សង្កថា ក្នុងឱកាសចែកសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ គ្រូកម្រិតឧត្តម (បរិញ្ញាបូកមួយ) គ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួម ប្រគល់សញ្ញាបត្រជូនចំពោះមន្ត្រីអប់រំ គរុនិស្សិត និងសិស្ស ចំនួន ១២៥៦ នាក់ នៅវិទ្យាស្ថានជាតិអប់រំរបស់យើង។ លើកនេះ ក៏ជាលើកទី ១៨ គិតពីឆ្នាំ ១៩៩៦ មក។ ការពិតទៅ មួយឆ្នាំ ជួន កាលចូល(វិទ្យាស្ថានជាតិអប់រំ)នេះ ៦ ទៅ ៧ ដង ក្នុងការចែកសញ្ញាបត្រសម្រាប់សាកលវិទ្យាល័យផ្នែកឯកជន ហើយមានពេលខ្លះទៀត ដូចជាមានការស្នើខ្ចីពីសំណាក់ស្ថាប័នខ្លះ ដើម្បីធ្វើសន្និបាតនៅទីនេះផងដែរ។ ខ្ញុំរីករាយ ដោយសារតែបានរួមវិភាគទានជាមួយនឹងឧកញ៉ា ម៉ុង ឫទ្ធី បង្កើតឲ្យមានអគារនេះឡើង។ ខ្ញុំនៅចងចាំថា ក្នុងទស្សវត្សរ៍ ៩០ គឺនៅឆ្នាំ ១៩៩៦-១៩៩៧ អីហ្នឹង យើងធ្វើរោងការទេ។ អគារនេះ ក្លាយទៅជាទីតាំង មិន​គ្រាន់តែ​សម្រាប់​វិទ្យាស្ថានជាតិអប់រំរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែបានក្លាយទៅជាទីតាំងសម្រាប់ការខ្ចីប្រើប្រាស់ ពីសំណាក់​សា​កល​វិទ្យាល័យនានា រហូតដល់ស្ថាប័នមួយចំនួនថែមទៀតផង។ យើងក៏បានកសាងអគារបែបនេះ ២ កន្លែងផ្សេង​ទៀត មួយនៅចំការដូង…