ជនរួមជាតិជាទីស្រឡាញ់!
កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងអស់ គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់ អំពីការពិបាកគ្រប់យ៉ាងក្នុងការបង់លុយសម្រាប់ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី គឺបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី ១៣ មករា ២០១៦ នេះតទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ ៤ មកកាន់កាប់ទាំងស្រុងចាប់ពីពេលនេះតទៅ។ ដូច្នេះ ចាប់ពីពេលនេះតទៅ គឺទាំងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងពលរដ្ឋអ្នកធ្វើដំណើរទូទាំងប្រទេសឆ្លងកាត់ផ្លូវនេះទាំងអស់ គឺមិនត្រូវបង់លុយតទៅទៀតឡើយ។
ខ្ញុំសូមអរគុណប្រជាពលរដ្ឋដែលតែងតែផ្តល់ព័ត៌មានពិត និងយោបល់ល្អៗមកខ្ញុំតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយ និងកសាងអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនខ្លាំងទៅមុខ ដើម្បីប្រជាពលរដ្ឋមានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង៕