ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធមជ្ឈមណ្ឌលហែលទឹក តេជោសែន នៅទីក្រុងកំពង់ចាម … ហើយបាននិយាយទៅកាន់កីឡាករ/ការនីទំាងឡាយ ដែលបានធ្វើការប្រកួតផ្តាច់ព្រ័ត្រអម្បាញ់មិញនេះ … ទោះបីថា មានអ្នកយឺត មានអ្នកលឿន ប៉ុន្តែគ្មានអ្នកណាមួយបោះចោលកណ្តាលទី ហើយហែលមិនដល់ទីនោះទេ។
ត្រកូល ហែម ថុន ជាត្រកូលអ្នកហែលទឹក / កីឡាករ ពិការតែកាយ មិនពិការចិត្ត
អ្វីដែលជាការចងចំាបំផុតនៅពេលនេះ ត្រកូល ហែម ថុន ពិតជាត្រកូលអ្នកហែលទឹកពិតប្រាកដមែន។ តាមរយៈចៅស្រី ហែមថុន វិទិនី និងកូនប្រុសរបស់លោក ហែម ថុន គឺក្មួយ ហែមថុន ពន្លឺ ពិតជាបង្ហាញឲ្យឃើញអំពីការតពូជតពង្សតជំនាន់ នៃត្រកូលអ្នកហែលទឹក បន្ថែមដោយការយកចិត្តទុកដាក់របស់គាត់អស់ពេញមួយជីវិត នៅក្នុងរយៈពេលកន្លងទៅនេះ មុនពេលគាត់ចូលមរណកាល។ ខ្ញុំអាចនិយាយទៅកាន់ក្លឹបហែលទឹក ហែម ថុន ថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងឋានៈជាប្រធាននៃសហព័ន្ធនៃកីឡាហែលទឹក បានរ៉ាប់រង និងទទួលខុសត្រូវជាបន្ត ជាមួយនឹងលោកស្រីភរិយាលោកតា ហែម ថុន ដើម្បីធ្វើឲ្យក្លឹបនេះនៅបន្តដំណើរការតទៅទៀត។
កោតសរសើរចំពោះការខិតខំទំាងអស់ របស់កីឡាករ/ការនី រាប់ទំាងកីឡាករជាជនពិការនៅទីនេះ ដែលបានបង្ហាញឲ្យឃើញច្បាស់នៅក្នុងក្របខណ្ឌទូទំាងប្រទេស តាមរយៈនៃការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិ ទូរទស្សន៍បាយ័ន ETV និង BTV ដែលកំពុងផ្សាយបន្តផ្ទាល់ និងការផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុករបស់ខ្លួនខ្ញុំផងដែរ ថា ជនពិការគ្រាន់តែពិការរាងកាយប៉ុណ្ណោះ ក៏ប៉ុន្តែមិនមែនពិការខាងផ្លូវចិត្តនោះទេ។ ថ្ងៃស្អែកនេះ ៣ ធ្នូ គឺជាទិវាជនពិការរបស់កម្ពុជាផង និងជាទិវាជនពិការអន្តរជាតិផង ខ្ញុំក៏សូមយកឱកាសនេះ អបអរសាទរចំពោះកីឡាករ/ការនី ដែលបានអញ្ជើញមកពីព្រះរាជាណាចក្រថៃ ដើម្បីចូលរួម(ក្នុងការប្រកួត)លោតកំពស់។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការផ្នែកកីឡា រវាងកម្ពុជា និងថៃ នឹងបន្តតាមរយៈគ្រូបច្ចេកទេស ឬគ្រូបង្ហាត់មកកាន់កីឡាកររបស់យើង។
មុននឹងមានអាងហែលទឹកនេះ យើងប្រើទន្លេមេគង្គ និងបឹងទន្សោង ជាកន្លែងហាត់
ឥឡូវនេះ អនុញ្ញាតឲ្យខ្ញុំបាននិយាយបញ្ហាទាក់ទងជាមួយនឹងការកសាងឡើង នូវមជ្ឈមណ្ឌលកីឡាហែលទឹក តេជោសែន នៅកំពង់ចាមនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលខ្ញុំនៅចំាបានថា មិនតិចជាង ១០ ដងទេ ដែលឯកឧត្តម ជួបជាមួយខ្ញុំ ពិគ្រោះយោបល់ សុំយោបល់ និងរាយការណ៍ទាក់ទិនជាមួយនឹងវឌ្ឍនភាព ស្តីអំពីការកសាងនូវមជ្ឈមណ្ឌលហែលទឹក តេជោសែន នៅទីរួមខេត្តកំពង់ចាមនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារសហព័ន្ធកីឡាមួយៗរបស់យើង ក្នុងនោះមានកីឡាហែលទឹករបស់កម្ពុជាផង ត្រូវបានរៀបចំជាបន្តបន្ទាប់។ អ្វីដែលគួរឲ្យស្ងើចសរសើរជាងទៀតនោះ នៅត្រង់ថា មុនពេលដែលយើងមាន(អាង)ខ្នាតអន្តរជាតិ សម្រាប់ការហែលទឹកនៅទីនេះ កីឡាករ/ការនីរបស់យើងមួយចំនួន បានប្រើប្រាស់ទឹកទន្លេមេគង្គ ប្រើប្រាស់បឹងទន្សោង ដើម្បីធ្វើការហ្វឹកហាត់សម្រាប់ការប្រកួត។ នេះជាការខិតខំមួយរបស់កីឡាករ/ការនីរបស់យើង។
បឹងទន្សោង គឺជាបឹងមួយដែលខ្ញុំធ្លាប់ហែលឆ្លងកាត់នៅក្នុងឆ្នំា ១៩៧៣ នៅពេលបាក់ទ័ព ពេលដែលទាហាន លន់ នល់ នៅទីក្រុងកំពង់ចាមនេះ បានវ៉ៃលុកទៅខាងនោះ។ (កាលនោះ)ទឹកឡើងព្រៀប ខ្ញុំបានហែលចាប់ពីប៉មទន្លេបិទដល់ទៅទួលកែវ។ អញ្ចឹងមិនមែនជាការហែលសម្រាប់ការហាត់ប្រាណ និងកីឡាទេ ក៏ប៉ុន្តែហែលទឹកពីការស្លាប់ (ដោយ)ការបាញ់សម្លាប់របស់ទាហានក្នុងសម័យសង្រ្គាម។ នោះហើយជា(អ្វីដែលបានកើតលើ)ទឹកដីរបស់យើង ដែលពោរពេញដោយសង្រ្គាម ខុសពីថ្ងៃនេះជាទឹកដីដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ។
ខួប ៤០ ឆ្នាំ អាពាហ៍ពិពាហ៍ ៥ មករា ២០១៦
បន្តិចទៀតនេះ បើសិនជានៅសល់ពេល ខ្ញុំនឹងឆ្លងទៅត្រើយខាងកើតទន្លេមេគង្គ ដើម្បីទៅមើលនូវទីកន្លែងអនុស្សាវរីយ៍នៃការចងចាំរបស់ខ្ញុំ ទាក់ទងនឹងការពិការភ្នែក គឺផ្នែកខាងទន្លេបិទ ខាងរការធំ និងខាងជីរោទ៍។ រឿងនោះ គឺជារឿងទាក់ទង ហើយវាបានផ្សារភ្ជាប់ខ្លួនខ្ញុំទៅនឹងភរិយាជាទីស្រលាញ់របស់ខ្ញុំផងដែរ។ ខ្ញុំ និងគាត់ តើអ្នកណាស្រលាញ់គ្នាមុន? តើខ្ញុំស្រលាញ់គាត់មុន ឬគាត់ស្រលាញ់ខ្ញុំមុន? នេះជារឿងមួយដែលត្រូវវែកញែកឲ្យច្បាស់នៅពេលខាងមុខ។ នៅសល់តែជាងមួយខែទៀតទេ ខួប ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍រវាងខ្ញុំ និងគ្រួសារខ្ញុំនឹងមកដល់ គឺនៅថ្ងៃ ៥ មករា ១៩៧៦ ដល់ថ្ងៃ ៥ មករា ២០១៦។ ខ្ញុំនឹងបង្ហោះតាមហ្វេសប៊ុក នូវអត្ថាធិប្បាយយ៉ាងវែង ទាក់ទងជាមួយនឹងអនុស្សាវរីយ៍រវាងខ្ញុំ និងភរិយារបស់ខ្ញុំ។ ប៉ុន្តែ ពេលនេះសូមទុកមួយអន្លើសិន។
កីឡាករទាំងអស់ ទាំងប៉ារ៉ាអូឡាំពិក មានកន្លែងហ្វឹកហាត់ និងប្រកួតត្រឹមត្រូវ
ខ្ញុំនិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងសមិទ្ធិផលនៅថ្ងៃនេះ ដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសហព័ន្ធកីឡាហែលទឹកកម្ពុជា ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានប្រឹងប្រែងប្រមូលគ្នា ហើយមកទាក់ទងជាមួយនឹងខេត្តដើម្បីកសាង។ អរគុណចំពោះការចូលរួមទាំងឡាយរបស់សប្បុរសជន មានរាយនាមនៅក្នុងបញ្ជីនេះ ដែលខ្ញុំមិនអាចអាននៅពេលនេះបាននោះទេ។ ការកសាងរបស់យើងអស់តម្លៃជាង ១ លានកន្លះដុល្លារ ដោយមិនទាន់បានទិញនូវសម្ភារៈមួយចំនួនសម្រាប់បម្រើឲ្យតម្រូវការនៃការប្រកួតកីឡារបស់យើងផងទេ។ ចាប់ពីពេលនេះតទៅ កីឡាករ/ការនីហែលទឹករបស់យើង រាប់ទាំងប៉ារ៉ាអូឡាំពិក គឺកីឡាជនពិការ ផ្នែកហែលទឹកក៏អាចប្រើប្រាស់ទីនេះ ជាទីប្រកួតថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិផងដែរ។ យើងមានទីកន្លែងសមរម្យ ហើយទីកន្លែងនេះក៏អាចផ្សាយផ្ទាល់ទៅកាន់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងទៅកាន់ពិភពលោកផងដែរ។
ប្រទេសមានសន្តិភាពពេញលេញ ប្រជាជនសប្បាយរីករាយបង្កបង្កើនផល
ខ្ញុំអាចនិយាយដោយមោទនភាពថា ប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ យើងអាចអភិវឌ្ឍបាននូវអ្វី ដែលយើងត្រូវអភិវឌ្ឍ។ ខ្ញុំគ្មានសិទ្ធិ នឹងហាមឃាត់អ្នកណាមួយមិនឲ្យសប្បាយ ហើយក៏គ្មានសិទ្ធិហាមឃាត់អ្នកណាមួយមិនឲ្យកើតទុក្ខនោះទេ។ ប៉ុន្តែ ប្រជាជននៅទូទាំងប្រទេស ឥឡូវនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារ ជាមួយនឹងអ្វីដែលពួកគាត់ត្រូវធ្វើ រាប់ទាំងការប្រមូលផលនៅរដូវប្រាំង និងការចាប់ផ្តើមនូវការបង្កបង្កើនផលសម្រាប់រដូវប្រាំងផងដែរ។
អាងហែលទឹកនេះ នឹងបង្កើតការងារ និងចំណូលដល់កំពង់ចាម
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអរគុណចំពោះការចូលរួមទាំងឡាយរបស់សប្បុរសជននានា ដែលបានផ្តល់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីកសាងនូវអាងហែលទឹកខ្នាតអន្តរជាតិនេះឡើង ហើយដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹក បានធ្វើរបាយការណ៍ហើយ មានកន្លែងធ្វើការ កន្លែងហ្វឹកហាត់កម្តៅសាច់ដុំសម្រាប់កីឡាករ/ការនីរបស់យើង។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអតីតអភិបាលខេត្ត ហ៊ុន ណេង អភិបាលខេត្តបច្ចុប្បន្ន លន់ លឹមថៃ ដែលបានផ្តល់កិច្ចសហការពេញលេញ សម្រាប់ការកសាងនូវសមិទ្ធិផលមួយនេះ។ សូមកុំភ្លេចថា សមិទ្ធិផលនេះ នាំឲ្យខេត្តកំពង់ចាមល្បីឈ្មោះ ហើយក៏នាំឲ្យអ្នកខេត្តកំពង់ចាមមានមុខរបរកាន់តែច្រើន នៅពេលដែលមានការប្រកួតថ្នាក់ជាតិ ឬអន្តរជាតិ។ អ្នករកស៊ីសេវាខាងផ្នែកសណ្ឋាគារ ឬក៏លក់ចំណីអាហារ គឺតែងតែទទួលនូវមុខរបរបានបន្ថែម រកប្រាក់ចំណូលបានបន្ថែមដោយសារសេវាកម្មមួយនេះ។ ខ្ញុំគិតថា ទាំងអស់គ្នាពិតជាមានមោទនភាពជាមួយនឹងអ្វីដែលយើងបានកសាង។
(ព្រឹត្តិការណ៍)ថ្ងៃនេះ បានបង្ហាញឲ្យប្រជាជនកម្ពុជា និងពិភពលោកឃើញច្បាស់ថា កម្ពុជាមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ហើយក៏គ្មានការគម្រាមគំហែងវាយប្រហារដោយភេរវកម្ម និងមិនមានការញាំញីដោយវិបត្តិនយោបាយណាមួយនោះទេ។ យើងកំពុងធ្វើដំណើរទៅមុខ ហើយធ្វើដំណើរកាន់តែលឿន កាន់តែវែងឆ្ងាយ និងកាន់តែមានប្រសិទ្ធិភាពជាងមុន។ សង្ឃឹមថាតាមរយៈនៃការកសាងឡើងនូវមជ្ឈមណ្ឌលនេះ កីឡាហែលទឹករបស់យើងកាន់តែបង្កើនល្បឿន។ អម្បាញ់មិញ ចៅស្រី និងកូនប្រុសរបស់លោកបង ហែម ថុន បានបំបែកឯកទគ្គកម្មនូវដំណាក់កាលមុនហើយ គឺហែលក្នុងរយៈថេរៈវេលាខ្លីជាងពេលមុន។
អំពាវដល់សហព័ន្ធ អាជ្ញាធរ កីឡាករ ជួយថែរក្សាអាងទឹកនេះឲ្យបានល្អ
… ខ្ញុំសូមយកឱកាសនេះ អំពាវនាវទៅដល់សហព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា ការកសាងវាលំបាកណាស់ទៅហើយ គឺត្រូវប្រឹងរកថវិកាដើម្បីកសាង ប៉ុន្តែការធានានិរន្តភាព ការថែទាំឲ្យបានល្អ វាកាន់តែមានសារសំខាន់ថែមទៀត។ សង្ឃឹមថា ទាំងកីឡាករ ទាំងកីឡាការនី ទាំងអ្នកដែលមានផលប្រយោជន៍ ហើយចូលរួមនៅក្នុងការជួយថែទាំនូវទីកន្លែងនេះឲ្យបានល្អ ព្រោះនេះជាសម្បត្តិជាតិ ហើយកីឡាករ/ការនី ជាធនធានមនុស្សរបស់យើងសម្រាប់ប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតអន្តរជាតិ។ យើងកំពុងឈានឆ្ពោះទៅរកឆ្នាំ ២០២៣ ដែលជាឆ្នាំកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលនេះនឹងក្លាយទៅជាទីកន្លែងមួយនៃការប្រកួត ហោចណាស់ប្រកួតជម្រុះស៊ីហ្គេមនៅទីនេះ ដើម្បីយកចំណាត់ថ្នាក់ទៅប្រកួតផ្តាច់ព្រ័ត្រនៅឯទីក្រុងភ្នំពេញ។ ប៉ុន្តែវាអាស្រ័យទៅលើគណៈកម្មការបច្ចេកទេស។
ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសដែលរៀបចំការប្រកួតដោយសុក្រឹត
ខ្ញុំមិនភ្លេចនឹងការថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសដែលរៀបចំការប្រកួតអម្បាញ់មិញនេះ។ ខ្ញុំសង្កេតឃើញថា អ្នកទាំងអស់ដែលជាចៅក្រម អ្នកត្រួតពិនិត្យ អ្នកធ្វើអត្ថាធិប្បាយ ពិតជាប្រព្រឹត្តឡើងតាមរយៈនៃការមានបច្ចេកទេសពិតប្រាកដ។ នោះហើយជាតម្រូវការរបស់កីឡា។ ប្រសិនបើមានតែអ្នករត់ប្រណាំង ហើយបើគ្មានអាប៊ីត ឬក៏គ្មានអាជ្ញាកណ្ដាលត្រឹមត្រូវទេនោះ វាប្រាកដណាស់នឹងបង្កើតនូវស្ថានភាពមិនច្បាស់លាស់សម្រាប់ការប្រកួត។ ខ្ញុំជឿជាក់ថា គ្មានអ្នកណាដាក់ទោសកំហុសជាមួយនឹងទឹកហែលបែបនេះទេ។ អម្បាញ់មិញនេះ ឲ្យតែអ្នកនៅទឹកខាងក្នុងនេះហែលយឺតទាំងអស់ ប៉ុន្តែមិនមែនបណ្ដាលមកពីខ្សែទឹកទេ ព្រោះខ្សែទឹកតែមួយ។ បើអុំទូកមានខ្សែទឹកក្នុង និងខ្សែទឹកខាងក្រៅ អាចចាញ់បង់គ្នានៅត្រង់ទីកន្លែងខ្លះមានទឹកលឿន និងទឹកយឺត។ អម្បាញ់មិញនេះ យើងឃើញថា មានអ្នក(នៅ)ជួរទីមួយហែលមកលឿនដែរ។ ខ្ញុំជឿជាក់ថា អ្នកដែលចាញ់មិនបន្ទោសអាប៊ីតនោះទេ។ នៅប្រទេសយើង អ្នកដែលចាញ់ចូលចិត្តបន្ទោសអាប៊ីត។ ឥឡូវសង្ឃឹមថា កីឡាហែលទឹក អ្នកដែលចាញ់មិនបន្ទោសអាប៊ីតនោះទេ ព្រោះថា យើងបានលោតទៅស្មើគ្នា ពេលគេផ្លុំកញ្ចែ យើងលោតយឺតជារឿងរបស់យើងតើ។ ព្រោះក្រិត្យក្រមនៃការប្រកួតវាដូច្នោះឯង។
ខ្ញុំសូមអរគុណទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្សាយបន្តផ្ទាល់ពីទីនេះទៅកាន់ស្ថានីយ៍ដទៃ ដែលខ្ញុំបើកមើលអម្បាញ់មិញឃើញថា បាយ័ន បាយ័នព័ត៌មាន និង ETV បានកំពុងផ្សាយបន្តផ្ទាល់ … ប្រព័ន្ធហ្វេសប៊ុក អាសយដ្ឋានរបស់ខ្ញុំ កំពុងផ្សាយបន្ដផ្ទាល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជាអ្នកប្រើប្រាស់ហ្វេសប៊ុកនោះផងដែរ។
២ ធ្នូ ជាកំណើតរណសិរ្សសង្គ្រោះជាតិកម្ពុជា / ២ ធ្នូ គឺជារបស់រួម និងរបស់មនុស្សដែលចង់រស់
ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលនៅទីនេះ ចំថ្ងៃទី ២ ខែ ធ្នូ ដែលជាខួបលើកទី ៣៧ នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ដើម្បីឈានឆ្ពោះមកវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ច្បាស់ណាស់ថា ថ្ងៃនេះ សម្ដេច ហេង សំរិន ថ្នាក់ដឹកនាំដទៃទៀតបានធ្វើមិទ្ទិញនៅឯរាជធានីភ្នំពេញ រំលឹកអំពីអនុស្សាវរីយ៍ នៃការចាប់ផ្ដើមបង្កើតអង្គការចាត់តាំងខាងនយោបាយ និងយោធា ដើម្បីឈានឆ្ពោះមកផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំសូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់ប្រជាជាតិថា ២ ធ្នូ គឺជារបស់រួមរបស់យើង ជារបស់មនុស្សដែលចង់រស់ ហើយមិនចង់ស្លាប់ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សត្រូវពិតប្រាកដរបស់ ២ ធ្នូ គឺអង្គការចាត់តាំងនយោបាយយោធានារបបប្រល័យពូជសាសន៍ ប៉ុល ពត តែប៉ុណ្ណោះ។ ដូច្នេះ ២ ធ្នូ មិនបានយកអ្នកណាធ្វើជាសត្រូវនោះទេ។ អ្នកដែលចង់រស់ អ្នកដែលមិនចង់ស្លាប់ អ្នកដែលមិនចង់និរាសព្រាត់ប្រាស់ គឺសុទ្ធតែបាននឹកឃើញនូវស្មារតី ២ ធ្នូ មិនថាអ្នកជំនាន់មុន អ្នកជំនាន់នេះ ឬអ្នកជំនាន់ក្រោយ នៅតែបន្ដនឹកឃើញ ព្រោះថាប្រសិនបើអ្នកជំនាន់មុនស្លាប់ ក៏គ្មានអ្នកជំនាន់ក្រោយអាចកើត តកូន តចៅបានដែរ។ ខ្ញុំបញ្ជាក់ឡើងវិញ ២ ធ្នូ គឺជារបស់មនុស្សគ្រប់ៗរូប ដែលចង់រស់ មិនចង់ស្លាប់ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះ គេត្រូវក្រោកឈរឡើង គេអបអរសាទរជាមួយនឹងសមិទ្ធិផល ជាមួយនឹងជោគជ័យ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សត្រូវពិតប្រាកដរបស់ ២ ធ្នូ គឺ អង្គការចាត់តាំងនយោបាយនៃយោធារបស់ ប៉ុល ពត ដូច្នេះ ២ ធ្នូ មិនបានយកអ្នកមួយធ្វើជាសត្រូវនោះទេ។
២ ធ្នូ ខួបនៃការចរចា សីហនុ-ហ៊ុន សែន នៅហ្វ៊ែអង់តាដឺណ័រ
… នៅមានព្រឹត្តិការណ៍មួយទៀតដែលមិនអាចបំភ្លេចបាន។ ២ ធ្នូ ក៏ជាខួបលើកទី ២៨ នៃការចរចា សីហនុ-ហ៊ុន សែន នៅហ្វែអង់តាដឺណ័រ ប្រទេសបារំាង ដែលនោះជាការចរចាស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា។ តាមរយៈការចរចា សីហនុ-ហ៊ុន សែន ហ្វែអង់តាដឺណ័រ នេះហើយ ដែលបានបើកផ្លូវឲ្យភាគីពាក់ព័ន្ធនៅក្នុងជម្លោះ ទាំងជាតិ និងអន្តរជាតិ ចូលរួមក្នុងដំណើរការសន្តិភាព រហូតសម្រេចបាននូវកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១។ ២ ធ្នូ នៅទីនេះ ជា ២ ធ្នូ នៃការស្វែងរកសន្តិភាព បញ្ចប់ជម្លោះ និងនាំមកនូវការបង្រួបបង្រួមជាតិនៅកម្ពុជា ដែលខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា ២ ធ្នូ នៃការចរចា សីហនុ-ហ៊ុន សែន គឺជា ២ ធ្នូ សម្រាប់សន្តិភាព សម្រាប់ការបង្រួបបង្រួមជាតិ និងសម្រាប់ការអភិវឌ្ឍ។
២ ធ្នូ ក៏ជាការប្រជុំដំបូង នៃរាជរដ្ឋាភិបាលនីតិកាលទី ២ នៃរដ្ឋសភា និងការដាក់ចេញយុទ្ធសាស្រ្តចតុកោណ
២ ធ្នូ មួយទៀត គឺ ២ ធ្នូ ១៩៩៨ ដែលជាការប្រជុំលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាល ២ នៃរដ្ឋសភា ដែលខ្ញុំបានដាក់ចេញយុទ្ធសាស្រ្តត្រីកោណ សំដៅដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាត្រូវបន្តរហូតមកដល់ពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា អ្វីទៅយុទ្ធសាស្រ្តត្រីកោណ? មុននឹងចូលដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ១ ដំណាក់ទី ២ និងបច្ចុប្បន្នដំណាក់កាលទី ៣។ យុទ្ធសាស្ត្រត្រីកោណ ដែលខ្ញុំបានដាក់ចេញនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៩៨ នៃការប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី ២ រួមមាន (មុំ)ទី ១ ការធ្វើសន្តិភាវូបនីយកម្ម នៅក្នុងក្របខណ្ឌទូទាំងប្រទេស មានន័យថាពង្រឹងសន្តិភាពបន្ទាប់ពីការផ្តាច់ខ្លួន និងការរលំរលាយអង្គការចាត់តាំងនយោបាយ នៃយោធារបស់ខ្មែរក្រហម។ ពេលនោះ ខៀវ សំផន, នួន ជា, តា ម៉ុក មិនទាន់បង្ហាញខ្លួននៅឡើយទេ ប៉ុន្តែតំបន់ប៉ៃលិន សំឡូត ម៉ាឡៃ រហូតឡើងដល់អន្លង់វែង ដែលជាទីតាំងចុងក្រោយនៃខ្មែរក្រហម ត្រូវបានបញ្ចប់រួចរាល់អស់ហើយ។ តំបន់ទាំងនោះ សុទ្ធតែបានចូលរួមនៅក្នុងការបោះឆ្នោត ខែ កក្កដា ឆ្នាំ ១៩៩៨ ប៉ុន្តែ ក៏នៅមានទាហានសេសសល់មួយចំនួននៃពួកខ្មែរក្រហម។ ដូច្នេះ ភាពចាំបាច់គឺយើងត្រូវធ្វើសន្តិភាវូបនីយកម្មនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ឯមុំទី ២ នៃយុទ្ធសាស្រ្តត្រីកោណ គឺសមាហរណកម្មឆាប់បំផុត របស់កម្ពុជាទៅក្នុងសហគមន៍អន្តរជាតិ តាមរយៈការកាន់កាប់អាសនៈឡើងវិញរបស់កម្ពុជានៅឯអង្គការសហប្រជាជាតិ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលថ្មីឡើងវិញ ព្រមទាំងស្ថាប័នរបស់កម្ពុជាទាំងអស់ នៅលើវេទិកាអង្គការសហប្រជាជាតិ នៅលើវេទិកាអន្តរជាតិ បូករួមនឹងការដែលត្រូវខិតខំ ដើម្បីចូលរួមនៅក្នុងសហគមន៍អាស៊ាន ការប្រជុំអាស៊ី-អឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។ នេះហើយជាមុំទី ២ នៃយុទ្ធសាស្រ្តត្រីកោណ ដែលនិយាយយ៉ាងខ្លីថា ការធ្វើសមាហរណកម្មឆាប់បំផុតចូលទៅក្នុងសហគមន៍អន្តរជាតិ។
មុំទី ៣ នៃយុទ្ធសាស្រ្តត្រីកោណ គឺផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះផ្នែកអន្តរជាតិ ត្រូវប្រមូលផ្តុំការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈកំណែទម្រង់ជាច្រើន ដែលបានដាក់ចេញ រាប់ទាំងកំណែទម្រង់ច្បាប់ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ប្រព័ន្ធតុលាការ និងកំណែទម្រង់ផ្សេងៗទៀត ចាប់ពីពេលនោះមក ដែលក្នុងនោះបានធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយដែលមានចំណូលទាប ឈានមកកាន់ដំណាក់កាល នៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ពីដំណាក់កាលដែលប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលតែជាង ២០០ ដុល្លារសហរដ្ឋអាមេរិក(ក្នុងមួយឆ្នាំ)នៅពេលនោះ មកកាន់ជាង ១៣០០ ដុល្លារសហរដ្ឋអាមេរិកនៅពេលនេះ។
បន្តពីយុទ្ធសាស្រ្តត្រីកោណ យើងក៏បានចូលមកដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ១, ទី ២ និងទី ៣។ អ្វីៗ វាបានកើតឡើងជាហូរហែ រាប់ទាំងស្ពានគីហ្សូណា និងស្ពានដទៃៗទៀត។ ខ្ញុំសូមថ្លែងតែត្រឹមប៉ុណ្ណេះ ហើយជាថ្មីម្តងទៀត អរគុណចំពោះការចូលរួមទាំងឡាយ មកចូលរួមក្នុងកម្មវិធីនេះ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅទីនេះ។ ហើយថ្ងៃនេះ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ថាបោះមួកមិនគ្រប់ ដោយសារចំនួនមនុស្សប៉ាន់ស្មានថា អញ្ជើញ ៤០០០ នាក់ ប៉ុន្តែបានមកលើស។ … អរគុណចំពោះការចូលរួមទាំងឡាយនៅថ្ងៃនេះ ហើយខ្ញុំក៏សូមយកឱកាសនៅថ្ងៃនេះ ដើម្បីបញ្ជាក់ថាពានរង្វាន់នានា ក៏ត្រូវបានរៀបចំរួចរាល់៕