ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ស៊ី សាំងហ្គ (Xie Shangguo) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ក្វាងស៊ី
លោកស្រី ហួង ជាំង នាយករងការិយាល័យកិច្ចការបរទេសនៃតំបន់ស្វយ័តក្វាងស៊ី
ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ ភ្ញៀវកិត្តិយសជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសក្រៃលែងដោយត្រូវទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យក្វាងស៊ីសម្រាប់ជនជាតិដ៏ល្បីល្បាញ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបណ្ឌិតសាស្រ្តាចារ្យ ស៊ី សាំងហ្គ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យក្វាងស៊ីសម្រាប់ជនជាតិ និងគណកម្មាធិការសិក្សានៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់រូបខ្ញុំ។ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងខ្លាំង ក្នុងការទទួលសញ្ញាបត្រផ្នែកអក្សរសាស្ត្រនាពេលនេះ។
ជាមួយគ្នានេះ ខ្ញុំយល់ឃើញថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រសម្រាប់រូបខ្ញុំនាថ្ងៃនេះ សរបញ្ជាក់ឲ្យឃើញមិនត្រឹមតែការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាការទទួល ស្គាល់ផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ជាតិកម្ពុជាទាំងមូល នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋា ភិបាល ដែលផ្តល់ផលផ្លែផ្កាជាការសម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋ កិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ក្នុងតំបន់ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច និងនយោបាយ។
ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាប្រចាំ ដោយសម្រេចបាន កំណើនជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ទោះបីជាត្រូវជួបប្រឈមនឹងភាពមិនប្រាកដប្រជា និងហានិ ភ័យជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ ប្រការនេះ បានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ចាត់ទុកកម្ពុជាជា ប្រទេសមួយក្នុងចំណោមប្រទេសឯកទគ្គករកំណើនទាំងប្រាំបីនៅលើពិភពលោក។ ការវិនិយោគផ្ទាល់ពី បរទេសបន្តមានសកម្មភាពខ្លាំងក្លា ដោយសារកត្តាអំណោយផលនៅក្នុងប្រទេសផង និងក្នុងតំបន់ផង ជាពិសេស ការផ្លាស់ទីតាំងរោងចក្រផលិតកម្មពីប្រទេសជិតខាងក្នុងតំបន់ និងកំណើនវិនិយោគផ្ទាល់ពីបរទេស ពីប្រទេសជាដៃគូសំខាន់ៗ ដូចជា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រការនេះឆ្លុះបញ្ចាំងឲ្យឃើញពីចំណាប់អារម្មណ៍កាន់តែច្រើនលើសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេស ការជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស។
កម្ពុជានាពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងចរន្តនៃចលនការបីសំខាន់ៗគឺ៖ ទី ១ កម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ី និងអាស៊ានដែលមានជវភាពសេដ្ឋកិច្ចខ្ពស់, ទី ២ កម្ពុជាជាប្រទេសមួយដែលសក្តានុពលខាងផ្នែកផលលាភ ប្រជាសាស្ត្រ និងទី ៣ កម្ពុជាកំពុងតែឆ្លងកាត់ពីឋានៈនៃប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប។ ច្បាស់ណាស់ កម្ពុជាពិតជាមានការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការក្តាប់យកកាលានុវត្តថ្មីដ៏ កម្រនេះ មកប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ឲ្យបាននៅត្រឹមឆ្នាំ ២០៣០។
ជាមួយនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់ស៊ីជម្រៅគ្រប់ វិស័យ សំដៅធានាចីរភាពនៃការបោះជំហានទៅមុខរបស់ប្រទេស លើមាគ៌ានៃការអភិវឌ្ឍប្រកបដោយជំនឿចិត្ត ដ៏មុតមាំ ពិសេសគឺការបន្តប្តេជ្ញាធានាឲ្យបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ ភាពសុខដុមរមនារបស់ជាតិ ក៏ដូចជាស្ថិរភាព និងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន លក្ខណៈអនុគ្រោះ ព្រមទាំងប្រព័ន្ធអភិបាលកិច្ច និងរដ្ឋបាលសាធារណៈ ដែលអាចធានាផ្តល់នូវសេវា សាធារណៈជូនដល់ប្រជាពលរដ្ឋ និងធុរជន បានប្រកបដោយប្រសិទ្ធិភាព និងគុណភាព។
ច្បាស់ណាស់ថា នៅក្នុងក្របខណ្ឌនេះ ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពខ្ពស់បំផុតមួយរបស់យើង។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជានឹងជម្រុញបង្ហូរការវិនិយោគរបស់ជាតិ ទាំងវិស័យសាធារណៈ និង ឯកជន ទៅលើវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឲ្យបានកាន់តែខ្លាំងក្លា។ បច្ចុប្បន្ន ការកែ ទម្រង់សំដៅលើកកម្ពស់គុណភាពអប់រំ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្ម តាំងពីក្នុងកម្រិតបឋមរហូតដល់ ឧត្តមសិក្សា។ ដោយឡែកនៅក្នុងកម្រិតឧត្តមសិក្សា រាជរដ្ឋាភិបាលកំពុងតែខិតខំជម្រុញការស្រាវជ្រាវ និងការ ច្នៃប្រឌិតនៅក្នុងសាកលវិទ្យាល័យ ដោយធ្វើការសហការជាមួយស្ថាប័នឧត្តមសិក្សាក្នុងតំបន់ និងស្ថាប័ន ឧត្តមសិក្សាផ្សេងទៀត ដែលមានគុណភាពខ្ពស់ នៅជុំវិញពិភពលោក។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីនៃ សតវត្សរ៍ទី ២១ រាជរដ្ឋាភិបាលបានណែនាំឲ្យសាកលវិទ្យាល័យនៅកម្ពុជាធ្វើការបណ្តុះបណ្តាលឲ្យបានច្រើន ដល់យុវជន និងពលរដ្ឋកម្ពុជា នូវជំនាញវិភាគពិចារណា និងដោះស្រាយបញ្ហា ព្រមទាំងជំនាញគមនាគមន៍ រួមទាំងបច្ចេកវិទ្យាព័ត៌មានផងដែរ។ ក្នុងគោលដៅពង្រឹងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់ជាតិ យើង ត្រូវការប្រជាជនដែលមានសមត្ថភាព ជំនាញខ្ពស់ និងមានការយល់ដឹងទូទៅទូលំទូលាយ។ យើងចង់បង្កើត ក្រុមមេដឹកនាំបន្តវេនជំនាន់ថ្មី ដែលមិនត្រឹមតែមានសមត្ថភាពជំនាញខ្ពស់ប៉ុណ្ណោះទេ តែក៏មានសុចរិតភាព ខ្ពស់ ហើយពោរពេញទៅដោយឆន្ទៈ សីលធម៌ស្អាតស្អំ និងមនសិការស្នេហាជាតិខ្ពស់ផងដែរ សម្រាប់បម្រើ ការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានចំណងទាក់ទងល្អជាមួយគ្នា តាំងពីយូរលង់ ណាស់មកហើយ ពោលគឺចាប់តាំងពីសម័យអាណាចក្រអង្គរមកម្ល៉េះ។ ចំណងទាក់ទងនេះ ត្រូវបានពង្រីក និងពង្រឹងឲ្យកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ពិសេសតាមរយៈការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃ ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ ហើយជាបន្តបន្ទាប់ត្រូវបានពង្រីក ពង្រឹង និងលើកកម្ពស់ថែមទៀត រហូតបានក្លាយទៅជាទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ លើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ទទួលបាននូវការរីកចម្រើនគួរជាមោទនៈ ដែលត្រូវបានឆ្លុះ បញ្ចាំងឡើងជាពិសេស តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកាន់តែញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេស និងការ កើនឡើងកាន់តែខ្លាំងក្លា នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិត ស្និទ្ធ និងគួរជាទីទុកចិត្តបំផុត សម្រាប់គ្នាទៅវិញទៅមក។ បើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខ ខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្សវត្សរ៍ ចុងក្រោយនេះ ក៏មិនអាចមានភាពជោគជ័យដូចសព្វថ្ងៃនេះដែរ។ ដូច្នេះ ក្នុងឱកាសដ៏មានអត្ថន័យនេះ ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាន ផ្តល់ការឧបត្ថម្ភគាំទ្រដ៏សប្បុរសដល់ប្រទេស និងប្រជាជនកម្ពុជាក្នុងពេលកន្លងមក។
ពិធីប្រគល់សញ្ញាបត្រនាថ្ងៃនេះ ក៏បានបង្ហាញពីភារកិច្ចបច្ចុប្បន្ន និងតទៅអនាគតដែលរូបខ្ញុំត្រូវតែបន្តប្រឹង ប្រែងដឹកនាំអនុវត្តឲ្យបានជោគជ័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ដូច្នេះ ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការឧទ្ទិសពេលវេលាដែលនៅសេសសល់ ក្នុងជីវិតរបស់ខ្ញុំនេះ ចំពោះការការពារ ក៏ដូចជាការពង្រឹង និងពង្រីកបន្ថែមទៀត នូវបណ្តាសមិទ្ធផលដែល កម្ពុជាបានសម្រេចបាន ដើម្បីអនាគតរុងរឿងត្រចះត្រចង់របស់ប្រទេស និងប្រជាជនកម្ពុជា ទាំងជំនាន់នេះ និងជំនាន់ក្រោយទៀត។ ខ្ញុំក៏សូមបញ្ជាក់ជាថ្មីថា សញ្ញាបត្រនេះគឺមិនមែនសម្រាប់តែរូបខ្ញុំម្នាក់ទេ ប៉ុន្តែសម្រាប់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពីព្រោះវាគឺជាការទទួលស្គាល់ និងការកោតសរសើរចំពោះសមិទ្ធ ផលទាំងឡាយ ដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបុព្វហេតុជាតិ និងមាតុភូមិជាទីស្រឡាញ់ របស់យើង។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណជូនគណៈដឹកនាំនៃសាកលវិទ្យាល័យ ដែលបានផ្តល់កិត្តិយសដល់ខ្ញុំ នា ថ្ងៃនេះ នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ និងដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់អ្នកចូលរួមទាំងអស់ក្នុងពិធីនេះ សូមមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងរាល់ភារកិច្ច។