គ្មានការបង់ប្រាក់ ប្រើប្រាស់ផ្លូវជាតិលេខ ៤ (ដកស្រង់ពី ហ្វេសប៊ុក ថ្ងៃ ១៣ មករា ២០១៦)

ជនរួមជាតិជាទីស្រឡាញ់! កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។

គ្មានការបង់ប្រាក់ប្រើប្រាស់ផ្លូវជាតិលេខ៤ ទៀតទេ

រសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១៦, តាមរយៈហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងទៅ​កាន់ជនរួមជាតិកម្ពុជាអំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដកយកផ្លូវជាតិលេខ ៤ មកកាន់​កាប់​ទាំងស្រុងវិញ។ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយពុំ​ចាំ​បាច់បង់លុយតទៅទៀតទេ។ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តី​ក្រ​សួង​ហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងកិច្ចប្រជុំសភាថ្ងៃនេះ ក្នុងនាម​ ជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី១៣ មករា ២០១៦ នេះតទៅ»។ ព្រមជាមួយនឹងការបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដើម្បី​ដោះ​ស្រាយកង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ បានថ្លែងអំណរ​គុណ​ដល់ប្រជាពលរដ្ឋ ដែលតែងតែផ្ញើព័ត៌មានពិត និងផ្តល់យោបល់មកកាន់ហ្វេសប៊ុករបស់សម្តេច ហើយ​ក៏បានជម្រុញដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើបែបនេះ ដើម្បីរួមគ្នាដោះស្រាយជីវភាពប្រជាជន និង​ ​អភិវឌ្ឍសង្គមជាតិយើង ឲ្យកាន់តែប្រសើរឡើងទៀត៕