“ដកចាស់ ចាស់ប្រតិកម្ម, ទុកចាស់ ថ្មីប្រតិកម្ម”
… សួរថា នៅពេលដែលគេឈ្នះឆ្នោត តើគេយកមនុស្សពីណាមកធ្វើការ? តើគេត្រៀមបណ្តេញចេញនូវអ្នកដែលអត់តម្លៃទាំងឡាយ កំពុងធ្វើការឬ ក្នុងពេលដែលសារនយោបាយរបស់គេថា «រក្សាទុកមន្រ្តីចាស់ មានតែតំឡើងប្រាក់ខែ»។ អ្នកដែលគាំទ្រ លក់គោ លក់ក្របី លក់តាំងពីឆ្កែ ដើម្បីជួយបក្ស បានការងារមកពីណាធ្វើ បើអាចាស់វានៅដដែលហ្នឹង? ចាប់ពីចៅហ្វាយខេត្តចុះ អគ្គបញ្ជាការកងទ័ពចុះ អគ្គប៉ូលីសចុះ អគ្គនាយកដ្ឋានចុះ ហៅថាក្របខណ្ឌមុខងារសាធារណៈ ត្រូវទុកទាំងអស់។ បើអ្នកទាំងហ្នឹងដដែល វាមិនអត់តម្លៃ វាមិនអត់គុណភាព? រឿងធំជាងហ្នឹង គឺការសន្យា ចៅហ្វាយស្រុក កន្លែងខ្លះមានទៅដល់ ១០ (នាក់)។ អធិការប៉ូលីស មេទាហាន មេប៉ូលីស (សន្យាឲ្យគេ)គ្រប់ទាំងអស់។ អញ្ចឹងទេ អ្នកគាំទ្រទាំងឡាយ(គួរគិត) បើអាចាស់វានៅ ធ្វើម៉េចចូលបាន? នេះគឺចុះទឹកក្រពើ ឡើងលើខ្លា។ លោកប្រធាន “ទុកអាចាស់ អាថ្មីចូលមិនបាន ឯងប្រឹងចង់ងាប់ ដល់ឈ្នះហើយ ទុកអាចាស់ដដែល”។ អញ្ចឹងហ៊ានប៉ះ ប៉ុល សារឿន នេត សាវឿនឬ? ចៅហ្វាយខេត្តនានា ទាញកម្លាំងដាក់ភឺស។ ដល់ទៅអត់បាន ដល់ក្រុមអ្នកគាំទ្រម្ដង «ទេ លោកឯងសន្យាឲ្យអញធ្វើចៅហ្វាយស្រុក (ម៉េច)មិនឲ្យ ទុកពួកហ្នឹងដដែល»។ លោកប្រធានដោះស្រាយទៅ។ សារនេះកុំដកថយ ទុកអញ្ចឹងទៅ “រក្សាចាស់ ថ្មីចូលមិនបាន, ដកចាស់ចេញ ចាស់ប្រតិកម្ម, ទុកចាស់ ថ្មីប្រតិកម្ម”។ ហើយទុកចាស់ហ្នឹង សុទ្ធតែពួកអត់តម្លៃតែម្ដង។ មិនមែនគ្រាន់តែធ្វើការនៅក្នុងរដ្ឋទេ ធ្វើការតាមបណ្ដាក្រុមហ៊ុននានាភាគច្រើន គឺសុទ្ធតែអ្នករៀននៅក្នុងស្រុកទេ តើប៉ុន្មាននាក់ទៅដែលរៀន នៅក្រៅស្រុកនោះ …។
ក្នុងភ្នែកខ្ញុំ សញ្ញាប័ត្រក្នុងស្រុកមានតម្លៃសម្រាប់កូនខ្មែរ
… បើទោះបីជាត្រូវគេបង្អាប់ថាជាសញ្ញាបត្រអត់តម្លៃក៏ដោយ ប៉ុន្តែ ក្នុងភ្នែករបស់ខ្ញុំព្រះករុណាខ្ញុំ សញ្ញាបត្រដែលយើងទទួល (ហើយដែល)ខ្ញុំព្រះករុណាខ្ញុំប្រគល់ដោយផ្ទាល់ដៃនៅថ្ងៃនេះ ហើយក៏ដូចជារយៈពេលកន្លងទៅ នៅតែជាសញ្ញាបត្រដែលមានតម្លៃសម្រាប់កូនខ្មែរ។ខ្ញុំព្រះករុណាខ្ញុំមិនយល់សោះនូវអ្នកនយោបាយដែលបញ្ជូនសារបណ្តុះបង្អាប់ មិនមែនគ្រាន់តែអ្នកដែលបានរៀនសូត្រនៅក្នុងប្រទេសទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែមាតាបិតាសិស្ស ដែលបានប្រឹងប្រែងរកប្រាក់ឲ្យកូន ប្រពន្ធ ឬប្តីរបស់និស្សិតរៀន។ ជានិច្ចជាកាល នៅពេលទទួលសញ្ញាបត្រម្តងៗ ពួកគេប្រឹងណាស់។ ខ្លះយកផ្កា(មកជូន) ថតរូបទុកជាអនុស្សាវរីយ៍ ចាត់ទុកថាជាកិត្តិយសរបស់ក្រុមគ្រួសារ ឪពុកម្តាយ សាច់ញាតិ អាណាព្យាបាល និងសាម៉ីខ្លួន ប៉ុន្តែ (បែរជា)ត្រូវបានគេបង្អាប់ថាជាសញ្ញាបត្រអត់តម្លៃ។ អញ្ចឹង មនុស្សមួយប្រទេស គឺអត់តម្លៃទាំងអស់ រាប់ទាំងអ្នកដែលបានបោះឆ្នោត និងកំពុងធ្វើការឲ្យបក្សប្រឆាំងផងដែរ។ ត្រង់កន្លែងនេះ សូមប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអ្នកដែលកំពុងនៅក្នុងជួរបក្សប្រឆាំង (ពិចារណាមើលចុះ) តើគួរនៅបម្រើគេតទៅទៀត ឬក៏ត្រូវបោះឆ្នោតឲ្យគេតទៅទៀតទេ ក្នុងពេលដែលគេមើលងាយថា(ខ្លួន)ជាអ្នកអត់តម្លៃ?
… ការប្រមាថមាក់ងាយមួយនេះ វាប៉ះពាល់ទាំងស្ថាប័នអប់រំជាតិ ដែលបានប្រឹងប្រែងតាំងពីទ្រឹស្តី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ» រហូតដល់កម្រិតនៃការដែលតម្រូវឲ្យគ្រូទៅបង្រៀន តាមរយៈ ១២+២ យ៉ាងតិច។ បើថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ ក៏មានកម្រិត បរិញ្ញា+១ ជាស្តង់ដារ សម្រាប់ការទៅបង្រៀននៅទីនោះ។ បើបង្រៀននៅឯថ្នាក់សាកលវិទ្យាល័យ ឬឧត្តមសិក្សា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតមកបង្រៀន។ តើប៉ុន្មាននាក់ទៅដែលជាបណ្ឌិតមកពីក្រៅប្រទេស? តើមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើការនៅក្នុងប្រទេស (ក្នុងនោះ)គ្រូបង្រៀនជាង ១១ ម៉ឺននាក់ តើប៉ុន្មានអ្នកទៅដែលបានរៀននៅក្រៅប្រទេស? (បើអីចឹង មិន)គឺសុទ្ធតែគ្រូ និងសាស្រ្តាចារ្យអត់មានតម្លៃទាំងអស់? នេះជាការប្រមាថធ្ងន់បំផុតទៅលើស្ថាប័នអប់រំ ទៅលើអតីតសិស្ស/និស្សិត ដែលបានរៀនក្រោយឆ្នាំ ១៩៧៩ និងអ្នកដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ “សុទ្ធតែពួកអត់តម្លៃ”។ … អញ្ចឹងទេ ពិចារណាឲ្យដិតដល់(នូវ) សារនយោបាយមួយនេះ …។
ការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ កម្មករ កម្មការនី
… អ្វីដែលយើងបានមើលឃើញនៅត្រង់ថា ការខិតខំរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បើកប្រាក់ខែ កញ្ញា នៅអាទិត្យទី ៤ (ហើយ)ប្រឹងប្រែងបើកប្រាក់ខែ តុលា នៅអាទិត្យទី ១។ អញ្ចឹងទេ លុយចេញមួយសារទៀត គឺថា ត្រឹមតែ ២ អាទិត្យ លុយចេញធំណាស់។ ប៉ុន្តែប្រាក់រៀល មិនបាត់បង់តម្លៃក្នុងពេលដែលប្រាក់រៀលចេញច្រើន នោះទេ។ (ក្នុងការ)ប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពិនិត្យ មើល ការបើកបៀវត្សនៅក្នុងខែ ១០ នេះ រួចហើយប្រាក់ខែ ១១ តើចាំដល់អាទិត្យទី ៤ ឬក៏ ជម្រុញមកអាទិត្យទី ២ ឬក៏ទី ៣ ព្រោះបើកទាំងខែកញ្ញា និងខែតុលាយកមកចាយភ្ជុំអស់ហើយ។ ដូចគ្នានឹងករណីកាលពីចូលឆ្នាំអញ្ចឹង បើកខែ ៣ ហើយ ដល់ខែ ៤ តម្លើងប្រាក់ខែ ហើយបើកឲ្យបានមុនចូលឆ្នាំទៀត។ ឆ្នាំក្រោយក៏ដូចគ្នាអញ្ចឹងដែរ តម្លើងប្រាក់ខែ គឺធ្វើនៅខែ ៤ មុនចូលឆ្នាំ សូមប្រកាសជូនមុនឲ្យហើយ ប្រាក់ខែនឹងឡើងក្នុងខែមេសា មុនចូលឆ្នាំខ្មែរ។ អញ្ចឹងលុយខែ ៣ ទើបនឹងបើក ត្រូវបើកខែ ៤ ហើយ តម្លើង(ប្រាក់ខែ)ទៀត (ដោយ)យើងធានាថា យើងមានសាច់ប្រាក់ ដើម្បីបើកផ្តល់ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងជាមួយនឹងការកើនឡើងនូវប្រាក់បៀវត្សអតិបរមារបស់កម្មករ/ការនីពី ១២៧ ដុល្លារ ទៅ ១៤០ ដុល្លារ ដោយមានទាំងអត្ថប្រយោជន៍ផ្សេងៗច្រើនជាង។ នៅមីយ៉ាន់ម៉ា ដូចជា ទើបឡើងដល់ ៦៧ ដុល្លារ នៅឡាវប្រហែលជា ៨០ ដុល្លារ នៅបង់ក្លាដេស តំបន់សេដ្ឋកិច្ចពិសេសផង តែ ៧៥ ដុល្លារទេ នៅឥណ្ឌា នៅនេប៉ាល់ គឺទាប។ នៅតែប៉ុន្មានខែទៀតកម្ពុជានឹងឈានចូលដល់ ១៤០ ដុល្លារ។ អញ្ចឹងទេ អាចរោងចក្រមួយចំនួនចាកចេញពីកម្ពុជា តម្រង់ឆ្ពោះទៅកន្លែងដែលមានតម្លៃពលកម្មថោកជាង។ តែយើងប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីរក្សារោងចក្រទុកនៅក្នុង ប្រទេសរបស់យើង។
កត្តាបី នាំអោយប្រជាពលរដ្ឋរីករាយបុណ្យភ្ជុំបិណ្ឌ
… ភ្ជុំឆ្នាំនេះ ក៏មានការស្ងាត់ទីក្រុងដែរ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានមកដល់ប្រទេសវិញមុនពេលភ្ជុំ ក៏បាន បញ្ជូនពត៌មានទៅឲ្យខ្ញុំព្រះករុណាខ្ញុំថា ទីក្រុងភ្នំពេញស្ងាត់។ ការពិតត្រូវតែស្ងាត់។ មានកត្តា ៣ យ៉ាងធ្វើឲ្យភ្នំពេញស្ងាត់។ កត្តាទី ១ សុខសន្តិភាព ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែង ដោយមិនព្រួយបារម្ភ ដូច សម័យមានសង្គ្រាមដែលហ៊ុមព័ទ្ធទៅដោយគ្រាប់មីន និងកម្លាំងប្រដាប់អាវុធត្រួតត្រាទឹកដី ៤ ផ្នែក តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលភ្នំពេញ ដោយខ្មែរក្រហម ដោយក្រុមខេភី(រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ) និងតំបន់គ្រប់គ្រងដោយហ៊្វុនស៊ីនប៉ិច…។ អញ្ចឹងទេ ប្រជាពលរដ្ឋចង់ទៅលេងកន្លែងណា ស្រេចតែចិត្ត អត់មានត្រូវការសុំច្បាប់អ្នកណាផង ស៊ីសងខ្លួនឯងទៅបានឬអត់។ កត្តាសន្តិភាពនេះ សំខាន់ណាស់ ត្រូវការពារវាឲ្យបាន។ បន្តិចទៀតដល់ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស ប្រហែលជាថ្ងៃនេះ ឬថ្ងៃស្អែក ខ្ញុំព្រះករុណាខ្ញុំ នឹងបង្ហោះតាមហ្វេសប៊ុក … ខ្ញុំរកវិធីពន្យល់មនុស្សតាមរយៈហ្វេសប៊ុកដែរ។ ខ្ញុំព្រះករុណាខ្ញុំ នឹងឆ្លៀតពន្យល់លើចំណុចខ្លះ ដើម្បីឲ្យដឹងពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ (ទោះ)មិនអាចពន្យល់បានទាំងអស់ ប៉ុន្តែយើងក៏មិនត្រូវភ្លេច អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន (នោះ)គឺនៅត្រង់ថា ពេល(ដែល)អ៊ុនតាក់ដកចេញ (អ៊ុនតាក់បាន)ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ ដែលម្ខាងមានរាជរដ្ឋាភិបាលភ្នំពេញ និងម្ខាងទៀតគឺខ្មែរក្រហមនៅជាយដែន (ដែល)វ៉ៃគ្នារហូត ដល់ឆ្នាំ ១៩៩៨ ទើបបញ្ចប់។ យើងប្រើនយោបាយឈ្នះ-ឈ្នះ ក្នុងដំណាក់កាលឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ទើបសមាហរណកម្មអស់នូវកម្លាំងខ្មែរក្រហម មាន ខៀវ សំផន, នួន ជា និងមេដឹកនាំដទៃទៀត ដែលបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ។ ប្រទេសជាតិមានសន្តិភាព ផ្ដល់ការអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរគ្រប់ទីកន្លែង នេះជាកត្តាទី ១។
… ដេកអញ្ចឹង ចុច(ទូរស័ព្ទ)បញ្ចេញរូបថតមួយបង្ហោះទៅ(ក្នុងហ្វេកប៊ុក) … ឃើញរូបថតខ្ញុំ និងប្រពន្ធខ្ញុំ កាលនោះគឺខ្ញុំអាយុ ១៩ ឆ្នាំ ឯប្រពន្ធខ្ញុំអាយុ ១៧ ឆ្នាំ។ អញ្ចឹងទេក៏ចុច(ទូរស័ព្ទ)សរសេរថា តើក្មេងពីរនាក់នេះ មានមហិច្ឆិតាចង់ធ្វើជានាយករដ្ឋមន្រ្តីដែរឬទេ? កាលនោះជាដំណាក់កាលមានសង្រ្គាមផង។ ទីចុងបំផុត មនុស្សនេះ បានក្លាយជានាយករដ្ឋមន្រ្តីជាង ៣០ ឆ្នាំ។ ពេលហ្នឹង(តើខ្ញុំមាន)ដែលគិតថាខ្លួនធ្វើជានាយករដ្ឋមន្រ្តីអី។ មិនស្គាល់អាតំណែងនាយករដ្ឋមន្រ្តីគេម៉េចផង? ប៉ុន្តែ សភាពការណ៍នយោបាយវាចេះតែរុញយើង រុញមកដល់គន្លាក់មួយ(ដែល)ថយក្រោយមិនរួច មានតែទៅមុខ។ ទូរទស្សន៍អូស្រ្តាលីប្រឹងសួរ ម៉ាណែត (តើឯកឧត្តម ហ៊ុន ម៉ាណែត)ចង់ស្នងឪពុក ឬអត់? (កម្ពុជា ជា)ប្រទេសប្រជាធិបតេយ្យ មានអ្នកណាទៅស្នង? ប្រទេសប្រជាធិបតេយ្យវាត្រូវស៊ីសងលើការបោះឆ្នោត មិនចំណុះលើការផ្ទេរ ឬដូចជាការតែងតាំងព្រះរាជទាយាទឲ្យស្នងរាជ្យជំនួស ដូចប្រទេសរាជានិយមទេ។ សូម្បីតែព្រះមហាក្សត្រនៅប្រទេសយើង ក៏ត្រូវជ្រើសតាំងដែរ។ ព្រះមហាក្សត្រគ្មានព្រះសិទ្ធតែងតាំងព្រះរាជទាយាទឲ្យគ្រងរាជ្យជំនួសទេ។ អញ្ចឹងអ្នកដែលរើសព្រះមហាក្សត្រ គឺក្រុមប្រឹក្សារាជសម្បត្តិទេ ត្រូវយល់ន័យអំពីកន្លែងហ្នឹង។ ខ្លះបំផុស(ថា) ហ៊ុន ម៉ាណែត ខ្លះ(ថា) ហ៊ុន ម៉ានិត ខ្លះ(ថា) ហ៊ុន ម៉ានី ត្រូវធ្វើជានាយករដ្ឋមន្រ្តី។ (បើវា)អញ្ចឹង ចាំបាច់ទៅអនុវត្តន៍ដំណើរការការបោះឆ្នោតធ្វើអី? កូនចេះឆ្លើយខ្លួនឯងហើយរឿងហ្នឹង គ្រាន់តែយើងពន្យល់បន្ថែម កុំឲ្យបន្តភាគ។
កត្តាទី ២ គឺហេដ្ឋារចនាសម្ព័ន្ធដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរទៅគ្រប់ទីកន្លែង។ ប្រទេស យើងមានទន្លេ មានព្រែកច្រើន។ អញ្ចឹងបានយើងនិយាយថា មានទន្លេ មានព្រែកច្រើនក៏ស្រួល ប៉ុន្តែវាក៏លំបាក។ ម៉េចថាស្រួល? ដោយសារតែកន្លែងណាក៏មានទឹក (តែដែល)លំបាកនៅត្រង់ថា (ត្រូវការ)ការតភ្ជាប់ (ពោលគឺ)ត្រូវការធ្វើស្ពាន។ ស្ពានត្រូវធ្វើច្រើនណាស់។ គ្រាន់តែព្រែកត្នោតមួយ យើងត្រូវធ្វើស្ពានច្រើនជាងហ្នឹងទៀត។ មុននេះ មានឡាន មានម៉ូតូក៏ពិបាកទៅ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពិបាក ប៉ុន្តែឥឡូវផ្លូវថ្នល់ ផ្លូវជាតិ ស្ពាន បានតភ្ជាប់ជុំវិញប្រទេស។ ទោះបីកន្លែងខ្លះមិនទាន់បានធ្វើហើយទាំងស្រុង ហើយផ្លូវខ្លះវាខូចខាត ប៉ុន្តែវាមានផ្លូវដែលអាចធ្វើដំណើរបាន ដែលឲ្យប្រជាពលរដ្ឋបានទៅកាន់កន្លែងដែលខ្លួនចង់ទៅ ដូចជាស្រុកកំណើត ឬទៅធ្វើបុណ្យនៅវត្តណាដែលខ្លួនចង់ទៅ នឹងមួយចំនួនទៀតទៅកាន់រមណីយដ្ឋានទេសចរណ៍ទៅវិញទេ។ កត្តាហេដ្ឋារចនាសម្ព័ន្ធ មិនគ្រាន់តែ(បម្រើសកម្មភាព)សេដ្ឋកិច្ចសង្គមប្រចាំថ្ងៃទេ ប៉ុន្តែបុណ្យទានម្ដងៗ ក៏បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋរបស់យើងបានធ្វើដំណើរដែរ។ កាលពីមុននេះ កកស្ទះនៅម្ដុំស្ពានអ្នកលឿង។ ពេលចូលឆ្នាំ ពេលភ្ជុំហ្នឹង គឺថាកកស្ទះចរាចរណ៍។ ប៉ុន្តែឥឡូវគឺអត់ទេ គាត់ទៅវឹង មកវឹង (ដោយបានស្ពានត្សឹបាសា ដែល)ជប៉ុនជួយ។ ក្នុងដំណាក់កាលសម្ដេចតេជោ ហ៊ុន សែន បានស្ពានច្រើនដែរ … ជប៉ុន(បានធ្វើ)ស្ពានបី គឺស្ពានគីហ្សូណា ត្សឹបាសា និង
ជ្រោយចង្វា។ ចិន(បានធ្វើស្ពាន)ច្រើនណាស់ រាប់ពីខាងលើមកមានស្ពានសេកុង មេគង្គ ខេត្តស្ទឹងត្រែង, ព្រែកតាមាក់ ខេត្តកណ្ដាល, តាមទន្លេសេសាន ព្រែកក្ដាម និងជ្រោយចង្វាទី ២ ដែលសម្ពោធនៅថ្ងៃទី ២២ ខែតុលានេះ។ ទន្លេបាសាក់ (មានស្ពាន) តាខ្មៅ ទី ៦ នឹងកំពុងសាងសង់នៅឯកោះធំ ទី ៧។ នៅផ្នែកខាងលើ សល់(ស្ពាន)ពីរទៀត ដែលកំពុងសិក្សាហើយដាក់ សំណើសុំ (ដែល)មួយនៅខេត្តក្រចេះ និងមួយទៀតនៅម្ដុំស្រុកក្រូចឆ្មា និងស្ទឹងត្រង់ …។
ឯកត្តាទី ៣ ប្រជាជនមានប្រាក់ចំណូលដែលអាចធ្វើដំណើរទៅបាន។ មានឡានអត់លុយចាក់សាំង ក៏ទៅមិនកើត។ ត្រូវធ្វើដំណើរតាមរថយន្តឈ្នួល បើអត់មានលុយក៏ធ្វើដំណើរមិនបានដែរ។ ប៉ុន្តែប្រជាជនមានប្រាក់ចំណូលដែលអាចធ្វើដំណើរបាន។ វាទាស់ត្រង់ថា ឲ្យតែរាល់ពេលចូលឆ្នាំ និងភ្ជុំ និយាយមិនស្តាប់់តែម្តងរឿងពួកឡានឈ្នួលហ្នឹង។ ប្រជាពលរដ្ឋខ្លះប្រហែលជា គាត់ដឹងអាសយដ្ឋាន facebook របស់ខ្ញុំ គាត់បង្ហោះមកប្រាប់ខ្ញុំតែម្តងថា ឡាននេះគេដោះកៅអីអស់ហើយ ហើយគេឡើងថ្លៃទៀត។ គាត់ថតក្នុងឡានហ្នឹង ជូនដំណឹងតាម facebook។ ខ្ញុំលាន់មាត់ ខ្ញុំថាយី! ដូចសណ្ឋាគារនៅញូវយ៉កអញ្ចឹង សណ្ឋាគារនៅញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិម្តងៗ ឡើងថ្លៃដល់រាប់រយភាគរយ។ បើថាទៅញូវយ៉ក ថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំក្រោយ (ត្រូវ)កក់ពីឥឡូវ នោះបានថោកបន្តិច។ … ក្រុមហ៊ុនសាំងនានាក៏បានបញ្ចុះ។ ហើយអាណិត បើបានតែចុះ ហើយកុំឡើងវិញ។ តិចចុះ ១០០ រៀល ហើយឡើងវិញ ៣០០ រៀល … ផ្តាំផ្ញើរទៅអ្នកលក់សាំងទាំងឡាយ បើមិនបានចុះបន្តទេអាណិតសុំកុំឡើង។ ពេលប្រេងចុះថ្លៃគាត់ថា គាត់មិនទាន់ចុះបានទេ ដោយសារគាត់ទិញយកមកមុនវាថ្លៃ។ អញ្ចឹងគាត់ស្តុក។ គាត់រក្សាតម្លៃនេះមួយរយៈ។ ដល់ទិញអាថ្មីមកទើបគាត់ចុះ។ ប៉ុន្តែ រឿងដែលគួរឲ្យចង់សើចវានៅកន្លែងនេះ ឮសូរតែប្រេងឡើងថ្លៃនៅទីក្រុងឡុង និងញូវយ៉ក គាត់ឡើងប្រេង នៅភ្នំពេញភ្លាម ក្នុងពេលដែលគាត់មិនទាន់បាននាំចូលមួយដំណក់។(ចំណុច)ហ្នឹងដែលយល់គ្នាអត់បាន។ ខ្ញុំនឹងជួប ជាមួយនឹងពួកអ្នកលក់សាំងដោយផ្ទាល់តែម្តង។ (ខ្ញុំ)កំពុងឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើមេគុណឲ្យខ្ញុំ ដើម្បីកំណត់និយាយជាមួយគ្នារឿងបញ្ហាឡើងចុះនេះ កុំឲ្យតាមតែអំពើចិត្តរបស់ខ្លួន។ ខ្ញុំនឹងត្រូវធ្វើការផ្ទាល់។ ហៅមេធំៗទៅជួប។ ប៉ុន្តែក្រុមហ៊ុនស្រុកខ្មែររកស៊ីស្រួលនិយាយគ្នា ជាងក្រុមហ៊ុនមកពីក្រៅប្រទេស គឺគេត្រូវសួរទៅថៅកែគេនៅក្រៅប្រទេស។ (ហេតុនេះហើយបានជា)ខ្ញុំចង់ឲ្យកម្ពុជាខ្លួនឯង ពង្រីកសមត្ថភាពអ្នករកស៊ីឲ្យកាន់តែធំ។ ប៉ុន្តែ អ្នករកស៊ីនោះ ត្រូវគេគម្រាមបង្កើតតុលាការកាត់ទោសក្រោយគេឈ្នះទៅទៀត។
បក្សប្រឆាំងគម្រាមបង្កើតតុលាការកាត់ទោសពេលឈ្នះឆ្នោត
… អ្នករកស៊ីត្រូវគេគម្រាមបង្កើតតុលាការកាត់ទោសក្រោយគេឈ្នះឆ្នោតទៅទៀត។ សង្គ្រាមផ្ទៃក្នុងផ្ទុះដាច់ ខាតត្រូវតែផ្ទុះ។ ព្រោះអី? ប៉ុល ពត ១៩៧៤-៧៥ ថានឹងកាត់ទោស លន់ នល់, សេរី មតៈ, ចេង ហេង, អ៊ិន តាំ, សូស្តែន (ហ្វែរណង់ដេស), ឡុង បូរ៉េត, ហង្ស ធនហាក់ ប្រាំពីរនាក់ ដល់រួចទៅ ប៉ុល ពត កាត់ទោសមួយប្រទេស។ ឥឡូវសារនយោបាយចេញមក (គឺ)បើគេឈ្នះនឹងបង្កើតតុលាការកាត់ទោសអ្នករកស៊ីខុសច្បាប់។ អញ្ចឹងសំនួរនៅន្លែងនេះ នៅកន្លែងណា? តើប្រព័ន្ធតុលាការបច្ចុប្បន្ននឹងត្រូវបោះបង់ចោល ច្បាប់បច្ចុប្បន្នហ្នឹង ត្រូវបោះបង់ចោល(ឬទេ)? ច្បាស់ណាស់ (គឺ)វានឹងត្រូវបោះចោល។ អ្វីៗនឹងត្រូវបោះបង់ចោល។ បង្កើតឡើងនូវតុលាការ និងច្បាប់ថ្មីមួយ ដើម្បីកាត់ទោស។ ចំនុចទីពីរ សួរថាដើមចោទជាអ្នកណា? ចុងចោទងាយ យល់ទេ អ្នកណាអ្នកមានគឺជាចុងចោទហើយ ប៉ុន្តែដើមចោទគេនឹងដើរចង្អុលដូចសម័យ ប៉ុល ពត ដើរចង្អុល។ អ្នកនេះម្ចាស់ដី ១០ ហិកតា … ដាក់គ្រឹប អ្នកនេះគ្រូបង្រៀនអ្នកនេះសាស្ត្រាចារ្យ។ អញ្ចឹងទេ សង្គ្រាមកើត ហើយកុំថា ខ្ញុំគម្រាម។ … ម៉េចចាំបាច់តែឈ្នះ ចុះប្ដឹងពីឥឡូវហ្នឹងទៅថាអ្នកណាខ្លះរកស៊ីខុសច្បាប់? ប្ដឹងពីឥឡូវហ្នឹងទៅ ប្ដឹងឡើងទៅតុលាការទៅ ម៉េចក៏មិនប្ដឹង។ (ម៉េច)ចាំពេលខ្លួនឈ្នះ? អញ្ចឹងទេ ជំនាន់ ប៉ុល ពត មកដល់ទៀត ជឿខ្ញុំទៅ។ ហ្នឹងកើតសង្គ្រាមសារជាថ្មី។ និយាយអញ្ចឹង ដូចជាបន្លាចប្រជាជន។ អត់ទេវាកើតមែន … ។
ភ្លៀងមិនចំបាសាំងមេគង្គ ជំនន់រដូវទាប ត្រូវរក្សាទឹកទុក
… ឆ្នាំនេះ តាំងពីទន្លេឡាងឆាង ធ្លាក់មកមេគង្គ កាត់ប្រទេសមីយ៉ាន់ម៉ាមួយផ្នែក (កាត់ប្រទេស)ឡាវរាប់ពាន់គីឡូ ចូលមកដល់កម្ពុជា និងវៀតណាម ទឹកទន្លេមេគង្គទាបណាស់ ព្រោះភ្លៀងអត់(ធ្លាក់)ចំបាសាំងមេគង្គទេ។ នៅប្រទេសយើង នៅប្រទេសឡាវ ទាំងប្រទេសនៅខាងលើ រយៈពេល ៥០ ឆ្នាំ ហើយ ដែលទឹកទន្លេមេគង្គ(មាន)កម្រិតទាបបែបនេះ។ ម្យ៉ាងទៀត ឆ្នាំនេះ ភ្លៀងរអាក់រអួល។ រយៈពេលចុងក្រោយនេះ ភ្លៀងច្រើន ហើយផលប៉ះពាល់ទៅលើដំណាំ ជាពិសេសស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន។ ឥឡូវភ្លៀងនៅបន្ត។ តែអ្វីដែលសំខាន់ នៅត្រង់ថា ទឹកទន្លេមេគង្គនោះមានកំពស់ទាប។ ដោយសារ(កំពស់)ទាបបែបនេះ ទឹកមិនបានចូលក្នុងអាង ដែលនៅតាមមាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់នោះទេ។ (ការនេះ) វាលំបាកសម្រាប់ប្រជាជនធ្វើស្រូវប្រាំង។ អ្នកចំការដែលនៅតាមដងទន្លេ គឺជួបការលំបាក។ ដែលខ្លាចបំផុត (សម្រាប់)អ្នកទន្លេ គឺទឹកមិនលិច មិនមែនលិចភ្លាមទឹកត្រឹមជង្គង់ នាំគ្នាទៅចែកជំនួយនោះទេ។ ដីល្បាប់ក៏អត់ ស្មៅក៏មិនងាប់ ដីក៏រឹង សត្វល្អិតក៏មិនងាប់ អត់ទឹកសម្រាប់ធ្វើស្រែប្រដេញទឹក និងធ្វើស្រែប្រាំង។ ខ្ញុំព្រះករុណាខ្ញុំ គឺ មួយផ្នែកអំពាវនាវចំពោះប្រជាពលរដ្ឋ ខិតខំរក្សាទុក ទឹកក្នុងស្រែ។ កុំឃើញភ្លៀងច្រើននាំគ្នាបើកចោល។ ពង្រឹងភ្លឺស្រែរបស់ខ្លួន ឬក៏អាងទំនប់ដែលខ្លួនមាន។ មិនមានអ្នកណាទៅធ្វើជួសបានទេ គឺមានតែប្រជាជនខ្លួនហ្នឹងតែម្តង។ បើមិនដូច្នេះ យើងនឹងប្រឈមជាមួយនឹងការខ្វះទឹក។ ឯទី ២ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឲ្យធ្វើការជាមួយរដ្ឋមន្ត្រី ក្រសួងធនធានទឹក ហើយក៏ត្រូវធ្វើការឲ្យបានដិតដល់ជាមួយនឹងបណ្តាខេត្តនានា។ ខេត្តត្រូវចុះឲ្យជាប់ទៅតំបន់ដែលមានអាងស្តុកទឹក ពិនិត្យមើលលទ្ធភាពបូមបញ្ចូលក្នុងអាងស្តុកទឹក។ (ការធ្វើ)របៀបហ្នឹងគឺចំណេញជាង ព្រោះឥឡូវប្រភពទឹកសម្រាប់បូមដាក់អាងនៅកៀក។ ពីដើមយើងពឹងពាក់លើភ្លៀងផង លើទឹកទន្លេផង ដើម្បីទំនប់លិចទឹក។ ឥឡូវទំនប់លិចទឹកហ្នឹង អត់លិចទេ។ ឥឡូវទាន់មានប្រភពទឹកនៅជិត បូម(ដាក់)ចូលអាង ដើម្បីរក្សាទឹកធ្វើស្រែប្រាំង ធ្វើស្រែប្រដេញទឹក។ ប្រើប្រាស់ថវិកាជាតិមួយចំនួនទិញប្រេង សម្រាប់ម៉ាស៊ីន បូមទឹករាប់រយគ្រឿង គឺត្រូវចុះធ្វើអន្តរាគមន៍បូមដាក់បំពេញតាមអាង។ ធម្មតា ប្រជាពលរដ្ឋរបស់យើង តែក្រោយពេលភ្ជុំ គាត់ចាប់ស្ទូងស្រូវប្រាំង។ ប៉ុន្តែ ដើម្បីធ្វើបាន វាមិនចំណុះលើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹកទាំងស្រុងទេ វាទាមទារឲ្យមូលដ្ឋាន មានមេឃុំ មានចៅហ្វាយស្រុក មានចៅហ្វាយខេត្ត ដាក់ចេញនូវសំណូមពរឡើង។ … សាលាក្រុងភ្នំពេញត្រូវត្រៀមរៀបចំ ទោះបីថាទឹកតូចក៏ដោយ តែអុំទូកនៅតែអុំ។ ខ្ញុំមកពីប្រទេសចិនពីម្សិលម្ង៉ៃ ហោះ(កាត់)តាមស្ទឹងត្រែង តាមទន្លេមេគង្គ មើលទៅក្រោមទឹកគ្មានល្អក់ទៀតទេ ទឹកថ្លាហើយ។ ត្រីក្លាំងហាយចេញហើយ អត់មានទឹកមកទៀតទេ …៕