ឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម;
ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និង កម្ពុជា;
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ក្មួយៗសិស្ស-និស្សិត និង បងប្អូនប្រជាពលរដ្ឋទាំងអស់, ទាំង
កម្ពុជា និងវៀតណាម, ជាទីមេត្រី !
ថ្ងៃនេះ, ខ្ញុំមានកិត្តយស និងសេចក្តីរីករាយជាអនេក ដោយបានចូលរួមជាមួយឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធជាផ្លូវការ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ។ នេះគឺជាលើកទី ៣ ហើយ បន្ទាប់ពីការសម្ពោធបង្គោលព្រំដែនលេខ ១៧១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ, កាលពីឆ្នាំ ២០០៦ និងបង្គោលព្រំដែនលេខ ៣១៤ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិលក-ព្រែកចាក នៅខេត្តកំពត-គៀនយ៉ាង, កាលពីឆ្នាំ ២០១២ កន្លងទៅ។
ការសម្ពោធព្រំដែនជាបន្តបន្ទាប់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នៃកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយអំពីបញ្ហាព្រំដែនដែលនៅសេសសល់ រវាងប្រទេសយើងទាំងពីរ ដើម្បីឈានទៅបញ្ចប់បញ្ហាព្រំដែនទាំងស្រុងទៅពេលខាងមុខ។ ជាការពិត កិច្ចការនេះបានបោះជំហានទៅមុខជាលំដាប់ ទោះជាកន្លងមកបានជួបប្រឈមការលំបាក ព្រមទាំងភាពស្មុគស្មាញមួយចំនួនក្ដី។ យ៉ាងណាមិញ ការខិតខំរបស់នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តឹនយុង Nguyen Tan Dung និងខ្លួនខ្ញុំផ្ទាល់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ពិតជាបានទទួលនូវលទ្ធផល និងផ្លែផ្កាជាច្រើន ដែលក្នុងនោះ រួមមាន បង្គោលព្រំដែនលេខ ៣០ និងកំណត់ផ្លូវ ៤៥០ ម៉ែត្រ ជាសក្ខីភាពជាក់ស្តែងនៅចំពោះមុខយើងទាំងអស់គ្នានាពេលនេះ។ បន្ថែមលើនេះ យើងនឹងធ្វើដំណើរទៅកាត់ខ្សែបូរសម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន-តិនបៀន នៅខេត្តតាកែវ-អានយ៉ាង នារសៀលថ្ងៃនេះជាបន្តទៀតផងដែរ។
សមិទ្ធិផលប្រវត្តិសាស្រ្តនាថ្ងៃនេះ នឹងរួមចំណែកដ៏ធំធេង ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់របស់យើង ឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តលើគ្រប់វិស័យ ដើម្បីវិបុលភាព ភាពសុខក្សេមក្សាន និងភាពសុខដុមរមនា នៃប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ និងជាដៃគូយុទ្ធសាស្រ្តក្នុងកិច្ចអភិវឌ្ឍន៍។ ក្នុងន័យនេះ សមិទ្ធិផលដែលយើងរួមគ្នាសម្ពោធនៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត រវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់ត្រូវបានគេបោះបង់ចោល ជាតំបន់គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីទាំងអស់នោះ ឲ្យទៅជាតំបន់ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដែលខ្ញុំរំពឹងថា ក្នុងពេលអនាគត នឹងក្លាយទៅជាតំបន់របៀងសេដ្ឋកិច្ចដ៏សំខាន់មួយ ថែមទៀតផង។
ជាមួយនឹងទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងដែលធ្វើឲ្យការបោះបង្គោលព្រំដែន ប្រព្រឹត្តទៅដោយរលូន និងមានការទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាពខ្ពស់ ហើយប្រទេសយើងទាំងពីរទំលាយបាននូវការលំបាកទាំងឡាយ ក្នុងការកសាងព្រំដែនរវាងប្រទេសទាំងពីរ ដែលរហូតដល់ពេលនេះ នៅសល់តែប្រមាណ ១៦,៨% ទៀតប៉ុណ្ណោះ នឹងបញ្ចប់បានព្រំដែនគោកទាំងស្រុង លើខ្សែព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងសរុប ១ ២៧០ គីឡូម៉ែត្រ ហើយបន្ទាប់ពីនេះ យើងនឹងឈានទៅចរចាកំណត់ព្រំដែនសមុទ្រជាបន្តទៀត។ ក្នុងស្មារតីនេះ ខ្ញុំជឿជាក់ថា ប្រទេសយើងទាំងពីរក៏នឹងសម្រេចបាននូវការកំណត់ព្រំដែនសមុទ្រមួយយ៉ាងពេញលេញ គ្មានវិវាទ ដោយឈរលើគោលការណ៍ច្បាប់ និងក្របខណ្ឌគតិយុត្តអន្តរជាតិជាមូលដ្ឋាន។
ក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ដែលត្រឹមត្រូវ និងច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និង ច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តជាអន្តរជាតិស្ដីពីការទទួលស្គាល់ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគម និយមបារាំងបានបន្សល់ទុកឲ្យ ហើយដែលរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ បានប្រកាន់ភ្ជាប់នូវ គោលការណ៍នេះរហូតមក ដើម្បីបញ្ចប់បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសទាំងពីរ។ ឈរ លើគោលការណ៍គ្រឹះនេះ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំយ៉ាងពេញទំហឹងជាមួយនឹងរដ្ឋាភិបាលវៀតណាម ដើម្បីធានាឲ្យប្រទេសយើងទាំងពីរមានខ្សែព្រំដែនសមស្រប ជាព្រំដែនអន្តរជាតិពិតប្រាកដ ដោយប្រែក្លាយ ខ្សែព្រំដែនដែលមានតែលើផែនទី ឲ្យទៅជាបង្គោលព្រំដែននៅលើដីជាក់ស្ដែង ហើយខ្សែព្រំដែននេះត្រូវដើរស្របគ្នាទៅតាមការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ដើម្បីបញ្ចប់រាល់បាតុភាព និងប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសយើងទាំងពីរ ឲ្យទៅជាតំបន់គ្មានការភ័យខ្លាច តំបន់ នៃការអភិវឌ្ឍ រីកចម្រើន តំបន់ប្រកបដោយសុខសន្ដិភាព ភាពក្សេមក្សាន និងសុខដុមរមនា។
នៅក្នុងទិដ្ឋភាពដ៏សំខាន់មួយទៀត ថ្ងៃនេះ ជាមួយនឹងបង្គោលព្រំដែនរវាងប្រទេសយើងទាំងពីរ យើងក៏សម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ នូវកំណាត់ផ្លូវប្រវែង ៤៥០ ម៉ែត្រ។ នេះគឺជានិមិត្តរូបដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការតភ្ជាប់ជារូបវ័ន្តរវាងប្រទេសទាំងពីរ។ ការតភ្ជាប់ គឺជាអាទិភាពដ៏សំខាន់បំផុតមួយ ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងតំបន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម ពិសេសនៅក្នុងក្របខណ្ឌ នៃមហាអនុតំបន់មេគង្គ និងនៅក្នុងក្របខណ្ឌអាស៊ាន ខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ផ្ដើមចូលជាធរមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ចាប់តាំងពីឆ្នាំ ២០១៦ តទៅ។
ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមសម្រេចបាននូវលទ្ធផលល្អប្រសើរជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ តាមរយៈការយកចិត្តទុកដាក់របស់យើង ក្នុងការជំរុញការតភ្ជាប់ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទទួលបាននូវផលប្រយោជន៍ពេញលេញពីសមាហរណកម្មនេះ។ កំណើនពាណិជ្ជកម្ម ការវិនិយោគ និងលំហូរមូលធន ក៏ដូចជាទេសចរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ បាន និងកំពុងរីកលូតលាស់ឥតឈប់ឈរ ដែល
ជាកត្តាដ៏សំខាន់សម្រាប់ជួយជំរុញ និងធានានូវនិរន្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ វឌ្ឍនភាពទាំងអស់នេះ ពិតជាបានបង្កើតឡើងនូវកាលានុវត្តភាព និងបរិស្ថានអំណោយផលល្អប្រសើរសម្រាប់ការអភិវឌ្ឍ ក៏ដូចជាសម្រាប់ការកែលំអ និងសុខមាលភាពរបស់ប្រជាជន នៃប្រទេសយើងទាំងពីរ។
ក្នុងបរិការណ៍នេះ ខ្ញុំយល់ថា ពិធីសម្ពោធជាផ្លូវការរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារបស់យើង ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកចំណងមិត្តភាពជាអ្នកជិតខាង ភូមិផងរបងតែមួយ ដែលមានផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចរួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសមាហរណកម្មតំបន់ ទាំងក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នរបស់ ប្រទេសយើងនីមួយៗ។
ច្បាស់ណាស់ថា អ្វីដែលយើងសម្រេចបានមកនេះ ទាំងក្នុងកិច្ចការកំណត់ និងបោះបង្គោលព្រំដែន ទាំងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កើតចេញមកដោយសារការស្វះស្វែងរកដំណោះស្រាយរួមគ្នា ក្នុងស្មារតីសហការដោយស្មោះ និងការយោគយល់គ្នាទៅវិញទៅមក ដែលចំណាយអស់ពេលរាប់សិបឆ្នាំ។ ដូច្នេះ វាគឺជាប្រការសំខាន់ណាស់ ដែលយើងត្រូវឈរលើមូលដ្ឋាន នៃសមិទ្ធិផលសម្រេចបានមកនេះ កំណត់ឲ្យបានច្បាស់ និងប្រកបដោយភាពប្រាកដនិយម នូវទិសដៅសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីបន្តរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម ពុះពារជំនះនូវឧបសគ្គ និងការលំបាកតូចធំផងទាំងពួង ហើយឈោងចាប់យកឱកាសដែលកើតមានចំពោះមុខ មកប្រើប្រាស់ឲ្យបានប្រកបដោយប្រសិទ្ធិភាព ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើងទាំងពីរ។
មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាម បណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើកិច្ចការពារសុខភាពរបស់ខួន ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសចាប់ផើ្តមត្រជាក់ ហើយសូមបន្តផ្តល់នូវកិច្ចសហការគ្នាល្អ, បន្តចូលរួមការពារ និង ផ្តល់លក្ខណៈងាយស្រួល ដល់ការងារកំណត់ខ្សែបន្ទាត់ និងបោះបង្គោលព្រំដែន។ ខ្ញុំក៏សូមអំពាវនាវដល់ឤជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយគ្នាថែរក្សាបង្គោលព្រំដែនទាំងអស់នេះ ឱ្យបានសិ្ថតស្ថេរគង់វង្ស ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលត្រូវបានកំណត់ត្រឹមត្រូវ និងច្បាស់លាស់ហើយនេះ ឱ្យទៅជាព្រំដែនសនិ្តភាព, មិត្តភាព, សហប្រតិបតិ្តការ និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថី្មម្តងទៀត, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងបានសហការគ្នាយ៉ាងជិតស្និទ្ធ សម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្តរតនគិរី និងឯកឧត្តមអភិបាលខេត្តយ៉ាឡាយ ដែលបានសហការគ្នារៀបចំពិធីសម្ពោធដ៏មហាឡារិកនាថ្ងៃនេះ ដែលញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ, អធិកអធម និងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជួយសម្របសម្រួលដល់មន្ត្រីបច្ចេកទេសព្រំដែនកម្ពុជា ដោយបានរួមសុខទុក្ខ, តស៊ូ, ពុះពារការលំបាក, រួមគ្នានៅតំបន់ព្រៃភ្នំដាច់ស្រយាល ដើម្បីបំពេញបានការងារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ សម្រាប់ជាផលប្រយោជន៍ដល់កូនចៅរបស់យើងតទៅថ្ងៃក្រោយ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសសម្ពោធជាផ្លូវការរួមគ្នានៃ «បង្គោលព្រំដែនលេខ ៣០ និងកំណាត់ផ្លូវ ប្រវែង ៤៥០ ម៉ែត្រ» នៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ នាពេលនេះ, ខ្ញុំសូមជូនពរឯកឧត្តម ង្វៀន តឹនយុង នាយករដ្ឋមន្រី្តវៀតណាម ព្រមទាំងឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ថ្នាក់ដឹកនាំ និងមន្រី្តគ្រប់ជាន់ ថ្នាក់, ទាំងខាងវៀតណាម ទាំងខាងកម្ពុជា, ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមជាមួយនឹងលោកគ្រូ-អ្នកគ្រូ និងសិស្ស-និសិ្សតទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌, សម្រេចបានជោគជ័យក្នុងគ្រប់ការងារ និងមានសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។