ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ស្វាគមន៍វត្តមានរបស់បេក្ខជន ដែលជាប់ជាជ័យលាភី និងអ្នកគាំទ្រទាំងឡាយ ដែលបានមកជួបជុំគ្នាថ្ងៃនេះ។
ការកំណត់ពីសារប្រយោជន៍កម្មវិធី “យុវជនគំរូកម្ពុជា”
ខ្ញុំមានភ័ព្វវាសនា ដែលបានមកជួបជាមួយនឹងក្មួយៗ ជាជ័យលាភីនៅក្នុងពានរង្វាន់យុវជនគំរូ ដូចដែលលោក ដួង តារា បានលើកក្នុងរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងគំនិតផ្តួចផ្តើម និងការរៀបចំនូវការប្រកួតប្រជែងនេះ។ ខ្ញុំមិនចង់កំណត់មួយថា តើវាមានសារៈសំខាន់យ៉ាងណានោះទេ? ខ្ញុំចង់ទុកឱកាសដល់អ្នកចូលប្រកួតប្រជែង អ្នកចូលផ្តល់មតិ កំណត់ថាតើសារៈសំខាន់នៃការបង្កើតឡើងនូវកម្មវិធីប្រកួតប្រជែងនេះ វាមានអ្វីខ្លះ? មានប្រតិសកម្មទៅលើអ្វីខ្លះ? ខ្ញុំចង់ផ្តល់ឱកាសសម្រាប់អ្នកចូលរួម … គោលដៅរបស់យើងបានដាក់ ចង់ឲ្យយុវជន ចៀសផុតពីគ្រឿងញៀន កសាងអំពើល្អ … ក៏ប៉ុន្តែ យើងត្រូវទុកឱកាសបន្ថែមថា ទោះបីអ្នកទាំងនោះចូលរួមប្រកួតប្រជែង ឬចូលរួមផ្តល់មតិ ក៏អាចនឹងគិតថាជាកម្មវិធីដែលមានសារៈប្រយោជន៍បន្ថែមទៀតលើផ្នែកនេះៗ។ វាមានឥទ្ធិពលប្រតិសកម្ម លើផ្នែកផ្សេងបន្ថែមទៀត ដើម្បីយើង(អាច)ចងក្រង ថ្ងៃក្រោយបង្កើតទៅជាកម្មវិធីអីផ្សេងៗទៀត។
ខ្ញុំក៏អាចយកឱកាសនេះ ដើម្បីបញ្ជាក់ថា បញ្ហាធំជាងគេរបស់យើង គឺចង់បានធនធានមនុស្សនៅក្នុងប្រទេសរបស់យើង។ (ពិនិត្យ)ទិដ្ឋភាពទាំងឡាយ យើងឃើញអញ្ចេះ ក្នុងចំណោមអ្នកលេងហ្វេសប៊ុក ១០០ ឬ ១០០០ អាចមាន ១ គឺដើរផ្លូវមិនត្រឹមត្រូវ ក្នុងនោះប្រើប្រាស់ហ្វេសប៊ុកផ្តេសផ្តាស។ ហ្វេសប៊ុកនេះ បើសិនជាយើងចេះប្រើវា គឺល្អណាស់ សម្រាប់ទទួលបាននូវព័ត៌មានជាក់លាក់ សម្រាប់ការត្រិះរិះពិចារណារបស់មនុស្ស និងសម្រាប់ធ្វើការសម្រេចចិត្ត មិនត្រឹមតែប្រជាពលរដ្ឋម្នាក់ៗទេ ក៏ប៉ុន្តែរហូតថ្នាក់ដឹកនាំកំពូលក៏អាចប្រើប្រាស់ព័ត៌មាននោះផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយនៅលើ page ខ្លះ និងការចូលមកធ្វើអត្ថាធិប្បាយ comment ខ្លះ បែរជា(មានតែការ)ជេរគ្នាទៅវិញ។ នេះគឺជារឿងមិនគួរគប្បីទេ … ប៉ុន្តែបើសិនជាយើងយកវាមកប្រើប្រាស់ក្នុងវិស័យនេះ យើងអាចពង្រឹងគុណធម៌សង្គម គុណធម៌របស់យើងផ្ទាល់ សីលធម៌របស់យើងផ្ទាល់ ការកសាងអំពើល្អរបស់យើងផ្ទាល់។
មនុស្សអេឡិចត្រូនិច
មួយទៀត, ខ្ញុំចង់បាន e-government ប៉ុន្តែ e-government នៅទីនេះ ខ្ញុំមិនចង់ត្រឹមតែ e-government ទេ ខ្ញុំចង់ទៅរក e-people។ បានសេចក្តីថា ប្រជាជនអេឡិចត្រូនិចតែម្តង ព្រោះឥឡូវស្អីក៏ e ដែរ … យើងចង់ទាញយុវជនរបស់យើង ចូលមកក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។ គ្រាន់តែធ្វើការលើកនេះ យើងអាចមើលឃើញការទទួលជោគជ័យ។ យើងអត់មានឲ្យយកក្រដាសស្នាម យកមកទីស្តីការគណៈរដ្ឋមន្ត្រី យកមកវិមានសន្តិភាពទេ … យើងឲ្យធ្វើតាមប្រព័ន្ធអេឡិចត្រូនិចទាំងអស់។ ចូលទៅកាន់វេបសាយត៍ ដើម្បីដាក់ពាក្យ រួចហើយ vote តាមវេបសាយត៍ បន្ទាប់ពី vote តាមវេបសាយត៍រួចហើយ មក vote តាមហ្វេសប៊ុក។ បើសិនជាយុវជនណាចង់លេង យុវជននោះត្រូវរៀនប្រើហ្វេសប៊ុកនេះ ត្រូវរៀនប្រើវេបសាយត៍នេះផងដែរ។ វាមានប្រតិសកម្មធំណាស់ជាមួយនឹងការចេះដឹងរបស់យុវជនរបស់យើង។ ពីដើម យើងស្ពាយឯកសារមក ប៉ុន្តែសម័យនេះ មិនមែនជាសម័យស្ពាយឯកសារទៀតទេ … សូម្បីយើងនៅឆ្ងាយពីគ្នាផុតជើងមេឃ ក៏យើងអាចបញ្ជូនព័ត៌មានឲ្យគ្នាតាមកូនទូរស័ព្ទតូចមួយបាន …។
ខ្ញុំចង់ឲ្យយុវជនមានចំណេះដឹង។ ខ្ញុំមើល clip video ទាក់ទិនជាមួយនឹងជ័យលាភីក្មួយ ប៉ែន លីហេង … ពេលដែលយើងមើលឃើញនូវការផលិត ស្មារតីសាមគ្គីភាពជាក្រុមបានចាប់ផ្តើម មិនមែនក្មួយធ្វើម្នាក់ឯងបានទេ ក្មួយត្រូវមានមិត្តភក្តិ … ស្មារតីសាមគ្គីភាពចាប់ផ្តើមពីចំណុចអស់ទាំងនោះ ហើយវារាលដាលទៅដល់យុវជនដទៃទៀត ដែលបានមើលការផលិតរបស់យើង។ គេនឹងខិតខំកសាងនូវអំពើល្អ។ យើងមិនដាក់ប្រធានបទអ្វីក្រៅពីការកសាងអំពើល្អទេ។ ក្នុងហ្នឹងគឺការចៀសវាងនូវអំពើអបាយមុខ ការខិតខំធ្វើរឿងទាំងឡាយដែលជាប្រយោជន៍ដល់សង្គម និងចៀសវាងនូវអំពើអាក្រក់។ នេះជាចំណុចចាប់ផ្តើម។ មួយផ្នែក(ទៀត) ខ្ញុំអាចនិយាយបានថា (វាដូចជា)ចុងខ្សែច្រើននៃចំណងមួយ។ អ្វីទៅដែលហៅថា ចុងខ្សែច្រើននៃចំណងមួយ? ចំណងគឺចំណុចរួមនៃកម្មវិធីប្រកួតប្រជែងអំពីយុវជនគំរូ ប៉ុន្តែចុងខ្សែច្រើននេះ យើងបានដាក់ចេញនូវគោលដៅរបស់វាហើយ (ដែល)អម្បាញ់មិញខ្ញុំបាននិយាយថា ទុកលទ្ធភាពឲ្យគេផ្តល់មតិបន្ថែមថា កម្មវិធីមួយនេះវាប្រតិសកម្ម និងមានផលប្រយោជន៍ទៅលើអ្វីផ្សេងទៀត …។
… ក្នុងពេលមាន vote ចូលមក ខ្ញុំក៏បានតាមដាន comment។ ក្នុង comment ហ្នឹង អ្នកខ្លះថា មិនគួរទុកឲ្យតួឯកស្លាប់ទេ ទុកឲ្យកែខ្លួន។ យើងត្រូវស្តាប់យោបល់ទាំងអស់ហ្នឹង ព្រោះតួឯកអត់ទាន់បានកសាងអំពើអ្វីដែលអាក្រក់ធំទេ។ (តួអង្គ)គ្រាន់តែទៅធ្វើការឲ្យគេក្នុងពេលយប់ ហើយគេហៅផឹកជាមួយគ្នា ជិះកង់មកវិញ ឡានបុក។ ល្បើកនេះ មិនមែនគ្រាន់តែជារឿងដាច់ដោយឡែករបស់ក្មួយសំដែងទេ ក៏ប៉ុន្តែខ្ញុំនៅចាំបានរឿងទុំទាវ នៅទស្សវត្សរ៍ ៨០ ក៏មានការប៉ុនប៉ងកែច្នៃរឿងទុំទាវ កុំឲ្យទុំទាវស្លាប់នៅដំណាក់កាលចុងក្រោយ។ ឲ្យទុំទាវនៅរស់វិញ … មានមតិថា គួរទុកតួអង្គនៅរស់ ដើម្បីកែខ្លួន។ ហ្នឹងជាមតិមួយជ្រុងទៅ។ មួយជ្រុងទៀតថា ខ្លួនជាអ្នកក្រទេ ប៉ុន្តែទៅរៀនសាលាប៊ែលធី ជាសាលាមួយដែលថ្លៃ។ (មាន) comment ច្រើន ប៉ុន្តែក៏មានពាក្យត្រឡប់មកវិញថា តើអ្នកក្រមិនអាចរៀននៅសាលាល្អបានដែរឬអី? ជួនកាល គេមានអាហារូបករណ៍ដែលសា លាឲ្យក្នុងឋានៈជាសិស្សពូកែ ជួនកាលមានអ្នកណាមួយ sponsor ឲ្យទៅរៀននៅសាលាហ្នឹង ហើយឯក សណ្ឋានសាលា គេតម្រូវអោយ(ពាក់)អញ្ចឹង។ ជាកូនអ្នកក្រមែន ប៉ុន្តែមានឱកាសរៀនសាលាល្អ។ ទុកលទ្ធភាពអោយគេចូលមក comment ចុះ ហើយចាំយើងទាញយកនូវធាតុចូល …។
Page ហ្វេសប៊ុក ប្រជាធិបតេយ្យ
… សូមកុំប្រើប្រាស់ page ហ្វេសប៊ុករបស់ខ្ញុំ វាយប្រហារគ្នា។ គ្រាន់តែតស៊ូមតិតាមរយៈការ(បញ្ចេញយោបល់)ថា មិនគួរមានសំលៀកបំពាក់បែបហ្នឹង មិនគួរមានសាលាល្អបែបហ្នឹង ហើយមិនគួរមានកង់ល្អបែបហ្នឹងទេ …។ Page ហ្វេសប៊ុករបស់ខ្ញុំ ជា page ប្រជាធិបតេយ្យ អោយចូលមកផ្ដល់មតិ អ្នកនេះមានមតិអញ្ចេះ អ្នកនេះមានមតិអញ្ចុះ។ ធាតុចូលនៃគំនិត ទោះបីគំនិតនោះ វាមិនស្របនឹងគំនិតរបស់យើង ក៏ប៉ុន្តែវាអាចបានជាផលជាធាតុចូល ដើម្បីការពារខ្លួនរបស់យើងមួយដែរ។ ជួនកាលមិនត្រូវប្រធានបទនេះ ប៉ុន្តែត្រូវប្រធានបទនៅពេលណាមួយនោះ។ ខ្ញុំចង់អោយយុវជនរបស់យើង ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានកាន់តែច្រើនទៅៗ មិនមែនត្រឹមតែយុវជនដែលជានិស្សិតនោះទេ ក៏ប៉ុន្តែយុវជន សូម្បីតែក្មួយម្នាក់ដែលជាជនពិការ ឥឡូវគាត់តាំងខ្លួនគាត់ជាចៅកង្កែប នៅភូមិតេជោតាកែនកោះស្លា។ ឥឡូវទៅលេងស្រុក ដូចថានៅថ្ងៃទី ១២ បានវិលត្រឡប់ទៅភូមិកំណើត (ភូមិតេជោ)វិញ។ (ចៅកង្កែប)ជាអ្នកចេះគូររូប។ តែពេលណាខ្ញុំបង្ហោះអ្វីថ្មី (គាត់)ចូលមកភ្លាម។ យើងតាមរកជនពិការ ឥឡូវយកទៅទុកនៅ(ភូមិតេជោ) តាកែនកោះស្លា។ យើងផ្ដល់ដីសង់ផ្ទះ ដើម្បីអោយគាត់កសាងជីវភាព ជាជាងនៅជួបការលំបាក។ គាត់រៀនបានតិចតួច ប៉ុន្តែគាត់ចេះលេងហ្វេសប៊ុកដែរ។ ហ្វេសប៊ុករបស់គាត់មានប្រយោជន៍ អាចផ្ដល់អោយយើងដឹងច្រើន។
… ខ្ញុំសូមបញ្ជាក់ថា ហ្វេសប៊ុករបស់ខ្ញុំអត់មានប្រកួតប្រជែងជាមួយអ្នកណាទាំងអស់។ រឿង like មិន like ខ្ញុំមិនខ្វល់ទេ។ ខ្ញុំទើបនឹងលេងហ្វេសប៊ុកចុងក្រោយនេះទេ ចាប់ពីខែកញ្ញា ឥឡូវនៅសល់តែប៉ុន្មានរយទៀតទេ page នេះ នឹងឡើងដល់ ៣.៧០០.០០០ like។ ឥឡូវ(page ខ្ញុំ)កំពុងផ្សាយបន្តផ្ទាល់ទៀត ហើយអ្នកខាងក្រៅកំពុងតែមើល។ ឥឡូវនៅសល់តែប្រហែលជាជាង ៦០០ like ទៀត គឺនឹងឡើងទៅដល់ ៣.៧០០.០០០ like។ ប៉ុន្តែអ្នកខ្លះ ពេលដែលគេ like អោយខ្ញុំ បែរជាមកខឹងនឹងខ្ញុំវិញ។ ទៅរករឿងហ្វេសប៊ុកទៅ ខ្ញុំអត់បង្កើតទិន្នន័យខ្លួនឯងបានទេ។ ជានិច្ចកាល ប្រមាណជាប់មួយខែនេះ (page របស់ខ្ញុំ) នៅក្នុង top ៥ នៃពិភពលោកតែម្ដង …។ ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា មានគេ like អោយ ទៅហាមឃាត់គេម៉េច? ក្រែងហ្វេសប៊ុកហ្នឹង មិនមានរបាំងរវាងកម្ពុជាជាមួយប្រទេសក្រៅឯណា … (ពេល)គេបាន like ច្រើនជាង (អ្នកខ្លះបែរជា)មករករឿង, ខ្ញុំអត់យល់។ កាលពីមុន បោះឆ្នោតចាញ់ មករករឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដល់ឥឡូវ(រករឿងខ្ញុំ)។ សុំទៅរករឿងហ្វេសប៊ុកខ្លួនឯងទៅ។ ខ្ញុំអត់ដឹងទេ។ ខ្ញុំអត់បង្កើតទិន្នន័យថា ត្រូវឡើង like ប៉ុណ្ណេះអីប៉ុណ្ណេះ(បានទេ)។ ពេលម៉ោង like និងពេលម៉ោង unlike ជួនកាល(ប្រែប្រួល) ព្រោះគេត្រូវបោសសំអាត account … (ដោយ) account ដែលមិនត្រឹមត្រូវ ត្រូវគេសំអាតចេញ …។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងបង្កើតរហូត
… បញ្ហាធំជាងគេ គឺខ្ញុំចង់អោយក្មួយៗ កូនចៅទាំងឡាយ ចេះប្រើបច្ចេកវិទ្យាព័ត៌មាន មិនគ្រាន់តែហ្វេសប៊ុកមួយទេ។ នៅទីនេះ បង្ហោះហ្វេសប៊ុកភ្លាម វាចូលទៅ(ទំព័រព័ត៌មាន)គេហទំព័ររបស់យើង។ ធ្វើម៉េចអោយយុវជនក្នុងប្រទេសយើងចេះប្រើ … ជំនាន់ដើម ជំនាន់នារសា ខ្លះមានកង់ជិះទៅ ខ្លះមានម៉ូតូជិះ ខ្លះថ្មើរជើងទទេ … ប៉ុន្តែឥឡូវអត់ទេ នៅរាប់ម៉ឺនគីឡូម៉ែត្រពីគ្នា អាចបញ្ជូនក្នុងរយៈខ្លី ដោយប្រើ WhatsApp, Telegram, Line ឬប្រើ Viber។ វាយហើយ បញ្ជូនភ្លាម អ្នកទទួលអាចទទួលបានភ្លាមក្នុងរយៈពេលខ្លីបំផុត។ យើងប្រើប្រាស់អោយមានផលប្រយោជន៍។ មានបងប្អូនខ្លះបង្ហោះបន្តៗគ្នាថា ពេលវេលាខ្លីពេក ហើយបងប្អូនខ្លះគាត់មិនបានដឹង និងសូមសម្ដេចបង្កើតកម្មវិធីហ្នឹងរហូតទៅ។ កម្មវិធីហ្នឹងបង្កើតរហូតហើយ បង្កើតរហូតដល់អស់មានមនុស្សលេង បានខ្ញុំឈប់។ ហើយថ្ងៃនេះ ខ្ញុំមកបើកកម្មវិធីផ្ដល់ពាន់រង្វាន់ដំបូង មុនចូលឆ្នាំខ្មែរទៀតផង។
… សម្រាប់អ្នកដែលទទួល ចំនួនចេះតែកើន (រង្វាន់ធំ)យើងយកតែមួយទេ។ ក្នុងមួយអាទិត្យ ឬថាថ្ងៃក្រោយយើងត្រូវពន្យារពេលដល់ ១០ ថ្ងៃ។ សូមបញ្ជាក់ជូន ទាំងខ្ញុំក្ដី ទាំងអ្នកណាក្ដី អត់មានសិទ្ធិទេ។ ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត។ បោះឆ្នោតតាមរយៈវេបសាយត៍របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ទៅបោះឆ្នោតតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ អញ្ចឹងអ្នកណាបានច្រើនជាងគេ អ្នកហ្នឹងទទួល។ អត់មានថាពុករលួយ មិនពុករលួយអីទេ។ កុំមកចោទ។ សុំប្រជាពលរដ្ឋ សុំអ្នកលេងទាំងឡាយ ហើយអ្នកធ្លាក់លើកនេះ (យក)ឱកាសទៅប្រកួតប្រជែងបន្ដ ព្រោះយើងមាន ៤ វិញ្ញាសា ធ្លាក់មួយផ្នែក យើងទៅចូលមួយផ្នែកទៀត …។
និមិត្តសញ្ញានៃការប្រគល់ iPhone និងខោអាវកីឡា
… ខ្ញុំនិយាយពីរឿង (ហេតុ)ម៉េចបានជាខ្ញុំជ្រើសរើស iPhone ជាសញ្ញានៃការលើកទឹកចិត្តឲ្យប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន តាមរយៈជ័យលាភី (នឹងបានការ)ផ្តល់នូវ iPhone មួយ។ … ជាសញ្ញាបញ្ជាក់ថា យុវជនរបស់យើងឆ្ពោះទៅកាន់ពិភពបច្ចេកវិទ្យាព័ត៌មាន។ បន្ទាប់ទៅអ្នកដែលគេឲ្យរង្វាន់លួងចិត្ត (មាន)ខោអាវកីឡា។ ខោអាវកីឡានេះ មានឈុតក្នុង និងឈុតក្រៅ។ ឈុតក្នុងជាប្រភេទនៃកីឡាបាល់ទាត់ ឈុតក្រៅពាក់អីក៏បានដែរ។ បានសេចក្តីថា ម្នាក់ទទួលបានពីរកំប្លេ មួយកំប្លេសម្រាប់ប្រកួត មួយកំប្លេសម្រាប់ពាក់ពីលើ ហើយត្រូវគ្រប់ប្រភេទកីឡា។ នេះជាសញ្ញាប្រាប់ឲ្យយុវជនលេងកីឡា (ដែលក៏ជាគំនិតនៃការ)ពង្រឹងទៅលើកីឡា …។
… (សូម)ផ្តល់ថវិកាស្មើៗ គ្នា ២០ ម៉ឺនរៀល ក្នុងម្នាក់ទៀត ទាំងអ្នក Top ១ ទាំងអ្នក Top ១០ … ក្នុងមួយវគ្គយើងត្រូវចំណាយលុយ ២ លានរៀល … អ្នកនៅភ្នំពេញមិនអីទេ ប៉ុន្តែ ជាប់អ្នកនៅខេត្ត មានលុយឯណាជិះឡាន? … ខ្ញុំចង់លើកទឹកចិត្តយុវជន … ថ្ងៃក្រោយយើងបោះ logo ឲ្យបានច្រើនរក្សាទុក … ដោយសារថ្ងៃនេះ គឺជាថ្ងៃមុនចូលឆ្នាំ សុំបញ្ជាក់អញ្ចេះ អ្នកដែល Top ១ ក្មួយ ប៉ែន លីហេង បានទទួល iPhone ៦ បានទទួលខោអាវកីឡាពីរកំប្លេ និងប្រាក់ ២០ ម៉ឺនរៀល។ ឯប្រាំបួននាក់ផ្សេងទៀត គឺទទួលបានខោអាវកីឡាពីរកំប្លេ និងប្រាក់ ២០ ម៉ឺនរៀល។
សម្តេចប៉ាវសង់ផ្សារស្ទឹងត្រែងជូនប្រជាពលរដ្ឋ
… ខ្ញុំមិនមែនមានកូនត្រឹមតែប្រាំនាក់ និងចៅប៉ុន្មាននាក់ទេ។ ខ្ញុំត្រូវគិតទៅដល់មនុស្សពេញមួយប្រទេស។ ម្សិលមិញ ខ្ញុំទាក់ទងជាមួយនឹងចៅហ្វាយខេត្ត មេបញ្ជាការវិស្វកម្ម រួចហើយខ្ញុំត្រូវវ៉ៃ(សារ)ទាក់ទងនឹងប្រជា ពលរដ្ឋឆេះផ្សារនៅស្ទឹងត្រែង ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ខ្ញុំប៉ាវធ្វើផ្សារ(ស្ទឹងត្រែង)។ មានអ្នកចូលមកសួរទៀតថា ពេលដែលធ្វើហើយ តើជួលឲ្យគាត់ ឬលក់ឲ្យគាត់ ឬឲ្យទទេ? … ខ្ញុំចេះតែរពិសដៃ។ ឃើញចំណុចណាដែលគួរតែឆ្លើយ ក៏ឆ្លើយ។ ខ្ញុំត្រូវឆ្លើយដើម្បីឲ្យគាត់អស់ចម្ងល់។ យើងធ្វើរួចហើយ អត់មានអ្នកវិនិយោគទៅយកលុយពីគាត់ទេ។ ធ្វើឲ្យគាត់លក់ដោយមិនមានការបង់ថ្លៃឈ្នួល ឬក៏ទិញតូបទេ។ សុំតែគាត់បង់ពន្ធតាមច្បាប់របស់រដ្ឋ។ ប៉ុន្តែ រឿងថ្លៃតូបដែលគាត់ធ្លាប់ជួល ឬថ្លៃតូបដែលគាត់ធ្លាប់ទិញ គឺថាអត់ត្រូវបង់លុយទេ ព្រោះអាហ្នឹងលុយខ្ញុំអ្នកចេញហើយតើ។
ដូចផ្សារដទៃ ឲ្យតែឆេះផ្សារមានមុខ ហ៊ុន សែន ឲ្យតែឆេះផ្សារគាត់ស្រែករក ហ៊ុន សែន។ អ្នកផ្សេងមិនដឹងទេ។ រឿង ហ៊ុន សែន ធ្លាប់ធ្វើផ្សារច្រើនហើយ។ ផ្សារកំពង់សោមឆេះរក ហ៊ុន សែន, ផ្សារពោធិសាត់ឆេះរក ហ៊ុន សែន, ផ្សារសៀមរាបឆេះរក ហ៊ុន សែន, ផ្សារកំពង់ធំឆេះរក ហ៊ុន សែន, ផ្សារក្រចេះឆេះរក ហ៊ុន សែន, ផ្សារស្ទឹងត្រែងឆេះ រក ហ៊ុន សែន ទៀត។ ឥឡូវ ហ៊ុន សែន ដេកមិនបានទេ ត្រូវតែឆ្លើយ … មានបងប្អូនខ្លះបារម្ភថា ទៅធ្វើមានទឹកតែមានស្អីឯណា។ អត់ទេ។ ខ្ញុំឲ្យទាហានទៅធ្វើ។ ទាហានកងវិស្វកម្ម។ ជួនកាលធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋចូលលក់បានឆាប់។ កងវិស្វកម្មគេមានវិន័យរបស់គេ ហើយស្មោះត្រង់ណាស់ … សំណង់ក៏មានគុណភាព មិនអាចជួលវិស័យឯកជនទៅធ្វើទេ។
បញ្ឈប់នយោបាយលាបពណ៌
… រួចហើយចាំយើង TOP ១០ ទៅថតរូបជាមួយខ្ញុំ … (នៅ)ខាងក្រោមកន្លែង ខ្ញុំធ្លាប់ថតជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល … ខ្ញុំត្រូវលើកទឹកចិត្តប្រជាជនកម្ពុជា ធ្វើអំពើល្អ និង(ចូលរួម)ប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា ខ្ញុំចង់ឲ្យយុវជនកូនចៅជំនាន់ក្រោយ ប្រជាពលរដ្ឋខ្មែរមានការចេះដឹងខ្ពស់។ នេះជាបំណងប្រាថ្នាពិតប្រាកដ។ ត្រង់ថាគេមិនដឹងកម្មវិធីអី អាហ្នឹងរឿងរបស់គេ ហើយខ្ញុំលើកទឹកចិត្ត បើសិនមានអ្នកណា សូម្បីតែបក្សប្រឆាំងបង្កើត ខ្ញុំក៏អាចចូលរួមវិភាគទានជាមួយគេដែរ ដើម្បីសង្គម។ អត់មានថា គេបង្កើតដើម្បីប្រជាប្រិយស្អីទេ ឲ្យតែបង្កើត(កម្មវិធី) នាំឆ្ពោះទៅរកការរីកចំរើនរបស់កូនខ្មែរ របស់ពលរដ្ឋខ្មែរ ខ្ញុំអាចចូលជាវិភាគទាន ជាប្រាក់កាស ជាសំភារៈ ដើម្បីឲ្យអ្នកឯងយកទៅឲ្យអ្នកទទួលពានរង្វាន់។ សង្ឃឹមថាអ្នកដទៃមិនចោទខ្ញុំថា ខ្ញុំធ្វើដើម្បីសន្លឹកឆ្នោតទេ។
ប៉ុន្តែ យើងនិយាយតាមមួយបែបទៅចុះ។ លោកឯងធ្វើដើម្បីអី? ក្រែងដើម្បីសន្លឹកឆ្នោត។ ខ្ញុំក៏ត្រូវការសន្លឹកឆ្នោតដែរ។ និយាយឲ្យវាត្រង់តែម្តងទៅ។ លោកឯងដើរបង្អាប់គេ លោកឯងដើរវ៉ៃប្រហារគេ លោកឯងលើកខ្លួនឯង ក្រែងលោកឯងចង់បានសន្លឹកឆ្នោតអី? រួចចុះខ្ញុំធ្វើរាល់ថ្ងៃ? ក្រែងខ្ញុំចង់បានសន្លឹកឆ្នោតដែរ។ រួចមកបន្ទោសខ្ញុំយ៉ាងម៉េច? ប៉ុន្តែ រឿងនៅទីនេះ សន្លឹកឆ្នោតបន្ទាប់បន្សំខាងក្រោយទេ ខ្ញុំអត់មានចាប់បង្ខំអ្នកណាឲ្យបោះឆ្នោតឲ្យខ្ញុំទេ បើគិតថាខ្ញុំធ្វើសកម្មភាពត្រឹមត្រូវ នាំមកនូវសន្តិភាព រក្សាសន្តិភាពបាន ការអភិវឌ្ឍបាន បោះ ឆ្នោតឲយក៏សូមអញ្ជើញបោះ … ហើយខ្ញុំអត់ទៅលាបពណ៌ថា អ្នកខ្លះឲ្យតែគេឈប់គាំទ្រខ្លួន (ថាគេ)យួនទាំងអស់ លាបពណ៌គេ។ គ្រោះថ្នាក់ណាស់។ បើសិនជាតិយើងនៅមានមនុស្សធុននេះ ជាតិយើងវ៉ៃគ្នារហូត។ អត់ពី ហ៊ុន សែន(ទៅ) សង្គ្រាម(នឹង)ផ្ទុះ ហើយអ្នកណាគាំទ្រ អ្នកណា រង់ចាំមើលទៅ។ សភាពការណ៍ជាក់ស្តែងវាអញ្ចឹង។ មិនទាន់បានអីផង លាបពណ៌គ្នាប៉ុណ្ណឹងហើយ … ប៉ុល ពត សម្លាប់មនុស្សច្រើនបំផុត ដោយសារ(ការ)លាបពណ៌គ្នា សុទ្ធតែអ្នកនេះនាយទុន អ្នកនេះសក្តិភូមិ អ្នកនេះសេអ៊ីអា អ្នកនេះការហ្សេបេ … ហ្នឹងហើយដែលនាំទៅដល់ការអន្តរាយប្រទេស។ មនុស្សទាំងអស់គ្នាត្រូវការស្អី? ទី១ បាយ ទោះមិនទទួលទានបាយក៏ទទួលទាននំប៉័ងដែរ, មនុស្សត្រូវការសិទ្ធិដូចគ្នា ត្រូវការរៀនសូត្រ ត្រូវការ(រស់)នៅស្អីៗដូចគ្នា។ បន្តិចទៀតចូលឆ្នាំខ្មែរ លើកលែងអ្នកកាន់សាសនាដទៃ ដែលខ្ញុំមិនដឹង ប៉ុន្តែជាទូទៅ ចូលឆ្នាំសប្បាយដូចគ្នា។ ទោះគេមិនទទួលទេវតា ក៏គង់គេសម្រាកចូលឆ្នាំដូចគ្នា តាមការកំណត់របស់រដ្ឋ …៕