ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួម ប្រគល់សញ្ញាបត្រជូនចំពោះមន្ត្រីអប់រំ គរុនិស្សិត និងសិស្ស ចំនួន ១២៥៦ នាក់ នៅវិទ្យាស្ថានជាតិអប់រំរបស់យើង។ លើកនេះ ក៏ជាលើកទី ១៨ គិតពីឆ្នាំ ១៩៩៦ មក។ ការពិតទៅ មួយឆ្នាំ ជួន កាលចូល(វិទ្យាស្ថានជាតិអប់រំ)នេះ ៦ ទៅ ៧ ដង ក្នុងការចែកសញ្ញាបត្រសម្រាប់សាកលវិទ្យាល័យផ្នែកឯកជន ហើយមានពេលខ្លះទៀត ដូចជាមានការស្នើខ្ចីពីសំណាក់ស្ថាប័នខ្លះ ដើម្បីធ្វើសន្និបាតនៅទីនេះផងដែរ។
ខ្ញុំរីករាយ ដោយសារតែបានរួមវិភាគទានជាមួយនឹងឧកញ៉ា ម៉ុង ឫទ្ធី បង្កើតឲ្យមានអគារនេះឡើង។ ខ្ញុំនៅចងចាំថា ក្នុងទស្សវត្សរ៍ ៩០ គឺនៅឆ្នាំ ១៩៩៦-១៩៩៧ អីហ្នឹង យើងធ្វើរោងការទេ។ អគារនេះ ក្លាយទៅជាទីតាំង មិនគ្រាន់តែសម្រាប់វិទ្យាស្ថានជាតិអប់រំរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែបានក្លាយទៅជាទីតាំងសម្រាប់ការខ្ចីប្រើប្រាស់ ពីសំណាក់សាកលវិទ្យាល័យនានា រហូតដល់ស្ថាប័នមួយចំនួនថែមទៀតផង។ យើងក៏បានកសាងអគារបែបនេះ ២ កន្លែងផ្សេងទៀត មួយនៅចំការដូង ឯមួយទៀតនៅស្វាយរៀង។ នៅនគរបាលមួយទៀត ប៉ុន្តែធំជាងនេះ។
ថ្ងៃនេះ មានធនធានមនុស្សបន្ថែម តាមរយៈការបណ្តុះបណ្តាល ហើយបើយើងប្រៀបធៀបទៅនឹងអតីតកាល យើងបានដើរដល់ចំណុចមួយ នោះគឺការរៀបចំដាក់ឲ្យមានក្របខណ្ឌការបំប៉ន ថ្នាក់ណាទៅ បង្រៀននៅកន្លែងណា? ឧទាហរណ៍ យើងមានគរុកោសល្យនៅតាមខេត្ត សម្រាប់ការបណ្តុះបណ្តាលគ្រូ ១២+១ ឬ ១២+២។ គរុកោសល្យភូមិភាគក៏ ១២+២ ដែរ និងមានវិទ្យាស្ថានជាតិអប់រំសម្រាប់ការបណ្តុះបណ្តាល ២ ផ្នែក មួយគឺគរុនិស្សិតបរិញ្ញាបូកមួយ និងមួយទៀត គឺសិស្ស ដែលមូលដ្ឋាននិយាយភាសាបារាំង។ លើកនេះ យើងមានការបណ្តុះបណ្តាលមន្ត្រីអប់រំនៅក្នុងនេះផងដែរ ដែលមានកម្រិតបរិញ្ញាជាន់ខ្ពស់។
ចាប់ផ្តើមពី “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ”
ដំណាក់កាលឆ្នាំ ១៩៧៩ យើងជួបការលំបាកខ្លាំងណាស់។ ខ្ញុំនៅតែនឹកមមៃអំពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមដ៏លំបាក នៅត្រង់ថា យើងប្រើប្រាស់ភាសាអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ នោះជាការចាប់ផ្តើមដ៏លំបាក ហើយកាលពីពេលនោះ មានគ្រូមួយចំនួនមកធ្វើវិក្រឹត្យការនៅនេះ។ ប៉ុន្តែសួរថា គ្រប់គ្រាន់ទេ? វាមិនគ្រប់ទេ។ អញ្ចឹងទេ យើងបើកសាលាឲ្យមានការរៀន ទោះបីថារៀននៅក្រោមកុដិដែលគ្មានព្រះសង្ឃ រៀននៅក្រោមផ្ទះប្រជាពលរដ្ឋ រៀនយ៉ាងនេះ យ៉ាងនោះ ក៏ប៉ុន្តែយើងបានទទួលការបណ្តុះបណ្តាលមួយ ដែលធ្វើឲ្យអ្នកទាំងនោះឥឡូវនេះមួយចំនួនក្លាយទៅជាគ្រូបង្រៀន ក្លាយទៅជាសាស្ត្រាចារ្យ ក្លាយទៅជាបញ្ញវ័ន្ត ដោយផ្តើមចេញដំណើរ លំបាកលំបិននោះផងដែរ។ យើងក៏មានមូលដ្ឋានជាបន្តបន្ទាប់មក ហើយឥឡូវនេះ គ្រូបង្រៀនដែលបង្រៀនកាលពីពេលនោះ គឺ(ដែលបាន)ជ្រើសរើសតាមរយៈការដាក់ឲ្យបង្រៀននៅបឋមសិក្សានៅមូលដ្ឋាននោះ ហាក់ដូចជាបានចូលនិវត្តស្ទើរតែអស់ទៅហើយ ព្រោះថានៅក្នុងវ័យ ២៥ ឬក៏ ៣០ ឆ្នាំ កាលពីឆ្នាំ ១៩៧៩ ឥឡូវ ៣៧ ឆ្នាំ(ថែមទៀត)ហើយ។ ដូច្នេះ គ្រូកាលពីជំនាន់នោះ ហាក់ដូចជាមិននៅសល់ទេ ហាក់ដូចជាចូលនិវត្ត និងត្រូវបានជំនួសដោយគ្រូមានការបំពាក់បំប៉ន តាមរយៈគរុកោសល្យខេត្ត គរុកោសល្យភូមិភាគ និងការដាក់ឲ្យទៅបង្រៀន តាមរយៈការបណ្តុះបណ្តាលជួរគ្រូបង្រៀននៅថ្នាក់បរិញ្ញាបូកមួយ។
ទាក់ទងនឹងបញ្ហាគ្រូបង្រៀននេះទៀតសោត មានតែក្របខណ្ឌពីរទេ ដែលទទួលបាននូវការបន្ថែមនូវបុគ្គលិកប្រចាំឆ្នាំចំនួនច្រើន មួយគឺក្រសួងអប់រំ យុវជន និងកីឡានេះតែម្តង ដែលមួយឆ្នាំៗ ឲ្យរើសបន្ថែមចំនួន ៥ ពាន់នាក់។ មួយទៀត គឺផ្នែកសុខាភិបាល។ ខ្ញុំនៅចាំបានថា ឆ្នាំ ១៩៩៥ ពេលនោះ មុនពេលគាត់ធ្វើជាតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក មេហ៍រ៉ូត្រា ជនជាតិឥណ្ឌា ធ្វើការឲ្យ UNDP ទទួលបន្ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ (ក្នុងការ)ពិភាក្សាជាមួយខ្ញុំនៅផ្ទះវិមានឯករាជ្យ និយាយថា បុគ្គលិករបស់កម្ពុជាត្រូវកាត់ចោលពាក់កណ្តាលតែម្តង។ ពេលនោះ បុគ្គលិករបស់យើងពិតជាច្រើន។ ដោយសារអី? បុគ្គលិកម្ខាងគឺភាគីរដ្ឋកម្ពុជា និងបុគ្គលិកពីរទៀត មកពីរណៈសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និង ហ្វ៊ុនស៊ិនប៉ិច បញ្ជូលគ្នា។ ពេលនោះខ្មែរក្រហមមិនទាន់ផ្តាច់ខ្លួនមកទាំងស្រុងទេ។ ខ្ញុំបាននិយាយប្រាប់គាត់ថា ទទួលស្គាល់ថាបុគ្គលិកច្រើន ក៏ប៉ុន្តែមិនត្រូវដកបុគ្គលិកងាយស្រួល ដូចដកស្ពៃនោះទេ។ បើសិនជាគ្រូ និងពេទ្យវិញ គ្មានទេថ្ងៃដក គឺមានតែថ្ងៃបន្ថែម។ កុមារចេះតែកើត ហើយធំពេញវ័យ ចំនួនអ្នកដែលត្រូវរៀនក៏ត្រូវកើន ដូច្នេះចំនួនគ្រូមានតែកើន ចំនួនពេទ្យមានតែកើន។ អ្វីដែលខ្ញុំនិយាយកាលពីពេលនោះ រហូតមកដល់ពេលនេះ គឺត្រឹមត្រូវណាស់។ ជារឿងពិត។ មិនអាចទៅកាត់ជួរគ្រូបង្រៀន ហើយបន្ថយចំនួនសាលា បន្ថយចំនួនសិស្សបានទេ។ ខ្ញុំធ្លាប់បាននិយាយហើយ ពីសម័យមុនសង្គ្រាម យើងមានគ្រូតែប៉ុន្មានម៉ឺននាក់ ប៉ុណ្ណឹងទេ ឯសិស្សអត់ដល់មួយលានទេ។ ឥឡូវមានគ្រូ ១១ ម៉ឺននាក់ សិស្សជិត ៤ លាននាក់ទៅហើយ …។
ឃុំមួយ អនុវិទ្យាល័យមួយ
យើងប្រឹងប្រែង មិនត្រឹមតែរៀបចំអោយមានបឋមសិក្សាទេ យើងបង្កើតអោយមានមធ្យមសិក្សានៅឯមូលដ្ឋាន ហោចណាស់ឃុំមួយមានអនុវិទ្យាល័យមួយ ដើម្បីបង្កលក្ខណៈសម្បត្តិអោយកុមារ និងយុវវ័យយើងបានទទួលការសិក្សាជាពិសេសនៅប្រទេសកម្ពុជាយើងគឺបញ្ហាកូនស្រី។ ថ្ងៃនេះ ក៏មិនទាន់ហួសពេលដើម្បីជូនពរស្រ្តីទាំងឡាយដែលមានវត្តមាននៅទីនេះ សូមអោយទទួលជោគជ័យ និងសំណាងល្អ ក្នុងឱកាសខួបលើកទី ១០៥ នៃទិវានារីអន្តរជាតិ។ ស្ថានភាពវាបានផ្លាស់ប្តូរជាមួយនឹងកំណែទម្រង់ទាំងឡាយ ដែលក្រសួងអប់រំ យុវជន និងកីឡាបានធ្វើហើយក្នុងរយៈពេលកន្លងទៅ ហើយជះឥទ្ធិពលយ៉ាងល្អជាមួយគោលដៅដែលយើងចង់បាន។ ក្នុងនោះ រាជរដ្ឋាភិបាលបានខិតខំបង្កើននូវថវិកាជាតិ ដើម្បីជម្រុញអោយវិស័យអប់រំនេះកាន់តែប្រសើរឡើង។ ក្របខណ្ឌគ្រូបង្រៀន និងគ្រូពេទ្យ គឺជាក្របខណ្ឌដែលទទួលបានប្រាក់ខែលើសគេ។ គោលដៅរបស់យើង មិនត្រឹមតែប៉ុណ្ណឹងទេ។ សូមយោគយល់ថា ឆ្នាំនេះ យើងសម្រេចបានត្រឹមតែអ្នកទាបបំផុតជាគ្រូមត្តេយ្យ និងគ្រូបឋមថ្មីថ្មោងគឺ ប៉ែតសិបម៉ឺនរៀល គឺប្រហាក់ប្រហែលពីររយដុល្លារ។
គោលដៅបៀវត្សរ៍ ឆ្នាំ ២០១៨, ប្រាក់បៀរវត្សរ៍មានកំណើន ១២% នៅខែមេសា
ឆ្នាំ ២០១៨ គោលដៅទាបបំផុតត្រឹមចំនួន ១ លាន។ នេះត្រូវមានការខិតខំប្រឹងប្រែងច្រើនណាស់ ដើម្បធានាថាអ្វីដែលយើងត្រូវផ្តល់អោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំនួនដ៏ច្រើននេះ មិនតម្រូវអោយមានការទៅខ្ចីលុយធនាគារយកមកបើក រហូតទៅដល់ការខ្វះសាច់ប្រាក់ ការបោះក្រដាសប្រាក់បន្ថែម ដើម្បីបើកប្រាក់ខែនោះទេ។ ក្នុងរយៈពីរខែដើមឆ្នាំនេះ យើងបានសាកល្បងចំណូល និងចំណាយរបស់យើង ឃើញថាកំណើនបែបនេះ យើងអាចស្ទុះរួច។ ខ្ញុំកំពុងអោយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈពិភាក្សាគ្នាទាក់ទងជាមួយនឹងបញ្ហាប្រាក់ឧបត្ថម្ភសម្រាប់ភរិយា និងកូនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលមុននេះ យើងបានបង្កើន ប៉ុន្តែឆ្នាំ ២០១៥ និង ២០១៦ មិនបានបង្កើនទេ។ ខ្ញុំកំពុងអោយពិនិត្យមើលបញ្ហានេះ ដោយសារវាជាចង្កោមបញ្ហា មិនមែនជារឿងដាច់ដោយឡែកនោះទេ។ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ដែលបៀវត្សរ៍ត្រូវបើកឌុប គឺចុងខែ ៣ បើកម្តង និងដល់ដើមខែ ៤ ឡើងទាំងប្រាក់ខែហើយ បើកមុនចូលឆ្នាំ។
អនុក្រឹត្យទាក់ទងនឹងការតម្លើងបៀវត្សរ៍ ចុះហត្ថលេខារួចរាល់អស់ហើយ។ បញ្ហានេះទាមទារអោយមានការប្រុងប្រយ័ត្នបំផុតនៅក្នុងចុង ខែ ៣ និងក្នុងខែ ៤ នេះ។ ប្រយ័ត្នយ៉ាងម៉េច? ឥឡូវចុងខែ ៣ នាំគ្នាបើកប្រាក់ខែ ក្នុងហ្នឹងកំណើនបៀវត្សរ៍មាន ១២% ធៀបនឹងឆ្នាំទៅ។ ដល់ ១០ ថ្ងៃក្រោយ ត្រូវបើកមុនចូលឆ្នាំ ជាមួយនឹងប្រាក់មុខងារបន្ថែម ឧទារហណ៍ឥឡូវបាន ៧៥ ម៉ឺន ឡើងទៅដល់ ៨០ ម៉ឺន។ អញ្ចឹងទំហំទឹកប្រាក់ទៅលើទីផ្សារវាធំណាស់ ទាមទារអោយមានការប្រយ័ត្នប្រយែងគ្រប់គ្រងសាច់ប្រាក់។ និយាយអញ្ចឹង មិនមែនមិនអោយរតនាគារបើកប្រាក់ទេ បើកប្រាក់អោយបានមុនចូលឆ្នាំ ព្រោះគេត្រូវយកទៅចូលឆ្នាំ រួចហើយត្រូវប្រយ័ត្ននៅពេលខាងមុខទៀត ដោយសារតែបើកប្រាក់ខែ មេសា ក្នុងអាទិត្យទី ២ ហើយយកទៅចាយអស់ (ត្រូវគិតពីប្រាក់) ខែ ៥ … (ដែល)ត្រូវបើកក្នុងអាទិត្យទី ៣ ខែ ឧសភា។
បច្ចេកវិទ្យាព័ត៌មាន ក្នុងកំណែទម្រង់ហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ
ខ្ញុំសង្ឃឹមថា មន្ត្រីអប់រំ គ្រូបង្រៀន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ពិតជាយល់នូវវិធីគ្រប់គ្រងរដ្ឋមួយ (ដែល)មិនមែនដើរសន្យាចេះតែបានភ្លាមៗទេ។ ឧទារហណ៍ យុវជនអាយុ ១៥ ឆ្នាំ ត្រូវតែបានប្រាក់។ អត់មានស្ថិតិ ផង អញ្ចឹងអ្នកណាក៏អាយុ ១៥ ឆ្នាំដែរ។ មិនមែនជាបញ្ហាស្រួលពេកទេ តែវាជាកិច្ចការរបស់រដ្ឋ ដែលត្រូវធ្វើ។ ហ្នឹងហើយដែលខ្ញុំនិយាយថា ជាសេវាតម្រូវការ ត្រូវដាក់ចេញជាបទបញ្ជាអោយអនុវត្តខានតែបាន។ ឥឡូវកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់យើង និងកំណែទម្រង់រដ្ឋបាលសាធារណៈ គ្រាន់តែបានបើកប្រាក់ខែមុនដំណាច់ខែ វាជារឿងល្អណាស់ទៅហើយ។ មុននោះ ខ្ញុំនៅចាំបាននូវរឿងដែលពិបាកជាងគេ គឺធ្វើនាយករដ្ឋមន្ត្រីអត់សាច់ប្រាក់។ ឆ្នាំ ១៩៩៦, ១៩៩៧, ១៩៩៨ ជំពាក់ប្រាក់ខែ ២ ខែ ៣ ខែ រហូតមន្រ្តីរបស់យើងថា ស្រុកខ្មែរ ១ ខែមាន ៦០ ថ្ងៃ … មានប័ណ្ណបើកលុយហើយ ដល់រតនាគារអត់លុយ។ វាលំបាកណាស់។
បច្ចេកវិទ្យាព័ត៌មានវិទ្យាជួយកាត់បន្ថយអំពើពុករលួយ និងភាពមិនប្រក្រតី។ (ម្យ៉ាងក៏)ដោយសារវិធីគ្រប់គ្រងកែទម្រង់ (ធ្វើអោយ)យើងមានសាច់ប្រាក់ក្នុងដៃ ធានាថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាចបើកប្រាក់មុនដំណាច់ខែ អត់អោយឆ្លងខែទេ។ មួយទៀត បើកប្រាក់ខែតាមធនាគារ។ ដល់បើកប្រាក់ខែតាមធនាគារ យឺតឬមិនយឺត វាចំណុះទៅលើម្នាក់ៗ … បើទៅដល់ធនាគារអត់មានលុយ ចាំបន្ទោស។ គ្រាន់តែធ្វើប៉ុណ្ណឹង កាត់បន្ថយបាននូវ អំពើពុករលួយ ដែលមុននេះមានកាត់មានកងអីអញ្ចេះអញ្ចុះ។ មួយទៀតគឺបញ្ហាមន្ត្រីខ្មោច។ ខ្មោចវាអត់ចេះទៅបើកគណនីនៅធនាគារទេ។ ឥឡូវ ខ្ញុំចូលដល់ការប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអំពើមិនប្រក្រតីប្រើប្រាស់ប្រព័ន្ធធនាគារ។ បង់ពន្ធក៏អញ្ចឹងដែរ កុំឲ្យមន្ត្រីពន្ធជួបជាមួយហ្នឹងអ្នកបង់ពន្ធ ក្រែងកាត់កងគ្នា។ បង់តាមធនាគារ។ យើងត្រូវប្រឹងរួមគ្នាធ្វើ ចំណុចទាំងអស់នេះ …។
ពង្រឹងគុណភាពសិក្សា ដើម្បីសញ្ញាបត្រកម្ពុជាមានតម្លៃ
អបអរសាទរជាមួយនឹងការខិតខំទាំងអស់ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡាបានប្រឹងប្រែងខ្លាំង។ ខ្ញុំសង្ឃឹមថាអ្វីដែលជាការមាក់ងាយ ការប្រមាថថាសញ្ញាបត្រនៅកម្ពុជាគ្មានតម្លៃ នឹងត្រូវលុបបំបាត់ តាមរយៈនៃការខិតខំពង្រឹងគុណភាពរបស់យើង។ យើងទទួលការប្រមាថយ៉ាងធ្ងន់ពីសំណាក់អ្នកនយោបាយខ្លះថា សញ្ញាបត្រនៅក្នុងប្រទេសកម្ពុជាគ្មានតម្លៃ។ យើងត្រូវប្រែក្លាយការឈឺចាប់របស់យើង ដែលគេប្រមាថនេះ ឲ្យទៅជាសកម្មភាពជាក់ស្តែង។ មិនប្រាកដទេថា អ្នកដែលរៀននៅក្រៅប្រទេសពូកែជាអ្នកនៅក្នុងស្រុក។ ទទួលស្គាល់អ្នកឯងចេះភាសាល្អ … ប៉ុន្តែចំណេះដឹង មិនមែនភាសាតែមួយមុខទេ។ យើងទាំងអស់គ្នានៅទីនេះ ឆ្លងកាត់ ១២ ឆ្នាំ ចំណេះទូទៅ បូកបរិញ្ញានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យនានា (ឡើងដល់) ១៦ ឆ្នាំ បូកមួយឆ្នាំ នៅក្នុងវិទ្យាស្ថានអប់រំ ទាក់ទងទៅនឹងវិក្រឹត្យការទៅលើបញ្ហាការងារគរុកោសល្យនេះ។ ដូច្នេះ ១៧ ឆ្នាំ។ … ដាំដើមដូង ឬដាំដើមស្វាយ គឺងាយបានផ្លែទទួលទានណាស់ ប៉ុន្តែការដាំមនុស្សត្រូវប្រើពេល និងគ្រាន់តែកម្រិតបរិញ្ញា ១២ បូក ៤ ហើយ ១៦ បូក ១ បាន ១៧ ហើយបរិញ្ញាជាន់ខ្ពស់ឡើង ១៨ ហើយបើយកបណ្ឌិតទៀត អាហ្នឹងកាន់តែឆ្ងាយហើយ ត្រូវជាង ២០ ឆ្នាំ។
អញ្ចឹងបានជាត្រូវមានការកែតម្រូវខ្លះ សម្រាប់និស្សិតឯកទេសពេទ្យ។ ពួកគាត់រៀនវេជ្ជបណ្ឌិត ហើយគាត់រៀនឯកទេស។ ដល់រៀនឯកទេស ត្រូវចំណាយពេលច្រើន។ ដល់ត្រឡប់មកវិញ គាត់ប្រឡងអត់បាន។ ហួសអាយុ។ ឥឡូវបានកែអាយុពី ៣៥ ឆ្នាំ។ ពីមុនដូចជាអាយុ ៣០។ តាំងពីខ្ញុំលេង Facebook ហ្នឹងមក ដឹងរឿងច្រើន។ តាំងពីតម្រូវការប្រឡងត្រូវបង់ថ្លៃជាដើម។ … យើងត្រូវប្រឹងទាំងអស់គ្នា ពង្រឹងគុណភាពតាំងពីបឋម រហូតឡើងមកដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា៕