ថ្ងៃនេះ ៨ មករា ២០១៦ ដែលកាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា មួយថ្ងៃ។ ក្នុងវ័យមិនដល់ ២៧ ឆ្នាំផង ហើយក៏មិនសូវយល់ដឹងនូវកិច្ចការបរទេសផងនោះ ការទទួលយកភារកិច្ចទាំងទើសទាល់នេះគឺជារឿងដ៏លំបាក។ តែឆន្ទះយុវជន ដែលខ្លួនខ្ញុំបានឆ្លងកាត់ដោយខ្លួនឯង ហើយបានឈរជើងក្នុងរដ្ឋាភិបាលរហូត ៣៧ ឆ្នាំ អាចឱ្យគេយល់ថា តើខ្ញុំស្គាល់ជីវិត និងសេចក្តីត្រូវការរបស់យុវជនបែបណា។
មនុស្សមួយចំនួនភ័ន្តច្រឡំអំពីខ្ញុំលើចំណុចនេះ។ មុនមកដល់វ័យជាង ៦០ ឆ្នាំសព្វថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ព ជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេសក្នុងវ័យ ២៧ ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងពិភពលោកនាពេលនោះ។ នេះជាបញ្ហាដែលត្រូវរៀបចំក្រោយរំដោះជាតិ និងប្រជាជនចេញពីរបប ប៉ុល ពត។ សំរាប់ជីវិតឯកជនវិញ ការរំដោះប្រទេស និងតំណែងរដ្ឋមន្ត្រី មិនអាចបញ្ចប់ទឹកភ្នែករបស់ខ្ញុំបានឡើយ។ មិនទាន់និយាយដល់គ្រួសារទាំងមូលនោះទេ និយាយត្រឹមតែប្រពន្ធ និងកូនខ្ញុំ គឺខ្ញុំត្រូវហូរទឹកភ្នែករយៈពេល ៤៨ ថ្ងៃថែមទៀត បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩។
តាំងពីបែកគ្នាថ្ងៃ ២០ មិថុនា ១៩៧៧ ខ្ញុំមិនដែលទទួលព័ត៌មានថាប្រពន្ឋ និងកូនខ្ញុំនៅរស់នោះទេ។ ដំណឹងដែលខ្ញុំទទួលបានទាំងអស់ សុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ព័ត៌មាននេះកាន់តែធ្វើឱ្យខ្ញុំជឿថែមទៀតព្រោះពេលដែលប្រទេសរំដោះរួចហើយខ្ញុំបានស្វែងរកឃើញត្រឹមតែឪពុកមា្តយ បងប្អូនបង្កើតរបស់ខ្ញុំតែប៉ុណ្ណោះ។ ឯខាងប្រពន្ធខ្ញុំ បាត់ទាំងគ្រួសារតែម្តង ឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ។ល។ ខ្ញុំយំរាល់ថ្ងៃ រាល់យប់ ហើយក៏មិនដឹងរៀបចំខ្លួនដូចម្តេចដែរ? ពេលឃើញថ្នាក់ដឹកនាំផ្សេងទៀតជួបជុំគ្រួសារ ចូលរួមរីករាយ តែខ្លួនឯងដេកយំ។ នេះជារឿងដ៏កំសត់របស់ខ្ញុំតាំងពីអាយុ ១៣ ឆ្នាំ នៅពេលបែកចេញពីឪពុកម្តាយមករៀននៅទីក្រុងភ្នំពេញរស់នៅជាមួយព្រះសង្ឃ។ នៅពេលប្រទេសមានសង្គ្រាម(ខ្លួន)ក៏កាន់តែឃ្លាតឆ្ងាយថែមទៀត។ ដល់ពេលមានភរិយា (ខ្ញុំមាន)ទុក្ខវេទនាក៏កាន់តែខ្លាំង ដោយសាររបបព្រៃផ្សៃ។ ជួបហើយព្រាត់ ព្រាត់ហើយជួប រហូតព្រាត់គ្នាមិនដឹងថាស្លាប់ឬរស់?
តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារមានប្រាជា្ញដើម្បីការពារខ្លួន។ ក្រោយ(បាន)រំដោះពីរបប ប៉ុល ពត ខែ មករា១៩៧៩ សភាពការណ៍នៅច្របូកច្របល់ណាស់។ ទោះដឹងថាប្តីស្ថិតក្នុងតំណែងដ៏ខ្ពស់ក្នុងរដ្ឋាភិបាល តែត្រូវតែលាក់ប្រវត្តិ ហើយមកសម្ងំលាក់ខ្លួន និងរើសកួរស្រូវនៅសួង ត្បូងឃ្មុំ។ ជំទាវរូបនេះដេកតាមវាលស្រែជាមួយនឹងកូនដ៏កំសត់ ដែលបែកពីឪពុកតាំងពីនៅក្នុងផ្ទៃម្តាយ។ កូនមួយនេះស្គាល់នូវរសជាតិ វារតាមភ្លឺស្រែ ជិះលើខ្នងគោ ខ្នងក្របី ហើយចុងក្រោយហៅឪពុកថាពូ រយៈពេល២ខែ។ ខ្ញុំជួបភរិយានិងកូនខ្ញុំនៅថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ គឺ ៤៨ ថ្ងៃ បន្ទាប់ពីប្រទេសត្រូវបានរំដោះ និងត្រូវជា ៦១៤ ថ្ងៃបើគិតពីថ្ងៃដែលយើងព្រាត់គ្នា ចាប់ពីថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នៅពេលដែលខ្ញុំចេញមុខដឹកនាំការតស៊ូប្រឆាំងរបប ប៉ុល ពត។ ទោះពេលវេលាបានកន្លងហួសឆ្ងាយហើយក៏ដោយ តែខ្ញុំនៅតែស្រក់ទឹកភ្នែក នៅពេលខ្ញុំនឹកឃើញប្រវត្តិដ៏ឈឺចាប់នៃជីវិតខ្ញុំ និងគ្រួសារ ក៏ដូចជាទុក្ខវេទនារបស់ប្រជាជនកម្ពុជាទាំងមូល៕