ក្នុងសង្កថា សម្ពោធដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុចខ្លះ ដូចតទៅ៖
… ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាអន្តរជាតិភ្នំពេញ ដែលទើបកសាងហើយ (និង)សម្ពោធថ្ងៃនេះ ហើយសិស្សក្នុងចំនួនដ៏ច្រើនបានផ្លាស់មកពី(សាលានៅ)កណ្តាលទីក្រុង។ … អ្វីដែលកើតឡើងកាលពី ២៦ ឆ្នាំមុននោះ បានពង្រីកខ្លួនបន្តិចម្តងៗ រហូត ដល់ស្ថានភាពមួយនៅទីនេះ ដែលយើងបានរួមគ្នាកសាងឡើង។ អំបាញ់មិញក្នុងរបាយការណ៍របស់លោក Barry Sutherland នាយកសាលាអន្តរជាតិភ្នំពេញ បានលើកឡើងថា យើងភ្លេចថា យើង ជាភ្ញៀវ ក៏ប៉ុន្តែសម្រាប់ខ្ញុំ អស់លោក និងសាលានេះ មិនមែនជាភ្ញៀវទេ ប៉ុន្តែជាតួអង្គយ៉ាងសំខាន់ក្នុងការ រស់នៅជាមួយយើង រួមជាមួយយើង ដើម្បីរីកចម្រើនជាមួយគ្នា។
សាលាអន្តរជាតិភ្នំពេញមានអាយុ ២៦ ឆ្នាំ មុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
តាមរយៈការរំលឹកអំពីប្រវត្តិ ដែលលោក Barry Sutherland បានលើកឡើង មានសំនួរមួយលើកឡើងថា សាលាមួយនេះមានអាយុ ២៦ ឆ្នាំ ឯកិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបមានអាយុ ២៤ ឆ្នាំ។ មានចំណោទចោទសួរថា តើហេតុអ្វីទៅបានជាលោក ហ៊ុន សែន អនុញ្ញាតិឲ្យមានសាលារបៀបនេះតាំងពីមិនទាន់មានកិច្ចព្រមព្រៀងនយោបាយ ដើម្បីដោះស្រាយជម្លោះតាមរយៈកិច្ចព្រមព្រៀងប៉ារីស ហើយពេលនោះ គឺប្រទេសស្ថិតនៅក្នុងកាលៈទេសៈមានសន្តិភាពផង និងមានសង្គ្រាមផង។ ច្បាស់ណាស់នៅក្នុងចំណុចនេះ គេអាចនិយាយបានថា យើងមិនបានរង់ចាំមាន ឬគ្មានដំណោះស្រាយនយោបាយ មាន ឬគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ ក៏ប៉ុន្តែអ្វីដែលជាកិច្ចការដែលយើងត្រូវធ្វើ គឺកសាងឡើងនូវអ្វីដែលជាតម្រូវការប្រជាពលរដ្ឋរបស់យើង។
តាមប្រវត្តិ សាលាអន្តរជាតិភ្នំពេញចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៩ ពេលនោះនៅក្នុងដំណាក់កាលគ្រប់គ្រងទាំងស្រុងរបស់អតីតរដ្ឋកម្ពុជា គឺរដ្ឋាភិបាលរបស់ខ្ញុំតែម្តង ដោយខ្ញុំបានឆ្លងកាត់ធ្វើជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ហើយមកធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៨៥ ដូច្នេះសាលានេះ វាបានចាប់ផ្តើមនៅក្នុងដំណាក់កាលនៃប្រទេសមិនទាន់មានសន្តិភាព មិនទាន់មានពន្លឺនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ អញ្ចឹងក៏ដូចជាផ្ញើ(សារ)ទៅអ្នកនិយមនិយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាជីវិតទី២ អញ្ចឹងអានេះជាជីវិតទីប៉ុន្មាន បើវាកើតមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស?
សេរីភាវូបនីយកម្មវិស័យអប់រំ មុនចូលក្របខណ្ឌពាណិជ្ជកម្មពិភពលោក ឆ្នាំ ២០០៤
នៅទីនេះ ខ្ញុំគ្រាន់តែចង់បង្ហាញថា ចក្ខុវិស័យរបស់យើងមិនមែនដើរក្រោយសភាពការណ៍នោះទេ។ យើងគ្រប់គ្រងឲ្យបាននូវចរន្តនៃការផ្លាស់ប្តូរ។ មិនមែនជារឿងចៃដន្យដែលធ្វើឲ្យខានតែបាននោះទេ សូម្បីតែនៅក្នុងពេលដែលកម្ពុជាកំពុងចរចារចូលក្នុងក្របខណ្ឌពាណិជ្ជកម្មពិភពលោក មានប្រទេសខ្លះបានចោទជាសំនួរដើម្បីឲ្យយើងឆ្លើយតបថា តើនៅកម្ពុជាមានការធ្វើសេរីភាវូបនីយកម្មវិស័យអប់រំហើយឬនៅ? ខ្ញុំបានប្រាប់ឯកឧត្តម ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពេលនោះ ឆ្លើយប្រាប់ទៅគេវិញ អំពីសេរីភាវូប នីយកម្មវិស័យអប់រំនេះ ដែលកម្ពុជាបានផ្តល់ឱកាសដល់វិស័យឯកជន មិនថាក្នុងស្រុក ឬមកពីក្រៅប្រ ទេស ដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហើយដល់តែយើងសិក្សាអំពី(ប្រទេសដែល)ដាក់សំនួរមកហ្នឹង (គេ)មិនទាន់មានការធ្វើសេរីភាវូបនីយកម្មបែបកម្ពុជានៅឡើយទេ។ ប៉ុន្តែ ធម្មតាគេសមាជិកចាស់ ដាក់សំនួរមកលើយើងដែលជាសមាជិកនឹងត្រូវចូលថ្មី យើងត្រូវឆ្លើយតប។
ពង្រីកវិសាលភាព សាលា និងមន្ទីរពេទ្យអន្តរជាតិ ទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបរទេស
ថ្ងៃនេះ យើងបានឃើញថា វត្តមាននៃអ្នកចូលរួមប្រហែលជាពាក់កណ្តាល ឬជាងពាក់កណ្តាលជាជនជាតិបរទេស។ ចំណុចដែលយើងចង់បានត្រង់ថា កាលណាយើងមានសាលាបែបនេះ យើងបានត្រៀមខ្លួនហើយស្រេចតាំងពីមុន ពេលនេះ និងពេលទៅអនាគតថែមទៀត ទទួលយកកូនអ្នកការទូតទាំងឡាយ។ ពេលរដា្ឋភិបាលរបស់អស់លោកចាត់តាំងឲ្យមកធ្វើការនៅប្រទេសកម្ពុជា អស់លោកអត់ព្រួយបារម្ភទេ ព្រោះមកដល់អស់លោកដឹងថា នៅកម្ពុជាមានសាលាខ្នាតអន្តរជាតិ សាលារៀនភាសាអង់គ្លេស សាលារៀនភាសាចិន សាលារៀនភាសាបារាំងស្អីៗ នៅហ្នឹងដែរ។
សម្រាប់អ្នកការទូត និងអង្គការអន្តរជាតិនានា ដែលមកពីក្រៅប្រទេស ហើយមានកូន មិនចាំបាច់ផ្ញើកូននៅប្រទេសខ្លួន ឬផ្ញើកូននៅប្រទេសនេះប្រទេសនោះទេ ប៉ុន្តែយកកូនមកជាប់ជាមួយខ្លួន ហើយដាក់កូនរៀននៅសាលាអញ្ចឹង(ទៅ)។ សម្រាប់អ្នកវិនិយោគ ដែលត្រូវមកធ្វើការរកស៊ីនៅកម្ពុជា ក៏គេមានឱកាសងាយស្រួលមកដាក់ទុនវិនិយោគ តាមរយៈការរៀននៅសាលារៀនខ្នាតអន្តរជាតិ។ រឿងទាំងអស់នេះ សុទ្ធតែមិនមែន ជាការគិតគូរដោយចៃដន្យ ហើយដោយគ្មានគោលនយោបាយគ្រប់គ្រងនោះទេ។
យើងកំពុងប្រឹងប្រែង ដើម្បីឲ្យមានការវិនិយោគចំពោះមន្ទីរពេទ្យដែលមានកម្រិតអាចព្យាបាលសម្រាប់ជនបរទេស តាមរយៈទាក់ទាញគេមកធ្វើទេសចរណ៍ តាមរយៈទាក់ទាញគេមកធ្វើការនៅកម្ពុជា តាមរយៈនៃការទាក់ទាញគេមកធ្វើធុរកិច្ចនៅកម្ពុជា។ បើសិនជាមិនមានស្ថានភាពបែបនេះទេ វានឹងមានការលំបាក ព្រោះសូម្បីតែយើងទៅប្រទេសគេ ក៏យើងសិក្សាថា តើនៅទីនោះមានមន្ទីរពេទ្យ សម្រាប់ព្យាបាលត្រូវនឹងជំងឺយើង ឬក៏តម្រូវការផ្សេងៗ ដែលយើងត្រូវការឬអត់។
ស្គាល់ពីចរន្ត នៃការផ្លាស់ប្តូរ, មិនមែនត្រឹមតែដូរមេដឹកនាំ
… ខ្ញុំគ្រាន់តែលើកមកបង្ហាញថា ការចាប់ផ្តើមរបស់យើង មិនមែនជាការចាប់ផ្តើមដោយចៃដន្យនោះទេ។ យើងស្គាល់ចរន្តនៃការផ្លាស់ប្តូរ។ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតម្នាក់ ដែលគាត់និយាយពីការផ្លាស់ប្តូរ។ ខ្ញុំប្រាប់ថា បើសិនជាខ្ញុំមិនយល់ពីការផ្លាស់ប្តូរ ហើយខ្ញុំមិនអាចគ្រប់គ្រងបាននូវការផ្លាស់ប្តូរ តើខ្ញុំអង្គុយក្នុងដំណែងនាយករដ្ឋមន្រ្តីរយៈពេលជាង ៣០ ឆ្នាំបានឬទេ? នេះជាចំណុចពិត បើសិនជាយើងមិនយល់ពីតម្រូវការរបស់ប្រទេស មិនយល់អំពីតម្រូវការនៃការឈានឡើងរបស់មនុស្ស មិនយល់ពីតម្រូវការនៃការឈានឡើងរបស់សង្គមមនុស្ស តើយើងមានលទ្ធភាពឯណាទៅធ្វើការគ្រប់គ្រង ទៅរៀបចំការផ្លាស់ប្តូរ និងគ្រប់គ្រងការផ្លាស់ប្តូរ? ខ្ញុំក៏បាននិយាយទៅកាន់គាត់ថា តើការផ្លាស់ប្តូរមានត្រឹមតែដូរមេដឹកនាំហ្នឹងឬ? នេះក៏ជាការផ្លាស់ប្តូរមួយដែរ …។
ថ្ងៃនេះ (យើង)មានសាលាដែលមានតម្លៃ ២០ លានដុល្លារ។ សំណាងហើយ លោក Barry ដែលលោកឧកញ៉ា អ៊ឹង ប៊ុនហូវ លក់ដីឲ្យត្រឹមតែ ១ ម៉ែត្រក្រឡា តម្លៃ ៨១ ដុល្លារនោះ។ ឥឡូវដីកន្លែងនេះប្រហែលជា ៥០០ ឬ ៦០០ ឬ ៧០០ ដុល្លារ(ក្នុងមួយម៉ែត្រការ៉េ)ផងក៏មិនដឹង … បានសេចក្តីថា លោកមានចក្ខុវិស័យវែងឆ្ងាយ ហើយស្គាល់ការផ្លាស់ប្តូរ បានជាលោកមកទិញដីទុក … អញ្ចឹង លោកក៏ស្គាល់ការផ្លាស់ប្តូរដែរ បានហ៊ានធ្វើរបៀបនេះ … ខ្ញុំចង់និយាយថា យើងបានខិតខំធ្វើរួមគ្នា …។
ខ្ញុំមានចៅច្រើនរៀននៅទីនេះ។ ហេតុនះ កូនស្រីរបស់ខ្ញុំតែងមានកង្វល់អំពីសាលានេះ ហើយចុងក្រោយនេះក៏មានកង្វល់ពីការអត់ដើមឈើ។ ឮថាចង់ប្រមូលគ្នាដើម្បីនឹងទិញដើមឈើមកដាំ។ … ខ្ញុំថាឲ្យទៅទំនាក់ទំនងជាមួយនឹងសាលា និងជាមួយក្រសួងកសិកម្មទៅ ដើម្បីគេដាំដើមឈើឲ្យ។ ឥឡូវបើត្រូវការទៀត សូមទាក់ទងជាមួយនឹងក្រសួងកសិកម្ម ខ្ញុំអរគុណជាមួយនឹងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលបានជួយដាំកូនឈើនៅក្នុងទីនេះ។
សាលាអន្តរជាតិភ្នំពេញ គួរបង្កើតជាសកលវិទ្យាល័យ
… ខ្ញុំបានសួរលោក Barry ថា តើមានគោលដៅដើម្បីរៀបចំជាសកលវិទ្យាល័យដែរឬទេ? លោកថាចង់។ ខ្ញុំកំពុងតែបារម្ភដែរថា បន្ទាប់ពីចៅខ្ញុំដែលរៀនថ្នាក់ទី ១០ នេះ ហើយ ២ ឆ្នាំទៀត នឹងបញ្ចប់ការសិក្សានៅទីនេះ។ តើនាងទៅរៀននៅឯណា? នេះជាបញ្ហាមួយ។ ហើយជួនកាល អ្នកការទូត ឬអ្នកធ្វើធុរកិច្ច គេមកនៅកម្ពុជា ក៏ចង់នាំកូនរបស់គេឲ្យចូលសកលវិទ្យាល័យនៅកម្ពុជា។ តើទៅ(រៀននៅ)ឯណា? នេះជាចំណោទមួយ ដែលខ្ញុំលើកទឹកចិត្តឲ្យសាលានេះ មានសាកលវិទ្យាល័យបន្ថែមទៀត ដើម្បីស្រូបយកសិស្ស។ មិនមែនគ្រាន់តែសិស្ស(ដែល)រៀននៅសាលានេះ ហើយឆ្លងពីមធ្យមសិក្សាចូលទៅសាកលវិទ្យាល័យនោះទេ ក៏ប៉ុន្តែគឺនឹងមានសិស្សពីប្រទេសដទៃមករៀននៅកម្ពុជាផងដែរ។ … សាកលវិទ្យាល័យជាច្រើនមានសិស្សបរទេសកំពុងរៀន ទំាងសាលារដ្ឋ និងសាលាឯកជន។ សាលាមួយនេះ បើសិនជាមានដល់សាកលវិទ្យាល័យ ខ្ញុំគិតថាកូនរបស់អគ្គរដ្ឋទូត និងអ្នកការទូតទំាងឡាយ ក៏អាចផ្ទេរមកតាមឪពុកម្តាយរៀននៅសាលានៅទីនេះបានដែរ។
ខ្ញុំពិតជាមានការរីករាយដោយឃើញថា នៅទីនេះបានយកសាលាចិញ្ចឹមសាលាពិតប្រាកដ ហើយខ្ញុំជឿថា Maybank របស់ម៉ាឡេស៊ី ហ៊ានឲ្យលុយខ្ចី។ ហេតុអី្វបានហ៊ានឲ្យលុយខ្ចី? មកពីគេដឹងថាសាលានឹងមានអនាគត បានគេហ៊ានឲ្យខ្ចី …។ សាលានេះពិតជាមានអនាគត។ ពេលនេះយើងមានប៉ុណ្ណឹង ទៅខាងក្រោយយើងនឹងមានច្រើនជាងហ្នឹង។ ឥឡូវខ្ញុំគិតថា យើងបន្តការខិតខំជាមួយគ្នា ដើម្បីអនាគតរុងរឿងរបស់យើងទំាងអស់គ្នា។ សូមលោក Barry កុំចាត់ទុកខ្លួនថាជាភ្ញៀវរបស់កម្ពុជា ព្រោះ (សាលា)នេះបាននិងកំពុងកើតឡើងនៅលើទឹកដីកម្ពុជា។ សាលានឹងបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងកម្ពុជាផង និងចំពោះអ្នកទំាងឡាយដែលមកធ្វើការនៅកម្ពុជាផងដែរ។ ដូច្នេះមិនមែនជាភ្ញៀវទេ ហើយយើងចាត់ទុកថា យើងស្ថិតនៅក្នុងតួអង្គជាមួយគ្នា។
សាលាមានវិន័យល្អ សុំឲ្យពង្រឹងភាសាខ្មែរសម្រាប់ជនជាតិខ្មែរ
ខ្ញុំមានអនុសាសន៍សម្រាប់សាលានេះ។ ខ្ញុំយល់ហើយ នូវអ្វីដែលហៅថាវិន័យរបស់សាលា។ វិន័យនឹងល្អ រៀនឲ្យចេះ … ប៉ុន្តែមានរឿងមួយដែលខ្ញុំកង្វល់ គឺបញ្ហាភាសារខ្មែរ។ តើរកវិធីយ៉ាងម៉េចដោះស្រាយភាសាខ្មែរ ព្រោះពេលដែលត្រូវប្រឡងបាក់ឌុប គ្រប់សាលាទំាងអស់ទៅប្រឡងបាក់ឌុបជាមួយគេជាមួយឯង។ បើសិនជានៅសាលានេះខ្សោយខ្មែរ ច្បាស់ណាស់ថាមុខវិទ្យាភាសារខ្មែរ ឬប្រវត្តិសាស្ត្រ ឬស្អីនេះៗ សិស្សនឹងធ្លាក់ (មុខវិជ្ជា)ផ្នែកនឹងតែម្តង។ ភាសារអង់គ្លេសដឹងតែខ្លំាងហើយ ចំណេះដទៃទៀតវាដឹងតែគ្រាន់បើហើយ ប៉ុន្តែប្រវត្តិសាស្ត្រស្អីៗនេះ។ សង្ឃឹមថា សាលា និងក្រសួងអប់រំ នឹងទំនាក់ទំនងគ្នា ដើម្បីធ្វើយ៉ាងម៉េចឲ្យសិស្សនៅទីនេះ អាចចេញទៅប្រឡងជាប់បាក់ឌុប ព្រោះមិនមែនសាលានេះ ផ្ដល់សញ្ញាបត្របាក់ឌុបឲ្យដោយឯងៗឯណា? ប៉ុន្តែ ទោះបីជាគេផ្ដល់ ក៏យើងត្រូវពូកែគ្រាន់បើខាងភាសាខ្មែរដែរ។ តម្រូវឲ្យជនជាតិខ្មែររៀនភាសាខ្មែរ(នៅក្នុងសាលាអន្តរជាតិភ្នំពេញ) …។
សាលាក្រុងភ្នំពេញ រៀបចំ និងជួសជុលផ្លូវសាលាអន្តរជាតិភ្នំពេញឲ្យបានល្អ
… យើងបានរួមគ្នាកសាងនូវសាលានេះ ហើយសង្ឃឹមថា សាលាក្រុងភ្នំពេញនឹងរៀបចំផ្លូវឲ្យបានល្អបន្ដិច ក្នុងការចូលមកកាន់សាលានេះ។ សាលានៅខាងក្នុងវាល្អហើយ ប៉ុន្តែដល់ផ្លូវវាមិនសូវល្អ។ សង្ឃឹមថា ធ្វើផ្លូវហ្នឹងសម្រាប់ប្រើប្រាស់សម្រាប់សាលានេះផង និងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវចូលហ្នឹងផងដែរ។ សង្ឃឹមថា សាលាក្រុង(នឹងគិតគូរផ្លូវនេះ) ហើយចំណាយមិនច្រើនដែរទេ ធ្វើឲ្យវាស្រួលបន្ដិចមើល មើលទៅ(វា)ដូចកដប។ មិនសូវល្អ។ អរគុណចំពោះសាស្រ្តាចារ្យទាំងឡាយដែលបានបង្រៀននៅទីនេះយ៉ាងល្អ។ ខ្ញុំទទួលស្គាល់។ ពេលមួយ ខ្ញុំពិតជាមានការព្រួយមែន ព្រោះកូនស្រីខ្ញុំបានទៅជួបខ្ញុំទាំងយប់អំពីការដែលម្ចាស់ទីតាំងខាងក្នុងត្រូវយកដីវិញក្នុងពេលឆាប់ៗ។ ពេលហ្នឹង គឺថាត្រូវដោះស្រាយគ្នាទាំងយប់ បើសិនជាយកទីតាំងសាលាក្នុងរយៈពេលខ្លី សាលានេះមិនទាន់បានកសាង តើសិស្សគ្នាទៅ(រៀន)ឯណា? នេះជាបញ្ហាមួយ ប៉ុន្តែយើងបានដោះស្រាយរួចរាល់ហើយ ដោយសារសាលាមានទីតាំងខ្លួនឯងលើផ្ទៃដី ៤ ហិកតាកន្លះ។ វាធំណាស់ ហើយទិញដីបានទាន់ពេល ក្នុងពេលដែលដីមិនទាន់ឡើងថ្លៃ។
ការចរចាពីការមិនយកពន្ធត្រួត ពីសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវបរទេស
… មានរឿងមួយដែលខ្ញុំសូមជម្រាបជូនសាស្រ្តាចារ្យដែលមកពីបរទេស មកបង្រៀននៅសាលានេះដែរ។ ដើម្បីទាក់ទាញគ្រូពូកែៗ អ្នកស្រាវជ្រាវពូកែៗ យកមកកាន់កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំមកនាយករដ្ឋមន្រ្តី ហើយយើងពិភាក្សាគ្នាលើបញ្ហានេះ។ ការចរចាក៏ត្រូវដាក់បញ្ហាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យនៅក្នុងការមិនយកពន្ធត្រួតគ្នា។ ជាប្រធានបទមួយក្នុងប្រធានបទ ដើម្បីទាក់ទាញសាស្រ្តាចារ្យល្អ និងអ្នកស្រាវជ្រាវល្អមកកាន់កម្ពុជា។ ប្រទេសដែលមានការពាក់ព័ន្ធ ដែលមានបញ្ជូនសាស្រ្តចារ្យមកកាន់កម្ពុជា ក៏អាចនឹងទទួលផលប្រយោជន៍ពីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងប្រទេសដែលមានដើមកំណើតរបស់សាស្រ្តាចារ្យទាំងឡាយនោះ តាមរយៈការមិនយកពន្ធត្រួតគ្នា។ បើមិនអញ្ចឹង បន្ទុករបស់គ្រូ សាស្រ្តាចារ្យ ឯណាបង់ពន្ធប្រាក់ខែឲ្យកម្ពុជាផង ឯណាបង់ពន្ធប្រាក់ខែឲ្យប្រទេសដើមកំណើតរបស់ខ្លួនផង។
ដូច្នេះ ចំណូលបានមកពីការដែលយើងធ្វើការនៅកម្ពុជា វានឹងត្រូវកាត់បន្ថយ តាមរយៈយកពន្ធឌុប ឬពន្ធត្រួតគ្នា ដែលកម្ពុជាក៏យកពន្ធ និងប្រទេសដើមកំណើតរបស់គេក៏យកពន្ធ។ សង្ឃឹមថា ជួនកាលប្រទេសអ្នកមានកុំយកពន្ធសាស្រ្តាចារ្យទាំងហ្នឹង ទុកឲ្យសាស្រ្តាចារ្យទាំងហ្នឹងបង់ពន្ធឲ្យកម្ពុជា ព្រោះកម្ពុជាជាប្រទេសអ្នកក្រ។ ប៉ុន្តែ ប្រទេសអ្នកមានស្វិតណាស់ គាត់ចង់ឲ្យសាស្រ្តាចារ្យទាំងហ្នឹងបង់ពន្ធទៅប្រទេសរបស់គាត់ (រួច)គាត់មកសុំលើកលែងប្រាក់ពន្ធនៅស្រុកខ្មែរ ដែលជាប្រទេសក្រ។ ហ្នឹងនិយាយពីរឿងអ្នកមាន និងអ្នកក្រ។
ការថ្លែងសន្ទរកថាពីរ នៅអង្គការសហប្រជាជាតិ
… ខ្ញុំទៅអង្គការសហប្រជាជាតិអាទិត្យក្រោយនេះ (ដោយ)ខ្ញុំនឹងថ្លែងសន្ទរកថាពីរ ពីអភិវឌ្ឍសហវត្សរ៍ មួយ និងការអភិវឌ្ឍស្រ្តីមួយទៀត ហើយខ្ញុំនឹងត្រឡប់មកប្រទេសវិញ ទុករដ្ឋមន្រ្តីការបរទេសថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ដទៅទៀត។ យើងនឹងនិយាយទៅដល់បញ្ហាប្រទេសនានា ដែលបានសន្យារួចមកហើយ អំពីការផ្ដល់ជំនួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ស្មើនឹង ០,៧% នៃ GDP។ ប៉ុន្តែប្រទេសទាំងឡាយមិនបានអនុវត្តន៍នោះទេ។ មានប្រទេសបានអនុវត្តន៍ ប៉ុន្តែប្រទេសទាំងនោះ គឺមានតិចតួចដែរទេ ដូចជា ស៊ុយអែត ហ្វាំងឡង់ ស្អីៗ សុទ្ធតែជាប្រទេសដែលអនុវត្តន៍បាន។ ប្រទេសភាគច្រើនអត់អនុវត្តន៍បានទេ ០,៧% GDP សម្រាប់ផ្ដល់ឲ្យប្រទេសក្រីក្រនោះ។
ដោយសារប្រទេសទាំងនោះស្វិតអញ្ចឹងហើយ បានជាគេធ្វើអ្នកមានបាន … យ៉ាងណាក៏ដោយ កម្ពុជាមិនមានវិធានការដូចប្រទេសក្រិកទេ ដែលឲ្យខ្ចីហើយយកវិញៗ។ ទីចុងបំផុត ក្រិកខ្ចីលុយគេ បានត្រឹមតែយកទៅដោះបំណុលគេតែប៉ុណ្ណឹង ហើយយកមកប្រើប្រាស់សម្រាប់បើកប្រាក់ខែ មិនបានអភិវឌ្ឍន៍(ប្រទេស)ទេ។ បញ្ហាក្រិក គ្រាន់តែឡើងមួយសារអញ្ចឹងទៅក៏ចុះ ហើយក៏ឡើងមួយសារទៀត ហើយអ្នកបោះឆ្នោត ក៏បោះទៅតាមហ្នឹងទៅ។ នេះជាវិបត្តិកំពុងតែកើតនៅអឺរ៉ុប ប៉ុន្តែមានឥទ្ធិពលជាមួយនឹងកិច្ចការទាំងឡាយ។ សង្ឃឹមថា នៅកម្ពុជា អ្នកផ្ដល់ទុន(នានា) ដូចជា ផ្ដល់ទុនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំយ៉ាងដូច្នេះ បើសិនជាមានរឿង(អភិវឌ្ឍសាលា)បែបហ្នឹងតទៅទៀត ធនាគារនឹងឲ្យខ្ចីលុយថែម ព្រោះវានៅតែមានអ្នកដែលបញ្ជូនកូនមករៀន។
នៅកម្ពុជា បើពិនិត្យឲ្យដិតដល់ វាលំបាក។ ប៉ុន្តែ យើងបានឈានឡើងដោយគ្មានញញើតញញើម ហើយយើងស្គាល់បញ្ហារបស់វា គ្រប់គ្រងដំណើរការ ស្គាល់ការដំណើរទៅមុខ ស្គាល់បញ្ហានៃការផ្លាស់ប្ដូរ ហើយនិងគ្រប់គ្រងដំណើរការនៃការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរមិនមែនមានត្រឹមតែផ្លាស់ប្ដូរមេដឹកនាំ ដែលបង្កើតឲ្យមានវិបត្តិនៅមជ្ឈិមបូព៌ា (រហូត)កំពុងតែផ្ទុះនូវសង្រ្គាម និងភេរវកម្មមិនឈប់ឈរនោះទេ។ ការផ្លាស់ប្ដូរវាកើតមាន រាប់ទាំងជីវិតមនុស្ស មិនដែលនៅតែជាកុមារតែរហូតទេ វាចេញពីទារកវាទៅជាកុមារ, ចេញពីកុមារ ទៅជាយុវវ័យ, ពីយុវវ័យ ទៅជាយុវជន, ពីយុវជន ទៅជាយុវចាស់ …៕