេ។ ការសម្របសម្រួលរបស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីរក្សាសាមគ្គីភាព និងសុខដុមភាវូបនីយកម្មក្នុងទំនាក់ទំនងអាស៊ាន-ចិន ចាត់ទុកថាកម្ពុជាបានដើរតួនាទីដ៏ល្អ។ នាយករដ្ឋមន្រ្តី ២ របស់បារាំងសរសើរកម្ពុជា។ អ្នកខ្លះថា មកពីកម្ពុជាជិតចិនពេក ទើបចេញសេចក្តីថ្លែងការណ៍មិនបាន ឬក៏ធ្វើក្រមប្រតិបត្តិមិនបាន។ ប៉ុន្តែ ខ្ញុំសុំសួរបកត្រឡប់ទៅវិញ អ្នកធ្វើប្រធានអាស៊ានមុនកម្ពុជា រួមមាន វៀតណាម ២០១០ ឥណ្ឌូនេស៊ី ២០១១ តើធ្វើចេញឬអត់? ម៉េចក៏មិនធ្វើឲ្យចេញទៅ ឥឡូវ ថាឆ្នាំ ២០១២ កម្ពុជាធ្វើមិនចេញ ចុះ ២០១៣ ប្រ៊ុយណេ ២០១៤ មីយ៉ាន់ម៉ា ២០១៥ ម៉ាឡេស៊ី ម៉េចក៏ធ្វើមិនចេញ ឆ្លើយមក។ យើងជាប្រទេសតូច គេព្រហើន គេប្រមាថ។ ខ្ញុំមិនឲ្យអ្នកណាប្រមាថជាតិខ្មែរទេ។ ខ្ញុំអត់មានគាំទ្រអ្នកណា អីអ្នកណាទេ។ តែខ្ញុំសុំយុត្តិធម៌។ ខ្ញុំសុំឲ្យប្រទេសទាំងអស់អត់ធ្មត់កុំប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងនៅក្នុងសមុទ្រចិនខាងត្បូង ហើយរួមគ្នា ដើម្បីនឹងធ្វើក្រមប្រតិបត្តិ COC។ អ្វីដែលសំខាន់ជាងទៀត អំពាវនាវប្រទេសជាប់ពាក់ព័ន្ធ ចរចាគ្នា។ វៀតណាមចរចាជាមួយចិន ចិនចរចាជាមួយហ្វីលីពីន ហ្វីលីពីនចរចាជាមួយវៀតណាម។
ជាង ១ ខែ រួចមកហើយ មានអគ្គរដ្ឋទូតបរទេសមួយនៅស្រុកខ្មែរ មកជួបជាមួយខ្ញុំ។ ខ្ញុំជឿថា អគ្គរដ្ឋទូតប្រទេសនេះនៅគ្រប់ប្រទេស ដើរចលនាដូចគ្នាថា នៅពេលដែលតុលាការចេញសាលដីកា សុំឲ្យអាស៊ានមានសម្លេងតែមួយ គឺការគាំទ្រសេចក្តីសម្រេចរបស់តុលាការ។ អញ្ចឹងមាន ន័យថា គេបានទំនាក់ទំនងជាមួយនឹងតុលាការនោះរួចហើយ។ អញ្ចឹងតុលាការហ្នឹង ក៏មិនយុត្តិធម៌ដែរ។ ខ្ញុំនិយាយទុកមុនអញ្ចឹងតែម្តង។ ខ្ញុំសុំប្រកាសជំហររបស់កម្ពុជា មិនចូលរួមចេញសេចក្តីថ្លែងការណ៍ លើការគាំទ្រសេចក្តីសម្រេចរបស់តុលាការទេ។ ជាជម្លោះរវាងហ្វីលីពីនប្តឹងចិន។ អញ្ចឹងទុកឲ្យហ្វីលីពីនដោះស្រាយជាមួយគ្នាទៅ ម៉េចក៏ចាំបាច់មកឲ្យអាស៊ានគាំទ្រ។ ហើយរឿងអាស៊ានគាំទ្រហ្នឹងទៀត រឿងដែលគួរឲ្យសួរតុលាការមិនទាន់ដឹងបែរមុខទៅខាងណាផង មកស្នើឲ្យយើងគាំទ្រ។ កម្ពុជានឹងមានសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែក ខ្ញុំបានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន រួចហើយ។ ខ្ញុំហៅទូរស័ព្ទទៅ ប្រាក់ សុខុន កំពុងទស្សនកិច្ចនៅបាងកក ខ្ញុំប្រាប់ទៅបង ហោ ណាំហុង ថាព្រឹកនេះ ខ្ញុំត្រូវនិយាយ អំពីគោលជំហររបស់កម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង ព្រោះកុំឲ្យអ្នកដទៃ ឬអ្នកសារព័ត៌មាន អ្នកវិភាគចោទកម្ពុជា។
បើអញ្ចឹង (គេថា)កម្ពុជាអត់សាមគ្គីជាមួយអាស៊ានទេ។ ឥឡូវ ខ្ញុំសួរបកត្រឡប់ទៅវិញ តើពេលដែលហ្វីលីពីន ប្តឹងចិនទៅតុលាការ មានបានសួរអាស៊ាន ឬអត់? … ឥឡូវ ប្រធានាធិបតី(ហ្វីលីពីន)ថ្មី ជិតចូលកាន់ តំណែងហើយ។ គាត់ចង់ចរចាជាមួយចិន។ ខ្ញុំអត់ធ្មត់។ សុខចិត្តដកអគ្គរដ្ឋទូតមួយចេញទាំងឈឺចាប់។ ខ្ញុំចង់សួរទៅវិញ លោកឯងមកចុះហត្ថលេខានៅភ្នំពេញជាមួយខ្ញុំ មកធ្វើជាមួយគ្នា កំពុងតែប្រើប្រាស់យន្តការអាស៊ាន/ចិន លើបញ្ហា DOC ឆ្ពោះទៅ COC។ ដល់លោកឯងទៅតុលាការ លោកឯងមានបានសួរអាស៊ានថាត្រូវ ឬអត់? លោកឯងបានដើរចេញពីអាស៊ានទៅហើយ ដើរចេញពីយន្តការហ្នឹងទៅហើយ។ ទោះបីប្រទេសតូច និងក្រ តែកម្ពុជាមិនងងឹតងងល់ ធ្វើនយោបាយការបរទេសដោយមិនដឹងខ្យល់អីនោះទេ។ រឿងគេសោះ ដាក់កំហុសមកកម្ពុជា ធ្វើមើលតែកម្ពុជាជាអ្នកបំផ្លាញ។ ទទួលយកមិនបានទេ។ កម្ពុជាអត់ទៅចេញសេចក្តីថ្លែងការណ៍គាំទ្រតុលាការហ្នឹងទេ។ កម្ពុជាសុំតែ ៣ ចំណុច ដដែល ទី ១ បន្តអនុវត្តឲ្យម៉ឺងម៉ាត់នូវ DOC ទី ២ ខិតខំរួមគ្នារវាងអាស៊ាន-ចិន ដើម្បីធ្វើ COC ទី ៣ ប្រទេសដែលមានការពាក់ព័ន្ធជជែកពិភាក្សាគ្នា។
រឿងតុលាការទុកឲ្យគេដោះស្រាយគ្នាគេទៅ មិនមែនរឿងអាស៊ានទេ។ រឿងសមុទ្រចិនខាងត្បូងមិនមែនបញ្ហារវាងអាស៊ាន/ចិនទេ គឺជាបញ្ហាប្រទេសដែលពាក់ព័ន្ធទាមទារអធិបតេយ្យ។ សូមអញ្ជើញដោះស្រាយជាមួយគ្នាទៅ។ កាលដែលយើងមានរឿងជាមួយថៃ តើពួកគេមកគាំទ្រយើងទេ។ ខ្ញុំមិនបានទៅ ស្នើអាស៊ានឲ្យគាំទ្រសេចក្តីសម្រេចសាលដីកាតុលាការឡាអេ(ទេ)។ ហេតុអីបានគេមកបង្ខំយើង ហើយថែម ទាំងទំលាក់កំហុសមកឲ្យយើង។ ខ្ញុំទទួលយកមិនបាន។ ខ្ញុំតំណាងឲ្យជាតិខ្មែរ ទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំបានប្រាប់ ចន ឃែរី ដែលមកទស្សនកិច្ច ថាឯកឧត្តម កុំយកសាំងទៅចាក់លើភ្លើង យើងធ្វើម៉េចខិតខំឲ្យបញ្ហាទំនាក់ទំនងក្នុងតំបន់សមុទ្រចិនខាងត្បូង វាមានភាពត្រជាក់។ ឯកឧត្តក អគ្គរដ្ឋទូតជប៉ុននៅចាំ ពេលដែលខ្ញុំជួប អាបេ នៅកន្លែងគ្រោះមហន្តរាយ សិនដាយ ហើយជួបនៅតូក្យូ ក៏ខ្ញុំ និយាយអញ្ចឹងដែរ ថាយើងទាំងអស់គ្នា កុំយកសាំងចាក់លើភ្លើង កុំគាំទ្រម្ខាងទៅវ៉ៃម្ខាង។ ខ្ញុំមិនឲ្យអ្នកណា ទាញប្រទេសកម្ពុជាទៅប្រឆាំងជាមួយប្រទេសណាមួយផ្សេងទៀត។ ខ្ញុំសុំអព្យាក្រឹត្យ សុំយុត្តិធម៌ ហើយសុំកុំអ្នកណា ផ្តួចផ្តើមគំនិតធ្វើសេចក្តីថ្លែងការគាំទ្រនូវសាលដីកាតុលាការ ដែលមិនដឹងថា វាចេញមករបៀបម៉េច។ ទោះចេញបែបណាក៏ដោយក៏កម្ពុជាមិនចូលរួមគាំទ្រដែរ។ ចេញឲ្យចិនឈ្នះក៏មិនចូលរួម ចេញឲ្យហ្វីលីពីនឈ្នះក៏មិនចូលរួម។ មិនមែនជារឿងច្បាប់ គឺរឿងនយោបាយសុទ្ធសាធ …។
ឥឡូវថ្ងៃនេះ ធូរទ្រូងហើយ។ រដ្ឋមន្ត្រីការបរទេសថ្មី និងមន្ត្រី និងឧត្តមមន្រ្តីរបស់កម្ពុជាស្អីៗ ទៅនិយាយ ជំហរតែមួយទៅ ថាបន្ទាត់នយោបាយរបស់នាយករដ្ឋមន្រ្តីខ្ញុំគឺអញ្ចឹង … តែខ្ញុំធ្វើខុសពីហ្នឹង ត្រឡប់ទៅវិញគាត់ដកចេញ។ ធម្មតាទេអារឿងហ្នឹង ធ្វើខុសពីនាយករដ្ឋមន្រ្តីដកចេញភ្លាមហ្នឹង គ្មានទៅទុកទេ។ ស្អីឡើងបន្ទោសកម្ពុជា។ ពិនិត្យមើលតើគួរវ៉ៃគ្នា ឬអត់? បើវ៉ៃគ្នា អ្នកណាខូចខាត ដីគោក និងទឹកគឺវៀតណាម ជា មួយចិន។ បើវ៉ៃគ្នាអ្នកទាំងពីរខាតទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាម ដែលតាមខ្ញុំព្រះករុណាខ្ញុំដឹង ៣០ ពាន់លានដុល្លារ។ ធំណាស់។ ជាមួយយើងតែបីពាន់ប្រាំរយលានទេ។ ប៉ុន្តែ ចិនជាមួយវៀតណាម ប៉ុន្មានឆ្នាំមុន ៣០ ពាន់លាន។ ចិន និងវៀតណាមគាត់ត្រូវតែនៅជាមួយគ្នាគាត់ ដោះស្រាយដែនគោករួចហើយ ហើយទាំងចិន និងវៀតណាមសុទ្ធតែបាននិយាយគ្នា ដោះស្រាយជាមួយគ្នា គាត់នៅតែមានមិត្តភាពជាមួយគ្នា។ ហ្វីលីពីនជាមួយនឹងចិន កាលពីជំនាន់ប្រធានាធិបតី អារីយូ វាស្រួល។ ឥឡូវសង្ឃឹមថា ប្រធានាធិបតីថ្មីនឹងស្រួលជាមួយចិន ហើយសូមអំពាវនាវប្រទេសនៅក្រៅតំបន់ កុំលូកដៃចូលបញ្ហាសមុទ្រចិនខាងត្បូង ទុកឲ្យអ្នកជាប់ពាក់ព័ន្ធ គេដោះស្រាយជាមួយគ្នា។ វៀតណាម ចិន ស្រុះស្រួលដោះស្រាយជាមួយគ្នា សេចក្តីថ្លែងការណ៍រួមនៅក្រឡាញ។ កន្លែងណា(ត្រូវ)ដោះស្រាយទ្វេភាគីៗ កន្លែងណា(ត្រូវដោះស្រាយ)ពហុភាគីៗ។ គាត់មិនទាំងប្រើពាក្យអាស៊ានទៅទៀត។ ពហុភាគីគាត់ចង់និយាយថា កន្លែងហ្នឹងតំបន់ត្រួតគ្នារវាងវៀតណាម រវាងចិន រវាងហ្វីលីពីន រវាងម៉ាឡេស៊ី រវាងប្រ៊ុយណេ គាត់ជាប់គ្នា គាត់មិនប្រើភាសាអាស៊ាន-ចិនទេ។ អញ្ចឹងសង្ឃឹមថា មិត្តអាស៊ានដទៃ ទៀតនឹងយល់អំពីបញ្ហានេះ… ជំហរផ្លូវការរបស់កម្ពុជា បើទោះបីចេញមកអនុគ្រោះឲ្យអ្នកណា ក៏កម្ពុជាមិនចូលរួមចេញសេចក្តីថ្លែងការណ៍ដែរ ហើយកុំថា កម្ពុជាបិទផ្លូវឈាម។ … រឿងវាអញ្ចឹង។ អ្នកឯងយកទៅគិតទៅ។ យកសំដីខ្ញុំទៅគិតទៅ។ អ្នកឯងសរសេរវ៉ៃមកទៀត។ កម្ពុជាអត់មានអីខាតបង់លើសពីឆ្នាំ ២០១២ ទេ។ … កម្ពុជាសូមបញ្ជាក់ជំហររបស់ខ្លួនឲ្យច្បាស់។ កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណាទេ។ ជម្លោះរវាងវៀតណាម-ចិន ត្រូវដោះស្រាយរវាងវៀតណាម-ចិន។ ជម្លោះរវាងចិន ជាមួយហ្វីលីពីន ដោះស្រាយរវាងចិន និងហ្វីលីពីន។ វៀតណាម និងហ្វីលីពីនក៏មានពាក់ព័ន្ធជាមួយគ្នា ដោះស្រាយជាមួយគ្នាទៅ។
កម្ពុជាមានឯករាជ្យ ហើយមិនធ្វើជាអាយ៉ងរបស់អ្នកណាទាំងអស់
កាលដែលខ្ញុំមានបញ្ហា ក៏ខ្ញុំដោះជាមួយថៃដែរ។ ខ្ញុំមិនបានទៅរំខានអាស៊ានទេ។ មិនមែនខឹងទេ ប៉ុន្តែកុំឲ្យប្រមាថកម្ពុជា ហើយអ្នកឯងយកទៅចម្លងមួយម៉ាត់ម្តងៗ ហើយគូសពីក្រោមទៅសំដីលោក ហ៊ុន សែន។ ខ្ញុំគិតថា គ្រប់ប្រទេសទាំងអស់ យកទៅហើយថ្ងៃហ្នឹង ហើយគូសពីក្រោមទៀត ទាំងចិនក៏គូស ទាំងប្រទេសនានាក្នុងតំបន់ ក្រៅតំបន់ក៏គូស។ … ការលើកឡើងថា កម្ពុជាបានធ្វើឲ្យខូចកិច្ចប្រជុំអាស៊ាន មួយទៀតទាក់ទិននឹងសមុទ្រចិនខាងត្បូង មានន័យថា យើងជាអ្នកបំផ្លាញសុទ្ធ។ អញ្ចឹងអត់អីទេ អ្នកឯងប្រើទៀតក៏បាន តែអ្នកឯងត្រូវទទួលស្គាល់តួនាទីមួយឲ្យច្បាស់ កម្ពុជាបានធ្វើឲ្យមានការស្ងប់ស្ងាត់ កុំឲ្យជម្លោះវារីករាលដាលរវាងប្រទេសអាស៊ានមួយចំនួនជាមួយនឹងចិន។ កម្ពុជាបានខិតខំរក្សារវាងទំនាក់ទំនងអាស៊ាន-ចិន ដែលជាផលប្រយោជន៍រួម។ កម្ពុជាបានដើរតួនាទីរក្សាស្ថេរភាពក្នុងតំបន់ ធ្វើឲ្យមានទំនាក់ទំនងល្អប្រសើររវាងអាស៊ាន-ចិន អ្នកឯងត្រូវយល់តួនាទី។ បើសិនជាកម្ពុជាចង់ដុត គឺកម្ពុជានឹងធ្វើតាមការស្នើសុំរបស់ប្រទេសពីរ មួយតំបន់សេដ្ឋកិច្ចផ្តាច់មុខ មួយ(ទៀតពី)កោះ។ ពេលនោះភាពតាងតឹងកើតឡើងហើយ ដោយសារប្រធានអាស៊ានហ្នឹងតែម្តង។ កម្ពុជាជាប្រទេសតូចមួយ ប៉ុន្តែកម្ពុជាជាប្រទេសឯករាជ្យ និងមានខួរក្បាលនយោបាយក្នុងប្រទេស និងក្រៅប្រទេសជាក់លាក់។
កម្ពុជាសំណូមពរដោយទទូច ភាគីដែលមានការពាក់ព័ន្ធអត់ធ្មត់ កុំប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងលើបញ្ហាសមុទ្រចិនខាងត្បូង ត្រូវអនុវត្តឲ្យពេញលេញស្មារតីនៃសេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង DOC។ អំពាវនាវឲ្យខិតខំរួមគ្នារវាងអាស៊ានជាមួយចិន ដើម្បីដាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ កម្ពុជាអំពាវនាវឲ្យប្រទេសពាក់ព័ន្ធធ្វើការចរចាដោះស្រាយជាមួយគ្នាដោយសន្តិវិធី។ អាស៊ានមិនអាចដោះស្រាយជំនួសបានទេ។ ផលប្រយោជន៍ក្នុងទំនាក់ទំនងអាស៊ាន-ចិនធំ ហើយមិនមែនមាន តែបញ្ហាសមុទ្រចិនខាងត្បូងទេ មានច្រើនរឿងរ៉ាវរាប់រយ។ ត្រូវបង្កើនទំនួលទុកចិត្តពីបណ្តាភាគីពាក់ព័ន្ធ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែល្អ ពង្រីកទំហំពាណិជ្ជកម្មវិនិយោគ តភ្ជាប់នៅក្នុងវិថីមួយខ្សែក្រវាត់មួយ និងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១ ស្តារឡើងដោយចិន ដែលវាផ្តល់ផលប្រយោជន៍ទូលំទូលាយសម្រាប់បណ្តាប្រទេសនៅជិតខាង។ កម្ពុជាឯករាជ្យ កម្ពុជាមិនធ្វើអាយ៉ងអ្នកណាទាំងអស់ តែកម្ពុជាសុំតែយុត្តិធម៌ សូមឲ្យដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី។ ខ្ញុំមិនគួរនិយាយទេ ក៏ប៉ុន្តែវាហួសហេតុពេក។ អាថ៌កំបាំងស្អី ឥឡូវតុលាការមិនដឹងចេញទៅមុខទៅក្រោយណាផង មកបបួលយើងឲ្យចេញ សេចក្តីថ្លែងការណ៍គាំទ្របាត់ទៅហើយ។ … យើងអត់ត្រូវការទៅទាស់ជាមួយអ្នកណាទេ ក៏ប៉ុន្តែសូមកុំឲ្យហួសហេតុពេក។ សរសេរដល់ថ្នាក់ប៉ុណ្ណឹងពេក។ សុទ្ធតែអ្នកការទូត។ សូមមិនបញ្ចេញឈ្មោះ កម្ពុជា និងឡាវជាអ្នកបំផ្លាញ។ ហើយជាពិសេសដាក់ធ្ងន់ជាងគេកម្ពុជាតែម្តង។ កាលណាគេនិយាយដល់សមុទ្រចិនខាងត្បូង គេមើលមុខ ហ៊ុន សែន ហើយ …។
កត្តាបួនដែលនាំមកកម្ពុជាចូលជាសមាជិកអាស៊ាន
ខ្ញុំសូមបញ្ជាក់ឡើងវិញ។ ហេតុអីបានជា ហ៊ុន សែន ប្រឹងម្ល៉េះក្នុងការចូលអាស៊ាន។ មានកត្តាបួន។ អាហ្នឹងដូចបាឋកថាមួយឲ្យដឹងទៀត។ ទីមួយ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ នេះជាបញ្ហាធំណាស់សម្រាប់យើង។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាចំណុចទាក់ទាញមួយដែលនាំកម្ពុជាចូលទៅក្នុងក្របខណ្ឌអាស៊ាន ព្រោះយើងនៅក្នុងចន្លោះប្រទេសអាស៊ានធំៗពីរ វៀតណាមម្ខាង ថៃម្ខាង បើយើងនៅតែឯង គឺជាប្រទេសឯកោ។ ទីពីរ ស្មារតីសហគមន៍ ស្អីទៅស្មារតីសហគមន៍? គឺអាស៊ានធ្វើការតាមកុងសង់ស៊ីស មិនថាប្រទេសមាន មិនថាប្រទេសក្រ មិនថាប្រទេសធំ មិនថាប្រទេសតូច សម្លេងស្មើគ្នាទាំងអស់។ ចំណុចនេះ ល្អណាស់។ ខ្ញុំបានតស៊ូមិនឲ្យមានការបោះឆ្នោតក្នុងអាស៊ាន ដើម្បីក្នុងពេលកសាងធម្មនុញ្ញអាស៊ាន ហើយដែលសម្រេចនៅសេប៊ូ ប្រទេសហ្វីលីពីន។ ពេលហ្នឹងចង់ឲ្យមានការបោះឆ្នោត។ ខ្ញុំថាអត់បានទេ។ តែបោះឆ្នោតមានសម្លេងភាគច្រើនភាគតិចហើយ។ វានឹងបែកបាក់។ ដូច្នេះ ត្រូវរក្សាគោលការណ៍កូសង់ស៊ីសតទៅទៀត។ ទីបី កម្ពុជានឹងទទួលផលប្រយោជន៍ពីសមាហរណកម្មអាស៊ាន ទាក់ទងនឹងការកសាងសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការតភ្ជាប់ ឯទីបួន វាជាច្រកចេញការទូតដ៏ធំរបស់កម្ពុជា ដោយសារអាស៊ានមានដៃគូច្រើន អាស៊ានបូកមួយ អាស៊ានបូកបី អាស៊ានអាស៊ីអឺរ៉ុប អាស៊ាន UN។ នេះជាគំនិតផ្តួចផ្តើមរបស់ ហ៊ុន សែន។ មិនមែនចូលទាំងងងឹតងងុលទេ។ កត្តាបួននេះល្មមគ្រប់គ្រាន់ហើយ ដើម្បីយល់ថា កម្ពុជាមានការចាំបាច់ចូលអាស៊ាន ព្រោះចូលអាស៊ានក្នុងដំណាក់កាលរបស់ខ្ញុំ ដឹកនាំប្រទេស ចូល WTO ក្នុងដំណាក់កាលរបស់ខ្ញុំ ចូលអាស៊ីអឺរ៉ុបក្នុងដំណាក់កាលរបស់ខ្ញុំ …៕