សេចក្តីដកស្រង់ សង្កថា ក្នុងពិធី កាត់ឫសសីមា ព្រះវិហារនៅវត្ត ឥន្ទមុនី ហៅវត្តព្រៃជ្រាំង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរូមព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយ​បុណ្យនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកកាត់ឫសសីមា បញ្ចុះសីមានៅវត្តសិរីឧត្តម ហៅវត្ត​ត្រ​បែក នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដូច្នេះ កាលពី ៣ ឆ្នាំមុន ក៏បាន​មក​កាត់​ឫស​សី​មា​វត្តមួយទៅហើយ នៅឃុំពានរោងរបស់យើងនេះ។ ហើយថ្ងៃនេះ ក៏នឹងកាត់ឫសសីមាមួយទៀត នៅវត្ត​ឥន្ទ​មុនី ហៅវត្តព្រៃជ្រាំង។ អម្បាញ់មិញ ឯកឧត្តម ជា សុមេធី បានរំលឹកទៅដល់វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ចំថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៣ កាលពី ៣ ឆ្នាំមុននោះ គឺនៅឯស្រុកពារាំង…