ថ្ងៃនេះជាសុន្ទរកថាចុងក្រោយ ប្រហែលជាជិតក្លាយទៅជាបុរសឆ្អឹងដែកស្បែកស្ពាន់ ៤ ថ្ងៃ គឺសុន្ទរកថា ៥ ប្រើអស់សាច់តែម្តង។ ហើយអ្នកណាគេថាខ្ញុំចាស់? ចម្រៀងមួយបទគេថា “គេថាខ្ញុំចាស់ ភាគច្រើន ណាស់មកពីខាងស្រីៗ” ប៉ុន្តែ ការពិតសុខភាពខ្ញុំល្អជាងគ្រូពេទ្យមួយចំនួនផង អាយុស្រករគ្នាហ្នឹង។ បើខ្ញុំ ជាមួយគ្រូពេទ្យ (ធា) គ្រុយ វិញ គឺខ្ញុំវ៉ាដាច់។
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ«សន្និបាតសុខាភិបាលលើកទី ៣៧» ដែល ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់ការជួបជុំគ្នា ប្រចាំឆ្នាំ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព, វាយតម្លៃលទ្ធផលវិស័យសុខាភិបាលក្នុងឆ្នាំ ២០១៥ និងលើក ឡើងនូវបញ្ហាប្រឈមនានាក្នុងវិស័យសុខាភិបាល ដែលថ្នាក់ដឹកនាំនិងមន្ត្រី នៃក្រសួងសុខាភិបាលគ្រប់ ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា រួមទាំងដៃគូអភិវឌ្ឍន៍ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ខ្ពស់ ដើម្បីជា គុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិកម្ពុជា។
តាមរយៈរបាយការណ៍ នៃលទ្ធផលសន្និបាតដែល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើង ខ្ញុំកត់សម្គាល់ឃើញថា ក្នុងឆ្នាំ ២០១៥ កន្លងមកនេះ វិស័យសុខាភិបាលមានវឌ្ឍនភាព ជាច្រើន ដូចជាការលើកកម្ពស់ការគ្របដណ្តប់ នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ, ការកែលម្អគុណភាពសេវា, ការពង្រីកវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស នៃកម្មវិធីមូលនិធិសមធម៌ សម្រាប់ប្រជាជនក្រីក្រ, ការពង្រឹងសមត្ថភាព និងការគ្រប់គ្រងធនធានមនុស្ស, ការពង្រីកហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត, ការពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងវិស័យសុខភាពឯកជន៘
ក្នុងទិដ្ឋភាពនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ, ការពុះពាររាល់ការលំបាក របស់មន្ត្រី, បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីនាំមកនូវសមិទ្ធិផលក្នុងឆ្នាំ ២០១៥ ពិសេសការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ទាក់ទងនឹងសុខភាព ដែលបានរួមចំណែកជា សក្តានុពលដល់ការធ្វើប្រសើរឡើងនូវស្ថានភាពទូទៅ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជាការពិត តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានរួមចំណែកធ្វើឱ្យកម្ពុជាឤចសម្រេចបាននូវវឌ្ឍន ភាពគួឱ្យកត់សម្គាល់ក្នុងការអនុវត្ត «គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា» ដែលក្នុងនោះ «គោលដៅ» ចំនួន ៤ ត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណភាពកុមារ, ការលើកកម្ពស់ សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍, ជំងឺអេដស៍, ជំងឺគ្រុនចាញ់ និងជំងឺឆ្លង, និងការបង្កើន ភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍។
ជារួម កម្ពុជាសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយសម្រេចបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាប្រចាំ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង ជា មួយនឹងកាលានុវត្តភាព ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញក្នុងប្រទេស និងភាព អំណោយផល នៃសមាហរណកម្មតំបន់ និងពិភពលោក។
ទន្ទឹមនេះ សុខភាពរបស់ប្រជាជនកម្ពុជា ត្រូវបានកែលម្អកាន់តែប្រសើរជាលំដាប់ ដោយមានសង្គតិភាព ជាមួយវឌ្ឍនភាព នៃលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងនោះ រួមមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល, ធនធានមនុស្ស និងការពង្រីកកម្មវិធីគាំពារសុខភាពសង្គម ពិសេសកម្មវិធីមូលនិធិសមធម៌ សម្រាប់ប្រជាជនក្រីក្រ, ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, មធ្យោបាយដឹកជញ្ជូនសាធារណៈ, លំនៅដ្ឋាន, ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, ការអប់រំ៘ គួរកត់សម្គាល់ថា ការលូតលាស់សេដ្ឋកិច្ច និងការបែង ចែកភោគផលសេដ្ឋកិច្ចក៏កាន់តែមានលក្ខណៈសមធម៌ ក្នុងចំណោមប្រជាជនទូទៅ ដោយយើងបានរំដោះ ប្រជាជនរាប់លាននាក់ឱ្យចាកចេញពីភាពក្រីក្រ។
ប៉ុន្តែ ទោះបីយ៉ាងណា យើងទាំងអស់គ្នាដឹងច្បាស់ថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវពុះពារ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ឱ្យគ្របដណ្តប់កាន់តែទូលំទូលាយ, មានស្តង់ដារគុណភាពខ្ពស់ ក្នុងការប្រតិបត្តិ និងជាពិសេស ក្លាយជាឧបករណ៍នយោបាយកាន់តែមុតស្រួច ក្នុងការកាត់បន្ថយភាព ក្រីក្រ និងធានាលើកកម្ពស់សុខុមាលភាពប្រជាជន។
ព្រមជាមួយនេះ ខាងផ្នែកប្រជាសាស្ត្រ បានឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការចាំបាច់ ក្នុងការផ្តោតការយកចិត្ត ទុកដាក់សារជាថ្មី លើយុទ្ធសាស្ត្រវិស័យសុខភាព, វិស័យសិក្សាធិការ និងវិស័យសេដ្ឋកិច្ច ខណៈដែល ប្រជាជនកាន់តែច្រើនឡើង បាន និងកំពុងរស់នៅកាន់តែច្រើនឡើងក្នុងតំបន់ទីក្រុង និងទីប្រជុំជន, ជីវភាពរស់នៅក៏កាន់តែប្រសើរ ដែលធ្វើឱ្យជំងឺមិនឆ្លងបានក្លាយជាមូលហេតុចម្បងមួយ នៃបញ្ហាសុខភាពរបស់ប្រជាជនកម្ពុជា ពិសេសការស្ទុះឡើង នៃជំងឺមិនឆ្លងរ៉ាំរ៉ៃ ដូចជា ជំងឺបេះដូង, ជំងឺសរសៃប្រសាទ, ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ជាដើម។
ដូច្នេះ រចនាសម្ព័ន្ធ នៃប្រព័ន្ធសុខាភិបាលចាំបាច់ត្រូវពង្រឹងការឆ្លើយតប និងគណនេយ្យភាពរបស់ខ្លួនឱ្យ កាន់តែខ្លាំងក្លាថែមទៀត ដោយត្រូវពិនិត្យកែតម្រូវ និងបង្កើនសមត្ថភាពស្ថាប័នទៅតាមមធ្យោបាយនានា ដើម្បីរៀបចំខ្លួនឱ្យបានរួចរាល់ ក្នុងការដោះស្រាយសណ្ឋានផ្លាស់ប្តូរ នៃបណ្តាជំងឺនេះ។
ស្ថិតក្នុងបរិការណ៍នៃកំណើន, វិស័យសុខាភិបាលនៅតែដើរតួនាទីសំខាន់ ក្នុងការរក្សានូវសុខុមាលភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ យើងត្រូវធ្វើឱ្យប្រាកដនូវរាល់គោលដៅ នៃកិច្ច អភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីច្បាមយកកាលានុវត្តភាព សម្រាប់បន្តភាពរីកចម្រើនរបស់កម្ពុជា ពិសេសការពង្រីកវិសាលភាពគ្របដណ្តប់, ការបន្តពង្រឹងគុណភាព និងការធានាថ្លៃសមរម្យ នៃសេវាសុខា ភិបាល ដែលប្រការទាំងអស់នេះ នៅតែបន្តជាកង្វល់ចម្បង ដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយ។ ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមផ្តល់នូវគំនិតជាមូលដ្ឋានមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ សម្រាប់ ការអនុវត្ត ក្នុងនោះរួមមាន៖
ទី១. ស្ថានភាពសុខភាពល្អរបស់ប្រជាជននឹងផ្តល់លទ្ធភាព និងកាលានុវត្តភាពដល់ពួកគេ ក្នុងការលើក កម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរឡើង និងបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប ដោយចីរភាព។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីគ្រប់គ្រង និង បុគ្គលិកប្រតិបត្តិនៅគ្រប់អង្គភាពសុខាភិបាលទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើន ការយកចិត្តទុកដាក់លើកកម្ពស់សេវាសុខភាពឱ្យប្រកបដោយគុណភាព, ភាពជឿជាក់, សុវត្ថិភាព, ភាព ស័ក្តិសិទ្ធិ និងប្រកបដោយសមធម៌។
ទី២. ត្រូវសម្រួចមុខងារគន្លឹះ នៃប្រព័ន្ធសុខាភិបាល ពោលគឺត្រូវធានាឱ្យមានសេវាសុខភាពគ្រប់គ្រាន់, ឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ហើយសេវាសុខភាពទាំងនោះ ត្រូវត្រៀមបម្រុងរួចជា ស្រេច សម្រាប់ការប្រើប្រាស់នៅពេលប្រជាជនមានបញ្ហាសុខភាព។ ចំណែកឯគុណភាពសេវាសុខភាព ដែលបានផ្តល់, ទាំងសុខាភិបាលសាធារណៈ និងឯកជន ត្រូវមានស្តង់ដារ ក្នុងកម្រិតមួយដែលប្រជាជន ឤចទទួលយកបាន ឬជាទីពេញចិត្តរបស់ប្រជាជន។ ក្នុងន័យនេះ ការពង្រឹងប្រព័ន្ធ នៃការផ្តល់សេវាសុខ ភាពត្រូវតែជាធុរកិច្ចស្នូល នៃប្រព័ន្ធសុខាភិបាល និងជាភារកិច្ចស្នូល របស់មន្ត្រីបុគ្គលិកសុខាភិបាល គ្រប់រូប។
ទី៣. ខណៈពេលដែលស្ថានភាពភូមិសាស្ត្រលែងជាបញ្ហាចម្បង សម្រាប់ប្រជាជន ក្នុងការធ្វើដំណើរមក ទទួលសេវាសុខាភិបាលនៅមូលដ្ឋាន គឺចាំបាច់ត្រូវដករបាំងហិរញ្ញវត្ថុ ឬសម្រាលបន្ទុកចំណាយប្រាក់ ហោប៉ៅផ្ទាល់របស់គ្រួសារ ប្រជាជននៅពេលប្រើប្រាស់សេវាសុខភាព។ ប្រសិនបើមិនដូច្នោះទេ ប្រព័ន្ធ សុខាភិបាលទាំងមូលនឹងមិនចូលរួមលើកស្ទួយសុខភាពដោយសមធម៌ ក្នុងចំណោមប្រជាជនទូទៅនោះ ទេ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ, ប្រជាជនងាយរងគ្រោះ និងគ្រួសារមានប្រាក់ចំណូលទាប។ ឈរលើទស្សនៈនេះ មន្ទីរពេទ្យទាំងអស់ត្រូវធានាថា ប្រជាជនទាំងអស់ដែលមក ទទួលសេវាសុខាភិបាល ទោះបីមាន ឬគ្មានលទ្ធភាពបង់ថ្លៃសេវា និងរស់នៅទីណាក៏ដោយ គឺត្រូវទទួលបានសេវាថែទាំ សុខភាពនៅពេលឈឺ ឬមានបញ្ហាសុខភាព។
[ចាប់ផ្តើម អធិប្បាយបន្ថែម]
ភាគច្រើន គ្រូពេទ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈ
នេះគឺជាចំណុចសំខាន់ សម្រាប់ការអនុវត្តបន្តរបស់មន្ត្រីសុខាភិបាលគ្រប់ទីកន្លែងទាំងអស់។ ការត្អូញត្អែរ របស់ប្រជាពលរដ្ឋទៅលើឥរិយាបថមួយចំនួន គឺត្រូវបានយកចិត្តទុកដាក់ មិនត្រូវមើលស្រាលទេ។ ចំណុចនេះ ខ្ញុំបានលើកឡើងនៅឯទីក្រុងព្រះសីហនុ ក្នុងពេលសម្ពោធអគារមន្ទីរពេទ្យ ដែលជាជំនួយរបស់ប្រទេសជប៉ុន។ ទោះបីថា ក្នុងគ្រូពេទ្យភាគច្រើន គឺជាគ្រូពេទ្យល្អ ដែលមានការលះបង់ខ្ពស់ ដែលខ្ញុំប្រៀបធៀបថា ប្រហាក់ប្រហែលជាមួយនឹងកងយោធពលខេមរភូមិន្ទ នគរបាលជាតិ ឬកងរាជអាវុធហត្ថ ព្រោះថា ទោះបីមានបុណ្យទានដែលគេជួបជុំគ្រួសារ គ្រូពេទ្យរបស់យើងបែរជាប្រចាំការនៅមន្ទីរពេទ្យឯណោះ។ នេះជាការលះបង់ខ្ពស់ណាស់។ ប៉ុន្តែ យើងត្រូវទទួលស្គាល់នូវការខ្វះខាតរបស់គ្រូពេទ្យមួយចំនួន អំពីឥរិយាបថចំពោះអ្នកជំងឺ ហ្នឹងម្ខាង, ម្ខាងទៀតក៏តែងគិតអំពី បញ្ហាប្រាក់កាក់។ នេះជារឿងដែលត្រូវខិតខំធ្វើនៅពេលខាងមុខ។ ស្រុះគ្នាធ្វើ ដើម្បីធានាថា ធ្វើឲ្យប្រាកដថា គ្រូពេទ្យរបស់យើងបម្រើប្រជាជនមិនរើសអើង មិនថាអ្នកមាន មិនថាអ្នកក្រ ហើយទោះបីមានលុយ ឬគ្មានលុយ ពួកគាត់នឹងទទួលបាននូវសេវាសុខភាពមួយដ៏ល្អ។ សង្ឃឹមថា សុំកុំឲ្យត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់។ អំពាវនាវឲ្យគ្រូពេទ្យមួយចំនួន ដែលពីមុននេះ មានឥរិយាបថខុសឆ្គងខ្លះៗនោះ ខិតខំកែប្រែឥរិយាបថទាំងនោះ ដើម្បីបម្រើគោលដៅរួម គឺបម្រើប្រជាជននោះឯង។
គ្រូពេទ្យឯកទេសទាំងអស់ ត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌរដ្ឋ
អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងហើយ អំពីគ្រូពេទ្យឯកទេស ដែលមុននេះ យើងហាក់ដូចជាគេហៅថា យើងប្រើពាក្យមួយម៉ាត់ថាស្លាប់ក្រឡាទៅចុះ។ គ្រូពេទ្យឯកទេសធម្មតា គឺរៀនច្រើនជាងវេជ្ជបណ្ឌិតធម្មតា។ ដល់ទៅពេលគាត់ចេញមកហួសអាយុបាត់ អត់ចូលធ្វើការបាន។ ឥឡូវ យើងផ្លាស់ប្តូរហើយ។ បានចេញសេចក្តីសម្រេចហើយ ប្តូរអាយុខ្ពស់បំផុត ៣០ ឆ្នាំ ទៅ ៣៥ ឆ្នាំ សម្រាប់គ្រូពេទ្យឯកទេស។ សុំពិនិត្យមើលគ្រូពេទ្យឯកទេស ដែលមិនទាន់ចូលក្នុងក្របខណ្ឌបច្ចុប្បន្ន។ ថ្ងៃមុនខ្ញុំស៊ីញ៉េឲ្យប៉ុន្មាននាក់។ ឥឡូវ សុំពិនិត្យមើលគ្រូពេទ្យឯកទេស វេជ្ជបណ្ឌិតឯកទេស ដែលមិនទាន់បានចូលក្របខណ្ឌ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ត្រូវធ្វើបញ្ជូលទៅក្នុងក្របខណ្ឌជាបន្ទាន់។ ថ្ងៃមុនដាក់មកថា សុទ្ធតែគ្រូពេទ្យឯកទេស ហើយយើងត្រូវការណាស់គ្រូពេទ្យឯកទេសហ្នឹង ដោយសារតែខ្វះគ្រូពេទ្យឯកទេសហើយ បានជាយើងតែងបញ្ជូនអ្នកជំងឺទៅព្យាបាលនៅខាងក្រៅ។ យើងមានគ្រូពេទ្យឯកទេស បែរជាមិនអាចចូលក្របខណ្ឌរដ្ឋបាន។ ក្រៅពីអ្នកដែលខ្ញុំបានចុះហត្ថលេខាអនុញ្ញាតហើយ តើនៅមានទៀតឬអត់? ឥឡូវ ខ្ញុំប្រកាសបញ្ជូលជាស្វ័យប្រវត្តិតែម្តងទៅ។ កុំឲ្យពិបាក មានប៉ុន្មានប្រមូលទាំងអស់ តែម្តងទៅ …។
តែងតាំងគ្រូពេទ្យឯកទេសចូលនិវត្តមួយចំនួន ក្នុងមុខងារនយោបាយ
បន្ទាប់ទៅក៏ត្រូវពិនិត្យផងដែរ គ្រូពេទ្យឯកទេសរបស់យើងដល់អាយុ ៦០ ឆ្នាំចូលនិវត្ត។ អញ្ចឹង កន្លងទៅខ្ញុំ បានឲ្យមានការតែងតាំងក្នុងក្របខណ្ឌទៅជាមុងងារនយោបាយ ដើម្បីពួកគាត់មានឱកាសធ្វើការបន្តទៅ ទៀត។ កន្លងទៅខ្ញុំស្តាយដែរ។ ប្រសិនបើកាលហ្នឹង យើងយល់ដឹងឲ្យបានច្បាស់ ដាក់(អាយុ) ៦៥ ឆ្នាំ ទាំងអស់តែម្តងចាំចូលនិវត្ត។ ប៉ុន្តែ កាលនោះខ្ញុំទារបានតែគ្រូទេ។ គ្រូកាលនោះកំណត់អាយុ ៥៥ ឆ្នាំ, ៥៧ ឆ្នាំ, ៦០ ឆ្នាំ, ខ្ញុំទារបានគ្រូទាំងអស់ ឯចំពោះក្របខណ្ឌដទៃទៀតនៅសល់ ៥៥ ឆ្នាំ, ៥៨ ឆ្នាំ, ៦០ ឆ្នាំ។ សម្រាប់ខាងស្រ្តី។ បានស្ត្រីមួយ។ ឥឡូវ លក្ខន្តិកៈមន្ត្រីរាជការរបស់យើង កំណត់(អាយុ) ៦០ ឆ្នាំ។ ប៉ុន្តែ យើងអាចសម្រួលបាន។ គ្រូពេទ្យឯកទេសរបស់យើងមួយចំនួនដែលចូលនិវត្ត យើងតែងតាំងទៅមុខងារនយោបាយទៅ រួចហើយឲ្យគាត់ទៅធ្វើការនៅមន្ទីរពេទ្យណាមួយបន្ត។ គ្រូពេទ្យថ្មី ដែលចេញមក ហួសអាយុ គឺយើងបង្កើនអាយុដល់ ៣៥ ឆ្នាំដើម្បីប្រឡង។ ឥឡូវយើងប្រកាសទទួលយកគ្រូពេទ្យ ឯកទេសទាំងអស់។ ឥឡូវចេញពីហ្នឹងទៅ មើលសល់ប៉ុន្មានទៀត ដែលមិនទាន់បានចូលក្របខណ្ឌ? ប្រកាសបញ្ជូលក្របខណ្ឌតែម្តងទៅ ហើយចាប់ទទួលប្រាក់ខែពីខែ មេសា អីហ្នឹងទៅតែម្តងទៅ។
ឯកឧត្តម ពេជ្រ ប៊ុនធិន ធ្វើការជាមួយក្រសួងសុខាភិបាលទៅ។ គ្រូពេទ្យឯកទេសដែលចូលនិវត្ត ខិតខំយកអ្នកទាំងហ្នឹង តែងតាំងក្នុងមុខងារនយោបាយ ប៉ុន្តែឲ្យទៅបម្រើការងារទៅតាមមន្ទីរពេទ្យ។ ប្រឹងបណ្តុះបណ្តាលមកមិនទាន់បានប៉ុន្មាន ចូលនិវត្តអស់។ ប្រឹងបណ្តុះបណ្តាលមកចូលក្របខណ្ឌ មិនបានដោយសារលក្ខខណ្ឌអាយុ។ យើងអ្នកសរសេរយើងកែវាបានតើ។ ប៉ុន្តែ ប្រធានបទមួយធំ គឺថា ឥរិយាបថរបស់គ្រូពេទ្យ។ មិនមែន ៩៩% ទេ។ ខ្ញុំស្តាប់ឡើងវិញ គេថាគ្រូពេទ្យខូច ៩០%។ បើគ្រូពេទ្យខូច ៩០% បានសេចក្តីថា ស្រុកខ្មែររលាយហើយ ព្រោះគ្រួសារមួយមាន កូន ១០ នាក់ ខូចអស់ ៩ នាក់ទៅហើយ សល់តែ ១ នាក់។ អញ្ចឹង មួយប្រទេសកម្ពុជាទៅជាម៉ាហ្វ្យ៉ាទាំងអស់។ ខ្ញុំមិនយល់ស្របទេ។ តែយើងទទួលស្គាល់នូវការខ្វះចន្លោះ និងភាពឆ្មើងឆ្មៃមួយចំនួនដោយគ្រូពេទ្យជាបុគ្គល មិនមែនជាសុខាភិបាលទេ។ ត្រូវ តែប្រែឥរិយាបថទាំងអស់នោះ។ ធ្លាប់សំដីអាក្រក់ យើងបន្ថយសំដីអាក្រក់នោះទៅ វាបានទៅហើយ។ ពិបាកបំផុត គឺពិបាកត្រង់ថា យើងអត់មានថ្នាំ យើងអត់មានស្អីៗ។ ចុះបើមានថ្នាំមានស្អីហើយ កុំតែនិយាយអាក្រក់ទៅ។ វាអត់អីពិបាកទេ។
[ចប់ អធិប្បាយបន្ថែម]
ទី៤. មូលនិធិសមធម៌សុខភាព ជាយន្តការប្រមូលផ្តុំហានិភ័យហិរញ្ញវត្ថុទ្រង់ទ្រាយធំតែមួយគត់ ដែល បង្ហាញពីប្រសិទ្ធិភាព នៃការវិនិយោគធនធានហិរញ្ញវត្ថុរបស់រដ្ឋ ក្នុងការលើកស្ទួយសុខភាពប្រជាជនក្រីក្រ, ផ្តល់នូវការគាំពារហិរញ្ញវត្ថុ, កាត់បន្ថយចំណាយប្រាក់ហោប៉ៅរបស់អ្នកជំងឺលើការថែទាំសុខភាព។ ក្នុង ន័យនេះ ត្រូវពិនិត្យលទ្ធភាពពង្រីកមូលនិធិសមធម៌ដល់ប្រជាជនក្រីក្រ, ប្រជាជនងាយរងគ្រោះ និងត្រូវ ផ្តួចផ្តើមការអភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងសុខភាព សង្គមមួយមាននិរន្តរភាព សម្រាប់ប្រជាជន ស្របតាម លក្ខខណ្ឌសេដ្ឋកិច្ច, មូលដ្ឋានគតិយុត្ត និងគោលនយោបាយជាតិគាំពារសន្តិសុខសង្គម។
ទី៥. ក្រសួងសុខាភិបាលត្រូវពិនិត្យតាមដាន និងវាយតម្លៃឡើងវិញឱ្យបានគត់មត់ ចំពោះបណ្តាចំណុច ទាំងឡាយដែលបានលើកឡើងក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ក្នុងគោលដៅបន្តលើក កម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងភាពជឿទុកចិត្តរបស់ប្រជាជន លើសេវាសុខាភិបាលជាតិ តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងការពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការលើកកម្ពស់ការយល់ដឹងរបស់គ្រូពេទ្យ, មន្ត្រី, បុគ្គលិកសុខាភិបាល និងអ្នកប្រើប្រាស់សេវា ព្រមទាំង ការលើកកម្ពស់ភាពជាដៃគូជាមួយវិស័យឯកជនក្នុងការផ្តល់សេវាសុខភាព។
ក្នុងន័យដូចបានលើកឡើងនេះ ខ្ញុំមានជំនឿថា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីគ្រប់លំដាប់ ថ្នាក់ នៃក្រសួងសុខាភិបាល, ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុក ដាក់ខ្ពស់ និងប្រកបដោយប្រសិទ្ធិភាពលើកិច្ចការទាំងអស់នេះ។ សមិទ្ធិផលថ្មីៗ ដែលទទួលបានតាមទិស ដៅដែលបានលើកឡើងក្នុងអង្គសន្និបាត ជាមួយនឹងការស្នើឡើងទាំងអស់នេះ ពិតជានឹងរួមចំណែកយ៉ាង សំខាន់ ដល់ការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ឱ្យប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតសុខាភិបាលលើកទី ៣៧» នៅពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕