ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ចំនួន ៨៦០ នាក់។ ចាត់ទុកថា នេះជាថ្ងៃដែលធ្ងន់បន្តិចសម្រាប់ការងារ ដោយសារព្រឹកនេះជួបនៅទីនេះហើយ ខ្ញុំប្រញាប់ទៅទទួលភ្ញៀវមួយ(នៅវិមានសន្តិភាព) ហើយល្ងាចនេះ ក៏ត្រូវចូលរួមក្នុង(ការបិទ)សន្និបាតកសិកម្មទៀតផង បន្ថែមទៅលើឯកសារច្រើនណាស់ ដែលប្រហែលជាបណ្តាស្ថាប័ន(នានា)បានដឹងថា ខ្ញុំព្រះករុណាខ្ញុំ អាទិត្យក្រោយនេះ គឺមិនស្ថិតនៅក្នុងប្រទេសរយៈពេលប៉ុន្មានថ្ងៃឯណោះ ដូច្នេះ ក៏សម្រុកដាក់ឯកសារ ដើម្បីឲ្យបានទទួលការយល់ព្រម ឬចុះហត្ថលេខានោះ គឺជារឿងចាំបាច់សម្រាប់បណ្តាស្ថាប័ននានា។ តែយ៉ាងណាក៏ដោយ គឺកម្មវិធីមួយនេះមិនត្រូវបានលុបចោលនោះទេ តាមរយៈដែលយើងបានរៀបចំរួចមកហើយ។
ទោះបីយើងកាន់ឋានៈណា ហើយរៀនដល់ណាក៏ដោយ ក៏នៅតែបន្តរៀន (រៀន)មិនចេះឈប់
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែង តាមរយៈនៃសកម្មភាពទាំងនោះ គឺបានបណ្តុះបណ្តាលធនធានមនុស្ស រាប់ទាំងកម្ពុជា ហើយមោទនភាពមួយនៅត្រង់ថា ក៏មានជនជាតិបរទេសមកសិក្សានៅក្នុងសាកលវិទ្យាល័យនេះរហូតទៅដល់ ៩៦ នាក់។ ថ្ងៃនេះផងដែរ សាកលវិទ្យាល័យក៏មានការរៀបចំ ដើម្បីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកឧកញ៉ា ទ្រី ភាព តាមរយៈការវាយតម្លៃមួយដ៏ត្រឹមត្រូវ។ ខ្ញុំឃើញថា ថ្ងៃនេះ យើងក៏មានថ្នាក់បណ្ឌិតមួយចំនួន ដែលខ្ញុំមើលឃើញថា នេះគឺជាចំណុចដែលយើងគប្បីដកពិសោធន៍ ពី ឯកឧត្តម ឈុន ស៊ីរុន ដែលជាអតីតគ្រូបង្រៀន ហើយឆ្លងកាត់ការធ្វើការងារតាំងពីចៅហ្វាយខេត្តស្អីៗ (រហូត)ចូលនិវត្តន៍ ឥឡូវ ជាសមាជិករដ្ឋសភា ប៉ុន្តែ គឺមិនបោះបង់ចោលការសិក្សា គឺបន្តការសិក្សា។ នេះជាចំណុចដែលខ្ញុំតែងតែរំលឹកថា បើទោះបីយើងកាន់ឋានៈណា ហើយរៀនដល់ណាក៏ដោយ ក៏នៅតែបន្តរៀន (រៀន)មិនចេះឈប់។ អញ្ចឹងទេ សូមលើកទឹកចិត្តជាមួយនឹងការខិតខំទាំងអស់នេះ ដែលជាផ្នែកដ៏សំខាន់មួយនៃការសិក្សាបន្ត ឬក៏ជាគំរូរបស់ក្មេងជំនាន់ក្រោយ។
ជម្ងឺតួឯក ឬជម្ងឺអត្មានិយម អត្តនោម័តនិយម គឺជាជម្ងឺ ដែលនាំទៅដល់ឯកោខ្លួន និងមហន្តរាយ
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយថា ជម្ងឺតួឯក ឬជម្ងឺអត្មានិយម អត្តនោម័តនិយម គឺជាជម្ងឺដែលនាំ ទៅដល់ឯកោខ្លួន និងមហន្តរាយខ្លាំងណាស់។ វានាំទៅដល់មនុស្សនោះ ទៅជាមនុស្សដែលលែងគិត ឬក៏ លែងសិក្សាស្រាវជ្រាវ ឬក៏អ្វីក៏ខ្លួនចេះជាងគេទាំងអស់។ នេះគឺជាចំណុចដែលមិនគួរត្រូវបានយកទៅរៀន ទៅធ្វើជាបទពិសោធន៍នោះទេ។ ថ្ងៃនេះ សាកលវិទ្យាល័យបានធ្វើកិច្ចការដ៏ល្អ ហើយបន្ថែមពីលើនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមចូលរួមជាមួយជ័យលាភីទាំងអស់ ទាំងថ្នាក់បណ្ឌិត បណ្ឌិតកិត្តិយស ក៏ដូចជា បរិញ្ញាជាន់ខ្ពស់ បរិញ្ញាបត្រ និយាយទៅគ្រប់កម្រិតទាំងអស់ ជាជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលបានខិតខំប្រឹងប្រែងចំណាយពេលវេលា និងចំណាយប្រាក់កាស ដើម្បីធ្វើការរៀនសូត្រ និងសូមយកឱកាសនេះ ដើម្បីចូលរួមជាមួយមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារទាំងឡាយ ដែលមានកូន ចៅ ប្តី/ប្រពន្ធ បងប្អូន ទទួលសញ្ញាបត្រនៅថ្ងៃនេះ។
សំណូមពរឲ្យរៀបចំកន្លែងសម្រាប់ក្រុមគ្រួសារដែលមករង់ចាំ ឲ្យបានចូលរួមស្តាប់ផង
បានសួរលោកបណ្ឌិត ឈន ចាន់ថន ថា មានរៀបចំឲ្យក្រុមគ្រួសារចូលរួមស្តាប់ទេ គាត់ថាមាន។ ខ្ញុំគិតថា នៅរាល់ពេលទទួលសញ្ញាបត្រម្តងៗ តែងតែមានក្រុមគ្រួសារមកចូលរួម ដើម្បីនឹងអបអរសាទរចំពោះជ័យលាភី ដែលជាកូន ជាចៅ ជាក្មួយរបស់ខ្លួន។ ខ្ញុំក៏បានប្រាប់ ឯកឧត្តម ហង់ ជួនណារ៉ុន នៅពេលក្រោយបើសិនជាយើងមានលទ្ធភាព និងទីកន្លែង គប្បីអនុញ្ញាតឲ្យក្រុមគ្រួសារអាចចូលរួមផង ព្រោះការរង់ចាំនៅខាងក្រៅវាលំបាក។ ប៉ុន្តែ ឲ្យចូលរួមទាំងអស់មិនកើត ឲ្យចូលរួមគ្រួសារខ្លះ មកទាំងប្រពន្ធផង កូនផង ចៅផង ជីដូនជីតាផង ច្រើនពេក។ អញ្ចឹង យើងអាចផ្តល់ឱកាសសម្រាប់ការរៀបចំមួយ គ្រួសារអាចថាយ៉ាងច្រើន(អនុញ្ញាតឲ្យចូលរួម) ០២ នាក់ ជួនកាលមកទាំងឪពុកម្តាយ ឬជីដូនជីតាចាស់ៗ អញ្ជើញគាត់ចូលមកក្នុង ដើម្បីគាត់បានឃើញនូវការចូលរួមរបស់កូនចៅរបស់គាត់ ហើយគាត់បានឃើញ ការថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី ឬក៏ថ្នាក់ដឹកនាំ ដែលមកចែកសញ្ញាបត្រជូនចំពោះកូនចៅ និងក្រុមគ្រួសាររបស់គាត់ នេះបើយើងអាចធ្វើទៅបាន។ ពេលដែលយើងចែកនៅកោះពេជ្រម្តងៗ ឃើញ (ពួកគាត់)ឈរចាំនៅខាងក្រៅ ប៉ុន្តែ បើសិនជាយើងអាចរៀបចំឲ្យចូលទៅខាងក្នុងបាន គឺជាការល្អ។ ដូចថ្ងៃនេះ ឃើញរៀបចំនៅខាងក្នុង ហើយក៏សូមចូលរួមអបអរសាទរជាមួយនឹងក្រុមគ្រួសារ ដែលបានប្រឹងប្រែងនៅក្នុងការគាំទ្រឲ្យប្តីសី បងប្អូន ឬក៏កូនចៅ សាច់ញាតិ បានទទួលនូវការសិក្សា មិនមែនគ្រាន់តែគាំទ្រថាឲ្យមករៀនទេ ប៉ុន្តែ ប្រឹងប្រែងទទួលបន្ទុករ៉ាប់រងការងារនៅផ្ទះ ទទួលបន្ទុកការរកថវិកា ដើម្បីឲ្យកូនចៅបានចូលមកសិក្សា។
ពីផលិតចិញ្ចឹមជីវិត ទៅផលិតបម្រើឲ្យការនាំចេញ, ការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិ ជាការលំបាកធ្វើ
ប្រទេសរបស់យើងកំពុងតែខិតខំអភិវឌ្ឍ … យើងមិនត្រូវភ្លេចថា បើគ្មានធនធានមនុស្ស ការអភិវឌ្ឍនោះមិនអាចទៅរួចទេ។ ប្រទេសរបស់យើងបានប្រែក្លាយខ្លួនពីប្រទេសដែលគ្រាន់តែផលិតដើម្បីចិញ្ចឹមជីវិត ទៅជាប្រទេសដែលកំពុងផលិតសម្រាប់បម្រើឲ្យការនាំចេញ។ ទោះបីជាវិស័យកសិកម្ម ក៏យើងផលិតលើសសេចក្តីត្រូវការនៅក្នុងស្រុក ហើយកំពុងស្វះស្វែងរកទីផ្សារនៅខាងក្រៅ។ ក្នុងផ្នែកឧស្សាហកម្មក៏ដូចគ្នា យើងមិនមែនផលិតគ្រាន់តែជាតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែ ទំហំនៃការនាំចេញរបស់យើង មានលក្ខណៈធំធេងទៅកាន់ទីផ្សារខាងក្រៅ។ រាល់ការអភិវឌ្ឍដែលយើងចាប់ផ្តើមឡើង នៅក្នុងសង្គមនីមួយៗ គ្មានសង្គមណាដែលមានការស្មើភាពគ្នាខាងទ្រព្យសម្បត្តិនោះទេ មានតែជំនាន់ ប៉ុល ពត មួយគត់ ដែលអាចធ្វើឲ្យមនុស្សស្មើៗគ្នាទៅបាន។ ស្លៀកពាក់ខ្មៅៗដូចគ្នាទៅបាន ទទួលទានម៉ោងពេលជាមួយគ្នាទៅបាន មានតែជំនាន់ ប៉ុល ពត មួយគត់។ ប៉ុន្តែ សម្រាប់ប្រទេសដែលមានការអភិវឌ្ឍ វាតែងមានការបែងចែកនូវអ្នកដែលមានធនធានទ្រព្យសម្បត្តិ និងអ្នកដែលខ្វះខ្វាតទ្រព្យសម្បត្តិ។ អញ្ចឹងទេ ការកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ រវាងទីក្រុង និងជនបទ គឺការកាត់បន្ថយគម្លាតខាងទ្រព្យសម្បត្តិ វាជាការលំបាកធ្វើ។ មានតែ ប៉ុល ពត ទេ ដែលស្រួលធ្វើ វាធ្វើបណ្តេញចេញអ្នកទីក្រុងទាំងអស់ រឹបអូសទ្រព្យសម្បត្តិយកទៅដាក់ ធ្វើរួម ស៊ីរួម ទាំងអស់គ្នា។ អញ្ចឹង គឺវាងាយធ្វើ។ ប៉ុន្តែ ស្លាប់មនុស្សអស់ច្រើនណាស់ ហើយវាក៏មិនគង់វង្សក្នុងរយៈពេលវែងដែរ។
វិធីកាត់បន្ថយគម្លាតក្នុងការយល់ដឹង
សម្រាប់យើង យើងមិនធ្វើដូច្នោះទេ តែយើងក៏មិនមានលទ្ធភាពដើម្បីរុញមនុស្សទាំងអស់ឲ្យមានបាន … ប្រទេសនីមួយៗ មានកសិករ មានកម្មករ មានពលករ មានពាណិជ្ជករ មានឧស្សាហករ មានសិប្បករ មានការបែងចែកគ្នាយ៉ាងដូច្នេះ។ ប៉ុន្តែ វិធីមួយក្នុងចំណោមវិធីកាត់បន្ថយគម្លាត ដែលអាចធ្វើទៅរួច និងងាយស្រួលធ្វើ គឺការកាត់បន្ថយគម្លាតក្នុងការយល់ដឹង កាត់បន្ថយគម្លាតក្នុងផ្នែកខួរក្បាលហ្នឹងតែម្តង។ មនុស្សកើតឡើងអត់មានស្ពាយទ្រព្យសម្បត្តិមកជាមួយទេ មនុស្សកើតឡើងគឺស្រាតដូចតែគ្នាហ្នឹង គ្រាន់តែកូនដែលកើតនៅក្នុងត្រកូលអ្នកគ្រាន់បើ គេហៅថាលោកប្រុស ដល់កូនដែលកើតក្នុងគ្រួសារក្រីក្រ គេហៅអាក្តិបអញ្ចឹងទៅ។ ក៏ប៉ុន្តែ មិនប្រាកដថា អាកូនកើតនៅក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិ មានអំណាចនេះ វាពូកែនោះទេ។ កូនអ្នកក្រីក្រច្រើនណាស់ដែលមានលទ្ធភាព ប៉ុន្តែ ត្រូវផ្តល់ឱកាសឲ្យគេ សម្រាប់ពួកគេងើប ឡើង ក្នុងការជំនះនូវការលំបាក ដើម្បីទទួលបាននូវការអប់រំ ហើយខួរក្បាលរបស់គេមិនអន់ជាងខួរក្បាល របស់កូនអ្នកមានទេ។
មុននឹងកាត់បន្ថយគម្លាតខួរក្បាល ដំបូងបំផុតត្រូវផ្តល់ឱកាសសន្តិភាព
ការផ្តល់ឱកាសឲ្យគេ គឺធ្វើយ៉ាងម៉េចរក្សាសិទ្ធិ សន្តិភាពឲ្យបាន បើរក្សាសន្តិភាពមិនបានទេ មិនមានឱកាសទេ។ រឿងនេះរឿងធំណាស់ ដែលរដ្ឋាភិបាលទោះបីប្រើដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន មិនអាចឲ្យមនុស្សមួយក្រុមតូចណាមកបំផ្លាញស្ថេរភាពរបស់ប្រទេស ហើយនាំទៅដល់ស្ថានភាពច្របូកច្របល់ បាត់បង់ឱកាសសម្រាប់ប្រជាជនរាប់ម៉ឺននាក់នោះទេ។ រាជរដ្ឋាភិបាលមិនអនុញ្ញាត ហើយប្តូរផ្តាច់ ដោយតម្លៃណាក៏ដោយ។ មានការបំពាននូវសម្តីរបស់ខ្ញុំ ដែលខ្ញុំមិនបាននិយាយ …ខ្ញុំគិតថាអ្នកទាំងហ្នឹងមកទីហ្នឹងដែរ។ ស្តាប់ឲ្យច្បាស់ បើស្តាប់មិនច្បាស់ចាក់វាស្តាប់ឡើងវិញ។ ថតទុក កុំទៅសរសេរច្នៃ។ ម្សិលមិញខាងខុទ្ទកាល័យ ខាងអ្នកនាំពាក្យ គឺមានការប្រតិកម្មប្រើពាក្យសម្តី។ កុំលេងអាធុនហ្នឹង … អ្នកឯងនិយាយខុសការពិត។ គេនិយាយកោកៗ គេចាក់តាមទូរទស្សន៍ ហើយឥឡូវកំពុង live ផ្ទាល់តាម Facebook … ហើយទូរទស្សន៍ និងសារព័ត៌មានមួយចំនួនមើលតាមហ្នឹង ព្រោះក្រែងលោអ្នកបញ្ជូនព័ត៌មានទៅពីនេះទៅវាមិនទាន់។
ខ្ញុំគ្រាន់តែបញ្ជាក់ ឱកាសដំបូងបំផុតដែលផ្តល់ឲ្យយុវជន ផ្តល់ឲ្យប្រជាជន គឺសន្តិភាព ដែលយើងបាត់បង់តាំងពីសង្រ្គាមឆ្នាំ ១៩៧០ មិនអាចឲ្យអ្នកណាបំផ្លាញចោលបានទេ។ ទម្រាំនឹងរកបានសន្តិភាពនេះ យើងលំបាកណាស់។ ខ្លួនខ្ញុំផ្ទាល់ហើយ ចូលទៅក្នុងតំបន់កាន់កាប់ដោយកម្លាំងផ្តាច់ខ្លួន កម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម រហូតដល់ម្តាយ និងម្តាយធំបានថា “ចុះឯងចូលទៅក្នុងតំបន់គេ មិនខ្លាចគេបាញ់ចោលទេអី? សម្លាប់ទេ?”។ ខ្ញុំបានប្រាប់ទៅម្តាយ និងម្តាយធំខ្ញុំថា ធំ! ម៉ែ! បើសិនជាស្លាប់ៗ តែ មនុស្សប៉ុន្មានអ្នកដែលទៅជាមួយខ្ញុំ ប៉ុន្តែបើបានមកវិញបានផែនដីទាំងមូលតែម្តង។ ពិតប្រាកដមែន តាំងពីឆ្នាំ ១៩៩៨ ឥឡូវនៅពេលបុណ្យទាន ឬក៏មិនបុណ្យទាន ទៅកន្លែងណាក៏គ្មានគេរារាំងដែរ។ មុននេះឲ្យតែហ៊ានចូលទៅក្នុងតំបន់ទាំងនោះ មិនទាន់ត្រូវបានបាញ់ផង ត្រូវគ្រាប់មីនស្កាត់មុនបាត់ទៅហើយ។ ឥឡូវនេះ ពេលដែលលេងក្នុងចូលឆ្នាំកន្លងទៅ ដើរអត់ថយក្រោយទេ ព្រោះឥឡូវយើងផ្លូវព្រះវិហារមានចាំបាច់បកថយក្រោយវិញឯណា? បន្តចុះដល់ស្ទឹងត្រែង ដល់ស្ទឹងត្រែងហើយ ទៅរតនគិរី ចេញពីរតនគិរី អត់មានថយក្រោយមកក្រចេះវិញឯណា? ទៅមណ្ឌលគិរី ហើយចេញមកតាមស្នួល ចេញមកចេះតែបន្ត មួយជុំវិញប្រទេស។ មានទាំងសន្តិភាព គ្មានការគម្រាមកំហែងពេលយើងធ្វើដំណើរ មានទាំងហេដ្ឋារចនាសម្ព័ន្ធ។ អញ្ចឹងទេ ចំណុចកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈនៃការកាត់បន្ថយតាមគម្លាតខួរក្បាលនេះ ដំបូងបំផុតត្រូវផ្តល់ឱកាសសន្តិភាពសម្រាប់ពួកគេ។
ដើម្បីទ្រទ្រង់វិស័យអប់រំ ត្រូវមានផ្នែករឹង និងផ្នែកទន់
អ្នកណាក៏ដោយដែលមានចេតនាបំផ្លាញសន្តិភាព និងស្ថេរភាពរបស់ប្រទេស និងត្រូវទទួលទណ្ឌកម្មពី ច្បាប់ ច្បាប់មិនមែនស្អីផ្សេងទេ ព្រោះច្បាប់គេធ្វើឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ ច្បាប់គេធ្វើមកដើម្បីរក្សា សន្តិសុខរបស់ប្រទេស មិនមែនច្បាប់ធ្វើឡើង ដើម្បីបង្កើតឲ្យមានស្ថានភាពអ្នកណាឈ្នះ អ្នកហ្នឹងធ្វើស្តេច ត្រាញ់នោះទេ។ មួយទៀត ឱកាសដែលយើងត្រូវផ្តល់ គឺបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទ្រទ្រង់ឲ្យវិស័យអប់រំ ក្នុងហ្នឹងមានទាំងផ្នែករឹង ទាំងផ្នែកទន់ ផ្នែករឹងរាប់ទាំងបញ្ហាដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ សាលាដែលយើងបានពង្រាយទៅដល់មូលដ្ឋាន។ ពីមុននេះ ខ្ញុំធ្លាប់ហើយថាមិនឲ្យយុវជនណាម្នាក់មានជោគវាសនាដូចខ្ញុំនោះទេ ក្នុងជីវិតអាយុ ១៣ ឆ្នាំ បែកពីឪពុកម្តាយ ដើម្បីស្វែងរកសាលារៀនពីភូមិកំណើតមកដល់ទីក្រុងភ្នំពេញ។ ស្ថានភាពបែបនេះមិនមាននៅក្នុងពេលវេលាឥឡូវនេះទេ ព្រោះដំណាក់កាលដែលមានសាលាកំពុងដើររកកូនសិស្ស ព្រោះយើងពង្រាយសាលាទៅតាមមូលដ្ឋាន វាខុសពីស្ថានភាពដើម។
កាលពីពេលមុន សូម្បីក្រោយពេលរំដោះ ១៩៧៩ តើមានយុវជនប៉ុន្មាន កុមារប៉ុន្មាន ដែលបោះបង់ចោលការសិក្សា ដោយសារខ្វះសាលា? ហើយតើមានយុវជន និងកុមារប៉ុន្មាន ដែលត្រូវធ្វើចំណាកស្រុកមកកាន់ទីកន្លែងមួយ គ្រាន់តែត្រឹមស្វែងរកអនុវិទ្យាល័យ ឬស្វែងរកវិទ្យាល័យ … ឥឡូវ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ យើងដាក់ពង្រាយទៅតាមមូលដ្ឋាននោះហើយ។ សាកលវិទ្យាល័យបានកើតច្រើនណាស់ ទាំងសាកលវិទ្យាល័យរដ្ឋ ទាំងសាកលវិទ្យាល័យឯកជន ដែលផ្តល់ឱកាសសម្រាប់ការរៀនរបស់កុមារ(និង)យុវជនរបស់យើង។ បន្ថែមពីលើនោះទៀត ផ្នែកទន់យើងបានបណ្តុះបណ្តាលគ្រូយ៉ាងច្រើន ដែលមានរហូតទៅដល់ជាង ១១ ម៉ឺននាក់ គ្រូ និងសាស្រ្តាចារ្យ។ ក្នុងមន្រ្តីរាជការ ១៩ ម៉ឺននាក់ មន្រ្តីរាជការស៊ីវិល ១៩ ម៉ឺននាក់ មន្រ្តីរាជការដែលជាគ្រូបង្រៀនជាង ១១ ម៉ឺននាក់ និងពេទ្យជាង ៣ ម៉ឺននាក់រួចស្រេច។
ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ បញ្ជូលគ្រូពេទ្យជាប់កិច្ចសន្យាក្នុងក្របខណ្ឌរដ្ឋ
ឥឡូវ ក៏សូមប្រកាសទៅគ្រូពេទ្យដែលជាប់កិច្ចសន្យា បានទទួលស្គាល់ជាក្របខណ្ឌរដ្ឋ … អញ្ចឹង សូមផ្តាំទៅលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលហួសអាយុនៅតែជាបុគ្គលិកអណ្តែត បុគ្គលិកជាប់កិច្ចសន្យាផងថា ឯកភាពបញ្ចូលក្របខណ្ឌក្នុងឆ្នាំ ២០១៦ ហ្នឹង ឲ្យតែជាបុគ្គលិករដ្ឋ។ វេជ្ជបណ្ឌិតឯកទេសមួយចំនួនត្រូវធ្វើការជាមន្ត្រីជាប់កិច្ចសន្យា គ្រូពេទ្យមួយចំនួននៅតែបន្តជាគ្រូពេទ្យជាប់កិច្ចសន្យា តែគាត់ធ្វើនៅក្នុងមន្ទីរពេទ្យហ្នឹងជិត ១០ ឆ្នាំហើយ។ អញ្ចឹងទេ ឲ្យគាត់ចូលក្របខណ្ឌរដ្ឋ ដើម្បីគាត់ថ្ងៃក្រោយទៅគាត់ ទទួលបានបៀរវត្ស និងទទួលបាននូវប្រាក់កម្រៃសម្រាប់ការចូលនិវត្ត។ សូមផ្តាំផ្ញើទៅលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើននាក់ ដែលបានសំណូមពរក្នុងហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំទទួលបានហើយ។ ឆ្លើយមិនទាន់បាននៅពេលមុន ដើម្បីទុកឲ្យក្រសួងសុខាភិបាល ទុកឲ្យមុខងារសាធារណៈ ធ្វើការពិភាក្សាគ្នាលើបញ្ហាហ្នឹង។ នៅសល់មួយចំនួនទៀត កំពុងធ្វើការឲ្យមន្ទីរពេទ្យគន្ធបុប្ផា កំពុងស៊ីប្រាក់ខែនៅមន្ទីរពេទ្យគន្ធបុប្ផា។ នៅក្នុងនេះ ទាំងអស់ជាង ៦០០០ នាក់ ប៉ុន្តែ គន្ធបុប្ផាស្រូបជាង ១០០០ នាក់។ អញ្ចឹង កំពុងស៊ីប្រាក់ខែនៅទីនោះ អាហ្នឹងអត់មានជាបន្ទុកថវិកាជាតិទេ …។
នៅតែខិតខំបន្តតម្លើងប្រាក់ខែជូនគ្រូបង្រៀន គ្រូពេទ្យ
យើងបានប្រឹងប្រែង ដើម្បីឲ្យមានជួរគ្រូបង្រៀន … មុននេះយើងប្រើទ្រឹស្តីត្រឹមតែអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ។ ឥឡូវវាមិនអញ្ចឹងទៀតទេ យើងមានស្តង់ដារអប់រំរបស់យើង ១២+២, ១៦+១ បរិញ្ញាបូកមួយ។ អញ្ចឹង ចំណុចទាំងអស់នេះ ហើយបើទោះបីថាប្រាក់ខែរបស់ប្រទេសយើងវាមិនទាន់ច្រើន ក៏ប៉ុន្តែ យើងបានខិតខំតម្លើងបៀរវត្សគ្រូបង្រៀនរបស់យើង គ្រូពេទ្យរបស់យើងឲ្យកាន់តែច្រើនឡើងៗ។ ឥឡូវនេះ បៀរវត្សរបស់គ្រូបង្រៀនទាបបំផុត សម្រាប់គ្រូបង្រៀនថ្នាក់មត្តេយ្យ និងថ្នាក់បឋម គឺជាង ៨០ ម៉ឺនរៀល ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។ ពិនិត្យជាមួយនឹងប្រទេសជិតខាងមួយចំនួន ក៏មិនជាច្រើនជាងយើងនោះទេ។ យើងមានគោលដៅដើម្បីឆ្ពោះទៅកាន់ឆ្នាំ ២០១៨ ដែលមិនតិចជាង ០១ លានរៀល។ នេះមិនមែនជាការសន្យាខ្យល់ទេ តែជាការអនុវត្តពិត ស្របទៅតាមថវិកាដែលយើងមាន។
ហេដ្ឋារចនាសម្ព័ន្ធ ជាចំណុចសំខាន់មួយ បម្រើឲ្យវិស័យអប់រំ
ជាមួយគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទ្រទ្រង់ដទៃទៀត ទាក់ទងជាមួយនឹងបណ្តាញផ្លូវ និងមធ្យោបាយនានាបម្រើឲ្យវិស័យអប់រំ ក៏បានខិតខំធ្វើច្រើនណាស់។ សូម្បីតែអគារនៅកន្លែងនេះ ខ្ញុំនៅនឹកស្រមៃរោងដំបូលទូក។ ឆ្នាំ ១៩៧៩ ខ្ញុំមកឧទ្ទេសនាម សម្រាប់វិក្រឹត្យការគ្រូបង្រៀននៅហ្នឹង។ ខ្ញុំមកឧទ្ទេសនាមពីសភាពការណ៍អន្តរជាតិ ព្រឹក/ល្ងាច ជួនកាលដល់យប់ទៀត ហើយបើថាដល់យប់ បញ្ឆេះកូនម៉ាស៊ីនតូចមួយ។ កុំទៅរកម៉ាស៊ីនត្រជាក់អីណា? នៅក្រោយទស្សវត្សរ៍ ៩០ ត្រឹមឆ្នាំ ១៩៩៥, ១៩៩៦ យើងជួលរោងការទេ យកមកប្រជុំគ្នាចែកសញ្ញាបត្រ។ ក្រោយមកខ្ញុំពីរនាក់ ម៉ុង ឫទ្ធី ក៏ធ្វើរោងដំបូលទូក ដូចទ្រុងមួយអញ្ចឹង។ ក្រោយមកទៀត ជាមួយ ម៉ុង ឫទ្ធី នេះ ថាល្មមដល់ពេលហើយ យើងធ្វើអាហ្នឹងមួយ ដល់ធ្វើអាហ្នឹងទៅ គ្រប់កន្លែងគេមកខ្ចីប្រើប្រាស់ …។ នៅតាមកន្លែងនានា ដូចជាវិទ្យាស្ថានបច្ចេកវិទ្យា ក៏មានសាលសហសិក្សា … ដូចជាសាលាចំការដូង សាកលវិទ្យាល័យស្វាយរៀង សុទ្ធតែមានអគារបែបនេះ។ ដែលហៅថាហេដ្ឋារចនាសម្ព័ន្ធ មិនសំដៅទៅលើសាលាមួយមុខនោះទេ ខ្ញុំក៏ចង់និយាយតភ្ជាប់ទាក់ទងទៅនឹងបញ្ហាផ្លូវផងដែរ ដើម្បីឲ្យកូនសិស្ស ឲ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរ។ យើងត្រូវធ្វើផ្លូវ ធ្វើស្ពាន ហើយធ្វើផ្លូវ ធ្វើស្ពាននេះ សមធម៌បំផុតហើយ។ សមធម៌យ៉ាងម៉េច? អ្នកមានក៏ជិះលើហ្នឹងបាន ក្រក៏ជិះលើហ្នឹងបាន។ បែងចែកថវិកាសម្រាប់ការអភិវឌ្ឍ គឺបែងចែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវ ជាថ្នល់ ជាប្រឡាយទឹក ជាស្អីៗហ្នឹង អាហ្នឹងគឺថា សមធម៌បំផុតហើយ។
មិនកាត់ក្បាលតម្រូវមួក កាត់ជើងតម្រូវស្បែកជើងទេ/ធ្វើដូចប្រទេសជឿនលឿនធ្វើដូចប្រទេសណា?
យើងបន្តការខិតខំ ដើម្បីធ្វើឲ្យមនុស្សប្រជាជនរបស់យើងមានការចេះដឹងឡើង ក្នុងចំណោម យុវជន កុមារ ដែលត្រូវបណ្តុះពីកុមារឡើងមក … សាកលវិទ្យាធិការ ឈួន ចាន់ថន បានលើកឡើងថា ឲ្យដូចប្រទេសនានា។ ពាក្យថាឲ្យរឹងប៉ឹងថែមទៀត ដូចប្រទេសជឿនលឿននានាក្នុងសកលលោក … ឥឡូវប្រទេសជឿនលឿននានាលើសកលលោក ជាប្រទេសណាដែលយើងគួររៀន? សូមដាក់ជាសំណួរមួយ។ ប្រទេសខ្លះ ធ្វើអ្នកមាន អាងដើរវ៉ៃគេ តើយើងគួររៀន? ប្រទេសខ្លះជាប្រទេសអ្នកមានអាងដាក់ទណ្ឌកម្មគេ ប្រទេសខ្លះធ្វើតាមវិធីនេះ ប្រទេសខ្លះធ្វើតាមវិធីនោះ វាមិនដូចគ្នាទេ នៅលើពិភពលោកមិនទាន់មានស្តង់ដារមួយទេ។ ស្តង់ដារច្រើនណាស់។ អញ្ចឹងហើយ បានជាខ្ញុំកម្រប្រើពាក្យថា ឲ្យដូចប្រទេសជឿនលឿននានាលើពិភពលោក។ ប្រទេសជឿនលឿនមានច្រើនដែរ តើយើងធ្វើតាមអ្នកណា(ប្រទេសមួយណា)? យកអ្វីធ្វើជាគំរូ? ជួនកាលគេទៅមុនយើង ២០០ ឆ្នាំបាត់ទៅហើយ យើងទើបចាប់ផ្តើមរខេករខឹក ហើយទៅធ្វើឲ្យដូចគេយ៉ាងម៉េច?
នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើកំណែទម្រង់ឆ្នាំ ១៩៨៥ លើបញ្ហាដីធ្លី ការផ្តល់កម្មសិទ្ធិដីធ្លី ផ្ទះសំបែងឲ្យប្រជាពលរដ្ឋពេលនោះ បន្តិចក្រោយមកនៅសហភាពសូវៀត ហ្គ័របាឆេវ (Mikhail S. Gorbachev) ចាប់ផ្តើមធ្វើបេរ៉េស្ត្រូយកា (perestroika) និង ក្លាសណូស្ត (glasnost)។ ឥឡូវ ខ្ញុំទទួលបានរូបថតហ្នឹងត្រឡប់មកវិញ កាលខ្ញុំទៅចូលរួម ៧ មករា ឆ្នាំ ១៩៨៨ នៅខេត្តកំពត។ ខ្ញុំទៅងូតទឹកឈូរ ហើយគេថតបាន។ ជំនាន់នោះមានស្អី? ខោរបស់ខ្ញុំពេលនោះ ដូចស្បង់លោក ប៉ុន្តែ មានលីអូពីខាងក្នុងដែរ មិនមែនអត់ទេ។ គេថតបាន ហើយគេដាក់ថា «លិចឬអណ្តែត» នៅលើក្របអត្ថបទ(នៃទស្សនាវត្តី) ASIAWEEK។ កាលហ្នឹងនៅផ្សាយនៅឡើយ។ មុន(ពេល)ចុះងូតទឹក ក៏បានអោយសម្ភាសន៍ជាងមួយម៉ោង ជាមួយ Jacques Bekaert ។ គាត់សួរខ្ញុំថា “អ្នកឯងធ្វើតាម ហ្គ័របាឆេវ ឬយ៉ាងណា? នៅក្នុងពេលកម្ពុជាកំពុងជម្រុញកែទម្រង់ ធ្វើម៉េចឲ្យទទួលស្គាល់កម្មសិទ្ធិដីធ្លីលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលបានរស់តាំងពី ១៩៧៩ មក។ ខ្ញុំបានឆ្លើយតបជាមួយអ្នកកាសែតថា “ខ្ញុំមិនកាត់ក្បាលតម្រូវមួកទេ ច្បាស់ជាកាត់មួកតម្រូវក្បាលហើយ ខ្ញុំមិនកាត់ជើងខ្ញុំតម្រូវស្បែកជើងទេ ខ្ញុំត្រូវកាត់ស្បែកជើងតម្រូវជើងខ្ញុំ។ សភាពការណ៍ ប្រទេសខ្ញុំមិនដូចសភាពការណ៍ប្រទេសសូវៀតទេ អញ្ចឹង ខ្ញុំក៏មិនអាចយកអ្នកណាមួយធ្វើជាគ្រូ។ ខ្ញុំធ្វើតាមស្ថានភាពនៃប្រទេសរបស់ខ្ញុំ”។
ឥឡូវនេះ វាក៏ដូចគ្នាដែរ ធ្វើតាមអ្នកណា? បើធ្វើតាមនៅអឺរ៉ុប ធ្វើតាមក្រិច គិតតែខ្ចីលុយគេ គិតតែបន្ថយប្រាក់ចំណូល ហើយបង្កើនពន្ធ។ (ឯ)បារាំងវិញ នយោបាយរបស់ប្រធានាធិបតី François Hollande ជម្រុញការចំណាយ ដើម្បីជម្រុញកំណើន ក៏ប៉ុន្តែឥឡូវវាទៅជាអត់។ អង់គ្លេសកំពុងធ្វើប្រជាមតិថា(គួរ)នៅក្នុងសហគមន៍អឺរ៉ុបទៀតឬអត់? ក្នុងអង់គ្លេសខ្លួនឯង បន្តិចៗ ស្កុតឡែនទាមទារធ្វើប្រជាមតិ ធ្វើប្រជាមតិម្តង រដ្ឋបាលកណ្តាលត្រូវឲ្យអំណាចថែមបន្តិច ប្រាក់ចំណូលថែម បើមិនអញ្ចឹងអញផ្តាច់ខ្លួន។ ប្រឹងធ្វើតាមយើង យើងរៀនសូត្រពីគេ ប៉ុន្តែយកមកច្នៃកិនដូចត្បាល់អញ្ចឹងចេញមកកម្ពុជា។ ប្រាសាទអង្គរវត្ត ដូនតារបស់យើងមិនមែនមិនរៀនសូត្រពីប្រទេសនានាទេ បើតាមប្រវត្តិប្រាង្គប្រាសាទនៅកម្ពុជា ក៏ប៉ុន្តែសួរមើលប្រាង្គប្រាសាទនៅកម្ពុជា តើដូចទៅនឹងប្រាង្គប្រទេសដែលមានប្រាង្គប្រាសាទចំណាស់ជាងគេទេ? អត់ទេ! ចំនុចនេះយើងត្រូវរៀនសូត្រពីដូនតារបស់យើងវិញល្អជាង។ ថាឲ្យធ្វើដូចប្រទេសជឿនលឿន ខ្ញុំមិនដឹងថាធ្វើដូចប្រទេសណាផង។ ខ្ញុំនឹករកវាមិនឃើញ អាចមានបទពិសោធន៍ខ្លះវាត្រូវនឹងយើង ប៉ុន្តែ កុំទាញយកមកទាំងដុល កុំគម្ពីនិយម ធ្វើតាមសភាពជាក់ស្តែងរបស់កម្ពុជា។
… និយាយរឿងនេះទៅចុះ។ ដែលកន្លងទៅធ្វើព្រឹបៗភ្លាម ដល់តែពិបាកចេញតាមសារាចរណ៍ពេក ចេញតាមហ្វេសប៊ុកលឿន។ ម៉ូតូមួយប្រទេសតម្រូវឲ្យមានប័ណ្ណបើកបរចាប់តាំងពី ៤៩cc …។ ខ្ញុំសួរសម្តេចក្រឡាហោម ស ខេង សួរឯកឧត្តម ត្រាំ អ៊ីវតឹក ខ្ញុំថាដូចជាមិនចាំបាច់ទេ ចាំបាច់មករៀនស្អី ព្រោះ(បាន)ប័ណ្ណបើកបរមិនត្រូវមករៀន ហើយជួនកាលមួយគ្រួសារមានម៉ូតូតែមួយ ប៉ុន្តែមនុស្សជិះដល់ទៅបួននាក់។ ខ្ចីម៉ូតូបាន ប៉ុន្តែមិនអាចខ្ចីប័ណ្ណបើកបរបានទេ ព្រោះប័ណ្ណបើកបរឈ្មោះម្នាក់ … អញ្ចឹងវារំខាន វា(ធ្វើឲ្យ)រវល់ប្រជាជនណាស់។ អញ្ចឹង បានជាកំណត់ឡើងវិញ ចាប់ពី ១២៥cc ចុះក្រោម មិនបាច់មានប័ណ្ណទេ។ សំខាន់បំផុតប្រជាជនចេះច្បាប់ចរាចរណ៍ ចេះបើកបរអោយស្ទាត់ជំនាញ កុំឲ្យគ្រោះថ្នាក់ចរាចរណ៍ទៅវាចប់ហើយ។ អត់មានអ្នកណាស្រែកទេ។ ហ្នឹងហើយដែលយើងប្រមូលមតិប្រជាជនរបស់យើង និងសំណូមពរជាក់ស្តែង ហើយដែលយើងអាចធ្វើទៅរួច គឺយើងធ្វើ។ ចំនុចនេះ ខ្ញុំគ្រាន់តែថាការប្រើភាសាធ្វើឲ្យបានដូចប្រទេសជឿនលឿននោះ ខ្ញុំរកវាមិនទាន់ឃើញ។ យើងធ្វើដូចប្រទេសនេះវាមិនកើត ធ្វើដូចប្រទេសនោះ វាមិនកើត ព្រោះសភាពការណ៍ខុសគ្នា។ ខ្មែរស៊ីប្រហុក បារាំងស៊ីប៊័រ ឲ្យយើងទៅធ្វើដូចគេយ៉ាងម៉េច …។
… ប្រទេសខ្លះប្រព័ន្ធគ្រប់គ្រងតាមបែបប្រធានាធិបតី ប្រទេសខ្លះប្រព័ន្ធគ្រប់គ្រងតាមរបៀបសភា។ ប្រទេសខ្លះពាក់កណ្តាលៗ ហើយប្រព័ន្ធប្រធានាធិបតី ក៏ខុសគ្នាទៀត។ ប្រធានាធិតីហ្វីលីពីនដែលឈ្នះឆ្នោតបាន ៣៨% ឬ ៣៩%ទេ ឡើងធ្វើប្រធានាធិបតី ប៉ុន្តែ នៅប្រទេសបារំាងអត់ទេ បោះមួយជុំទៅអញ្ចឹង អ្នកណាមិនគ្រប់ ៥០ ភាគរយទេ ត្រូវបោះជុំទី ២ ប្រព័ន្ធវាមិនដូចគ្នា។ អញ្ចឹង បានខ្ញុំស្នើថា អ្នកខ្លះចូលចិត្តណាស់ បរទេសនេះគេធ្វើអញ្ចេះ បរទេសនោះគេធ្វើអញ្ចុះ ប៉ុន្តែ ជួនកាលខ្លួនអត់ដែលទៅស្គាល់ប្រទេសនោះផង ទៅហ៊ានអះអាងដែរនោះ។ អានេះខ្ញុំគ្រាន់តែលើកអំពីចំណុចនេះឡើង ដើម្បីឲ្យយើងដឹងថា ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ត្រូវចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដែលយើងមានលទ្ធភាព និងសមត្ថភាពដែលយើងអាចធ្វើទៅបាន ហើយធនធានមនុស្ស ការកាត់បន្ថយកម្រិតចំណេះដឹង គឺធ្វើបានពិតប្រាកដ។
បក្សប្រឆំាងមួលបង្កាច់ ហ៊ុន ម៉ាណែត ជាកូនមេដឹកនំាវៀតណាម
… ក្នុងគ្រួសាររបស់ខ្ញុំៗ ចេះតែព្រួយថា តើកូនប្រុស ហ៊ុន ម៉ាណែត របស់ខ្ញុំដែលកើតជំនាន់ ប៉ុល ពត នេះ មិនអាចរៀនស្មើនឹងកូនៗ ដែលកើតនៅភ្នំពេញទេ។ ខ្ញុំចេះតែបារម្ភ ព្រោះវិទ្យាសាស្ត្រគេថា មិនសូវមានជីវជាតិ។ កូនមួយនេះ កើតក្នុងដំណាក់កាលជាប់គុករបប ប៉ុល ពត ម្តាយអត់មានទឹកដោះគ្រប់គ្រាន់ទេ ត្រូវច្បូតបបរពោតអោយវាបៅថែម។ ប៉ុន្តែ បែរជាកូនមួយនេះ មានកាយសម្បទា និងរៀនសូត្រពូកែ។ គឺជាជនជាតិកម្ពុជាទី ១ ដែលមានសមត្ថភាពប្រឡងចូលបណ្ឌិតសភាយោធា West Point របស់អាមេរិក ដែលពេលមុនទំនាក់ទំនងរវាងយោធាកម្ពុជា និងយោធាអាមេរិកមានរួចមកហើយ ប៉ុន្តែ មិនទាន់មានកូនខ្មែរណាមួយចូលសាលាហ្នឹងបានទេ។
ប៉ុន្តែរឿងគួរអោយហួសចិត្តនោះ ឥឡូវ គេបានបង្ហោះតាមហ្វេសបុកថា ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ ហ៊ុន សែន ទេ។ អោយមើល DNA ទៅ … ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់ខ្ញុំដ៏កំសត់។ ភរិយារបស់ខ្ញុំកំសត់ណាស់។ រៀបការជាមួយខ្ញុំ ទម្រាំបានរៀបការ ខ្ញុំបាននិយាយពីប្រវត្តិខ្ញុំអស់ហើយ ប្រហែលជាមនុស្សមួយចំនួនបើកមើលហើយ ថារឿងស្អីបាននំាទៅដល់ការស្គាល់គ្នា(រវាងយើង)។ កូនទាហានវាផ្សំផ្គុំ ដល់ចាប់ស្គាល់គ្នាហើយស្រឡាញ់គេ របួសពិការហើយ ភរិយាខ្ញុំនៅតែយកខ្ញុំទៀត។ ថ្ងៃ ១០ វិច្ឆិកា ១៩៧៦ កូនទី ១ បានស្លាប់ នេះជាទុក្ខសោកធំណាស់ សម្រាប់ឪពុកម្តាយ។ ខ្ញុំអត់មានសមត្ថភាព ដើម្បីយកកូនខ្ញុំទៅកប់ដោយផ្ទាល់ដៃទេ មិនដឹងថាកូនខ្ញុំគេកប់នៅឯណាទេ? បន្ទាប់ទៅខ្ញុំ មានកូនទី ២ គឺ ហ៊ុន ម៉ាណែត នេះឯង។ គេនៅក្នុងពោះម្តាយ ៥ ខែ ខ្ញុំត្រូវចាកចេញដឹកនំាការតស៊ូ។ ភរិយាខ្ញុំ និងកូនខ្ញុំវេទនាណាស់។(ក្រោយ)រំដោះហើយរកមិនឃើញទៀត។ មេដឹកនំា ទំាងឡាយជួបជុំប្រពន្ធកូន សប្បាយនឹងគេ ប៉ុន្តែ ខ្លួនឯងដេកយំ តើប្រពន្ធខ្ញុំស្លាប់ឬរស់? ខ្ញុំអត់និយាយរឿងកូនទេ ប៉ុន្តែ បញ្ហាចំណោទសួរដំបូង សួរប្រពន្ធខ្ញុំស្លាប់ឬរស់។ រហូតដល់ថ្ងៃ ២៤ ខែ កុម្ភៈ ឆ្នំា ១៩៧៩ ក្រោយពេលរំដោះ ទើបខ្ញុំជួបប្រពន្ធកូនខ្ញុំឡើងវិញ។ … ហ៊ុន ម៉ាណែត ហៅខ្ញុំ(ពូ) ០២ ខែ។ ខ្ញុំចូលទៅជិតម្តាយរបស់វា វាអត់អោយចូលទៅជិតទេ ទាល់តែវាដេកលក់ទើបយើងមានលទ្ធភាព។ នេះជារឿងអណោចអាធម។
… ប៉ុន្តែ ខ្ញុំអត់នឹកស្មានថា ពួកប្រឆំាងអាចធ្វើអំពើថោកទាបបែបនេះបានទេ។ អត់នឹកដល់។ ដូច្នេះ ខ្ញុំក៏ត្រូវប្រកាន់ឥរិយាបទមួយ ដែលខ្ញុំបាននិយាយហើយ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ។ ថ្នាក់ដល់ថា កូនរបស់ខ្ញុំនេះ ប្រពន្ធរបស់ខ្ញុំនេះ ជាប្រពន្ធរបស់មេដឹកនំាវៀតណាមណាមួយនោះ រួចហើយបានកូន ហ៊ុន ម៉ាណែត នេះ យកទៅអោយ សុខ អាន ចិញ្ចឹម។ វាទៅធ្លាក់ដល់អី សុខ អាន ឯណោះ។ គេអាច(ធ្វើ)ទៅរួច មួលបង្កាច់បែបនេះទៅរួច តើរឿងស្អីទៀត ដែលគេមិនអាចមួលបង្កាច់បាន? … (កាល ម៉ាណែត) ទៅអាមេរិក (គេ)ធ្វើបាតុកម្មគ្រប់កន្លែង តែអ្នកធ្វើបាតុកម្ម ៥០ នាក់ ឯអ្នកចូលរួមទទួល ហ៊ុន ម៉ាណែត មាន ៥០០ ឬលើស ៥០០(នាក់) … ដល់ធ្វើអីមិនចេញ បង្ហោះហ្វេសបុកគ្រិប។ ហ្នឹងមិនមែនជារឿងថ្មីរបស់បក្សប្រឆំាងទេ។ សុំផ្តំាទៅខាងបក្សប្រឆំាង បើអ្ននឯងចង់លេង ខ្ញុំកំដរលេងជាមួយអ្នកឯង។ កូនប្រុសរបស់ខ្ញុំថា ឥឡូវពុកខ្ញុំសុំប្រកាសតែម្តង ត្រូវដាក់ខសន្យាជាមួយគ្នា បើពិនិត្យ DNA ទៅ ខ្ញុំជាកូនពុក អ្នកឯងត្រូវដកខ្លួនចេញពីនយោបាយ។ ផ្ទុយទៅវិញ បើខ្ញុំមិនមែនជាកូនរបស់ពុកមែន គឺខាងយើងក៏ត្រូវដកខ្លួនពីនាយករដ្ឋមន្ត្រីដែរ។ ខ្ញុំសរសេរត្រឡប់ទៅវិញថា កុំរវល់ជាមួយពួកវា។
… ហ៊ុន ម៉ាណែត គឺជាមនុស្សដែលនឹងនរជាងគេក្នុងចំណោមកូន ក៏ប៉ុន្តែ វាអត់ទ្រំាមិនបានជាមួយនឹងការប្រមាថ។ ប្រមាថប្រពន្ធរបស់ខ្ញុំទៅនឹងស្រីរបស់មេដឹកនំាវៀតណាមម្នាក់ ប្រមាថកូនរបស់ខ្ញុំទៅជាកូនរបស់មេដឹកនំាវៀតណាមម្នាក់។ ខ្ញុំសូមប្រាប់អោយហើយ ចំណុចនេះមួយដាច់ខាត់ហើយ … អ្នកឯងមិនចំាបាច់រកដៃ ហ៊ុន សែន ជួយធ្វើអីទេ។ ដំណើរការក្តីរបស់តុលាការ គឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយ ហ៊ុន សែន ទេ។ កុំមកនិយាយ។ ខ្ញុំឲ្យសារទៀត។ អ្នកឯងយកទៅផ្សាយ បើអ្នកឯងយកទៅផ្សាយខុស អ្នកឯងត្រូវទទួលខុសត្រូវលើកនេះ … យកល្អអ្នកឯងកុំនិយាយពីខ្ញុំតែម្តង។ ម្សិលមិញ ខេមបូឌា ដេលី ចំណងជើងទៅផ្សេងទៅ។ ឥឡូវ កុំផ្សាយតែម្តងទៅល្អ និយាយឲ្យត្រង់ៗ គេនិយាយ ទូរទស្សន៍គេចាក់គ្រប់ប៉ុស្តិ៍។ ឯងទៅបំភ្លៃគេទៀត។ បរទេសគ្នាស្តាប់ខ្មែរអត់បាន គ្នាមើលអត្ថបទអង់គ្លេសវាមិនងាប់។ ឥឡូវ ខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នកឯងហ៊ានផ្សាយខុសពីខ្ញុំ។ យកល្អអ្នកឯងកុំនិយាយពីខ្ញុំ ធ្វើជាស្អប់ខ្ញុំ ធ្វើជាអត់មាន ហ៊ុន សែន តែម្តងទៅ វាល្អជាង។
អំពីគណៈកម្មការកម្មវិធីប្រឡងចម្រៀង The Voice Season 2
… ឥឡូវខ្ញុំនិយាយពីខូចទំាងបួនវិញ … ស្អីទៅខូច(Coach)ទាំងបួន? មើលយុវជនៗ ខូច(Coach)ទាំងបួនស្អី? The Voice ជាកម្មវិធីនៃទូរទស្សន៍ហង្សមាស The Voice លើកទី ១ និង The Voice លើកទី ២។ ហើយមាន Idol ឥឡូវ The Voice នេះ គេកំពុងតែជម្រុះរវាងកូនក្រុមនឹងកូនក្រុម។ ការពិតកម្មវិធីមួយនេះគឺល្អ ទោះបីថាវាច្រៀងអញ្ចឹង ប៉ុន្តែ អ្នកដែលជាប់ចេញពីកម្មវិធីប្រឡងហ្នឹង បានទៅច្រៀងនៅតាមកន្លែង(ផ្សេង) ហើយច្រៀងបានគ្រប់ម៉ូដែល។ ប៉ុន្តែ រឿងដែលគួរឲ្យអស់សំណើចនោះ នៅត្រង់ថា គ្រូបង្វឹក(ដែល)អង់គ្លេសគេហៅ Coach នោះ អ្នកធ្វើអត្ថាធិប្បាយថា សុំ Coach ទាំងបួនផ្តល់មតិ ហ្នឹងសុទ្ធតែពួកខូច(?) …។ Coach ឱក សុគន្ធកញ្ញា, Coach ពេជ្រ សោភា, Coach ណុប បញ្ញារឹទ្ធិ, Coach ឆន សុវណ្ណរាជ សុទ្ធតែពួកខូចតែម្តង … ប៉ុន្តែ កម្មវិធីគេតម្រូវឲ្យហៅអញ្ចឹង។ តាមពិតគឺគេមានន័យថាគ្រូបង្វឹកទេ។ ឥឡូវ កំពុងតែជម្រុះ។ ដំបូងគេដណ្តើមយកអ្នកល្អៗ យកមកធ្វើកូនក្រុម។ ឥឡូវ ដល់គ្រូកំពុងវេទនា ត្រូវទម្លាក់កូនក្រុមខ្លួនឯងចេញ ព្រោះយកអាខ្លាំងទៅបុកជាមួយខ្លាំង។ អញ្ចឹង អាខ្លាំងដែលខ្លួនខំរើសមក ត្រូវតែធ្លាក់មួយ។ មានអ្នកខ្លះក៏មានសំណាងបានគ្រូមួយទៀតសង្គ្រោះយកទៅ។ ចាំមើលដល់វគ្គ Live Show។ យ៉ាងណាខ្ញុំក៏ Vote រហូតដែរ។ កើតក្នុងដំណាក់កាលខ្ញុំដឹកនាំ ខ្ញុំត្រូវយល់ពីវា។ វាមិនមែនកើត ក្នុងដំណាក់កាលនៃបក្សប្រឆាំងដឹកនាំឯណា? អញ្ចឹង ខ្ញុំត្រូវសរសើរគ្រប់កម្មវិធី ខ្ញុំត្រូវមើលកម្មវិធីហ្នឹងដែរ … ជាកម្មវិធីជក់ចិត្តដែរ។ តែល្ងាចថ្ងៃ អាទិត្យ ម៉ោង ០៨ រហូតជួនកាលម៉ោងជិត ១២ យប់ឯណោះ។ ប៉ុន្តែ ចាំដល់វគ្គ Live Show អាហ្នឹងគេបើកឱកាសឲ្យបោះឆ្នោតយ៉ាងម៉េច យើងបោះទៅ។
អំពីកម្មវិធីខ្ញុំជាយុវជនគម្រូ និងរាំញីកែងជើង
នៅក្នុងកម្មវិធីខ្ញុំជាយុវជនគំរូ កំពុងតែចាប់ផ្តើមបោះ(ឆ្នោតគាំទ្រ)នៅក្នុងហ្វេសប៊ុករបស់ខ្ញុំ។ ពីរវគ្គរួច មកហើយ។ វគ្គទី ១ ខ្ញុំទៅចូលរួម, វគ្គទី ២ ខ្ញុំបញ្ជូនតំណាង, ឥឡូវ វគ្គទី ៣ គឺថ្ងៃហ្នឹងបោះឆ្នោត បន្តការបោះ ឆ្នោត។ ព្រោះអញ្ចេះ ដាក់ពាក្យមកធ្វើអំពីសកម្មភាពមួយចំនួន សុំចូលមកតាមវ៉ែបសាយត៍របស់នាយករដ្ឋ មន្ត្រី។ ដាក់បញ្ជូលមក អំពីសកម្មភាពមនុស្សធម៌ អាចធ្វើជាកំណាព្យ អាចធ្វើវីដេអូ អាចស្អីៗហ្នឹង គេមាន ណែនាំក្នុងហ្នឹង។ យកចូលមក ឧទាហរណ៍ថា ១០០, ក្នុង ១០០ ហ្នឹង គេដាក់ឲ្យបោះឆ្នោតតាមប្រព័ន្ធអេ ឡិចត្រូនិច តាមវ៉ែបសាយត៍របស់នាយករដ្ឋមន្ត្រី ចំនួនដូចជា ០៤ ថ្ងៃ បោះឆ្នោត ០៤ ថ្ងៃ ជម្រុះនៅសល់ ១០ (នាក់) ដល់សល់ ១០ (នាក់) នេះ ត្រូវយកមកបោះ(ឆ្នោត)នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។ អញ្ចឹងទេ ១០ នាក់ ដែលត្រូវយកមកបោះ(ឆ្នោត) ដើម្បីរកអ្នកឈ្នះទី ១។ អាវគ្គទី ២ ហ្នឹង អ្នកដែលឈ្នះគឺធ្វើវីដេអូឃ្លីបអំពីការរៀបចំណីអាហារសម្រាប់អ្នកក្រីក្រ បាន(ការគាំទ្រ) ១១.០០០ សម្លេងជាង។
ខ្ញុំកំពុងគិតថា ដោយសារម្តងយើងមាន ១០ នាក់ ទោះបីមាន Top 1 ប៉ុន្តែ វាមាន ១០ នាក់ បើនិយាយពីរង្វាន់វិញ ខោអាវកីឡា ហើយកីឡាហ្នឹងកីឡាបាល់ទាត់ទៀត។ ខ្ញុំគិតថា ប្រហែលជា ០៥-០៦ វគ្គ ទៅតាមការជាក់ស្តែង ខ្ញុំអាចអញ្ជើញក្មួយៗទាំង ១០ នាក់ មួយវគ្គ ១០ នាក់ៗ អញ្ជើញត្រឡប់មកវិញ មកជួបជុំជាមួយនាយករដ្ឋមន្ត្រីម្តង ដើម្បីពន្យល់គេ។ ខ្ញុំធ្វើបាឋកថាផ្ទាល់ឲ្យទៅក្មួយៗ ដែលបានចូលរួមនៅក្នុងកម្មវិធីខ្ញុំជាយុជនគម្រូ ដែលនេះជាគោលដៅដើម្បីជម្រុញឲ្យយុវជនកម្ពុជាធ្វើអំពើល្អសម្រាប់សង្គម។ ដើរទន្ទឹមនឹងការជម្រុញបច្ចេកវិទ្យាព័ត៌មាន ទាល់តែក្មួយៗ ចេះប្រើប្រាស់គេហទំព័រ ចូលដាក់ពាក្យរបៀបម៉េចអីរបៀបម៉េច? យុវជនដទៃទៀត ចេះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចបែបណា? អញ្ចឹង វាមានប្រតិសកម្មធំធេងរបស់វា។ ខ្ញុំកំពុងគិតថា នឹងរៀបចំកម្មវិធី ដោយធ្វើបាឋកថាមួយម៉ោង ឬមួយម៉ោងកន្លះ សម្រាប់ពួកគេ មានការជួបជុំគ្នាមួយនៃយុវជន ដែលចេញពីការប្រកួតប្រជែងតាមរយៈគេហទំព័រ និងហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។ ត្រូវចាយពេលបន្តិច ដើម្បីឲ្យមានចលនាយុវជនមួយឆ្ពោះទៅរកការកសាងអំពើល្អ និងប្រើបច្ចេកវិទ្យាព័ត៌មាន។ នេះជាអ្វីដែលខ្ញុំចង់បាន។
ហើយការរាំញីកែងជើងហ្នឹង គឺថា ចេះអស់ហើយឬនៅ? ទៀ បាញ់ រាំល្អ សុទ្ធតែបង្ហោះពី មូស្គូ មក សុទ្ធតែ សិស្សនាយទាហាន ហើយកងរាជអាវុធហត្ថខេត្តកោះកុង គឺរាំល្អណាស់។ អានេះពង្រឹងសមត្ថភាពកម្លាំង កាយ ទាំងជើងទាំងស្អីតែម្តង។ ប្រយ័ត្នអស់កែងជើង។ នៅត្រង់ណាមួយនោះចាក់ក្នុងថ្លុក ទៅរាំក្នុងថ្លុក ដែលមានទឹក ចាស់ៗ ស្រីៗ ទៅរាំញីកែងជើង …។
អំពីសារព័ត៌មានខេមបូឌាដេលី និងភ្នំពេញប៉ុស្តិ៍
ចាំមើល (ដែល)ខ្ញុំនិយាយអាហ្នឹង តើ ខេមបូឌា ដេលី ហើយនឹង ភ្នំពេញប៉ុស្តិ៍ចុះ ឬអត់? បើកុំចុះ កុំចុះ ទាំងពីរ? ប៉ុន្តែ មនុស្សមើលតាមហ្វេសប៊ុក … កុំភ្លេចថា គេក៏ដឹងដែរណា? ខ្ញុំកំពុងតែនិយាយ ក៏មានអ្នកកំពុងមើល(ការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុក) ចំនួន ១៦.១២៩ នាក់។ កុំភ្លេចថា គេទទួលព័ត៌មានមុន លោកឯងសរសេរទៅទៀត … ស្អីក៏យកគ្នាធ្វើដូចជាសត្រូវសួរពូជពីអង្កាល់? អ្នកខ្លះ បងប្អូនខ្លះ ត្រូវគេដេញចេញពីវិទ្យុអាស៊ីសេរីប៉ុន្មានលើកប៉ុន្មានសារហើយ។ ធ្លាប់តែនៅវិទ្យុគេ គឺជេរតែរដ្ឋាភិបាល ប៉ុន្តែ ធ្វើម៉េចខ្លួនសរសេរ(ព័ត៌មាន)ឲ្យគេទៅហើយ។ ពេលគេបញ្ឈប់ពីការងារនៅទីនោះ ខ្ញុំតែងតែប្រាប់ថា ឲ្យជួយយកបងប្អូនហ្នឹងមកធ្វើការនៅក្នុងក្រុមហ៊ុនទូរទស្សន៍ ឬក៏វិទ្យុរបស់យើងខាងនេះ ជាតិសាសន៍របស់យើង។ សុំមេត្តាយោគយល់។
អបអរសាទរសាជាថ្មីម្តងទៀត ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ក៏ដូចជា អបអរ សាទរចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងថ្នាក់បណ្ឌិតកិត្តិយស ទាំងថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ ហើយក៏អបអរសាទរចំពោះ មាតា បិតា អាណាព្យា បាលរបស់និស្សិតទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ហើយអរគុណណាស់ ដែល បានផ្តល់ឱកាស សម្រាប់កូនចៅរបស់ខ្លួនបានទទួលនូវការសិក្សា។ អរគុណចំពោះការចូលរួមរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុងថ្ងៃនេះ។ ហើយសុំជូនពរឲ្យមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕