ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និងពិធីបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» នាឱកាសនេះ ។ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នៃទិវាវប្បធម៌ជាតិនេះ ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិត លើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស។ ក្នុងស្មារតីនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវានេះ នឹងជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ ជួយគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីឥរិយាបថ សីលធម៌ដ៏ល្អផូរផង់ និងអំពីបេតិកភណ្ឌវប្បធម៌ជាតិដ៏សម្បូរបែប ដែលបានកើតចេញពីបញ្ញាញាណរបស់ខ្មែរ និងជាដួងព្រលឹងរបស់ជាតិយើងជូនដល់ប្រជាជន មហាជន និងប្រជាជាតិនានា នៅលើពិភពលោកឱ្យបានស្គាល់ និងយល់ជ្រួតជ្រាប។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នារៀបចំទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ ២០១៦ និងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសដ៏មហោឡារិកនេះ។ តាមរបាយការណ៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការរៀបចំប្រារព្ធទិវវប្បធម៌ជាតិ ៣ មីនា បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ ឆ្នាំ ២០១៦ នេះ គឺនៅរក្សាប្រធានបទដដែលដូចឆ្នាំ ២០១៥ ដែរគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញឱ្យយុវជនដែលជាទំពាំងស្នងឫស្សីបានចូលរួមដោយផ្ទាល់ កាន់តែស៊ីជម្រៅ និងកាន់តែប្រសើរឡើង ក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ។
[ចាប់ផ្តើមសេចក្តីអត្ថាធិប្បាយ]
គួររក្សាប្រធានបទរបស់ទិវាវប្បធម៌ជាតិនៅដដែល ដើម្បីជាការជម្រុញយុវជន
ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា យើងគួររក្សានូវប្រធានបទនេះតៗទៅទៀត ព្រោះថាបើសិនគ្មានការចូលរួមពីយុវជននោះទេ យើងក៏មិនអាចធ្វើអ្វីបានដែរ ហើយពីឆ្នាំមួយទៅឆ្នាំមួយ យើងក៏ចល័តប្រធានបទ ដូច្នេះការចល័តប្រធានបទនោះ គឺមិនប្រាកដថាទទួលបានការពិនិត្យពិច្ច័យអំពីការរីកលូតលាស់នោះទេ។ ដូច្នេះ ចាប់ផ្តើមពីចលនាយុវជននេះ យើងគួរត្រូវរក្សានូវប្រធានបទនេះនៅជាបន្តទៀត ដើម្បីជម្រុញបំផុសនៅក្នុងចំនោមយុវជនយើង ដើម្បីថែអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរបស់យើង។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
ទន្ទឹមនេះ ខ្ញុំនៅចាំបានថា កាលពីពេលប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៦ ឆ្នាំ ២០១៤ ខ្ញុំបានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរិះរកវិធីបញ្ជូលនូវចំណេះដឹងវប្បធម៌ និងសិល្បៈ ទៅក្នុងកម្មវិធីអប់រំ ដោយផ្តោតលើកម្លាំងយុវជន ដែលជាអ្នកបន្តវេន ឱ្យមានស្មារតីចេះស្រឡាញ់វប្បធម៌សិល្បៈរបស់ជាតិខ្លួន ពោលគឺត្រូវធ្វើការបញ្ជ្រាបនូវចំណេះដឹងសិល្បៈ វប្បធម៌របស់ជាតិចាប់តាំងពីកុមារ រហូតដល់យុវជន និងក្នុងស្រទាប់មហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ «អប់រំដើម្បីវប្បធម៌» និង «វប្បធម៌ដើម្បីអប់រំ»។ ដូច្នេះ យើងត្រូវពិនិត្យមើលអំពីវឌ្ឍនភាពនៃការងារនេះ ដើម្បីបន្តភាពស៊ីចង្វាក់គ្នាពីមយួឆ្នាំទៅមួយឆ្នាំ ហើយជាការចាំបាច់ណាស់ដែលយេងីបានបន្តគិតគូរ និងយកចិត្តទុកដាក់ បញ្ជ្រាបឱ្យយុវជនមានការយល់ដឹងកាន់តែច្បាស់ថែមទៀត នូវតម្លៃពិតនៃវប្បធម៌ជាតិ ដើម្បីបង្កើនការស្រឡាញ់កាន់តែខ្លាំងឡើង និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀត។ ជារួម កាលបើយុវជនមានការយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅអំពីតម្លៃបេតិកភណ្ឌវប្បធម៌ជាតិនោះ នឹងជំរុញឱ្យពួកគេចូលរួមកាន់តែខ្លាំងថែមទៀតក្នុងការថែរក្សា, ការពារ និងលើកតម្កើងតម្លៃវប្បធម៌ជាតិ។ លើសពីនេះ នៅពេលដែលយុវជនយើងយល់ដឹង ស្រឡាញ់វប្បធម៌ជាតិ នោះពួកគេនឹងរួមចំណែកក្នុងការសិក្សា ស្រាវជ្រាវ ចងក្រងឯកសារវប្បធម៌ និងការបង្កើតនូវស្នាដៃថ្មីៗដែលជាផលិតផលវប្បធម៌ និងចូលរួមលើកស្ទួយការ ប្រើប្រាស់សក្តានុពលវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើសេវាកម្ម និងលក់ផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌។ ទាំងអស់នេះ គឺជាទិដ្ឋភាពដែលបង្ហាញយ៉ាងប្រត្យក្ស អំពីភាពប្រទាក់ក្រឡាគ្នាមិនឤចផ្តាច់ចេញបាន រវាងវិស័យវប្បធម៌, ទេសចរណ៍ និងសេដ្ឋកិច្ច។
ជាការពិត រាជរដ្ឋាភិបាលតែងតែបានគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ដោយចាត់ទុកថាវប្បធម៌ខ្មែរ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរ ដែលមានតម្លៃមហាសាលពុំឤចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឱ្យចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនាដោយគ្មានការរើសអើង។ យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាគឺជាទឹកដី ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដូចជារមណីយដ្ឋានបុរាណ ទីក្រុងបុរាណ ប្រាង្គប្រាសាទ របាំ ល្ខោន តន្ត្រី សិល្បៈសូនរូប សិប្បកម្ម, ម្ហូបឤហារប្រពៃណី ទំនៀមទម្លាប់ជាដើម ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកមក។ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាល បច្ចុប្បន្ន សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងនេះ បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីរន្ទឺសុសសាយនៅទូទាំងពិភពលោក ស័ក្តិសមជា «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» ហើយកម្ពុជាជាតួអង្គមួយដ៏លេចធ្លោ នៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ ជាក់ស្តែង សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិយើងមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដូចជាប្រាសាទតំបន់អង្គរ ប្រាសាទព្រះវិហារ របាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំជាដើម។ ជាងនេះទៅទៀត កាលពីខែ ធ្នូ ឆ្នាំ ២០១៥ នេះ ល្បែងទាញព្រ័ត្រ ក៏ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយចំនួនទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិដូចជាប្រាសាទសម្បូរព្រៃគុហ៍ និងចាប៉ីដងវែង ជាដើម។ លើសពីនេះទៀត សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងអស់នេះបាន និងកំពុងក្លាយទៅជាចលករប្រកបដោយប្រសិទ្ធិភាព ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងនោះ ទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌បច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់លានដុល្លារ ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង វិស័យទេសចរណ៍នៅកម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីនមួយ នៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់ប្រមាណ ១៧% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ ខណៈដែលមានភ្ញៀវទេសចរបរទេស ប្រមាណ ៤,៧ លាននាក់ បានចូលមកទស្សនាកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយចំនួនភ្ញៀវនឹងកើនឡើងថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមបញ្ជាក់ថា លទ្ធផលនៃមហោស្រពសិល្បៈយវុជនឆ្នាំទី ២ នេះតាមរយៈការប្រឡងប្រជែងកន្លងមកនេះ និងការសម្រិតសម្រាំងជ្រើសរើសបានក្រុមសិល្បៈយុវជនជ័យលាភីផ្នែករបាំ និងល្ខោនទាំងអស់ នាពេលនេះ គឺការចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ ពីសំណាក់យុវជនជាសិស្ស និស្សិតរបស់យើង ប្រកបដោយ ស្មារតីស្រឡាញ់ រួមគ្នាថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។ លើសពីនេះ លទ្ធផលដែលទទួលបាននៅថ្ងៃនេះ គឺមានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការបង្ហាញនូវការខិតខំលើកស្ទួយប្រមែប្រមូលពូនផ្តល់ការអភិរក្ស និងការបង្កើតស្នាដៃថ្មី នៃទម្រង់សិល្បៈរបាំ និងល្ខោន ទៀតផង។ ទន្ទឹមគ្នានេះ យើងចាំបាច់ត្រូវខិតខំធ្វើឱ្យផលិតផលទាំងនេះកាន់តែមានគុណភាព ប្រកបដោយលក្ខណៈអប់រំ ទំនើបកម្ម និងទាន់សម័យដោយរក្សាឱ្យបាននូវលក្ខណៈដើម នៃប្រពៃណីទំនៀមទម្លាប់វប្បធម៌ ពណ៌សម្បុរ និងអត្តសញ្ញាណជាតិ។ យើងទាំងអស់គ្នាត្រូវដឹងថា ការបង្កើតស្នាដៃ និងផលិតផលសិល្បៈគ្រប់ទម្រង់ គឺមិនត្រូវគិតត្រឹមតែឱ្យមានភាពល្អមើល និងពិរោះស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងនោះត្រូវមានបង្កប់នូវគំនិត និងទស្សនៈល្អៗដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំសីលធម៌ គុណធម៌ មនសិការស្នេហាជាតិក្នុងការអភិវឌ្ឍសង្គមថែមទៀតផង។ និយាយរួមគឺត្រូវប្រែក្លាយស្នាដៃរបស់យើង ឱ្យក្លាយទៅជាផលិតផលវប្បធម៌មួយ បំពេញតាមចំណង់ចំណូលចិត្ត និងពេញនិយមរបស់មហាជន យុវជន យុវនារីនៃយុគសម័យថ្មីនេះ និងឆ្លើយតបទៅនឹងការជំរុញលើការប្រើប្រាស់ផលិតផល វប្បធម៌នៅក្នុងស្រុក និងរួមចំណែកកាត់បន្ថយការប្រើប្រាស់ផលិតផលវប្បធម៌បរទេស។
[ចាប់ផ្តើមសេចក្តីអត្ថាធិប្បាយ]
ម៉ោងមាសគួរចាក់ផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់/សូមជួយទិញម៉ោងផ្សាយពាណិជ្ជកម្មពេលចាក់សិល្បៈខ្មែរ
ខ្ញុំចង់ដាស់តឿនបន្តិចដល់ផ្នែកទូរទស្សន៍។ កន្លងទៅ ក្រសួងព័ត៌មានបានតម្រូវអោយមានការចាក់ផ្សាយនូវសិល្បៈខ្មែរ ឬភាពយន្តខ្មែរនៅក្នុងប៉ុន្មានម៉ោងនោះ។ អញ្ចឹងទេ បើខ្ញុំជាម្ចាស់ទូរទស្សន៍នោះ ខ្ញុំគិតថាទម្រង់អ្វី ដែលយើងកំពុងធ្វើនេះ គឺជាផលិតផលសម្រាប់ចិញ្ចឹមទូរទស្សន៍ក្នុងប៉ុន្មានម៉ោងនោះឯង។ ទូរទស្សន៍ខ្លះទៅយករឿងតាំងពីទស្សវត្សរ៍ ៨០ មកចាក់(ផ្សាយ)។ អត់អីទេ។ ប៉ុន្តែ មិនមែនតម្រូវតែយកទៅចាក់ក្នុងកម្មវិធីនោះ មិនមែនតម្រូវតែរឿងភាពយន្តមួយមុខទេ។ ទាក់ទងជាមួយរបាំ ទាក់ទងជាមួយល្ខោនបាសាក់ ឬក៏ទម្រង់យីកេអី សហការជាមួយក្រុមសិល្បៈថតយកទៅទុក រួចហើយចាក់ផ្សាយម៉ោងហ្នឹងទៅ។ ខ្ញុំជួយរំលឹកទេ ប្រសិនជាខ្ញុំជាម្ចាស់ទូរទស្សន៍ … សូមអំពាវនាវដល់ពាណិជ្ជករទាំងឡាយ ដែលមានផលិតផលផ្សាយពាណិជ្ជកម្ម សូមមេត្តាផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីម៉ោងពេលទូរទស្សន៍នានា ចាក់ផ្សាយសិល្បៈខ្មែរ ទាំងភាពយន្តក្តី ទាំងចម្រៀងក្តី ទាំងទម្រង់សិល្បៈនានាៗក្តី។ សូមអំពាវនាវដល់អ្នកមានធនធនទាំងឡាយគាំទ្រដល់វិស័យសិល្បៈខ្មែរ ហើយគាំទ្រដល់សកម្មភាពកីឡាខ្មែរ។
[បញ្ចប់សេចក្តីអត្ថាធិប្បាយ]
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះលទ្ធផលការងារ ដែលក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈសម្រេចបាន ពិសេសសូមលើកទឹកចិត្តចំញេះមរតកមនុស្សរស់, សិល្បករចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជាមន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីនៃស្ថាប័នវប្បធម៌ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរមួចំណែកយ៉ាងសកម្ម និង រស់រវើកក្នុងការអភិរក្ស និង អភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរយើងឱ្យបានស្ថិតស្ថិរគង់វង្ស យូរអង្វែង និងមានការរីកចម្រើនគួរជាទីមោទនៈ។ ទន្ទឹមនេះ ខ្ញុំក៏សូមកោតសរសើរចំញេះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ របស់រាជធានី-ខេត្ត រួមជាមួយនឹងក្រុមសិល្បៈយុវជនទូទាំងប្រទេស ដែលមកពីមន្ទីរវប្បធម៌រាជធានីខេត្តទាំង ២៥ និងសកលវិទ្យាល័យទាំង ១១ ដែលបានខិតខំក្នុងកិច្ចការតែងនិពន្ធ ដឹកនាំរឿង និងហ្វឹកហាត់ ដើម្បីចូលរួមសម្តែងរហូតបាន មកចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនាពេលនេះ។
ជាទីបញ្ចប់ ជាមួយនឹងការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងការប្រកាសបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ២»។
នៅពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសព្រឹទ្ធាចារ្យ វីរៈសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័នវប្បធម៌ សិស្ស និស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនេះ ក្នុងនាមរាជរដ្ឋាភិបាលក៏សូមជូនក្រុមសិល្បៈយុវជនឆ្នើមទូទាំងសរុប ៣៦ ក្រុម ក្នុងមួយក្រុមៗ ថវិកា ៥ លានរៀល។ ជូនក្រុមសិល្បៈសម្តែងជូនទស្សនាក្នុងអង្គពិធីចំនួន ៥ ក្រុម (យក្សស្រែកលឺល្អណាស់ ក្រុមល្ខោនមួយៗ ត្រូវមានយក្សសាគួរ ព្រោះស្រែកទៅស្អកក ហើយពិបាកជាងគេដើរតួយក្ស ព្រោះតែមិនចេះវាយហួនធ្វើយក្សអត់កើត) ៥ ក្រុមហ្នឹងទទួលបាន ៣ លានរៀលថែមក្នុងមួយក្រុម។ ជូនក្រុមតន្ត្រីសម័យ ៣ លានរៀល។ ជូនគណៈកម្មការរៀបចំអង្គពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ១០ លានរៀល៕