ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបានមកជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូងសូមអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំកីឡាទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់បានមកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័តច្បាប់សហជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែលបានគ្រោងទុករួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀតបាន និងកំពុងចូលរួមនៅទីនេះ។
ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម ហង់ ជួនណារ៉ុន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានសហការរៀបចំ ឲ្យមានការជួបជុំគ្នាដ៏ធំនេះឡើង។ អម្បាញ់មិញ ឯកឧត្តម ថោង ខុន បាននិយាយថាតាមកំណត់ត្រាពិភពលោក មិនទាន់មានថ្នាក់ដឹកនាំនៃប្រទេសណាមួយដែលមានជំនួបដ៏ធំបែបនេះនៅឡើយ។ ខ្ញុំមិននិយាយទៅដល់បញ្ហាពិភពលោក និងតំបន់ទេ ក៏ប៉ុន្តែ ខ្ញុំចង់និយាយនៅក្នុងក្របខណ្ឌជាតិរបស់យើង។ ដែលមុននេះ ខ្ញុំក៏ធ្លាប់ជួបកីឡាករ កីឡាការិនីរបស់យើងទៅតាមពេលវេលាខ្លះ នៃការចាកចេញទៅប្រកួតស៊ីហ្គេម ឬក៏ពេលទទួលពានរង្វាន់ដទៃៗទៀត។ ក៏ប៉ុន្តែ ខ្ញុំគិតថាការជួបជុំគ្នាមួយជាមហាគ្រួសារនៃកីឡា គ្រប់សហព័ន្ធ គ្រប់ប្រភេទ គឺជាការចាំបាច់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយនឹងកីឡាករ និងកីឡាការិនី ដើម្បីលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីគ្រប់ប្រភេទឆ្ពោះទៅរកអនាគតដ៏រុងរឿងនៃកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
យើងមានគោលដៅឆ្ពោះទៅរកស៊ីហ្គេម ២០២៣ ក៏ប៉ុន្តែ បើទោះជាគ្មានស៊ីហ្គេមឆ្នាំ ២០២៣ ការជួបជុំគ្នាមួយក៏គួរតែធ្វើ តាមរយៈការជម្រុញកីឡារបស់ព្រះរាជាណាចក្ររបស់កម្ពុជាយើងឲ្យកាន់តែជឿនលឿនទៅមុខ។ វាជាការគាប់ជួន ហើយអាចចាត់ទុកថាវាជាភ័ព្វសំណាងមួយរបស់វិស័យកីឡារបស់យើង ដោយសារតែអ្នកដែលកំពុងដឹកនាំប្រទេសនេះ និងកំពុងតែនិយាយនៅទីនេះ មិនមែនគ្រាន់ជាកីឡាដែលគ្មានរូបភាពនោះទេ។
កីឡាមិនបានចាត់ចំណាត់ថ្នាក់ថាប្រទេសមាន ឬក្រ
ទោះបីខ្ញុំមិនមែនជាកីឡាជម្រើសជាតិ ក៏ប៉ុន្តែ ខ្ញុំជាកីឡាមួយ ដែលបានឆ្លងកាត់នូវប្រភេទកីឡាមួយចំនួន។ មកដល់ពេលនេះ មានប្រភេទកីឡាមួយចំនួនដែលខ្ញុំបានឆ្លងកាត់ ដូចជាបាល់ទះ បាល់ទាត់ និងបោះប៊ូល ព្រមទាំងឥឡូវនេះ កំពុងតែអនុវត្តកីឡា golf។ ខ្ញុំនៅមានកីឡាពិសេសមួយ ដែលសូមជម្រាបជូនឲ្យបានដឹងថា កីឡានោះពិតជាពិសេសណាស់ គឺអ្នកដែលនៅឈរក្បែរខ្ញុំនេះឯង គឺជាកីឡាហែលទឹកដ៏ចំណានបំផុតនេះ។ ថ្ងៃនេះ ខ្ញុំរីករាយ ទោះបីថាយើងមិនបាននៅកៀកគ្នាក៏ដោយចុះ។ ក៏ប៉ុន្តែ អតីតកីឡាករ កីឡាការិនីរបស់យើង ដែលនៅសេសសល់ពីការកាប់សម្លាប់នៃពួក ប៉ុល ពត ហើយដែលបានរួមដំណើរជាមួយនឹងខ្ញុំ តាំងពីឆ្នាំ ១៩៧៩ មួយចំនួនក៏បានមកទីនេះ។ ពិតមែនហើយ មានមួយចំនួនក៏បានទទួលមរណកាលទៅ ប៉ុន្តែមួយចំនួនក៏កំពុងតែបន្តការងារជាមួយយើង ហើយស្ថិតនៅជាស្មារតីរបស់យើងទាំងអស់គ្នា ដើម្បីបន្តជម្រុញកីឡាជាតិយើងឲ្យទៅមុខ។
នៅក្នុងគ្រប់សហព័ន្ធកីឡា ដោយមិននិយាយពីបញ្ហាបច្ចេកទេស ខ្ញុំចង់និយាយអំពីស្មារតីនៃកីឡា ដែលយើងមិនត្រូវចុះញ៉មឡើយ។ កីឡាមិនបានចាត់ចំណាត់ថ្នាក់ជាប្រទេសធំ ឬប្រទេសតូច ប្រទេសមាន ឬប្រទេសក្រនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺកីឡាករនៅប្រទេសមួយ ត្រូវខិតខំដើម្បីងើបឈរឡើង ដើម្បីអាចប្រកួតដោយស្មើភាព និងស្មើសិទ្ធិជាមួយនឹងកីឡាករ កីឡាការិនី នៃប្រទេសផ្សេងៗ ទាំងប្រទេសអ្នកមាន ទាំងប្រទេសធំ ទាំងប្រទេសតូច។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអបអរសាទរចំពោះកីឡាករ កីឡាការិនីនៃប៉ារ៉ាអូឡាំពិក ក៏ដូចជា special កីឡា ដែលកន្លងទៅនេះ ពួកគេបានខិតខំស្វែងរកនូវមេដាយសម្រាប់ប្រទេសជាតិ។ អរគុណ ចំពោះគណៈកម្មាការអូឡាំពិកកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលមិនភ្លេចចំពោះក្មួយៗ ប្អូនៗ ចៅៗ ជាប្រភេទកីឡាពិការ ដែលបានមកចូលរួមជាមួយពួកយើងនៅថ្ងៃនេះ។
កីឡាករត្រូវប្រឹងប្រែងស្វែងរកឱកាសដើម្បីកិត្តិយសសម្រាប់ជាតិ
ល្ងាចនេះ យើងជួបជុំគ្នា ក្នុងចំនួនមួយដ៏ច្រើន។ ខ្ញុំគិតថា នេះមិនមែនជាលើកទីមួយ ហើយក៏មិនមែនជា លើកចុងក្រោយដែរ។ សង្ឃឹមថាពេលវេលាណាមួយសមស្រប យើងនឹងអាចជួបជុំគ្នាសាជាថ្មីម្តងទៀត ក្នុងឋានៈជាមហាគ្រួសារនៃកីឡាជាតិរបស់យើង។ ឆ្នាំ ២០២៣ គឺនៅមិនឆ្ងាយនោះទេ។ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងដើម្បីឈានទៅរកអនាគតមួយ។ បើទោះបីជាមិនទាន់ដល់ឆ្នាំ ២០២៣ តែយើងទាំងអស់គ្នាត្រូវប្រឹងប្រែងស្វែងរកឱកាស ដើម្បីទទួលបាននូវកិត្តិយសសម្រាប់ជាតិ និងប្រជាជនរបស់យើង។ កីឡាគ្មាននយោបាយនៅក្នុងហ្នឹងទេ។ សង្ឃឹមថា យើងទាំងអស់គ្នានឹងរួមគ្នា ដើម្បីធ្វើឲ្យជាតិរបស់យើងមានសកម្មភាពរស់រវើកផ្សារភ្ជាប់សាមគ្គីភាពជាមួយនឹងកីឡា និងគ្រប់ប្រភេទនៃកីឡារបស់យើង និងផ្សារភ្ជាប់នឹងកីឡានៃបណ្តាប្រទេសក្នុងតំបន់ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នឹងត្រូវបានលើកកំពស់ រវាងប្រជាជននៃប្រទេសរបស់យើង និងប្រទេសដទៃ ពិសេសគឺតាមវិស័យយុវជនគឺតាមរយៈនៃកីឡានេះឯង។
អរគុណការជូនពរសម្រាប់ថ្ងៃកំណើត
ថ្ងៃនេះ មានការរៀបចំរាំច្រៀងសប្បាយ នៃកីឡាករ កីឡាការិនីរបស់យើង។ ខ្ញុំស្នើថាកុំចេញដំណើរតាមពេលវេលា ដែលខ្លួនខ្ញុំ និងភរិយា ឬថ្នាក់ដឹកនាំដទៃទៀតចេញ សូមមេត្តានៅលេងឲ្យបានសប្បាយ ដូចជាទីកន្លែងត្រូវរាំកម្សាន្តជាដើម។ ល្ងាចនេះសូមអញ្ជើញមួយសេរី។ ការជួបជុំរបស់យើងធ្វើឡើងមុនចូលឆ្នាំខ្មែរ ឆ្នាំ វក អដ្ឋសក ព.ស ២៥៦០ ដែលជាពេលវេលាមួយសមស្របសម្រាប់ការជួបជុំគ្នាបែបនេះ។ ការជួបជុំនេះ យើងក៏បានជ្រើសរើសពេលវេលាល្ងាចថ្ងៃ ច័ន្ទ ដែលមិនជាប់ទាក់ទិនទាំងការប្រកួតកីឡាប្រដាល ជាពិសេស និងកីឡាបាល់ទាត់ដែលតែងតែប្រកួតនៅថ្ងៃ សៅរ៍ និងថ្ងៃ អាទិត្យ នោះទេ។ ដូច្នេះយើងបានជ្រើសរើសពេលវេលាមួយដែលមិននាំទៅដល់ការរំខានការប្រកួតរបស់កីឡាករ កីឡាការិនី។
ខ្ញុំក៏សូមយកឱកាសនេះ អរគុណលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ គ្រូបង្វឹក អាជ្ញាកណ្តាល និងថ្នាក់ដឹកនាំកីឡាគ្រប់សហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនី ដែលបានធ្វើការជូនពរនៅក្នុងឱកាសខួបកំណើតរបស់ខ្ញុំ ពិតមែនតែមិនត្រូវនឹងថ្ងៃកំណើតពិត ក៏ប៉ុន្តែវាជាខួបកំណើតផ្លូវការរបស់នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណចំពោះការជូនពរទាំងអស់ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុនសា្របៀរកម្ពុជា ខេមប្រ៊ូ ដែលជួយឧបត្ថម្ភជាស្រាបៀរ ៤០០ កេស ហើយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់បានជួយឧបត្ថម្ភទឹកបរិសុទ្ធ ៣០០ កេស។ ល្ងាចនេះទទួលទានគ្រឿងស្រវឹងហើយ សូមកុំបើកបរខ្លួនឯង។
ក្នុងការជួបជុំគ្នានេះ ខ្ញុំក៏បានរៀបចំសម្រាប់ចែកជូនកីឡាករ កីឡាការិនីរបស់យើងក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល ជាថវិកាមួយដ៏តូចស្តួចស្តើង ក៏ប៉ុន្តែជាការផ្សារភ្ជាប់នូវសមានចិត្តជាមួយកីឡាករ កីឡាការិនីរបស់យើង ហើយក៏សូមយកឱកាសនេះ ក្នុងនាមខ្លួនខ្ញុំ និងភរិយា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមប្រសិទ្ធិពរ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាពិសេស លោកគ្រូ អ្នកគ្រូ គ្រូបង្វ្រឹក អាជ្ញាកណ្តាល កីឡាករ កីឡាការិនីទាំងអស់សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕