នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើសុន្ទរកថា និងការអធិប្បាយលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់បន្ថែម ចំណុចខ្លះ ដូចតទៅ៖
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី
ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ អនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥» ដែលបានរៀបចំឡើងដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ខ្ញុំ សូមចូលរួមជាមួយ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដើម្បីសំដែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
ជាមួយនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តួចផ្តើម និងខិតខំប្រឹងប្រែង រៀបចំឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នេះឡើង ហើយខ្ញុំក៏សូមថ្លែងនូវការកោតសរសើរចំពោះ ក្រសួង ស្ថាប័ននានា និងដៃគូអភិវឌ្ឍ ដែលតែងបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រយ៉ាងសកម្មចំពោះការរៀបចំគោលនយោបាយនេះ ដែលធ្វើឱ្យគោលនយោបាយនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឤចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត។
ការប្រកាសដាក់ឱ្យអនុវត្តនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» នេះ ពិតជាមានភាពបន្ទាន់ និង ចាំបាច់បំផុត សម្រាប់ផ្តល់នូវយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច ប្រកបដោយបុរេសកម្ម និងឆ្លើយតបបានចំពោះសេចក្តីត្រូវការរបស់កម្ពុជា នៅក្នុងបរិការណ៍ថ្មីនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ព្រមទាំងកត្តាផលលាភប្រជាសាស្ត្រ ជាដើម។
ជាក់ស្តែង គោលនយោបាយនេះត្រូវបានបង្កើតឡើងដោយគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបង្កើតនូវ «យុទ្ធសាស្ត្រ កំណើនសេដ្ឋកិច្ចថ្មី» ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និង សភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដែលក្នុងនោះរួមមាន៖ ទី១) ភាពអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ជាពិសេសក្នុងក្របខណ្ឌនៃការបង្កើតសហគមន៍សេដ្ឋកិច្ចឤស៊ាន និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ ទី២) តួនាទីនៃវិស័យឧស្សាហកម្មក្នុងការបង្កើតនូវកំណើន និងការងារថ្មីនៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចបើកចំហ ទី៣) តួនាទីនៃវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយសម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដូចជាវិស័យកសិកម្ម និងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបន្ថែមទៀត និង ទី៤) សារៈសំខាន់នៃវិស័យឧស្សាហកម្ម គឺជាការដ្ឋាននៃការកែទម្រង់ រចនាសម្ព័ន្ធ និង ស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ប្រាកដណាស់ថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ គឺជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ដូច្នេះចំពោះមុខនេះ ពិតជាគ្មានការសង្ស័យទេថា គោលនយោបាយនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកសម្រេច បាននូវទិសដៅនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព។ ហើយការអនុវត្តគោលនយោបាយនេះ ពិតជាបានគូសបញ្ជាក់ពីការវិវត្ត និងភាពរីកចម្រើនថ្មីមួយទៀតរបស់កម្ពុជាផងដែរ។
ជាក់ស្តែង ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងទៅនេះ យើងរក្សាបានយ៉ាងរឹងមាំនូវស្ថេរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានធ្វើឱ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ, ទាំងវិស័យនយោបាយ, សេដ្ឋកិច្ច និងសង្គម។ ជាមួយនេះ ពីនីតិកាលមួយ ទៅនីតិកាលមួយទៀត ជាបន្តបន្ទាប់, នយោបាយនៅកម្ពុជាកាន់តែឈានទៅរកភាពចាស់ទុំ ដែលធ្វើឱ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យ កាន់តែមានលក្ខណៈល្អប្រសើរឡើងជាលំដាប់ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ជាបន្តបន្ទាប់មកនេះ យើងបានរំដោះប្រជាជនកម្ពុជារាប់លាននាក់ ឱ្យចាកផុតពីអន្ទាក់នៃភាពក្រីក្រ តាមរយៈការផ្តល់នូវក្តីសង្ឃឹម និងភាពជឿជាក់ខ្ពស់ ចំពោះជោគវាសនាអនាគតរបស់ប្រជាជនម្នាក់ៗ, របស់គ្រួសារ និងប្រទេសជាតិទាំងមូល ហើយកម្ពុជាកំពុងរីករាយទទួលយកនូវវិបុលភាពខ្ពស់មួយ ដែលនឹកស្មានមិនដល់។ ប្រការនេះមិនត្រឹមតែបញ្ជាក់ឱ្យឃើញថា កម្ពុជាបាន និងកំពុងដើរលើផ្លូវត្រូវ នៅក្នុងការស្តារ, កសាង និងអភិវឌ្ឍប្រទេស ក្រោយពីត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាព «ហ៊ានធ្វើ-ហ៊ានទទួលខុសត្រូវ» របស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុប្រទេសជាតិយ៉ាងពិតប្រាកដ។
ក្នុងទិដ្ឋភាពសេដ្ឋកិច្ច កម្ពុជាបានទាញយកសក្តានុពលពីវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងអំឡុងពីរទសវត្សរ៍កន្លងមក ហើយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់។ ទន្ទឹមនោះ ក្បាលម៉ាស៊ីនរុញច្រានកំណើន រួមមានវិស័យស្រូវ, វិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលមកដល់ពេលនេះ ត្រូវបានរុញច្រានដល់ដែនកំណត់មួយ។ យ៉ាងណាមិញ ក្នុងជំហានបន្ទាប់ យើងត្រូវបន្តពង្រីកដែន នៃការអភិវឌ្ឍវិស័យទាំងនេះបន្ថែមទៀត និងស្វែងរកក្បាលម៉ាស៊ីនកំណើនថ្មីៗផងដែរ។
ជារួម យើងក៏បានពិនិត្យឃើញថា វិស័យឧស្សាហកម្មកម្ពុជាមានសភាពទន់ខ្សោយនៅឡើយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈផលិតកម្មមានលក្ខណៈសាមញ្ញ និងតូចចង្អៀត, ការប្រមូលផ្តុំជុំវិញផលិតកម្មសម្លៀកបំពាក់, សំណង់ និងការកែច្នៃម្ហូបឤហារ ហើយមូលដ្ឋានផលិត ភាគច្រើនជាលក្ខណៈគ្រួសារ និងមិនទាន់មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ក្នុងទីផ្សារអន្តរជាតិ។ ម៉្យាងវិញទៀត រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានបែបផែនជាឧស្សាហកម្មអតិពលកម្ម, ខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផលិតកម្មមានលក្ខណៈសាមញ្ញ, តម្លៃបន្ថែមទាប និងផលិតផលភាគច្រើនជាផលិតផលពាក់កណ្តាលសម្រេច។ ដូច្នេះ សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសក្នុងគោលដៅសម្រេចបាននូវ ឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់, ការប្រែក្លាយពីវិស័យឧស្សាហកម្មអតិពលកម្ម ទៅរកឧស្សាហកម្មដោយប្រើប្រាស់ជំនាញ កម្ពុជាចាំបាច់ត្រូវខិតខំជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព, សក្តានុពល និងកាលានុវត្តភាពទាំងឡាយ ដែលកំពុងផ្តល់នូវភាពអំណោយផលចំពោះការអភិវឌ្ឍវិស័យនេះ។ ក្នុងន័យនេះ យើង យល់ច្បាស់ថា សម្រាប់កម្ពុជាវិស័យឧស្សាហកម្មនៅមានសក្តានុពលបន្ថែមទៀត ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី ប្រកបដោយជវភាពបំផុតសម្រាប់រុញកំណើនសេដ្ឋកិច្ចកម្ពុជាទៅមុខទៀត។
ជាងនេះទៅទៀត ខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្ពុជាឤចស្វែងរកឱកាសថ្មីៗបន្ថែមទៀត ក្នុងការដ្ឋានអភិវឌ្ឍវិស័យឧស្សាហម្មនេះ តាមរយៈការទាញយកផលពីការវិនិយោគលើ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដែលបានអនុវត្តកន្លងមក ពិសេសការប្រើប្រាស់សក្តានុពលនៃស្រទាប់យុវជនជំនាន់ថ្មី ដែលកាន់តែមានចំណេះដឹង, កាន់តែមានសមត្ថភាព និងមានការតស៊ូ ព្យាយាមខ្ពស់ ក្នុងការចាប់ច្បាមយកការងារ និងចូលរួមជំរុញការអភិវឌ្ឍទៅមុខ។ ពិតណាស់ថា ក្នុងការដណ្តើមកាន់កាប់ ជោគវាសនារបស់ខ្លួនឯងនៅក្នុងសតវត្សរ៍ទី ២១ នេះ កម្ពុជាត្រូវខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ប្រកបដោយ «ភាពទន់ភ្លន់ តែរឹងប៉ឹង» ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ឱ្យបោះជំហានទៅមុខ និងរីកចម្រើនជឿនលឿន។
ដោយពិនិត្យឃើញពីសារៈសំខាន់ និងស្ថានភាពអំណោយផល នៃវិស័យឧស្សាហកម្មនៅកម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥» នេះ ដើម្បីជាមគ្គុទ្ទេសក៏ ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា, ជាផែនទីចង្អុលផ្លូវ និងជាក្របខណ្ឌរួមមួយ សម្រាប់យើងទាំងអស់គ្នា ក្នុងការធ្វើសកម្មភាពប្រកបដោយការសម្របសម្រួល, មានគោលដៅរួម និងការទទួលខុសត្រូវច្បាស់លាស់ ដែលនឹងរួមចំណែក ដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ពិសេសជាងនេះទៀត រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនេះឡើង ក្នុងគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដោយផ្តោតលើគោលដៅបីសំខាន់ គឺ៖ ទី១) បង្កើនចំណែកនៃវិស័យឧស្សាហកម្ម និងវិស័យកម្មន្តសាលនៅក្នុង ផសស ទី២) ជំរុញពិពិធកម្មមុខទំនិញនាំចេញ ក្រៅពីសម្លៀកបំពាក់ និងជំរុញការនាំចេញកសិផលកែច្នៃ និង ទី៣) ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម។
ជាមួយនេះ រាជរដ្ឋាភិបាល ក៏បានពិនិត្យឃើញថា ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាប្រឈមនឹងបញ្ហាគន្លឹះចំនួនប្រាំ គឺ៖ ទី១) កង្វះការសម្របសម្រួល និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពក្នុងគ្រប់កម្រិត ពិសេសការគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់អគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ និងឡូជិស្ទីក, ធនធានមនុស្ស និងជំនាញ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ទី២) ការអភិវឌ្ឍមូលដ្ឋានចំណេះដឹងផ្នែកបច្ចេកទេស និងជំនាញដែលជាឤទិភាពសំខាន់ ដើម្បីប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញ និងមានសមត្ថភាពឈោងចាប់យកបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់ ទី៣) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅមិនទាន់គ្រប់គ្រាន់ ពិសេសកង្វះការសម្របសម្រួលក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ការផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, បណ្តាញផ្លូវគមនាគមន៍, លូបញ្ចេញកាកសំណល់ និងការផ្តល់សេវាសាធារណៈឱ្យបានគ្រប់គ្រាន់ ជាដើម ទី៤) ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅមានកម្រិតដែលជាឧបសគ្គដល់ការផ្តល់ហិរញ្ញប្បទានគម្រោងឧស្សាហកម្ម ទាំងយន្តការហិរញ្ញប្បទានសាធារណៈ និងឯកជន និង ទី៥) បញ្ហាទីផ្សារការងារ និងទំនាក់ទំនងឧស្សាហកម្ម ដែលជាកត្តាគន្លឹះក្នុងការធានាស្ថិរភាពទីផ្សារការងារ និងការផ្គត់ផ្គង់កម្លាំងពលកម្ម ក៏ដូចជាការលើកកម្ពស់ផលិតភាព និងជីវភាពរបស់ពលករ។
ឈរលើមូលដ្ឋាននេះ ខ្ញុំសូមគូសរំលេចនូវគោលដៅឤទិភាពឆ្នាំ ២០១៨ ដែលមានសកម្មភាពស្នូល ៤ តម្រូវឱ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើនេះ ក្នុងនោះរួមមាន៖
ទី១ រៀបចំ និងអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម រួមទាំងការពង្រឹង ភាពទុកចិត្ត និងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី។ នេះជាចំណុចឤទិភាពមួយ ពីញ្រេះអគ្គិសនី ជាធាតុចូលគន្លឹះនៃគំនាស់ឧស្សាហកម្ម ។
ទី២ រៀបចំ និងអនុវត្តផែនការមេ សម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជិស្ទីក ក្នុងគោលដៅបង្កើតនូវ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដែលមានសមាហរណកម្ម និងប្រសិទ្ធិភាពខ្ពស់ ពិសេសផ្តោតលើ ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច ភ្នំពេញ-ខេត្តព្រះសីហនុ, ភ្នំពេញ-បាវិត និង ភ្នំពេញ- ប៉ោយប៉ែត ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចគន្លឹះរបស់ជាតិ តាមរយៈការកសាងផ្លូវហាយវ៉េស្តង់ដារអន្តរជាតិ និងការបង្កើតប្រព័ន្ធឡូជិស្ទីកប្រកបដោយប្រសិទ្ធិភាព។
ទី៣ ពង្រឹង និងបន្តអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ ដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្ម, លើកកម្ពស់ផលិតភាព និងកែលម្អកម្រិតជីវភាពរបស់ពលករ តាមរយៈការជំរុញការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញ, ការពង្រឹងយន្តការកំណត់ប្រាក់បៀវត្សអប្បបរមា និងការពង្រឹងសុខដុមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍ឥរិយាបថវិជ្ជមានរបស់សហជីព និងព្រហ្មវិហារធម៌របស់និយោជក ចំពោះនិយោជិត តាមរយៈយន្តការមានស្រាប់បច្ចុប្បន្ន រួមមានជាឤទិ៍យន្តការ «គណៈកម្មាធិការប្រឹក្សាការងារ» និង «គណៈកម្មាធិការផលិតភាពកម្ពុជា» ។
ទី៤ អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលគ្រោងអនុវត្តតាម គោលការណ៍តំបន់រដ្ឋបាលពិសេស ដោយរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ, ក្របខណ្ឌច្បាប់ និងនិយ័តកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ដែលនឹងផ្តល់សិទ្ធិអំណាច និងយុត្ថាធិការពេញលេញ សម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធាន, បញ្ញាញាណ, សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅ ជាប៉ូលសេដ្ឋកិច្ចសំខាន់មួយ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍ ស្របតាមទស្សនាទាននៃការអភិវឌ្ឍប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន ព្រមទាំងប្រែក្លាយជា ទីក្រុងឧស្សាហកម្មបៃតងឤស៊ាន នាពេលអនាគត។
ការដាក់ចេញនូវឯកសារនេះ គឺជាជំហានងាយស្រួលមួយ ប៉ុន្តែការលំបាក និងបញ្ហាប្រឈមក៏នៅមានច្រើន ថែមទៀត ក្នុងការអនុវត្តជាក់ស្តែង។ ក្នុងស្មារតីនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីគូសបញ្ជាក់ហើយគូស បញ្ជាក់ទៀតថា ក្នុងការអនុវត្តគោលនយោបាយនេះ សំខាន់បំផុត គឺទាំងអស់គ្នាត្រូវធ្វើសកម្មភាព និងអនុវត្ត គោលនយោបាយនេះ ឱ្យបានខ្ជាប់ខ្ជួន ដោយបុរេសកម្មផង, សកម្មផង និងអន្តរសកម្មផង។ មានន័យថា ក្រសួង ស្ថាប័ននីមួយៗត្រូវគិត, ត្រូវដឹងថា ខ្លួននឹងត្រូវចូលរួមចំណែកអ្វីខ្លះ ដើម្បីអភិវឌ្ឍវិស័យនេះ, ត្រូវធ្វើ សកម្មភាពអ្វីខ្លះ និងត្រូវរួមសហការគ្នាជាមួយនឹងស្ថាប័នដទៃ ក្នុងការងារនេះបែបណា។ យ៉ាងណាមិញ ការ ពង្រឹងកិច្ចសហការគ្នា ប្រកបដោយការសម្របសម្រួល និងការយកចិត្តទុកដាក់ខ្ពស់ គឺជាចំណែកសំខាន់នៃ ជោគជ័យ ដើម្បីជំរុញការអនុវត្តឱ្យមានវឌ្ឍនភាពទៅមុខ។ ដូច្នេះ «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ដែលត្រូវបាន ផ្តល់សិទ្ធិអំណាចពេញលេញ និងបំពាក់មុខងារចាំបាច់ សម្រាប់ការអនុវត្តផែនការ ក៏ដូចជា ការដោះស្រាយបញ្ហាប្រឈមចំពោះមុខនានា ត្រូវដើរតួនាទីស្នូល និងនាំមុខលើការងារនេះ។ ប៉ុន្តែទោះបីយ៉ាងណា បញ្ហានេះ ជាប់ពាក់ព័ន្ធតួអង្គជាច្រើន ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នោះ។
ក្នុងស្មារតីនេះ និងក្នុងគោលបំណងរួមចំណែកបន្ថែមទៅលើការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម» នេះ ឱ្យកាន់តែសកម្ម, មានប្រសិទ្ធិភាព, ភាពស័ក្តិសិទ្ធិ និងធានាបានជោគជ័យ ខ្ញុំសូមផ្តល់ការណែនាំមួយចំនួន ដូចខាងក្រោម៖
ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបន្តជំរុញ ការកសាងសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេស របស់ ខ្លួនឱ្យបានច្រើនថែមទៀត ជាពិសេសធនធានមនុស្ស និងពង្រឹងយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាពខ្ពស់។
កំណែទម្រង់វិស័យអប់រំ ជះឥទ្ធិពល និងមានប្រតិសកម្មដល់វិស័យដទៃទៀត
… ដោយសារនិយាយដល់បញ្ហាធនធានមនុស្សហើយ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នអប់រំទាំងអស់ ដែលបានចាត់ចែងប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈកាល ២ ថ្ងៃ កន្លងទៅ ប្រកបដោយជោគជ័យ។ ទោះបីថាមកដល់ពេលនេះ យើងស្ថិតក្នុងដំណាក់កាល ដែលឆ្ពោះទៅរកការកែ ដើម្បីប្រកាសលទ្ធផល ក៏ប៉ុន្តែ កំណែទម្រង់មួយនេះ ពិតជាបានឆ្លើយតបទៅនឹងការចង់បានរបស់សង្គមជាតិ។ កំណែទម្រង់មួយនេះបានជះឥទ្ធិពលធំធេងជាមួយនឹងកំណែទម្រង់ដទៃទៀត មិនមែនគ្រាន់តែការផ្លាស់ប្តូរឥរិយាបថរបស់សិស្សដែលត្រូវប្រឡងបាក់ឌុបប៉ុណ្ណោះទេ ក៏ប៉ុន្តែ នេះជាការផ្លាស់ប្តូរឥរិយាបថដ៏ធំនៃសង្គមរបស់យើងតែម្តង រួមមានទាំងសិស្សត្រូវប្រឡង និងសិស្សដែលមិនត្រូវប្រឡងក៏ចាប់ផ្តើមប្រឹង។ ក្រុមគ្រួសារនីមួយៗ មានការផ្លាស់ប្តូរ ប្រែប្រួល តាមរយៈនៃការជម្រុញឲ្យកូនប្រឹងរៀន សហគមន៍ទាំងមូល សង្គមទាំងមូល ចូលរួមយ៉ាងច្រើននៅក្នុងការជម្រុញបំប៉នដល់សិស្សមុនពេលប្រឡង។
… ខ្ញុំគិតថា តាមការអភិវឌ្ឍវិស័យឧស្សាហកម្មនេះ ទាមទារនូវធនធានមនុស្សយ៉ាងខ្លាំង។ កំណែទម្រង់វិស័យអប់រំ ដែលមានអន្តរសកម្មយ៉ាងច្រើននោះ ខ្ញុំសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍ ក្នុងទំនាក់ទំនងរវាងវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងគោលនយោបាយឧស្សាហកម្មសម្រាប់ឆ្នាំ ២០១៥-២០២៥ នេះ។ ហើយខ្ញុំមានក្តីរំពឹងថា កម្ពុជាមិនស្ថិតក្នុងអន្ទាក់នៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនោះទេ យើងនឹងខិតខំរំដោះខ្លួន តាមរយៈការពង្រឹងសមត្ថភាព ការដាក់ចេញគោលនយោបាយថ្មីៗសម្រាប់កំណើន ដែលនឹងរុញច្រានប្រទេសកម្ពុជា មិនឲ្យស្ថិតនៅក្នុងស្ថានភាព (សូម្បីក្នុងការប្រជុំអាស៊ាន និងអាស៊ីបូព៌ា ដែលសន្ទនាជាសកលលើបញ្ហាសេដ្ឋកិច្ច) អន្ទាក់នៃប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបទេ។ ដូច្នេះ តាមរយៈគោលនយោបាយថ្មីនេះ និងការជម្រុញកំណែទម្រង់ទាំងឡាយ ដែលក្នុងនោះកំណែទម្រង់ក្នុងវិស័យអប់រំបានដើរមុខរួចស្រេចទៅហើយ បានជះឥទ្ធិពល និងប្រតិសកម្មយ៉ាងខ្លាំង ជាមួយនឹងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា …។
ទី២ គោលនយោបាយឧស្សាហកម្មនេះ គឺជាកម្មសិទ្ធិរបស់គ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល។ ដូច្នេះ ត្រូវ អនុវត្តក្នុងស្មារតីទទួលខុសត្រូវរួម ប៉ុន្តែ មានការបែងចែកភារកិច្ចច្បាស់លាស់ ដូចមានក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ គឺក្រសួង ស្ថាប័ននីមួយៗត្រូវចូលរួមចំណែកក្នុងបុព្វហេតុកាត់បន្ថយឧបសគ្គដល់ការអនុវត្ត ឬការជំរុញការអនុវត្តឱ្យសម្រេចបានឆាប់រហ័ស ទាំងក្នុងការកសាងក្របខណ្ឌនិយ័តកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និងការបែងចែកធនធាន។ ដោយឡែក ទោះបីថាក្រសួង ស្ថាប័នខ្លះ មិនមានឈ្មោះនៅក្នុងគោលនយោបាយនេះក៏ដោយ ក៏ត្រូវពិនិត្យមើលថា តើខ្លួនឤចចូលរួមក្នុងសកម្មភាពគាំទ្រអ្វីខ្លះផងដែរ។
គ្រប់ក្រសួង និងស្ថាប័ន ចូលរួមអនុវត្តគោលនយោបាយឧស្សាហកម្ម
… ជាចំណុចដែលកាន់តែរំលឹកបន្ថែម។ កុំឃើញថាគោលនយោបាយឧស្សាហកម្មនេះ សម្រាប់តែក្រសួងឧស្សាហកម្ម។ គ្រប់ផ្នែក គ្រប់តួអង្គ សុទ្ធតែមានការពាក់ព័ន្ធទាំងអស់។ តិចថា ក្រសួងធនធានទឹក អត់ពាក់ព័ន្ធអ្វីទាំងអស់។ កុំភ្លេចថា ក្រសួងធនធានទឹកហ្នឹង កាន់តែសំខាន់ ព្រោះត្រូវរកទឹក … ឲ្យគេផលិតចេញជាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មនេះឯង។ យើងត្រូវមើលឃើញឲ្យច្បាស់ ក្រសួងនីមួយៗ សុទ្ធតែមានការពាក់ព័ន្ធ បើទោះបីថានៅក្នុងនេះ គឺក្រសួងខ្លះមានការងារច្រើន ក្រសួងខ្លះមានការងារតិច រហូតដល់អត់មានឈ្មោះក្រសួងខ្លះ ក៏ប៉ុន្តែ សុំកុំភ្លេចថា យើងមិនស្ថិតនៅតែលតោលក្រៅពីក្របខណ្ឌរួមនោះទេ។ អញ្ចឹង ត្រូវទទួលស្គាល់ថា នេះជាកិច្ចការរួមរបស់យើង មិនមែនជាកិច្ចការដោយឡែករបស់ស្ថាប័នណាមួយនោះទេ។
ទី៣ នៅកម្រិតថ្នាក់ក្រោមជាតិត្រូវគិតគូរ រៀបចំឱ្យមានក្របខណ្ឌជាបណ្តើរៗ និងត្រៀមខ្លួនទាក់ទាញការអភិវឌ្ឍឧស្សាហកម្ម ក្នុងតំបន់របស់ខ្លួន ពិសេសការកសាងសមត្ថភាព និងការយល់ដឹងរបស់ខ្លួន ក្នុងការគ្រប់គ្រងរដ្ឋបាល, សន្តិសុខ, សុវត្ថិភាព, រៀបចំសណ្តាប់ធ្នាប់, ទំនាក់ទំនងវិជ្ជាជីវៈ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ទន្ទឹមនេះ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមឤជ្ញាធរថ្នាក់ក្រោមជាតិ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ គឺជាឤទិភាពមួយ។
សិក្សាតំបន់ឧស្សាហកម្មថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ
… បណ្តាខេត្ត រាជធានី ត្រូវតែគិតគូរឲ្យបានច្បាស់។ ស្ថាប័នថ្នាក់ជាតិគ្មានដីទេ។ … ត្រូវតែសិក្សា គ្រប់ទីកន្លែងទាំងអស់ ថាតំបន់ណានឹងក្លាយទៅជាតំបន់ឧស្សាហកម្ម, តំបន់ណាដែលអាចឲ្យមានរោងចក្រសហគ្រាស។ នេះជាចំណុចដែលត្រូវឆ្លើយតប ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ថ្នាក់ជាតិទេ។ អាជ្ញាធរថ្នាក់ក្រោមជាតិមានតួនាទីសំខាន់ ក្នុងហ្នឹងរាប់ទាំងទីតាំងតំបន់រោងចក្រផងដែរ។ យើងមានគោលបំណងមិនមែនគ្រាន់តែប្រមូលផ្តុំរោងចក្រនៅទីក្រុងភ្នំពេញទេ។ យើងចង់ឲ្យរោងចក្ររាយប៉ាយទៅតាមបណ្តាខេត្ត។ អញ្ចឹងខេត្តណាដែលខ្លាំង ខេត្តណាដែលល្អ គឺប្រណាំងប្រជែងនៅក្នុងការទាញឧស្សាហកម្ម ឬសិប្បកម្មទៅកាន់តំបន់របស់ខ្លួន ដើម្បីជម្រុញនូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅទីនោះ។ នៅតំបន់ខ្លះ មិនមានការចាំបាច់សោះ ក្នុងការដឹកវត្ថុធាតុដើមចេញ។ ឧទាហរណ៍ តំបន់ដែលមានដំឡូងមីច្រើន វាមានបញ្ហាដែលគេដាក់រោងចក្រមកផលិត។ ដំឡូងមីគឺវាមាននៅច្រើនខេត្ត អញ្ចឹងខេត្តណាដែលគ្រាន់បើ អាចទាក់ទាញបានរោងចក្រដាក់ផលិតកែច្នៃអាដំឡូងមីនេះ ព្រោះគេមិនអាចដាក់(នៅគ្រប់ខេត្តទេ) … ត្រូវត្រៀមខ្លួនទទួលនូវការរៀបចំតំបន់រោងចក្រ ដែលនឹងត្រូវកើតថ្មីៗ ព្រោះមិនត្រូវប្រមូលផ្តុំតែមួយកន្លែងនោះទេ។ ហើយពលករក៏ងាយដោះស្រាយជាងប្រមូលផ្តុំនៅទីក្រុងភ្នំពេញ។
… និយាយដល់ការជម្រុញអភិវឌ្ឍក្រុងព្រះសីហនុ មិនមែនជាការថ្មីថ្មោងនៃការនិយាយរបស់ខ្ញុំទេ។ ខ្ញុំចង់ឲ្យការតភ្ជាប់រវាងផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅដល់ក្រុងព្រះសីហនុ ក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់រវាងប៉ូលភ្នំពេញ និងប៉ូលខេត្តព្រះសីហនុ។ … ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានមើលឃើញថា រវាងទីក្រុងភ្នំពេញភ្ជាប់ទៅជាមួយនឹងកំពង់ស្ពឺបច្ចុប្បន្ន ក្លាយទៅជាតំបន់រោងចក្រអស់ទៅហើយ ហើយបន្តពីកំពង់ស្ពឺទៅទៀត មានរោងចក្រមួយចំនួនជាបន្តបន្ទាប់។ ចំណុចនេះ ខ្ញុំសូមរំលឹកបន្តិច … នូវការគិតគូរខុសរបស់មនុស្សខ្លះដែលស្រែកនៅក្នុងសភាជាន់នោះ ថារាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេបណ្តោយ ឲ្យប្រជាជនលក់ដីអស់តាមផ្លូវ។ ខ្ញុំថា ខ្ញុំគាំទ្រឲ្យប្រជាជនលក់ដីតាមដងផ្លូវហ្នឹង មូលហេតុអី ទៅ? យើងពិនិត្យមើល កាលពីដើមរវាងភ្នំពេញ និងកំពង់ស្ពឺ មិនបាច់ដល់ត្រឹមហ្នឹងផង តែពី ត្រឹមពេទ្យលោកសង្ឃទៅពោធិចិនតុង សងខាងផ្លូវក្រែងសុទ្ធតែស្រែទេ។ ពីដើម ដីហ្នឹង(នៅ)ក្នុងខេត្តកណ្តាលទេ។ មិនមែនដីភ្នំពេញទេ។ ខ្ញុំជាអ្នកចុះហត្ថលេខាកាត់ដី(ឲ្យមក)ខណ្ឌដង្កោ ពីដើមខណ្ឌដង្កោនៅផ្សារពោធិចិនតុង។ តភ្ជាប់ពីត្រឹមពោធិចិនតុងតទៅទៀត ស្រែសុទ្ធ។ តើយើងចង់ឃើញរោងចក្រ ឬចង់ឃើញស្រូវរ៉ុយៗ តាមផ្លូវនេះ? ខ្ញុំគាំទ្រឲ្យប្រជាពលរដ្ឋលក់ដី ព្រោះធម្មតាគេទិញដី ដើម្បីធ្វើរោងចក្រ ឬសណ្ឋាគារ ឬអ្វីដែលទាក់ទិននឹងវិស័យឧស្សាហកម្ម ឬសេវា គេត្រូវការដីល្អ ដែលនៅជាប់នឹងផ្លូវ …។
ទី៤ វិស័យឯកជនត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីជាដៃគូពិគ្រោះយោបល់ផ្នែកគោលនយោបាយជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វិស័យឯកជនត្រូវប្រកាន់ឥរិយាបថ «មិនខ្លាចការបង់ពន្ធ» និង «រីករាយក្នុងការបង់ពន្ធ» ប៉ុន្តែ ត្រូវសកម្មទាមទារឱ្យរាជរដ្ឋាភិបាលវិនិយោគលើការបង្កើនផលិតភាព, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា, ការផ្តល់សេវាសាធារណៈឱ្យឆាប់រហ័ស និងការធានានូវបរិយាកាសល្អប្រសើរក្នុងរយៈពេលវែង ក្នុងន័យជួយបំពេញបន្ថែមដល់ការរីកលូតលាស់នៃវិស័យឯកជន។
… ចំណុចត្រង់នេះ ត្រូវមានទៅ និងមានមក។ វិស័យឯកជន មិនខ្លាចបង់ពន្ធ តែត្រូវរីករាយក្នុងការបង់ពន្ធ ហើយបង់ពន្ធឲ្យត្រូវតាមអ្វី ដែលជាធាតុពិត។ ប៉ុន្តែ ត្រូវទារពីរដ្ឋត្រឡប់ទៅវិញ នូវចំណុចទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងបរិយាកាសដទៃទៀត ដែលជម្រុញឲ្យវិស័យឯកជនមានភាពរីកលូតលាស់។ … ត្រូវមានទៅមានមកកន្លែង ឬភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ថ្ងៃមុន យើងបានទទួលទានអាហារជាមួយគ្នា ក្នុងវិស័យឯកជន អញ្ចឹងទេ ត្រូវរួមគ្នាធ្វើកិច្ចការងារហ្នឹង។ ខ្ញុំគិតថា ១ ឆ្នាំ ជួបគ្នាម្តង តាមរបៀបនៃភាពជិតស្និទ្ធរបស់យើង។ យើងកំពុងតែ(រកពេលវេលា) ពេលវេលាកាន់តែខើចយកតែមែនទែនហើយ ព្រោះអញ្ចេះ ក្រុមការងារសកម្មដោះស្រាយបញ្ហា វាមិនជាប់ជំពាក់នឹងបញ្ហាច្រើនទេ …។ ខ្ញុំនៅចាំបាន ពេលប្រជុំចុងក្រោយ … ខ្ញុំគ្រុនតែម្តង។ … តាំងពីពេលនោះមក ការឈប់ជក់បារី បានមកមកដល់ថ្ងៃនេះ … បានចប់ជាស្ថាពរហើយ។
ទី៥ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ដើម្បីកៀរគរធនធាន ហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនេះ។
ទី៦ ពង្រឹងការយល់ដឹងដល់ប្រជាជន និងយុវជនអំពីការអភិវឌ្ឍឧស្សាហកម្ម ដើម្បីឱ្យប្រជាជន និងយុវជន ត្រៀមខ្លួន ដើម្បីទាញយកផលប្រយោជន៍ឱ្យអស់សក្តានុពលពីការអភិវឌ្ឍវិស័យនេះ។ ពីញ្រេះការយល់ដឹងនឹងនាំមកនូវ ការផ្លាស់ប្តូរផ្នត់គំនិត ដែលជាមូលដ្ឋានចាំបាច់ ដើម្បីឱ្យមានការចូលរួម និងការខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីឈានដល់ការសម្រេចជោគជ័យ ក្នុងការអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ។
ទី៧ ត្រូវចាត់ទុកថា ឯកសារនេះ ជាឯកសាររស់ ដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍជារួមរបស់កម្ពុជា គឺប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ ២០៥០។
… មិនមែនត្រឹមតែមិនចង់ទេ យើងត្រូវរើបំរះ ខិតខំឆ្លងកាត់ដំណាក់កាលនៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនេះ ឲ្យដល់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។ (នេះ)ក៏បង្ហាញពីការខិតខំ និងគោលដៅដែលយើងចង់បាន ហើយដែលយើងមិនត្រូវស្កប់ស្កល់ រួចហើយធ្លាក់នៅក្នុងអន្ទាក់នៃប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនោះទេ។ … នេះជាការដាក់ចេញនូវគោលដៅ ព្រោះមនុស្សមួយចំនួនចាប់ផ្តើមនិយាយបន្ទាប់ពីវប្បធម៌សន្ទនា ដែលចាប់ដៃតែជាន់ជើង ត្រូវទទួលការបកអាក្រាត ចាប់ផ្តើមវិលមកនិយាយអំពីបញ្ហាផ្តាច់ការទៀតហើយ។ ខ្ញុំសូមផ្តាំទៅវិញ ពាក្យផ្តាច់ការ ខ្ញុំលឺសូរតាំងពី ៣ ទសវត្សរ៍មុន គ្មានអ្វីចម្លែកទេ។ អស់អីលេង ភូតច្រើន ច្រើនចាញ់អាត្មា។
… លោកជំទាវភារធារីអាមេរិកក៏មកទីនេះ។ ការផ្លាស់ប្តូរដែលយើងបាននិយាយគ្នា ហើយដែលថ្ងៃនោះ(ឯកឧត្តម) វីលៀម ថដ (William Todd) នៅទីនេះ។ ការផ្លាស់ប្តូរមិនមែនមានត្រឹមតែមេដឹកនាំទេ។ ខ្ញុំប្រាប់ វីលៀម ថដ ថា … “ឯកឧត្តមកំពុងនិយាយជាមួយសាស្រ្តាចារ្យម្នាក់ ដែលអាចបង្រៀនឯកឧត្តម និងប្រធានាធិបតីខ្លះលើបញ្ហាការផ្លាស់ប្តូរ។ បើខ្ញុំមិនយល់បាននូវការផ្លាស់ប្តូរ និងគ្រប់គ្រងបានដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំមានលទ្ធភាពអង្គុយបាន ៣០ ឆ្នាំទេ”។ គេថា ៣០ ឆ្នាំ ហ្នឹងហើយ ដែលត្រូវការការផ្លាស់ប្តូរ … រឿងសំខាន់តើវាទៅមុខ ឬមិនទៅមុខ? តែប៉ុណ្ណឹងទេតើ។ … ខ្ញុំក៏ធ្លាប់ជាយុវជនដែរ។ ឥឡូវហ្នឹងជាង ៦០ ឆ្នាំ តែខ្ញុំចាប់ផ្តើមពីយុវជន។ អញ្ចឹងខ្ញុំស្គាល់អំពីតម្រូវការរបស់យុវជន។ ពេលខ្ញុំកាន់ការងារភ្លាម ខ្ញុំត្រូវបម្រើឲ្យការផ្លាស់ប្តូរនៃតម្រូវការរបស់មនុស្ស … មនុស្សគ្រប់រូបត្រូវការការផ្លាស់ប្តូរ។
… ឥឡូវគេបន្តថា រំដោះប្រទេសពីពួកផ្តាច់ការ។ រំដោះទៅណា? សង្គ្រោះទៅណា? ខ្ញុំសោកស្តាយណាស់ (ទទួលទាន)បាយជាមួយគ្នាហើយ … ស្រាប់តែចេញដល់ស្រុកបារាំង សម្ភាសន៍ ថា លោក ហ៊ុន សែន ប្រហែលជាដឹងខ្លួនហើយ បានជាខិតខំធ្វើឲ្យកូនគាត់ ស្គាល់កូនរបស់ខ្ញុំ។ កិត្តិយសរបស់ខ្ញុំរបៀបម៉េច? តើកូនខ្ញុំស្កាត់ពីស្រុកខ្មែរ ទៅជួបកូនគាត់នៅស្វ៊ីស នៅអាមេរិក ឬកូនគាត់ស្កាត់ពីអាមេរិក ពីស្វ៊ីសមក ជួបជុំគ្នានៅស្រុកខ្មែរ? ខ្ញុំមិនបានថា អ្នកណាចង់ជួបអ្នកណាទេ ក៏ប៉ុន្តែ បើសូម្បីតែបញ្ហាទំនាក់ទំនងរបស់គ្រួសារយើងទាំង ២ ក៏យកប្រៀបខាងនយោបាយចំពោះខ្ញុំដែរ តើខ្ញុំអត់ទ្រាំបានទេ? … នេះមិនទាន់និយាយពីរឿងនយោបាយដ៏ស្មោគគ្រោកនៃផែនទី ២៦ ផ្ទាំង បាត់ ២ ផ្ទាំង មិនទាន់រកឃើញ។ ឥឡូវ អស់អីនិយាយហើយ ចាប់ផ្តើមចូលផ្តាច់ការទៀតហើយ។ … ខ្ញុំកំដរបានគ្រប់រសជាតិ គ្រប់រដូវកាល គ្រប់កាលៈទេសៈ កំដរបានទាំងអស់ធ្លាប់អស់ហើយ មានសែន អត់ស៊ី មានស៊ី អត់សែន មិនមែនជាទ្រឹស្តី របស់ខ្ញុំឯណា? ទើបនឹងមកត្រូវគ្នា បែរជាកេងចំណេញតាំងពីទំនាក់ទំនងគ្រួសារ។
… និយាយពីរឿងផ្លាស់ប្តូរ តើការផ្លាស់ប្តូរនៅលើលោកីយនេះ មានត្រឹមតែផ្លាស់ប្តូរមេដឹកនាំឬ? ផ្លាស់ប្តូរពីប្រាក់ចំណូលទាប មកចំណូលមធ្យមកម្រិតទាប និងពីមធ្យមកម្រិតទាប ទៅមធ្យមកម្រិតខ្ពស់ ក៏វាជាប្រភេទនៃការផ្លាស់ប្តូរ។ កុំមើលឃើញតែមួយជ្រុង។
ផែនទីដែលរដ្ឋាភិបាលប្រើ គឺជាផែនទីស្របច្បាប់
… បើយោងទៅលើផ្លូវច្បាប់ ខ្ញុំអត់ត្រូវការរកផែនទីណាមកផ្ទៀងទេ។ ព្រោះអី? នៅឆ្នាំ ២០០៥ សភាបានឲ្យសត្យាប័នលើសន្ធិសញ្ញាបំពេញបន្ថែម ព្រឹទ្ធសភាបានឆ្លង ព្រះមហាក្សត្របានឡាយព្រះហស្តលេខាឲ្យប្រើនូវផែនទីហ្នឹងឯង។ ប៉ុន្តែ ដើម្បីឲ្យពលរដ្ឋខ្មែរអស់ចិត្ត គឺយើងត្រូវរកផែនទីយកមកផ្ទៀង។ ប៉ុន្តែ មិនមែនបានសេចក្ដីថា យើងយកផែនទីផ្លូវការរបស់យើង ទៅផ្ទៀងរបស់គេទេ, យកផែនទីរបស់គេមកផ្ទៀងរបស់យើង។ … ផែនទីដែល(ថា បានយកទៅ)តម្កល់(នៅអង្គការសហប្រជាជាតិ) អគ្គលេខាអង្គការសហប្រជាជាតិថារកមិនឃើញ ប៉ុន្តែយើងនៅតែបន្ដការរុករកតទៅទៀត។ … ខ្ញុំសូមបញ្ជាក់ (ផែនទី)ផ្លូវការ ២៦ ផ្ទាំងនៅទីនេះ ដែលច្បាប់អនុញ្ញាតឲ្យប្រើរួចហើយ។ អ្នកណាក៏ដោយ ហ៊ានប្រើប្រាស់នូវពាក្យថា ផែនទីចោរ ឬផែនទីក្លែងក្លាយត្រូវប្រឈមនឹងផ្លូវច្បាប់ជាបន្ទាន់ អត់មានការលើកលែង ហើយអត់រង់ចាំពេលវេលាទេ …។
យកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ ដើម្បីសន្តិភាព
… បើខ្ញុំមិនយល់ពីការផ្លាស់ប្ដូរ និងមិនមានលទ្ធភាពគ្រប់គ្រងការផ្លាស់ប្ដូរ តើខ្ញុំអាចអង្គុយក្នុងតំណែងនាយករដ្ឋមន្រ្តីបានជាង ៣០ ឆ្នាំដែរឬ? រឿងហ្នឹងជារឿងពិត។ ប្រជាជនត្រូវការសន្តិភាព ខ្ញុំត្រូវទៅរកចរចាដើម្បីរកសន្តិភាព។ ប្រជាជនត្រូវការសន្ដិភាព ខ្ញុំត្រូវរុលចូលតំបន់គ្រោះថ្នាក់ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ។ ម្ដាយ និងម្ដាយធំរបស់ខ្ញុំថា ចូលទៅតំបន់ខ្មែរក្រហម មិនខ្លាចគេសម្លាប់ទេ? ខ្ញុំបានប្រាប់ម្ដាយខ្ញុំថា ម៉ែ! ធំ! បើសិនជាស្លាប់ ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយខ្ញុំប៉ុន្មាននាក់តែប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញ បានផែនដីទាំងមូល។ តើនេះមិនមែនជាការរៀបចំ និងគ្រប់គ្រងការផ្លាស់ប្ដូរទេ? តើការផ្លាស់ប្ដូរ មានត្រឹមតែដូរមេដឹកនាំតែប៉ុណ្ណោះទេឬ? ប្រយ័ត្នការផ្លាស់ប្ដូរ(ដូច) ពីសម្ដេច សីហនុ មក លន់ នល់ កើតសង្រ្គាម ហើយដូរពី លន់ នល់ មក ប៉ុល ពត ប្រល័យពូជសាសន៍, ប្រយ័ត្នជា(ការផ្លាស់ប្តូររបៀប)ហ្នឹង។ រឿងវាអញ្ចឹង ហើយវាមាននិន្នាការទៅអញ្ចឹង។ អ្នកឯងនិយាយពីផ្ដាច់ការ និយាយពីស្អីវិញ ខ្ញុំ(ក៏)និយាយអីចឹងវិញ…។
បក្សប្រឆាំងថា មានមហាអំណាចចាំជួយ
… ឥឡូវ គេថា មានប្រទេសមហាអំណាចមួយចាំជួយគេ។ សូមសួរលោកជំទាវភារធារីអាមេរិក តើជាអាមេរិកមែន ឬអត់? ព្រោះគេថាអញ្ចឹង។ ឥឡូវ គេម៉ៃទៅរកតែអាមេរិកហ្នឹង … ប៉ុន្តែ ខ្ញុំសុំប្រជាពលរដ្ឋជា្របឲ្យច្បាស់ គោលនយោបាយឧស្សាហកម្មនេះ រៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច, រៀបចំដោយខ្មែរគ្នាឯង។ បែរជាមានបក្សនយោបាយមួយថា ត្រៀមឈ្នះ ហើយមហាអំណាចមួយត្រៀមជួយ។ អញ្ចឹងទេ បើធុនអញ្ចឹងដែរ ដឹកនាំប្រទេសបានការអី? បោះឆ្នោតឲ្យដូចបោះឆ្នោតឲ្យមហាអំណាចចូលមកជ្រៀតជ្រែកកិច្ចការរបស់ខ្មែរ។ បន្តបោះឆ្នោតឲ្យគណបក្សប្រជាជន បន្តគាំទ្រ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី អាហ្នឹងមានស្ថេរភាពជាងស្អីទាំងអស់។ … បើគ្រាន់តែបោះឆ្នោតឲ្យមនុស្សធ្វើជាខ្ញុំ(អ្នកបម្រើ)គេដដែល មិនបាច់បោះទេ។ គេមិននិយាយបញ្ចេញឈ្មោះអ្នកណាទេ ប៉ុន្តែគេសង្ស័យច្រើនលើអាមេរិក … ខ្ញុំមិនជឿថា អាមេរិកល្ងង់ដល់កម្រិតនោះទេ។ ប៉ុន្តែ ស្អីក៏ដោយនៅស្រុកខ្មែរពូកែខាងប្រើឈ្មោះអាមេរិក។ គេថា ឲ្យតែឈ្នះ រដ្ឋមួយជួយខេត្តមួយ ឃុំមួយ ភូមិមួយ …។
… ឥឡូវយើងខិតខំផ្លាស់ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មបង្កើតតម្លៃបន្ថែម។ ពិតហើយដំណាក់កាលនេះ រក្សាចាស់ បង្កើតថ្មី ក្តាប់ឲ្យបាន អត់មានទៅរំលាយចោលឧស្សាហកម្មអតិពលកម្ម ដែលកំពុងប្រើពលករយ៉ាងច្រើននៅពេលនេះទេ។ រក្សា និងទាញថ្មីចូល ដែលមានបច្ចេកវិទ្យាខ្ពស់។ គោលដៅសំខាន់របស់យើងនៅទីនេះ ទី ១ ឧស្សាហកម្មដែលប្រើប្រាស់កែច្នៃវត្ថុធាតុដើមក្នុងស្រុក ទី ២ ឧស្សាហកម្មដែលមានចរិកសកល ដូចជាការធ្វើម៉ូទ័រ ការតម្លើងក្បាលរថយន្តអីនៅកម្ពុជានេះ សុទ្ធតែយកទៅបំពាក់ឲ្យឧស្សាហកម្មរថយន្តនៅកន្លែងដទៃ។ តើនេះមិនមែនជាការផ្លាស់ប្តូរទេអី?
ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា ទោះបីជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលនូវភារកិច្ចដ៏ធ្ងន់ធ្ងរនេះ ប៉ុន្តែ ក្រោមការដឹកនាំរបស់កិត្តិសេដ្ឋាបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់ ក្នុងកម្រិតនយោបាយ និងឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ-អមនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងកម្រិតបច្ចេកទេស ព្រមទាំងការគាំទ្រពីសំណាក់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ខ្ញុំជឿជាក់ថា យើងពិតជាឤចសម្រេចបានតាមចក្ខុវិស័យ ដែលបានដាក់ចេញនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំក៏សូមសម្តែងនូវការកោតសសើរ និងវាយតម្លៃ ខ្ពស់ចំពោះឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំនូវគោលនយាបាយដ៍មានសារៈសំខាន់នេះឡើង។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រប់ដៃគូ ដែលបានរួមចំណែកផ្តល់មតិ និងការគាំទ្រ ពិសេសវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (ក្រោមកម្មវិធីចែករំលែកចំណេះដឹង), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន, អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ, ធនាគារអភិវឌ្ឍន៍ឤស៊ី និងធនាគារពិភពលោក។ ខ្ញុំពិតជាមានការពេញចិត្ត និងមានមោទនភាពក្រៃលែងដែលឯកសារ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» នេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើង ដោយកូនខ្មែរយើងផ្ទាល់។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» នេះ ខ្ញុំសូមប្រសិទ្ធិពរឱ្យសុច្ឆន្ទៈ និងមនសិការនៃភាពជាម្ចាស់, ការទទួលខុសត្រូវ, កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែក ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អទាំងនេះ កាន់តែរីកដុះដាលរឹងមាំឡើង និង ផ្តល់ជាផ្លែផ្កាថែមទៀត ដើម្បីធានាជំរុញ អនុវត្តនូវគោលនយោបាយនេះ បានប្រកបដោយជោគជ័យតាមការរំពឹងទុក។ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់៕