ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរូមព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកកាត់ឫសសីមា បញ្ចុះសីមានៅវត្តសិរីឧត្តម ហៅវត្តត្របែក នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដូច្នេះ កាលពី ៣ ឆ្នាំមុន ក៏បានមកកាត់ឫសសីមាវត្តមួយទៅហើយ នៅឃុំពានរោងរបស់យើងនេះ។ ហើយថ្ងៃនេះ ក៏នឹងកាត់ឫសសីមាមួយទៀត នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ អម្បាញ់មិញ ឯកឧត្តម ជា សុមេធី បានរំលឹកទៅដល់វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ចំថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៣ កាលពី ៣ ឆ្នាំមុននោះ គឺនៅឯស្រុកពារាំង ខេត្តព្រៃវែង។ ថ្ងៃនេះ ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ មានវត្តមានដើម្បីចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជាមួយជនរួមជាតិ ដើម្បីបញ្ចុះសីមាដាក់ឲ្យប្រើប្រាស់នូវព្រះវិហារ តាមពិធីសាសនាផង និងតាមពិធីបែបអាណាចក្រផងដែរ។
ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តល់ឱកាសឲ្យខ្ញុំព្រះករុណាខ្ញុំបានកាត់ឫសសីមានៅថ្ងៃនេះ ហើយខ្ញុំព្រះករុណាខ្ញុំ បានទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ថាឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំកាត់ឫសសីមាតែមួយគត់ គឺកាត់ឫសសីមាវត្តនេះឯង នៅសល់តែប៉ុន្មានថ្ងៃទៀត ដាច់ឆ្នាំហើយ។ ថ្ងៃនេះ ថ្ងៃ ១១ ថ្ងៃ ១៣ ដាច់ឆ្នាំ សល់តែ ២ ថ្ងៃទៀតទេ។ សុំអភ័យទោសពីទីនេះ ទៅកាន់វត្តដទៃទៀត ដែលកន្លងទៅនេះ ខ្ញុំព្រះករុណាខ្ញុំ មិនបានទៅកាត់ឫសសីមាផ្ទាល់ ប៉ុន្តែ បានបញ្ជូនតំណាងរបស់ខ្ញុំព្រះករុណាខ្ញុំទៅកាត់ជំនួស ហើយបែរជាថ្ងៃនេះ មានវត្តមានមកកាត់ឫសសីមា នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ឯខេត្តព្រៃវែងនេះទៅវិញ។
ប្រជាពលរដ្ឋនៅតែមានជំនឿលើពុទ្ធសាសនា ទើបមានថវិកាសាងសង់
ខ្ញុំព្រះករុណាខ្ញុំអរគុណណាស់ ដែលផ្តល់នូវកិត្តិយសសម្រាប់ខ្ញុំព្រះករុណាខ្ញុំ ចូលរួមនៅថ្ងៃនេះ ហើយដែលជាថ្ងៃចុងក្រោយនៃពិធីបញ្ចុះសីមារបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដែលបានប្រឹងប្រែងគ្រប់គ្រងដោះស្រាយបញ្ហាទាំងឡាយ ផ្តល់នូវជំនឿសម្រាប់ពុទ្ធបរិស័ទ ក្នុងការចូលរួមកសាងនូវសេនាសានៈ ក្នុងទីអារាមរបស់យើងនេះ។ អរគុណចំពោះសម្តេច ក្រឡាហោម ស ខេង ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកទៅលើការសាងសង់ព្រះវិហារមួយនេះ ដែលចំណាយទឹកប្រាក់ទៅដល់ជាង ៣៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ បើគ្មានជំនឿនោះទេ ពិតណាស់ថា មិនមានថវិកាសម្រាប់សាងសង់នោះទេ ហើយប្រសិនបើជីវភាពរបស់ប្រជាពលរដ្ឋពុំមានការកើនឡើងទេក៏គ្មានថវិកាចូលរួមកសាងនូវសិលាសានៈ និងទីអារាមនេះផងដែរ ជាពិសេស គឺព្រះវិហារដែលមានតម្លៃដ៏ខ្ពស់នោះ។
វិស័យអាណាចក្រ និងពុទ្ធចក្រ ទាក់ទងគ្នាទៅវិញទៅមក
កាលពីអាទិត្យមុន ខ្ញុំព្រះករុណាខ្ញុំ បានទៅវត្តក្រពើហា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិ ដែលកសាងអស់តម្លៃជិតកន្លះលានដុល្លារអាមេរិកនោះ។ អញ្ចឹងចំណោទត្រង់នេះ ដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងអំពីវិស័យពុទ្ធចក្រ និងអាណាចក្រ។ នៅពេលដែលវិស័យអាណាចក្រច្របូកច្របល់ ពុទ្ធចក្រក៏ច្របូកច្របល់ ហើយមិនចាំបាច់តែពុទ្ធសាសនាតែឯងទេ វិស័យសាសនាទាំងអស់សុទ្ធតែទទួលរងនូវផលលំបាកដូចគ្នា។ ដូច្នេះ សន្តិភាព គឺមានតម្លៃធំណាស់ មិនគ្រាន់តែសម្រាប់បញ្ហាទាក់ទងនឹងវិស័យអាណាចក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាមានតម្លៃរបស់វា សម្រាប់វិស័យសាសនាផងដែរ។ សូមក្រឡេកមើលទៅអាទិត្យមុន។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនធុញទ្រាន់ទៅលើការនិយាយឡើងវិញនោះទេ។ ឆ្នាំ ១៩៧០-១៩៧៥ តើប្រទេសកម្ពុជាជួបប្រទះនូវអ្វីខ្លះ? សង្គ្រាមបានកើតឡើងនៅចន្លោះឆ្នាំ ១៩៧០-១៩៧៥ ពេលនោះ ទីអារាមមួយចំនួនត្រូវបានបំផ្លាញដោយសារគ្រាប់ផ្លោង ដោយសារការយកទីតាំងធ្វើជាបន្ទាយទាហាន។
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើកអំពីបញ្ហាពាក់ព័ន្ធជាមួយនឹងប្រជាជនហៅព្រះសង្ឃជួយ តែព្រះសង្ឃជួយខ្លួនឯងមិនបាន(ផង)។ នៅឯស្រុកពាមជាលាំង ដែលជាស្រុកត្បូងឃ្មុំកាលពីមុន គេបង្កើតជាស្រុក ២ ស្រុកត្បូងឃ្មុំ និងស្រុកពាមជាលាំង អញ្ចឹង ឃុំបឹងព្រួល ឃុំពាមជាលាំង ឃុំកំពុងទ្រាស ខាងក្រូចឆ្មារ ត្រូវបានកាត់បង្កើតជាស្រុកពាមជាលាំង។ សម័យថ្ងៃមួយនោះ គ្រាប់បែកយន្តហោះរបស់ លន់ នល់ ទៅទម្លាក់គ្រាប់បែក ទម្លាក់ភ្លាម ប្រជាជនស្រែកតែម្តង លោកអើយជួយផង ដល់លោក(សង្ឃ)ស្រែកមកវិញថា អាត្មាជួយមិនបានទេ។ ប្រុចចូលត្រង់សេលឿនជាងបាសកទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំនៅហ្នឹងតែម្តង។ ប្រជាពលរដ្ឋគាត់នៅមានកូនមានចៅ។ អញ្ចឹង គាត់ចូលត្រង់សេយឺតជាងព្រះសង្ឃ … បានសេចក្តីថា គ្រាប់បែកគ្រាប់កាំភ្លើងអត់ស្គាល់ព្រះសង្ឃទេ។
ផ្តួលរំលំ ប៉ុល ពត គឺរំដោះសាសនា
… នៅក្នុងដំណាក់កាលមួយនេះ គឺជាដំណាក់កាលខ្ទេចខ្ទាំ។ ប៉ុន្តែ ក៏បានមកដល់របប ប៉ុល ពត បង្ហើយតែម្តង។ ទីអារាមជាច្រើនត្រូវបានប្រែក្លាយទៅជាទីកន្លែងធ្វើទារុណកម្ម និងការកាប់សម្លាប់មនុស្សតែម្តង។ អញ្ចឹង យើងពុំមានសាសនា នៅចន្លោះឆ្នាំ ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩ ទេ។ យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីកសាងឡើងវិញនូវទីអារាមនានា ជាមួយនឹងព្រះសង្ឃតែប៉ុន្មានអង្គតែប៉ុណ្ណោះ ដែលបានបួសជាលើកដំបូង។ យើងមានព្រះសង្ឃតែមួយអង្គគត់ គឺលោកតា ឡុង ស៊ឹម ដែលពេលនោះត្រូវបានសាងផ្នួសឡើងវិញ ហើយក៏បានក្លាយទៅជាថ្នាក់ដឹកនាំក្នុងជួររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ បន្តបន្ទាប់មក បន្ទាប់ពីការរំដោះប្រទេស ទើបយើងបានបំបួសព្រះសង្ឃបន្ថែមទៀត ដែលរហូតមកដល់បច្ចុប្បន្ន ជាមួយនឹងការកើនឡើង នូវជីវភាពប្រជាពលរដ្ឋរបស់យើង វត្តជាង ៤០០០ វត្ត និងព្រះសង្ឃប្រមាណជា ៥ ទៅ ៦ ម៉ឺនអង្គ បានមានវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ បើទោះបីថាវត្តខ្លះរីកចម្រើនលឿន ខ្លះយឺត ក៏ប៉ុន្តែ អ្វីដែលជាសេចក្តីត្រូវការខាងស្មារតី ការគោរពបូជារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលបន្ទាប់ពីយើងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបើកឲ្យមាននូវសិទ្ធិសេរីភាព សម្រាប់ការគោរពនូវសាសនា មិនថាតែព្រះពុទ្ធសាសនាទេ សាសនាណាក៏អាចរួមរស់នៅជាមួយនឹងគ្នាបានដែរ នៅក្នុងប្រទេសកម្ពុជារបស់យើង។
រួមគ្នាការពារសន្តិភាព ដើម្បីឱកាសអភិវឌ្ឍ
សូមក្រឡេកទៅមើលប្រទេសមួយចំនួនផ្សេងទៀត ដែលកំពុងមានសង្គ្រាម។ ម៉ោងនេះ ពេលនេះ ប្រទេសទាំងនោះ កំពុងជួបការលំបាកខ្លាំងណាស់ ជាពិសេស នៅមជ្ឈិមបូព៌ា ដូចជា អ៊ីរ៉ាក់ ស៊ីរី យេមែន និង លីប៊ី (នៅអាហ្វ្រិកខាងជើង ព្រមទាំង) ប្រទេសខ្លះទៀត កំពុងជួបបញ្ហា រហូតដល់គេដាក់គ្រាប់បែកនៅតាមទីអារាម ព្រះវិហារនានាផងដែរ។ ចំណុចនេះហើយដែលយើងគួរធ្វើការប្រៀបធៀប និងការថ្លឹងថ្លែង អំពីចន្លោះសន្តិភាព និងសង្គ្រាម។ យើងត្រូវរួមគ្នាដើម្បីការពារនូវសន្តិភាព ដែលយើងរកបានដោយការលំបាកខ្លាំងណាស់ ទម្រាំមានសន្តិភាពមកដល់សព្វថ្ងៃនេះ។ តាមរយៈសន្តិភាពនេះ ប្រជាពលរដ្ឋមានឱកាសអភិវឌ្ឍ។ ពិតមែនហើយ ខ្ញុំព្រះករុណាខ្ញុំ យល់ដឹងអំពីការលំបាកដែលបានកើត ព្រោះគ្មានអ្វីដែលធ្លាក់ពីលើមេឃ ហើយក៏ផ្តល់ឲ្យដោយមិនចាំបាច់ប្រឹងនោះដែរ។ សូម្បីតែមានអ្នកសន្យាយ៉ាងច្រើន សន្យាឲ្យនេះ ឲ្យនោះ តែការសន្យាមិនពិបាកទេ ការធ្វើទើបពិបាក លើការជាក់ស្តែង។
ឆ្នាំនេះ កម្ពុជា និងប្រទេសក្នុងតំបន់ ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ / ចាត់វិធានការដោះស្រាយ
ឥឡូវនេះ ប្រទេសរបស់យើងកំពុងជួបប្រទះនូវការរាំងស្ងួតដ៏ធ្ងន់ធ្ងរ។ ការរាំងស្ងួតនេះ វាមិនមែនជាការដាច់ដោយឡែកទេ ក៏ប៉ុន្តែ វាជាបញ្ហារួមរបស់តំបន់។ កាលពីខែមុននេះ ខ្ញុំព្រះករុណាខ្ញុំ បានទៅប្រជុំជាលើកដំបូងដែលហៅថា វេទិកាសហប្រតិបត្តិការរវាងទន្លេ ២ គឺទន្លេមេគង្គរបស់ប្រទេសខាងក្រោម ដែលមានមីយ៉ាន់ម៉ា(ហៅថា ភូមា) ថៃ ឡាវ កម្ពុជា និងវៀតណាម គឺ ៥ ប្រទេស ជាមួយនឹងទន្លេឡានឆាង របស់ប្រទេសចិន។ ចិនបានបើកទឹកចំនួន ២ ដង រួចមកហើយ សម្រាប់ទម្លាក់មកកាន់ទន្លេមេគង្គ ជួយមកដល់ប្រទេសដែលនៅផ្នែកខាងក្រោម ដែលកំពុងខ្វះទឹក។ ទន្លេឡានឆាង គេមានវិធីទប់ទឹក កាក់ទឹករបស់គេ ដើម្បីបម្រើឲ្យការប្រើប្រាស់របស់ប្រទេសចិន។ ប៉ុន្តែ មិត្តចិនយោគយល់សម្រាប់ប្រទេសខាងក្រោម បានបើកទឹក ២ ដង រួចមកហើយ។ នៅក្នុងឱកាសនៃការប្រជុំនោះប្រទេសទាំង ៥ នៅផ្នែកខាងក្រោមសុទ្ធតែបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានបើកទឹក ២ ដង បញ្ជូនមកតាមទន្លេមេគង្គរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ បានអំពាវនាវ ឲ្យចិនបន្តបើកបន្តទៀត។ តែខ្ញុំព្រះករុណាខ្ញុំ ក៏បានស្នើសុំឲ្យមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសឡាវ កុំទប់ស្កាត់ទឹកហ្នឹងប្រើប្រាស់ច្រើនពេក ដើម្បីទម្លាក់ឲ្យមកដល់កម្ពុជា និងវៀតណាមផង។ បើសិនជាចិនបើកមកខាងលើគាត់ស្ទាក់ប្រើច្រើនពេក យើងខាងក្រោមវាអត់បាន។
សំណូមពរនេះ ម្ខាងជាសំណូមពរចំពោះប្រទេសចិន ម្ខាងទៀតគឺសំណូមពរចំពោះប្រទេសដែលនៅខាងលើយើង រួមមានមីយ៉ាន់ម៉ា ថៃ ឡាវ។ ឯចំពោះវៀតណាមនៅខាងក្រោម ឥឡូវនេះ ទឹកសមុទ្រចូលក្នុងទឹកដីវៀតណាម ប្រមាណជាង ១០០ គីឡូម៉ែត្រទៅហើយ។ កាលណាទឹកទន្លេមេគង្គ របស់យើងវាមិនខ្ពស់ អាទឹកសមុទ្រនោះវាជោ(ឡើង)។ ខ្ញុំព្រះករុណាខ្ញុំ មានការព្រួយបារម្ភខ្លាំងណាស់ថា បើសិនជាឆ្លងកាត់វៀតណាម ១០០ គីឡូម៉ែត្រ ពីសមុទ្រចូលមកហើយនោះ ហើយបើសិនជាទឹកនេះធ្លាក់បន្តិចថែមទៀត ទឹកប្រៃនឹងអាចឡើងមកដល់អ្នកលឿងរបស់យើងក៏អាចថាបាន។ ពេលនោះគឺជាមហន្តរាយមួយ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោកទាំងមូល មិនមែនជាបញ្ហាប្រទេសកម្ពុជាដាច់ដោយឡែកទេ។ អកុសល ឆ្នាំកន្លងទៅ ភ្លៀងវាចៀសតែម្តង ចៀសបាសាំងមេគង្គរបស់យើងតែម្តង។ ឥឡូវអត់ទាន់មានទំនប់។ វារីអគ្គិសនីនៅសាយ៉ាបូរី ក៏មិនទាន់មាន នៅដនសាហុងក៏មិនទាន់មាន កុំនាំគ្នាទៅជេរឡាវ ថាមកពីឡាវ ធ្វើដនសាហុង។ ទំនប់វារីអគ្គិសនីដនសាហុងមិនទាន់មានធ្វើអ្វីបន្តិចផង។ ថាមកពីវារីអគ្គិសនីនៅសាយ៉ាបូរី ដែលគាត់ទើបនឹងធ្វើបានបន្តិច ប៉ុន្តែ វានៅឃ្លាតពីព្រំដែនកម្ពុជា ១២០០ គីឡូម៉ែត្រឯណោះ។ បើគិត ១២០០ គីឡូម៉ែត្រ គឺវែងជាង បើគិតពីស្ទឹងត្រែងដល់ពាមរក៍ ព្រំដែនវៀតណាម ក្អមសំណរទៅទៀត។ បញ្ហាមានទឹកឬអត់ទឹក វាចំណុះទៅលើមេឃឯណោះ។ មេឃនាំទឹកភ្លៀងទៅធ្លាក់កន្លែងដែលគេមិនត្រូវការ រហូតដល់ស្លាប់មនុស្សទៀតផង … អញ្ចឹងទេ បានជារាជរដ្ឋាភិបាលយកវិធានការតាំងពីប៉ុន្មានខែមុន អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមមេត្តាធ្វើស្រែប្រាំងតែម្តងបានហើយ ដើម្បីយើងទប់ទឹកសម្រាប់ប្រើប្រាស់។
ឥឡូវ យើងកំពុងតែមានកង្វល់ ទាមទារនូវការសិក្សា។ ដោះស្រាយនៅក្នុងប៉ុន្មានខែ ចាប់ពីឥឡូវទៅរហូតទៅដល់ភ្លៀងធ្លាក់គ្រប់គ្រាន់។ កន្លែងខ្លះ គឺថាត្រពាំងបឹងបួរនោះ វារីងអស់ទៅហើយ។ កន្លែងស្តុកទុកនោះ គឺរីងអស់ទៅហើយ។ សុំពិនិត្យមើលកន្លែងណា ដែលវាមានប្រភពទឹក ហើយអាចបូមបាន យើងត្រូវប្រើប្រាស់ម៉ាស៊ីនបូម ដើម្បីបញ្ចូលមកកន្លែងស្តុក។ អភិបាលខេត្តក៏ត្រូវពិនិត្យបញ្ហាហ្នឹងជាមួយនឹងមន្ទីរធនធានទឹក ដែលមាននៅទីនេះស្រាប់ ហើយបើសិនចាំបាច់គឺដោះស្រាយពីក្រសួងធនធានទឹកមក មិនថាតែខេត្តព្រៃវែងមួយទេ គ្រប់កន្លែងទាំងអស់។ ហោចណាស់គឺឲ្យមានទឹកប្រើប្រាស់ កុំឲ្យប្រជាពលរដ្ឋជួបការលំបាក ព្រោះយើងមានតម្រូវការសម្រាប់មនុស្សផង និងសម្រាប់សត្វផង។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន នៅឆ្នាំ ១៩៩៤ ពេលហ្នឹងខ្ញុំព្រះករុណាខ្ញុំទៅភូមិស៊ាងឃ្វាង ស្រុកកំចាយមារ នៅផ្ទះឯកឧត្តម ញឹម វណ្ណដា … ពេលហ្នឹងអត់ទឹកតែម្តង អត់ប្រភពទឹកហើយ ក្របីរបស់យើងទៅបឺតភក់។ ឆ្នាំនេះ មិនដល់ប៉ុណ្ណោះពេកទេ។ ខ្ញុំព្រះករុណាខ្ញុំ បានមើលពីលើអាកាស ឃើញថាតំបន់ខ្លះនៅមានទឹក ហើយមានកន្លែងខ្លះប្រហែលជាប្រើប្រាស់អណ្តូង ឃើញមានទឹកនៅតាមស្រែ។
ប៉ុន្តែតំបន់ខ្លះនៅក្បែរទន្លេមេគង្គ ឬក៏ទន្លេបាសាក់ ឬទន្លេសាប ប្រើប្រាស់បូមចេញពីទន្លេតែម្តង ព្រោះយើងមានសមត្ថភាពធ្វើបែបនោះ … ដើម្បីទម្លាក់វាមកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ជាមួយសមិទ្ធផលទាំងឡាយដែលយើងបានធ្វើ ហើយប្រជាពលរដ្ឋបានទទួលផល។ ប៉ុន្តែ ជាអកុសល មានការពិបាកប៉ាន់ស្មានលើធម្មជាតិ សូម្បីតែថ្ងៃហ្នឹង គេពាក់អាវសអាវខ្មៅ ទាំងអស់គ្នា ខ្ញុំព្រះករុណាខ្ញុំ ក្រហមតែឯង រួចក្តៅៗ មិនចេះតិច … អរគុណណាស់ថ្ងៃនេះបានមកជួបជុំ ហើយស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍អភិបាលខេត្ត ឯកឧត្តម ជា សុមេធី ដែលឃើញថាទទួលបានច្រើននូវសមិទ្ធផល ដែលនាំទៅដល់បញ្ហាការកសាងទីអារាមនេះ។ ជាមួយនឹងទីអារាមនេះ នៅខាងមុខនេះ ក៏មានវិទ្យាល័យនៅទីនេះស្រាប់ នេះហើយគឺជាបញ្ហាដែលយើងត្រូវដោះស្រាយរវាងពុទ្ធចក្រ និងអាណាចក្រ ផ្សារភ្ជាប់គ្នា …។
ទីអារាម ជាកន្លែងជួយមនុស្សចាស់ កុមារ និងយុវជន
… ដោយសារតែវត្ត ខ្ញុំព្រះករុណាខ្ញុំបានទទួលនូវចំណីអាហារ ដើម្បីបន្តការសិក្សា។ នេះហើយដែលខ្ញុំព្រះករុណាខ្ញុំតែងនិយាយថាទីអារាមជាកន្លែងជួយទៅដល់មនុស្សចាស់ កុមារ និងយុវជនផងដែរ។ ចាស់ៗ ទីបញ្ចប់មករកទីអារាម មកធ្វើជាយាយជី តាជីនៅនឹងវត្ត ឬត្រូវរកវត្ត ដើម្បីសុំសីល។ កុមារ និងយុវជនមួយចំនួនក៏ត្រូវមករកទីអារាម មិនបួស ក៏ធ្វើកូនសិស្សលោក មួយចំនួនបួស បានទទួលការរៀនសូត្រ បន្ទាប់ទៅសឹក លាចាកសិក្ខាបទរកការងារធ្វើ។ នេះជារឿងធម្មតារបស់ប្រទេសរបស់យើងដែលប្រកាន់ព្រះពុទ្ធសាសនា។ ប៉ុន្តែយើងក៏មានសុខដុមភាវូបនីយកម្មរវាងសាសនាដទៃទៀត ដែលមិនធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលនោះទេ។ ឯរាជរដ្ឋាភិបាលក៏បានទទួលប្រយោជន៍ពីសាសនាវិញដែរ តាមរយៈការជួយប្រៀនប្រដៅសម្រាប់មនុស្ស។ ពិសេសសាសនាព្រះពុទ្ធ បានអប់រំមនុស្សអោយធ្វើអំពើល្អ កាលណាអប់រំមនុស្សអោយធ្វើអំពើល្អ ផ្នែកអាណាចក្រទទួលផលប្រយោជន៍ តែមនុស្សកសាងអំពើល្អហើយ ពន្ធធនាគារមិនសូវមានមនុស្សទេ ព្រោះគេអត់ប្រព្រឹត្ត។ល្មើសច្បាប់ទេ អត់ផឹកស៊ី អត់ល្បែងស៊ីសង អត់កាប់ចាក់ កាត់បន្ថយអំពើហឹង្សា និងអំពើល្មើសផ្សេងៗផងដែរ អញ្ចឹងរដ្ឋក៏ទទួលផលប្រយោជន៍ពីពុទ្ធចក្រ។ អាណាចក្រគាំទ្រពុទ្ធចក្រ ពុទ្ធចក្រគាំទ្រអាណាចក្រវិញតាមរយៈការអប់រំមនុស្សឲ្យធ្វើអំពើល្អ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ជាមួយអ្វីដែលយើងបានធ្វើជាមួយគ្នា ក្នុងរយៈពេលជាង ៣៧ ឆ្នាំ។
ទី ១ អំពាវនាវដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍
… ទោះបីថា ថ្ងៃមុន បាននិយាយម្ដងរួចទៅហើយ ឥឡូវបាននិយាយជិតចប់ហើយ ក៏សុំរំលឹកឡើងវិញ។ ពីមុននិយាយតែ ៤ ចំណុច ឥឡូវឡើងដល់ ៥ ចំណុចចុះ ដើម្បីកាត់បញ្ហាអគ្គិភ័យមួយបន្ថែមនៅក្នុងហ្នឹង។ ទី ១ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងដែលធ្វើដំណើរទៅលេងគ្រប់ទីកន្លែង ឬទៅកាន់ក្រុមគ្រួសារ អំពីការធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរធ្វើម៉េចធានាកុំអោយមានគ្រោះថ្នាក់។ យើងមិនគួរយកថ្ងៃចូលឆ្នាំ គឺជាថ្ងៃស្លាប់នោះទេ ហើយក៏មិនគួរយកថ្ងៃចូលឆ្នាំ គឺជាថ្ងៃកាន់ទុក្ខនោះដែរ។
ទី ២ បញ្ហាគ្រោះអគ្គិភ័យ/មិនមានការយកលុយជួលតូប ឬទិញតូបក្នុងផ្សារស្ទឹងត្រែងទេ
… ថ្ងៃមុន និយាយព្រឹកអំពីអគ្គិភ័យ ហើយស្រាប់តែកំពុងតែចាក់ឡើងវិញម៉ោង ៨ យប់ ស្រាប់តែរបាយការណ៍ពីខេត្តស្ទឹងត្រែងថាកំពុងឆេះផ្សារ។ អត់មានជម្រើសណាផ្សេងទេ។ អំពាវនាវភ្លាមតាម(ហ្វេសប៊ុកថា)សម្ដេចអើយជួយផង។ មួយយប់នៃការពិភាក្សាគ្នា ឥឡូវមានតែធ្វើអោយទេ។ ធ្លាប់ធ្វើផ្សារពោធិ៍សាត់មុនគេ បន្ទាប់ទៅផ្សារកំពង់សោម, បន្ទាប់ទៅផ្សារក្រចេះ, បន្ទាប់ទៅផ្សារកំពង់ធំ, បន្ទាប់ទៅផ្សារសៀមរាប ឥឡូវដល់ផ្សារស្ទឹងត្រែង។ មានប្រជាពលរដ្ឋចូលមកសួរថា តើធ្វើរួចហើយលក់អោយគាត់ ឬជួលអោយគាត់? ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយទៅតាមរយៈហ្វេសប៊ុកហើយ ប៉ុន្តែឥឡូវឆ្លើយដាក់មេក្រូ។ អត់មានអ្នកណាទៅយកថ្លៃឈ្នួលគាត់ទៀតទេ។ អត់ត្រូវការចេញលុយជួលតូប ឬក៏ចេញលុយទិញថ្លៃតូបនោះទេ។
… (ក្រុមការងាររបស់)ខ្ញុំព្រះករុណាខ្ញុំ និងជាមួយខេត្ត គេបានធ្វើការហើយ។ យើងធ្វើតែខាងលើអោយទេ ខាងក្រោមគាត់ធ្លាប់លក់កន្លែងណា គាត់ធ្វើតូបខ្លួនឯងកន្លែងហ្នឹងទៅ។ (គម្រោងនឹង)ធ្វើដោយកងវិស្វកម្មរបស់កងយុទ្ធពលខេមរភូមិន្ទ។ ឥឡូវស្រែកពីទីនេះ អ្នកណាមានចិត្តសប្បុរសចូលតាមខ្ញុំព្រះករុណាខ្ញុំ ព្រោះ(ត្រូវ)ជួយគ្នា មិនមែនថវិកាជាតិទេ។ ឥឡូវមានវិធី សិល្បៈនៃការចែករំលែក ដើម្បីជួយគ្នាធ្វើផ្សារនេះជូនប្រជាពលរដ្ឋ ដើម្បីគាត់បានលក់ដូរឡើងវិញ។ ហើយមានអ្នកខ្លះថា រដ្ឋបាលអ្នកដុត។ វាទៅជាអញ្ចេះ? រដ្ឋបាលហ្នឹងភ័យជាងគេ ភ័យរឿងឆេះហ្នឹងតែម្ដង។ … ប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែរដ្ឋបាល គឺអ្នករងគ្រោះធំជាងគេក្នុងឋានៈជារដ្ឋទទួលខុសត្រូវទៅលើបញ្ហានេះ។
ទី ៣ អំពាវនាវដល់រថយន្តឈ្នូល ឬតាក់ស៊ី សូមមេត្តាកុំដំឡើងថ្លៃ
ឯទី ៣ ក៏នៅតែបន្តអំពាវនាវ ទោះបីមានអ្នកខ្លះគោរព មានអ្នកខ្លះមិនគោរព គឺតម្លៃរថយន្ត ទាំងរថយន្តឈ្នូល និងរថយន្តតាក់ស៊ី។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវទៅ ស្រាប់តែបង្ហោះហ្វេសប៊ុកគ្រឹប គាត់ដាក់មកតែម្ដង សម្ដេចអើយ! មានអ្នកអត់គោរពទេ ប៉ុន្តែមាន ១៨ ក្រុមហ៊ុនដែលគេមិនដំឡើងថ្លៃ។ … ហ្នឹងហើយគេហៅថាសេដ្ឋកិច្ចផ្សារនោះ។ មិនជិះ វាមិនដល់គោលដៅ។ សម្ដេចអើយ! ថ្លៃ(ឡាន)ពីមុន ត្រឹមតែ ២០០០០ រៀល ឥឡូវឡើងដល់ ៥០០០០ រៀលទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ នៅបន្តអំពាវនាវចំពោះម្ចាស់រថយន្តឈ្នូលទាំងឡាយ សុំខិតខំរក្សានូវតម្លៃចាស់ ទោះបីគោរពបានប៉ុន្មាន គោរពបានតិច ប្រសើរជាងមិនបានគោរព, គោរពបានច្រើន ប្រសើរជាងគោរពបានតិច។ នេះជាការអំពាវនាវរបស់ខ្ញុំព្រះករុណាខ្ញុំ។
ទី ៤ សូមកុំលេងជះទឹក ប៉ាតម៉្សៅ វាមិនមែនជាប្រពៃណីរបស់ខ្មែរទេ
ទី ៤ គឺខ្ញុំព្រះករុណាខ្ញុំ នៅបន្តអំពាវនាវបញ្ហារឿងលេងអោយវាត្រូវក្បូនខ្នាត ជាពិសេសជៀសវាងអោយខានតែបានទៅលើការលេងជះទឹក និងប៉ាតម៉្សៅ ដែលមិនមែនប្រពៃណី ហើយនាំទៅដល់គ្រោះថ្នាក់ចរាចរណ៍ដោយសារតែ(ការ)ជះទឹកហ្នឹង។ កំពុងបើកឡាន បើកម៉ូតូ គប់ទឹកផាំងទៅ ជួនកាលដួល(បង្ក)គ្រោះថ្នាក់។
ទី ៥ សំណូមពរ ចំពោះកម្លាំងប្រដាប់អាវុធ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារអោយខានតែបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ
ចុងក្រោយ ជាសំណូមពរ ប៉ុន្តែវាជាកាតព្វកិច្ចចំពោះកម្លាំងប្រដាប់អាវុធ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការពារអោយខានតែបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីនៅពេលខាងមុខនេះ។ ថ្ងៃនេះ (មក)ព្រៃវែង ស្អែក(ទៅ)សៀមរាប នៅមួយទៀត ជាមួយជនពិការ រួចហើយនៅហ្នឹងតែម្ដង រហូតដល់ថ្ងៃទី ១៦ ឯណោះ នៅថ្លែងការណ៍ ២ ដងទៀត៖ ថ្លែងការណ៍មួយជាមួយនឹងជនពិការ ថ្លែងការណ៍មួយទៀត គឺអង្គរសង្រ្គាន្ត។ ប៉ុន្តែឆ្នាំនេះ ដើរលេងអោយបានច្រើនបន្តិច …៕