ជួយគ្នាទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណ

ថ្ងៃទី ១២ មករា ឆ្នាំ ២០១៦ ក្នុងឱកាសបិទកម្មវិធីប្រឡងសិល្បៈបុរាណក្រោមប្រធានបទ «មត៌កវប្បធម៌​ខ្មែរ»ពានរង្វាន់សម្តេចតេជោ និងការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ដែលប្រព្រឹត្តឡើងនៅសាល​មហោស្រពកោះពេជ្រ, សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមូលផ្តុំ ប្រមូលដើមទុន ដើម្បីអភិឌ្ឍវប្បធម៌ ក្រោយប្រទេសបានរួចផុតពីរបបប្រល័យពូជសាសន៍ ដោយអតីតរដ្ឋមន្រ្តីវប្បធម៌ កែវ ចិន្តា និង ឆេង ផុន តាំងពីជាង ៣០ ឆ្នាំមុន។ សម្តេចតេជោ បានស្នើអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ បាយ័ន បញ្ចូលវិញ្ញាសាចម្រៀងប្រពៃណី ទៅក្នុងការប្រឡងលើកក្រោយ ដែលមានតែពីរវិញ្ញាសាគឺកំណាព្យ និងមហោរី។ សម្តេចតេជោបានអំពាវនាវដល់ក្រុមហ៊ុននានា ឲ្យបន្តជួយឧបត្ថម្ភ និងសហការ ដើម្បីទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណនេះ។ បន្ទាប់ពីទទួលដំណឹងពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ អំពីការភ័យខ្លាច និងការលំបាករបស់ក្រុម​សិល្បៈល្ខោន និងយីកេ ក្នុងការធ្វើដំណើរទៅសម្តែងនៅតាមទីតាំងនានា ដោយសារតែការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក មិនអនុញ្ញាតឲ្យដឹកលើសចំនួនតាមរថយន្ត សម្តេចតេជោបានណែនាំឲ្យប៉ូលីសចរាចរណ៍​នៅគ្រប់ទីកន្លែងទាំងអស់ យោគយល់ និងសម្រួលក្រុមល្ខោន បានធ្វើដំណើរដោយសុវត្ថិ​ភាពទៅកាន់ ទីកន្លែងសម្តែងផង៕