ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
… ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបានទទួលខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ក្នុងដំណាក់កាលសង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែ ពួក ប៉ុល ពត កើតបាន វាមិនចំណុះទៅលើពួក ប៉ុល ពត នោះទេ វាចំណុះដោយសារតែការទម្លាក់ ព្រះនរោត្តម សីហនុ ចេញពីមុខតំណែងដោយរដ្ឋប្រហារខុសច្បាប់ នៅឆ្នាំ ១៩៧០។ ស្អែកនេះ ហោចណាស់ ប្រហែលជាគេត្រូវដឹង(ថា)ហេតុអ្វី? ត្រូវតែឆ្លើយឲ្យចេញនូវសំណួរមួយថា ហេតុអីចាំបាច់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស? វាមានដើមចមរបស់វា បើគ្មានរដ្ឋប្រហារ ១៩៧០ ទេ វាក៏គ្មានរបប ប៉ុល ពត ដែរ ហើយបើកុំមានរបប ប៉ុល ពត វាក៏គ្មានពួកយើងទៅរំដោះ វាយរបប ប៉ុល ពត ដែរ ហើយវាក៏អត់មានសង្គ្រាមស៊ីវិល ដែលឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ដូច្នេះ ត្រូវរកឫសគល់ កុំលាក់កុំលៀម បើជាមនុស្សពិតប្រាកដ។ ហេតុអ្វីបានជាត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយ ហ៊ុន សែន ចាំបាច់ទៅចរចាជាមួយព្រះនរោត្តម សីហនុ ដើម្បីបើកផ្លូវឲ្យដំណើរការសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះជាចំណុចដែលត្រូវសួរ។ មានមនុស្សមួយចំនួន ចាប់យកមួយចំណុចមកនិយាយ ប៉ុន្តែអត់ហ៊ាននិយាយប្រវត្តិសាស្ត្រទេ។ អញ្ចឹងបើសិនជាអ្នកក្លាហានពិតប្រាកដ តើហ៊ាននិយាយការពិតថា រឿងចាប់ផ្តើមពីអ្វី បានជានាំមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស? បើសិន(កាលនោះ) ព្រះករុណាព្រះបិតាព្រះអង្គ នៅបន្តគ្រប់គ្រង វាអត់មានការចាំបាច់ដើម្បីធ្វើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអីទេ ហើយវាមិនចាំបាច់ជប៉ុននឹងតស្ពានពាក់កណ្តាលដែរ។ ឆ្នាំ ១៩៧២ ស្ពានជ្រោយចង្វារត្រូវបានកាត់ផ្តាច់ ហើយឆ្នាំ ១៩៩៥ បានចាប់ផ្តើមតភ្ជាប់ ឡើងវិញ។ វាមានហេតុផលរបស់វាអញ្ចឹង។ ថ្ងៃនេះអ្វីៗ បានកន្លងផុត។ តែ ដែលហៅថាប្រវត្តិសាស្ត្រ គឺវាមានឫសគល់របស់វា។ សូម្បីតែដើមឈើមួយដើម វាត្រូវមានគល់ វាត្រូវមានដើម វាត្រូវមានមែក វាត្រូវមានស្លឹក។ គេមិនអាចនិយាយតែស្លឹកឈើ ដោយភ្លេចឫស ភ្លេចគល់នោះទេ។ ប៉ុន្តែ មនុស្សមួយចំនួនចូលចិត្តណាស់ ភ្លេចឫស ភ្លេចគល់។ សូម្បីតែបញ្ហាភេរវកម្មដែលកើតមានបច្ចុប្បន្ន ប្រទេសមួយចំនួនខ្លាចបំផុត ខ្លាចគេបបួលពិភាក្សាពីមូលហេតុអី(ដែល)នាំឲ្យមានភេរវកម្ម? ប្រទេសខ្លះដើរតែវាយគេ រួចហើយដល់គេធ្វើវិញ … ពិបាក។
សិក្សាស្ពានឆ្លងទន្លេមេគង្គ ២ ទៀត
… ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់របស់ចិន … កំពុងសិក្សាគម្រោងស្ពាន ២ ទៀតរបស់យើង មិនមែនតែមួយទេ។ ស្ពានទី ១ សាងសង់នៅចំណុចភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ខណ្ឌឫស្សីកែវ ឆ្លងទៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណើនេះដាក់តាំងពីថ្ងៃ ១០ ខែមេសា ឆ្នាំ ២០១៤។ ឯស្ពានទី ២ គម្រោងនៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ឆ្លងទន្លេមេគង្គក្រោម ភ្ជាប់ទៅភូមិក្ដីតាកុយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីអភិវឌ្ឍបាន ការតភ្ជាប់ គឺសំខាន់ណាស់។ អ្នកដែលមានលទ្ធភាព ដើម្បីជួយយើងឲ្យបានការតភ្ជាប់បាន គឺមានមិត្តចិននេះឯង។ ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ ដែលបានសាងសង់ស្ពានជ្រោយចង្វារទី ២ នេះ បាននិងកំពុងសិក្សាបន្ដទៅលើគម្រោងស្ពានទាំង ២ នេះ ប៉ុន្តែគ្រាន់តែមានលេខលំដាប់អនុភាពរបស់វា។ ដូចជានៅខាងលើ ហៅថាមានគម្រោងដាក់ឆ្នាំណាអីឆ្នាំណា ព្រោះយើងមិនអាចមានលទ្ធភាពដើម្បីធ្វើទាំង ២ ក្នុងមួយពេលនោះទេ ហើយវាហួសពីទំហំថវិកាដែលយើងមាននោះដែរ។ ដូច្នេះ ក៏សូមឲ្យប្រជាពលរដ្ឋទាំងនៅត្រើយខាងណេះ និងត្រើយម្ខាងខាងណោះ កុំអស់សង្ឃឹម វាស្ថិតនៅក្នុងចក្ខុវិស័យនៃការអភិវឌ្ឍរបស់យើង។
តើ ការអនុវត្តនយោបាយឈ្នះ-ឈ្នះ ធ្វើអោយមានសមិទ្ធផលអ្វីខ្លះ
… សូមបញ្ជាក់ថា កាលក្នុងទសវត្សរ៍ ៨០ ជាពិសេសក្នុងឆ្នាំ ១៩៨៨ ខ្ញុំព្រះករុណាខ្ញុំនៅចាំបាន ខេត្តកណ្ដាលមានព្រំប្រទល់នៅត្រឹមហ្នឹង ត្រឹមគល់ស្ពានជ្រោយចង្វារហ្នឹង។ កន្លែងដែលយើងឈរនេះ គឺកន្លែងដែលជាដីរបស់ខេត្តកណ្ដាលទេ ដែលកាលហ្នឹង ឯកឧត្តម ថោង ខុន ធ្វើជាអភិបាលរាជធានីភ្នំពេញ។ កាលហ្នឹងហៅថា រដ្ឋធានីភ្នំពេញ។ ខ្ញុំព្រះករុណាខ្ញុំ ទៅឯព្រែកតាសេក ហើយកាលហ្នឹងបញ្ជូនយុវជន បញ្ជូនមន្រ្តីតាមក្រសួងនានា មកកាប់ព្រៃនៅខាងនេះ(ជ្រោយចង្វារ) កុំឲ្យខ្មែរក្រហម អ៊ី ឈាន យកគ្រាប់ H12 បាញ់ចូលមកក្នុង(ភ្នំពេញ)។ ប៉ុន្តែនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យ អ៊ី ឈាន មកនៅហ្នឹង(ជាមួយគ្នា)។ … ដែលនិយាយគ្នាយប់មិញ គួរតែត្រូវបញ្ចូល អ៊ី ឈាន ផង។ (ពិនិត្យមើល) បន្ទាប់ពី(អនុវត្ត)នយោបាយឈ្នះ-ឈ្នះ តើធ្វើបានសមិទ្ធផលអ្វីខ្លះ? ពិសេស ចំណុចស្នូលទាំង ៣ គឺ ទី ១ ការធានាសន្ដិសុខសម្រាប់បុគ្គលម្នាក់ៗ, ទី ២ ធានាអាជីព និងមុខរបរ និងទី ៣ ធានាកម្មសិទ្ធ។ (ពិនិត្យមើល) តើចំណុចទាំង ៣ នេះ រាជរដ្ឋាភិបាលបានធានា ឬអត់? ធ្វើបានអត់? ប្រៀបធៀបតំបន់ទាំងនោះ ដូចជាប៉ៃលិន មេឡៃ សំឡូត ស្អីៗ (ដែល)កាលពីជំនាន់យើងធ្វើសមាហរណកម្ម និងឥឡូវ តើវាប្លែកគ្នាប៉ុណ្ណា? ឥឡូវសុទ្ធតែផ្លូវចាក់កៅស៊ូ ហើយ GDP នៅតំបន់នោះ ខ្ពស់ជាង(តំបន់ភាគ)ខាងក្នុងប្រទេស។ ពេលដែលយើងសាងសង់វិមានអនុស្សាវរីយ៍ យើងក៏គួរតែរំលឹកដើម្បីធ្វើការប្រៀបធៀប ព្រោះនេះមិនមែនជាបញ្ហាលេងសើច ហើយសន្យាខ្យល់ទេ។ រឿងបញ្ហាទាក់ទិននឹងដំណើរការក្ដី ជារឿងមួយផ្សេង ប៉ុន្តែទាក់ទិនជាមួយនឹងបងប្អូននាយទាហាន ពលទាហាន និងកម្លាំងដទៃទៀត ទទួលមុខតំណែងធ្វើការនៅតំបន់នោះ និងទទួលបានអ្វីដូចគ្នា (ជារឿងមួយទៀត)។ សូម្បីតែសិស្សប្រឡងជាប់និទ្ទេស A នៅប៉ៃលិន មានមួយ ក្នុងពេលដែលខេត្តមួយចំនួន ដូចជាខេត្តធំខេត្តព្រៃវែង អត់មាន(អ្នកនិទ្ទេស A)ម្នាក់សោះ ប៉ុន្តែប៉ៃលិនមាន។ (លឺ)ថា (មកពី)វិទ្យាល័យ ហ៊ុន សែន អូរតាពុក …។
ច្បាប់ថវិកា ២០១៦ លើកលែងការយកពន្ធផ្លូវពីទោចក្រយាន ត្រីចក្រយាន និងជលយាន
… ដល់ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមបញ្ជាក់បន្តិចដែរ ពីម្សិលមិញមានការឆ្លងច្បាប់ថវិកា (ឆ្នាំ ២០១៦) … ដោយមើលឃើញថាមានការលំបាកទាមទារឲ្យមានការកែទម្រង់ និងការយោគយល់មួយចំនួនចំពោះប្រជាពលរដ្ឋរបស់យើង។ ចាប់ពីឆ្នាំក្រោយនេះទៅ ពន្ធផ្លូវសម្រាប់ ម៉ូតូ ម៉ូតូកង់បី សម្រាប់គ្រឿងយន្តកសិកម្មជាត្រាក់ទ័រ ជាគោយន្ត ជាទូក កាណូត គេហៅថាជលយាន អត់ត្រូវយកពន្ធទៀតទេលុបចោលហើយ។ គ្រាន់តែ ក្រុងភ្នំពេញម៉ូតូជាង ១ លាន គ្រឿង ទូទាំងប្រទេសមិនដឹងប៉ុន្មានទេ ក៏ប៉ុន្តែ នៅសល់ ៣ ខែ ទៀតបានចប់។ សូមអំពាវនាវ អ្នកមិនទាន់បានបង់ពន្ធ មេត្តាចូលទៅបង់ពន្ធ ព្រោះខ្ញុំព្រះករុណាខ្ញុំ អត់មានសិទ្ធិលុបចោលច្បាប់ហ្នឹងទេ។ មានតែវិធីមួយអំពាវនាវ ការពិតអ្នកខ្លះអត់បានបង់ពន្ធទេ ចាត់ទុកថាជាការបង់ពន្ធលើកចុងក្រោយ ដើម្បីរួមវិភាគទានជួសជុលផ្លូវថ្នល់ ពន្ធម៉ូតូមួយតែប៉ុន្មាន ៥០០០ រៀល ទេតើ ទៅបង់ទៅ ដើម្បីបានបង្កាន់ដៃមួយប្រាប់ថា នែ! កាលពីជំនាន់បង់ពន្ធ ខ្ញុំក៏បង់មួយសន្លឹកដែរ។ នេះជាការដែលប្រជាជនទទួលផល ដោយគាត់ធ្លាប់យកលុយហ្នឹងមកបង់ពន្ធ ឥឡូវមិនចាំបាច់បង់ពន្ធទៀតទេ។ មុននេះ អ្នកដែលមិនបានបង់ពន្ធ ត្រូវជិះគេចផ្លូវពីនគរបាលចរាចរណ៍ ឥឡូវនេះចាប់ពីឆ្នាំក្រោយទៅ មិនចាំបាច់គេចទេ។ ប៉ុន្តែ យកល្អអ្នកមិន ទាន់បានបង់ពន្ធ មកបង់ពន្ធទុកជាអនុស្សាវរីយ៍។
កាត់បន្ថយពន្ធប៉ាតង់ និងមិនយកពន្ធអាជីវករដែលលក់បន្តិចបន្តួច
… ក្រៅពីនោះ ប្រជាពលរដ្ឋដែលជាអាជីវករ ក៏បានទទួលការលុបចោលនូវរបបផ្តាច់ការ ដែលហៅថាពន្ធតាមរបបម៉ៅការ ដោយនឹងកាត់បន្ថយតម្លៃពន្ធប៉ាតង់តាមទំហំក្រុមហ៊ុនពាណិជ្ជកម្ម ដែលរឿងនេះបានសម្រួលយ៉ាងច្រើនសម្រាប់អាជីវកររបស់យើងដែលលក់តិចតួច (នឹង)មិនត្រូវបានជាប់ពន្ធ។ នេះជាការបន្ធូរបន្ថយសម្រាប់ប្រជាពលរដ្ឋក្រីក្ររបស់យើង។ របបម៉ៅការនេះ ជួនកាលម៉ៅការតាំងពីឆ្នាំ ១៩៩៥ ដល់ ២០០៥, ២០ ឆ្នាំក្រោយ គឺនៅដដែល មានន័យថាម៉េច ម៉ៅការកាលពីជាន់នោះបង់ពន្ធមួយឆ្នាំ ៥០ ម៉ឺនរៀល ២០ ឆ្នាំក្រោយនៅតែបង់ពន្ធ ៥០ ម៉ឺនរៀលដដែល។ នេះជាការបាត់បង់ចំណូលមួយ ប៉ុន្តែ រឿងដែលលំបាកជាងគេ មន្រ្តីពន្ធ ប៉ះពាល់ប្រជាពលរដ្ឋក្នុងការលក់ដូរតូចតាច។ (យើងលុប)ពន្ធម៉ៅការ ដើម្បីជួយដល់ប្រជាពលរដ្ឋយើង…។
ស្ពានអាកាសតិចណូប្រកាសឲ្យប្រើប្រាស់បណ្តោះអាសន្ន
… សូមប្រកាសជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញថា ថ្ងៃទី ២១ ខែវិច្ឆកា ខាងមុខនេះ នឹងដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសតិចណូជាបណ្តោះអាសន្ន ដើម្បីសម្រួលចរាចរណ៍ដល់បុណ្យអុំទូក ថ្ងៃទី ២៤ ២៥ និង ២៦។ ឥឡូវកំពុងតែតាមដានចរន្តទឹក បើទឹកនៅកំពស់ប៉ុណ្ណឹងអត់អីទេអុំបាន ប្រសិនបើទឹកធ្លាក់ចុះ ១ ម៉ែត្រ ឬ ១ ម៉ែត្រកន្លះទៀត ប្រហែលជាពិបាកអុំណាស់។ អញ្ចឹងយើងខិតខំពិនិត្យមើល ប៉ុន្តែយ៉ាងណាក៏ដោយត្រូវត្រៀមលក្ខណៈឲ្យហើយ ដើម្បីធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះលោកខែនៅទីក្រុងភ្នំពេញរបស់យើងនេះ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវទៅប្រជុំអាស៊ាន ប្រជុំអាស៊ានចប់ភ្លាមត្រូវហោះភ្លាមមកភ្នំពេញ ដើម្បីឲ្យបានមុននាយករដ្ឋមន្ត្រីរុស្ស៊ី។ បើគ្មានការផ្លាស់ប្តូរទេ នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងមកទស្សនកិច្ចនៅភ្នំពេញ នៅថ្ងៃទី ២៣ និង ថ្ងៃទី ២៤ ខែវិច្ឆិកា។ នាយករដ្ឋមន្ត្រីរុស្ស៊ី ធ្វើដំណើរមុនគេលើស្ពានអាកាសតិចណូ។ នេះជាដំណឹងដែលប្រជាពលរដ្ឋរបស់យើងទទួលបាននូវ(សមិទ្ធផល)បន្ថែមទៀតសម្រួលដល់ការកកស្ទះ ដែលធ្វើឲ្យបាត់បង់ពេលវេលា ខាតសាំង …។
ដំឡើងប្រាក់បៀវត្ស ឆ្នាំ ២០១៦
… ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនចំពោះលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការ បន្តិចដែរ (អំពី)ការឡើងបៀវត្សសម្រាប់ឆ្នំាក្រោយ ដែលមាន ២ ដំណាក់កាល។ ដំណាក់កាលទី១ គឺ(ធ្វើ)នៅខែមករា អាចថាឡើង ៥០% ក្នុងចំនួនដែលត្រូវឡើង ហើយដល់ទៅភាគសល់ ៥០% ទៀត នឹងត្រូវនៅមុនថ្ងៃចូលឆ្នំាខ្មែរ។ ឧទាហរណ៍៖ គ្រូបង្រៀនបច្ចុប្បន្ន បាន ៦៤ ម៉ឺន បូកជាមួយ ៨ ម៉ឺន ឬ ១២ ម៉ឺនទៅតាមតំបន់ ដល់ឆ្នំា ២០១៦ នឹងឡើងទៅដល់ ៨០ ម៉ឺន ប្រហាក់ប្រហែល ២០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គ្រូ(កម្រិត)មតេយ្យ និងបឋមសិក្សា។ ប៉ុន្តែ នៅខែ មករា ២០១៦ ឡើងត្រឹម ៧០ ម៉ឺនរៀលសិន។ ដល់ខែមេសា ឡើងម្តងទៀត ដើម្បីកុំឲ្យបន្ទុកសាច់ប្រាក់នឹងវាធ្ងន់ធ្ងរនៅក្នុងមួយពេល។ នេះសូមជម្រាបជូន ទំាងកងទ័ព ទំាងមន្ត្រីរាជការស៊ីវិល កម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ៕