ឯកឧត្តម ស៊ី ជីនពីង, ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «វេទិកាសកលស្តីពីការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រឆ្នាំ ២០១៥»។
ជាបឋម ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវការរៀបចំដ៏ល្អឥតខ្ចោះ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងគណៈប្រតិភូកម្ពុជា។ ប្រធានបទនៃវេទិកាលើកនេះ ផ្តោតលើ «ការអភិវឌ្ឍរួមតាមរយៈកិច្ចប្រឹងប្រែងរួម ក្នុងការលុបបំបាត់ភាពក្រីក្រ» ពិតជាមានសារៈសំខាន់ចាំបាច់ និងចំពេលបំផុត ពីព្រោះវេទិកានេះប្រព្រឹត្តទៅស្របពេលដែលប្រទេស និងប្រជាជាតិទាំងអស់ក្នុងពិភពលោក ទើបតែបានអនុម័តនូវរបៀបវារៈអភិវឌ្ឍន៍សកល ដែលបន្តផ្តោតជាសំខាន់លើការកាត់បន្ថយភាពក្រីក្រ សម្រាប់រយៈពេល ១៥ ឆ្នាំទៅមុខ។ លើមូលដ្ឋាននេះ វេទិកានេះ ដែលត្រូវបានប្រារព្ធឡើងក្នុងឱកាស ខួបលើកទី ២៣ នៃទិវាលុបបំបាត់ភាពក្រីក្រអន្តរជាតិ និង ខួបលើកទី ២ នៃទិវាកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន គឺពិតជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំពិភពលោក ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ពិភាក្សា ព្រមទាំងចែករំលែកបទពិសោធន៍ និងទស្សនៈលើយុទ្ធសាស្រ្តនៃការកាត់បន្ថយភាពក្រីក្រ។
ជាការពិត ក្នុង ២ ទសវត្សរ៍កន្លងមក តាមរយៈការដាក់ឲ្យអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និងការដាក់ចេញនូវគោលយោបាយ និងយុទ្ធសាស្រ្តទៅតាមប្រទេសនីមួយៗ ភាពក្រីក្រ ជាពិសេសភាពក្រីក្រធ្ងន់ធ្ងរ បានធ្លាក់ចុះយ៉ាងគំហុក។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ប្រជាជនជាង ១ ពាន់លាននាក់ បានរួចចាកផុតពីភាពក្រីក្រធ្ងន់ធ្ងរ ពីក្នុងចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៥ ក្នុងនោះ ប្រជាជនក្រីក្រក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលទាបជាង ១,២៥ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ បានធ្លាក់ចុះយ៉ាងច្រើន ពីប្រមាណជាង ៥០% នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកត្រឹម ១៤% នៅឆ្នាំ ២០១៥។ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាតំបន់នាំមុខគេ ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយ អត្រាប្រជាជនរស់នៅក្រោមបន្ទាត់ក្រីក្រ ខណៈដែលអត្រាភាពក្រីក្របានធ្លាក់ចុះពី ៤៦% ក្នុងឆ្នាំ ១៩៩០ មកត្រឹម ៧% ក្នុងឆ្នាំ ២០១៥។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរដល់សមិទ្ធផលដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការកាត់បន្ថយភាពក្រីក្រពីប្រមាណ ៦០% នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកនៅត្រឹម ៤% នៅឆ្នាំ ២០១៥ នេះ។
ដូចគ្នានឹងបណ្តាប្រទេសនានាលើពិភពលោកដែរ កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរួម និតាមវិស័យជាច្រើន ព្រមទាំងបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម រួមមាន ផ្លូវ អគ្គិសនី ទឹក និងប្រព័ន្ធធារាសាស្រ្ត វិស័យអប់រំ វិស័យសុខាភិបាល និងសេវាសង្គមផ្សេងទៀត ដើម្បីលើកស្ទួយកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធានាកាត់បន្ថយភាពក្រីក្រ ឲ្យបានតាមគោលដៅជាង ១% ក្នុងមួយឆ្នាំ។ ជាមួយនឹងកិច្ចប្រឹងប្រែងនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលត្រូវបានធនាគារពិភពលោកចាត់បញ្ចូលជាប្រទេស ក្នុងក្រុមឯកទគ្គករកំណើនទាំងប្រាំបីនៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ បានកើនឡើងគួរជាទីមោទនៈ ពី ២៥៣ ដុល្លារអាមេរិក នៅឆ្នាំ ១៩៩៨ ដល់ ១ ២២៥ ដុល្លារអាមេរិកនៅឆ្នាំ ២០១៥។ លើមូលដ្ឋាននេះ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ដែលធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រមុនកាលបរិច្ឆេទកំណត់នាចុងឆ្នាំ ២០១៥ ទន្ទឹមនឹងការសម្រេចបានគោលដៅចំនួនបួនទៀត ដូចជា ការកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងការលើកកម្ពស់សុខភាពមាតា ជាដើម។
លទ្ធផលដែលកម្ពុជាទទួលបានខាងលើនេះ ពិតជាមិនអាចកាត់ផ្តាច់បាន ពីការជួយជ្រោមជ្រែងដ៏ សប្បុរសពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយនោះឡើយ ពិសេសមិត្តចិនដែលបានជួយយ៉ាងច្រើនដល់កម្ពុជាក្នុងការវិនិយោគ ទាំងលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងលើការកសាងសមត្ថភាព ស្ថាប័ន និងធនធានមនុស្ស។ ក្នុងន័យនេះ សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែសម្រេចបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ តែក៏ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាច្រើនលើពិភពលោក ដែលយើងទាំងអស់គ្នាត្រូវមើលឃើញ និងទទួលស្គាល់នូវតួនាទីដ៏មានសារៈសំខាន់មួយនេះផងដែរ។ ហេតុនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា និងឧត្តុងឧត្តមនៅក្នុងបុព្វហេតុនេះ។ បន្ថែមលើនេះ ខ្ញុំសូមគូសបញ្ជាក់ផងដែរ នូវការគាំទ្រ និងការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះតួនាទីដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអភិវឌ្ឍន៍តំបន់ តាមរយៈការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) និង «គំនិតផ្តួចផ្តើមវិថីសូត្រសត្សវត្សរ៍ទី ២១» ព្រមទាំងគំនិតផ្តួចផ្តើមរបស់ឯក ឧត្តម ប្រធានាធិបតី ស៊ី ជីនពីង សំដៅចូលរួមវិភាគទាន ដើម្បីសម្រេចឲ្យបាននូវ របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ ដែលឯកឧត្តមបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិ នាពេល ថ្មីៗកន្លងទៅនេះ។
ទន្ទឹមនឹងមោទនភាពនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ខ្ញុំគិតថា ការបន្តខិតខំលុបបំបាត់ភាពក្រី ក្រដែលនៅសេសសល់ និងការលើកកម្ពស់ជីវភាពប្រជាជន ដែលបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រឲ្យបាន ខ្ពស់មួយកម្រិតថែមទៀត នៅតែជាបញ្ហាប្រឈមចម្បងរបស់យើងទាំងអស់គ្នា។ ប្រជាពលរដ្ឋមួយចំនួន រស់នៅបន្ទាត់នៃភាពក្រីក្រ និងប្រជាជនរស់នៅតំបន់ជនបទដាច់ស្រយាល ដែលមិនមានលទ្ធភាពទទួល ការគាំពារពីរដ្ឋាភិបាល ឬដែលទទួលបានឱកាសសេដ្ឋកិច្ចតិចតួច អាចងាយធ្លាក់ខ្លួនជាជនក្រីក្រឡើង វិញ ប្រសិនបើមានវិបត្តិសេដ្ឋកិច្ច ឬមហន្តរាយធម្មជាតិណាមួយកើតឡើង ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ឬការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងសាំងជាដើម។ ជាងនេះទៅទៀត នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងសង្គមថ្មី នាយុគសម័យសកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ន ការវិវត្តដ៏ឆាប់រហ័សប្រកបដោយអន្តរ អាស្រ័យ នៅក្នុងសភាពការណ៍សង្គម និងសេដ្ឋកិច្ចជាសកល ឬនៅក្នុងតំបន់មួយចំនួន ដូចជាជម្លោះ នយោបាយ អស្ថិរភាពសង្គម ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសកល និងការ ធ្លាក់ចុះនៃតម្លៃកសិផលជាដើម បានដាក់កិច្ចប្រឹងប្រែងលុបបំបាត់ភាពក្រីក្រ ឲ្យប្រឈមនឹងការលំបាក កាន់តែស្មុគ្រស្មាញជាងមុន។
ដោយសារភាពក្រីក្រមានលក្ខណៈ និងសណ្ឋានពហុមុខ និងដើម្បីធានាឲ្យបាននូវភាពជោគជ័យនៃការងាររបស់យើង ក្នុងការបន្តលុបបំបាត់ភាពក្រីក្រនាពេលអនាគតខាងមុខ ខ្ញុំគិតថា អ្វីដែលយើងទាំងអស់ត្រូវធ្វើ គឺការបង្កើតនូវឱកាសឲ្យប្រជាពលរដ្ឋទាំងអស់ បានចូលរួមនៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈ វិធានការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី ១ ការខិតខំរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង និងការជម្រុញផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ចឆ្ពោះទៅរកវិស័យដែលមានផលិតភាពខ្ពស់ជាងមុន ពិសេសតាមរយៈការជម្រុញ ការអភិវឌ្ឍ សហគ្រាសខា្នតតូច និងមធ្យមក្នុងស្រុក ការបន្តទាក់ទាញការវិនិយោគ និងបង្កើនការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីជួយពន្លឿនការតភ្ជាប់តំបន់ដាច់ស្រយាលជាមួយនឹងទីប្រជុំជន ព្រមទាំងជាមួយ ទីផ្សារ ក៏ដូចជាការតភ្ជាប់រវាងបណ្តាប្រទេសនានានៅក្នុងតំបន់។
ទី ២ ដោយប្រជាជនក្រីក្រជាច្រើនប្រកបរបរកសិកម្ម ជាពិសេសក្នុងពេលបច្ចុប្បន្ន ខណៈដែលថ្លៃកសិផលកំពុងតែធ្លាក់ចុះទាប យើងត្រូវតែបន្តផ្តោតការយកចិត្តទុកដាក់ថែមទៀត ដល់ការវិនិយោគលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាប្រព័ន្ធស្រោចស្រព និងប្រព័ន្ធគ្រប់គ្រងទឹកជាដើម រួមជាមួយនឹងការបន្តផ្តល់កាន់តែប្រសើរឡើង នូវសេវាគាំទ្រ បច្ចេកវិទ្យាថ្មីៗ និងធាតុចូលផ្សេងទៀតក្នុងវិស័យនេះ ដើម្បីបង្កើនផលិតភាព ជម្រុញផលិតកម្ម និងជម្រុញការនាំចេញ។ បន្ថែមលើនេះ បញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ ជាដើម ត្រូវបានព្យាករណ៍ថា នឹងបន្តការកើនឡើង ដោយសារតែការប្រែប្រួលអាកាសធាតុ។ ដូច្នេះ នាពេលអនាគត ការដោះស្រាយបញ្ហាសន្តិសុខស្បៀងនឹងក្លាយជាអាទិភាពកាន់តែសំខាន់ ពិសេសគឺការគ្រប់គ្រង និងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងការផ្ស៊ាំប្រព័ន្ធកសិកម្មទៅនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងកាន់តែញឹកញាប់ជាងមុន។
ទី ៣ ការពន្លឿនការអនុវត្តគោលនយោបាយសេរីភាវូបនីយកម្មពាណិជ្ជកម្ម ពិសេសតាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីធ្វើពិពិធកម្មផលិតផលនាំចេញ និងពិពិធកម្មទីផ្សារក្នុងតំបន់ និងពិភពលោក។
ទី ៤ ការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលជំនាញដែលបង្កើតតម្លៃបន្ថែមខ្ពស់ ជា អាទិ៍ ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ក៏ដូចជាការលើកស្ទួយប្រភេទអាជីពការងារ និងការ ពង្រឹងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គួបផ្សំជាមួយនឹងការពង្រឹងកម្មវិធីគាំពារសង្គម សំខាន់ៗ។
ទី ៥ ការលើកកម្ពស់បរិយាប័ន្ននៃវិស័យហិរញ្ញវត្ថុ និងការផ្តល់ភាពងាយស្រួលចំពោះការទទួលបាន ប្រភពហិរញ្ញប្បទាន ដើម្បីផ្តល់ឱកាសឲ្យប្រជាជនទាំងអស់មានលទ្ធភាពទទួលបាននូវសេវាហិរញ្ញវត្ថុ។
ច្បាស់ណាស់ថា ប្រទេសនីមួយៗពិតជាមិនអាចនឹងសម្រេចកិច្ចការដ៏មហិមា ក្នុងការលុបបំបាត់ភាពក្រី ក្រដោយខ្លួនឯងបាននោះទេ។ យើងត្រូវរួមគ្នា ដើម្បីសម្រេចបានគោលដៅនេះ។ ប្រការនេះ សរបញ្ជាក់ពី ភាពចាំបាច់នៃការពង្រឹងសម្ព័ន្ធភាពជាសកល ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហានៃភាពក្រីក្រ ដែល ជាប្រធានបទចម្បងរបស់ពិភពលោកយើង នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ឬ គោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្នុងស្មារតីនេះ កម្ពុជាសូមអំពាវនាវដល់គ្រប់ប្រជាជាតិទាំងអស់ និងភាគីពាក់ព័ន្ធនានា ឲ្យបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរួមគ្នាសម្រេចបាននូវគោលបំណងចម្បងនេះ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យវេទិកានេះទទួលបានជោគជ័យត្រចះត្រចង់ និងសូមជូនពរ ឯកឧត្តម លោក ជំទាវ លោក លោកស្រី សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងរាល់ភារកិច្ច៕