[ចាប់ផ្តើមអត្ថាធិប្បាយ]
សរសើរកុមារចូលរួមដោយស្ងប់ស្ងាត់ តែសប្បាយរីករាយ ស្តាប់សេចក្តីថ្លែងការណ៍
មុននឹងចាប់ផ្តើមកម្មវិធី ដោយសារតែក្មួយៗ ចៅៗ មាឌល្អិតៗពេក មើលពីលើទៅ ឃើញតែកៅអី អញ្ចឹងសូមចៅៗ ងើបឈរឡើងទាំងអស់គ្នា។ ដោយសារថ្ងៃនេះ គឺជាថ្ងៃបុណ្យរបស់យើងទាំងអស់គ្នា សូមចៅៗស្រែក តាមតា។ ទីមួយ «សូមកុំធ្វើបាបខ្ញុំ» (២ ដង) «សូមកុំប្រើប្រាស់គ្រឿងញៀន» (២ ដង) «ខ្ញុំនឹងប្រឹងឲ្យទៅជាមនុស្សល្អ» ទះដៃមួយ។
ការពិតទៅ ថ្ងៃនេះ គឺជាថ្ងៃដែលយើងធ្វើពិធី ២ គួបផ្សំគ្នា៖ ទី ១ ទិវាអន្តរជាតិ ១ មិថុនា និងទី ២ ខួបទី ១៥ នៃទិវាពិភពលោកប្រឆាំងនឹងកុមារ ១២ មិថុនា ហើយត្រូវធ្វើថ្ងៃស្អែកឯណោះទេ ប៉ុន្តែ ដោយសារថ្ងៃស្អែក តា យាយ ត្រូវចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន និងទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដូច្នេះ បានជាជ្រើសរើសថ្ងៃនេះ ដើម្បីជួបជុំអបអរសាទរទិវាទាំង ២ នេះតែម្តង។
ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលកុមាររាប់ពាន់នាក់នៅទីនេះ បានស្ងាត់ស្ងៀម ហើយស្តាប់នូវសេចក្តីថ្លែងការណ៍នានា មានសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត្រ ក៏ដូចជាលោកជំទាវតំនាង UNICEF និងតំណាងកុមារខ្លួនឯងអម្បាញ់មិញ។ កាលពីប៉ុន្មាន ៥០ ឆ្នាំ មុននោះ ខ្លួនតាផ្ទាល់ធ្លាប់បានស្តាប់ចាស់ៗ និយាយថា ពេលអញងាប់ទៅ កុំយកទៅកប់ក្បែរក្មេង ដោយសារគាត់គិតថា ក្មេងៗគឺចូលចិត្តប្រឡែងគ្នា អញ្ចឹងទេ គាត់ភ្លេចគិតថា មុននឹងគាត់ដល់វ័យចំណាស់ គឺគាត់ឆ្លងកាត់ជាវ័យកុមារដូចគ្នាដែរ។ សព្វថ្ងៃនេះ យើងមានចៅរហូតទៅដល់ ១៧ កន្លះ ប៉ុន្តែ មានតែ ៥ មកលេង គឺចាប់ផ្តើមចាប់មិនឈ្នះហើយ។ ដូចចាប់ក្តាមដាក់ចង្អេរអញ្ចឹង។ ប៉ុន្តែ ថ្ងៃនេះ ជាភ័ព្វសំណាងល្អ ដែលចៅៗ មកជួបជុំគ្នានៅទីនេះ នៅក្នុងបរិយាកាសមួយស្ងាត់ស្ងៀម ប៉ុន្តែ ពោរពេញទៅដោយការរីករាយ។
[ចប់អត្ថាធិប្បាយ]
– ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ
– លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារា កុមារីទាំងអស់ ជាទីស្រឡាញ់ !
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងឱកាស អបអរសាទរខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន» និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម» ដែលត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ស្ថាប័ន, ឤជ្ញាធរពាក់ព័ន្ធ, អង្គការជាតិ អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍនានា ដែលបានសហការរៀបចំទិវានេះឡើង ដោយបានបង្កលក្ខណៈគ្រប់យ៉ាងកាន់តែអំណោយផលដល់កុមារ មកពីមជ្ឈដ្ឋាននានា ឱ្យមានឱកាសបានចូលរួមសប្បាយរីករាយនាពិធីនេះ និងបានស្វែងយល់ពីគោលនយោបាយ, វិធានការការងារពាក់ព័ន្ធការលើកកម្ពស់សុខុមាលភាពកុមារ និង កាលានុវត្តភាពនានាសម្រាប់កុមារ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញ នូវការស្រឡាញ់ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារនៅកម្ពុជា ។
ពិតណាស់ថា ការយកចិត្តទុកដាក់ចំពោះកុមារ មិនមែនជាកិច្ចការថ្មីដែលយើងទើបចាប់ផ្តើមនាថ្ងៃនេះនោះទេ ជាក់ស្តែង កិច្ចការនេះ គឺកម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់អនុវត្តតាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ដែលបានធ្វើឱ្យកុមារកម្ពុជាត្រូវបានការពារ, ទទួលបានការឧបត្ថម្ភគាំទ្រ, ចិញ្ចឹមបីបាច់ថែរក្សា ហើយសិទ្ធិរបស់កុមារត្រូវបានលើកតម្កើងជាបន្តបន្ទាប់។
ជាមួយនេះ យើងពិតជាមិនឤចបំភ្លេចបានទេ នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជន និងកុមារកម្ពុជា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចខ្ទេចខ្ទីស្ទើរគ្មានសល់។ នៅពេលនោះ កុមារកម្ពុជាជាច្រើនបានស្លាប់ដោយសារកង្វះឤហារ និងគ្មានថ្នាំព្យាបាល, កុមារខ្លះទៀតរស់នៅដោយក្តីលំបាកវេទនា ទាំងផ្លូវកាយ ផ្លូវចិត្ត, ញ្រត់ប្រាស់ឪពុកម្តាយ, រងការធ្វើទារុណកម្ម, អំពើហិង្សា និងបង្ខំឱ្យធ្វើការដូចជាទាសករ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាត្រូវបានរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ហើយបានខិតខំកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ។ ព្រមជាមួយនេះ សិទ្ធិរបស់ប្រជាជន ពិសេសសិទ្ធិរបស់កុមារកម្ពុជាត្រូវបានលើកកម្ពស់ និងត្រូវបានគិតគូរដោយការយកចិត្តទុកដាក់ខ្ពស់។
យ៉ាងណាម៉ិញ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារក្នុងរយៈកាលជាង ៣០ ឆ្នាំកន្លងទៅនេះ បានបង្កលក្ខណៈធ្វើឱ្យយុវជនជំនាន់ក្រោយៗនេះ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្របរិញ្ញាបត្ររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ, មានឱកាសការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ ហើយបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ ហើយនឹងឤចរួមចំណែកកាត់បន្ថយអត្រា នៃភាពក្រីក្ររបស់ប្រជាជនជាង ១% ក្នុងមួយឆ្នាំ។
[ចាប់ផ្តើមអត្ថាធិប្បាយ]
បើមិនបានយកចិត្តទុកដាក់លើកុមារ ប្រហែលជាមិនមានកំណើនប្រជាជនដល់ជិត ១៥ លាននាក់ទេ
យើងត្រូវមើលឲ្យឃើញថា ប្រសិនបើមិនបានយកចិត្តទុកដាក់កុមារ នៅក្រោយពេលរំដោះឆ្នាំ ១៩៧៩ ជាពិសេស ក្នុងទសវត្សរ៍ ៨០ តើមកដល់ពេលនេះ មានមនុស្សឯណាដែលបានកើនឡើងពីចំនួន ក្នុងរង្វង់ ៥ លាននាក់ ឡើងទៅដល់ ១៥ លាននាក់ បូកបន្ថែមដោយបញ្ញាវ័ន្តជាច្រើនដែលបានចេញពីមហាវិទ្យាល័យក្នុង និងក្រៅប្រទេស។ នេះជាការយកចិត្តទុកដាក់របស់យើងតាំងពីដើមរៀងមក។
[ចប់អត្ថាធិប្បាយ]
ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារទាំងអស់ !
ពាក់ព័ន្ធនឹងប្រធានបទ ទិវាកុមារកម្ពុជា ១ មិថុនា ឆ្នាំនេះ គឺ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់ គ្រឿងញៀន» ដែលជារួមយើងបានដឹងហើយថា បញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស, ផលប្រយោជន៍សង្គម និងសុខុមាលភាពប្រជាជន ជាពិសេសកុមារ។ លើសពីនេះទៀត បញ្ហានេះបានធ្វើឱ្យចុះខ្សោយនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកុមារត្រូវការដើម្បីរស់រានមានជីវិត ប្រកបដោយសុខុមាលភាព, ប្រាជ្ញាវៀងវៃ និងផលិតភាពខ្ពស់ និងជាការរំលោភបំពានទៅលើសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារផងដែរ។
ដោយឡែក ឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀន កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១២ និងអនុក្រឹត្យលេខ ១៦២ ស្តីពីការបង្កើតមណ្ឌលជាតិព្យាបាល និង ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឆ្នាំ ២០១០ ហើយទន្ទឹមនោះ ឤជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏តែងបានធ្វើការអប់រំ, ផ្សព្វផ្សាយ, បង្ការទប់ស្កាត់, ការស្តារនីតិសម្បទា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានប្រឹងប្រែងអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងខ្លាំងក្លា។
ចំពោះប្រធានបទ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា គឺ «រួមគ្នាបញ្ចប់ពលកម្មកុមារក្នុងចង្វាក់ ផលិតកម្ម» ដែលបញ្ហានេះ កន្លងមករាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែងអនុវត្តការងារ ដោយផ្អែកលើគោលការណ៍ចម្បង ៣ គឺ៖ (១) ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មកុមារទៅក្នុងសង្គម (២) កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី និងកុមារ និង (៣) លើកកម្ពស់ការងារសមរម្យ និង សុវត្ថិភាពការងារកុមារ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ (២០១៦-២០២៥) ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរស្តីពីបញ្ហាពលកម្មនៅកម្ពុជា។
ក្នុងស្មារតីរួមចំណែកជំរុញការចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ចំពោះការអភិវឌ្ឍសិទ្ធិ កុមារ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួនដូចតទៅ៖
ទី១ ជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ ២០១៦-២០១៨ ដើម្បីរួមចំណែកក្នុងការ សម្រេចបានចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល។
ទី២ ជំរុញការរៀបចំផែនការសកម្មភាពស្តីពីការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឱ្យបានឆាប់ និងអនុវត្តផែនការសកម្មភាពនេះ ឱ្យមានប្រសិទ្ធភាព។
[ចាប់ផ្តើមអត្ថាធិប្បាយ]
អំពើហិង្សាលើកុមារនៅលាក់កំបាំងនៅឡើយ ត្រូវរួមគ្នាប្រែក្លាយឲ្យទៅជារូបភាពមើលឃើញ
និយាយទៅដល់ចំណុចនេះ ខ្ញុំសូមឯកភាពទាំងស្រុងចំពោះលោកស្រី (Natascha) Paddison តំណាងឲ្យអង្គការ UNICEF ដែលលើកឡើងថា អំពើហិង្សាលើកុមារកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់ប្រទេសទូទាំងសកលលោក។ ប៉ុន្តែ ជាញឹកញាប់ អំពើហិង្សាត្រូវបានលាក់បាំងនៅក្នុងរូបភាពធម្មតា ដោយវាកើតឡើងក្នុងសហគមន៍ ក្នុងផ្ទះ ក្រោយខ្នងអ្នកដទៃ ដែលធ្វើឲ្យខូចខាតដល់សុខុមាលភាពកុមាររងផលប៉ះពាល់។ បញ្ហានេះ មិនចាំបាច់ត្រូវកើតឡើងបែបនេះឡើយ។ អំពើហិង្សាលើកុមារ គឺជារឿងដែលអាចបង្ក្រាបបានទាំងស្រុង នៅពេលដែលមនុស្សគ្រប់គ្នា រួបរួមគ្នា និងនិយាយថា គ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ។ រូបភាពដែលមើលមិនឃើញគឺត្រូវតែប្រែក្លាយឲ្យទៅជារូបភាព ដែលអាចមើលឃើញ។ នេះជាចំណុចពិតប្រាកដដែលអាចកើតមាននៅក្នុងគ្រប់សង្គម ហើយជាពិសេស កើតមាននៅក្នុងសង្គមកម្ពុជាយើងតែម្តង។ មិនចាំបាច់ថាពេលបច្ចុប្បន្ននេះទេ សូម្បីតែនៅក្នុងរឿងបុរាណខ្មែរ រឿង «មរណៈមាតា» គឺនៅចំពោះមុខប្តី (មាណពហ្នឹងមានប្រពន្ធទៅ ២ ប៉ុន្តែ ម្តាយមរណៈមាតាបានស្លាប់ទៅហើយ) តែនៅចំពោះមុខប្តី ប្រពន្ធចុងហ្នឹង ហាក់ដូចជាយកចិត្តទុកដាក់ខ្លាំងណាស់ ថែទាំខ្លាំងណាស់ជាមួយនឹងកូនស្រីនេះ។ ប៉ុន្តែ ក្រោយខ្នងគឺធ្វើបាប។ រឿងបែបនេះមិនមែនគ្មានក្នុង(សង្គម)បច្ចុប្បន្ននោះទេ។ នៅចំពោះមុខ គឺតែងធ្វើអំពើល្អ តែនៅពីក្រោយខ្នង តែងធ្វើទារុណកម្មចំពោះកុមារ។ អ្វីដែលជាអាថ៌កំបាំងនៅក្រោយខ្នង គប្បីត្រូវបញ្ចេញមកនៅទីភ្លឺទាំងអស់ ដើម្បីធានាថា កុមាររបស់យើងមិនទទួលនូវទារុណកម្ម និងការធ្វើបាបណាមួយនោះទេ។
«សូមកុំធ្វើបាបខ្ញុំ» មានន័យថា មិនធ្វើបាបទាំងកាយ ទាំងផ្លូវចិត្ត និងកម្លាំងពលកម្ម
អម្បាញ់មិញ ខ្ញុំស្នើឲ្យចៅៗនិយាយថា «សូមកុំធ្វើបាបខ្ញុំ»។ ពាក្យនេះ មានន័យទូលំទូលាយ ដែលមិនសំដៅតែលើការធ្វើបាបចំពោះការវាយដំច្រំធាក់នោះទេ ក៏ប៉ុន្តែ ការធ្វើបាបលើផ្នែកដទៃទៀត ទាក់ទងជាមួយនឹងទារុណកម្មខាងផ្លូវចិត្ត ឬក៏ការប្រើប្រាស់ទៅក្នុងបញ្ហាពលកម្មកុមារជាដើម។ នេះទាក់ទិនជាមួយនឹងភាសានោះឯង។ ខ្ញុំក៏សូមយល់ស្របជាមួយនឹងអ្វី ដែលកុមាររបស់យើងបានលើកឡើង អំពីយុទ្ធនាការមួយចំនួនជាសំណើឲ្យរាជរដ្ឋាភិបាល។ សូមចៅៗរួមចំណែកទាំងអស់គ្នា មិនមែនតែកិច្ចការរបស់រាជរដ្ឋាភិបាលធ្វើប៉ុណ្ណោះទេ គឺចៅៗទាំងអស់ជាអ្នកបន្តវេននៅជំនាន់ក្រោយ ដែលទាមទារឲ្យចៅៗចូលរួមនៅទីនេះ ឬក៏ចៅៗទាំងឡាយនៅខាងក្រៅ ក្នុងប្រទេសទាំងមូល រួមចំណែកធ្វើការងារនេះ។ ឧទាហរណ៍ បញ្ហាគ្រឿងញៀន បើសិនជាកុមារ និងយុវជនរបស់យើង បដិសេធចោលគ្រឿងញៀនទាំងអស់ វាគ្មានអ្នកណាជក់គ្រឿងញៀនទេ។ ក៏ប៉ុន្តែ អ្វីដែលចោទឡើងនោះ គឺនៅត្រង់ថា កុមារមួយចំនួន និងយុវជនរបស់យើង សេពគ្រឿងញៀន ហើយក្លាយទៅជាទីផ្សាររបស់ពួកជួញដូរគ្រឿងញៀននេះតែម្តង។
កែប្រែស្ថានភាពគ្រួសារឲ្យប្រសើរ ដើម្បីកាត់បន្ថយការយកកូនទៅដាក់នៅមណ្ឌល
ខ្ញុំក៏យល់ស្របជាមួយនឹង លោកស្រី តំណាងឲ្យ UNICEF ដែលលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាការលើកទឹកចិត្តទៅចិញ្ចឹមតាមមណ្ឌល និងការលើកទឹកចិត្តឲ្យមកនៅតាមគ្រួសារវិញ។ នេះជាវិធីដែលល្អជាងគេ។ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ បានបង្ខំឲ្យគ្រួសារមួយចំនួន យកកូនទៅផ្ញើនៅមណ្ឌលចិញ្ចឹមកុមារ។ ដូច្នេះ ចំណុចនេះ ទាមទារឲ្យធ្វើសកម្មភាពព្រមៗគ្នា គ្រប់ផ្នែក គ្រប់វិស័យ ដើម្បីឲ្យក្រុមគ្រួសារនីមួយៗ មានជីវភាពកាន់តែប្រសើរ ហើយពួកគេមិនចាំបាច់យកកូនទៅផ្ញើនៅទីកន្លែង ដែលចិញ្ចឹមកុមារនោះទេ។
ពិនិត្យមណ្ឌលព្រៃស្ពឺ ដែលតែងមានបញ្ហា បើសិនជាបិទបាន គួរបិទចោល
ម្យ៉ាងទៀត ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីរំលឹកចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ ចំពោះមណ្ឌលមួយដែលធ្លាប់លឺល្បីឈ្មោះ ហើយមិនព្រមកែប្រែទាល់តែសោះ គឺមណ្ឌលព្រៃស្ពឺ នៅទីក្រុងភ្នំពេញ។ ហេតុអ្វីបានជាប៉ុន្មានឆ្នាំហើយ កែវាមិនឡើង? នេះជាចំណុចដែលខ្ញុំចង់សួរ។ តើក្រុងគ្រប់គ្រង ឬក្រសួង? រាជធានីភ្នំពេញ។ ឯណា អភិបាលរាជធានីភ្នំពេញ គួរតែកែលម្អវា។ ល្មមហើយ។ គេនិយាយច្រើនណាស់។ បើត្រូវបិទ ក៏បិទទៅ មិនចាំបាច់ទុកគ្រាន់តែចិញ្ចឹមរឿងទេ។ បើថាបន្ត គឺត្រូវបន្តឲ្យស្អាត កុំឲ្យមានបញ្ហា។ យើងខិតខំធ្វើនូវសេវា ដើម្បីធានាសិទ្ធិរបស់មនុស្ស ប៉ុន្តែ ផ្ទុយទៅវិញ មណ្ឌលមួយនេះ តែងរងនូវការទិតៀន ដែលធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល …។ អញ្ចឹង ក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានី ត្រូវចុះទៅដោះស្រាយបញ្ហានេះ។ បើថាត្រូវបិទ ក៏បិទចោលតែម្តងទៅ បើសិនខ្វះសមត្ថភាពគ្រប់គ្រងសូម្បីតែមណ្ឌលតូចតាចប៉ុណ្ណឹង។ តើយើងមានលទ្ធភាពធ្វើអីបន្ថែមទៀត? អញ្ចឹងសូមឲ្យបញ្ឈប់ ព្រោះរឿងនេះប្រហែលជា ៤-៥ ឆ្នាំហើយ …។
[ចប់អត្ថាធិប្បាយ]
ទី៣ បន្តអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ និងពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន តាមប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទូរទស្សន៍, វិទ្យុ និងបណ្តាញសង្គម។
ទី៤ ជំរុញការរៀបចំផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃ ពលកម្មកុមារ (ឆ្នាំ២០១៦-២០២៥) និងចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការ ទប់ស្កាត់, ការដកហូត, ការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា និង ការលើកកម្ពស់ការងារសមរម្យដល់កុមារ ដែលគ្រប់ឤយុធ្វើការងារបាន។
ទី៥ បន្តពង្រឹង និងពង្រីកប្រព័ន្ធការពារកុមារឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។
ទី៦ ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលិខិតបទដ្ឋាន, ផែនការ និងយុទ្ធសាស្ត្រ ជាតិ, អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធស្តីពីការការពារកុមារ, ការកាត់បន្ថយ និង ការលុបបំបាត់ពលកម្មកុមារ, កុមារប្រើប្រាស់សារធាតុញៀន, អំពើជួញដូរកុមារ, អំពើហិង្សា, ការកេងប្រវ័ញ្ចគ្រប់រូបភាព និងការស្មូមកូនអន្តរប្រទេស ជាដើម។
ទី៧ បន្តលើកកម្ពស់គុណភាពវិស័យអប់រំ ដោយខិតខំបង្កើនអត្រាកុមារចូលរៀនឱ្យបានខ្ពស់ថែមទៀត, កាត់ បន្ថយអត្រាត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សា, បង្កើនចំនួនសាលាកុមារមេត្រី, ពង្រឹងកម្មវិធីអប់រំក្រៅប្រព័ន្ធ, កម្មវិធីអប់រំបញ្ចូលគ្នា និងបង្កើនការផ្តល់ឤហារូបករណ៍ដល់សិស្សក្រីក្រ ចំពោះក្រុមកុមារដែលបាត់បង់ឱកាសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ បន្តពង្រឹងតួនាទី និងការទទួលខុសត្រូវសហគមន៍ ឱ្យចូលរួមលុបបំបាត់អំពើហិង្សា, ការប្រើប្រាស់គ្រឿងញៀន និងពលកម្មកុមារគ្រប់រូបភាព ទាំងនៅក្នុងសាលារៀន, សហគមន៍, គ្រឹះស្ថានសិក្សា និងតាមផ្ទះ។
ទី៨ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់បញ្ចូលបញ្ហាកុមារទៅក្នុងផែនការសកម្មភាពប្រឆ្នាំ ដើម្បីតាមដានការ អនុវត្តសិទ្ធិកុមារ និងផ្តល់អនុសាសន៍នានា ក្នុងការចាត់វិធានការដោះស្រាយបញ្ហាកុមារ និងធានាជួយដល់កុមារឱ្យរួចផុតពីការរំលោភបំពាន, ការកេងប្រវ័ញ្ច និងការរើសអើងគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៩· ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហានានារបស់កុមារ។
អនុវត្តតាមខ្លឹមសារដូចបានលើកឡើងនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាឤចនឹងបន្តជំរុញការងារលើកកម្ពស់សុខុមាលភាពកុមារ និងលើកកម្ពស់មនសិការឤណិតស្រឡាញ់កុមារគ្រប់រូប ទាំងនៅតាមសហគមន៍, សាលារៀន និងនៅតាមគ្រួសារ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ចលនាយុវជនកាកបាទក្រហម និងចលនាយុវជនកាយរិទ្ធិកម្ពុជា ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំលើកកម្ពស់តួនាទីរបស់កុមារ និង យុវជន តាមគ្រប់រូបភាព និងតាមវិធានការជាច្រើន ដែលធ្វើឱ្យមានការចូលរួមដោយផ្ទាល់របស់កុមារ និងយុវជនកាន់តែសកម្មផុលផុស នៅក្នុងសកម្មភាពមនុស្សធម៌ និងសង្គមកិច្ច។ ខ្ញុំក៏សូមអរគុណ និងកោតសរសើរដល់ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ដែលតែងបានឧបត្ថម្ភ និងគាំទ្រដល់ការផ្តល់សេវាជួយដល់កុមារកម្ពុជា។
ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តស្រឡាញ់, ចិញ្ចឹមបីបាច់ថែរក្សា, អប់រំ និង ធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយព្រហ្មវិហារធម៌របស់មាតាបិតាចំពោះបុត្រធីតា, របស់លោកគ្រូ អ្នកគ្រូ ចំពោះសិស្សានុសិស្ស។
ជាទីបញ្ចប់ ជាមួយនឹងឱកាស អបអរសាទរខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ខ្ញុំ និងភរិយា សូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗកុមារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ហើយក៏មិនភ្លេចថ្ងៃនេះ ក្មួយៗកុមារបានមកចូលរួម ក្នុងនោះមានយុវជនកាយារិទ្ធិ យុវជនកាកបាទក្រហម និងកុមាររបស់យើង ចំនួន ២៥៧៨ នាក់ ក្នុងម្នាក់ៗ ជូនក្មួយៗ ចៅៗ ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិក ថែទាំកុមារចំនួន ៣៥២ នាក់ ម្នាក់ៗថវិកា ៣ ម៉ឺនរៀល។ ជូនក្រុមត្រែទ័ព ត្រែស្គរកាយារិទ្ធិថវិកា ១ លានរៀល ជូនគណៈកម្មការរៀបចំអង្គពីធី ថវិកាចំនួន ១០ លានរៀល។ សូមក្មួយៗ ចៅ ក្រោកឡើងម្តងទៀត ស្រែកថា «កុំធ្វើបាបខ្ញុំ» «កុំប្រើប្រាស់គ្រឿងញៀន» (២ ដង)៕