– ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ
– អង្គសន្និសីទទាំងមូល ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលផ្តោតលើប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់ កំណើន និងការអភិវឌ្ឍ» ដែលជាប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន។ ជាបឋម ខ្ញុំសូមសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាខួបលើកទី ១០ នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។ សន្និសីទនេះ តែងផ្តល់ឱកាសដ៏វិសេសសម្រាប់ឱ្យមន្ត្រីរាជរដ្ឋាភិបាល, តំណាងមកពីវិស័យឯកជន, អ្នកស្រាវជ្រាវ,អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាមកជួបជុំគ្នា ដើម្បីពិនិត្យអំពីសមិទ្ធិផលសម្រេចបានក្នុងពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។
ខ្ញុំសូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលបានកំណត់ឤទិភាពចម្បងចំនួន ៤ គឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ ការពិត ឤទិភាពទាំង ៤ នេះ ត្រូវបានកំណត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ។ តទៅមុខ កម្ពុជានៅត្រូវផ្តោតការយកចិត្តទុកដាក់លើឤទិភាពទាំង ៤ នេះ យូរថែមទៀត ដោយគ្រាន់តែផ្លាស់ប្តូរការសង្កត់ធ្ងន់ទៅលើវិស័យណាមួយទៅតាមកាលៈទេសៈ និងសភាពការណ៍ជាក់ស្តែងរបស់កម្ពុជាប៉ុណ្ណោះ។
ដោយឡែក ប្រធានបទសន្និសីទនាថ្ងៃនេះ ក៏មានសារៈសំខាន់, ចំពេល និងត្រូវនឹងស្ថានភាពពេលបច្ចុប្បន្ន។ ជារួម ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលតំបន់ ហើយជាប្រទេសដែលកំពុងមានសន្ទុះខ្លាំងនៃកំណើនសេដ្ឋកិច្ច។ ពិតជា មិនឤចប្រកែកបានទេថា ទីតាំងនៅចំចំណុចស្នូលទាំងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់កម្ពុជា ពិតជាបានបង្កើនលក្ខណៈអំណោយផលខ្ពស់ សម្រាប់ពង្រឹងការតភ្ជាប់ទំនាក់ទំនងឆ្លងកាត់តំបន់ទាំងមូល។ ជាក់ស្តែង យើងកំពុងឃើញច្បាស់នឹងភ្នែកនូវការរីកដុះដាលយ៉ាងលឿននៃបណ្តាញដឹកជញ្ជូនតាមផ្លូវថ្នល់, ផ្លូវដែក, ផ្លូវសមុទ្រ, ផ្លូវឤកាស, ច្រករបៀងសេដ្ឋកិច្ច, តំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
ទន្ទឹមនឹងការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជា, ធ្វើឱ្យការតភ្ជាប់ទាំងអស់នេះ កាន់តែធំទូលាយ ហើយកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់កាន់តែត្រូវបានពង្រីក។ ជាក់ស្តែង កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងលឿននៅក្នុងមហាអនុតំបន់មេគង្គ, ឤស៊ាន, សហគមន៍សេដ្ឋកិច្ចឤស៊ាន ដែលទើបសម្រេចបាននាពេលថ្មីៗ និងឤស៊ានបូក ៦ ពោលគឺឤស៊ានបូកនឹងប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អូស្ត្រាលី និងញូហ្ស៊ឺលែន ដែលនឹងរួមដៃគ្នាបង្កើតឡើងនូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នាពេលឆាប់ៗខាងមុខ ហើយនឹងបន្តពង្រីកនូវទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មកាន់តែទូលំទូលាយជាមួយសហភាពអឺរ៉ុប និងសហរដ្ឋឤមេរិក។
ខ្ញុំសូមបញ្ជាក់ថា ជោគជ័យរបស់ប្រទេសកម្ពុជាយើងក្នុងការទាញយកផលចំណេញពីទីតាំងប្រទេស និងបណ្តាញតភ្ជាប់ផ្សេងៗ ឆ្លងតាមទីតាំងដ៏ល្អនេះ នឹងឤស្រ័យលើរបៀបដែលយើងបានកសាង និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ ។ ហើយពិតណាស់ថា ភាពជោគជ័យនេះ ក៏ឤស្រ័យផងដែរ ទៅលើរបៀបដែលយើងអនុវត្តទៅមុខនូវកម្មវិធីកែទម្រង់នៅក្នុងវិស័យសំខាន់ៗ ក្នុងពេល ដែលកម្ពុជាបានឡើងឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនេះ។
ក្នុងនោះយើងគួរធ្វើការត្រិះរិះពិចារណាលើចំណោទ ៣ ដែលរួមមានៈ (១) តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងប្រឈមមុខ ក្នុងការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និង ក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ? (២) តើអ្នកណាជាតួអង្គចម្បង, ហើយតើមានបញ្ហាសំខាន់ៗអ្វីខ្លះ ដែលយើងត្រូវដោះស្រាយ? (៣) តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលកំណត់ភាពជោគជ័យរបស់យើងក្នុងកិច្ចសហការរួមគ្នា ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍជាតិទាំងឡាយនេះ?
ខ្ញុំសូមឆ្លៀតឱកាសនេះ លើកឡើងខ្លះៗពីសមិទ្ធិផល និងមូលដ្ឋានដែលយើងមាន។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាប្រចាំ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង។ ក្នុងនោះ ផលទុនជាតិ ឬទំហំសេដ្ឋកិច្ច ដែលវាស់ដោយផលិតផលក្នុងស្រុកសរុប (ផសស) បានកើនឡើងពីប្រមាណ ២ ៥០០ លានដុល្លារ នៅឆ្នាំ ១៩៩៣ ដល់ប្រមាណ ១៨ ៤០០ លានដុល្លារ នៅឆ្នាំ ២០១៥ ឬបានកើនឡើងប្រមាណជាង ៧ ដង។ ប្រការនេះ គូសបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ, ប្រកបដោយបុរេសកម្ម និងកិច្ចខិតខំធ្វើការកែទម្រង់អភិបាលកិច្ច ក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្អែកលើទិសដៅច្បាស់លាស់ និងអភិក្រមគ្រឹះជាមូលដ្ឋានដ៏ត្រឹមត្រូវ។ ទោះបីកម្ពុជាបានចាប់ផ្តើមពីមូលដ្ឋានសេដ្ឋកិច្ចមួយទាប ប៉ុន្តែ ដំណើរនៃការអភិវឌ្ឍ និង ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ បានរំដោះប្រជាជនកម្ពុជារាប់លាននាក់ ឱ្យចាកផុតពីអន្ទាក់នៃភាពក្រីក្រ, ផ្តល់នូវក្តីសង្ឃឹម និងភាពជឿជាក់ខ្ពស់ចំពោះវាសនាអនាគតរបស់ប្រជាជនម្នាក់ៗ, របស់គ្រួសារ និង ប្រទេសជាតិទាំងមូល ហើយកម្ពុជាកំពុងរីករាយទទួលយកនូវវិបុលភាពខ្ពស់មួយ ដែលនឹកស្មានមិនដល់។បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតលើគន្លងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងល្បឿនកាន់តែលឿនជាងមុន ជាមួយនឹងភាពអំណោយផលនៃសមាហរណកម្មតំបន់ និងពិភពលោក, ការរីកចម្រើន និងវិសាលភាពរីកធំឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា, កាលានុវត្តភាពពីស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញក្នុងប្រទេស, ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលបានផ្តើមចេញពីនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីបង្រួបបង្រួមផ្សះផ្សារជាតិ និងការរួមរស់ជាមួយគ្នាដោយសេចក្តីសុខសាន្ត។
ព្រមជាមួយនេះ កាលពីខែ មីនា ឆ្នាំ ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលបានផ្តោតលើការតម្រង់ទិសទីផ្សារ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។
ក្នុងគោលនយោបាយឧស្សាហកម្មនេះ យើងបានអនុម័តយុទ្ធសាស្ត្រ ៤ រួមមាន (១) ការបញ្ចុះថ្លៃអគ្គិសនី និងការបង្កើនតំបន់មានការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាពកសិកម្ម និងឧស្សាហកម្ម ហើយជួយបង្កើនផលិតភាព, ទាក់ទាញការវិនិយោគ និងបង្កើនទំនុកចិត្តផ្នែកឤជីវកម្ម (២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមផ្លូវដឹកជញ្ជូនទាំងបី ដែលមានឤទិភាពខ្ពស់ និងចាំបាច់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម, ការតភ្ជាប់, ការប្រកួតប្រជែង និងតម្រូវការរបស់វិស័យឯកជន ពោលគឺផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ, ពីភ្នំពេញទៅបាវិត និងពីភ្នំពេញទៅប៉ោយប៉ែត, (៣) ការបង្កើតយន្តការពង្រឹងទីផ្សារពលកម្ម និងជំនាញបច្ចេកទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ និងផលិតភាពកាន់តែប្រសើរឡើង និង (៤) ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលដៅច្រើនយ៉ាង និងជាតំបន់អភិវឌ្ឍឧស្សាហកម្មបៃតងសម្រាប់ឤស៊ាននៅថ្ងៃអនាគត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូល !
ក្នុងន័យដូចបានលើកឡើងមកនេះ ហេដ្ឋារចនាសម្ព័ន្ធ, ការដឹកជញ្ជូន និងឡូជីស្ទីក គឺមានសារៈសំខាន់ និងជាស្នូលក្នុងការសម្រេចគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង។ តាមរយៈនេះ យើងតែងបានប្រឹងប្រែងបង្កើត និងអនុវត្តផែនការមេ សម្រាប់ការដឹកជញ្ជូន និងឡូជីស្ទីក ដោយមានការពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយវិស័យឯកជន និង អង្គភាពក្នុងអនុវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ, ការដឹកជញ្ជូន និងឡូជីស្ទីក, ពាណិជ្ជកម្ម និងទេសចរណ៍។ យើងបានឃើញការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង, ឡូជីស្ទីក និងការតភ្ជាប់កាន់តែមានវិសាលភាពធំទូលាយក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ក្នុងនោះ រួមមានការស្តារ, ជួសជុល និងកសាងផ្លូវជាតិ, ស្ពាន, ផ្លូវដែក,កំពង់ផែសមុទ្រ, កំពង់ផែទន្លេ, ផ្លូវទឹកក្នុងប្រទេស, ឤកាសយានដ្ឋាន, ប្រព័ន្ធទូរគមនាគមន៍ និងបណ្តាញអិនធឺណិត និងកន្លែងសម្រួលការនៅតាមព្រំដែនសម្រាប់សម្រួលលំហូរទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។ លើមូលដ្ឋាននៃកិច្ចប្រឹងប្រែងនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរឡើងច្រើន នៅក្នុងសន្ទស្សន៍លទ្ធផលឡូជីស្ទីករបស់ធនាគារពិភពលោក ដោយឡើងបាន ៤៦ ថ្នាក់ ពីត្រឹមឆ្នាំ ២០១០ ដល់ ២០១៤។ នេះជាសក្ខីភាពមួយនៃកិច្ចប្រឹងប្រែងរួមគ្នា និងសន្ទុះដ៏ខ្លាំងក្លានៃវិស័យឯកជន នៅក្នុងឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទីក។
ជាការពិត ទោះបីយើងសម្រេចបានសមិទ្ធិផលជាច្រើនហើយក្តី ក៏នៅមានការងារច្រើនទៀត ដែលត្រូវធ្វើ នៅពេលដែលយើងឡើងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងដំណាក់កាលអភិវឌ្ឍបន្ទាប់ ដើម្បីទាញយកអត្ថប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចឤស៊ាន និងសមាហរណកម្មក្នុងតំបន់កាន់តែធំទូលាយ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់យើង ក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងស្មារតីនេះ ទស្សនាទាននៃផែនការមេ សម្រាប់ការតភ្ជាប់ឤស៊ាន គឺជាផែនការទូលំទូលាយមួយ ដែលបានបង្កើតទ្បើងសម្រាប់គាំទ្រដល់ជោគជ័យ នៃការកសាងសហគមន៍សេដ្ឋកិច្ចឤស៊ាន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ស្ថាប័នប្រកបដោយប្រសិទ្ធិភាព និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន។ ហើយពិតណាស់ថា ការតភ្ជាប់ឤស៊ានកាន់តែល្អប្រសើរ មិនគ្រាន់តែឤចកាត់បន្ថយចំណាយថ្លៃដើមសម្រាប់ធ្វើធុរកិច្ច និងកាត់បន្ថយពេលវេលា និងចំណាយលើការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយបង្កើនកិច្ចសហប្រតិបត្តការរវាងបណ្តាប្រទេសសមាជិកឤស៊ាន និងតួនាទីស្នូលរបស់ឤស៊ាននៅក្នុងតំបន់ ព្រមទាំងជួយបែងចែកផលប្រយោជន៍នៃកំណើនក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ដែលនឹងឤចរួមចំណែកក្នុង ការកាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់ឤស៊ានទាំងមូលទៀតផង។
ឈរនៅលើមូលដ្ឋាននេះ យើងត្រូវតែបង្កើនការវិនិយោគសាធារណៈទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងវិស័យឯកជនជាមួយរដ្ឋ និងការបន្តអនុវត្តកម្មវិធីកែទម្រង់ ព្រមទាំងពង្រឹងអភិបាលកិច្ច និងសមត្ថភាពរបស់ស្ថាប័ន។ ក្នុងនោះ យើងប្តេជ្ញាអនុវត្តនូវសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖
(១) យើងនឹងពង្រីកបន្ថែម និងកែលំអផ្លូវជាតិ និងអន្តរជាតិ ព្រមទាំងផ្លូវតភ្ជាប់តំបន់ជនបទទៅនឹងទីក្រុងចម្បងៗ និងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង។
(២) យើងនឹងពង្រីកផ្លូវទឹកទូទាំងប្រទេស ដើម្បីជំរុញការប្រើប្រាស់ជាមធ្យោបាយចម្បង ក្នុងការដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនមនុស្ស។
(៣) យើងនឹងបង្កើតប្រព័ន្ធផ្លូវដែកជាតិមានប្រសិទ្ធិភាពខ្ពស់ ដើម្បីតភ្ជាប់ទីក្រុងធំៗ ទៅនឹងប្រទេសជិតខាង និងដៃគូពាណិជ្ជកម្មនានា ដូចជា ប្រទេសចិន, ថៃ និងវៀតណាម។
(៤) យើងនឹងអភិវឌ្ឍផែសមុទ្រ និងផែទន្លេថែមទៀត ជាពិសេស នៅក្នុងតំបន់ដែលតភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ដើម្បីកាត់បន្ថយចំណាយផ្នែកឡូជីស្ទីក និងចំណាយដឹកជញ្ជូនតាមផ្លូវទឹក។
(៥) យើងនឹងបញ្ចុះថ្លៃអគ្គិសនី និងពង្រីកដែនគ្របដណ្តប់ និងទំនុកចិត្តលើការផ្គត់ផ្គង់អគ្គិសនី។
(៦) យើងនឹងបន្តការងារសំដៅកាត់បន្ថយថែមទៀតនូវថ្លៃឡូជីស្ទីក និងចំណាយលើការធ្វើជំនួញឆ្លងកាត់ព្រំដែន ដើម្បីពង្រឹងសមត្ថភាពរបស់យើង ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង និង ដៃគូពាណិជ្ជកម្មនានា ដូចជា ថៃ និងវៀតណាម ដែលមានចំណាយឡូជីស្ទីកទាបជាងយើងនោះ។
ជារួម ខ្ញុំជឿជាក់ថា ដើម្បីជំរុញការងារពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, ការដឹកជញ្ជូន និងឡូជីស្ទីក ឈានទៅបង្កើនការតភ្ជាប់នៅក្នុងប្រទេស និងក្នុងតំបន់ ប្រកបដោយប្រសិទ្ធិភាព គឺយើងត្រូវតែផ្តោតការយកចិត្តទុកដាក់លើកត្តា ដែលកំណត់ភាពជោគជ័យរបស់យើងក្នុងនោះរួមមាន៖
ទី ១ យើងត្រូវប្រឹងប្រែងទ្វេដង ដើម្បីធានាឱ្យមានការសម្របសម្រួល និង ការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវចំណុចសំខាន់ៗ នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ក្នុងនោះមានទាំងផែនការមេសម្រាប់ការដឹកជញ្ជូន និងឡូជីស្ទីក, សហប្រតិបត្តិការ និងកិច្ចសហការកាន់តែខ្លាំងក្លារវាងក្រសួង និងស្ថាប័នសំខាន់ៗ ជាពិសេសក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាត្រូវសម្របសម្រួល និងជំរុញការងារ ដោយពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយវិស័យឯកជន ទាំងក្នុងស្រុក និងអន្តរជាតិ និងដោយប្រើប្រាស់យន្តការផ្សេងៗ ដូចជា វេទិការដ្ឋាភិបាល និងវិស័យឯកជន, ក្រុមការងារ រួមជាមួយសមាគមតាមអនុវិស័យសំខាន់ៗនៃការដឹកជញ្ជូន និងឡូជីស្ទីក។
ទី ២ យើងត្រូវជំរុញការប្រកួតប្រជែងមានលក្ខណៈល្អត្រឹមត្រូវក្នុងផ្នែកសេវាឡូជីស្ទីក និងដឹកជញ្ជូន ទាំងសម្រាប់ អ្នកផ្តល់សេវាក្នុងស្រុក និងមកពីបរទេស ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព និង តម្លាភាព នៅក្នុងទីផ្សារ។
ទី ៣ យើងត្រូវបន្តកែលំអក្របខណ្ឌបទបញ្ញត្តិគយ និងឡូជីស្ទីក និងប្រព័ន្ធគាំទ្រ ដូចជាច្រកចេញចូលតែមួយ ថ្នាក់ជាតិ និងការតភ្ជាប់ទៅនឹងច្រកចេញចូលតែមួយរបស់ឤស៊ាន ដើម្បីកាត់បន្ថយចំណាយឧស្សាហកម្ម ដែលមានទាំងការបង់ប្រាក់កម្រៃក្រៅផ្លូវការផងដែរ និងដើម្បីបង្កើនប្រសិទ្ធិភាពនៃលំហូរទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន។
ទី ៤ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីជំរុញឱ្យការវិនិយោគសាធារណៈ និងឯកជន ឱ្យមានគុណភាពកាន់តែប្រសើរឡើង ដើម្បីអភិវឌ្ឍ និងបំពេញចន្លោះខ្វះខាតនៅក្នុងប្រព័ន្ធឡូជីស្ទីក និងការដឹកជញ្ជូន។ ក្នុងនេះមានជាឤទិ៍ ការថែទាំផ្លូវជាតិ ពិសេសច្រកសំខាន់ៗសម្រាប់ការដឹកជញ្ជូនទំនិញឧស្សាហកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍, ការបញ្ចប់ ការងារស្តារ និងពង្រីកផ្លូវដែក និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធឤកាសយានដ្ឋាន និងផែសមុទ្រ។
ក្នុងគោលដៅជំរុញអនុវត្តនូវកិច្ចការដ៏មានសារៈសំខាន់នេះ ខ្ញុំបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាំមុខ ក្នុងការរៀបចំនូវ «ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន»។ ហើយតាមដែលខ្ញុំដឹង ឯកសារនេះនឹងរួចរាល់សម្រាប់ការដាក់ឱ្យអនុវត្តនៅពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូល !
កត្តាកំណត់ជោគជ័យចម្បងមួយ គឺសមត្ថភាពរបស់យើងក្នុងការធ្វើការងាររួមគ្នា ដើម្បីបន្តពង្រឹងភាពជាដៃគូ ដែលមានស្រាប់ និងផ្តួចផ្តើមបង្កើតភាពជាដៃគូថ្មីៗសម្រាប់ការធ្វើផែនការ, ការអនុវត្ត និងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធចម្បងៗ។ យើងសូមសម្តែងការគាំទ្រជាពិសេសដល់ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី ដែលត្រូវបានបង្កើតឡើងនាពេលថ្មីៗ តាមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ដែលកំពុងទទួលបានការចូលរួមជាដៃគូយ៉ាងច្រើនពីសំណាក់ស្ថាប័នទ្វេភាគី និងពហុភាគីក្នុងពិភពលោក។ ប្រទេសកម្ពុជាយើងក្នុងឋានៈជាសមាជិកស្ថាបនិកនៃធនាគារនេះ ឤចទទួលបានអត្ថប្រយោជន៍ធំសម្រាប់តម្រូវការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងក៏គាំទ្រដល់មូលនិធិផ្លូវសូត្រ ដែលនឹងជួយទ្រទ្រង់ដល់គំនិតផ្តួចផ្តើមបង្កើតការតភ្ជាប់តាមផ្លូវគោក និងផ្លូវសមុទ្រ រវាងតំបន់ឤស៊ីឤគ្នេយ៍, ឤស៊ីបូព៌ា, ឤស៊ីខាងត្បូង និងឤស៊ីកណ្តាល។
ក្នុងពេលជាមួយគ្នានេះ យើងត្រៀមបន្តធ្វើការងារជាមួយដៃគូពហុភាគីយូរអង្វែងរបស់យើងដូចជា ធនាគារអភិវឌ្ឍន៍ឤស៊ី និងដៃគូទ្វេភាគី ដូចជា ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ជាដើម ដែលបានចូលរួមចំណែកច្រើន ក្នុងការអភិវឌ្ឍសមត្ថភាពដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ទន្ទឹមនេះ យើងត្រូវមានការសម្របសម្រួល និងសហប្រតិបត្តិការកាន់តែខ្លាំងក្លាបំផុត រវាងក្រសួង ស្ថាប័នរដ្ឋសំខាន់ៗ, វិស័យឯកជន និងដៃគូអភិវឌ្ឍទាំងចាស់ ទាំងថ្មីរបស់យើង ដើម្បីសម្រេចតាមគោលដៅប្រកបដោយមហិច្ឆិតាខ្ពស់របស់យើង និងដើម្បីជំរុញ ការងារទៅមុខក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ឡូជីស្ទីក សម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ។
មុននឹងបញ្ចប់ ខ្ញុំសូមបញ្ជាក់ជាថ្មីថា នេះជាពេលវេលាដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីធ្វើការរួមគ្នា ឈានទៅសម្រេចបានជោគជ័យប្រកបដោយផ្លែផ្កា តាមប្រធានបទដែលបានលើកឡើង។ ខ្ញុំសូមសំដែងអំណរសាទរជាថ្មីម្តងទៀត ដល់ដៃគូសហការគ្នា មានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី ១០ នេះឡើង ហើយខ្ញុំរំពឹងថា សន្និសីទនឹងផ្តល់ជាអនុសាសន៍ និងគំនិតថ្មីៗ សម្រាប់ចូលរួមចំណែកដល់កិច្ចប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
ជាទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ក្រោមប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីកសម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ» នាពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ សូមទទួលបាននូវសិរីសួស្តី, វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕