សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងទិវាវប្បធម៌ជាតិ ៣ មិនា លើកទី ១៨ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្ស និស្សិត ទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរការប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៨ និងពិធីបិទ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» នាឱកាសនេះ ។ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់គុណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នៃទិវាវប្បធម៌​ជាតិនេះ​ ពិតជាបានរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដល់ប្រជាជាតិ​ខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់​របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរដ៏សម្បូរបែប និងឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មន​សិ​ការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិត លើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ​ឱ្យ​បានស្ថិតស្ថេរគង់វង្ស។ ក្នុងស្មារតីនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវានេះ…