ពាក់លេខ ៩ រហូតមក
ខ្ញុំរីករាយដែលបានជួបជាមួយនឹងកីឡាករ កីឡាការិនីរបស់យើង។ យើងមានការផ្លាស់ប្ដូរគ្នាមួយ នៅត្រង់ថា កីឡាករ កីឡាការិនី ស្លៀកឯកសណ្ឋានតាមបែបអ្នកធំ និងអង្គុយខាងក្រោម ដល់នាយករដ្ឋមន្រ្តីស្លៀកខោអាវកីឡា និងអង្គុយខាងលើ។ សូមបញ្ជាក់ថា កាលដែលខ្ញុំពាក់លេខ ៩ នេះ មិនមែនជាការពាក់ទៅតាម(អ្នកណាម្នាក់ទេ)។ ក្នុងក្រុម all stars អ្នកណាទាក់លេខ ៩? ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម? ខ្ញុំមិនពាក់តាមទេ។ តាំងពីក្មួយឯងមិនទាន់(កើត) ពូពាក់លេខ ៩ ហើយ។ ពេលលេងកីឡាបាល់ទះ ក៏ពាក់លេខ ៩ ហើយពេលលេងកីឡាបាល់ទាត់ ក៏ពាក់លេខ ៩ ដែរ។ សូមមើលរូបភាពដែលបន្សល់ទុកកាលពីសម័យទសវត្សរ៍ ៨០។ ពេលលេង(កីឡា) ហើយចូលស្តាតអូឡាំពិកវ៉ៃបាល់ទះ ក៏ពាក់លេង ៩, បាល់ទាត់ ក៏ពាក់លេខ ៩ និងទាត់(បាល់)ចុងក្រោយនៅឆ្នាំ ២០១១ ជាមួយនឹងក្រុម(មនុស្ស)ចាស់មកពីថៃ (ពាក់)អាវហ្នឹងតែម្ដង។ បានសេចក្ដីថា អត់យកតាមអ្នកណាមួយទេ យកតាមលេខខ្លួនឯងតាំងពីដើមមក។
កោតសរសើរកីឡាករ/ការិនីពិការ ដែលមិនបោះបង់ខ្លួនឯង
ថ្ងៃនេះ យើងជួបជុំគ្នា ក្នុងពិធីប្រគល់(រង្វាន់)សម្រាប់ជ័យលាភី ដែលបានទៅប្រកួតនៅ សិង្ហបុរី។ ថ្ងៃនោះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលស្វះស្វែងរករូបភាពទាំងយប់ ដើម្បីបង្ហោះចេញតាមហ្វេសប៊ុក ក្នុងការអបអរសាទរជាមួយនឹងជ័យលាភី ដែលទទួលបាននូវមេដាយមាស អាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games)។ ខ្ញុំផ្ទាល់ នៅជាប្រធាន ប៉ារ៉ាអូឡាំពិក (Para Olympic) ប៉ុន្តែប្រធាននេះ អត់សូវបានធ្វើការងារទាក់ទងជាមួយនឹង ប៉ារ៉ាអូឡាំពិក ទេ។ ប៉ុន្តែអាងថា លោក អ៊ី វាសនា បានធ្វើកិច្ចការងារនេះល្អហើយ។
ខ្ញុំសូមកោតសរសើរចំពោះកីឡាជនពិការរបស់យើង ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ។ ពេលមានការប្រកួតកីឡាហែលទឹកនៅឯទីរួមខេត្តកំពង់ចាម យើងក៏មានកីឡាជនពិការរបស់យើងមួយចំនួន។ យើងធ្លាប់បានបញ្ជាក់ហើយថា យើងពិការតែរាងកាយ ប៉ុន្តែយើងអត់ពិការផ្លូវចិត្តទេ។ ម្យ៉ាងទៀត តាំងពីទសវត្សរ៍ ៩០ នៅពេលដែលយើងបង្កើត ប៉ារ៉ាអូឡាំពិក ដំបូង ហើយយើងបានបញ្ជូនជនពិការរបស់យើងចេញពីប្រកួតនៅប្រទេសអូស្រ្តាលី ពេលនោះ យើងបានប៉ាន់ស្មានដឹងថា លទ្ធភាពរបស់កម្ពុជា គឺមិនអន់ជាងកីឡាជនពិការនៃប្រទេសដទៃទេ ឲ្យតែយើងប្រឹង និងមានការហ្វឹកហាត់ មិនទម្រន់។ ខ្ញុំស្នើឲ្យបន្ដនូវស្មារតីនេះតទៅទៀត។ មិនថាពិការផ្នែកណាទេ សូម្បីតែកន្លែងជនពិការនៅតាកែនកោះស្លា (ដែល)ពិការដាច់ដៃទាំងពីរ ទៅជាអ្នកដែលដាំនូវផលិតផលបានច្រើនជាងគេ។ ពីមុន គាត់ដាច់ដៃទាំងពីរ គាត់អាចជិះម៉ូតូបាន ប៉ុន្តែឥឡូវគាត់ឡើងថ្នាក់ពីម៉ូតូ មកជិះឡានតែម្ដង។ អញ្ចឹង សូមឯកឧត្តម ថោង ខុន ជួយពិនិត្យមើល។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីកន្លងទៅ ខ្ញុំក៏ស្នើឲ្យពិនិត្យមើលពីបញ្ហានេះ។ ខាងផ្នែក(កីឡា) មិនពិការ បញ្ជូនទៅម្ដងៗ ច្រើនណាស់ ក៏ប៉ុន្តែត្រឡប់មកវិញបានមេដាយតិចណាស់ បើប្រៀបធៀបជាមួយនឹងខាងពិការ។ ប៉ុន្តែបែរជាស្ងាត់ណាស់ បើខាងមិន(ជន)ពិការវិញ គឺថានិយាយពីផ្អើល។ ដល់ទៅ(ជន)ពិការ ស្ងាត់ឲ្យឈឹង។ បើគាត់ស្ងាត់ យើងលេងតាមហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។ អញ្ចឹងក៏ផ្អើលឡើងដែរ។ យើងមិនប្រកាន់ថាខាងណាៗទេ ត្រូវឃើញ ហើយជួយគ្នា ដើម្បីឲ្យកីឡារបស់យើងគ្រប់ផ្នែកអាចទៅរួច។
សំខាន់លើទេពកោសល្យ ការហ្វឹកហាត់ របស់កីឡាករ/ការិនី
ការប្រកួតបាល់ទះ(ជនពិការ)នៅទីក្រុងភ្នំពេញ ទោះបីយើងមិនទទួលបានចំណាត់ថ្នាក់លេខ ១ ឬលេខ ២ ក៏ដោយចុះ ធ្លាប់មកប្រកួតស្រុកខ្មែរពីរដងហើយ។ សូមក្ដាប់ឲ្យជុំអំពីបញ្ហាហ្នឹង។ កីឡាបាល់ទះនេះ គឺជាប្រភេទកីឡាមួយដែលយើងត្រូវមានលទ្ធភាព ដើម្បីនឹងលេងជាមួយនឹងប្រទេសដទៃ។ យើងវ៉ៃនៅភ្នំពេញនេះ ជាមួយប៉ូឡូញ ជាមួយឆេកូ ជាមួយអាឡឺម៉ង់ បានសេចក្ដីក្នុងតំបន់អាស៊ី យើងឈ្នះដាច់។ ប៉ុន្តែអ្នកដែលមកពីតំបន់អឺរ៉ុប គេខ្ពស់ៗជាងយើង។
សូមអភ័យទោសផងដែរ ដែលមានការយឺតយ៉ាវបន្ដិចក្នុងការជួបជុំគ្នានេះ។ ប៉ុន្តែដូចអស់លោក លោកស្រីដឹងហើយថា ខ្ញុំមានកម្មវិធីណែនបន្ដិច។ ប្រឹងបញ្ជ្រៀតអស់ហើយ។ ប៉ុន្មានអាទិត្យនេះ គឺចប់តែម្ដង។ ស្អែកនេះ ទៅនិយាយតែបន្ដិចទេ មិននិយាយច្រើនទេ។ ស្អែកទៅចែកសញ្ញាបត្រឲ្យសាស្រ្តាចារ្យទៀត។ និយាយពីចប់តែម្ដង អត់មានកន្លែងដែលទុកឲ្យបានទំនេរអីបន្ដិច …។
និយាយពីបញ្ហាបាល់ទាត់យើងវិញ ខ្ញុំធ្លាប់បាននិយាយហើយថា បញ្ហាបាល់ទាត់មិនចំណុះលើប្រទេសមាន ប្រទេសក្រ ប្រទេសមានប្រជាជនតិច ឬប្រជាជនច្រើននោះទេ វាសំខាន់លើបញ្ហាទេពកោសល្យ ការហ្វឹកហាត់របស់យើង។ យើងពិនិត្យមើលប្រទេសចិន និងឥណ្ឌា, ចិនមាន(ប្រជាជន) ១៣០០ លាននាក់ ប៉ុន្តែរើស ១១ នាក់(សម្រាប់កីឡាបាល់ទាត់)មិនបានទេ។ ឥណ្ឌាមាន(ប្រជាជន) ១២០០ លាននាក់ ប៉ុន្តែអត់មាន ១១ នាក់ ដើម្បីចូលទៅ World Cup នឹងគេ។ ចិនដូចបានចូល World Cup ម្ដង ឆ្នាំ ២០០២ នៅកូរ៉េ និងជប៉ុន។ ឥណ្ឌា ដូចជាមិនដែល។ អញ្ចឹងរឿងបញ្ហាប្រជាជនច្រើន ឬប្រជាជនតិច មិនមែនជាបញ្ហាទេ។ ថា កម្ពុជា(មាន)ប្រជាជនតិចណាស់។ មិនមែនទេ។ យើងពិនិត្យមើល(ប្រទេស)កូរ៉េវិញ ប្រទេសកូរ៉េទាំងជើង ទាំងត្បូង ទៅ World Cup ទាំងពីរ …។
ចាប់អារម្មណ៍ការប្រកួតរវាង Cambodia All Stars និង Buriram United
យើងមិនយកឱកាសជូនរង្វាន់កីឡាករ ក្នុងព្រឹត្តិការណ៍ដែលយើង(ប្រកួតបាល់ទាត់)ឈ្នះថៃនោះទេ ប៉ុន្តែគ្រាន់តែជាការកត់សំគាល់ខាងប្រវត្តិសាស្រ្តតែប៉ុណ្ណោះ។ ឯកឧត្តម ហង់ ជួនណារ៉ុន ថា រង់ចាំ ៥៩ ឆ្នាំ ទើបមានថ្ងៃ ដែលយើងអាចយកឈ្នះក្រុមខ្លាំងមួយមកពីប្រទេសថៃ។ លេងត្រឹមឆ្នាំ ១៩៧១ បានត្រឹមស្មើ ក្រៅពីនោះ គឺថាពិបាក។ ថ្ងៃនោះ ការពិតទៅ ខ្ញុំមិនជាមានសង្ឃឹមអីប៉ុន្មានទេ។ ហេតុអ្វីបានជាខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតមួយនេះ? ការប្រកួតមួយនេះ បានផ្គូផ្គងគ្នាសម្រាប់ខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងព្រះរាជាណាចក្រថៃ។ ប្រជុំគណៈរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅប្រទេសថៃ (ហើយ)មុនពេលប្រជុំគណៈរដ្ឋមន្រ្តី គឺមានទស្សនកិច្ចផ្លូវការ (ដែលក្នុងការ)ចរចា ខ្ញុំនិយាយទាក់ទងនឹងការរៀបចំការប្រកួតបាល់ទាត់ ដែលកម្ពុជាមាន Cambodia All Stars និងខាងថៃមាន Buriram United។ បា្រយុទ្ធ ចាន់អូចា ដឹងរឿងហ្នឹង។ ដំបូងខ្ញុំស្នើថា ឲ្យរដ្ឋមន្រ្តីក្រសួងអប់រំខាងនោះ(ថៃ) អញ្ជើញមកចូលរួមជាមួយរដ្ឋមន្រ្តីអប់រំនៅនេះ(កម្ពុជា) ដើម្បីលើកកម្រិតយើងបន្ដិច។ ក្រោយមក ដើម្បីលើកកម្ពស់ ទំនាក់ទំនងនេះ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្រ្តី Tanasak មកទីក្រុងភ្នំពេញ។ មុនពេលទាត់បាល់ជាងមួយម៉ោង គឺគាត់មកជួបខ្ញុំនៅវិមានសន្តិភាព។ គាត់ថា ធ្វើយ៉ាងម៉េចកុំឲ្យតែកម្ពុជាទាត់ចូលថៃច្រើនពេក។ ខ្ញុំគិតក្នុងចិត្ត ដូចជាមិនសូវមានសង្ឃឹមប៉ុន្មានទេ ព្រោះមើលទៅប្រវត្តិឯងមិនដែលឈ្នះថៃម្ដងណាទេ …។
តាមរយៈក្រុមការងារ ហ្វេសប៊ុក ខ្ញុំក៏បង្ហោះរូបភ្លាម ហើយទាក់ទងមកខាង ឯកឧត្តម សៅ សុខា ថាបានរៀបចំឧបត្ថម្ភម្នាក់ ១ ពាន់ដុល្លារៗ។ អ្នកចូលមក Comment (ក្នុងហ្វេសប៊ុក)ថា សម្តេចម៉េចក៏មិនឧបត្ថម្ភផង។ ខ្ញុំថា ថាឧបត្ថម្ភហើយ ម្នាក់ ១ ពាន់ដុល្លារ បូកសរុបទៅចំនួន ៣៦០០០ ដុល្លារ ព្រោះមាន ៣៦ នាក់ គិតទំាងគ្រូផង។ ក្រោយមក ឯកឧត្តម ហង់ ជួនណារ៉ុន បានស្នើសុំបន្ថែមក្នុងម្នាក់ ១២ លានរៀលទៀត ប្រហាក់ប្រហែល ៣ ពាន់ដុល្លារ។ ពេលខ្ញុំបង្ហោះតាមហ្វេសប៊ុក គ្រប់(អ្នកលេងហ្វេសប៊ុក) ចេញមកប្រាប់ថា សម្តេច ១២ លានរៀល ដែលសម្តេចប្រកាសនឹងអត់ទាន់បានទេ។ ក្នុងចំណោម(កីឡាករ)ហ្នឹង ចូលមក Comment …។ (ឯ.ឧ ហង់ ជួន)ណារ៉ុន ក៏ Comment កាត់ចូលភ្លាម ហើយក៏បង្ហោះក្នុង Page របស់ (ឯ.ឧ ហង់ ជួន) ណារ៉ុន ថា កំពុងតែធ្វើដំណើរទៅរតនាគារ សុំមេត្តារង់ចាំមួយអាទិត្យ ឬពីរអាទិត្យ ព្រោះខុសពីទៅយកលុយពី លី ហួរ។ នេះទៅយកពីរតនាគារ។
សុំឲ្យមានការយល់។ នាយករដ្ឋមន្ត្រីសម្រេចហើយ … ប៉ុន្តែឯកសារហ្នឹង(កំពុង)ចរាចរណ៍។ ពីផ្ទះនាយករដ្ឋមន្ត្រី វាមកដល់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ សជណ។ សជណ ហ្នឹង គឺសេចក្តីជូនដំណឹង អត់យកចំណារនាយករដ្ឋមន្ត្រីយកមកប្រើទេ។ បានអាហ្នឹងទៅ ទើបក្រសួងអប់រំ (យុវជន និងកីឡា) ធ្វើទំនាក់ទំនងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វាត្រូវមានបែបបទរបស់វា។ គេហៅថា តម្លាភាព នៃការចំណាយថវិកា។ បើសិនជាលុយទៅយកពី លី ហួរ អាហ្នឹងគឺរឿងមួយផ្សេង។ អានេះ លុយទៅយកពីរតនាគារ ហើយរតនាគារ តែថ្ងៃសៅរ៍, អាទិត្យ គេអត់បើកលុយទេ។ ប៉ុន្តែដោយសារតែមានការ comment ចូលទៅថា សម្តេច អត់ទាន់(ឃើញ)ទេ ១២ លានរៀល ក៏បានប្រឹងប្រែងឲ្យវាលឿនឡើង។
ហ្វេសប៊ុក បម្រើការងារឲ្យប្រសិទ្ធិភាព និងបញ្ចប់ការភូទកុហក
អញ្ចឹង បានខ្ញុំថា ឲ្យក្រសួងមួយៗ ចាត់ការតាមដាន comment ត្រូវ ឬក៏ comment ខុសយ៉ាងម៉េចអីយ៉ាងម៉េច គាត់អាចធ្វើការបានលឿនជាង … ជា E-Government មួយដែរ។ … ពីមុន(ហ្វេសប៊ុក) VOA នៅចំណាត់ថ្នាក់លេខ ១។ ពីម្សិល (ហ្វេសប៊ុក)ខ្ញុំ វ៉ាដាច់បាត់ទៅហើយ។ អ្នកដទៃទៀតនៅពីក្រោយខ្ញុំជិត ១ លាន(នាក់)អីទៅហើយ តែខ្ញុំអត់បានយកបញ្ហាហ្នឹង ប្រកួតប្រជែងជាមួយអ្នកណា(ពី)រឿងប្រជាប្រិយភាពទេ។ ខ្ញុំយកបញ្ហាហ្វេសប៊ុករបស់ខ្ញុំ ដើម្បីបម្រើការងារឲ្យប្រសិទ្ធិភាពជាង ហើយអ្នកណាក៏បោកខ្ញុំមិនបានដែរ។ លែងបោកខ្ញុំបានហើយ។ រឿងនៅកន្លៀតកន្លោះណាក៏វាចេញមកអស់ដែរ …។
ការដំឡើងបៀវត្សរ៍ឲ្យភរិយារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
ព្រឹកមិញនេះ ខ្ញុំបានឆ្លើយតបជាមួយនឹងការ comment ចូលមកពីម្សិល។ ថ្ងៃហ្នឹងជាខួបនារី បុណ្យទិវានារី អញ្ចឹងមានអ្នកផ្តល់មតិថា សុំឲ្យដំឡើងបៀវត្សរ៍ឲ្យភរិយារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំក៏ឆ្លើយដោះស្រាយទាំងយប់ថា បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឲ្យធ្វើការសិក្សាពីបញ្ហាហ្នឹងហើយ។ បើមិនបានឆ្នាំនេះ ក៏បានឆ្នាំក្រោយដែរ។ យើងគិតពីបង្កើនថវិកា សម្រាប់អ្នកធ្វើការជាបុរស ឬជាស្រ្តី ប៉ុន្តែយើងអត់ទាន់បានបង្កើននូវប្រាក់ឧបត្ថម្ភសម្រាប់ភរិយា និងកូនទេ។ វាតិច ក៏ប៉ុន្តែ ចំនួនមនុស្សដែលទទួលវាច្រើន។ ម្នាក់ៗ កូនមិនចេះតិចទេ ខ្មែរយើង។
ជួបកីឡាករ/ការិនី ថ្ងៃទី ៤ ខែ មេសា
នៅពេលខាងមុខ សកម្មភាពកីឡារបស់យើងត្រូវតែខ្លាំង។ ខ្ញុំមានគំនិតមួយ មិនដឹងថា តើឯកឧត្តម ថោង ខុន, ឯកឧត្តម ហង់ ជួនណារ៉ុន ឯកភាព ឬអត់? ចង់មានការជួបជុំ(អ្នក)កីឡាមួយពេល គ្រប់ផ្នែកទាំងអស់ ទាំងបាល់ទាត់ បាល់ទះ គ្រប់សហព័ន្ធទាំងអស់ ប្រមូលជួបជុំគ្នាមួយពេល។ ខ្ញុំប៉ាវបាយតែម្តង។ អាចមុនចូលឆ្នាំខ្មែរ ហើយកុំឲ្យពាក់ព័ន្ធនឹងការប្រកួត ព្រោះយើងធ្វើពេលល្ងាចតើ។ យ៉ាងច្រើនប៉ាវយកទាំងអស់កោះពេជ្រ។ កីឡាយើងប៉ុន្មានពាន់? ដូចមិនដល់ពាន់ទេអី? តាមក្លឹបនីមួយៗ ទាំងប៊ូល ទាំងសី ទាំងហែលទឹក។ បើសិនជាធ្វើ ព្រមចូលរួម ឬអត់? ឥឡូវរើសថ្ងៃ ៤ ខែ មេសា គឺសម្ពោធសាលាក្រុងភ្នំពេញ ហើយ ខ្ញុំគិតថាយកល្ងាចថ្ងៃ ៤ ខែ មេសា។ ហេតុអីបានត្រូវយក ថ្ងៃ ៤ ខែមេសា? ថ្ងៃ ៤ ខែ មេសា ហ្នឹង គឺថា ជាថ្ងៃកំណើតសិប្បនិម្មិតរបស់ខ្ញុំ។ គេជូនពរឲ្យតែថ្ងៃ ៤ ខែ មេសា។ អញ្ចឹងយកល្ងាច ថ្ងៃ ៤ (ខែ មេសា) សុំរៀបចំទៅ ឯកឧត្តម សុខ អាន ជួយមើលការរៀបចំនេះ។
រាជរដ្ឋាភិបាលជួបជុំកីឡាករ កីឡាការិនីមួយពេល ហើយកុំភ្លេចបងប្អូនជនពិការ ដើម្បីយើងជួបសំណេះសំណាលគ្នាម្តង ក្នុងទិសដៅឆ្ពោះទៅរកឆ្នាំ ២០២៣។ ពេលនោះ ខ្ញុំគិតថា ចៅរបស់ខ្ញុំអាចនឹងមានចៅខ្លះចូលទាត់នៅឆ្នាំ ២០២៣។ យើងកំណត់យកថ្ងៃ ៤ (មេសា) ជួបជុំកីឡា។ ខ្ញុំគ្រាន់តែសំណេះសំណាលអីបន្តិចបន្តួច ហើយសិល្បៈជ្រើសរើសយកក្រុម គ្រូ ចេវ … អាចរើសអ្នកចម្រៀងល្អៗ ទៅ។ នាំគ្នាទទួលទានអាហារ រាំវង់លេងមួយពេល មុនចូលឆ្នាំទៅ។ ថ្ងៃនេះ ទន្ទឹមនឹងការផ្តល់រង្វាន់លើកទឹកចិត្តតាមរបបកំណត់របស់រដ្ឋ ខ្ញុំក៏សូមផ្តល់ជូនអ្នកចូលរួមទាំងអស់ ដែលចូលរួមនៅទីនេះ ចំនួន ២៦០ នាក់ មិនដឹងថាចំនួននេះយ៉ាងម៉េចទេ។ គរុសិស្សអប់រំកាយ និងកីឡាចំនួន ១៧០ នាក់, ជ័យលាភីជនពិការ និងកីឡាបាល់ទាត់ Cambodia All Stars សរុប ទាំងអស់ ៥៤ នាក់, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីក្រោមឱវាទ ៣៦ នាក់ សូមជូនម្នាក់ៗ ៥ ម៉ឺនរៀលដែរ ដើម្បីកំដរដៃ … សូមបញ្ជាក់ កន្លែងនេះ(វិមានសន្តិភាព) ទទួលកីឡាដូចជាច្រើនលើកហើយដែរ … ផ្តល់កិត្តិយសយ៉ាងធំធេង តាំងពី ស៊ន សៀវម៉ី, កែ ឡេង ២ ដង ហើយ ម្ទេស ខ្មាំង ម្តង … មិនមែនអ្នកណាក៏ចេះតែបានមកដល់ទីនេះទេ។
កីឡាវាយកូនគោលជាកីឡាមានលក្ខណៈវិទ្យាសាស្រ្ត
ខ្ញុំក៏បន្តកីឡាដែរ។ តែកីឡាខ្ញុំ មិនអាចទៅរួចលើបាល់ទាត់ បាល់ទះ ហើយប៊ូលក៏មិនបានលេងទៀតដែរ។ ពិបាកងើបចុះឡើង ចង្កេះយើងវាមិន(អំណោយផល)។ ប៉ុន្តែ ឥឡូវ គីឡូរាងស្រកចុះបន្តិច Swing កំពុងតែល្អ Driver កំពុងឆ្ងាយ វាយដែកក៏ល្អ។ អញ្ចឹងទេ កីឡាហ្នឹងសម្រាប់មនុស្សចាស់ តែមានម្នាក់ចូលមក comment ពេលដែលខ្ញុំនិយាយពីរឿងកីឡា ហើយដាក់រូបភាពទសវត្សរ៍ ៨០ ប៉ុល សារឿន គាត់មកដណ្តើមបាល់ខ្ញុំ តែគាត់មិនហ៊ានបុកខ្លាំងទេ។ បាល់ទះដាក់រូបថតមួយ បាល់ទាត់ដាក់រូបមួយ ហើយបានដាក់កូនគោល វាអត់រូបថតវាយប៊ូល។ ខ្ញុំយល់អ្នកដែលចូលមក comment គេថា គ្មាននរណាហ៊ានលេងចូលទេ …។ បានខ្ញុំក៏ប្រាប់ត្រឡប់ទៅវិញថា ក្មួយនិយាយពិតជាត្រឹមត្រូវ ព្រោះអ្នកទាំងនោះបារម្ភពីសុវត្ថិភាពមេដឹកនាំ ទើបមិនហ៊ានប្រជែងយកបាល់ពីយើង ក្រែងលោមានគ្រោះថ្នាក់ ប៉ុន្តែ បានតែបាល់ទាត់មួយទេណាក្មួយ រឿងបាល់ផ្សេងទៀត កីឡាដទៃទៀត បើមិនប្រឹងខ្លួនឯង គឺអត់បានទេ …។ កីឡាវាយកូនគោល អ្នកឯងមិនប្រឹងខ្លួនឯងទេ នរណាទៅវាយជួស។ គេអត់មានបន្ធូរជាមួយយើងទេ។ កីឡាកូនគោលនេះ វិទ្យាសាស្រ្តបំផុត។ មិនមែនវាយឲ្យឆ្ងាយទេ វាយឲ្យចូលឡូ (ដែល)គិតតាំងពីសំណើមលើអាកាស ខ្យល់ពីមុខ ខ្យល់ពីក្រោយ ខ្យល់ពីចំហៀង ខ្យល់ពីឆ្វេង ខ្យល់ពីស្ដាំ និងប្រភេទដែកដែលយើងវាយ … អ្នក មិនចេះ ចូលមក comment ឆ្គង។ page របស់ខ្ញុំអត់មានបិទទេ។ ជេរក៏ទុកដែរ។ ហើយអប់រំទៅវិញ ថា ក្មួយកុំជេរ។ ជេរ មិនមែនសីលធម៌ខ្មែរទេ។ បើយើងចូលរបស់គេវិញ ២ នាទី មិនដល់ទេ បិទគ្រឹប ហើយ block មិនឲ្យចូលបានទៀតផង …៕