សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ
សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ
គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ
សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ
សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
សូមគោរពបណ្តាមេដឹកនាំសាសនាឥស្លាម សាសនាគ្រឹស្ត និងគ្រប់សាសនានានៅកម្ពុជា ជាទីរាប់ឤន
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
អង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយស និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ការបញ្ជ្រាបទស្សនាទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា» ដ៏មានសារៈសំខាន់នេះ ក្នុងឱកាសឧទ្ទិសដល់ទិវាបួងសួង និងសកម្មភាពសាសនាដើម្បីកុមារ នាពេលនេះ។
ជារួម ប្រធានបទស្តីពីការបញ្ជ្រាបទស្សនាទានសីលធម៌សាសនា តាមរយៈការអបរំសីលធម៌, ចរិយាធម៌, គុណធម៌ ចាប់តាំងពីកុមាររហូតដល់មនុស្សគ្រប់វ័យគ្រប់ៗរូប គឺជាការចាំបាច់, សមស្របទៅនឹងសភាពការណ៍វិវត្តរបស់ពិភពលោក និងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិ, សេរីភាពរបស់មនុស្ស ពិសេសកុមារ ក្នុងបុព្វហេតុបន្តពង្រឹងសុខដុមនីយកម្មនៅកម្ពុជា។ ហើយច្បាស់ណាស់ថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិ ក្នុងនោះវិស័យសាសនាបានប្រៀនប្រដៅមនុស្សឱ្យស្គាល់សច្ចភាព, សុច្ចរិតភាព, បុណ្យ និងបាប, និងបង្ហាញអំពីមាគ៌ាដើម្បីរំដោះខ្លួនពីសេចក្តីទុក្ខ ពោលគឺវៀរចាកអំពើទុច្ចរិត និង អកុសល, វៀរចាកអំពីទោសៈ, មោហៈ និងលោភៈ ក្នុងដំណើរឆ្ពោះទៅត្រើយនៃសេចក្តីសុខ។ ពិសេសជាងនេះទៀត យើងឤចនិយាយបានមួយបែបទៀតថា សាសនាជាមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព ពីញ្រេះសាសនាដឹកនាំសាសនិកទៅរកសេចក្តីសុខ និងសុភមង្គល ហើយបញ្ហានយោបាយសុខដុមនីយកម្មផ្នែកសាសនា គឺកាន់តែមានសារៈសំខាន់ខ្លាំងណាស់ មិនថាប្រទេសតូច ឬប្រទេសធំនោះទេ។
សាសនាទាំងអស់បានរួមចំណែកសំខាន់ក្នុងការអប់រំមនុស្ស
ត្រង់ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយណាស់ ដែលថ្ងៃនេះ យើងបានធ្វើពិធីជួបជុំជាមួយ សាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិតមែនថានៅក្នុងប្រទេសកម្ពុជា រដ្ឋធម្មនុញ្ញបានយក ព្រះពុទ្ធសាសនា ធ្វើជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែរាជរដ្ឋាភិបាល មិនបានធ្វើសកម្មភាពណាមួយបំផ្លាញទៅ លើសាសនាណាមួយនោះទេ។ អ្វីដែលសំខាន់នៅទីនេះ សាសនាទាំងអស់បានរួមចំណែក អប់រំមនុស្ស ឲ្យធ្វើអំពើល្អ តាមរយៈនោះ គឺបង្កលក្ខណៈឲ្យរាជរដ្ឋាភិបាលទៅដល់ការគ្រប់គ្រងរបស់រដ្ឋប្រសិនបើគ្រប់ សាសនាណែនាំទៅដល់សាសនិករបស់ខ្លួនធ្វើតែអំពើល្អ នោះអំពើអាក្រក់ទុច្ចរិត និងអំពើបាបផ្សេងៗ នឹងមានមិនច្រើនទេ។ ដូច្នេះ រដ្ឋទទួលផលប្រយោជន៍យ៉ាងធំ ពីសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងខ្លឹមសារនេះ យើងចាំបាច់ត្រូវបន្តពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនា ដោយប្រឆាំងការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងសាសនា សំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ឱ្យទៅជាកម្លាំងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ពង្រឹងសន្តិភាព, សាមគ្គីភាព, ការថែរក្សាប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ ខណៈដែលកម្ពុជាកំពុងតែអបអរសាទរនូវលទ្ធផល នៃសុខដុមនីយកម្មក្នុងវិស័យសាសនា ដោយកម្ពុជាបញ្ជៀសបាននូវអំពើហិង្សាសាសនា ដែលជាឧត្តមប្រយោជន៍ និងជាកាលានុវត្តភាពធំធេង របស់កម្ពុជាយើង។
ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយ អំពីអតីតកាលរបស់កម្ពុជាកាលពីជាង ៣០ ឆ្នាំមុន គឺនៅក្នុងរបប ប៉ុល ពត ដែលគ្រាន់តែក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃប៉ុណ្ណោះជំនឿសាសនា,ប្រពៃណី, ទំនៀមទម្លាប់, វប្បធម៌ និងអរិយធម៌ទាំងអស់របស់ខ្មែរយើង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរស្ទើរគ្មានសល់ ក្នុងនោះមានវត្តឤរាម, កុដិ, ឤស្រមសាសនា, ព្រះវិហារគ្រប់សាសនា ត្រូវបានប្រែក្លាយទៅជាឃ្លាំងសម្ភារៈ, រោងបាយ, កន្លែងចិញ្ចឹមសត្វ និងរហូតធ្វើជាមន្ទីរឃុំឃាំងទៀតផង។ នេះជាភស្តុតាងមួយបញ្ជាក់ថា ការបាត់បង់សាសនានឹងនាំឱ្យមនុស្សបាត់បង់អស់សីលធម៌ ហើយសង្គមជាតិត្រូវជួបគ្រោះមហន្តរាយ។ យ៉ាងណាមិញ ផ្តើមចេញពីការស្អប់ខ្ពើមអំពើយង់ឃ្នងអមនុស្សធម៌, ឥតសាសនា បាននាំឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស នាំគ្នាពុះពារក្រោកឡើងតស៊ូ និងធ្វើពលិកម្មបូជាគ្រប់បែបយ៉ាងក្រោមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ និងប្រជាជន ពិសេសរំដោះព្រះពុទ្ធសាសនា និងសាសនាដទៃទៀតទាំងអស់ ឱ្យរួចចាកចេញផុតពីរបបឃោរឃៅនោះ និង ទទួលបានជោគជ័យជាស្ថាពរ នៅថ្ងៃ ៧ មករា ១៩៧៩។ តាមរយៈជោគជ័យជាប្រវត្តិសាស្ត្រនេះ សេរីភាព, ជំនឿសាសនា, ប្រពៃណី, ទំនៀមទម្លាប់, វប្បធម៌, ឤរ្យធម៌ និងសាសនាទាំងអស់នៅកម្ពុជាយើង ក៏បានរស់រានឡើងវិញទន្ទឹមគ្នាផងដែរ ហើយពិធីកម្មផ្សេងៗជាលក្ខណៈប្រពៃណី និងតាមបែបសាសនាក៏ចាប់កកើតឡើងវិញបន្តិចម្តងៗ។
ដោយឈរលើជំហរនយោបាយស្មើភាព, ស្មើសិទ្ធិ និងការអនុវត្តកាតព្វកិច្ចដូចៗគ្នា ដែលកម្ពុជាត្រូវបានប្រកាន់យកតាំងពីដើមរហូតមកនេះ បានធ្វើឱ្យសង្គមកម្ពុជាយើងស្ថិតក្នុងស្ថានភាពមួយងាយស្រួល ចុះសម្រុង ទោះបីមានជនជាតិដទៃច្រើន និងសាសនាច្រើនក៏ដោយ។ ចំណុចនេះ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ចំពោះភាពជោគជ័យនៃសុខដុមនីយកម្មសាសនានេះ។ ទោះជាយ៉ាងនេះក្តី ការពង្រឹងសុខដុមនីយកម្មសាសនា គឺជាកិច្ចការចាំបាច់ចំពោះមុខមួយ ដែលរាជរដ្ឋាភិបាលត្រូវបន្តកិច្ចខិតខំប្រឹងប្រែងព្យាយាមអនុវត្តគ្រប់កាលៈទេសៈ មិនឤចមើលរំលងបានឡើយ ក្នុងនោះត្រូវធ្វើឱ្យគ្រប់ជនជាតិ និងសាសនិកទាំងអស់នៅកម្ពុជា អនុវត្តកាតព្វកិច្ចជាតិដូចៗគ្នា គឺ រួបរួមសាមគ្គីគ្នា, ស្នេហាជាតិ និងគោរពរដ្ឋធម្មនុញ្ញតែមួយ, ព្រះមហាក្សត្រតែមួយ និងរាជរដ្ឋាភិបាលតែមួយ ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
សរុបមក តាមរយៈការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់យើង អស់រយៈពេលជាងបីទសវត្សរ៍មកនេះ ពិសេសការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលធ្វើឱ្យយើងទាំងអស់គ្នា យកឈ្នះលើរាល់ការលំបាក និងឧបសគ្គធំតូចច្រើនរាប់មិនអស់ រួមទាំងការបង្រួបបង្រួមជាតិ, លទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ, ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ក្នុងបុព្វហេតុរក្សាសុខសន្តិភាព, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពប្រកបដោយចីរភាព។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ «ទស្សនទានសីលធម៌សាសនាដើម្បីសុខដុមនីយកម្មនៅកម្ពុជា» នេះ ថ្នាក់ដឹកនាំ និងបរិស័ទនៃឥស្លាមសាសនិក, គ្រឹស្តសាសនិក និងសាសនិកនៃគ្រប់សាសនា នឹងជួយជំរុញកិច្ចសហការគ្នាកាន់តែសកម្មរស់រវើក ក្នុងការពង្រឹងសុខដុមនីយកម្មខាងផ្នែកសាសនានៅកម្ពុជា ដែលនឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវ, កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ហើយបន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសយុវជន និងកុមារ ដែលជាទំពាំងស្នងឫស្សី, រួមគ្នាទប់ស្កាត់រាល់សកម្មភាពរំលោភបំពាន, អំពើហិង្សាចំពោះកុមារ និងស្ត្រីជាដើម ដើម្បីភាពរីកចម្រីន, សុខដុមរមនា និងធានាបាននូវផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។ ស្ថិតក្នុងបរិការណ៍នេះ ព្រមជាមួយនឹងសមិទ្ធផលកន្លងមកនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមផ្តល់ជាអនុសាសន៍មួយចំនួនបន្ថែមទៀតដូចខាងក្រោម៖
ទី១ ត្រូវបន្តសកម្មភាពផ្សព្វផ្សាយអំពីសីលធម៌, សុជីវធម៌, ចរិយាធម៌ និងគុណធម៌របស់មនុស្ស នៅក្នុងសង្គម ជាពិសេសចំពោះស្រទាប់យុវជន កុមារដែលជាអ្នកបន្តវេន តាមរយៈកម្មវិធីនានា ដូចជានាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម, កម្មវិធីអប់រំចរិយាធម៌ព្រះពុទ្ធសាសនា, កម្មវិធីអប់រំទស្សនាទានព្រះពុទ្ធសាសនាតាមគ្រឹះស្ថានអប់រំនានា និងវត្តឤរាមជាដើម ឱ្យយល់ដឹងច្បាស់ពីតម្លៃដ៏វិសេសវិសាលនៃវប្បធម៌, ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយចូលរួមថែរក្សាអភិវឌ្ឍ, លើកតម្កើងវប្បធម៌ជាតិ និងកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមានពីបរទេស។
ទី២ ត្រូវបន្តបើកវគ្គបណ្តុះបណ្តាលក្រមសីលធម៌ឤចារ្យ-ឤចារិនីខ្មែរ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង និងការប្រណិប័តន៍វប្បធម៌ទំនៀមទម្លាប់ឱ្យបានភ្ជាប់ខ្ជួន រួមចំណែកដល់ការចូលរួមផ្សព្វផ្សាយអប់រំសីលធម៌, សុជីវធម៌, ចរិយាធម៌ និងគុណធម៌ដល់កុមារា-កុមារី, យុវជន-យុវតី និងពុទ្ធសាសនិកគ្រប់ស្រទាប់វណ្ណៈ ឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ។
ទី៣ ក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ ត្រូវបន្តរួមសហការគ្នា, រួមសាមគ្គីគ្នាក្នុងសហគមន៍តែមួយ ដើម្បីពង្រឹងវប្បធម៌សុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការរួមសហការផ្សព្វផ្សាយទ្រឹស្តីសាសនាដល់បរិស័ទរបស់ខ្លួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ, ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនា, ប្រឆាំងការរើសអើងបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងសាសនា។
ពង្រឹងនូវសម្ថភាពអាចារ្យលើគ្រប់សាសនាទាំងអស់
ចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្ថែមបន្តិច។ ខាងលើខ្ញុំព្រះករុណាខ្ញុំ បានលើកអំពីការបណ្តុះបណ្តាលអាចារ្យសម្រាប់ផ្នែកព្រះពុទ្ធសាសនា ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចថា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ក៏ត្រូវមានក្បួនខ្នាត និងពង្រឹងនូវសម្ថភាពរបស់អ្នកដែលទទួលខុសត្រូវដែរ។ នេះគឺជាការចាំបាច់ បើសិនជាចេះស្ទើរៗ ហើយទៅបង្ហាត់បង្រៀនពុទ្ធបរិស័ទនោះ ពិតជាមិនអាចទៅរួចទេ។ ផ្នែកព្រះពុទ្ធសាសនាក៏មានច្រើនបង្គួរហើយ ប៉ុន្តែបញ្ហាគុណភាពនៅតែជាចំណោទ ដែលទាមទារឲ្យមានការយល់ដឹងបន្ថែម។ ពង្រឹងទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត។
ការមានជាតិសាសន៍ និងសាសនាផ្សេងគ្នាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសជាតិ
ចំណុចមួយទៀត ក៏ត្រូវមើលឲ្យឃើញថា ប្រទេសកម្ពុជាយើងជាប្រទេសដែលអាចចាត់ទុកជាប្រទេសគំរូ មួយក្នុងចំណោមប្រទេសដទៃទៀត ដែលមានជាតិសាសន៍ មានលាយសាសនាច្រើន ក៏ប៉ុន្តែ យើងមិនដែលមានជម្លោះដែលនាំឲ្យពិបាកដោះស្រាយនោះទេ។ ការរើសអើងក្នុងវិស័យសាសនា គឺមិនបានកើតមាននៅក្នុងប្រទេសរបស់យើងនោះទេ។ ចំណុចនេះ យើងត្រូវដឹងថា ការខុសគ្នារវាងជាតិសាសន៍ ឬសាសនា មិនមែនជាឧបសគ្គនៃការភិវឌ្ឍប្រទេសជាតិទេ ផ្ទុយទៅវិញមានការសហការ ហើយការខុសគ្នានោះ គ្រាន់តែជាការខុសគ្នានៃការប្រតិបត្តិ។ យើងមានចំណុចរួមនៅត្រង់ថា យើងត្រូវការឯករាជ្យ យើងត្រូវការអធិបតេយ្យជាតិ យើងត្រូវការសុខសន្តិភាព យើងត្រូវការការអភិវឌ្ឍខាងសេដ្ឋកិច្ច–សង្គមដូចៗគ្នា ទោះបីយើងទទួលទានម្ហូបអាហារខុសគ្នាក្តី។ សាសនាខ្លះទទួលទានសត្វនេះ សាច់នេះ សាច់នោះ សាសនាខ្លះ មិនទទួលទានសាច់នេះ សាច់នោះ សាសនាខ្លះ ទទួលទានតែបន្លែ។ ទោះបីមានការខុសគ្នាខាងការទទួលទានក៏ដោយ ក៏គោលដៅតែមួយ គឺដើម្បីរស់ គឺ(និយាយ)តម្រង់ដាក់ទៅ ក្នុងក្រពះពោះវៀនដូចគ្នា។
ក្នុងចំណុចនេះ យើងមិនត្រូវមើលឃើញថា ការខុសគ្នាខាងសាសនា ដូចជាអង្គុយកន្លែងនេះ មានទាំងគ្រិស្ត មានទាំងឥស្លាម ហើយក្នុងគ្រិស្តហ្នឹងទៀត មាននិកាយ PROTESTANT មាន CATHOLIC ឬក៏ស្អីៗច្រើនទៀត ហើយសូម្បីតែព្រះពុទ្ធ ទាំងនៅខាងលើ ទាំងនៅខាងក្រោម ក៏មាននិកាយដល់ទៅ ២ គឺធម្មយុទ្ធ និងមហានិកាយ … ថាជាឧបសគ្គរារាំងនៃសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឃរបស់ប្រទេសយើងនោះទេ។ នេះជាចំណុចល្អ ដែលខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះមុខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទោះបីមានជំនឿសាសនាណាក៏ដោយ សុំឲ្យមានកិច្ចសហការគ្នា រស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ហើយចៀសវាងឲ្យខានតែបាននូវអំពើនិយមជ្រុល ដែលវាបាននឹងកំពុងជះឥទ្ធិពលយ៉ាងខ្លាំង នៅតំបន់ខ្លះនៅក្នុងពិភពលោករបស់យើង។
ឯរឿងដែលកើតឡើងនៅតំបន់ខ្លះ ដូចជាតំបន់មជ្ឈិមបូព៌ា គឺកុំឲ្យកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពនៃសុខដុមនីយកម្មជាតិ និងសាសនាដែលបាននឹងកំពុងកើត និងបន្តកើតមាននៅពេលខាងមុននេះ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត នឹងបន្តអប់រំបរិស័ទរបស់ខ្លួន ឲ្យកសាងនូវអំពើល្អ ចៀសវាងនូវអំពើបាបទាំងឡាយ ហើយរួបរួមគ្នា ដើម្បីកសាងអនាគតសម្រាប់យើងទាំងអស់គ្នា។
ទី៤ ត្រូវបន្តសហការជាមួយអង្គការ, មេដឹកនាំសាសនាសមាគមដែលមានចរិកសាសនា ដោយមានរៀបចំវគ្គបណ្តុះបណ្តាល, កិច្ចប្រជុំ, សិក្ខាសាលា, កិច្ចសន្ទនាមេដឹកនាំសាសនា និងពិធីកម្មតាមបែបសាសនានានាឱ្យបានញឹកញាប់ ដើម្បីរាំងស្កាត់ការយកសាសនាទៅធ្វើឤជីវកម្ម និងបង្កជាវិបត្តិសាសនា ព្រមទាំងរួមចំណែកពង្រឹងសុខដុមនីយកម្មសាសនាឱ្យកាន់តែទូលំទូលាយថែមទៀត។
រៀបចំការជួបប្រជុំគ្នារវាងជាតិសាសន៍ផ្សេងគ្នា ដើម្បីមានការផ្លាស់ប្តូរបទពិសោធន៍
ចំណុចនេះ ក្រសួងធម្មការ និងសាសនាត្រូវតែធ្វើឲ្យបានដិតដល់ តាមរយៈការពិគ្រោះពិភាក្សាជាមួយថ្នាក់ ដឹកនាំសាសនា ដែលយើងអាចមានកម្មវិធីជួបប្រជុំគ្នា។ ពិតហើយសាសនានីមួយៗមានការជួបប្រជុំតាម វិហាររៀងៗខ្លួន … ក៏ប៉ុន្តែ ក្រសួងធម្មការនៅកម្រិតថ្នាក់ជាតិ ឬមន្ទីរធម្មការនូវកម្រិតថ្នាក់ក្រោមជាតិគប្បីយកចិត្តទុកដាក់រៀបការជួបជុំជាមួយអង្គការសាសនានៃពុទ្ធបរិស័ទរបស់យើង ដើម្បីនឹងអាចសន្ទនាគ្នាផ្លាស់ប្តូរបទពិសោធន៍ ទោះបីថាធម៌អាថ៌មិនត្រូវគ្នាក៏ដោយចុះ ក៏ប៉ុន្តែ ទង្វើដើម្បីការពារជាតិ និងការអភិវឌ្ឍសង្គមជាតិ គឺជាតម្រូវការចាំបាច់របស់យើង។
ទី៥ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ក្រសួងតែងយកចិត្តទុកដាក់ផងដែរ ចំពោះពាហិរសាសនា ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់សាសនាទាំងអស់ ដែលកំពុងប្រតិបត្តិនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យរួមរស់នៅជាមួយគ្នាប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យគ្នា, រួម គ្នាបន្តអភិវឌ្ឍសង្គមជាតិប្រកបដោយសុខដុមរមនារវាងសាសនា និងសាសនា។ ទន្ទឹមនេះ ត្រូវបន្ត ប្រពៃណី វប្បធម៌ស្រឡាញ់សន្តិភាព, ចេះយោគយល់អធ្យាស្រ័យគ្នា និងរួមរស់នៅជាមួយគ្នា, ចេះគោរព គ្នាទៅវិញទៅមកប្រកបដោយក្តីមេត្តា, ករុណា, សណ្តោសប្រណីរវាងសហគមន៍សាសនាផ្សេងៗគ្នា ទាំង ក្នុងថ្នាក់ជាតិ និងអន្តរជាតិ។
ទី៦ ជំរុញ និងគាំទ្រឱ្យមានការរៀបចំកម្មវិធីសុខដុមនីយកម្មសាសនា និងទិវាបួងសួងដើម្បីកុមារ ឱ្យបាន ទៀងទាត់រៀងរាល់ឆ្នាំ ដើម្បីរិះរកមធ្យោបាយ និងយុទ្ធសាស្ត្រថ្មីៗ, រៀបចំផែនការសកម្មភាពការងារគ្រប់ សាសនាទាំងអស់ ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរួមចំណែកដល់កិច្ចការ ពារកុមារ និងការអភិវឌ្ឍសង្គមជាតិឱ្យសម្រេចបានជោគជ័យថ្មីៗជាបន្តបន្ទាប់ថែមទៀត។
ករណីប្លន់ប្រដាប់អាវុធ ចាប់ផ្តើមកក្រើកឡើងនៅកម្ពុជា / សាសនាមិនបានអប់រំឲ្យមនុស្សលួចប្លន់ទេ
ក្រៅពីប្រធានបទទាំង ៦ ជាអនុសាសន៍នេះ ដោយសារមានបញ្ហាលេចឡើង ក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសថ្លែងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស (អំពី) ចំណុច ២ ដែលទាមទារនូវការយកចិត្តទុកដាក់។ ទី ១ ការប្លន់ប្រដាប់អាវុធ ហាក់ដូចជាបានកក្រើក នៅក្នុងអាទិត្យកន្លងទៅនេះ។ យើងនិយាយពីបញ្ហាសាសនា សាសនាអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មិនឲ្យលួចប្លន់ទេ …។ ក្នុងរយៈកាលកន្លងទៅនេះ អាជ្ញាធរបានធ្វើការប្រឹងប្រែងយ៉ាងខ្លាំង ហើយខ្ញុំសូមចេញវិធានការដាក់បន្ថែម ជាមួយនឹងការពិគ្រោះពិភាក្សាជាមួយមេដឹកនាំទទួលខុសត្រូវខាងផ្នែកសន្តិសុខ ទាំងមហាផ្ទៃ ទាំងអាវុធហត្ថ ទាំងនគរបាល សូមឲ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងបង្រ្កាបពួកឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធនេះ។ ក្រុមនេះ គឺជាក្រុមគ្មានសាសនាណាទាំងអស់។ គ្មានសាសនាណាប្រដៅឲ្យពួកនេះប្រព្រឹត្តអំពើប្លន់នោះទេ។ ក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ហើយប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះអំពើប្លន់ប្រដាប់អាវុធ និងពួកជនឃោឃៅទាំងនេះ ពិសេស គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើង ទទួលបានមិនត្រឹមតែសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូលទេ ក៏ប៉ុន្តែ សន្តិភាពខាងផ្លូវចិត្ត លាចាកផុតពីអំពើប្លន់នៃពួកទុច្ចរិត។
ក្រសួងយុត្តិធម៌ត្រួតពិនិត្យឡើងវិញ មុននឹងដោះលែងអ្នកទោស
តាមរបាយការណ៍ខ្លះឲ្យដឹង មុខសញ្ញាដដែលៗ ដែលតដៃជាមួយនឹងអាវុធហត្ថរាជធានីភ្នំពេញ ហើយអាវុធហត្ថបានកម្ទេចចោល ២ នាក់ ដោយត្រូវការពារខ្លួនក្នុងពេលប្រតិបត្តិការ។ ២ នាក់ ហ្នឹងមុខសញ្ញាដោះលែងចេញពីគុកថ្មីៗ។ សូមឯកឧត្តមរដ្ឋមន្រ្តីយុត្តិធម៌ ពិនិត្យពិច័យ អ្នកជាប់គុកដោយសារប្លន់ ដោយសារគ្រឿងញៀន កុំសូវដោះ(លែង)ពេក បើវាចេញមកប្លន់ដដែលៗ ហើយរបាយការណ៍ច្រើនកន្លែងណាស់។ បើតាមរបាយការណ៍របស់អាវុធហត្ថ និងនគរបាល មុខសញ្ញាសកម្មភាពហ្នឹង ទើបនឹងចេញពីគុក។ ចេញមក(ហើយក៏)វាធ្វើសកម្មភាពប្លន់ទៀត លួចទៀត ជួញដូរគ្រឿងញៀនទៀត។ បើអញ្ចឹង សូមឲ្យពិនិត្យ ឡើងវិញកុំដាក់ឲ្យខ្ញុំស៊ីញ៉េ។ អញ្ចឹងថ្ងៃក្រោយ គឺថារៀបរាប់ផង ថាអានេះជាប់គុកដោយសារអី ដើម្បីខ្ញុំមើល។ បើថាជាប់គុកដោយសារប្លន់/លួច ខ្ញុំសូមឲ្យដកចេញសិន។ មើលឲ្យស្រួល តែមិនអញ្ចឹង ក្រែងលោវាចេះតែ(មកប្លន់វិញ) ព្រោះគេថាលួចគេធ្លាប់ដៃ ដេកថ្ងៃធា្លប់ភ្នែកនោះ។ ប៉ុន្តែ មិនមែនបាន សេចក្តីថាទាំងអស់នោះទេ។ សូមឲ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន វាយបង្រ្កាបនូវអំពើទុច្ចរិត ដែលចេញមកពីការប្លន់នេះ។
ត្រូវធ្វើសកម្មភាពរួមគ្នា កម្ចាត់ពួកប្លន់ប្រដាប់អាវុធ
ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ ក៏បានដាក់បញ្ជាបន្ថែម ហើយយើងក៏មានដានខ្លះៗមកហើយដែរ។ សកម្មភាពត្រូវតែបានធ្វើមកព្រមៗ គ្នា ទាំងគ្រប់កម្លាំង ហើយប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មាន ដើម្បីវាយបំបែកសំបុករបស់ពួកសកម្មភាពប្លន់ប្រដាប់អាវុធ។ នៅពេលដែលអឺរ៉ុប និងអាមេរិកទទួល រងគ្រោះដោយសារភេរវកម្ម នៅកម្ពុជាបែរជាកើតឡើងបញ្ហានេះ ហាក់ដូចជាគេបានគិតថាបញ្ហា ភេរវកម្ម នោះវាធ្ងន់ជាងឲ្យយើងយកចិត្តទុកដាក់ទៅលើបញ្ហាសុវត្ថិភាពប្រឆាំងនឹងភេរវកម្ម បែរជាប្លន់ប្រដាប់អាវុធបានចាប់ផ្តើម(កើត)ចេញទៅវិញ។ នេះជាចំណុច ដែលសុំឲ្យស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទធ្វើសកម្មភាពព្រមៗគ្នា ជាមួយនឹងការសហការរបស់ប្រជាពលរដ្ឋ។
សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ និងទឹក
ចំណុចទី ២ ដែលបានកើតឡើងព្រមៗគ្នាដែរ គឺការពុលចំណី និងស្រា។ រឿងនេះបាន កើតនៅខេត្តក្រចេះ ស្រុកស្នួល ពុលសាច់ឆ្កែស្លាប់អស់មិនចេះតិច។ នេះសុទ្ធតែរឿងដែលយើងអាចជៀសវាងបាន ក៏ប៉ុន្តែយើងបែរជាជៀសវាងមិនបាន។ សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះម្ហូបអាហារ ម្ហូបអាហារលក់តាមទីផ្សារ ត្រូវបានកាំកុងត្រូល ធ្វើការត្រួតពិនិត្យជាប្រចាំ (រកមើល)ម្ហូបអាហារណាដែលហួសកាលកំណត់។ ប៉ុន្តែសម្រាប់(អាហារផ្ទាល់របស់)ប្រជាពលរដ្ឋ មិនមានកាំកុងត្រូលទៅ(ពិនិត្យ)ទេ … មានតែប្រជាពលរដ្ឋ ខ្លួនឯងតែប៉ុណ្ណោះ ដែលអាចការពារនូវអាយុជីវិតរបស់ខ្លួនបាន។ ជួនកាល ពុលនំបញ្ចុក ជួនកាលពុលនេះ ពុលនោះ សូមប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ទៅលើសុវត្ថិភាពខ្លួនឯង។ យើងទទួលទានដើម្បីរស់ បើទទួលទានដើម្បីស្លាប់ដដែល មិនបាច់ចាំទទួលទានទេ។ ត្រូវប្រុងប្រយ័ត្នថា របស់ហ្នឹងមកពីណា អីពីណា។ ហើយស្រាសបិតនៅទូទាំងប្រទេសនេះ ប៉ុន្តែជួនកាលដើម្បីឲ្យវាចំណេញ យកអង់ទ្រីន ថ្នាំពុល ទៅចាក់ថែម ដើម្បីឲ្យវាខ្លាំង។ មួយលីត្រច្នៃបានទៅជាបីលីត្រនោះហើយដែលវាអន្តរាយ។
សូមប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្លួនឯង ទៅលើបញ្ហានេះ។ អាជ្ញាធរអាចធ្វើបានត្រឹមកម្រិតណាប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកទទួលទាន និងអ្នកផឹកពិតប្រាកដ គឺប្រជាពលរដ្ឋ។ អាជ្ញាធរត្រូវមានការទទួលខុសត្រូវទៅលើសុវត្ថិភាពនៃចំណីអាហារ ក៏ប៉ុន្តែ បើសិនប្រជាពលរដ្ឋម្នាក់ៗ អត់ដឹង(ពីចំណុចដែលត្រូវ)ទទួលខុសត្រូវខ្លួនឯង ហើយមកបន្ទោសតែរាជរដ្ឋាភិបាលដឹកនាំមិនកើត ក៏វាអត់ត្រូវ។ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវបន្ថែម ទី ១ ធ្វើសកម្មភាពព្រមៗ ដើម្បីបង្ក្រាបពួកជនទុច្ចរិតប្លន់ប្រដាប់អាវុធ និងគ្រឿងញៀន, ទី ២ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ជូនពរឱ្យកិច្ចប្រជុំផ្សព្វផ្សាយ «ការបញ្ជ្រាបទស្សនទានសីលធម៌សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា» ក្នុងឱកាសឧទ្ទិសដល់ទិវាបួងសួង និងសកម្មភាព ដើម្បីកុមារ នាពេលនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក ដើម្បីជាផលប្រយោជន៍ដល់សហគមន៍សាសនាទាំងអស់ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរចំពោះសម្តេចព្រះរាជាគណៈ, ប្រគេនពរព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ និងបរិស័ទនៃគ្រឹស្តសាសនា, ឥស្លាមសាសនា និងសាសនិកនៃគ្រប់សាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ សូមជួបប្រទះ តែនឹងសេចក្តីសុខ,សេចក្តីចម្រើន, សុខភាពបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចរៀងខ្លួនៗ។