ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា
ដំបូងនេះ តើខ្ញុំត្រូវចាប់ផ្តើមពីអ្វី? តើអនុញ្ញាតឲ្យខ្ញុំច្រៀងបាសាក់បានទេ? បើសិនជា ខ្ញុំច្រៀងបាសាក់ លោកគ្រូ យៀង និង គ្រូសាមិត្ត ដាច់អាជីព។ បើខ្ញុំច្រៀង យីកេ លោកគ្រូ យ៉ាន់ បូរិន និងលោកគ្រូ ប្រាក់ វ៉ន និងបើច្រៀងប្រពៃណីច្បាស់ជា អៀង ស៊ីធុល និង អ៊ុក ស៊ីថា បាត់អាជីពហើយ។ បើថែមចម្រៀងអាយ៉ៃ ច្បាស់ជា ខាត់ សុឃីម និង ខាត់ ចំរើន ត្រូវចេញពីឆាកហ្នឹងតែម្តង។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានចូលរួម ដើម្បីបិទការប្រលង«មរតកវប្បធម៌ខ្មែរ» ដែលរៀបចំការប្រលងប្រជែងដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ដោយមានការ)សហការ និងការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ខ្ញុំពិតជាមានការរីករាយណាស់ ដោយមរតករបស់យើងត្រូវបានប្រមូលផ្តុំ ប្រ មូលដើមទុន និងអភិវឌ្ឍរហូតមកដល់ពេលនេះ។ ខ្ញុំនៅចងចាំបានថា រហូតមកដល់ពេលនេះ ប្រមាណ ៣០ ឆ្នាំ មុននេះ នៅពេលនោះ អ្វីៗស្ថិតនៅក្នុងស្ថានភាពប្រមូលដើមទុន ដែលអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់យើង ឯកឧត្តម កែវ ចិន្តា ឯកឧត្តម ឆេង ផុន បានខិតខំធ្វើ។
(ខ្ញុំ)មិនបានតាមដាននៅពេលប្រឡង(ទេ) ដោយសារតែជាប់កិច្ចការ តែ(បានខ្ញុំ)តាមមើលនៅពេលគេ replay ក្រោយម៉ោង ៧ យប់។ សូមសំណូមពរចំពោះទូរទស្សន៍បាយ័ន (ធ្វើការលើកមកផ្សាយឡើងវិញ) replay ឲ្យត្រូវនឹងពេលល្ងាច(នៃការប្រឡង)។ អគ្គនាយក/នាយិកា(ទូរទស្សន៍បាយ័ន)ប្រហែលជា មិនដឹងទេ ដែល replay គឺយកពីអាទិត្យមុនមក។ replay ក្រោយម៉ោង ១២ យប់។ អញ្ចឹងយើងមិនអាចដឹងបាន(ពីការប្រឡងនៅ)ល្ងាចថ្ងៃអង្គារ៍ (ដែលមិនបានមើល)នៅយប់ថ្ងៃអង្គារ៍នោះទេ។ អញ្ចឹងទេ អ្នកតាមដាន (មិនអាចដឹងបានថា)ច្រៀងយ៉ាងម៉េច ឲ្យពិន្ទុយ៉ាងម៉េច។ យ៉ាងណាក៏ដោយ (យើងមាន)ជំនឿទុកចិត្តជាមួយនឹងមេប្រយោគ ដែលសុទ្ធតែជា វីរៈសិល្បៈករ ហើយសុទ្ធតែជាសាស្ត្រាចារ្យ គឺពិតជាបានសុក្រឹត្យ។
ការដាក់ចំណងជើងបទចម្រៀងខុស និងរកគ្រូបង្រៀនកូតទ្រ
… ខ្ញុំអរគុណណាស់ជាមួយនឹងការយកចម្រៀងខ្ញុំ … «ជីវិតអ្នកចំការ វាសនាអ្នកស្រែ» ច្រៀងដោយក្មួយប្រុស ហេង ស៊ីថា មក ពីរាជធានីភ្នំពេញ ដែលទាក់ទងជាមួយនឹងប្រវត្តិរបស់ខ្ញុំតែម្តង។ … ឥឡូវសូមសួរគ្រូភ្លេង បើសិនអ្នកណាចេះបង្រៀនខ្ញុំ(អោយ)កូតទ្រ(បាន) ខ្ញុំនឹងជូនសាគុណ ១ ម៉ឺនដុល្លារ។ សំខាន់កូតទ្រ ហើយខ្ញុំចង់កូតបទ លោមនាង រាល់យប់ ដើម្បីកំដរ បំពេរ ភរិយារបស់ខ្ញុំ ហើយប្រសិនបើរាត្រីណាដែលពោរពេញទៅដោយអារម្មណ៍នឹកគិតពីអតីតកាលដ៏កំសត់ជូរចត់នៅក្នុងដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ខ្ញុំនឹងកូតបទ ផាត់ពពក ដើម្បីឲ្យវាត្រូវនឹងដំណើររឿងរបស់វា។ ខ្ញុំមិនបន្តទេ តែខ្ញុំសូមថ្លែងនូវការអរគុណ និងវាយតម្លៃ ចំពោះការខិតខំរបស់បុគ្គលិកវិទ្យុ និងទូរទស្សន៍ បាយ័ន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងព្រឹត្តិការណ៍នេះ ទាំងពិធីករ ពិធីការិនី ក៏ដូចជាអ្នករៀបចំកម្មវិធីទាំងឡាយ …។
(ថ្វីបើ)ថ្ងៃនេះមានការប្រកាសផ្តល់រង្វាន់ (តែ)ខ្ញុំមិននិយាយអំពីអ្នកដែលបានទទួលរង្វាន់ (ថានឹងបាន)ប៉ុន្មានៗនោះទេ។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា រង្វាន់ដែលធំជាងគេ ហើយចំណាយប្រាក់ច្រើនជាងគេ នៅក្នុងការប្រឡងប្រជែង គឺពានរង្វាន់នេះឯង ដែលចំណាយប្រាក់ប្រមាណជាជិត ២០០ លានរៀល ដើម្បីនឹងដំណើរការនូវកម្មវិធីមួយនេះ។ យើងនឹងបន្ត ទោះបីមាន ឬគ្មានការជួយឧបត្ថម្ភប៉ុន្តែយើងមិនឲ្យ ដាច់នូវសកម្មភាពនៃការប្រឡងប្រណាំងនោះទេ។
អនុសាសន៍ គួរតែមាន ៣ គ្រប់ពេល
… យើងមានតែ ៥ វិញ្ញាសារ។ ឥឡូវនេះ យើងកំពុងប្រឡង ៣ វិញ្ញាសារ។ បន្ទាប់មកទៀត យើងនឹងប្រឡងនៅសល់តែ ២ វិញ្ញាសារទេ។ នៅពេលខាងមុខនឹងមានប្រឡងកំណាព្យ និងមហោរី។ ដោយសារចំនួនអ្នកប្រឡង(កើនឡើង) ហើយតម្រូវការនៃកម្មវិធី តម្រូវការរបស់ប្រជាជន ខ្ញុំសូមស្នើក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ក៏ដូចជាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន កុំឲ្យម្តង ៣ និងម្តង ២ គួរតែមាន ៣ គ្រប់ពេល … គឺយកប្រពៃណីតែម្តង បានសេចក្តីថា ពេលប្រឡងយីកេ និងបាសាក់ ក៏មានប្រពៃណីចូលក្នុងហ្នឹង ពេលកំណាព្យ និងមហោរី ក៏មានប្រពៃណីចូលក្នុងហ្នឹង។ ដូច្នេះ ៣ វិញ្ញាសារ ដូចគ្នា ឬក៏អាចរកវិញ្ញាសារផ្សេង ប៉ុន្តែខ្ញុំមើលថា(វិញ្ញាសារ) ដូចជាចាប៉ី ឬក៏អាយ៉ៃឆ្លងឆ្លើយ ពិតជាមានការលំបាកហើយ។ នេះគ្រាន់តែជាការផ្តល់មតិ(ទេ) ការសំខាន់គឺការរៀបចំរបស់គណៈកម្មាធិការ ពិសេសការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយអនុវត្តដោយ វិស័យឯកជន គឺស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន។ សូមអំពាវនាវចំពោះក្រុមហ៊ុននានាជួយ ឧបត្ថម្ភ និងសហការ។ ថ្ងៃនេះ ខ្ញុំក៏សូមអរគុណផងដែរ(ជូន) លោកជំទាវ ភឿង សកុណា ដែលបានអញ្ជើញមរតកមនុស្សរស់ ដែលសុទ្ធតែជាអ្នកសិល្បៈករ/ការិនីជើងចាស់ មកចូលរួម ចំនួន ១៧ នាក់ … ថ្ងៃនេះអាចចាត់ទុកថា ជាទិវានៃការជួបជុំមរតក(វប្បធម៌)ខ្មែររបស់យើង …។
ក្រៅពីអ្វីដែលជាពានរង្វាន់បានកំណត់ ដោយអគ្គនាយកដ្ឋានជាតិទូរទស្សន៍បាយ័ន ខ្ញុំ និងភរិយា សូមផ្តល់ជូនចំពោះគណៈកម្មការចំនួន ៦ នាក់ ក្នុងម្នាក់ៗ សូមជូន ៥ លានរៀល … ចំពោះក្រុមភ្លេងដែលបានមកលេង តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ មាន ១១ នាក់ ក្នុងម្នាក់ៗ ចំនួន ២ លានរៀលផងដែរ។ ជូនក្រុមរបាំនារីខ្មែរ មរតកវប្បធម៌ជាតិ ដែលបានមកចូលរួមសំដែងនៅទីនេះ ចំនួន ១០ លានរៀល។ ជូនក្រុមសិល្បៈអាយ៉ៃគ្រួសារត្រកូលខាត់ចំនួន ៥ លានរៀល និងក្រុមផ្សាយបន្តផ្ទាល់ទូរទស្សន៍បាយ័នចំនួន ៥ លានរៀល។ អរគុណដែលអនុញ្ញាតឲ្យខ្ញុំ និងភរិយា មកចូលរួមជាមួយនឹងព្រឹត្តិការណ៍ដែលមានសារៈសំខាន់នេះ សង្ឃឹមថាឆ្នាំបន្ត វគ្គបន្ត យើងនឹងធ្វើដូចនេះដែរ បើកដោយរដ្ឋមន្ត្រីនៅឯស្ថានីយ៍ និងបិទនៅទីនេះ។ ហើយសូមជូនពរចំពោះអ្នកដែលបានជាប់ ហើយក៏សូមជូនពរចំពោះអ្នកដែលមិនបានជាប់។ ទោះបីមិន បានជាប់ ក៏ប៉ុន្តែសមត្ថភាពអ្នកដែលមិនបានជាប់នោះ អាចទៅច្រៀងតាមរោងការ ឬអាចចូលលេងទៅតាមក្រុមយីកេ និងក្រុមល្ខោន។
សូមមន្ត្រីនគរបាលចរាចរណ៍ជួយសម្រួលឲ្យក្រុមល្ខោនងាយស្រួលក្នុងការធ្វើដំណើរ
មានរឿងមួយ ខ្ញុំចង់និយាយបន្តិចនៅទីនេះ ទៅកាន់មន្រ្តីនគរបាលចរាចរណ៍។ ខ្ញុំបានទទួលព័ត៌មានពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា នៅពេលអនុវត្តច្បាប់ចរាចរណ៍គ្រឹប យក្សទៅណាអត់រួច ដោយសារតែមានការហាមឃាត់។ ការទៅសំដែងនៅកន្លែងនេះកន្លែងនោះ ជាយីកេក្ដី ជាល្ខោនក្ដី ត្រូវទៅ(ដោយ)ឡានកូរ៉េ ដឹកទាំងឆាក ដឹកទាំងមនុស្សទៅ។ ដល់ឥឡូវគេហាម។ អញ្ចឹងទេ សូមមេត្តាប៉ូលីសចរាចរណ៍នៅគ្រប់ទីកន្លែងទាំងអស់ មេត្តាយោគយល់ជួយសម្រួលឲ្យអ្នកទាំងនេះបានធ្វើដំណើរ ដោយសុវត្ថិភាពទៅកាន់គោលដៅដែលត្រូវទៅសម្ដែង … ព្រោះខែនេះជាខែបុណ្យទានច្រើន ទាមទារឲ្យមាន(ការសម្ដែងសិល្បៈ)។ តម្រូវការ(របស់)ប្រទេស គឺយ៉ាងដូច្នេះឯង។ ចំណុចនេះសំខាន់ណាស់ (លើកលែងតែ)ដំណាក់កាល ប៉ុល ពត(ចេញ) រាជរដ្ឋាភិបាលដំណាក់កាលនេះ អ្វីៗ បានបើកទូលាយ។
សូមយកឱកាសនេះ ជូនពរសំណាងល្អសម្រាប់អ្នកជាប់ សំណាងល្អអ្នកដែលមិនបានជាប់ … ហើយក៏សង្ឃឹមថានឹងមានដាក់ពាក្យប្រឡងនៅពេលខាងមុខ។ សូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ និងភរិយា ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សិល្បៈករ សិល្បៈការិនី ក្មួយៗ សិស្ស និស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃា្លតឡើយ។ សូមអរគុណ៕