ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម អិតស៊ូ អាដាជី (Itsu ADACHI) ប្រធានអង្គការ JICA
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមជាមួយឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ សូមអភ័យទោសអំពីការយឺតយ៉ាវនៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើឲ្យព្រះតេជព្រះគុណ ព្រះសង្ឃ ក៏ដូចជាបងប្អូនរង់ចាំយូរបន្តិច។ តាមពិតទៅ ចង់ធ្វើដំណើរមកតាំងពីព្រឹកម្សិល ដើម្បីយកឱកាសមកសម្រាកនៅមាត់សមុទ្រ បានមួយយប់ ប៉ុន្តែ ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ត្រូវជួបជាមួយនឹងយុវជនកាកបាទក្រហម។ អញ្ចឹងទេ បានជាកម្មវិធីរៀងយឺតបន្តិច សុំអភ័យទោស។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកយឺត ប្រសើរជាងមិនបានមក។
ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះប្រជាជនកម្ពុជា
ថ្ងៃនេះ យើងរួមគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាមួយនឹងអាគារមួយចំនួន បើតាមនៅក្នុងរបាយការណ៍នេះ មានអាគារ ៥ គឺអាគារសង្គ្រោះបន្ទាន់ អាគារសម្ភព អាគារជម្ងឺទូទៅ អាគាររដ្ឋបាល និងអាគារផ្តល់សេវាគាំទ្រ និងសម្ភារៈដទៃទៀត ដែលក្នុងនោះចំណាយថវិកាអស់ ១ ៥៥៤ លាន យេន ស្មើនឹងជាង ១៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាការពង្រឹងនូវសមត្ថភាពនៃមន្ទីរពេទ្យមួយនេះ។ យោងទៅលើរបាយការណ៍នេះផងដែរ អាគារដែលយើងមាន ហើយដែលបានប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ផ្តើមតាំងពីឆ្នាំ ១៩៥២ ឬមានអាយុស្មើជាមួយនឹងខ្ញុំព្រះករុណាខ្ញុំនោះ (ត្រូវបាន)យើងកសាងជាបន្តបន្ទាប់មកដែរ តែវាមិនគ្រប់គ្រាន់ទេ។ អ្វីដែលមានជាតម្រូវការនោះ គឺការកសាងបន្ថែម ដោយជំនួយរបស់ប្រទេសជប៉ុននេះផងដែរ។
អម្បាញ់មិញនេះ ឯកឧត្តម អគ្គរដ្ឋទូតជប៉ុន បានលើកឡើងអំពីការចូលពាក់ព័ន្ធយ៉ាងច្រើនរបស់ប្រទេសជប៉ុន នៅក្នុងខេត្តព្រះសីហនុរបស់យើងនេះ។ នោះគឺការដែលជប៉ុនបានផ្តល់នូវការគាំទ្រខាងហិរញ្ញវត្ថុ សម្រាប់កំពង់ផែទឹកជ្រៅរបស់យើង ដើម្បីជម្រុញការអភិវឌ្ឍប្រទេស ដែលខ្ញុំព្រះករុណាខ្ញុំ តែងហៅថាជាក្បាលនាគ ហើយដែលកន្ទុយនៅឯមុំបីនៅខាងខេត្តស្ទឹងត្រែង រតនគិរី និងជាប់ព្រំដែនឡាវឯណោះ។ កំពង់ផែទឹកជ្រៅនេះ បានផ្តល់ឱកាសយ៉ាងច្រើនសម្រាប់កម្ពុជាក្នុងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងបរទេស។ តាមរយៈនោះ ជប៉ុនបានចាប់អារម្មណ៍ជាមួយនឹងការផ្តល់សេវាផ្សេងៗ រាប់ទាំងការជួយនានា ដែលខ្ញុំព្រះករុណាខ្ញុំ បានមកចូលរួមសម្ពោធនៅក្នុងផ្នែកភ្ញាស់កូនត្រី នៅក្នុងខេត្តព្រះសីហនុរបស់យើង នេះផងដែរ។
ថ្ងៃនេះ យើងទទួលនូវអាគារ និងសម្ភារៈចំនួន ៩១ មុខ សម្រាប់បម្រើឲ្យសេវាពិនិត្យ ព្យាបាលជម្ងឺ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយ សម្រាប់ការកសាងបណ្តាអាគារនៅក្នុងមន្ទីរពេទ្យនេះ ក៏ដូចជាការផ្តល់បំពាក់នូវសម្ភារៈសម្រាប់មន្ទីរពេទ្យនេះ។ អរគុណ និងកោតសរសើរ ចំពោះក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យនូវសំណង់នេះ ដែលបានខិតខំបំពេញកិច្ចការ សម្រេចនូវសមិទ្ធិផលទាំងឡាយ។ អរគុណចំពោះក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំយកចិត្តទុកដាក់សហការ ដោះស្រាយបញ្ហានានា និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ចំពោះបុគ្គលិកពេទ្យ នៅក្នុងមន្ទីពេទ្យរបស់យើងនេះ។
ខ្ញុំព្រះករុណាខ្ញុំ គិតថា វាជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ហើយយើងមានតម្រូវការច្រើនទៀត។ បើយោងទៅលើប្រវត្តិ ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមសម្ពោធផ្នែកខាងវេជ្ជសាស្រ្តនេះ ចំនួន ៤ លើក រួចមកហើយ។ លើកទី ១ គឺជាមួយនឹងអតីតអគ្គរដ្ឋទូត ហ្វ៊ូមីយ៉ាគី តាកាហាស៊ី គឺប្រមាណជានៅឆ្នាំ ២០០៦ ឬ ២០០៧ នៅឯមន្ទីរពេទ្យបង្អែកមង្គលបុរី បន្ទាប់ទៅ មានមន្ទីរពេទ្យមួយទៀត ជាមួយអតីតអគ្គរដ្ឋទូត គូរុគី នៅមន្ទីរពេទ្យកំពង់ចាម និងថ្ងៃនេះ ជាមួយនឹងឯកឧត្តម គូម៉ាម៉ារុ គឺមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះឯង។ ប៉ុន្តែ នៅមួយកន្លែងទៀត គឺសាលាវេជ្ជសាស្រ្តនៅទីក្រុងភ្នំពេញ ចូលរួមសម្ពោធជាមួយនឹងឯកឧត្តម ហ៊្វូមីយ៉ាគី តាកាហាស៊ី។ បើពិនិត្យទៅលើស្ថានភាពនេះ គឺជប៉ុនបានចូលរួមច្រើន មិនត្រឹមតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធទេ ក៏ប៉ុន្តែ លើវិស័យសុខាភិបាល អប់រំ និងវិស័យដទៃទៀត ក៏បានចូលរួមចំណែកច្រើនផងដែរ។
សារពាក់ព័ន្ធនឹងជំនួយរបស់ជប៉ុន គឺជប៉ុនជាអ្នកគ្រប់គ្រងផ្ទាល់
ឥឡូវថ្ងៃនេះ យើងមានអាគារថ្មី ប៉ុន្តែយើងក៏ត្រូវគិតទៅដល់ថា ការកសាងអាគារបានថ្មីហើយនោះ វាជាការលំបាក មិនមែនជាការងាយស្រួលទេ។ ដើម្បីបានអាគារថ្មីនេះ អ្នកបង់ពន្ធជប៉ុនគឺត្រូវបង់ពន្ធឲ្យរដ្ឋាភិបាល ហើយរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់នូវប្រាក់កាសនេះ សម្រាប់ការកសាងមន្ទីរពេទ្យនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅតែបញ្ជាក់សារចុះសារឡើង ដើម្បីចៀសវាងមនុស្សមួយចំនួនបំផ្លាញកិត្តិនាមរបស់រាជរដ្ឋាភិបាលកម្ពុជាផង បំផ្លាញកិត្តិនាមរបស់រដ្ឋាភិបាលប្រទេសជប៉ុនផងដែរ។ នោះនៅត្រង់ថា គម្រោងដែលយើងសាងសង់ និងមកសម្ពោធថ្ងៃនេះ បើចង់ដឹងចាយអស់លុយប៉ុន្មាន (សូម)សួរអគ្គរដ្ឋទូតជប៉ុន សួរប្រធាន JICA សួររដ្ឋាភិបាលជប៉ុនទៅ។ នៅស្រុកខ្មែរសំបូរណាស់អារឿងចោទគ្នាហ្នឹង មិនចប់មិនហើយទេ។ គេថាយើងហ្នឹងពុករលួយ យកជំនួយបរទេសយកមកចាយ។ ប៉ុន្តែសួរអគ្គរដ្ឋទូតជប៉ុនទៅ សួរប្រធាន JICA ទៅ ហើយសួរក្រុមហ៊ុនសាងសង់ទៅ អស់លុយប៉ុន្មានអីប៉ុន្មាន ខ្ញុំព្រះករុណាខ្ញុំ ដឹងត្រឹមតែមកកាត់ខ្សែបូរឲ្យប្រើប្រាស់តែប៉ុណ្ណោះ។
ជំនួយរបស់ជប៉ុន គឺយ៉ាងដូច្នេះ។ ដេញថ្លៃក៏មិនមែនដេញថ្លៃនៅស្រុកខ្មែរដែរ ដេញថ្លៃនៅតូក្យូឯណោះ ហើយបើថាជំនួយជប៉ុន ក៏មានតែក្រុមហ៊ុនជប៉ុនទៀត ទើបមានសិទ្ធិសាងសង់ ក្រៅពីក្រុមហ៊ុនជប៉ុនអត់មានសិទ្ធិសាងសង់ទេ។ (សូមជូន)សារនេះទៅអ្នកទាំងឡាយ ដែលតែងតែដឹងហើយតែធ្វើមិនដឹង។ តែមានអ្នកខ្លះក៏គ្នាមិនដឹងដែរ (ហើយ)ត្រូវបានអ្នកនយោបាយខ្លះមួលបង្កាច់។ ខ្ញុំព្រះករុណាខ្ញុំ និយាយថែមម្តងហើយ ម្តងទៀត ហើយសង្ឃឹមថាតាមរយៈការ live ផ្ទាល់តាមរយៈ Facebook ពីទីនេះ ហើយអ្នកដែលលេង Facebook ក៏កំពុងតែមើលដែរ មិនថាតែអ្នកនៅក្នុងកម្ពុជាទេ អ្នកនៅក្រៅកម្ពុជាក៏អាចមើលបានដែរ។ សង្ឃឹមថា យើងនឹងយល់គ្នាអំពីបញ្ហាប្រើប្រាស់ជំនួយរបស់បរទេស ពិសេសការប្រើប្រាស់ជំនួយរបស់ជប៉ុន។
ប្រហែលជាលើកទី ១០ ហើយ មើលទៅ អម្បាញ់មិញអ្នកចាត់តាំងកម្មវិធីថា សូមអញ្ជើញក្រោកឈរឡើង ដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន។ អញ្ចឹងទេ សូមកែតម្រូវសារជាថ្មី ជប៉ុនអត់មែនព្រះរាជាណាចក្រទេ ហើយក៏មិនហៅរាជរដ្ឋាភិបាលជប៉ុនដែរ អគ្គរដ្ឋទូត ក៏មិនហៅអគ្គរាជទូតដែរ ចាំឲ្យច្បាស់។ ជប៉ុនគឺប្រទេសជប៉ុន ម៉ាឡេស៊ីនេះមួយ តិចទៅហៅរាជរដ្ឋាភិបាលម៉ាឡេស៊ី ឬព្រះរាជាណា ចក្រម៉ាឡេស៊ី ខុសហើយ។ ខុសច្រើនពេកហើយ ខុសថ្នាក់រដ្ឋមន្រ្តីក៏ខុស ចៅហ្វាយខេត្តក៏ខុស អ្នកចាត់តាំងកម្មវិធីក៏ខុស។ គេថាយើងហ្នឹងវាអត់ចេះ ក្នុងពេលដែលពិភពលោកកំពុងតែគេហៅថាជម្រុញការបង្កើនសមត្ថភាព បង្កើនការយល់ដឹង។ សូម្បីតែអម្បាញ់មិញហ្នឹង ខ្សឹបៗជាមួយនឹងអគ្គរដ្ឋទូតជប៉ុនបានការមួយដែរ តែខ្ញុំមិនប្រាប់ថាស្អីទេ … រឿងនេះ ក៏ដឹងទៅដល់នាយករដ្ឋមន្រ្តីអាបេ ហើយរដ្ឋមន្រ្តីការបរទេសរបស់ជប៉ុននោះ ព្រោះរឿងនេះជារឿងធំដុំបន្តិចដែរ។ ហោចណាស់ខ្ញុំក៏បានពិគ្រោះជាមួយនឹងមិត្តភក្តិផ្ទាល់។ ចាំខ្ញុំប្រាប់ទៅ ឯកឧត្តម ហោ ណាំហុង ផ្ទាល់ថា មិនចាំបាច់ជួបអគ្គរដ្ឋទូតទេ ដោយសារខ្ញុំបានពិគ្រោះហើយ ហើយខ្ញុំក៏យកគោលជំហរផ្តាច់ព្រាត់ នៅថ្ងៃនេះតែម្តង លើបញ្ហាដ៏រសើបទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់របស់យើងនេះ។
កុំអោយគ្រូពេទ្យម្នាក់ ឬពីរនាក់ធ្វើឲ្យខូចមន្ទីរពេទ្យទាំងមូល
ឥឡូវខ្ញុំព្រះករុណាខ្ញុំ ចង់និយាយទៅដល់បញ្ហាគ្រូពេទ្យ។ ឃើញមានសម្លេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយខ្លះ និងមនុស្សខ្លះបានលើកឡើងមាក់ងាយចំពោះគ្រូពេទ្យ។ ចំណុចនេះ យើងក៏ត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែវាមិនដល់ថ្នាក់រហូត ទៅដល់ ១០០ ខូច អស់ ៩៩ នៅសល់តែមួយនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការដឹងគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យរបស់យើងដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅ។ បើយើងនិយាយអំពីបញ្ហាគ្រូពេទ្យ មិនខុសពីពួកបងប្អូនទាហាន បងប្អូននគរបាល និងបងប្អូនក្នុងអាវុធហត្ថទេ មិនដែលបានទៅសម្រាក ជួបជុំប្តីប្រពន្ធនៅក្នុងពេលវេលាបុណ្យទាននោះទេ។ បើប៉ូលីស ប៉េអឹម គឺនៅការពារតាមផ្លូវអីអញ្ចឹង គេចូលឆ្នាំ ឯងនៅយាមតាមផ្លូវ។ ទាហាន ត្រូវការពារ អត់មានឱកាស ដើម្បីមកជួបជុំប្តីប្រពន្ធទេ ក្រុមគ្រួសារទេ។ គ្រូពេទ្យរបស់យើងក៏ដូចគ្នា នៅពេលដែលគេសប្បាយរីករាយ សប្បាយហ្នឹង អ្នកគ្រោះថ្នាក់ក៏មានច្រើន ដូច្នេះគ្រូពេទ្យរបស់យើងត្រូវនៅប្រចាំការទាំងយប់ទាំងថ្ងៃ។ បើប្រៀបធៀបជាមួយនឹងអ្នកធ្វើការដទៃទៀត ប្រៀបធៀបជាមួយនឹងពាណិជ្ជករ អាជីវករ គឺខុសគ្នា។ នេះជាការលះបង់របស់គ្រូពេទ្យយើង។ ភាគច្រើននៃគ្រូពេទ្យរបស់យើង មានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងមានការលះបង់ ដើម្បីជួយអ្នកជម្ងឺ។
មានគ្រូពេទ្យមួយចំនួនតូច ដែលប្រព្រឹត្តមិនគប្បី បង្កើតជាបញ្ហា។ (អ្នកមើលឃើញថា ១០០ មាន ១ នាក់) បានមើលស្រាលចំពោះគ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់យើងប្រមាណ ២ ម៉ឺននាក់។ កន្លងទៅនេះ មានដល់អំពាវនាវឲ្យធ្វើបដិវត្តនៅក្នុង(ចំណោម)គ្រូពេទ្យ។ នេះជាការប្រមាថមួយ។ យើងត្រូវទទួលស្គាល់ថា អាចមានគ្រូពេទ្យមួយចំនួន ប្រកាន់សីលធម៌មិនខ្ជាប់ខ្ជួន សំដីអាក្រក់ជាមួយអ្នកជម្ងឺ ហើយថែមទាំងកន្លែងខ្លះ គិតបញ្ហាលុយជាធំ។ សូមអំពាវនាវចំពោះគ្រូពេទ្យទាំងអស់ មេត្តាជួយគ្នា កុំឲ្យគ្រូពេទ្យម្នាក់ពីរនាក់ បំផ្លាញមន្ទីរពេទ្យទាំងមូល។ ឧទាហរណ៍ នៅក្នុងមន្ទីរពេទ្យរបស់យើងនេះ មានគ្រូពេទ្យរហូតទៅដល់ ១៨៨ នាក់។ ជួនកាលមានតែ ២ ឬ ៣ នាក់ បំផ្លាញកេរ្តិ៍ឈ្មោះទៅដល់គ្រូពេទ្យ ១៨៨ នាក់នេះ។ វិធីដែលល្អជាងគេ គឺវិធីជួយអប់រំគ្នា ហើយគ្រប់គ្រង ដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីម្យ៉ាងលើកកម្ពស់ការយកចិត្តទុកដាក់ពិនិត្យ ព្យាបាលអ្នកជម្ងឺ និងម្យ៉ាងទៀត រក្សានូវភាពថ្លៃថ្នូររបស់គ្រូពេទ្យដែលមានចំនួនភាគច្រើន។
មានពេលមួយខ្ញុំមកដល់កំពង់សោម ដូចជាឆ្នាំ ២០០៧ ដែលខ្ញុំហៅអ្នកវិភាគម្នាក់ អាល្ងង់ទូ។ កាលហ្នឹងទូរទស្សន៍ CTN ធ្វើកម្មវិធីពេលព្រឹក។ គេថាចំណូលជាតិរបស់កម្ពុជា ១០០% បាត់ ៧៥%។ គិតមើល គ្រួសារមួយ បើសិនជារកបាន ១០០ កូនយកទៅបំផ្លាញអស់ ៧៥ សួរថា គ្រួសារហ្នឹងអាចរស់បានឬអត់? វាហួសហេតុពេក ការលើករបៀបនេះ។ គេលើកថា ១០០ ខូច ៩៩ អញ្ចឹងគ្រូពេទ្យទាំងអស់សុទ្ធតែអ្នកខូច … បន្ទាប់ទៅមានអ្នកញុះពីក្រោយទៀតថាឲ្យធ្វើបដិវត្តតែម្តង មិនមែនគ្រាន់តែកែឥរិយាបថទេ។ អ្នកលើកហ្នឹងទៀត រៀនពេទ្យនៅស្រុកខ្មែរ រួចហើយទៅរៀននៅជូឡាឡុងកន។ ខ្ញុំចេះតែចង់ថា ឲ្យពួកកាសែត ពួកវិទ្យុ ហៅមនុស្សហ្នឹងវិភាគឲ្យបានច្រើនបន្តិច និយាយទៅ កាន់តែខុសទៅៗ កាន់តែឡប់ទៅៗ ព្រោះមនុស្សម្នាក់ចេះមួយពាន់រឿង វាអញ្ចឹង។ មានដល់អ្នកខ្លះប្រមាថសិស្សរៀនក្នុងស្រុក សុទ្ធតែសញ្ញាបត្រអត់មានតម្លៃអីទាំងអស់។
សូមពង្រឹងក្រមសីលធម៌ និងគុណធម៌គ្រូពេទ្យ
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ នៅតែអំពាវនាវអោយពង្រឹងនៅសីលធម៌របស់គ្រូពេទ្យ ស្រឡាញ់អ្នកជំងឺ ថ្នាក់ថ្នមអ្នកជំងឺ កុំអោយធ្លាក់ទៅក្នុងស្ថានភាពដូចដែលគេនិយាយ និងកុំអោយត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់។ សូមអំពាវនាវអោយអ្នកនិយាយទាំងឡាយ ខ្ញុំមិនមែនហៅអ្នកវិភាគទេ ហៅអ្នកនិយាយ យកចិត្តទុក ដាក់ព្រោះគ្រូពេទ្យនាំគ្នាធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ពិបាកការពារណាស់។ ទោះជាយ៉ាងម៉េចក៏ដោយ យើងត្រូវពង្រឹងជាបន្ត ក្រមសីលធម៌របស់គ្រូពេទ្យ ហើយយើងមានគណៈគ្រូពេទ្យត្រឹមត្រូវ ដើម្បីនឹងធ្វើការងារនេះ។ យើងមានសម្ភារៈទំនើប យើងមានបច្ចេកទេសទំនើប ចេះដឹងហើយ ប៉ុន្តែបើយើងខ្វះគុណធម៌ ខ្វះសីលធម៌វិជ្ជាជីវៈ រឿងក៏វានៅតែប៉ុណ្ណឹងដដែល។ យើងពិនិត្យមើលអញ្ចេះ ដោយសារតែបច្ចេកវិទ្យាអត់គុណធម៌ហើយ បានជាពិភពលោកសព្វថ្ងៃ កំពុងរងគ្រោះ។ ម៉េចបានជាខ្ញុំនិយាយយ៉ាងដូច្នេះ? អ្នកណាអ្នកធ្វើនុយក្លេអ៊ែ? ស្មានតែមនុស្សធម្មតា? ប្រទេសដែលបាញ់នុយក្លេអ៊ែ សាកអាវុធចុះឡើងៗស្មានតែមនុស្សនោះអត់ចេះ? នុយក្លេអ៊ែមិនមែនអ្នកណាក៏ចេះតែធ្វើបានទេ។
បច្ចេកវិទ្យាដែលគ្មានគុណធម៌ ច្បាស់ណាស់ថានឹងធ្វើអោយពិភពលោកជួបប្រទះភាពជ្រួលច្របល់។ ដូចពួកភេរវកម្ម ស្មានតែពួកហ្នឹងអត់ចេះអីសោះ? ពួកហ្នឹងប្រើបច្ចេកវិទ្យារបស់យើង ហើយចេះប្រើលើសយើងទៀតផង រហូតបើកយន្តហោះទៅបុកអាគារនៅញ៉ូយក។ អ្វីក៏ដោយត្រូវមានការគ្រប់គ្រងដោយក្រមសីលធម៌មួយ ហើយសូម្បីស្ថាប័នមួយៗ គេតែងមានច្បាប់កំណត់ មានបទដ្ឋានគតិយុត្តិកំណត់ស្ថាប័ននេះគេត្រូវធ្វើអញ្ចេះៗ មុខងារទាហានត្រូវធ្វើចេះ មុខងារប៉ូលីសត្រូវធ្វើអញ្ចេះ មុខងារអាវុធហត្ថត្រូវធ្វើអញ្ចេះ នរគបាលយុត្តិធម៌ព្រៃឈើត្រូវធ្វើអញ្ចេះ ខាងបរិស្ថានគេធ្វើអញ្ចេះ ខាងនេសាទគេធ្វើអញ្ចេះ គេមានក្រមសីលធម៌ បែងចែកមុខងាររបស់គេ។
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាមានការប្រែប្រួលឥរិយាបថចំពោះអ្នកដែលបានប្រព្រឹត្តមិនគប្បី អោយទៅជាការប្រព្រឹត្តគប្បី។ មុននេះ ខ្ញុំព្រះករុណាខ្ញុំ និយាយថាគ្រូពេទ្យកោសខ្យល់។ ពាក្យ «គ្រូពេទ្យកោសខ្យល់» មិនមែនជាពាក្យបន្តោសបង្អាប់គ្រូពេទ្យទេ ប៉ុន្តែ យើងនៅចាំបាននៅក្នុងទសវត្សរ៍ ៨០ ពេលនោះ យើងបង្កើតបណ្ដាញគ្រូពេទ្យរបស់យើងទៅដល់ថ្នាក់ឃុំ ប៉ុន្តែ យើងអត់មានថ្នំាពេទ្យផ្គត់ផ្គង់ទៅដល់គ្រប់គ្រាន់ទេ។ អញ្ចឹង ដោយសារ តែអាណិតអ្នកជំងឺ គ្រូពេទ្យបបួលអ្នកជំងឺកោសខ្យល់។ គ្រូពេទ្យកោសខ្យល់ មានន័យថា អ្នកគ្រូពេទ្យ ឬលោក គ្រូពេទ្យ ស្រលាញ់អ្នកជំងឺ ប៉ុន្តែដោយសារតែអត់មានថ្នាំ អញ្ចឹងបបួលគាត់កោសខ្យល់។ នេះបង្ហាញពីទឹកចិត្ត របស់គ្រូពេទ្យចំពោះអ្នកជំងឺ។ ឥឡូវយើងមានមធ្យោបាយហើយ បញ្ហាស្ថិតនៅត្រង់ថា យើងបង្កើនការយកចិត្តទុកដាក់ជាមួយនឹងអ្នកជំងឺ ពិនិត្យព្យាបាលប្រកបដោយការទទួលខុសត្រូវ។ ពលិកម្មរបស់បងប្អូនគ្រូពេទ្យពិតជាច្រើនណាស់។ បើនិយាយពីផ្នែកសម្ភពវិញ អត់ដឹងម៉ោងទេ។ ជួនកាលវាកើតពេលល្ងាចទៅ ឆ្មបយើង រាងធូរបន្តិច ប៉ុន្តែខ្លះឈឺពោះតាំងពីម៉ោង ៨(ល្ងាច) រហូតទៅកើតនៅម៉ោង ៣(ទាបភ្លឺ)ណោះ …។
ក្រុងព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ចប្រទេស
ធ្វើឲ្យក្រុងព្រះសីហនុ ពីប្រជាជនតែប៉ុន្មានគ្រួសារ ក្លាយទៅជាក្រុងព្រះសីហនុមួយដែលក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈសកម្មភាពកំពង់ផែទឹកជ្រៅ តាមរយៈសេវាកម្មទេសចរណ៍ ដែលមួយឆ្នាំៗទទួលមនុស្សរាប់លាននាក់ ទាំងក្នុងស្រុក និងភ្ញៀវមកពីបរទេស។ ការពិត ភ្ញៀវក្នុងស្រុកកុំមើលស្រាល ចាយលុយច្រើនជាងភ្ញៀវក្រៅស្រុកទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ (នៅ)ខែមីនា ឆ្នាំ ១៩៧៩ បានមកដល់កំពង់ផែហ្នឹង ជាប្រធានគណៈកម្មការរំដោះទំនិញចេញពីកំពង់ផែកំពង់សោមពេលនោះ។ មកដេកនៅព្រះរាជដំណាក់ រួចហើយបានម៉ាស៊ីនកូឡែមួយបញ្ឆេះ។ អស់ប្រេង ទៅខំបូមប្រេងឡានយកមកចាក់។ បើទឹក ទៅបូមពីក្រោមមកប្រើទេ។ ស្ដាប់ទីទុយយំទៅ។ ប៉ុន្តែឥឡូវ ទីក្រុងព្រះសីហនុរបស់យើង មិនមែនដូច្នោះទៀតទេ …៕