ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា នាពេលនេះ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និងមន្ត្រីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារតាមមូលដ្ឋាននានាទូទាំងប្រទេស ស្វែងយល់អំពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជា-ពលរដ្ឋ។
ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានខិតខំកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន និងការចូលរួមជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងមធ្យោបាយ សម្ភារ:ដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះគ្រោះធម្មជាតិ និងគ្រោះថ្នាក់នានា ក៏ដូចគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាបានរៀបចំផែនការចុះពង្រឹងមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋានទូទាំងប្រទេសដោយទទួលបាននូវសមិទ្ធផលសំខាន់ៗ រួមមាន៖
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
(១) ការបញ្ជូនមន្ត្រីចុះមូលដ្ឋានត្រូវបានអនុវត្តតាំងពីឆ្នាំ ១៩៨២
ខ្ញុំចង់បញ្ជាក់ជូនបន្ដិចនៅទីនេះ។ ហាក់ដូចជាការគាប់ជួនឬការដើរត្រូវទិសតាំងពីដំណាក់កាលដំបូង។ ប្រហែលជាអស់លោកលោកស្រីមួយចំនួននៅចាំ យើងបានពង្រាយមន្ដ្រីចុះមូលដ្ឋានតាំងពីឆ្នាំ១៩៨២។ បើខ្ញុំមិនច្រលំទេ ពេលនោះខ្ញុំនៅកាន់ក្រសួងការបរទេស ហើយបន្ដបន្ទាប់យើងបានបញ្ជូនមន្ដ្រី ពេលខ្លះបញ្ជូនមន្ដ្រីទៅកាន់ជាអភិបាលរងស្រុក ឬប្រធានស្រុកនៅពេលនោះ។ សូម្បីមន្ដ្រីការទូត មុននឹងបញ្ជូនទៅធ្វើទូតត្រូវចុះមូលដ្ឋាន។ ឧទាហរណ៍មន្ដ្រីនៅក្រសួងការបរទេសដូចជា ឯកឧត្តម សៀង គឹមហ៊ន់ លោក ភី ថាច ជាដើម យើងបានបញ្ជូនចុះមូលដ្ឋាន។ ម្ខាងទៀត ទាក់ទិននឹងការអនុវត្ដការផ្ដល់អំណាចទៅដល់មូលដ្ឋានគឺមានតាំងពីដំណាក់កាលមុននោះ ប៉ុន្ដែវាត្រូវបានបំផ្លាញដោយអ្នកដែលមានចេតនាបំផ្លាញ។ (ដោយហេតុនេះ)បានជាយើងត្រូវធ្វើឡើងវិញអំពីការប្រគល់អំណាចទៅឲ្យមូលដ្ឋាន។
(២) មូលដ្ឋានជាគ្រឹះរបស់គណបក្សប្រជាជន ក្រោយឆ្នាំ១៩៩៣ គេមានចេតនាធ្វើឲ្យមូលដ្ឋានទន់ខ្សោយ
ពួកគេចង់សំលាប់មូលដ្ឋានដោយដឹងច្បាស់ថាមូលដ្ឋានគឺជាគ្រឹះរបស់គណបក្សប្រជាជន។ ដូច្នេះក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ពួកគេមានចេតនាធ្វើឲ្យមូលដ្ឋាន(ទន់ខ្សោយ)។ ខេត្តមួយ(ត្រូវបានកំណត់អោយក្នុង)មួយខែមានប្រាក់ត្រឹមតែ ១លានរៀលទេ។ ខ្ញុំបានចុះទៅដឹកនាំរៀបចំផែនការវាយប៉ៃលិន។ នៅខេត្តបាត់ដំបងខ្ញុំសួរគ្នាបញ្ជាក់ មួយខែឲ្យគ្នាចាយ ១លានរៀល។ យកទៅចាយអី? អញ្ចឹងទេ ខ្ញុំនិយាយតាមមួយបែប គេមានចេតនាជាក់លាក់។ បើពេលនោះធ្វើតាមតែអ្វីដែលអតីតរដ្ឋកម្ពុជាបានធ្វើ ល្បឿននៃកំណែទំរង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដើរលឿនជាងនេះច្រើនដង។ ពេលនោះ បើមានដាច់ស្ពានត្រឹម ១០ ឬ ២០ម៉ែត្រ មិនចាំបាច់ក្រសួងសាធារណៈការទៅធ្វើទេ គឺមូលដ្ឋានធ្វើតែម្ដង។
(៣) មន្ត្រីថ្នាក់កណ្តាលចុះមូលដ្ឋាន រួមដោះស្រាយបញ្ហា
យើងបានប្រគល់អំណាចឲ្យច្រើន។ ប្រគល់អំណាចទាំងកងទ័ព ទាំងនគរបាល គឺជាគណៈបញ្ជាការឯកភាព។ ឯការបញ្ជូនមន្ដ្រីចុះមូលដ្ឋាន មិនមែនជារឿងថ្មីថ្មោងទេ។ សម្រាប់គណបក្ស យើងបានធ្វើរហូត(មក)។ ចំពោះរឿងបញ្ជូនមន្ដ្រីរាជរដ្ឋាភិបាលចុះទៅគាំទ្រមូលដ្ឋាន យើងជជែកគ្នានៅកន្លែងហ្នឹង ហើយយើងក៏មកបិទនៅចុងនីតិកាលកន្លែងនេះវិញ។ ខ្ញុំបានសង្កេតឃើញថា ពេលមន្ដ្រីខាងលើចុះទៅមិនបានធ្វើឲ្យបាត់់ការទទួលខុសត្រូវរបស់មូលដ្ឋានទេ។ ប៉ុន្ដែផ្ទុយទៅវិញបានរួមគ្នាដោះស្រាយបញ្ហា។
[ចប់សេចក្តីអធិប្បាយ ១]
- រាជរដ្ឋាភិបាលរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ជាពិសេស រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងស្ថានភាពដែលសភាពការណ៍ក្នុងតំបន់ និងពិភពលោក កំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ជាពិសេសសង្រ្គាមរុស្សី-អ៊ុយក្រែន រួមជាមួយនឹងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានផលប៉ះពាល់មកលើសន្តិសុខ និងការលូតលាស់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
- រាជរដ្ឋាភិបាលបានជំរុញអនុវត្តជាប់ជាប្រចាំនូវកម្មវិធីកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណមានភាពប្រទាក់ក្រឡាគ្នា សម្រេចបានសមិទ្ធផលតាមការគ្រោងទុក ទាំងការកែទម្រង់រដ្ឋបាល-សាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកម្មវិធីកែទម្រង់តាមវិស័យនានា ដើម្បីធានាការលើកកម្ពស់អភិបាលកិច្ច ក្នុងវិស័យសាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។
- រាជរដ្ឋាភិបាលបានចាត់វិធានការមុតស្រួចក្នុងការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធជំនួយសង្គម ដើម្បីជួយគាំពារដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិនៃជំងឺកូវីដ-១៩ គ្រួសារក្រីក្រងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ក្នុងរដូវវស្សាកន្លងមក និងកម្មវិធីជំនួយសង្គមមួយចំនួនទៀតសម្រាប់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស។ ផ្អែកលើគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងកិច្ច ខិតខំប្រឹងប្រែងខាងលើនេះ រាជរដ្ឋាភិបាលបានទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនឱ្យមានភាពប្រក្រតី តាមរយៈការស្តារ និងការជំរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនឡើងវិញយ៉ាងឆាប់រហ័ស។
- ចំពោះការអនុវត្តគោលនយោបាយការបរទេស ដែលក្នុងស្ថាន-ភាពពិភពលោកកំពុងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស រាជរដ្ឋាភិបាលបានអនុវត្តនូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយភាពបត់បែនទៅនឹងការប្រែប្រួល និងសម្ពាធភូមិសាស្ត្រនយោបាយ ដោយធានាការពារបាននូវឯករាជ្យ អធិបតេយ្យជាតិ សុខសន្តិភាព ស្ថិរភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ក្នុងក្របខណ្ឌតំបន់ កម្ពុជាសម្រេចបានដោយជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាន កាលពីឆ្នាំ២០២២ និងការទទួលរៀបចំប្រកបដោយជោគជ័យ និងជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ ដោយឡែក ក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួមដើរតួនាទីយ៉ាងសកម្មដោយស្មើភាព ស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងកិច្ចការសំខាន់ៗ ជាច្រើនក្នុងសកលលោក។
បច្ចុប្បន្ន សមិទ្ធផលដែលកម្ពុជាទទួលបាន គឺមានច្រើនឥតគណនា ហើយទីស្តីការគណៈរដ្ឋមន្ត្រីក៏បានធ្វើការបោះពុម្ពផ្សព្វផ្សាយរួចហើយ នូវរបាយការណ៍អំពីសមិទ្ធផលសំខាន់ៗនៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។
រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន ហើយនៅតែបន្តចាត់ទុកការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវការរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋរាល់គ្រាលំបាក និងគ្រប់កាលៈទេសៈ។
ដូច្នេះ សម្រាប់ដំណាក់កាលពីពេលនេះ រហូតដល់ពេលរាជរដ្ឋា-ភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះបំពេញបេសកកម្មតាមមូលដ្ឋាន ឱ្យបានសស្រាក់សស្រាំ តាមរយៈការពង្រឹងមូលដ្ឋានលើកិច្ចការសំខាន់ៗ រួមមាន៖
- ត្រូវបន្តខិតខំថែរក្សា ពង្រឹងសុខសន្តិភាព ស្ថិរភាព និងរក្សាការពារសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន ត្រូវបង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
- ត្រូវសហការចូលរួមអប់រំ បំផុស លើកទឹកចិត្តប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមគោរពអនុវត្តឱ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
- ត្រូវពង្រឹង និងចាត់វិធានការស្របតាមច្បាប់ ដើម្បីការពារ និងរារាំងគ្រប់សកម្មភាពដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ឆាប់ខាងមុខនេះ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
(៤) វិសោធនកម្មច្បាប់បោះឆ្នោត ការពារដំណើរការបោះឆ្នោតទាំងមូល
ចំណុចនេះបានបញ្ជាក់ថា យើងបានធ្វើវិសោធនកម្មច្បាប់។ វិសោធនកម្មច្បាប់នេះទៀតសោត វិសាលភាពនៅពេលនេះមិនមែនគ្រាន់តែត្រឹមកែទំរង់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតទេ ក៏ប៉ុន្ដែយើងត្រូវតែមានវិធានការមួយចំនួនការពារដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ រហូតទៅដល់កិច្ចការផ្សេងៗ ទាក់ទងនឹងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់យើងបាន … បន្ទាប់ពីប្រតិកម្ម យើងបានធ្វើសកម្មភាពមែន។ ឥលូវពួកគេកំពុងតែជ្រួលច្របល់ថាតើនឹងធ្វើអ្វីទៀត? យើងត្រូវតែធ្វើសកម្មភាពដែលមិនអាចអត់ឱនឲ្យចំពោះអ្នកណាក៏ដោយដែលមានចេតនាបំផ្លាញនូវការអនុវត្ដលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
(៥) ពហិកាមិនចូលរួមបោះឆ្នោត ស្មើនឹងសំលាប់សិទ្ធិនយោបាយរបស់ខ្លួន
ថ្ងៃស្អែក សម្ដេច ក្រឡាហោម នឹងទៅការពារ(ច្បាប់ចំពោះមុខ)គណៈកម្មាការសភា ហើយនឹងត្រូវឆ្លងកាត់ ការប្រជុំ តាមគំរោងនៅថ្ងៃ ២៣(មិថុនា) សភានឹងដំណើរការប្រជុំ។ សម្ដេចក្រឡាហោមនិងឯកឧត្តម កើត រិទ្ធ ត្រូវទៅការពារច្បាប់នេះ។ ច្បាប់នេះនឹងចូលជាធរមាន។ យើងក៏ចង់ដឹងថា ជើងខ្លាំងនៅកន្លែងណាដែលចេញមក។ ពហិការមិនចូលរួមបោះឆ្នោត។ យើងអំពាវនាវឲ្យអ្នកឯងពហិការចុះ។ ការពហិការរបស់អ្នកឯងស្មើនឹងសំលាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ។ បើអ្នកឯងខ្លាំងអ្នកឯងកុំទៅបោះឆ្នោត។ ប្រសិនបើអ្នកឯងមិនបានបោះឆ្នោតថ្ងៃ ២៣កក្កដា ខាងមុខទេ អ្នកឯងនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅឆ្នាំ២០២៨។ បើទោះបីអ្នកឯងបានទៅបោះឆ្នោតនៅឆ្នាំ២០២៧ សំរាប់ការបោះឆ្នោតឃុំសង្កាត់ក៏ដោយ។ លក្ខខណ្ឌដើម្បីឈរឈ្មោះសំរាប់បោះឆ្នោតតំណាងរាស្ដ្របាន ទាល់តែបោះឆ្នោតសកលបាន ២ដង ក្នុងសេចក្ដីព្រាងច្បាប់។
(៦) បោះឆ្នោតឆ្នាំ២០២៧/ឆ្នាំ២០២៨ ដើម្បីមានសិទ្ធិបោះឆ្នោតឆ្នាំ ២០៣២ … តែឥឡូវអាយុ៧០ហើយ
បើអញ្ចឹង បើអ្នកឯងមិនបានបោះឆ្នោតលើកនេះ (ហើយ)បោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដើម្បីទៅមានសិទ្ធិបោះឆ្នោតឆ្នាំ ២០៣២ ក៏អ្នកឯងចាំទៅ។ ឥលូវអាយុពួកអ្នកឯង ៧០អស់ហើយ។ អញ្ចឹងអ្នកឯងនៅបានទៀតទេ? … ធ្វើជាអ្នកខ្លាំងរហូតទៅ។ ពហិការកុំបោះ។ អ្នកមិនទៅបោះឆ្នោតលើកនេះ ក៏គ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើមេឃុំចៅសង្កាត់នៅឆ្នាំ ២០២៧ផងដែរ។ អ្នកដែលមិនចូលរួមបោះឆ្នោតថ្ងៃទី ២៣ ខែ(កក្កដាខាង)មុខនេះ ក៏គ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជាសមាជិកព្រឹទ្ធសភាព ជាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង។ ដែលកន្លងទៅពួកអ្នកឯងស្រែកនៅគ្រប់អង្គប្រជុំដែលយើងក្ដាប់បានថា “កុំទៅបោះៗ” នោះ … បើថាអ្នកឯងខ្លាំង អ្នកឯងពូកែ អ្នកឯងកុំទៅបោះ។ មិនទៅបោះស្មើនឹងកាត់សិទ្ធិខ្លួនឯង ច្បាប់នឹងចេញអ្នកឯងប្រាកដច្បាស់ជា(មិនមានច្រកណាផ្សេងទៀតទេ)។
(៧) បើធ្វើបំពានលើការយោគយល់ មានតែវិធានការច្បាប់
ឥលូវ គេប្រមូលផ្ដុំទៅទិសដៅមួយផ្សេងទៀត ប៉ុន្ដែសាកល្បងលមើល។ មានប៉ុន្មាននាក់ដែលហ៊ានទៅចលនាឲ្យធ្វើរឿងហ្នឹង។ អ្នកឯងនឹងអាចជាប់នូវទោស។ កន្លងទៅគេយោគយល់រក្សាទុកឲ្យអ្នកឯង ប៉ុន្ដែដល់អ្នកឯងធ្វើហួស។ យើងគ្មានជំរើសណាក្រៅពីវិធានការច្បាប់ទេ។ តែច្បាប់ចេញហើយអ្នកឯងប្រថុយជាមួយច្បាប់ វាមានតែគុកព្រៃស ត្រពាំងថ្លុង ព្រះវិហារ។ គេធ្វើគុកសំរាប់ដាក់មនុស្សខូចតើ។ នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយដែលអត់មានគុក អត់មានខ្នោះ អត់កាំភ្លើងទេ។ ឥលូវបែបចង់ស្វាង។ ខ្ញុំដឹងថានៅភ្នំពេញប៉ុន្មានថ្ងៃមុននេះប្រជុំបន្ទាន់ភ្លាមៗ ថាឈប់និយាយអីទាំងអស់គឺរក្សានូវសមិទ្ធផលដែលនៅសេសសល់តិចតួចហ្នឹង។ បើដឹងអញ្ចឹង ម៉េចក៏មិននិយាយយូរហើយ។ (ម្តេចក៏បំផុសបំផុលរឿង)មិនទៅបោះ(ឆ្នោតជា)សិទ្ធិរបស់ខ្ញុំៗ។ បើចិត្តសឿងហ្អែងកុំទៅបោះ …។
(៨) ជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០បូក១ លើកអំនាចឲ្យគណបក្សប្រជាជន
នេះបើនិយាយពីភាពខ្វះការចេះដឹងវាខុសពីគ្រូពេទ្យ។ គ្រូពេទ្យគ្រាន់បើជាងពួកនយោបាយនេះខ្លាំងណាស់។គ្រូពេទ្យមុនគេឲ្យថ្នាំនេះ ថាថ្នាំនេះលេបទៅជាអានេះ ប៉ុន្ដែវាអាចមានឥទ្ធិពលទៅលើអីទៀត។ គ្រូពេទ្យគេពូកែជាង។ អ្នកនយោបាយធុនអន់។ វាស្រែកថាវានឹងគ្រប់គ្រងប្រទេស។ បើល្ងង់អញ្ចឹងៗ មកគ្រប់គ្រងប្រទេសម៉េចនឹងកើត។ យើងមិនផ្ចាញ់ផ្ចាលនឹងអំពើខុសឆ្គងរបស់វាទេ ក៏ប៉ុន្ដែចង់ចង្អុលបង្ហាញថាមេដឹកនាំរបស់វាភ្លើ។ មូលហេតុភ្លើហ្នឹងហើយ ដែលធ្វើឲ្យយើងមានកំលាំងដល់សព្វថ្ងៃ។ ម៉្ងៃៗជេរតែហ៊ុនសែនភ្លើ។ ប៉ុន្ដែឥលូវ អ្នកណាដែលងាយស្រួលប្រើ? ខ្ញុំប្រើអាមួយនឹងស្រួលជាងប្រើអ្នកណាទៀត ប្រើឲ្យជួយកែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូកមួយ … អញ្ចឹងអ្នកណាភ្លើជាងអ្នកណា? អ្នកណាដែលអ្នកលើកអំនាចឲ្យគណបក្សប្រជាជនបានយ៉ាងស្រួល។ ពីដើមគេឌឺទៀត។ មាន ៧៣ អាសនៈ ទៅសុំគេប្រជុំសភា។ គេឌឺទៀតថាបើសឿង ម៉េចចាំបាច់មកសុំគេប្រជុំសភា? គ្រាន់តែស្នើសុំប្រជុំសភាដើម្បីអនុម័តច្បាប់ក៏ត្រូវទៅអង្វរគេដែរ។ ជម្រើសដែលនៅសល់គឺកែពី ២ភាគ ៣ មកនៅ ៥០ បូក ១។ អញ្ចឹងដល់តែ ៥០ បូក ១ ប្រើក្បាលអាណាអោយជួយ?
(៩) នាំគ្នារត់ទៅក្រៅឆ្នាំ២០១៧ និង២០១៨ ធ្វើអោយមិនមេដឹកនាំ(ប្រឆាំង)នៅក្នុងប្រទេស
ប្រើក្បាលអាអ្នកស្រែកជេរខ្ញុំថាអាល្ងង់នោះ។ អញ្ចឹងអាហ្នឹងវាស្អីវា? អរគុណដែលឆ្នាំ ២០១៧ និង ២០១៨ នាំគ្នារត់ទៅក្រៅអស់។ ដល់រត់ទៅក្រៅអស់ មានមេដឹកនាំណានៅក្នុងប្រទេស? ហ្នឹងរឿងរបស់ហ្អែងតើ។ ឥលូវចេះស្រែកថាកុំបោះឆ្នោតទៀត។ អញ្ចឹងហ្អែងធ្វើទៅ។ តែច្បាប់ចេញរួចហើយល្អមើលតើ។ បានសេចក្ដីថា គណបក្សដទៃមានលទ្ធភាព ព្រោះពួកជ្រុលនិយមអត់បានឈរឈ្មោះ ព្រោះវាកាត់សិទ្ធិខ្លួនវា។ ច្បាប់គេអត់អនុញ្ញាត … យើងគួរបង្រៀនវាខ្លះ … ហើយអ្នកធ្លាប់ជឿថាអាហ្នឹងដឹកនាំពូកែ ថាអាមេដឹកនាំហ្នឹងហើយដែលនាំខុស នាំដល់អញរលាយ រលាយទាំងអញ អស់ទាំងព្រទ្យសម្បត្ដិផ្ទាល់ខ្លួនទៀត។
ឥលូវមកថាគណៈកម្មាការជាតិរៀបចំការបោះឆ្នោតមានសុទ្ធតែគណបក្សប្រជាជន ឬអ្នកដែលជិតស្និទ្ធជាមួយគណបក្សប្រជាជន។ យើងសួរពួកឯង តើអ្នកណាដេញពួកឯងចេញពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត? ពួកឯងតើរត់ចេញ។ ច្បាប់គេកំណត់ តែកាលណាអ្នកឯងចេញ គណៈអចិន្ត្រៃយ៍សភាមានសិទ្ធជ្រើសរើស ហើយដាក់ឱ្យសភាបោះឆ្នោត។ ពួកឯងរត់តើ។ គេគិតស្មានតែពេលនោះចែកអាសនៈអត់ទាន់ពេល តែគេអត់ដឹងថា ហ៊ីង ដារឹទ្ធ នៅ។ អញ្ចឹងក្នុងចំណោម ៤ , ៤, ១ ដល់វាទៅ ទៅបានតែ ៣ នៅសល់ ៦ មិនចាំបាច់សភាកោះប្រជុំបន្ទាន់ដាក់មនុស្សឯណា។ ឥឡូវចង់មកទារវិញ? ចាំជាតិក្រោយទៅ។
(១០) នយោបាយ“ “មានស៊ីអត់សែន មានសែនអត់ស៊ី”” គិតពី២០០៣ មក ធ្វើឱ្យមានតែសែន
ច្បាប់កំណត់ បើសិនជារៀបចំមិនបាន (ក្បាលម៉ាស៊ីន)ចាស់បន្តការងារ។ កុំមកស្រែករញ៉េរញ៉ៃ។ មកពីពួកអ្ហែងភ្លើ។ រត់ទៀតទៅ រួចហើយទៅជេរអញ ១ម៉ឺនគីឡូ ជេរអញតាមអនឡាញ … កោតតែគេរើសថាជាអ្នកដឹកនាំវ័យឆ្លាតទៅរួចដែរ … ល្ងង់ឬឆ្លាត វាស្ថិតនៅត្រង់លទ្ធផលថាអ្នកណានៅកំពុងកាន់អំណាច? ហ៊ុន សែននៅហ្នឹង។ ដាក់ទៅ “មានស៊ីអត់សែន មានសែនអត់ស៊ី”។ ២០ឆ្នាំហើយ បើគិតពី២០០៣ រហូតដល់ពេលនេះ … ឥឡូវវាត្រូវហើយមានតែមួយមានអញអត់ឯង។ ឯងអ្នកថាទេតើ … អត់លើកលែងទោសអោយអ្ហែងទេ។ បើមានអ្នកជំនាន់ក្រោយចូលមកក៏អ្នកជំនាន់ក្រោយអត់លើកលែងទោសអោយអ្ហែងដែរ។ អត់ចូលស្រុកបានរហូត។ ថែមទាំងសភាពការណ៍ថ្មីៗ ជាន់លើជាន់ ហ្នឹងទៅបណ្តោយហើយ។
(១១) គណបក្សប្រជាជនមានយុវជនរាប់រយរាប់ពាន់នាក់បន្តវេនតាមថ្នាក់
ឥឡូវអាយុសុទ្ធតែជាង៧០ហើយ។ សល់ ៥ ឆ្នាំ ប៉ុន្មានដងទៀត? មុខពួកអ្ហែង! អត់មានអ្នកបន្តវេនទេ។ ប្រៀបធៀបជាមួយយុវជនគណបក្សប្រជាជនមានអ្នកបន្តវេនរាប់រយ រាប់ពាន់នាក់ បន្តវេនតាមថ្នាក់។ ប៉ុន្តែនៅពេលដែលពួកឯងមានប៉ុន្មាននាក់ទៅដើម្បីបន្តវេន? និយាយគ្នាឱ្យច្បាស់ទៅលើរឿងនេះ។ ឥឡូវហ្នឹង ការដែលវាពង្រឹង វាប៉ុនប៉ងបំផ្លាញការដំណើរការបោះឆ្នោត កុំទុកពេលឱ្យវាបំផ្លាញ។ ច្បាប់ហ្នឹងចេញហើយគឺលែងហើយ។ គណបក្សដែលនៅទីក្រុងភ្នំពេញថាសុំឱ្យប្រយ័ត្នការនិយាយស្ដីគឺត្រឹមត្រូវ។ កុំនិយាយរញ៉ីរញ៉ៃតទៅទៀត។ អួតអាងទៅនិយាយអញ្ចេះ/អញ្ចុះ និយាយយូរៗ វាត្រូវតែខ្លួនឯង …។
[ចប់សេចក្តីអធិប្បាយ ២]
-ត្រូវខិតខំរួមគ្នាធានាប្រក្រតីភាព និរន្តរភាព និងប្រសិទ្ធភាពការងារនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋានប្រកបដោយតម្លាភាព និងប្រសិទ្ធភាពរហូតរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
(១២) ពីថ្ងៃទី២៧ កក្កដា បន្តចុះជួបកម្មករ ១០ លើកទៀត
ពីនេះទៅដល់ការបោះឆ្នោតត្រូវតែធ្វើសកម្មភាព។ ពេលបោះឆ្នោត យើងត្រូវគោរពវិធាននៃការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតទៅហើយ រាជរដ្ឋាភិបាលនេះអស់តំណែងនៅពេលដែលរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែង។ (តែរដ្ឋាភិបាលថ្មីស្បថចូលកាន់ដំនែង) យើងអស់(តំណែង)។ ចាំអាកន្លែងហ្នឹង។ ព្រឹកមិញខ្ញុំប្រកាសហើយ ពីនេះទៅដល់យុទ្ធនាការបោះឆ្នោត ខ្ញុំធ្វើសកម្មភាពរហូត។ ខ្ញុំផ្អាកត្រឹមតែថ្ងៃបើកយុទ្ធនាការ រហូតទៅដល់ថ្ងៃបោះឆ្នោតថ្ងៃ ២៣ កក្កដា។ ប៉ុន្តែចាប់ពីថ្ងៃទី ២៧ កក្កដាទៅ ខ្ញុំត្រូវបន្តចុះជួបជាកម្មករ ១០ លើកទៀត។ យើងត្រូវដើរទៅពិនិត្យអំពីអ្វីដែលយើងបានសម្រេច។ អញ្ចឹងទេ កុំបោះបង់ចោលតួនាទីរបស់ខ្លួននៅក្នុងអាណត្តិដែលយើងមាន។
(១៣) ពិនិត្យរៀបចំកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត
សមាជិករដ្ឋសភាក៏ដូចគ្នា។ នៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ សភាមានអាណត្តិ ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល ២ដង ក្នុងរយៈពេល ១២ខែ។ មានកថាខណ្ឌមួយថា សភាអស់អំណាចនៅពេលដែលសភាថ្មីចូលកាន់តំណែង។ អញ្ចឹងត្រូវកំណត់អំពីតួនាទីរបស់យើងឲ្យបានច្បាស់ដើម្បីយើងធ្វើសកម្មភាពបន្តទៅទៀត។ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចូលកាន់តំណែង និងពិនិត្យរៀបចំកែសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តឲ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព។
(១៤) ក្រោយបោះឆ្នោត រៀបចំឡើងវិញក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមខេត្ត
ក្រុមការងារចុះមូលដ្ឋានបន្តទៀត ត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ(២០៥០)ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។ ខ្ញុំកំពុងតែព្រៀងថាតើអ្នកណានឹងចុះទៅខេត្តណា? ក្រោយការបោះឆ្នោតនឹងត្រូវរៀបចំឡើងវិញ ព្រោះអ្នកខ្លះបន្ត អ្នកខ្លះមិនបន្ត។ បើទោះបីរដ្ឋាភិបាលនៅក្រុម team ចាស់បន្ត ក៏ត្រូវរៀបចំក្រុម team ថ្មី ធ្វើម៉េចឲ្យមានសមាជិករាជរដ្ឋាភិបាលចុះជួយតាមខេត្តនានាបន្តទៀត។ នេះគឺជាការផ្សាភ្ជាប់ខ្លួនជាមួយនឹងដំណើរការទាំងមូលរបស់ជាតិ ជាពិសេសផ្សាភ្ជាប់ខ្លួនជាមួយនឹងមូលដ្ឋានដើម្បីជំរុញអនុវត្ត(កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា)។
(១៥) យុទ្ធសាស្រ្តបញ្ចកោណ៖ ប្រមូលធាតុផ្សំនៃចតុកោណ និងបញ្ចូលធាតុថ្មី
នៅពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត ៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរ ទៅជាយុទ្ធសាស្រ្តបញ្ចកោណ គឺមានមុំប្រាំ មិនមែនមុំ ៤ ទេ។ យើងបានចាប់ផ្តើមដោយអនុវត្តយុទ្ធសាស្រ្តត្រីកោណមួយអាណត្តិ បន្ទាប់ទៅយើងអនុវត្តនូវយុទ្ធសាស្រ្តចតុកោណទី ១, ទី២, ទី៣, និងទី៤ … យើងកំពុង រៀបចំយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងហ្នឹងប្រមូលដោយធាតុទាំងឡាយក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត។ យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែនឹងដល់ពេលនោះ។ យើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច។ យើងមិនធ្វើដំណើរការនេះដោយកញ្ឆក់កណ្តៀតទេ។
[ចប់សេចក្តីអធិប្បាយ ៣]
បន្ទាប់ពីចូលកាន់តំណែង រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានឹងពិនិត្យរៀបចំកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋា- ភិបាលចុះមូលដ្ឋានរាជធានី-ខេត្តឱ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធានការនានា ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀតតាមរយៈ ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលសម្រាប់នីតិ-កាលទី៧ នៃរដ្ឋសភា សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុ-វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ខ្ញុំមានសុទិដ្ឋិនិយមចំពោះស្មារតីទទួលខុសត្រូវរបស់ក្រុម-ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជឿជាក់ថា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីនឹងបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងអនាគតដ៏រុងរឿងនៃជាតិមាតុភូមិយើង ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕