ព្រឹកថ្ងៃ ០៩ វិច្ឆិកា តាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋកម្ពុជាពីខួបលើកទី ៦២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ ២០១៥) ខួបកំណើតកងទ័ព ដែល CNV សូមចុះផ្សាយទាំងស្រុងដូចតទៅ៖
ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦២ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ ~ ៩ វិច្ឆិកា ឆ្នាំ២០១៥) ជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅថ្ងៃនេះ។
ពិតណាស់ គឺប្រជារាស្រ្តខ្មែរទូទាំងប្រទេសចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និងលះបង់គ្រប់យ៉ាងក្នុងការទាមទារឯករាជ្យ ពីបារាំងជូនជាតិមាតុភូមិ។ ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្ថាបនា និងអភិវឌ្ឍកម្ពុជាឥតឈប់ឈរ ធ្វើអោយប្រទេសយើងរីកចម្រើនបានគ្រប់វិស័យ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្រ្តរស់នៅដោយសុខសាន្តបំផុតក្រោមការដឹកនាំរបស់ព្រះអង្គ។
ជាអកុសលនៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំអតីតព្រះប្រមុខរដ្ឋ ហើយបន្ទាប់មកបាននាំកម្ពុជាទាំងមូលអោយធ្លាក់ក្នុងរណ្តៅវាលពិឃាដតែម្តង។ នេះគឺជាមេរៀនគំរូស្រាប់ ដែលបានបន្សល់ទុកនូវសោកនាដកម្ម ជាលទ្ឋផលនៃការផ្លាស់ប្តូរទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច។ ពេលនេះ កម្ពុជាត្រូវតែចៀសឲ្យឆ្ងាយពីផ្លូវដ៏សែនគ្រោះថ្នាក់បំផុតនោះ។ ជាពិសេស គណបក្សប្រជាជន ដែលមាន ខ្ញុំព្រះករុណាខ្ញុំ ផ្ទាល់ជាប្រធាន និងជានាយករដ្ឋមន្រ្តី គឺប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពារសុខសន្តិភាពជូនកម្ពុជាឲ្យខានតែបាន។
ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងដែល ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកឲ្យកម្ពុជា គឺខ្ញុំព្រះករុណាខ្ញុំ ប្តេជ្ញាបន្តនូវមរតកជាតិដ៏ឧត្តុង្គឧត្តមនេះ ដើម្បីដឹកនាំអភិវឌ្ឍប្រទេសស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដើម្បីធ្វើឲ្យកម្ពុជាទាំងមូលរីកលូតលាស់ខ្លាំងឡើង។
ក្នុងខួបឯករាជ្យជាតិ និងក៏ជាថ្ងៃខួបកំណើតកងទ័ពគំរប់ ៦២ ឆ្នាំ(៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៥) ដ៏វិសេសវិសាលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ និងប្រគេនពរជូនព្រះសង្ឃគ្រប់ព្រះអង្គ នាយទាហាន នាយទាហានរង និងពលទាហានទាំងនៅក្នុងប្រទេស ទាំងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្រប ខ័ណ្ឌអង្គការសហប្រជាជាតិ(UN) នៅក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមជួប ប្រទះតែសេចក្តីសុខ និងទទួលនូវពុទ្ឋពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕